២០១៥
ត្រូវបាន​ឱបក្រសោប​ដោយ​ព្រះពាហុ​នៃ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់
មិនា 2015


សារលិខិត​គណៈ​ប្រធាន​ទី​មួយ​ខែ មិនា ឆ្នាំ 2015

ត្រូវបាន​ឱបក្រសោប​ដោយ ព្រះពាហុ​នៃ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់

ខ្ញុំ​ក៏​ដូចជា​មនុស្ស​ដទៃ​ទៀត​ដែរ ដែល​ជា​រឿយៗ​ត្រូវបាន​បំផុសគំនិត​ដោយ​វិចិត្រកម្ម​សិល្បៈ និង​ដូរ្យតន្ត្រី ។ ពេល​មួយ​ខ្ញុំ​បាន​ឈរសម្លឹង​មើល​​ផ្ទាំងគំនូរ​មួយ​ដ៏​វិចិត្រ​ដែល​បាន​គូរ​ដោយ​វិចិត្រករ​ជនជាតិ​ដាណឺម៉ាក​ឈ្មោះ ហ្វ្រានស៍ ឆ្វាស្ស មាន​ចំណងជើង​ថា សេចក្ដី​ឈឺចាប់​ក្នុង​សួនច្បារ ។1

ផ្ទាំងគំនូរ​ដ៏​វិចិត្រ​ដែល​បង្ហាញ​ពី​ភាពក្រៀមក្រំ​នេះ ពិពណ៌នា​អំពី​ការលុតជង្គង់​ចុះ​របស់​ព្រះអង្គ​សង្គ្រោះ​ក្នុង​សួនច្បារ​គេតសេម៉ានី ។ កាល​ទ្រង់​កំពុង​អធិស្ឋាន​នោះ ស្រាប់​តែ​មាន​ទេវតា​មួយ​អង្គ​យាង​ចុះ​មក​គង់​ប្រកៀក​នឹង​ទ្រង់ ឱបក្រសោប​ទ្រង់​ដោយ​ព្រះពាហុ​នៃ​សេចក្ដី​ស្រឡាញ់ ជួយ​សម្រាល​ការឈឺចាប់ ដែល​ជា​ជំនួយ និង​ការគាំទ្រ​មក​ពី​ស្ថានសួគ៌ ។

ដរាប​ណា​ដែល​ខ្ញុំ​សញ្ជឹង​គិត​ពី​ផ្ទាំងគំនូរ​នេះ នោះ​ចិត្ត និង​គំនិត​ខ្ញុំ​កាន់តែ​ពោរពេញ​ទៅ​ដោយ​ស្មារតី​នៃ​ភាពទន់ភ្លន់ និង​ការ​ដឹង​គុណដ៏​ជ្រាលជ្រៅ ។ ខ្ញុំ​អាច​យល់​បាន​បន្តិច​បន្តួច​​ពី​អ្វី​ដែល​នឹង​កើតឡើង​នៅ​ពេល​ព្រះអង្គ​សង្គ្រោះ​ចាប់ផ្ដើម​បញ្ចប់​កិច្ចការ​នៃ​ជីវិត​រមែងស្លាប់​ដ៏​មហិមា​របស់​ទ្រង់​ដោយ​លើកដាក់​មក​លើ​អង្គ​ទ្រង់​នូវ​អំពើបាប​ទាំងឡាយ​នៃ​ពិភពលោក ។ ខ្ញុំ​ស្ញើច​សរសើរ​ចំពោះ​សេចក្ដី​ស្រឡាញ់​ដ៏​លើសលប់ និង​សេចក្ដី​មេត្តា​ករុណា​ដែល​ព្រះវរបិតា​មាន​សម្រាប់​បុត្រាបុត្រី​ទ្រង់ ។ ខ្ញុំ​ពោរពេញ​ទៅ​ដោយ​កតញ្ញុតាធម៌​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អ្វី​ដែល​ព្រះរាជបុត្រា​គ្មាន​អំពើបាប​ទាល់តែសោះ ទ្រង់​បាន​ធ្វើ​សម្រាប់​មនុស្ស​លោក​ទាំងពួង និង​សម្រាប់​ខ្ញុំ ។

ពលិកម្ម​របស់​ព្រះរាជបុត្រា​នៃ​ព្រះ

ជារៀងរាល់ឆ្នាំ​នៅ​រដូវ​នេះ យើង​រំឭក​ចងចាំ ហើយ​សញ្ជប់សញ្ជឹង​ពី​ពលិកម្ម​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​ធ្វើ​សម្រាប់​មនុស្ស​លោក​ទាំងអស់ ។

អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ​ចាប់ពី គេតសេម៉ានី ទៅ​ដល់ គាល់កូថា ជំនួស​យើង​គឺ​លើស​ពី​អ្វី​ដែល​ខ្ញុំ​អាច​យល់​បាន​ទៅ​ទៀត ។ ទ្រង់​បាន​លើកដាក់​មក​លើ​អង្គ​ទ្រង់​នូវ​បន្ទុក​នៃ​អំពើបាប​របស់​យើង ហើយ​បាន​បង់ថ្លៃ​ដ៏​អស់កល្ប​ជានិច្ច និង​ជា​ចាំបាច់​មួយ​ដែល​មិនមែន​គ្រាន់តែ​សម្រាប់​ការរំលង​ដំបូង​របស់​អ័ដាម​តែ​ប៉ុណ្ណោះ​នោះ​ទេ គឺ​ថែមទាំង​សម្រាប់​អំពើបាប និង​ការរំលង​នៃ​ព្រលឹង​រាប់​កោដិ​នាក់​ដែល​ធ្លាប់​មាន​ជីវិត​លើ​ផែនដី ។ ពលិកម្ម​ដ៏​អស់កល្ប និង​ពិសិដ្ឋ​នេះ​បណ្ដាល​ឲ្យ «ព្រះ​ដែល​មហិមា​លើ​អ្វីៗ​ទាំងអស់ ត្រូវ​ញ័រ​ដោយសារ​តែ​ការឈឺចាប់ ហើយ​ត្រូវ​ច្រួច​លោហិត​ចេញ​ពី​គ្រប់​រន្ធ​ញើស ហើយ​ត្រូវ​រងទុក្ខ​ព្រម​ទាំង​រូបកាយ និង​វិញ្ញាណ​ផង» (គ. និង ស. 19:18) ។

ទ្រង់​រងទុក្ខ​សម្រាប់​ខ្ញុំ ។

ទ្រង់​រងទុក្ខ​សម្រាប់​អ្នក ។

នៅ​ពេល​ខ្ញុំ​សញ្ជប់សញ្ជឹង​ពី​ពលិកម្ម​ដ៏​មាន​អត្ថន័យ​ឧត្ដុងឧត្តម​បំផុត​នេះ នោះ​ព្រលឹង​ខ្ញុំ​ពោរពេញ​ទៅ​ដោយ​កតញ្ញុតាធម៌ ។ វា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ចិត្ត​​រាបទាប​ដើម្បី​ដឹង​ថា មនុស្ស​ទាំងអស់​ដែល​ទទួល​យក​អំណោយទាន​នេះ ហើយ​ថ្វាយ​ដួងចិត្ត​ទៅ​ទ្រង់ អាច​ទទួល​ការអភ័យទោស ហើយ​សម្អាត​ពី​អំពើបាប​ទាំងឡាយ​របស់​ខ្លួន ទោះ​ជា​អំពើបាប​របស់​ពួកគេ​ខ្មៅ​កខ្វក់ ឬ​បន្ទុក​របស់​ពួកគេ​ធ្ងន់​យ៉ាងណាក៏ដោយ ។

យើង​អាច​ត្រូវ​បាន​ធ្វើ​ឲ្យ​ស្អាត និង​បរិសុទ្ធ​សាជាថ្មី ។ យើង​អាច​ត្រូវបាន​ប្រោសលោះ​ដោយ​ពលិកម្ម​ដ៏​អស់កល្ប​នៃ​ព្រះអង្គសង្គ្រោះ​ដ៏​ជា​ទីស្រឡាញ់ ។

តើ​នរណា​នឹង​លួងលោម​ចិត្ត​យើង ?

ទោះជាយ៉ាងណាក៏ដោយ គ្មាន​យើង​ណា​ម្នាក់​ដែល​នឹង​មាន​បទពិសោធន៍​ជ្រាលជ្រៅ​ដូចជា​អ្វី​ដែល​ព្រះអម្ចាស់​ទ្រង់​បាន​រងទុក្ខ​នោះ​ទេ យើង​ម្នាក់ៗ​នឹង​មាន​គ្រា​ដ៏​អាប់អួរ ហើយ​ល្វីងជូរចត់—ជា​ពេល​ដែល​ភាពសោកសៅ និង​ទុក្ខព្រួយ​របស់​យើង​មើល​ទៅ​ហាក់ដូចជា​ធំធេង​ជាង​អ្វី​ដែល​យើង​អាច​ទ្រាំទ្រ​បាន​ទៅ​ទៀត ។ នឹង​មាន​គ្រា​ជាច្រើន​ដែល​បន្ទុក និង​វិប្បដិសារី​នៃ​អំពើបាប​របស់​យើង​ធ្លាក់​សង្កត់​លើ​យើង​ដោយ​គ្មាន​ត្រាប្រណី ។

យ៉ាងណាក្ដី ប្រសិនបើ​យើង​ថ្វាយ​ដួងចិត្ត​យើង​ទៅ​កាន់​ព្រះអម្ចាស់​អំឡុង​គ្រា​លំបាក​ទាំងនោះ ទ្រង់​ប្រាកដជា​នឹង​ជ្រាប ហើយ​ព្រះតម្រិះ​ជា​មិន​ខាន ។ ទ្រង់​ដែល​រងទុក្ខ​ដោយ​មិន​គិត​ពី​ព្រះអង្គ​ឯង​សម្រាប់​យើង​ក្នុង​សួនច្បារ​គេតសេម៉ានី និង​នៅ​លើ​ឈើឆ្កាង នឹង​មិន​ទុក​យើង​ចោល​ឲ្យ​កំព្រា​ឯកា​ឡើយ ។ ទ្រង់​នឹង​ពង្រឹង លើកទឹកចិត្ត ហើយ​ប្រទានពរ​ដល់​យើង ។ ទ្រង់​នឹង​ឱបក្រសោប​យើង​ដោយ​ព្រះពាហុ​នៃ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ ។

ទ្រង់​នឹង​ថែរក្សា​យើង​ឲ្យ​លើស​ជាង​ទេវតា​ទៅ​ទៀត ។

ទ្រង់​នឹង​ប្រទាន​ឲ្យ​យើង​នូវ​ពរជ័យ​លួងលោម​ចិត្ត ការប្រោសឲ្យជា សេចក្ដី​សង្ឃឹម និង​ការអភ័យទោស ។

ដ្បិត​ទ្រង់​ជា​ព្រះអង្គ​ប្រោសលោះ​យើង ។

អង្គ​សង្គ្រោះ​ជីវិត​យើង ។

ព្រះអង្គសង្គ្រោះ​ដ៏​ពេញ​ដោយ​សេចក្ដី​មេត្តា​ករុណា និង​ព្រះ​ដ៏​បរិសុទ្ធ ។

កំណត់​ចំណាំ

  1. បព្វជិត​ដែល​ថ្លែង​នៅ​ក្នុង​បុណ្យសព​របស់ ហ្វ្រានស៍ ឆ្វាស្ស បាន​មាន​ប្រសាសន៍​ថា «វិចិត្រកម្ម​របស់​លោក​បង្ហាញ ហើយ​មើលទៅ​ហាក់ដូចជា​លើស​ពី​ទេសនកថា​ទៅ​ទៀត» (អិមមីលី ប៊ូឆាណាន វីតឡក់ «History of Artists’ Lives Gives Greater Context for Exhibit»​ Deseret News, ថ្ងៃ​ទី 29 ខែ កញ្ញា 2013, deseretnews.com) ។

ការបង្រៀន​ចេញ​ពី​សារលិខិត​នេះ

ពីមុន​អ្នក​បង្រៀន សូម​ស្វែងរក​ការដឹកនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ដើម្បី​ជួយ​អ្នក​ឲ្យ​យល់​ពី​តម្រូវការ​ពិត​ប្រាកដ​របស់​មនុស្ស​ដែល​អ្នក​បង្រៀន ។ នៅ​ពេល​អ្នក​ចែកចាយ​ការដកស្រង់​ចេញ​ពី​សារលិខិត​របស់​ប្រធាន អុជដូហ្វ សូម​ថ្លែងទីបន្ទាល់​ពី​ព្រះអង្គសង្គ្រោះ និង ពី​ពលិកម្ម​ប្រោសលោះ​របស់​ទ្រង់ ។ សូម​គិត​ពី​ការសួរ​សំណួរ​ទៅ​មនុស្ស​ដែល​អ្នក​បង្រៀន​ពី​អត្ថន័យ​នៃ​ដង្វាយធួន​ទ្រង់ និង​ពី​របៀប​ដែល​គេ​ទទួល​អារម្មណ៍​នៃ​ការលួងលោមចិត្ត​ពី​ព្រះអម្ចាស់​ក្នុង «គ្រា​អាប់អួរ ហើយ​ល្វីងជូរចត់» ។

បោះពុម្ព