២០១៥
ក្រុម​គ្រួសារ និង ការអធិស្ឋាន
កញ្ញា 2015


សារ​លិខិត​គណៈប្រធាន​ទី​មួយ ខែ កញ្ញា ឆ្នាំ ២០១៥

ក្រុម​គ្រួសារ និង ការអធិស្ឋាន

មាន​យប់​មួយ ពេល​ដែល​ខ្ញុំ​បាន​អង្គុយ​នៅ​ក្បែរគ្រែ​ឪពុក​របស់​ខ្ញុំ គាត់​បាន​និយាយ​ពី​កុមារភាព​របស់​គាត់ ។ គាត់​បាន​និយាយ​ពី សេចក្តី​ស្រឡាញ់​របស់​ឪពុក​ម្តាយ​គាត់​នៅក្នុង​គ្រា​លំបាកៗ និង សេចក្តី​ស្រឡាញ់​របស់​ព្រះវរបិតាសួគ៌​ទ្រង់ និង ព្រះអង្គ​សង្គ្រោះ ។ ខ្ញុំ​បាន​ដឹង​ថា គាត់​នឹង​ស្លាប់​ដោយសារ​ជំងឺ​មហារីក ដូច្នេះ​ខ្ញុំ​ពុំ​ភ្ញាក់​ផ្អើល​ទេ ​នៅ​ពេល​ដែល​អារម្មណ៍​របស់​គាត់​ច្របូកច្របល់​ចំពោះ​ព្រះវរបិតា​សួគ៌ ជាមួយ​នឹង​សេចក្តី​ស្រឡាញ់ និង សេចក្តី​សប្បុរស​របស់​ឪពុក​លើ​ផែនដី​របស់​គាត់ ។ ឪពុក​ខ្ញុំ​តែង​ថ្លែង​ជា​ញឹកញាប់​ថា នៅពេល​គាត់​បាន​អធិស្ឋាន នោះ គាត់​បាន​គិត​ក្នុង​ចិត្ត​ថា គាត់​អាច​ឃើញ​ព្រះវរបិតា​សួគ៌​ញញឹម​ដាក់​គាត់ ។

ឪពុក​ម្ដាយ​របស់​គាត់​បាន​បង្រៀន​គាត់​តាមរយៈ​គំរូ​ឲ្យ​អធិស្ឋាន ហាក់បីដូចជា​គាត់​បាន​និយាយ​ទៅ​កាន់​ព្រះ ​ហើយ​ថាព្រះ​នឹង​ឆ្លើយ​តបដល់​គាត់​ដោយ​សេចក្តី​ស្រឡាញ់ ។ គាត់​ត្រូវការ​គំរូ​នោះ រហូត​ដល់​ទីបំផុត​នៃ​ជីវិត ។ នៅពេល​ក្តី​ឈឺចាប់​កាន់តែ​ខ្លាំង​ឡើង នោះ​យើង​បាន​ឃើញ​គាត់​លុតជង្គង់​ចុះ​នៅពេល​ព្រឹក​ក្បែរ​គ្រែ ។ សុខភាព​គាត់​ទ្រុឌទ្រោម​ណាស់​ហើយ​ស្ទើរតែ​ក្រោក​ឡើងលើ​​គ្រែ​វិញ​មិន​រួច ។ គាត់​បាន​ប្រាប់​ពួកយើង​ថា គាត់​បាន​អធិស្ឋាន​សួរ​ព្រះវរបិតា​សួគ៌​ពី​មូលហេតុ​ដែល​គាត់​ត្រូវ​រងការឈឺចាប់​យ៉ាង​ខ្លាំង ​នៅពេល​គាត់​ព្យាយាម​ធ្វើ​ល្អ​ជានិច្ច​នោះ ។ គាត់​បាន​មាន​ប្រសាសន៍​ថា ចម្លើយ​ដ៏​ទន់ភ្លន់​មួយ​បាន​មកថា « ព្រះ​ត្រូវការ​កូនប្រុស​ដែល​ក្លាហាន » ។

ដូច្នេះ​ហើយ​គាត់​បាន​ស៊ូទ្រាំ​រហូត​ដល់​អស់​ជីវិត ដោយ​ទុកចិត្ត​ថា ព្រះ​ស្រឡាញ់​គាត់ ស្តាប់​គាត់ ហើយ​នឹង​លើក​គាត់​ឡើង ។ គាត់​បាន​ទទួល​ពរ ដែល​បាន​ស្គាល់​ទ្រង់​តាំងពី​ក្មេង ហើយ​មិន​ដែល​ភ្លេច​ថា ព្រះ​ដែល​ពេញ​ដោយ​ក្តី​ស្រឡាញ់​នឹង​គង់​នៅជិត​​នៅពេល​អធិស្ឋាននោះឡើយ ។

នេះ​ជា​ហេតុ​ដែល​ព្រះអម្ចាស់​បាន​បង្រៀន​ឪពុក​ម្តាយ​ថា « ហើយ​ពួកគេ​ក៏​ត្រូវ​បង្រៀន​កូនចៅ​របស់​ខ្លួន ឲ្យ​អធិស្ឋាន និង ឲ្យ​ដើរ​ដោយ​ទៀង​ត្រង់​នៅ​ចំពោះ​ព្រះអម្ចាស់ » (គ និង ស ៦៨:២៨) ។

ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​បាន​ស្តារ​ឡើង​វិញ — ជាមួយ​នឹង​ព្រះគម្ពីរ​មរមន និង កូនសោ​បព្វជិតភាព​ទាំងអស់​ដែល​ចងភ្ជាប់​ក្រុមគ្រួសារ — ដោយសារ​យ៉ូសែប ស្ម៊ីធ បាន​អធិស្ឋាន​ដោយ​សេចក្តី​ជំនឿ​ កាល​ពី​លោក​នៅ​ក្មេង ។ លោក​បាន​ទទួល​សេចក្តី​ជំនឿ​នោះ នៅ​ក្នុង​គ្រួសារ​ដែល​ពេញ​ដោយ​សេចក្តីស្រឡាញ់ និង ស្មោះត្រង់ ។

កាល​ពី​ម្ភៃ​ឆ្នាំ​មុន ព្រះអម្ចាស់​បាន​ផ្តល់​ឱវាទ​នេះ​ដល់​ក្រុមគ្រួសារ​នៅ​ក្នុង « ក្រុមគ្រួសារ ការប្រកាស​ដល់​ពិភពលោក » មកពី​គណៈប្រធាន​ទី​មួយ និង សាវក​ដប់ពីរ​នាក់ ៖​« គ្រួសារ និង អាពាហ៍ពិពាហ៍​ដែលមាន ជោគជ័យ សុភមង្គល គឺ បានស្ថាបនា និង រក្សា​ដោយ​គោលការណ៍​នៃសេចក្តីជំនឿ ការអធិស្ឋាន ការប្រែចិត្ត ការអភ័យទោស ការគោរពគ្នា ស្រឡាញ់គ្នា សេចក្តីមេត្តាករុណា ការងារ និង កម្មវិធី​កម្សាន្ត​ល្អៗ​ទំាងឡាយ » ។

យើង​ជំពាក់​បំណុល​នៃ​ការដឹងគុណ​ជា​ច្រើន​ចំពោះ​គ្រួសារ​របស់​ព្យាការី យ៉ូសែប ស៊្មីធ សម្រាប់​របៀប​ដែល​ពួកគាត់​បាន​ចិញ្ចឹម​លោក ។ គ្រួសារ​របស់​លោក​ផ្តល់​ជា​គំរូ​មិន​ត្រឹម​តែ​លើ​សេចក្តី​ជំនឿ និង​ការអធិស្ឋាន​ទេ ប៉ុន្តែ​ព្រម​ទាំង ការប្រែចិត្ត ការអភ័យទោស សេចក្តីគោរព សេចក្តី​ស្រឡាញ់ សេចក្តី​មេត្តាករុណា ការងារ ហើយ​និង​កម្មវិធី​កម្សាន្តល្អៗ​ទំាងឡាយផងដែរ » ។

កូនចៅ​ជំនាន់​ក្រោយៗ​របស់​អ្នក​អាច​រាប់​ថា​អ្នក​មាន​ពរ​សម្រាប់​គំរូ​របស់​អ្នក​អំពី ការអធិស្ឋាន​នៅ​ក្នុង​គ្រួសារ​ខ្លួន ។ អ្នក​ប្រហែល​ជា​មិន​បាន​ចិញ្ចឹម​បីបាច់​អ្នក​បម្រើ​ដ៏​ល្អ​ម្នាក់​របស់​ព្រះ​ឡើយ ប៉ុន្តែ​អ្នក​អាច​ធ្វើ​ការណ៍​នេះ​បាន​តាមរយៈ​ការអធិស្ឋាន និង​គំរូ​នៃ​ភាពស្មោះត្រង់​របស់​អ្នក ដើម្បី​ជួយ​ព្រះយេស៊ូវគ្រីស្ទ ចិញ្ចឹម​បីបាច់​កូនសិស្ស​ដ៏​ល្អ និង ជា​ទីស្រឡាញ់ ។

លើស​ពីនោះ ​អ្នក​អាច​ជ្រើសរើស​ធ្វើ​ការណ៍​នានា​ដើម្បី​ជួយ​ព្រះ​អម្ចាស់ ហើយ​ការអធិស្ឋាន​នឹង​ក្លាយ​ជា​គ្រឹះ​ដ៏​សំខាន់​ចំពោះ​ការណ៍​នេះ ។ មាន​មនុស្ស​សាមញ្ញ​ដែល​បំផុស​គំនិត​មនុស្ស​ដទៃ​ឲ្យ​បើក​ភ្នែក​របស់​ខ្លួន​មើល​ថា​អ្នក​ណា​នៅ​ទី​នោះ នៅ​ពេល​ដែល​ពួកគេ​អធិស្ឋាន ។ អ្នក​អាច​ក្លាយ​ជា​មនុស្ស​បែប​នោះ​បាន ។

ចូរ​គិត​ពី​អ្វី​ដែល​អាច​មាន​ន័យ​ចំពោះ​អ្នក​ដែល​លុតជង្គង់​ជាមួយ​អ្នក​នៅ​ក្នុង​ការអធិស្ឋាន​ជា​គ្រួសារ ។ នៅពេល​ពួកគេ​ទទួល​អារម្មណ៍​ថា ​អ្នក​អំពាវនាវ​ទៅ​កាន់ព្រះ​ដោយ​សេចក្តី​ជំនឿ នោះ​សេចក្តី​ជំនឿ​របស់​ពួកគេ​នឹង​ពង្រីក​ការអំពាវនាវ​ទៅ​កាន់​ព្រះ​ផងដែរ ។ នៅពេល​អ្នក​អធិស្ឋាន​ថ្លែង​អំណរគុណ​ដល់​ព្រះ​សម្រាប់​ពរជ័យ​ដែល​ពួកគេ​ដឹង​ថា​បាន​ប្រទាន​មក នោះ​ជំនឿ​ពួកគេ​នឹង​រីកលូតលាស់​ថា​ព្រះ​ស្រឡាញ់​ពួកគេ ហើយ​ថា​ទ្រង់​ឆ្លើយ​តប​ការអធិស្ឋាន​អ្នក ក៏​នឹង​ឆ្លើយ​ចំពោះ​ការអធិស្ឋាន​របស់​ពួកគេ​ផងដែរ ។ ការណ៍​នោះ​អាច​កើត​ឡើងតែ​នៅ​ក្នុង​ការអធិស្ឋាន​ជា​គ្រួសារ​ប៉ុណ្ណោះ នៅពេល​អ្នក​បាន​មាន​បទពិសោធន៍​នោះ​ក្នុង​ការអធិស្ឋាន​ផ្ទាល់​ខ្លួន​ជាច្រើន​ដង ។

ខ្ញុំ​នៅតែ​មាន​ពរ​ដោយ​ឪពុក និង ម្តាយ​ម្នាក់​ដែល​បាន​និយាយ​ជាមួយ​ព្រះ ។ គំរូ​របស់​ពួកគាត់​​អំពី​អំណាច​នៃ​ការអធិស្ឋាន​ក្នុង​ក្រុមគ្រួសារ​គឺ​នៅតែ​ផ្តល់​ពរជ័យ​ដល់​ជំនាន់​ក្រោយៗ​ជា​ច្រើន ។

កូនៗ និង ចៅៗ​របស់​ខ្ញុំ​មាន​ពរ​ជា​រៀងរាល់​ថ្ងៃ​តាមរយៈ​គំរូ​របស់​ឪពុក​ម្តាយ​ខ្ញុំ ។ សេចក្តី​ជំនឿ​ដែល​ថា​ព្រះ​ដែល​ពោរពេញ​ដោយ​សេចក្តី​ស្រឡាញ់​ស្តាប់ និង ឆ្លើយ​តបការអធិស្ឋាន​ ត្រូវ​បាន​បញ្ជូន​បន្ត​ដល់​ពួកគេ ។ អ្នក​អាចបង្កើត​មរតក​ដ៏​ល្អ​បែប​នេះ​បាន​នៅ​ក្នុង​គ្រួសារ​របស់​អ្នក ។ ខ្ញុំ​សូម​អធិស្ឋាន​ថា​អ្នក​នឹង​អាច​ធ្វើ​បែប​នេះ​បាន ។

កំណត់​ចំណាំ

  1. « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » Liahona, ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ១២៩ ។

ប្រារព្ធ​ខួប​លើក​ទី ២០ នៃ សេចក្ដី​ប្រកាស​ស្ដី​អំពី​ក្រុមគ្រួសារ

« ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » បង្រៀន​ពីគោលការណ៍​នានា​ដែល​វា​ក៏​អនុវត្ត​បាន​នៅ​ពេល​បច្ចុប្បន្ន​នេះ កាល​សេចក្តី​ប្រកាស​នេះ​បាន​ចេញ​ជា​លើក​ដំបូង​នៅ​ថ្ងៃ​ទី ២៣ ខែ កញ្ញា ឆ្នាំ ១៩៩៥ ។ សូម​ពិចារណា​ពី​ការ​អញ្ជើញ​បុគ្គល​ម្នាក់ៗ ឬ ក្រុមគ្រួសារ​ដែល​អ្នក​បង្រៀន​ឲ្យ​ប្រារព្ធ​ខួប​លើក​ទី ២០​ ឆ្នាំ​នៃ​សេចក្តី​ប្រកាស​នេះ​ដោយ ៖

  1. ធ្វើ​បញ្ជី​នៃ​គោលការណ៍​ដែល​មាន​នៅ​ក្នុង​សេចក្តី​ប្រកាស​នោះ ដែល​មាន​សារៈសំខាន់​ពិសេស​ចំពោះ​ពួកគេ ។ ( សូម​មើល​ពី របៀប​ដែល​ប្រធាន អាវរិង ធ្វើ​ជាមួយ​ការអធិស្ឋាន​នៅ​ក្នុង​សារលិខិត​ខាង​លើ​នេះ ) ។

  2. ពិភាក្សា​ពី​របៀប​ដែល​គោលការណ៍​និមួយៗ​អាច​ប្រទាន​ពរ​ដល់​ពួកគេ​នា​ពេល​ឥឡូវ​នេះ និង​នាពេល​អនាគត ។

  3. ដាក់​គោលដៅ​ជាក់លាក់​ដើម្បី​រួម​បញ្ចូល​គោលការណ៍​ទាំង​នោះ​ទៅក្នុង​ជីវិត​របស់​ពួកគេ និង ចែកចាយ​គោលការណ៍​នោះ​ជាមួយ​មនុស្ស​ដទៃ​ទៀត ។