សារលិខិតការបង្រៀនសួរសុខទុក្ខ ខែ កញ្ញា ឆ្នាំ ២០១៥
លក្ខណៈសម្បត្តិដ៏ទេវភាពរបស់ព្រះយេស៊ូវគ្រីស្ទ ៖ ពោរពេញដោយព្រះចេស្តា និង សិរីល្អ
សូមសិក្សាអត្ថបទនេះប្រកបដោយការអធិស្ឋាន ហើយព្យាយាមដើម្បីដឹងថាត្រូវចែកចាយអ្វីខ្លះ ។ តើការយល់ពីលក្ខណៈសម្បត្តិដ៏ទេវភាពរបស់ព្រះអង្គសង្គ្រោះ នឹងពង្រីកជំនឿរបស់អ្នកចំពោះទ្រង់ ហើយនិងផ្ដល់ពរជ័យដល់អ្នកទាំងឡាយដែលអ្នកថែទាំ តាមរយៈការបង្រៀនសួរសុខទុក្ខដោយរបៀបណា ? សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅគេហទំព័រ reliefsociety.lds.org ។
ព្រះគម្ពីរបង្រៀនយើងថាព្រះយេស៊ូវគ្រីស្ទ « ទទួលគ្រប់ព្រះចេស្តាទាំងអស់ ទាំងនៅលើស្ថានសួគ៌ និងនៅលើផែនដីផង ហើយសិរីល្អនៃព្រះវរបិតាបានស្ថិតនៅជាមួយនឹងព្រះអង្គ ដ្បិតទ្រង់គង់នៅក្នុងព្រះអង្គ » ( គ និង ស ៩៣:១៧ ) ។ អែលឌើរ អិម រ័សុល បាឡឺដនៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានមានប្រសាសន៍ថា ដោយសារអំណាចនេះហើយដែលព្រះអង្គសង្គ្រោះរបស់យើងបង្កើតស្ថានសួគ៌ និង ផែនដី សម្តែងអព្ភូតហេតុ ហើយស៊ូទ្រាំនឹងការឈឺចាប់នៅច្បារគែតសេម៉ានី និង ភ្នំកាល់វ៉ារី.១ នៅពេលយើងយល់អំពីការណ៍នេះ នោះសេចក្តីជំនឿរបស់យើងលើព្រះគ្រីស្ទនឹងកើនឡើង ហើយយើងនឹងកាន់តែរឹងមាំខ្លាំងឡើង ។
នៅពេលយើងធ្វើ និង រក្សាសេចក្តីសញ្ញាព្រះវិហារបរិសុទ្ធ នោះព្រះអម្ចាស់ប្រទានពរយើងជាមួយនឹងព្រះចេស្តាទ្រង់ ។ លីនដា ខេ ប៊ើតុន ប្រធានសមាគមសង្រ្គោះទូទៅមានប្រសាសន៍ថា ៖ « សេចក្តីសញ្ញារ ក្សា ពង្រឹងផ្តល់អំណាច និង ការពារ ។ … ថ្មីៗនេះ ខ្ញុំបានជួបនឹងមិត្តថ្មីជាទីស្រឡាញ់ម្នាក់ ។ នាងបានថ្លែងទីបន្ទាល់ថា បន្ទាប់ពីនាងបានទទួលអំណោយទានពិសិដ្ឋក្នុងព្រះវិហារបរិសុទ្ធរួចមក នាងមានអារម្មណ៍ថាត្រូវបានពង្រឹងដោយព្រះចេស្ដា ដើម្បីទប់ទល់នឹងការល្បួង » ។២
នីហ្វៃបានថ្លែងទីបន្ទាល់អំពីអំណាចនៃសេចក្តីសញ្ញាថា« ខ្ញុំ នីហ្វៃ បានឃើញថាព្រះចេស្ដានៃកូនចៀមនៃព្រះ បានយាងចុះមក… លើរាស្ត្រដែលនៅក្នុងសេចក្ដីសញ្ញានៃព្រះអម្ចាស់ … ហើយពួកគេប្រដាប់អាវុធដោយសេចក្ដីសុចរិត និងដោយព្រះចេស្ដានៃព្រះ ដោយសិរីល្អដ៏អស្ចារ្យ » ( នីហ្វៃទី ១ ១៤:១៤ ) ។
បទគម្ពីរបន្ថែម
ចេញពីព្រះគម្ពីរ
ពោរពេញដោយក្តីអាណិតអាសូរយ៉ាងខ្លាំងដល់ម៉ាថា និង ម៉ារា ព្រះយេស៊ូវគ្រីស្ទ បានប្រោសបងប្រុសរបស់ពួកគេឈ្មោះ ឡាសារ ពីសេចក្តីស្លាប់ដោយព្រះចេស្តានៃព្រះដែលទ្រង់មាន ។
ព្រះយេស៊ូវបានទៅដល់ផ្ទះរបស់ម៉ាថា និង ម៉ារា បន្ទាប់ពីសាកសពរបស់ឡាសារត្រូវបានបញ្ចុះនៅក្នុងផ្នូរអស់បួនថ្ងៃទៅហើយ ។ ពួកគេបានទៅផ្នូររបស់ឡាសារ ហើយព្រះយេស៊ូវបានបញ្ជាឲ្យថ្មបាំងមុខផ្នូរនោះរបើកឡើង ។ ព្រះយេស៊ូវមានព្រះបន្ទូលទៅម៉ាថា « តើខ្ញុំមិនបានប្រាប់នាងថា បើសិនជានាងជឿ នោះនាងនឹងឃើញសិរីល្អនៃព្រះទេឬអី ? » បន្ទាប់មកទ្រង់បានអធិស្ឋានទៅព្រះជាព្រះវរបិតា ហើយ « ក៏បន្លឺវាចាថា ឡាសារអើយ ចូរចេញមក ។
« នោះអ្នកដែលបានស្លាប់ ក៏ចេញមក មានទាំងសំពត់ស្នបរុំជាប់នៅជើងដៃផង ហើយមានកន្សែងគ្របមុខដែរ » ។ ( សូមមើល យ៉ូហាន ១១:១–៤៥ ) ។ ព្រះអង្គសង្គ្រោះប្រើព្រះចេស្តាទ្រង់ដើម្បីប្រោសលោះ និង ប្រទានអំណាចដល់យើង ។ សេចក្តីជំនឿរបស់យើងលើទ្រង់នឹងកើនឡើង នៅពេលយើងចងចាំថា ទ្រង់ពោរពេញទៅដោយព្រះចេស្តា និង សិរីល្អ ។
© ឆ្នាំ 2015 ដោយ Intellectual Reserve, Inc ។ រក្សាសិទ្ធិគ្រប់យ៉ាង ។ បោះពុម្ពនៅ ស.រ.អា. ។ អនុមតិជាភាសាអង់គ្លេស ៖ ៦/១៤ ។ អនុមតិឲ្យបកប្រែ ៖ ៦/១៤ ។ ការបកប្រែនៃ Visiting Teaching Message, September 2015 ។ Cambodian ។ 12589 258