សារលិខិតគណៈប្រធានទីមួយប្រចាំខែ ឧសភា ឆ្នាំ ២០១៦
ជម្រើស
ខ្ញុំសង្ឈឹមថា យើងនឹងជ្រើសរើសផ្លូវត្រូវជានិច្ច ទោះជាវាលំបាកធ្វើក្តី ចូរកុំជ្រើសរើសផ្លូវខុសដែលងាយស្រួលឡើយ ។
បងប្អូនប្រុសស្រី ពីមុនខ្ញុំចាប់ផ្ដើមសារលិខិតជាផ្លូវការរបស់ខ្ញុំនាថ្ងៃនេះ ខ្ញុំចង់ប្រកាសអំពីព្រះវិហារបរិសុទ្ធថ្មីចំនួនបួនទៀត ដែលនឹងត្រូវសាងសង់ក្នុងទីតាំងដូចខាងក្រោមនាពេលខាងមុខ ៖ ទីក្រុងហ្គីតូ ប្រទេសអេក្វាឌ័រ , ទីក្រុងហារ៉ារ៉េ ប្រទេសស៊ីមបាវ៉េ, ទីក្រុងប៊ែលិម ប្រទេសប្រេស៊ីល, និងព្រះវិហារទីពីរនៅទីក្រុងលីម៉ា ប្រទេសពេរូ ។
នៅពេលខ្ញុំក្លាយជាសមាជិកមួយរូបនៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់នៅឆ្នាំ ១៩៦៣ មានព្រះវិហារបរិសុទ្ធចំនួន ១២ ដែលបានកំពុងប្រតិបត្តិការនៅក្នុងសាសនាចក្រទាំងមូល ។ ដោយមានការឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធប្រូវ៉ូស៊ីធីសិនធើរ កាលពីពីរសប្ដាហ៍មុន ឥឡូវមានព្រះវិហារបរិសុទ្ធចំនួន ១៥០ កំពុងប្រតិបត្តិការនៅទូទាំងពិភពលោក ។ យើងមានអំណរគុណណាស់ ចំពោះពរជ័យដែលយើងទទួលបាននៅក្នុងដំណាក់ដ៏បរិសុទ្ធទាំងនេះ ។
ឥឡូវនេះ បងប្អូនប្រុសស្រី ខ្ញុំចង់បង្ហាញនូវការដឹងគុណរបស់ខ្ញុំចំពោះឱកាសនេះ ដើម្បីចែកចាយនូវគំនិតខ្លះៗជាមួយនឹងបងប្អូននាព្រឹកនេះ ។
ថ្មីៗនេះខ្ញុំបានគិតអំពីការជ្រើសរើស ។ មានពាក្យថ្លែងថា ទ្វារនៃប្រវត្តិសាស្ត្របើកឡើងដោយសារតែត្រចៀកទ្វារដ៏តូច ហើយវាក៏ដូចគ្នានឹងជីវិតរបស់មនុស្សដែរ ។ ការជ្រើសរើសដែលយើងធ្វើកំណត់អំពីជោគវាសនារបស់យើង ។
នៅពេលយើងចាកចេញពីជីវិតមុនជីវិតលើផែនដី ហើយចូលមកកាន់ជីវិតរមែងស្លាប់ នោះយើងបាននាំមកជាមួយយើងនូវអំណោយនៃសិទ្ធិជ្រើសរើស ។ គោលដៅរបស់យើងគឺដើម្បីទទួលបានសិរីល្អសេឡេស្ទាល ហើយក្នុងផ្នែកដ៏ធំបំផុតនៃការជ្រើសរើសដែលយើងធ្វើនឹងកំណត់ថា តើយើងសម្រេចគោលដៅរបស់យើង ឬមិនសម្រេច ។
បងប្អូនភាគច្រើនស្គាល់ប្រលោមលោកបុរាណអាលីស ជាស្នាដៃរបស់ លូវីស ខារ៉ូល Alice’s Adventures in Wonderland ( ដំណើរផ្សងព្រេងរបស់អាលីសនៅឋានមនោរម្យ ) ។ បងប្អូននឹងចងចាំថា នាងដើរមកដល់ផ្លូវបំបែកនៅចំពោះមុខនាង ដែលផ្លូវនីមួយៗបែកឆ្ពោះទៅមុខតាមទិសដៅផ្ទុយគ្នា ។ នៅពេលនាងសញ្ជឹងគិតថា តើត្រូវទៅផ្លូវមួយណា នោះនាងបានជួបនឹងសត្វឆ្មា ឆេសស្ហើ ដែលអាលីស សួរថា « តើខ្ញុំគួរដើរទៅផ្លូវមួយណា ? »
ឆ្មានោះឆ្លើយថា « នោះវាអាស្រ័យថាតើអ្នកចង់ទៅកន្លែងណា ។ ប្រសិនបើអ្នកមិនដឹងពីកន្លែងដែលអ្នកត្រូវទៅផងនោះ វាមិនសំខាន់ទេដែលថា អ្នកត្រូវទៅផ្លូវមួយណានោះ » ។១
យើងមិនខុសពី អាលីស ទេ យើងស្គាល់កន្លែងដែលយើងចង់ទៅហើយវា គឺ សំខាន់ថាយើងត្រូវទៅផ្លូវមួយណា ដ្បិតផ្លូវដែលយើងដើរក្នុងជីវិតនេះ នឹងដឹកនាំទៅរកគោលដៅនៅជីវិតបន្ទាប់របស់យើង ។
សូមឲ្យយើងជ្រើសរើសស្ថាបនានៅក្នុងខ្លួនយើងនូវសេចក្ដីជំនឿដ៏មហិមា និងប្រកបដោយអានុភាព ដែលនឹងជាការការពារដ៏មានប្រសិទ្ធភាពបំផុតរបស់យើងទប់ទល់នឹងគម្រោងរបស់មារសត្រូវ—ជាសេចក្ដីជំនឿពិត ជាប្រភេទនៃសេចក្ដីជំនឿដែលនឹងគាំទ្រយើង ហើយនឹងពង្រឹងដល់បំណងប្រាថ្នារបស់យើងដើម្បីជ្រើសរើសផ្លូវត្រូវ ។ បើគ្មានជំនឿដូច្នេះទេ នោះយើងមិនទៅមុខទេ ។ ដោយសារសេចក្ដីជំនឿនេះ យើងអាចសម្រេចគោលដៅរបស់យើង ។
ទោះជាវាសំខាន់ដែលយើងត្រូវជ្រើសរើសដោយឈ្លាសវៃក្ដី ក៏មានពេលខ្លះយើងនឹងធ្វើការជ្រើសរើសដ៏ល្ងិតល្ងង់ដែរ ។ អំណោយទាននៃការប្រែចិត្ត ដែលព្រះអង្គសង្គ្រោះបានប្រទានដល់យើង អាចឲ្យយើងកែជីវិតរស់នៅរបស់យើង ដើម្បីយើងអាចត្រឡប់ទៅកាន់ផ្លូវដែលនឹងដឹកនាំយើងទៅកាន់សិរីល្អសេឡេស្ទាលដែលយើងស្វែងរកនោះបាន ។
សូមឲ្យយើងរក្សាបាននូវភាពក្លាហានដើម្បីមិនចុះចូលនឹងគំនិតដែលមានប្រជាប្រិយភាព ។ ខ្ញុំសង្ឈឹមថា យើងនឹងជ្រើសរើសផ្លូវត្រូវជានិច្ច ទោះជាវាលំបាកធ្វើក្តី ចូរកុំជ្រើសរើសផ្លូវខុសដែលងាយស្រួលឡើយ ។
នៅពេលយើងសញ្ជឹងគិតអំពីការសម្រេចចិត្តដែលយើងធ្វើនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង—ទោះជាត្រូវធ្វើការជ្រើសរើសមួយនេះ ឬមួយនោះក្ដី—ប្រសិនបើយើងជ្រើសរើសព្រះគ្រីស្ទ នោះយើងនឹងបានធ្វើការជ្រើសរើសត្រឹមត្រូវ ។
ការអធិស្ឋានដោយស្មោះ និងដោយរាបសាររបស់ខ្ញុំគឺថា សូមឲ្យការណ៍នេះបានដូច្នោះ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់ និងព្រះអង្គសង្គ្រោះរបស់យើង អាម៉ែន ។
© 2016 ដោយ Intellectual Reserve, Inc. All rights reserved ។ អនុមតិជាភាសាអង់គ្លេស ៖ 6/15 ។ អនុមតិការបកប្រែ ៖ 6/15 ។ ការបកប្រែនៃ First Presidency Message, May 2016 ។ Cambodian ។ 12865 258