សារលិខិតបង្រៀនសួរសុខទុក្ខ ខែ កុម្ភៈ ឆ្នាំ 201៦
អាពាហ៍ពិពាហ៍គឺត្រូវបានតែងតាំងមកពីព្រះ
សូមសិក្សាឯកសារនេះប្រកបដោយការអធិស្ឋាន ហើយព្យាយាមឲ្យដឹងនូវអ្វីដែលត្រូវចែកចាយ ។ តើការយល់ដឹងអំពី « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » បង្កើនសេចក្តីជំនឿរបស់អ្នកទៅលើព្រះ ហើយផ្ដល់ពរដល់អ្នកទាំងឡាយដែលអ្នកថែទាំ តាមរយៈការបង្រៀនសួរសុខទុក្ខយ៉ាងដូចម្តេចដែរ ? សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ reliefsociety.lds.org ។
សេចក្ដីជំនឿ ក្រុមគ្រួសារ ការសង្គ្រោះ
ពួកព្យាការី ពួកសាវក និងថ្នាក់ដឹកនាំបន្ត « ប្រកាសយ៉ាងឱឡារិកថា អាពាហ៍ពិពាហរវាងបុរស និង ស្ត្រីគឺតែងតាំងឡើងដោយព្រះ ហើយថាក្រុមគ្រួសារគឺជាផ្នែកដ៏សំខាន់នៃផែនការរបស់អង្គដ៏បង្កបង្កើត » ។១
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖ « គ្រួសារដែលស្ថាបនាឡើងនៅលើអាពាហ៍ពិពាហ៍ របស់បុរសម្នាក់ និងស្ត្រីម្នាក់ បង្កើតជាស្ថានភាពដ៏ល្អបំផុតសម្រាប់ផែនការរបស់ព្រះដើម្បីភាពជោគជ័យ ។ …
« … មិនថាយើង ឬមនុស្សនៃជីវិតរមែងស្លាប់ណានោះទេ គឺពួកគេមិនអាចផ្លាស់ប្ដូររបៀបរៀបរយនៃអាពាហ៍ពិពាហ៍របស់ព្រះនេះបានទេ » ។២
បូនី អិល អូស្ការសុន ដែលជាប្រធានយុវនារីទូទៅ បានមានប្រសាសន៍ ៖ « មនុស្សគ្រប់គ្នា មិនថាមានស្ថានភាពអាពាហ៍ពិពាហ៍យ៉ាងណា ឬ មានកូនប៉ុន្មានទេ អាចធ្វើជាអ្នកការពារផែនការរបស់ព្រះអម្ចាស់ ដែលបានពិពណ៌នានៅក្នុងសេចក្ដីប្រកាសអំពីគ្រួសារបាន ។ បើវាគឺជាផែនការរបស់ព្រះអម្ចាស់ វាគួរតែជាផែនការរបស់យើងដែរ ! »៣
អែលឌើរ គ្រីស្តូហ្វឺសិន បានបន្ដ ៖ « អ្នកខ្លះ ត្រូវបានបដិសេធពរជ័យនៃអាពាហ៍ពិពាហ៍ ដោយសារមានហេតុផលដូចជា កង្វះខាតនូវលទ្ធភាពមានកូន ការទាក់ទាញចំណង់ផ្លូវភេទដូចគ្នា ការអន់ថយខាងរាងកាយ ឬសតិអារម្មណ៍ ឬក៏គ្រាន់តែភ័យខ្លាចការបរាជ័យ ។ … ឬអ្នកអាចបានរៀបការហើយ ប៉ុន្តែអាពាហ៍ពិពាហ៍បានបញ្ចប់ទៅវិញ ។ … អ្នកខ្លះ ដែលបានរៀបការហើយ មិនអាចមានកូនចៅបាន ។ …
« ទោះជាដូច្នោះក៏ដោយ …មនុស្សគ្រប់រូបអាចរួមចំណែកដល់ការលាតត្រដាងអំពីផែនការរបស់ព្រះនៅក្នុងជំនាន់នីមួយៗ » ។៤
បទគម្ពីរបន្ថែម
លោកុប្បត្តិ ២:១៨-២៤; កូរិនថូស ទី១ ១១:១១; គោលលទ្ធិ និង សេចក្តីសញ្ញា ៤៩:១៥-១៧
ដំណើររឿងរបស់មនុស្សដែលរស់នៅសព្វថ្ងៃនេះ
បងប្រុស ឡែរី អិម ហ្គីបសុន ជាអតីតទីប្រឹក្សាទីមួយនៅក្នុងគណៈប្រធានយុវជនទូទៅ បានចាំពីពេលដែលស៊ឺលី ដែលឥឡូវជាភរិយាលោក បាននិយាយ ៖
« ‹ អូនស្រឡាញ់បង ព្រោះអូនដឹងថា បងស្រឡាញ់ព្រះអម្ចាស់ជាងបងស្រឡាញ់អូន › ។ …
« ចម្លើយនោះមានអត្ថន័យខ្លាំងណាស់ចំពោះខ្ញុំ » ។ …
« … [ ហើយ ] ខ្ញុំតែងតែចង់ឲ្យនាងមានអារម្មណ៍បែបនោះជានិច្ច ដែលថាខ្ញុំស្រឡាញ់ព្រះជាងអ្វីៗផ្សេងទៀតទាំងអស់ » ។៥
អែលឌើរ ដេវីឌ អេ. បែដណា នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖ « ព្រះអម្ចាស់យេស៊ូវគ្រីស្ទ គឺជាចំណុចរួមមួយ នៅក្នុងទំនាក់ទំនងអាពាហ៍ពិពាហ៍ដែលនៅក្នុងសេចក្ដីសញ្ញាមួយ ។ … [ សូមស្រមៃថា ] ព្រះអង្គសង្គ្រោះមានទីតាំងគង់នៅចុងកំពូលនៃត្រីកោណ [ មួយ ] ដោយមានស្ដ្រីម្នាក់នៅបាតនៃចុងម្ខាង ហើយបុរសម្នាក់នៅបាតខាងចុងម្ខាងទៀតនៃត្រីកោណនោះ ។ ឥឡូវនេះ សូមពិចារណាអំពីអ្វីដែលកើតឡើងនៅក្នុងទំនាក់ទំនងរវាងបុរស និងស្ដ្រីម្នាក់ នៅពេលពួកគេ ‹ មករកព្រះគ្រីស្ទ › រៀងៗខ្លួន និងដោយខ្ជាប់ខ្ជួន ហើយខិតខំដើម្បីឲ្យ ‹ បានល្អឥតខ្ចោះនៅក្នុងទ្រង់ › ( មរ៉ូណៃ ១០:៣២ ) ។ ដោយសារតែ និងតាមរយៈព្រះដ៏ប្រោសលោះ នោះបុរស និងស្ដ្រីចូលមកជិតគ្នាកាន់តែខ្លាំង » ។៦
© ២០១៦ ដោយ Intellectual Reserve, Inc. រក្សាសិទ្ធិគ្រប់យ៉ាង ។ បោះពុម្ពនៅ ស.រ.អា. ។ អនុមតិជាភាសាអង់គ្លេស ៖ ៦/១៥ ។ អនុមតិឲ្យបកប្រែ ៖ ៦/១៥ ។ ការបកប្រែនៃ Visiting Teaching Message, February 2016. Cambodian 12862 258
សូមពិចារណាអំពីសំណួរនេះ
តើខ្ញុំកំពុងពុះពារព្យាយាមដោយផ្ទាល់ខ្លួន និងដោយខ្ជាប់ខ្ជួនយ៉ាងណា ដើម្បី « មករកព្រះគ្រីស្ទ » ?