ឆ្នាំ​២០១៦
ការចុះចត​ដោយ​សុវត្ថិភាព​នៅក្នុង​ខ្យល់កួច
កុម្ភៈ 2016


សារលិខិត​គណៈប្រធាន​ទី​មួយ ខែ កុម្ភៈ ឆ្នាំ 201

ការចុះចត​ដោយ​សុវត្ថិភាព​នៅក្នុង​ខ្យល់កួច

ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ

កន្លង​ទៅ​មិន​ជា​យូរ​ប៉ុន្មាន​ទេ ភរិយា​ខ្ញុំ ហារីត និង​ខ្ញុំ បាន​នៅ​ឯ​ព្រលាន​យន្តហោះ កំពុង​មើល​យន្ដហោះ​ដ៏​ស្រស់​ឆើតឆាយ​ទាំងឡាយ​ចុះចត ។ វា​ជា​ថ្ងៃ​មួយ​ដែល​មាន​ខ្យល់​ខ្លាំង ហើយ​កំសួល​ខ្យល់​ដ៏​សាហាវ បាន​បោកបក់​ទៅនឹង​យន្តហោះ​ដែល​កំពុង​រំកិល​ទៅ​ចំណត​នោះ បណ្ដាល​ឲ្យ​យន្តហោះ​នីមួយៗ​បត់​ឆែវ​យ៉ាងខ្លាំង ហើយ​ញ័រ​នៅ​អំឡុងពេល​រំកិល​ទៅមុខ ។

ពេល​យើង​បាន​សង្កេត​ពី​ការលំបាក​នេះ រវាង​ធម្មជាតិ និង​ម៉ាស៊ីន គំនិត​របស់​ខ្ញុំ​បាន​ត្រឡប់​ទៅ​គិត​ពី​ការបំពាក់បំប៉ន​ហោះហើរ​របស់​ខ្ញុំ​ផ្ទាល់ និង​គោលការណ៍​ទាំងឡាយ​ដែល​ខ្ញុំ​បាន​រៀន​នៅ​ទីនោះ—ហើយ​ក្រោយមក​បាន​បង្រៀន​ទៅកាន់​អាកាសយានិក​ផ្សេង​ទៀត​នៅក្នុង​ការបំពាក់បំប៉ន ។

ខ្ញុំ​ធ្លាប់​បាន​ប្រាប់​ពួកគេ​ថា « កុំ​បង្ខំ​យន្តហោះ​តាម​ចិត្ត​របស់​អ្នក​ឡើយ នៅ​អំឡុង​ពេល​ខ្យល់កួច » ។ « ទប់ចិត្ត​ឲ្យ​ស្ងប់ កុំ​ប្រតិកម្ម​ជ្រុល​ពេក ។ ចូរ​អ្នក​សម្លឹង​ផ្ដោត​ទៅលើ​បន្ទាត់​កណ្ដាល​នៃ​ផ្លូវ​យន្តហោះ ។ បើសិន​ជា​អ្នក​ងាកចេញ​ពី​ផ្លូវ​ចុះចត​ដែល​អ្នក​ចង់​ចុះ ចូរ​រហ័ស​រហួន តែ​ធ្វើ​ការកែ​តម្រូវ​ដោយ​ប្រុង​ប្រយ័ត្ន ។ សូម​ទុកចិត្ត​លើ​សក្ដានុពលភាព​នៃ​យន្តហោះ​របស់​អ្នក ។ ចូរ​បន្ត​ហោះហើរ​ទាល់តែ​ខ្យល់​ស្ងប់ » ។

អាកាសយានិក​ដែល​មាន​បទពិសោធន៍​យល់​ថា ពួកគេ​មិន​តែងតែ​អាច​គ្រប់គ្រង​អ្វីៗ​ដែល​កើតឡើង​ជុំវិញ​ពួកគេ​បាន​ទេ ។ ពួកគេ​មិន​អាច​បញ្ឈប់​ខ្យល់​កួច​បាន​ទេ ។ ពួកគេ​មិន​អាច​ធ្វើ​ឲ្យ​ភ្លៀង ឬ​ព្រិល​បាត់​ទៅ​នោះ​ទេ ។ ពួកគេ​មិន​អាច​ធ្វើ​ឲ្យ​ខ្យល់​ឈប់​បក់ ឬ​ផ្លាស់ប្ដូរ​ទិសដៅ​របស់​វា​បាន​ទេ ។

ប៉ុន្តែ ពួកគេ​ក៏​យល់​ផងដែរ​ថា វា​ជា​កំហុស​មួយ​ដែល​ត្រូវ​ភ័យខ្លាច​ខ្យល់កួច ឬ​ខ្យល់​បក់​ខ្លាំង​នោះ—ហើយ​ជា​ពិសេស​ដែល​ត្រូវធ្វើ​ឲ្យ​ស្លន់ស្លោរ​ដោយសារ​វា​នោះ​ទេ ។ របៀប​ដើម្បី​ចុះចត​ដោយ​មាន​សុវត្ថិភាព ពេល​ស្ថានភាព​មិន​អំណោយ​ផល នោះ​គឺ​ត្រូវ​ស្ថិត​នៅលើ​ដាន​ហោះហើរ​ត្រឹមត្រូវ​ឲ្យ​បាន​ល្អបំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។

ពេល​ខ្ញុំ​បាន​មើល​ទៅ​យន្តហោះ​មួយ​ហើយ​មួយ​ទៀត​បាន​មក​ដល់​ចំណត​របស់​វា ហើយ​បាន​នឹកឃើញ​ពី​គោលការណ៍​ទាំងឡាយ​ដែល​បាន​រៀន​អស់​ជា​ច្រើន​ឆ្នាំ​ក្នុង​នាម​ជា​អាកាសយានិក​មួយ​រូប នោះ​ខ្ញុំ​ឆ្ងល់​ថា​តើ​គ្មាន​មេរៀន​មួយ​នៅក្នុង​រឿងនេះ​សម្រាប់​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង​ទេ​ឬ ។

យើង​មិន​តែងតែ​អាច​គ្រប់គ្រង​ខ្យល់​ទាំងឡាយ​ដែល​មាន​ក្នុង​ផ្លូវ​ជីវិត​យើង​បាន​ឡើយ ។ ពេលខ្លះ រឿង​គឺ​មិន​ចេញ​ពី​ផ្លូវ​របស់​យើង​ដោយងាយ​ទេ ។ យើង​អាច​មាន​អារម្មណ៍​ថា​ត្រូវ​អង្រួន និង​បក់បោក​ដោយ​ខ្យល់កួច​នៃ​ការខកចិត្ត ការសង្ស័យ ការភ័យខ្លាច ការទុក្ខព្រួយ ឬ​ភាពតានតឹង ។

អំឡុង​ពេល​ទាំងនោះ វា​ងាយ​នឹង​ធ្លាក់​ចូល​ក្នុង​អ្វីៗ​ដែល​ខុស ហើយ​ធ្វើ​ឲ្យ​បញ្ហា​របស់​យើង​ក្លាយ​ទៅ​ជា​ការផ្តោត​ក្នុង​គំនិត​យើង ។ ការល្បួង​នោះ​គឺ​ផ្ដោត​ទៅលើ​ការសាកល្បង​ទាំងឡាយ ដែល​យើង​កំពុង​ប្រឈមមុខ ជាជាង​ផ្តោត​ទៅលើ​ព្រះអង្គ​សង្គ្រោះ និង​ទីបន្ទាល់​របស់​យើង​អំពី​សេចក្ដីពិត ។

ប៉ុន្តែ នោះ​មិនមែន​ជា​របៀប​ដ៏​ល្អបំផុត ដើម្បី​ស្វែងរក​ទិសដៅ​ឆ្លងកាត់​ឧបសគ្គ​នៅក្នុង​ជីវិត​យើង​ឡើយ ។

ដូចជា​អាកាសយានិក​មាន​បទពិសោធន៍ ដែល​រក្សា​ការផ្ដោត​របស់​គាត់​ទៅលើ​ចំណុច​កណ្ដាល​នៃ​ផ្លូវ​យន្តហោះ មិនមែន​ទៅលើ​ខ្យល់ព្យុះ ហើយ​កែតម្រូវ​ចំណុច​ដែល​យន្តហោះ​ត្រូវចុះ​ដែរ នោះ​យើង​ក៏​គប្បី​រក្សា​ការផ្ដោត​របស់​យើង​ទៅ​សេចក្ដី​ជំនឿ​របស់​យើង​ផងដែរ—គឺ​ព្រះអង្គ​សង្គ្រោះ​របស់​យើង ដំណឹងល្អ​របស់​ទ្រង់ និង​ផែនការ​នៃ​ព្រះវរបិតាសួគ៌​របស់​យើង—ហើយ​ផ្ដោតលើ​គោលដៅ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​យើង—គឺ​ដើម្បី​ត្រឡប់​ទៅ​ទិសដៅ​សួគ៌ា​របស់​យើង​ដោយ​សុវត្ថិភាព ។ យើង​គប្បី​ទុកចិត្ត​លើ​ព្រះ ហើយ​ធ្វើ​ឲ្យ​ការបន្ត​នៅលើ​ដាន​នៃ​ភាពជាសិស្ស​ជា​ការផ្ដោត​នៃ​កិច្ចប្រឹងប្រែង​របស់​យើង ។ យើង​គប្បី​ផ្ដោត​ភ្នែក ដួងចិត្ត និង​គំនិត​របស់​យើង​ទៅលើ​ការរស់នៅ​តាម​របៀប​ដែល​យើង​ដឹង​ថា​យើង​គួរតែ​រស់នៅ ។

ការបង្ហាញ​សេចក្ដី​ជំនឿ និង​ការទុកចិត្ត​របស់​យើង​ទៅលើ​ព្រះវរបិតាសួគ៌ ដោយ​ការកាន់តាម​ព្រះបញ្ញត្តិ​របស់​ទ្រង់​ដោយ​អំណរ នឹង​នាំ​មក​ដល់​យើង​នូវ​សុភមង្គល និង​សិរីរុងរឿង ។ ហើយ​បើសិន​ជា​យើង​បន្ត​នៅលើ​ផ្លូវ​នោះ យើង​នឹង​ឆ្លងកាត់​រាល់​ខ្យល់កួច​បាន—មិន​ថា​មើល​ទៅ​វា​ខ្លាំង​ប៉ុណ្ណា​នោះ​ទេ—ហើយ​ត្រឡប់​ទៅ​ដំណាក់​ព្រះវរបិតា​យើង​វិញ​ដោយ​សុវត្ថិភាព ។

មិន​ថា​ផ្ទៃមេឃ​នៅជុំ​វិញ​យើង​ស្រឡះ​ល្អ ឬ​មាន​ពពក​ខ្មៅ​នោះ​ទេ ក្នុង​នាម​ជា​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ យើង​ស្វែងរក​នគរ​នៃ​ព្រះ និង​សេចក្ដី​សុចរិត​របស់​ទ្រង់​ជាមុន ដោយដឹង​ថា បើសិន​ជា​យើង​ធ្វើ​ដូច្នោះ អ្វីៗ​ផ្សេង​ទៀត​ដែល​យើង​ត្រូវការ នឹង​ត្រូវបាន​ប្រទាន​ឲ្យ​នៅ​ទីបំផុត ( សូមមើល ម៉ាថាយ ៦:៣៣ ) ។

វា​ជា​មេរៀន​ជីវិត​ដ៏​សំខាន់​មួយ !

យើង​កាន់តែ​គិត​មមៃ​អំពី​ការលំបាក ឧបសគ្គ ការសង្ស័យ និង​ការភ័យខ្លាច​របស់​យើង​ខ្លាំង​ប៉ុណ្ណា នោះ​អ្វីៗ​ក៏​នឹង​កាន់តែ​ពិបាក​ប៉ុណ្ណោះ​ដែរ ។ ប៉ុន្តែ បើ​យើង​កាន់តែ​ផ្ដោត​ទៅលើ​ទិសដៅ​ចុងក្រោយ​នៅ​ស្ថានសួគ៌​របស់​យើង និង​ទៅលើ​អំណរ​ដែល​បាន​មកពី​ការដើរតាម​ផ្លូវ​នៃ​សិស្ស​របស់​ទ្រង់—ដោយ​ស្រឡាញ់​ព្រះ បម្រើ​អ្នក​ជិត​ខាង​របស់​យើង ច្រើន​ប៉ុណ្ណា—នោះ​យើង​ក៏​ទំនង​ជា​អាច​ស្វែងរក​ទិសដៅ​ដោយ​ជោគជ័យ ឆ្លងកាត់​ពេលវេលា​នៃ​បញ្ហា និង​ខ្យល់កួច​បាន​ប៉ុណ្ណោះ​ដែរ ។

មិត្ត​ជា​ទីស្រឡាញ់​អើយ មិន​ថា​ខ្យល់​ព្យុះ​នៃ​ជីវិត​រមែង​ស្លាប់​របស់​យើង បោកបក់​សាហាវ​យ៉ាង​ណា​ទេ ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នឹង​តែងតែ​ផ្ដល់​នូវ​ផ្លូវ​ដ៏​ល្អ​បំផុត ដែល​នាំ​ទៅកាន់​ការចុះចត​ដ៏​មាន​សុវត្ថិភាព​នៅក្នុង​នគរ​នៃ​ព្រះវរបិតាសួគ៌​របស់​យើង ។

ការបង្រៀន​ចេញ​ពី​សារលិខិត​នេះ

ប្រធាន អុជដូហ្វ ទូន្មាន​យើង​ឲ្យ « ទុកចិត្ត​លើ​ព្រះ ហើយ​ធ្វើ​ឲ្យ​ការបន្ត​នៅលើ​ដាន​នៃ​ភាពជាសិស្ស​ជា​ការផ្ដោត​នៃ​កិច្ចប្រឹងប្រែង​របស់​យើង » ។ សូម​គិត​អំពី​ការសួរ​ដល់​ពួក​អ្នក​ដែល​អ្នក​បង្រៀន ពី​របៀប​ដែល​ពួកគេ​អាច​បន្ត​ផ្ដោត « ទិសដៅ​ចុងក្រោយ​នៅ​ស្ថានសួគ៌​របស់​យើង និង​ទៅលើ​អំណរ​ដែល​បាន​មកពី​ការដើរតាម​ផ្លូវ​នៃ​សិស្ស​របស់​ទ្រង់ » នៅ​គ្រា​ទាំងឡាយ​ដែល​ពួកគេ​បាន​ប្រឈម​មុខ​នឹង​ការសាកល្បង​ទាំងឡាយ ។ អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​គិត​ពី​របៀប​ទាំងឡាយ ដែល​ពួកគេ​អាច​ផ្ដោត​លើ​ទីបន្ទាល់​របស់​ខ្លួន និង​លើ​ព្រះគ្រីស្ទ នៅក្នុង​គ្រា​លំបាកៗ ហើយ​សម្រេចចិត្ត​ប្រកប​ដោយ​ការអធិស្ឋាន​នូវ​របៀប​ដើម្បី​អនុវត្ត​នៅក្នុង​ជីវិត​របស់​ពួកគេ​នូវ​គំនិត​មួយ ឬ​លើស​ពី​នោះ​ក្នុង​ចំណោម​គំនិត​ទាំងនោះ ។