ឆ្នាំ​២០១៦
« រៀន​នឹង​ខ្ញុំ​ចុះ »
មិនា 2016


សារលិខិត​គណៈប្រធាន​ទី​មួយ ខែ មិនា ឆ្នាំ ២០១៦

« រៀន​នឹង​ខ្ញុំ​ចុះ »

នៅ​ក្នុង​សាសនាចក្រ នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ យើង​ទាំងអស់គ្នា​គឺ​ជា​គ្រូបង្រៀន និងយើង​ទាំង​អស់​គ្នាគឺ​ជាអ្នករៀនសូត្រ ។ ​ព្រះអម្ចាស់របស់​យើងបាន​ផ្ដល់​ការ​​អញ្ជើញដ៏ទន់ភ្លន់នេះ​ដល់​​មនុស្ស​គ្រប់រូប​៖ « រៀននឹងខ្ញុំចុះ … នោះ​អ្នករាល់គ្នា​នឹង​បាន​សេចក្តីសំរាក​ដល់​ព្រលឹង »។

ខ្ញុំសូមអញ្ជើញ​ពួកបរិសុទ្ធគ្រប់រូបទាំងអស់​ឲ្យ​ពិចារណា​អំពីកិច្ច​ខិត​ខំប្រឹង​ប្រែង​របស់​ពួក​គេដើម្បី​បង្រៀន​ និង​​រៀនសូត្រ ហើយឲ្យ​​មើលទៅ​​ព្រះអង្គសង្រ្គោះដែល​​ជាអ្នក​នាំផ្លូវរបស់​យើង​នៅ​​ក្នុងកិច្ចការនេះ។ យើង​ដឹងថា « លោកគ្រូនេះមកពីព្រះ »គឺលើសពីគ្រូធម្មតាម្នាក់។ ទ្រង់បាន​បង្រៀន​យើងឲ្យស្រឡាញ់​ព្រះអម្ចាស់​ដែល​ជាព្រះ​របស់យើង​ ឲ្យអស់​ពីចិត្ត​ អស់ពីព្រលឹង អស់ពីគំនិត ហើយ​អស់ពីកម្លាំងរបស់​យើង និង ស្រឡាញ់​អ្នក​ជិតខាងខ្លួន​​ដូច​ខ្លួន​យើង​ ព្រះអង្គគឺជា​គ្រូ​បង្រៀន​ដ៏​ឈ្លាស​វៃ​បំផុត និង​ជាគំរូ​នៃជីវិតដ៏ល្អឥតខ្ចោះ ។

ទ្រង់​ជាអង្គ​ដែល​បាន​ប្រកាស​ថា ៖ « ចូរ​មក​តាម​ខ្ញុំ​ចុះ » ។ « យើងបាន​ធ្វើ​ជាគំរូ​ដល់​អ្នក​រាល់​គ្នា »។

បើ​អ្នក​រាល់​គ្នា​មិន​ផ្លាស់​គំនិត

ព្រះយេស៊ូវ​បង្រៀន​ដោយសាមញ្ញ តែ​ជាសេចក្តីពិត​ដ៏ជ្រាល​ជ្រៅ ដូច​ដែល​បាន​កត់​ត្រា​នៅក្នុង​ម៉ាថាយ។ បន្ទាប់ពីទ្រង់ និងសិស្សរបស់​​ទ្រង់​បានចុះមកពីភ្នំប្រែរូប ពួកទ្រង់បានឈប់នៅ​ស្រុក​កាលីឡេ ហើយទៅ​ស្រុក​កាពើណិម ។ នៅទីនោះពួក​សិស្ស​បានចូល​មក​ព្រះយេស៊ូវ ​ហើយសួរថា៖

« តើ​អ្នកណាធំជាង​គេ​ក្នុង​នគរស្ថានសួគ៌?

« តែ​ទ្រង់​ហៅ​កូន​ក្មេង​តូច​១​មក​ដាក់​នៅ​កណ្តាល​ពួក​គេ

« រួច​មាន​ព្រះបន្ទូល​ថា ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា បើ​អ្នក​រាល់​គ្នា​មិន​ផ្លាស់​គំនិត ហើយ​ត្រឡប់​ដូច​ជា​កូន​តូច​នេះ នោះ​នឹង​ចូល​ទៅ​ក្នុង​នគរ​ស្ថានសួគ៌​ពុំ​បាន​ឡើយ​ »។

គោលដៅ​នៃ​ការ​បង្រៀន​ដំណឹងល្អនៅក្នុង​សាសនាចក្រ គឺ​មិនមែន​ដើម្បី​ចាក់​ស្រោចព័ត៌មាន​​ចូល​ទៅក្នុងគំនិត​កូនចៅ​ព្រះនោះទេ ទោះ​ជាក្នុង​គេហដ្ឋាន ក្នុងថ្នាក់ ឬនៅក្នុងតំបន់បេសកកម្មក្តី។ ​វាមិនមែន​ជា​ការ​បង្ហាញពី​របៀប​ដែល​ឪពុកម្តាយ គ្រូបង្រៀន ឬអ្នកផ្សព្វ​ផ្សាយ​ដឹងច្រើន​ប៉ុណ្ណា​នោះ​ទេ។ ក៏មិនគ្រាន់​តែ​ជាការ​រីកចម្រើន​ខាង​ចំណេះដឹងអំពី​ព្រះអង្គ​សង្គ្រោះ និង សាសនាចក្រ​របស់​ទ្រង់នោះ​ដែរ ។

គោលដៅ​គ្រឹះ​នៃការបង្រៀនគឺដើម្បី​ជួយ​បុត្រា​​បុត្រី នៃព្រះវរបិតាសួគ៌ឲ្យត្រឡប់​ទៅ​កាន់ទីវត្តមាន​របស់ទ្រង់ និងរីករាយ​ក្នុង​ជីវិត​ដ៏អស់​កល្ប​ជាមួយទ្រង់។ ដើម្បី​ធ្វើ​ដូច្នេះ នោះ​ការបង្រៀន​ដំណឹង​ល្អ​ត្រូវ​តែ​មានការ​លើក​ទឹកចិត្ត​ពួកគេ នៅតាមផ្លូវ​នៃភាព​ជាសិស្ស និងសេចក្តីសញ្ញា​​ដ៏​ពិសិដ្ឋ​រាល់ថ្ងៃ​។​ គោលបំណង គឺដើម្បីបំផុសគំនិតដល់​បុគ្គលម្នាក់ៗឲ្យគិត ទទួល​អារម្មណ៍ ហើយបន្ទាប់មក​ធ្វើអ្វី​ម៉្យាង​ចំពោះ​ការ​រស់នៅតាម​គោលការណ៍ទាំងឡាយនៃដំណឹងល្អ ។ ​ទិសដៅ​គឺដើម្បី​អភិវឌ្ឍ​សេចក្ដីជំនឿ​ទៅលើ​ព្រះអម្ចាស់ព្រះ​យេស៊ូវ​គ្រីស្ទ ហើយ ផ្លាស់​ប្រែចិត្តជឿ ចំពោះ​ដំណឹង​ល្អ​របស់ទ្រង់។

ការបង្រៀន​ដែលប្រទាន​ពរ​ ផ្លាស់ប្រែ​ចិត្ត​ជឿ និង​ទទួល​ការសង្គ្រោះ គឺជា​ការបង្រៀន​ដោយ​ធ្វើ​ត្រាប់​តាម​គំរូ​របស់​ព្រះ​អង្គ​សង្គ្រោះ។ គ្រូបង្រៀន​ដែល​ធ្វើ​ត្រាប់​តាមគំរូរបស់​ព្រះអង្គសង្គ្រោះ​ ​​ស្រឡាញ់​ និង​បម្រើ​ដល់​អស់​អ្នក​ដែល​ពួកគេ​បង្រៀន។ ពួកគេ​បំផុស​គំនិតដល់​អ្នក​ស្តាប់​របស់​ពួកគេ ជាមួយនឹងមេរៀននៃ​សេចក្តីពិតដ៏ទេវភាពអស់​កល្ប​ជានិច្ច។ ពួកគេរស់នៅក្នុងជីវិតដ៏សក្តិសមនៃការធ្វើតាមគំរូ។ ​

សេចក្តីស្រឡាញ់ និងការបម្រើ

ការ​បម្រើ​ទាំងមូលរបស់​ព្រះអង្គសង្គ្រោះ បានធ្វើ​ជាគំរូ​នៃការស្រឡាញ់​អ្នក​ជិតខាង។​ ពិតណាស់ ជាញឹកញាប់​មេរៀនរបស់ទ្រង់គឺអំពីក្តីស្រឡាញ់ និងការបម្រើ។ ដូចគ្នានេះ​ដែរ គ្រូបង្រៀនដែលខ្ញុំចងចាំ​បំផុត គឺគ្រូបង្រៀន​​ដែល​ស្គាល់ ដែលស្រឡាញ់ និងយកចិត្ត​ទុកដាក់ចំពោះសិស្ស​របស់​ពួកគេ។ ពួកគេ​ស្វែងរកចៀម​ដែល​វង្វេង។ ពួកគេបាន​បង្រៀន​មេរៀន​ជីវិត​ដែល​ខ្ញុំ​តែង​តែចង​ចាំ​ជានិច្ច។

គ្រូបង្រៀនម្នាក់​ដូច្នេះគឺ លូស៊ី ហ្គើច ។ គាត់ស្គាល់សិស្សរបស់គាត់ម្នាក់ៗ។​ គាត់មិនបង្អង់ក្នុងការទូរស័ព្ទទៅ​រកសិស្ស​ដែល​អវត្តមាន​នៅ​ថ្ងៃ​អាទិត្យ ឬដែល​មិនបានមកឡើយ។ យើង​បាន​ដឹង​ថា គាត់​ខ្វល់ខ្វាយ​ពីយើង។ គ្មាន​នរណា​ម្នាក់អាច​បំភ្លេច​គាត់ ឬភ្លេចមេរៀន​ដែលគាត់បានបង្រៀននោះឡើយ។

ប៉ុន្មានឆ្នាំក្រោយមក មុនពេលដែល លូស៊ី ទទួលមរណៈភាព ខ្ញុំបានទៅ​សួរសុខទុក្ខគាត់។ យើងបានសំណេះសំណាល អំពីរឿងរ៉ាវ​ដែល​កន្លងផុត​ទៅ​យូរមកហើយនោះ ចាប់​តំាងពីមុនគាត់ក្លាយ​ជាគ្រូរបស់យើង។ យើង​បាននិយាយ​អំពីសមាជិក​ម្នាក់ៗ​នៅក្នុងថ្នាក់របស់យើង ហើយ​ពិភាក្សាគ្នាថា តើ​ម្នាក់ៗកំពុងធ្វើអ្វីបច្ចុប្បន្ននេះ។ សេចក្តីស្រឡាញ់​ និងការព្រួយបារម្ភ​របស់គាត់​បានបន្តមានពេញមួយជីវិត។​

ខ្ញុំ​ស្រឡាញ់សេចក្តី​​បង្គាប់របស់ព្រះអម្ចាស់​ដែលមាននៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញាថា៖

« យើង​ប្រទាន​ដល់​អ្នក​នូវ​ព្រះបញ្ញត្តិ​មួយ​ថា អ្នកត្រូវ​បង្រៀន​គ្នា​ទៅ​វិញ​ទៅ​មក​នូវ​គោលលទ្ធិ​នៃ​នគរ » ។

« ចូរ​អ្នក​រាល់​គ្នា​ព្យាយាម​បង្រៀន ហើយ​ព្រះគុណ​របស់​យើង​នឹង​នៅ​ជាមួយអ្នក »។

លូស៊ី ហ្គើច បាន​ព្យាយាមបង្រៀន ដោយ​សារ​គាត់មានសេចក្តី​​ស្រឡាញ់ដែល​មិនចេះ​នឿយ​ហាត់។

សូមផ្តល់សេចក្តីសង្ឃឹម និង​សេចក្តីពិត

សាវក​ ពេត្រុស បានផ្តល់​ដំបូន្មានថា៖ «​ចូរប្រុង​ប្រៀប​ជានិច្ច ដើម្បី​នឹង​តប​ឆ្លើយ​ដល់​អ្នក​ណា​ដែល​សួរ​ពី​ហេតុ​នៃ​សេចក្តី​សង្ឃឹម​របស់​អ្នក​រាល់​គ្នា​ » ។

ប្រហែល​ជាសេចក្តីសង្ឃឹម​ដ៏មហិមា​បំផុតដែល​គ្រូ​អាច​ផ្តល់​ដល់​សិស្សបាន​នោះ គឺជា​សេចក្តីសង្ឃឹម​ដែល​មាន​នៅក្នុង​សេចក្តីពិត​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។

មរមន​បានសួរថា៖ « តើអ្វី​ទៅ​ដែល​អ្នក​រាល់​គ្នា​សង្ឃឹមចង់បាន​? » « មើលចុះខ្ញុំសូមប្រាប់អ្នកថា អ្នករាល់គ្នា​នឹងមានសេចក្តីសង្ឃឹម ដោយ​រយៈដង្វាយធួន​នៃ​ព្រះគ្រីស្ទ និងអំណាច​នៃ​ដំណើរ​រស់​ឡើង​វិញ​របស់​ទ្រង់ដើម្បី​ឲ្យ​បាន​ប្រោស​ឲ្យ​​មាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ហើយ​នេះ​ក៏​មក​ពី​សេចក្តី​ជំនឿ​អ្នក​ដល់​ទ្រង់ »

គ្រូបង្រៀន​ទាំងឡាយ​ សូម​បន្លឺ​សំឡេងរបស់​អ្នកឡើង​ ហើយ​ថ្លែងទីបន្ទាល់​អំពីនិស្ស័យពិត​នៃក្រុមព្រះ។ សូមប្រកាសជាសាក្សី​ស្តីអំពីព្រះគម្ពីរមរមន។ សូមនាំទៅ​រក​ភាពរុងរឿង​ និងស្រស់ស្អាតនៃសេចក្តីពិត ដែលមាននៅ​ក្នុង​​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ ។ សូមប្រើប្រាស់​ឯកសារនៃសាសនាចក្រ​ដែលបានអនុមតិ ជាពិសេស​គឺព្រះគម្ពីរទាំងឡាយ ដើម្បីបង្រៀនសេចក្តីពិត​នៃ​ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ​របស់​ព្រះយេស៊ូវគ្រីស្ទ នៅក្នុងភាពត្រឹមត្រូវ និងដោយ​សាមញ្ញ។ សូមចង​ចាំ​សេចក្តីបង្គាប់​របស់ព្រះអង្គសង្គ្រោះ​ឲ្យ « អ្នក​រាល់​គ្នា​ស្ទង់​មើល​គម្ពីរ ដោយ​ស្មាន​ថា បាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​អំពី​គម្ពីរ​នោះ​មក គឺ​ជា​គម្ពីរ​នោះ​ឯងដែល​ធ្វើ​បន្ទាល់​ពី​ខ្ញុំ » ។

សូមជួយកូនចៅ​របស់ព្រះអម្ចាស់ឲ្យយល់ដឹង អំពី​អ្វីដែល​ពិតប្រាកដ និង​មានសារៈសំខាន់​នៅ​ក្នុងជីវិតនេះ។ សូមជួយ​ពួកគេ​បង្កើនកម្លាំងរឹងមាំ ដើម្បីជ្រើសរើស​ផ្លូវ​ដែល​នឹង​រក្សា​ពួកគេ​ឲ្យមានសុវត្ថិភាព​នៅ​តាមផ្លូវ​ឆ្ពោះ​ទៅ​រក​ជីវិតអស់កល្ប​ជានិច្ច។

សូមបង្រៀន​សេចក្តីពិត នោះ​ព្រះវិញ្ញាណបរិសុទ្ធ​នឹង​ជួយ​ក្នុងកិច្ចខិតខំ​របស់អ្នក។

« រៀន​នឹង​ខ្ញុំ​ចុះ »

ដោយសារព្រះយេស៊ូវគ្រីស្ទ គោរពប្រតិបត្តិ និង​ធ្វើតាមសេចក្តីបង្គាប់​ដ៏ឥតខ្ចោះ​របស់ព្រះបិតាទ្រង់ នោះទ្រង់​ « ប្រកបដោយប្រាជ្ញារឹតតែ​ច្រើនឡើង ហើយ​ជាទីគាប់​ព្រះហឬទ័យ ដល់ព្រះ​នឹង​ចិត្ត​មនុស្សផង »១០ តើយើង​មានការប្តេជ្ញាចិត្ត​ដើម្បី​ធ្វើ​ដូច្នេះដែរ​ឬ​ទេ? គឺ​ដូច​ព្រះយេស៊ូវដែរទ្រង់ « បានទទួល​ព្រះគុណ​ថែម​លើ​ព្រះគុណ »១១ យើងត្រូវតែមានចិត្តអត់ធ្មត់ ស្វែង​រក​ពន្លឺ​ និងចំណេះដឹងមក​ពីព្រះក្នុងកិច្ចខិត​ខំរបស់យើង​ដើម្បីរៀន​ដំណឹងល្អ។

ការស្តាប់ គឺ​ជា​ធាតុ​ដ៏​សំខាន់​មួយ​នៃការរៀនសូត្រ ។ នៅ​ពេលធ្វើ​ការ​រៀបចំដើម្បី​បង្រៀន យើងត្រូវ​ស្វែង​រក​ការ​បំផុស​គំនិត​ និងការបញ្ជាក់មក​ពីព្រះវិញ្ញាណបរិសុទ្ធប្រកប​ដោយ​ការ​អធិស្ឋាន។ យើងគិតពិចារណា យើងអធិស្ឋាន យើងអនុវត្តមេរៀនដំណឹង​ល្អ ហើយ​យើង​ស្វែងរកព្រះឆន្ទៈ​របស់ព្រះបិតាចំពោះយើង។១២

ព្រះយេស៊ូវ « បង្រៀន… ជាច្រើនដោយពាក្យប្រៀបធៀប១៣ ដែលតម្រូវឲ្យត្រចៀកត្រូវស្តាប់ ភ្នែកត្រូវមើល និងបើកដួងចិត្ត​ដើម្បីទទួលការចេះដឹង។ ខណៈដែលយើង​រស់នៅដោយសក្តិសម នោះយើង​អាច​កាន់​តែស្ដាប់ឮការខ្សឹបប្រាប់នៃព្រះវិញ្ញាណបរិសុទ្ធ ដែលអាច « ​បង្រៀន [ យើង ]​ ពីគ្រប់សេចក្តីទាំងអស់ ក៏នឹងរំឮកពីគ្រប់ទាំង​សេចក្តីដល់ [ យើង ]»១៤ ។

ពេលយើង​ឆ្លើយ​តបចំពោះ​ការអញ្ជើញ​ដ៏ទន់ភ្លន់​របស់ព្រះអម្ចាស់ ចូរ « រៀននឹងខ្ញុំចុះ» នោះយើងចាប់ផ្តើមទទួលទាននូវអំណាច​ដ៏ទេវភា​ព​របស់ទ្រង់។ ដូច្នេះចូរយើង​ឆ្ពោះទៅមុខ​ក្នុងស្មារតី​នៃការគោរពប្រតិបត្តិ ធ្វើតាម​ទ្រង់​ដែលជាគំរូរបស់យើង តាមរយៈការបង្រៀន​ដូចជាទ្រង់​ចង់ឲ្យ​យើង​បង្រៀន និងរៀនសូត្រ​ដូចដែល​ទ្រង់​ចង់ឲ្យយើងរៀនសូត្រ។

ការបង្រៀន​ចេញ​ពី​សារលិខិត​នេះ

ប្រធាន ម៉នសុន អញ្ជើញយើងឲ្យ « ​ពិចារណា​អំពីកិច្ច​ខិត​ខំប្រឹងប្រែង​ [របស់យើង] ដើម្បី​បង្រៀន​ និងរៀនសូត្រ ហើយឲ្យ​​មើលទៅ​​ព្រះអង្គសង្រ្គោះដែល​ជាអ្នក​ដឹកនាំផ្លូវ​ក្នុងកិច្ចការនេះ»។ អ្នកអាច​ពិចារណា​ស្រាវជ្រាវ​ព្រះគម្ពីរ​ជាមួយសមាជិក ដែល​អ្នក​ចុះសួរសុខទុក្ខ ដើម្បីស្វែងរកអត្ថន័យជ្រាលជ្រៅ​ ក្នុង​របៀប​ដែល​ព្រះយេស៊ូវគ្រីស្ទ​បានបង្រៀន និង​បាន​រៀនសូត្រ។ អ្នកអាចចាប់ផ្តើម​ជាមួយ​ព្រះគម្ពីរមួយចំនួន​ដែល​ប្រធាន ម៉នសុន យោងទៅលើ មាន​ដូចជា ម៉ាថាយ ១១​ : ២៩ , យ៉ូហាន ៥​:៣០ និង ម៉ាកុស ៤​:២ ។ អ្នកអាចពិភាក្សាអំពីអ្វីដែល​អ្នកបានរៀន អំពីព្រះគ្រីស្ទ ដែល​អាចជួយអ្នក « ចាប់ផ្តើមទទួលទានអំណាច​ដ៏ទេវភា​ព​របស់ទ្រង់»។