ចូរយើងនាំគ្នាចូល មក ថ្វាយបង្គំទ្រង់
ដកស្រង់ចេញពីសុន្ទរកថាក្នុងការប្រជុំពិសេសមួយ « A Child Is Born » ដែលបានធ្វើឡើងនៅថ្ងៃទី 9 ខែ ធ្នូ ឆ្នាំ 2008 នៅសកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ។ សម្រាប់អត្ថបទទាំងស្រុងជាភាសាអង់គ្លេស សូមចូលទៅកាន់ speeches.byu.edu ។
ទោះជាមានអ្វីមកចងយើងក្ដី—អំពើបាប កាលៈទេសៈ ឬព្រឹត្តិការណ៍ពីអតីតកាល—ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ជាអេម៉ាញូអែលដ៏អស្ចារ្យ បានយាងមកដើម្បីរំដោះយើងឲ្យមានសេរីភាព ។
ច្រើនជាង 700 ឆ្នាំ មុនការប្រសូតមករបស់ព្រះយេស៊ូវគ្រីស្ទ អេសាយ បានព្យាករពីទ្រង់ជាពាក្យសម្ដីដែលបានប្រើដោយអ្នកនិពន្ធ ជួច ហ្វ្រិឌឺរិក ហានឌេល នៅក្នុងការងារតន្ត្រី The Messiah ( ព្រះមែស៊ី ) ថា ៖ « ត្បិតមានបុត្រមួយកើតដល់យើង ព្រះទ្រង់ប្រទានបុត្រាមួយមកយើងហើយ ឯការគ្រប់គ្រងនឹងនៅលើស្មារបស់បុត្រនោះ ហើយគេនឹងហៅព្រះនាមទ្រង់ថា ព្រះដ៏ជួយគំនិតយ៉ាងអស្ចារ្យ និងជាម្ចាស់នៃមេត្រីភាព » ( អេសាយ 9:6 ) ។
Messiah ( ព្រះម៊ែស៊ី ) របស់ហានឌេល ក៏បានបង្ហាញតាមរយៈការសម្ដែងតន្ត្រីដ៏អស្ចារ្យនូវការណែនាំដូចតទៅនេះ ដោយផ្អែកលើ អេសាយ 40:9 ថា ៖ « ឱអ្នកដែលនាំដំណឹងល្អមកដល់ក្រុងស៊ីយ៉ូនអើយ … ឱអ្នកដែលនាំដំណឹងល្អមកដល់ក្រុង យេរូសាឡិម អើយ ចូរបន្លឺសំឡេងឡើងជាខ្លាំង ចូរបន្លឺឡើងកុំខ្លាចឡើយ ចូរប្រាប់ដល់ទីក្រុងនៃស្រុក យូដា ទាំងប៉ុន្មានថា មើលន៎ ព្រះនៃអ្នករាល់គ្នា ! »1
មើលន៎ ព្រះនៃអ្នករាល់គ្នា ប្រសូតមកជាព្រះឱរសក្នុងភូមិ បេថ្លេហិម ហើយបានរុំនឹងសំពត់ ។ មើលន៎ ព្រះនៃអ្នករាល់គ្នា បានប្រសូតមកក្នុងភាពក្រខ្សត់ ហើយសាមញ្ញ ដែលទ្រង់ត្រូវយាងនៅក្នុងចំណោមមនុស្សទូទៅ ក្នុងនាមជាមនុស្សសាមញ្ញម្នាក់ ។ មើលន៎ ព្រះនៃអ្នករាល់គ្នា ជាព្រះប្រោសលោះដ៏គ្មានព្រំដែន និងនៅអស់កល្បជានិច្ច បានទទួលរូបកាយជាសាច់ឈាម ហើយបានយាងមករស់លើផែនដីដែលទ្រង់បានបង្កើត ។
សូមទៅជាមួយខ្ញុំទៅកាន់បុណ្យគ្រីស្ទម៉ាសដំបូងដ៏ពិសិដ្ឋនោះនៅក្នុងភូមិ បេថ្លេហិម ដើម្បីសញ្ជឹងគិតពីការប្រសូតរបស់ព្រះអម្ចាស់ ។ ទ្រង់បានយាងមកនៅវេលាយប់ដ៏ស្ងប់ស្ងាត់ ក្នុងកាលដ៏ខ្ពង់ខ្ពស់បំផុត ដែលទ្រង់ជា អេម៉ាញូអែល ( សូមមើល អេសាយ 7:14 ) ជាលំពង់របស់អ៊ីសាយ ( សូមមើល អេសាយ 11:1 ) ជាថ្ងៃជិតរះ ( សូមមើល លូកា 1:78 ) ព្រះអម្ចាស់ដ៏មានមហិទ្ធិឫទ្ធិ ( សូមមើល កូរិនថូសទី 2 6:18 ) ។ ការប្រសូតរបស់ទ្រង់បានកត់ចំណាំពីការយាងមកកាន់ផែនដីនៃព្រះបង្កបង្កើត ជាការយាងចុះមកនៃព្រះធ្វើជាមនុស្ស ( សូមមើល នីហ្វៃទី 1 11:16–27 ) ។ ដូចដែល អេសាយ បានសរសេរពីព្រឹត្តិការណ៍នោះថា « ឯបណ្ដាជនដែលដើរក្នុងសេចក្ដីងងឹត គេបានឃើញពន្លឺយ៉ាងធំ ពួកអ្នកដែលអាស្រ័យនៅក្នុងស្រុកនៃម្លប់សេចក្ដីស្លាប់ គេមានពន្លឺភ្លឺមកលើគេហើយ » ( អេសាយ 9:2 ) ។
យើងដឹងពីវិវរណៈសម័យទំនើបថា ស្ដេចនៃអ៊ីស្រាអែលដែលបានតែងតាំងទុកជាមុនបានយាងមកកាន់ផែនដីក្នុងនិទាឃៈរដូវ ( សូមមើល គ. និង ស. 20:1 ) ។ មីកា បានព្យាករណ៍ថា ទ្រង់នឹងប្រសូតមកក្នុងភូមិ បេថ្លេហិម— « តូចនៅក្នុងពួកយូដាទាំងពាន់ » ( មីកា 5:2 ) ។ ភូមិដែលទ្រង់ប្រសូតគឺនៅក្បែរនឹងទីក្រុង យេរូសាឡិម គឺមានចម្ងាយ 8 គ.ម. ទៅភាគខាងជើង ។ យេរូសាឡិម ជារាជធានីនៃយូដា ជាទីក្រុងដែលមានព្រះវិហារបរិសុទ្ធ ហើយការគ្រប់គ្រងដោយពួករ៉ូម ។ ផ្ទុយទៅវិញ ភូមិ បេថ្លេហិម គឺជាទីជនបទដាច់ស្រយាល ដែលប្រជាជនប្រកបរបរធ្វើស្រែចម្ការ និងការចិញ្ចឹមសត្វ ។ ហេតុផលមួយដែលត្រូវបានគេស្គាល់ គឺដោយសារវាជាទីកន្លែងកំណើតរបស់ដាវីឌ ជាស្ដេចអ៊ីស្រាអែល បុរាណ ដែលព្រះគ្រីស្ទបានប្រសូតមកតាមរយៈពូជពង្សរបស់លោក ដូច្នេះហើយ ភូមិតូចនេះត្រូវបានគេស្គាល់ជាទូទៅថាជាទីក្រុងដាវីឌ ។ ឈ្មោះរបស់វាជាភាសា ហេព្រើរ គឺបេ ថ្លេហិម មានន័យថា « ដំណាក់នៃនំប៉័ង »2 ជាឈ្មោះមួយដែលពុំមានសារៈសំខាន់ រហូតដល់ទ្រង់ជាអង្គដែលត្រូវបានគេស្គាល់ថាជានំប៉័ងនៃជីវិតបានប្រសូតមក ។
ទីវាលនៅជុំវិញភូមិ បេថ្លេហិម គឺជាក្រោលហ្វូងចៀមជាច្រើនក្បាល ហើយនៅដើមនិទាឃៈរដូវគឺជារដូវកាលដែលសត្វចៀមកើត ។ ពួកអ្នកគង្វាលត្រូវនៅចាំយាមសត្វចៀមរបស់ពួកគេស្ទើរតែរាល់យប់ នៅក្រោមផ្ទៃមេឃស្រឡះនាពេលរាត្រី ពេលនោះ ពួកទេវតាដែលបានមកប្រកាស ពីការប្រសូតរបស់ព្រះអង្គសង្គ្រោះពុំចាំបាច់ត្រូវដាស់ពួកគេឲ្យភ្ញាក់ពីដំណេកនោះឡើយ ។
កូនចៀមនៃព្រះ
ព្រះឱរសតូចដែលបានប្រសូតមកនារដូវកាលនោះត្រូវបានគេស្គាល់ថាជា « កូនចៀមនៃព្រះ » ( យ៉ូហាន 1:29, នីហ្វៃទី 1 11:31, គ. និង ស. 88:106 ) ។ វាគឺជានាមមួយដ៏សំខាន់ ពីព្រោះទ្រង់បានប្រសូតមកក្បែរហ្វូងសត្វចៀម ហើយថ្ងៃណាមួយនឹងត្រូវនាំយកទៅ « ដូចជាកូនចៀមដែលគេដឹកទៅសម្លាប់ » ( អេសាយ 53:7 ) ។ ប៉ុន្តែចម្លែកណាស់ ទ្រង់ក៏ជាអ្នកគង្វាលចៀមដ៏ល្អផងដែរ ( សូមមើល យ៉ូហាន 10:11 ) ជាអ្នកដែលមើលថែកូនចៀម ។ ដូច្នេះ សញ្ញាទាំងពីរនេះនៃជីវិតរបស់ទ្រង់តំណាងឲ្យទាំងអ្នកដែលបម្រើ និងអ្នកដែលត្រូវបានគេប្រើ ។ ដោយសារតែតាមរយៈសិទ្ធិរបស់ទ្រង់ប៉ុណ្ណោះ ទើបព្រះគ្រីស្ទត្រូវដើរតួនៅក្នុងតួនាទីទាំងពីរនេះ ពីព្រោះនៅក្នុងជីវិត ទ្រង់ « បានយាងចុះក្រោមគ្រប់ទាំងអស់ » ( គ. និង ស. 88:6 ) ហើយនៅក្នុងភាពអស់កល្បជានិច្ច ទ្រង់ « បានយាងឡើងទៅស្ថានខ្ពស់ » ហើយនៅក្នុង និងតាមរយៈ និង « នៅព័ទ្ធជុំវិញគ្រប់ទាំងអស់ » ( គ. និង ស. 88:6, 41) ។ ទ្រង់បានស្គាល់ពីជីវិតនៅគ្រប់ជ្រុងជ្រោយ ។ ទ្រង់ដែលជាអង្គដ៏អស្ចារ្យបំផុតបានធ្វើឲ្យអង្គទ្រង់តូចបំផុត—ជាអ្នកគង្វាលចៀមសួគ៌ាបានក្លាយជាកូនចៀម ។
ការយាងមករបស់ទ្រង់គឺលើសពីការប្រសូតជាព្យាការីដ៏អស្ចារ្យមួយអង្គទៅទៀត ការយាងមកនៃពូជហ្លួងមួយអង្គដែលបានសន្យានឹងមកគ្រងបល្ល័ង្ក ឬថែមទាំងជាការយាងមកដល់នៃអង្គដ៏ល្អបំផុតតែមួយគត់ដែលនឹងដើរនៅលើផែនដីនេះ ។ វាគឺជាការយាងមកនៃព្រះនៃស្ថានសួគ៌ « ដើម្បីដើរលើកល់បាទទ្រង់ដូចជាមនុស្សធម្មតា » ។3
ព្រះយេស៊ូវគ្រីស្ទគឺជាព្រះបង្កបង្កើតនៃលោកិយ និងជាព្រះយេហូវ៉ាដ៏អស្ចារ្យនៃព្រះគម្ពីរសញ្ញាចាស់ ។ វាគឺជាព្រះបន្ទូលរបស់ទ្រង់ដែលបន្លឺឡើងនៅលើភ្នំ ស៊ីណៃ វាជាព្រះចេស្ដាទ្រង់ដែលបានជួយដល់រាស្ត្រ អ៊ីស្រាអែល ដែលបានជ្រើសរើសនៅពេលវង្វេងនៅក្នុងទីរហោស្ថាន ហើយវាជាវត្តមានរបស់ទ្រង់ដែលបានបង្ហាញដល់អេណុស អេសាយ និងពួកព្យាការីគ្រប់រូបនូវសិរីល្អនៃរឿងដែលនឹងកើតមាន ។ហើយនៅក្នុងនោះគឺមាននូវអព្ភូតហេតុដ៏អស្ចារ្យនៃព្រះប្រសូតិកម្ម ៖ ជាពេលដែលព្រះ និងព្រះបង្កបង្កើតស្ថានសួគ៌ និងផែនដីបានបង្ហាញអង្គទ្រង់ជាលើកដំបូង ដោយអង្គ ទ្រង់ផ្ទាល់ចំពោះពិភពលោក ទ្រង់បានជ្រើសរើសធ្វើដូច្នេះក្នុងនាមជាព្រះឱរសមួយអង្គ ដែលគ្មានទីពំនឹង ហើយត្រូវការពឹងអាស្រ័យ ។
មានប្រពៃណី ហេព្រើរ ពីបុរាណមួយបានប្រាប់ថា ព្រះមែស៊ីនឹងប្រសូតនៅបុណ្យរំលង ។ យើងដឹងថា ខែ មេសា ក្នុងកាលដ៏ខ្ពង់ខ្ពស់បំផុត ពិតជាស្ថិតនៅក្នុងសប្ដាហ៍នៃបុណ្យរំលងមែន—ជាបុណ្យរំឭកខួបដ៏ពិសិដ្ឋ សម្រាប់ពួក យូដា នៃការសង្គ្រោះរាស្ត្រ អ៊ីស្រាអែល ពីទេវតាបំផ្លិចបំផ្លាញដែលបាននាំមកនូវសេចក្ដីស្លាប់ដល់ពួកកូនប្រុសច្បងនៃ អេស៊ីព្ទ ។ គ្រួសារ អ៊ីស្រាអែល និមួយៗដែលបានបូជាកូនចៀម ហើយបានយកឈាមវាមកលាបនៅលើមាត់ទ្វារផ្ទះរបស់ពួកគេនឹងបានរួចផុតជីវិត ( សូមមើល និក្ខមនំ 12:3–30 ) ។ សាមសិបបីឆ្នាំក្រោយពីបុណ្យរំលងនៃការប្រសូតរបស់ព្រះគ្រីស្ទមក ព្រះលោហិតរបស់ទ្រង់ត្រូវបានប្រឡាក់នៅលើឈើឆ្កាង ដើម្បីសង្គ្រោះរាស្ត្ររបស់ទ្រង់ពីពួកទេវតានៃសេចក្ដីស្លាប់ និងអំពើដែលបំផ្លិចបំផ្លាញ ។
បុណ្យរំលងនោះប្រហែលជាមូលហេតុដែលធ្វើឲ្យគ្មានបន្ទប់ក្នុងផ្ទះសំណាក់សម្រាប់ ម៉ារា និងយ៉ូសែប ។ ចំនួនប្រជាជននៃទីក្រុង យេរូសាឡិម បានកើនដល់ទៅរាប់ម៉ឺននាក់នៅអំឡុងបុណ្យរំលង ដោយធ្វើឲ្យអ្នកធ្វើដំណើរត្រូវស្វែងរកកន្លែងសម្រាកនៅខាងក្រៅទីក្រុង ។ ម៉ារា និង យ៉ូសែប បានធ្វើដំណើរទៅ បេថ្លេហិម ជាផ្ទះដូនតារបស់ យ៉ូសែប ដើម្បីបំពេញតម្រូវការនៃបញ្ជាធ្វើជំរឿនរបស់ស្ដេចដោយ សេសា អូគូស ។ តម្រូវការនៃការធ្វើជំរឿននោះបានអនុញ្ញាតឲ្យពួកគេបង្ហាញខ្លួនពួកគេ នៅភូមិ បេថ្លេហិម នៅពេលណាមួយក៏បាននៅអំឡុងឆ្នាំនោះ ប៉ុន្តែពួកគេប្រហែលជាជ្រើសយករដូវបុណ្យរំលង ដោយសារក្រឹត្យវិន័យរបស់ ម៉ូសេ តម្រូវឲ្យបុរសទាំងអស់បង្ហាញខ្លួន នៅទីក្រុង យេរូសាឡិម នៅបុណ្យរំលង ។4 ដោយសារភូមិ បេថ្លេហិម នៅក្បែរនឹងទីក្រុង បរិសុទ្ធ ស្វាមីភរិយាមួយគូមកពី ណាសារ៉ែតនេះ អាចធ្វើកាតព្វកិច្ចពីរក្នុងពេលតែមួយ ។
ម្ចាស់ផ្ទះសំណាក់ត្រូវបានគេពិចារណាថា ជាបុគ្គលម្នាក់ដ៏មានប្រជាប្រិយភាពក្នុងប្រវត្តិសាស្ត្រសង្គមវិទ្យា ។ ប៉ុន្តែដោយសារតែមានមនុស្សច្រើនពេក នៅក្នុងតំបន់នោះអំឡុងពេលបុណ្យរំលង យើងពិបាកនឹងបន្ទោសគាត់ណាស់ ចំពោះការគ្មានបន្ទប់ឲ្យស្វាមីភរិយានេះមកពី ណាសារ៉ែត ។ ខណៈដែលមានមនុស្សជាច្រើនបានធ្វើដំណើរមក សម្រាប់បុណ្យរំលងបានបោះជំរំរាប់ពាន់ត្រសាលនៅលើវាលស្មៅនៅជុំវិញ យេរូសាឡិម នោះមានមនុស្សរាប់ពាន់នាក់ផ្សេងទៀតបានស្វែងរកទីជម្រក នៅក្នុងផ្ទះសំណាក់ក្នុងមូលដ្ឋាន ។ ពិតណាស់ ផ្ទះសំណាក់នៅភូមិ បេថ្លេហិម គឺប្រាកដជាពេញអស់ហើយ ហើយការផ្ដល់នូវក្រោលសត្វរបស់ម្ចាស់ផ្ទះសំណាក់នោះពិតជាទង្វើមួយ នៃសេចក្ដីមេត្តាករុណាដ៏លើសលុប ។
ទោះជាស្វាមីភរិយាមួយគូនេះអាចរកបន្ទប់នៅក្នុងផ្ទះសំណាក់បានក្ដី ក៏វាអាចផ្ដល់ឲ្យត្រឹមតែបន្ទប់សាមញ្ញមួយប៉ុណ្ណោះ ។ នៅសម័យនោះ ជាធម្មតាផ្ទះសំណាក់គឺធ្វើឡើងពីថ្មដែលមានបន្ទប់តូចៗ ហើយបន្ទប់និមួយៗមានជញ្ជាំងតែបីខណ្ឌ ហើយបើកឲ្យមនុស្សដទៃអាចមើលឃើញតាមរយៈខណ្ឌមួយទៀត ។ ប៉ុន្តែ ក្រោលសត្វនោះ គឺមានជញ្ជាំងព័ទ្ធជុំវិញ ឬជារូងថ្មមួយដែលធ្វើពីថ្មកំបោ ជាកន្លែងសម្រាប់ទុកសត្វពាហនៈរបស់ភ្ញៀវ ។5 មិនថានៅតាមទីធ្លាផ្ទះ ក្នុងរូងថ្ម ឬជម្រកផ្សេងទៀតនោះទេ ការប្រសូតរបស់ព្រះគ្រីស្ទនៅក្នុងចំណោមសត្វពាហនៈបានមានភាពវិសេសវិសាលយ៉ាងពិតប្រាកដមួយ ជាងពួកអ្នកដែលស្នាក់នៅក្នុងផ្ទះសំណាក់គឺ ៖ យ៉ាងហោចណាស់នៅទីនេះមាននូវភាពស្ងប់ស្ងាត់ និង ផ្ទាល់ខ្លួន ។នៅក្នុងទិដ្ឋភាពនេះ ការផ្ដល់ឲ្យនូវក្រោលសត្វនោះគឺជាពរជ័យមួយ ដែលអនុញ្ញាតឲ្យការប្រសូតដ៏ពិសិដ្ឋបំផុតនៅក្នុងប្រវត្តិសាស្ត្រសង្គមវិទ្យាមនុស្សបានកើតមានឡើងក្នុងទីកន្លែងដ៏ស្ងប់ស្ងាត់បំផុត ។
ឥស្សរភាពដល់ពួកអ្នកជាប់ឃុំឃាំង
ប្រាំពីររយឆ្នាំមុនបុណ្យគ្រីស្ទម៉ាសដំបូងនោះ ព្យាការី អេសាយ បានសរសេរការព្យាករណ៍មួយពីព្រះមែស៊ី ដែលក្រោយមកព្រះអង្គបានអានទៅកាន់ពួកអ្នកភូមិ ណាសារ៉ែត ថា ៖ « ព្រះវិញ្ញាណនៃព្រះអម្ចាស់យេហូវ៉ា ទ្រង់សណ្ឋិតលើខ្ញុំ ពីព្រោះព្រះយេហូវ៉ាទ្រង់បានចាក់ប្រេងតាំងខ្ញុំឲ្យផ្សាយដំណឹងល្អដល់មនុស្សទ័លក្រ ទ្រង់បានចាត់ខ្ញុំឲ្យមក ដើម្បីនឹងប្រោសមនុស្សដែលមានចិត្តសង្រេង នឹងប្រកាសប្រាប់ពីសេចក្ដីប្រោសលោះដល់ពួកអ្នកឈ្លើយ ហើយពីការដោះលែងដល់ពួកអ្នកជាប់ចំណង » ( អេសាយ 61:1, សូមមើលផងដែរ លូកា 4:18–19 ) ។
នៅពេលយើងអានពីបេសកកម្មរបស់ព្រះគ្រីស្ទ ដើម្បីប្រកាសឥស្សរភាពដល់ពួកអ្នកជាប់ឃុំឃាំង ហើយបានដោះលែងដល់អ្នកដែលជាប់ចំណងដំបូង យើងប្រហែលជាគិតពីការបម្រើរបស់ទ្រង់ក្នុងពិភពវិញ្ញាណក្នុងចំណោមពួកអ្នកស្លាប់ ។ ប៉ុន្តែយើងទាំងអស់គ្នាគឺជាប់ឃុំឃាំង—ជាប់ឃុំដោយសារភាពពុករលួយ និងភាពទន់ខ្សោយនៃរូបកាយរមែងស្លាប់ ហើយទទួលរងនូវការល្បួងខាងសាច់ឈាម ទទួលរងនូវពិការភាព ហើយសំខាន់បំផុតគឺសេចក្ដីស្លាប់—ហើយយើងទាំងអស់គ្នាត្រូវការការ មានសេរីភាព ។
ទោះជាមានអ្វីមកចងយើងក្ដី—អំពើបាប កាលៈទេសៈ ឬព្រឹត្តិការណ៍ពីអតីតកាល—ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ជាអេម៉ាញូអែលដ៏អស្ចារ្យ បានយាងមកដើម្បីរំដោះយើងឲ្យមានសេរីភាព ។ ទ្រង់បានប្រកាសពីឥស្សរភាពដល់ពួកអ្នកជាប់ឃុំឃាំង និងពីសេរីភាពពីចំណងនៃសេចក្ដីស្លាប់ និងគុកនៃអំពើបាប ភាពល្ងង់ខ្លៅ អំនួត និងកំហុស ។ វាត្រូវបានព្យាករណ៍ថា ទ្រង់នឹងមានបន្ទូលទៅកាន់ពួកអ្នកជាប់ឃុំឃាំងថា « ចូរចេញទៅ » ( អេសាយ 49:9 ) ។ លក្ខខណ្ឌតែមួយគត់ចំពោះសេរីភាពរបស់យើងគឺថា យើងមករកទ្រង់ដោយដួងចិត្តសង្រេង និងវិញ្ញាណទន់ទាប ប្រែចិត្ត ហើយខិតខំធ្វើតាមព្រះទ័យរបស់ទ្រង់ ។
ប្រហែលជា 30 ឆ្នាំមុន ខ្ញុំបានជួបនឹងបុរសម្នាក់ដែលខ្ញុំនឹងហៅគាត់ថា ថូម៉ាស ។ គាត់មានអាយុ 45 ឆ្នាំ នៅពេលខ្ញុំបានជួបនឹងគាត់ ។ កាលពីម្ភៃឆ្នាំមុន ឪពុកម្ដាយរបស់គាត់បានចូលរួមក្នុងសាសនាចក្រ ។ ថូម៉ាស ពុំមានចំណាប់អារម្មណ៍នឹងសាសនាថ្មីរបស់ឪពុកម្ដាយគាត់ឡើយ ។ ប៉ុន្តែឪពុកម្ដាយគាត់ស្រឡាញ់គាត់ ហើយពួកគេបានសង្ឃឹមទុកថា ថ្ងៃណាមួយកូនប្រុសរបស់ខ្លួនអាចត្រូវបាននាំឲ្យស្គាល់សេចក្ដីពិតនៃដំណឹងល្អដែលបានស្ដារឡើងវិញ ។ លុះជាច្រើនឆ្នាំបានកន្លែងផុតទៅ ពួកគេបានព្យាយាមជាច្រើនដង ដើម្បីណែនាំគាត់ យ៉ាងហោចណាស់បានឲ្យគាត់ជួបនឹងពួកអ្នកផ្សព្វផ្សាយសាសនា ហើយស្ដាប់ សារលិខិតរបស់ពួកគេ ។ គាត់បានបដិសេធម្ដងហើយម្ដងទៀត ហើយគាត់បានចំអកដាក់ឪពុកម្ដាយគាត់ ចំពោះសេចក្ដីជំនឿលើសាសនារបស់ពួកគេ ។
មានថ្ងៃមួយម្ដាយរបស់គាត់និយាយទាំងអស់សង្ឃឹមថា « ថូម៉ាស ប្រសិនបើកូននឹងជួបជាមួយនឹងអ្នកផ្សព្វផ្សាយសាសនាតែម្ដងទៀត នោះម៉ាក់នឹងឈប់និយាយជាមួយកូនពីរឿងសាសនាចក្រទៀតហើយ » ។ ថូម៉ាស បានគិតថានេះជាការព្រមព្រៀងមួយដ៏ល្អ ហើយក៏សម្រេចចិត្តព្រមជួបនឹងពួកអ្នកផ្សព្វផ្សាយសាសនា ។ នៅក្នុងការពិភាក្សាបីដំបូង គាត់គ្រាន់តែអង្គុយនៅទីនោះពោរពេញដោយអំនួត ហើយម្ដងម្កាលបាននិយាយចំអកពីអ្វីដែលពួកអែលឌើរកំពុងបង្រៀន ។
នៅក្នុងការពិភាក្សាលើកទីបួន អំពីដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ និងគោលការណ៍ទីមួយនៃដំណឹងល្អ ថូម៉ាស ពុំបាននិយាយអ្វីទាំងអស់ ប៉ុន្តែបាននៅស្ងៀម ហើយស្ដាប់យ៉ាងយកចិត្តទុកដាក់ ។ នៅចុងបញ្ចប់មេរៀននោះ ពួកអែលឌើរបានថ្លែងទីបន្ទាល់របស់ពួកគេពីព្រះអង្គសង្គ្រោះ ។ បន្ទាប់មក អ្នកផ្សព្វផ្សាយសាសនាម្នាក់បានទទួលអារម្មណ៍បំផុសគំនិត ឲ្យបើកព្រះគម្ពីរប៊ីបរបស់ខ្លួន ហើយអាននូវពាក្យទាំងនេះថា ៖
« អស់អ្នកដែលនឿយព្រួយ និងមានបន្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាបានកន្លែងសម្រាក ។
« ចូរទទួលនឹមខ្ញុំ ហើយរៀននឹងខ្ញុំចុះ ត្បិតខ្ញុំស្លូត ហើយមានចិត្តសុភាព នោះអ្នករាល់គ្នានឹងបានសេចក្ដីសម្រាកដល់ព្រលឹង » ( ម៉ាថាយ 11:28–29 ) ។
ដោយពុំបានប្រាប់ជាមុន ថូម៉ាស បាន សម្រក់ទឹកភ្នែក ។ តើអ្នកកំពុងព្យាយាមប្រាប់ថា ព្រះគ្រីស្ទអាចអភ័យទោសដល់ខ្ញុំពីអំពើបាបរបស់ខ្ញុំបានឬ ? » គាត់បានសួរ ។ « ខ្ញុំបានរស់នៅក្នុងជីវិតមួយដ៏អាក្រក់ ។ ខ្ញុំបានរងទុក្ខដោយការចងចាំពីអំពើបាបរបស់ខ្ញុំ ។ ខ្ញុំនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីបានរួចផុតពីកំហុសដែលខ្ញុំមាន » ។
អំនួតរបស់គាត់បានក្លាយជាអាការៈខាងក្រៅមួយ ដែលបិទបាំងនូវព្រលឹងដែលជាប់ឃុំឃាំងដោយអំពើបាប និងកំហុស ។ ពួកអ្នកផ្សព្វផ្សាយសាសនាបានអះអាងដល់ ថូម៉ាស ថា ព្រះគ្រីស្ទនឹងអភ័យទោសឲ្យគាត់ ហើយរំដោះគាត់ចេញពីបន្ទុកនៃកំហុស ប្រសិនបើគាត់ប្រែចិត្ត ហើយធ្វើបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ ។ បន្ទាប់មកពួកគេបានថ្លែងទីបន្ទាល់ពីអំណាចនៃដង្វាយធួន ។ ចាប់ពីពេលនោះមក អ្វីៗគ្រប់យ៉ាងបានផ្លាស់ប្ដូរនៅក្នុងជីវិតរបស់ ថូម៉ាស ។ គាត់មានរឿងជាច្រើនដែលត្រូវប្រែចិត្ត ហើយយកឈ្នះ ប៉ុន្តែតាមរយៈពរជ័យរបស់ព្រះអម្ចាស់ គាត់បានមានភាពសក្ដិសមសម្រាប់បុណ្យជ្រមុជទឹក ។
ច្រើនជាង 20 ឆ្នាំក្រោយមក នៅពេលខ្ញុំអង្គុយនៅក្នុងរោងថ្ងាយបង្គុំនៃព្រះវិហារបរិសុទ្ធ ហ្វ្រេងហ្វឺតអាល្លឺម៉ង់ មានបុរសសក់សម្នាក់ដែលនៅពីមុខខ្ញុំបានងាកមករកខ្ញុំ ហើយនិយាយថា « តើលោកជាអែលឌើរ ប្រ៊ូស ឌី ភទើរ៍មែនទេ ? » ដោយមានចិត្តអំណរយ៉ាងខ្លាំង ខ្ញុំបានស្គាល់ថាជា ថូម៉ាស—ជាបុរសម្នាក់បានរួចខ្លួនពីសេវកភាពដោយព្រះចេស្ដានៃព្រះយេស៊ូវគ្រីស្ទ
ប្រហែលជានៅរដូវបុណ្យគ្រីស្ទម៉ាសនេះ យើងម្នាក់ៗអាចសម្រេចចិត្តដើម្បីងាកទៅរកព្រះវរបិតា ដែលគង់នៅស្ថានសួគ៌របស់យើង ដោយចិត្តរាបសានៅក្នុងការអធិស្ឋាន និងការទូលសុំព្រះចេស្ដានៃព្រះរាជបុត្រាសំណព្វរបស់ទ្រង់ឲ្យគង់នៅជាមួយនឹងពួកគេក្នុងជីវិតប្រចាំថ្ងៃរបស់យើង ហើយរំដោះយើងចេញពីការជាប់ឃុំឃាំងផ្ទាល់ខ្លួនរបស់យើងគ្រប់ប្រភេទ ទោះតូច ឬធំក្ដី ។
ឱ យប់ដ៏បរិសុទ្ធ
នៅខែ ធ្នូ ឆ្នាំ 1987 ប្រហែលជាពីរសប្ដាហ៍ពីមុនបុណ្យគ្រីស្ទម៉ាស ខ្ញុំត្រូវធ្វើដំណើរទៅអ៊ីស្រាអែលសម្រាប់មុខជំនួញរបស់ខ្ញុំ ។ ជាអកុសល វាជាគ្រាមួយដ៏ច្របូកច្របល់នៅក្នុងដែនដីបរិសុទ្ធនោះ ។ មានការធ្វើមួយជាច្រើននៅក្រុង វេសប៊ែង ផ្លូវនៃទីក្រុង យេរូសាឡិម បុរាណទាំងអស់គឺមានភាពទទេស្អាត ហើយហាងទាំងឡាយត្រូវបានបិទទ្វារ ។ ភាពតានតឹងខាងនយោបាយបានលាន់ខ្ទរពេញផ្ទៃអាកាស ហើយការធ្វើឲ្យបញ្ហាទាំងឡាយកាន់តែដុនដាបទៅទៀត គឺមានភ្លៀងធ្លាក់ស្ទើរតែពេញមួយសប្ដាហ៍នោះ ។ ដោយភ័យខ្លាចនូវអំពើហិង្សា ពួកទេសចរណ៍បានដកខ្លួនឆ្ងាយពីតំបន់នោះ ។ ប៉ុន្តែនៅពេលខ្ញុំបានដើរកាត់ទីក្រុង យេរូសាឡិម សេចក្ដីសុខសាន្តបានមានពេញដួងចិត្តរបស់ខ្ញុំ ដោយដឹងថា នេះជាទីក្រុងដែលព្រះប្រោសលោះបានស្រឡាញ់ខ្លាំងបំផុត ។
ខ្ញុំបានត្រលប់មក សហរដ្ឋ វិញនៅយប់ថ្ងៃសុក្រពីមុនបុណ្យគ្រីស្ទម៉ាស ។ ពីរថ្ងៃក្រោយមកនៅថ្ងៃឈប់សម្រាក នាឡិការបស់ខ្ញុំបានរោទ៍ឡើងដាស់ខ្ញុំជាមួយនឹងបទ « ឱ យប់ដ៏បរិសុទ្ធ » ៖
ស្ដេចនៃអស់ទាំងស្ដេចបានផ្ទំនៅក្នុងស្នូក
នៅរាល់ការសាកល្បងរបស់យើង ទ្រង់ប្រសូតមកធ្វើជាមិត្តរបស់យើង ។6
តន្ត្រី និងសារលិខិត បានចាក់ទម្លោះយ៉ាងជ្រៅទៅក្នុងដួងចិត្តខ្ញុំ ហើយទឹកភ្នែកបានហូរចុះមក នៅពេលខ្ញុំបានសញ្ជឹងគិតពី ពលិកម្មដ៏រុងរឿង និងជីវិតដ៏ល្អឥតខ្ចោះនៃព្រះប្រោសលោះនៃអ៊ីស្រាអែល—ទ្រង់បានប្រសូតមកដើម្បីធ្វើជាមិត្តនៃជនទន់ទាប និងមនុស្សទន់ខ្សោយ ។ ខ្ញុំបានគិតពីបទពិសោធន៍របស់ខ្ញុំនៅក្នុង យេរូសាឡិម និងសេចក្ដីស្រឡាញ់ជ្រៀតចូលពេញក្នុងចិត្តរបស់ខ្ញុំចំពោះទ្រង់ដែលបានយាងមកកាន់ផែនដី ហើយបានលើកដាក់មកលើខ្លួនទ្រង់នូវបន្ទុករបស់យើងទាំងអស់គ្នា ។ ខ្ញុំបានរំភើបចិត្តយ៉ាងខ្លាំងដែល ទ្រង់អាចចាត់ទុកខ្ញុំជាមិត្តម្នាក់ ។ ខ្ញុំពុំដែលភ្លេចនូវអារម្មណ៍ដ៏ទន់ភ្លន់នៃព្រឹកព្រលឹមនាថ្ងៃអាទិត្យនោះឡើយ ដែលវាជាសាក្សីមួយយ៉ាងច្បាស់ដែលខ្ញុំធ្លាប់បានទទួលពីមុនមក ។
ខ្ញុំសូមថ្លែងជាសាក្សីពីព្រះអង្គសង្គ្រោះនៃពិភពលោក ។ ខ្ញុំដឹងថា ទ្រង់មានព្រះជន្មរស់ ។ ខ្ញុំដឹងថា ទ្រង់ត្រូវបានតែងតាំងទុកពីមុនការបង្កបង្កើតផែនដីមកម្ល៉េះ ដើម្បីប្រកាសពីឥស្សរភាពដល់ពួកអ្នកជាប់ឃុំឃាំង ។ ខ្ញុំសូមថ្លែងពីការប្រសូត និងឆាកជីវិតរបស់ទ្រង់ថា « ចូរយើងនាំគ្នាចូលមកថ្វាយបង្គំទ្រង់ » ។7
ទិដ្ឋភាពនៃប្រសូតិកម្មដោយ បែដណាដីណុស អ៊ិនឌីស៊ើរ ពី iStockphoto/Thinkstock
The Light of the World ដោយ ហ្គ្រេក ខេ អុលសិន ហាមថតចម្លង, The Crucifixion ដោយ ហារី អែនឌើរសិន, The Passover ដោយ វិល្លាម ហេនរី ម៉ាហ្គេតសិន
Light and Truth ដោយ ស៊ីម៉ូន ឌូវី, The Healing Balm, ដោយ ដេវីឌ លិនស្លី ហាមថតចម្លង