សារលិខិតការបង្រៀនសួរសុខទុក្ខ ខែ ឧសភា ឆ្នាំ ២០១៦
ទ្រង់នឹងលើកអ្នកដាក់លើស្មារបស់ទ្រង់ ហើយលីអ្នកត្រឡប់មកផ្ទះវិញ
គឺដូចជាអ្នកគង្វាលល្អស្វែងរកចៀមដែលបាត់របស់ទ្រង់ ប្រសិនបើអ្នកនឹងបើកដួងចិត្តរបស់អ្នកទៅរកព្រះអង្គសង្គ្រោះនៃពិភពលោកនេះ នោះទ្រង់នឹងរកអ្នកឃើញ ។
ការចងចាំដ៏សែនតក់ស្លុតមួយកាលពីកុមារភាពរបស់ខ្ញុំចាប់ផ្តើមជាមួយនឹង សំឡេងសឺរ៉ែនដែលដាស់ខ្ញុំឲ្យភ្ញាក់ពីដំណេក ។ មិនយូរប៉ុន្មាន សំឡេងផ្សេងទៀតបានបន្លឺឡើង សំឡេងក្រឹកៗ ហើយបន្ទរជាមួយស្លាបចក្របន្ទរខ្លាំងឡើងៗរហូតដល់ធ្វើឲ្យខ្យល់បក់អង្រួនគ្រប់ទិសទី ។ ដោយបានទទួលការបំពាក់បំប៉នយ៉ាងល្អពីម្តាយរបស់យើង យើងទាំងអស់គ្នាដែលជាកូនបានចាប់យកកាបូបរៀងៗខ្លួន ហើយរត់ឡើងលើភ្នំសំដៅទៅរណ្តៅត្រង់សេគេចពីគ្រាប់បែក ។ ខណៈពេលយើងរត់គេចទាំងយប់ងងឹតចេញពីគោលដៅរបស់យន្តហោះទម្លាក់គ្រាប់បែកពីលើមេឃ ដែលមានភ្លើងពណ៌ខៀវ និង ពណ៌ស ។ អ្វីដែលចម្លែកគឺគ្រប់គ្នាហៅពន្លឺភ្លើងនោះជាពន្លឺភ្លើងនៃដើមគ្រីស្ទម៉ាស ។
ខ្ញុំមានអាយុបួនឆ្នាំ ហើយខ្ញុំបានធ្វើជាសាក្សីដល់ពិភពលោកអំពីសង្គ្រោមលោក ។
ដ្រេសឌេន
ទីក្រុង ដ្រេសឌេន គឺនៅមិនឆ្ងាយពីកន្លែងដែលក្រុមគ្រួសាររបស់ខ្ញុំរស់នៅទេ ។ អស់អ្នកដែលរស់នៅទីនោះប្រហែលជាបានធ្វើជាសាក្សីចំពោះព្រឹត្តិការណ៍ដែលខ្ញុំបានឃើញរាប់ពាន់ដង ។ គ្រាប់មីស៊ីលធន់ធ្ងន់រាប់ពាន់គ្រាប់បានផ្ទុះ បោសសំអាត ដ្រេសឌេន បំផ្លិចបំផ្លាញទីក្រុងជាង ៩០ ភាគរយ ហើយបានបន្សល់ទុកតែកំទេចកំទី និងផេះផង់បន្តិចបន្តួចប៉ុណ្ណោះ ។
មិនយូរប៉ុន្មាន ទីក្រុងដែលគេដាក់ឈ្មោះហៅក្រៅថា « ប្រអប់រតនៈសម្បត្តិ » គ្មានលើលោកទៀតឡើយ ។ អេរិច ខេសនើរ ជាអ្នកនិពន្ធជនជាតិអាឡឺម៉ង់ បានសរសេរអំពីការបំផ្លិចបំផ្លាញនេះថា « ភាពស្រស់ស្អាតរបស់នាងត្រូវបានស្ថាបនាអស់រយៈពេលរាប់ពាន់ឆ្នាំ តែត្រូវបំផ្លាញទាំងស្រុងតែក្នុងពេលមួយយប់ » ។ ១ ក្នុងអំឡុងពេលនៃកុមារភាពរបស់ខ្ញុំ ខ្ញុំមិនអាចស្រមៃដល់ថា ការបំផ្លិចបំផ្លាញនៃសង្រ្គាមចំពោះជនជាតិឯងដែលបានចាប់ផ្តើមនោះ អាចនឹងកន្លងផុតទៅនោះទេ ។ ពិភពលោកដែលនៅជុំវិញយើងបានបង្ហាញនូវភាពអស់សង្ឃឹមទាំងស្រុង និងគ្មានអនាគត ។
កាលពីឆ្នាំមុនខ្ញុំមានឱកាសត្រឡប់ទៅកាន់ទីក្រុង ដ្រេសឌេន ម្តងទៀត ។ ចិតសិបឆ្នាំក្រោយមក បន្ទាប់ពីសង្គ្រាម ទីក្រុងនោះបានក្លាយជា « ប្រអប់រតនៈសម្បត្តិ » ជាថ្មីម្តងទៀត ។ ការបំផ្លិចបំផ្លាញត្រូវបានសំអាតចោល ហើយទីក្រុងនេះត្រូវបានស្តារឡើងវិញជាថ្មី និងកាន់តែអភិវឌ្ឍន៍ ។
អំឡុងពេលនៃទស្សនៈកិច្ចរបស់ខ្ញុំ ខ្ញុំបានឃើញព្រះវិហាររបស់ពួកអ្នកជឿលោក លូធើរ ដ៏ស្រស់ស្អាតនៃ ហ្វ្រោអ៊ិនខេឆើរ ជាព្រះវិហារនៃព្រះម៉ែរបស់យើង ។ ព្រះវិហារនេះត្រូវបានសាងសង់ឡើងដំបូងនាសត្សវត្សរ៍ទី ១៧ ដែលវាធ្លាប់ជារតនៈសម្បត្តិដ៏ចែងចំាងរបស់ទីក្រុង ដ្រេសឌេន ប៉ុន្តែសង្គ្រាមបានកំទេចវាឲ្យក្លាយជាផេះផង់ ។ កំទេចព្រះវិហារនោះបាននៅរបៀបនោះអស់រយៈពេលជាច្រើនឆ្នាំ រហូតដល់ទីបំផុតគេបានសម្រេចថា ហ្វ្រោអិនឃើឆេ ត្រូវតែសាងសង់ឡើងជាថ្មី ។
កំទេចថ្មនៃព្រះវិហារដែលរងការបំផ្លិចបំផ្លាញត្រូវបានរក្សាទុកនិងរៀបចំទុកជាគំរូ ហើយដើម្បីប្រើប្រាស់ក្នុងការសាងសង់ជាថ្មី ប្រសិនបើអាចប្រើបាន ។ បច្ចុប្បន្ននេះអ្នកអាចមើលឃើញ ថ្មឆេះរោលពណ៌ខ្មៅមានស្នាមអុចៗនៅលើជញ្ជាំងផ្នែកខាងក្រៅ ។ « ស្លាកស្នាម » ទាំងនេះមិនត្រឹមតែជាការរំឭកអំពីប្រវត្តិសាស្រ្តនៃសង្គ្រាមចំពោះអគារនោះប៉ុណ្ណោះទេ តែវាក៏ជាបូជនីយស្ថានដើម្បីមានក្តីសង្ឃឹម— ជានិមិត្តរូបនៃសមត្ថភាពដ៏រុងរឿងរបស់មនុស្សក្នុងការបង្កើតជីវិតថ្មីពីកំទេចផេះផង់ផងដែរ ។
កាលខ្ញុំសញ្ជឹងគិតអំពីប្រវត្តិសាស្រ្តរបស់ដ្រេសឌេន និងស្ញប់ស្ញែងចំពោះភាពប៉ិនប្រសព្វ និងការប្តេជ្ញាចិត្តរបស់អស់អ្នកដែលបានសាងឡើងវិញនូវអ្វីដែលបានបំផ្លិចបំផ្លាញទាំងស្រុង នោះខ្ញុំបានទទួលអារម្មណ៍នៃព្រះវិញ្ញាណបរិសុទ្ធ ។ ប្រាកដណាស់ ខ្ញុំគិតថាប្រសិនបើមនុស្សអាចយកកំទេចផេះផង់ និងសំណល់នៃទីក្រុងបែកបាក់ ហើយសង់ឡើងវិញឲ្យលេចឡើងនូវស្ថាបត្យកម្មដ៏ស្ញប់ស្ងែងឆ្ពោះទៅស្ថានសួគ៌ ឱតើព្រះវរបិតាដ៏មានមហិទ្ធិឫទ្ធិរបស់យើងនឹងមានសមត្ថភាពយ៉ាងណាដើម្បីស្តារកូនចៅរបស់ទ្រង់ដែលធ្លាក់ចុះលំបាក ឬ វង្វេងនោះ ?
មិនថាជីវិតរបស់យើងហាក់ត្រូវបានបំផ្លិចបំផ្លាញទាំងស្រុងយ៉ាងណានោះទេ ។ មិនថាបាបរបស់យើងកខ្វក់ ល្វីងជូរចត់ ឯកោ ត្រូវបោះបង់ចោល ឬខូចចិត្តយ៉ាងណានោះទេ ។ សូម្បីតែអ្នកដែលគ្មានសេចក្តីសង្ឃឹម អស់អ្នកដែលរស់នៅក្នុងភាពអស់សង្ឃឹម អស់អ្នកដែលក្បត់សេចក្តីទុកចិត្ត អស់អ្នកដែលហ៊ុមព័ទ្ធដោយសេចក្តីទុច្ចរិត ឬរត់គេចពីព្រះក្តី គេអាចស្ថាបនាជាថ្មីបាន ។ លើកលែងតែកូនអន្តរធានទាំងនោះ នោះវាគ្មានជីវិតដែលខ្ទេចខ្ទំណាដែលមិនអាចស្តារឡើងវិញនោះទេ ។
សេចក្តីអំណរនៃដំណឹងល្អគឺ ៖ ពីព្រោះផែនការដ៏អស់កល្បនៃសុភមង្គល ដែលត្រូវប្រទានឲ្យដោយព្រះវរបិតាសួគ៌ជាទីស្រឡាញ់របស់យើង និងការពលិកម្មដ៏គ្មានទីបំផុត នៃព្រះយេស៊ូវគ្រីស្ទ នោះយើងមិនត្រឹមតែអាចត្រូវបានប្រោសលោះអំពីស្ថានភាពធ្លាក់ចុះ និងស្តារឡើងវិញនូវភាពបរិសុទ្ធរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែយើងអាចមើលឃើញហួសពីជីវិតរមែងស្លាប់នេះ ហើយទទួលមរតកនៃជីវិតអស់កល្បជានិច្ច និងទទួលបាននូវភាពរុងរឿងដ៏មហិមារបស់ព្រះ ។
រឿងប្រៀបប្រដូចអំពីកូនចៀមដែលវង្វេងបាត់
អំឡុងពេលនៃការបម្រើរបស់ព្រះអង្គសង្គ្រោះ ពួកអ្នកដឹកនាំសាសនានៅជំនាន់នោះមិនអនុញ្ញាតឲ្យព្រះយេស៊ូវ ចំណាយពេលជាមួយប្រជាជន ដែលពួកគេចាត់ទុកថា « មានបាប » នោះទេ ។
ប្រហែលជាចំពោះពួកគេ វាមើលទៅដូចជា ទ្រង់មានត្រាប្រណី ឬអភ័យទោសដល់ឥរិយាបទដែលប្រកបដោយអំពើបាប ។ ប្រហែលជាពួកគេជឿថា វិធីដ៏ល្អបំផុតដើម្បីជួយមនុស្សមានបាបឲ្យប្រែចិត្តគឺត្រូវផ្តន្ទាទោស ចំអក និងធ្វើឲ្យពួកគេអាម៉ាស់មុខ ។
នៅពេលព្រះអង្គសង្គ្រោះទ្រង់ជ្រាបពីគំនិតរបស់ពួកផារិស៊ី និងពួកអាចារ្យ នោះទ្រង់បាននិទានរឿងមួយប្រាប់ពួកគេ ៖
« ក្នុងចំណោមពួកអ្នករាល់គ្នា បើអ្នកណាមានចៀមមួយរយ តែបាត់មួយ តើមិនទុកចៀមកៅសិបប្រាំបួនឲ្យនៅទីរហោស្ថាន ដើម្បីទៅតាមរកចៀមមួយដែលបាត់ ទាល់តែឃើញទេឬអី ?
« កាលណារកឃើញហើយ នោះក៏លើកព្រនរមកដោយអំណរ » ។ ២
ជាច្រើនទសតវត្សរ៍មកហើយ រឿងប្រៀបប្រដូចបុរាណនេះត្រូវបានបកស្រាយ ជាការអំពាវនាវឲ្យយើងធ្វើសកម្មភាពក្នុងការនាំយកចៀមដែលបាត់ ឬឈោងទៅរកអស់អ្នកដែលវង្វេង ។ ខ្ញុំងឿយឆ្ងល់ថា តើមានអ្វីបន្ថែមពីលើនោះទៀត ខណៈដែលរឿងនោះពិតជាត្រឹមត្រូវ និង ល្អមែន ។
តើវាអាចទៅរួចទេដែលគោលបំណងរបស់ព្រះយេស៊ូវ ជាបឋម និងសំខាន់បំផុត គឺដើម្បីបង្រៀនអំពីកិច្ចការរបស់អ្នកគង្វាលល្អ ?
តើវាអាចទៅរួចទេ ដែលទ្រង់ថ្លែងទីបន្ទាល់ពីសេចក្តីស្រឡាញ់របស់ព្រះចំពោះកូនចៅដែលវង្វេងផ្លូវរបស់ទ្រង់នោះ ?
តើវាអាចទៅរួចទេដែល សារលិខិតរបស់ព្រះអង្គសង្គ្រោះបញ្ជាក់ថា ព្រះពិតជាទ្រង់ជ្រាបទាំងអស់អំពីអស់អ្នកដែលវង្វេង—ហើយថាទ្រង់នឹងស្វែងរកពួកគេ ថាទ្រង់នឹងឈោងទៅរកពួកគេ ហើយទ្រង់នឹងជួយសង្គ្រោះពួកគេនោះ ?
ប្រសិនបើដូច្នេះមែន តើកូនចៀមត្រូវធ្វើអ្វីខ្លះដើម្បីសក្តិសម ចំពោះជំនួយដ៏ទេវភាពទាំងនេះ ?
តើកូនចៀមត្រូវការដឹងពីរបៀបប្រើប្រាស់ឧបករណ៍ដ៏ស្មុគ្រស្មាញនេះ ដើម្បីគណនាអំពីភូមិសាស្រ្តដូចម្តេច ? តើវាត្រូវមានសមត្ថភាពចេះប្រើ GPS ( ប្រពន្ធប្រាប់ទិសដៅភូមិសាស្រ្ត ) ដើម្បីបញ្ជាក់ប្រាប់ទីតាំងមែនដែរឬទេ ? តើវាត្រូវការមានអ្នកជំនាញដើម្បីបង្កើត app ( កម្មវីធី ) ដែលអាចស្នើសុំជំនួយ មែនដែរឬទេ ? តើចៀមត្រូវការសកម្មភាពគាំទ្រពីអ្នកធានាពីមុនពេលអ្នកគង្វាលល្អ នឹងមកជួយសង្គ្រោះពួកគេមែនដែរឬទេ ?
ទេ ! ពិតជាមិនមែនទេ ! ធម្មតាចៀមមានភាពសក្តិសមនឹងទទួលជំនួយសង្គ្រោះដ៏ទេវភាព ពីព្រោះវាបានទទួលក្តីស្រឡាញ់ពីអ្នកគង្វាលល្អ ។
ចំពោះខ្ញុំ រឿងប្រៀបធៀបអំពីចៀមដែលបាត់ គឺជាសារលិខិតដែលពោរពេញដោយក្តីសង្ឃឹមដែលមាននៅក្នុងព្រះគម្ពីរទាំងអស់ ។
ព្រះអង្គសង្គ្រោះ និងអ្នកគង្វាលល្អរបស់យើង ទ្រង់ស្គាល់ ហើយស្រឡាញ់យើង ។ ទ្រង់ស្គាល់ ហើយស្រឡាញ់អ្នករាល់គ្នា ។
ទ្រង់ជ្រាបពេលដែលយើងវង្វេង ហើយទ្រង់ជ្រាបថាអ្នកនៅទីណា ។ ទ្រង់ជ្រាបពីការរងទុក្ខរបស់អ្នក ។ ការទូលសុំដោយស្ងប់ស្ងាត់របស់អ្នក ។ ការភ័យខ្លាចរបស់អ្នក ។ ទឹកភ្នែករបស់អ្នក ។
មិនថាអ្នកវង្វេងដោយរបៀបណា—ទោះដោយជម្រើសមិនល្អរបស់អ្នក ឬដោយស្ថានភាពដែលអ្នកមិនអាចគ្រប់គ្រងក្តី ។
ទោះជាយ៉ាងណាក្តី អ្នកនៅតែជាបុត្រាបុត្រីរបស់ទ្រង់ ។ ហើយទ្រង់ស្រឡាញ់អ្នក ។ ទ្រង់ស្រឡាញ់បុត្រាបុត្រីរបស់ទ្រង់ ។
ដោយសារទ្រង់ស្រឡាញ់អ្នក នោះទ្រង់នឹងរកអ្នកឃើញ ។ ទ្រង់នឹងលីអ្នកដោយអំណរ ។ ពេលទ្រង់នាំអ្នកមកផ្ទះវិញ ទ្រង់នឹងមានបន្ទូលប្រាប់មនុស្សគ្រប់គ្នាថា « សូមអរសប្បាយជាមួយនឹងខ្ញុំ ដ្បិតចៀមខ្ញុំដែលបាត់ នោះឃើញវិញហើយ » ។៣
តើយើងត្រូវធ្វើអ្វីខ្លះ ?
ប៉ុន្តែអ្នកប្រហែលគិតថា តើអ្វីជាការទទួលខុសត្រូវរបស់ខ្ញុំ ? ប្រាកដណាស់ ខ្ញុំត្រូវធ្វើអ្វីច្រើនទៀតជាងគ្រាន់តែអង្គុយរងចាំបានសង្គ្រោះ ។
ទោះបីជាព្រះទ័យរបស់ព្រះវរបិតាជាទីស្រឡាញ់របស់យើងចង់ឲ្យបុត្រាបុត្រីទាំងអស់របស់ទ្រង់ត្រឡប់ទៅជួបទ្រង់វិញក្តី ក៏ទ្រង់មិនបង្ខំឲ្យនរណាម្នាក់ទៅស្ថានសួគ៌វិញដែរ ។ ៤ ព្រះនឹងមិនជួយយើង ដែលប្រឆំាងនឹងឆន្ទៈរបស់យើងនោះទេ ។
ដូច្នេះតើយើងត្រូវធ្វើអ្វីខ្លះ ?
ការអញ្ជើញរបស់ទ្រង់គឺសាមញ្ញ ៖
« បែរ…ទៅរកទ្រង់ » ។ ៥
« ចូរមកឯខ្ញុំ » ។ ៦
« ចូរចូលមកជិតយើង នោះយើងនឹងចូលទៅជិតអ្នក » ។ ៧
នេះគឺជារបៀបដែលយើងបង្ហាញដល់ទ្រង់ថាយើងចង់បានសេចក្តីសង្គ្រោះ ។
វាតម្រូវឲ្យមានជំនឿបន្តិចទៀត ។ ប៉ុន្តែ ចូរកុំអស់សង្ឃឹមឡើយ ។ ប្រសិនបើអ្នកមិនអាចបង្កើតសេចក្តីជំនឿក្នុងពេលនេះទេ សូមចាប់ផ្តើមជាមួយក្តីសង្ឃឹម ។
ប្រសិនបើអ្នកមិនអាចនិយាយថា អ្នកដឹងថាមានព្រះនៅទីនេះ អ្នកអាចសង្ឃឹមថាមានទ្រង់ ។ អ្នកអាចមានបំណងប្រាថ្នាដើម្បីជឿ ។ ៨ ចំណុចនេះគ្រប់គ្រាន់ដើម្បីចាប់ផ្ដើម ។
បន្ទាប់មក ធ្វើសកម្មភាពតាមសេចក្តីសង្ឃឹមនោះ ដើម្បីឈោងទៅរកព្រះវរបិតាសួគ៌ ។ ព្រះនឹងលាតព្រះពាហុនៃសេចក្តីស្រឡាញ់មករកអ្នក ហើយកិច្ចការនៃជំនួយសង្គ្រោះ និងការផ្លាស់ប្រែនឹងចាប់ផ្តើមឡើង ។
មិនយូរប៉ុន្មាន អ្នកនឹងស្គាល់ពីឥទ្ធិពលរបស់ទ្រង់នៅក្នុងជីវិតរបស់អ្នក ។ អ្នកនឹងទទួលអារម្មណ៍នៃក្ដីស្រឡាញ់របស់ទ្រង់ ។ ហើយបំណងប្រាថ្នាដើម្បីដើរក្នុងពន្លឺ និងដើរតាមផ្លូវរបស់ទ្រង់ នឹងរីកចម្រើនរាល់ជំហាននៃសេចក្តីជំនឿដែលអ្នកឈាន ។
យើងហៅជំហាននៃសេចក្តីជំនឿទាំងនោះថា « ការគោរពប្រតិបត្តិ » ។
ដែលបច្ចុប្បន្នពាក្យនេះមិនសូវមានប្រជាប្រិយភាពនោះទេ ។ ប៉ុន្តែការគោរពប្រតិបត្តិគឺជាទស្សនៈវិស័យដ៏មានតម្លៃ នៅក្នុងដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ពីព្រោះយើងដឹងថា « តាមរយៈដង្វាយធួននៃព្រះគ្រីស្ទ នោះមនុស្សលោកទាំងអស់អាចបានសង្គ្រោះ ដោយសារការគោរពតាមក្រឹត្យវិន័យ និង ពិធីការទាំងឡាយនៃដំណឹងល្អ » ។ ៩
កាលដែលសេចក្តីជំនឿយើងកើនឡើង នោះភាពស្មោះត្រង់របស់យើងក៏កាន់តែកើនឡើងដែរ ។ ដូចខ្ញុំបានដកស្រង់ពាក្យរបស់អ្នកនិពន្ធ ជនជាតិអាល្លឺម៉ង់ពីខាងដើម ដែលបង្ហាញពីការសោកសង្រេងនៃការបំផ្លិចបំផ្លាញក្រុងដ្រេសឌេន ។ គាត់ក៏បានសរសេរឃ្លាថា « Es gibt nichts Gutes, ausser: Man tut es » ។ ចំពោះអស់អ្នកដែលមិននិយាយភាសាសេឡេស្ទាល ឃ្លានេះបកប្រែថា « គ្មានអ្វីដែលល្អនោះទេ បើអ្នកមិនធ្វើវានោះ » ។ ១០
អ្នក និងខ្ញុំប្រហែលជាភាគច្រើនប្រើវោហាសព្ទ័នៃភាសាខាងវិញ្ញាណ ។ យើងប្រហែលជាអាចធ្វើឲ្យមនុស្សទាំងឡាយចាប់អារម្មណ៍ពីភាពវៃឆ្លាតរបស់យើងចំពោះការបកស្រាយពីប្រធានបទខាងសាសនា ។ យើងអាចសរសើរហួសហេតុពេកអំពីសាសនា និង « លង់នៅក្នុងសុបិន្ត [ របស់យើង ] » ។ ១១ ប៉ុន្តែបើសេចក្តីជំនឿមិនផ្លាស់ប្តូរពីរបៀបដែលយើងរស់នៅ—ប្រសិនបើជំនឿរបស់យើងមិនមានឥទ្ធិពលលើការសម្រចចិត្តប្រចាំថ្ងៃរបស់យើងទេ—នោះសាសនា និង សេចក្តីជំនឿរបស់យើងនឹងក្លាយជាឥតប្រយោជន៍ ប្រសិនបើវាមិនស្លាប់ទេ វាប្រាកដជាមិនល្អ និងស្ថិតនៅក្នុងគ្រោះថ្នាក់ ដែលចុងបញ្ចប់នឹងត្រូវស្លាប់ជាមិនខាន ។ ១២
ការគោរពប្រតិ្តបត្តិ គឺជាសសៃឈាមនៃសេចក្តីជំនឿ ។ មានតែតាមរយៈការគោរពប្រតិបត្តិប៉ុណ្ណោះទើបយើងអាចប្រមូលពន្លឺចូលក្នុងព្រលឹងរបស់យើងបាន ។
ប៉ុន្តែពេលខ្លះខ្ញុំគិតថា យើងយល់ខុសអំពីការគោរពប្រតិ្តបត្តិ ។ យើងប្រហែលជាអាចមើលឃើញថា ការគោរពប្រតិបត្តិគឺជាគោលដៅ ជាជាងជាមធ្យោបាយដើម្បីសម្រេចគោលដៅ ។ ឬយើងប្រហែលជាត្រូវប្រើរឿងប្រៀបប្រដូចនៃញញួរជាងដែកលត់ចំពោះការគោរពប្រតិបត្តិពត់ស្រទាប់ដែកនៃព្រះបញ្ញតិ្ត នៅក្នុងកិច្ចខិតខំកែទម្រង់អស់អ្នកដែលយើងស្រឡាញ់ តាមរយៈការដុតកំដៅជាប្រចាំ និងដំវាម្តងហើយម្តងទៀត រហូតដល់បរិសុទ្ធដូចស្ថានសួគ៌ ។
មានពេលជាក់លាក់មួយដែលយើងត្រូវការការប្រែចិត្តយ៉ាងមុតមាំ ។ ប្រាកដណាស់ មនុស្សខ្លះអាចគ្រាន់តែឈានទៅរកលំនាំដូចនេះ ។
ប៉ុន្តែប្រហែលជាមានរឿងប្រៀបប្រដូចខុសគ្នា ដែលអាចពន្យល់ពីមូលហេតុដែលយើងគោរពតាមព្រះបញ្ញត្តិរបស់ព្រះ ។ ប្រហែលជាការគោរពប្រតិបត្តិមិនមែនជាដំណើរការនៃការពត់ កាច់ ចាប់បង្ខំព្រលឹងរបស់យើងឲ្យទៅរកអ្វីដែលមិនមែនជាយើងនោះទេ ។ ប៉ុន្តែនេះគឺជាដំណើរការ ដែលយើងរកឃើញពីអ្វីដែលយើងពិតជាបានបង្កើតឡើង ។
យើងទាំងអស់គ្នាត្រូវបានបង្កើតឡើងដោយព្រះដ៏មានមហិទ្ធិឬទ្ធិ ។ ទ្រង់ជាព្រះវរបិតាសួគ៌របស់យើង ។ យើងគឺជាបុត្រខាងវិញ្ញាណរបស់ទ្រង់ ។ យើងត្រូវបានបង្កើតឡើងដោយសម្ភារដ៏ទេវភាពដែលមានតម្លៃជាងគេ និងត្រូវបានដុសខាត់ជាពិសេស ហើយយើងបាននាំធាតុផ្សំដ៏ទេវភាពទាំងនេះមកជាមួយខ្លួនយើង ។
ទោះជាយ៉ាងណាក្តីនៅលើផែនដីនេះ គំនិត និងសកម្មភាពរបស់យើង បានទទួលឥទ្ធិពលអវិជ្ជមានដែលពុករលួយ មិនបរិសុទ្ធ និងមិនស្អាតស្អំ ។ ធូលីដី និងភាពកខ្វក់ទាំងនោះធ្វើឲ្យព្រលឹងយើងមានស្នាមប្រឡាក់ ធ្វើឲ្យមានការពិបាកដើម្បីស្គាល់ និងចងចាំពីកំណើតពិត និងគោលបំណងរបស់យើង ។
ប៉ុន្តែទាំងនេះមិនបានផ្លាស់ប្តូរយើង ថាជានរណាយ៉ាងពិតប្រាកដឡើយ ។ មូលដ្ឋានគ្រឹះដ៏ទេវភាពពីធម្មជាតិរបស់យើងនៅបន្តមាន ។ ហើយនៅគ្រាដែលយើងជ្រើសរើសបង្វែរគំនិត និងបេះដូងរបស់យើងទៅរកព្រះអង្គសង្គ្រោះជាទីស្រឡាញ់របស់យើង ហើយឈានជើងទៅលើផ្លូវនៃភាពជាសិស្ស នោះអព្ភូតហេតុមួយចំនួនអាចកើតឡើង ។ សេចក្តីស្រឡាញ់នៃព្រះនឹងបំពេញបេះដូងយើង ពន្លឺនៃសេចក្តីពិតនឹងបំពេញគំនិតរបស់យើង ពេលនោះយើងនឹងចាប់ផ្តើមបោះបង់បំណងប្រាថ្នាចង់ធ្វើបាប ហើយយើងនឹងមិនចង់ដើរក្នុងភាពងងឹតទៀតឡើយ ១៣
យើងចាប់ផ្តើមមើលឃើញការគោរពប្រតិបត្តិ មិនដូចជាការដាក់ទណ្ឌកម្មទៀតទេ ប៉ុន្តែជាផ្លូវដែលដឹកនាំទៅរកសេរីភាពនៃគោលបំណងដ៏ទេវភាពទៅវិញ ។ ភាពពុករលួយ ភាពមិនបរិសុទ្ធ និងព្រំដែននៃលោកិយ៍នេះនឹងចាប់ផ្តើមជ្រុះចេញបន្តិចម្តងៗ ។ នៅទីបញ្ចប់ ព្រះវិញ្ញាណដ៏អស់កល្បជានិច្ចដែលមិនអាចកាត់ថ្លៃបាននៃស្ថានសួគ៌ នឹងបើកសម្តែងចំពោះយើង ហើយនិស្ស័យនៃសេចក្តីល្អនឹងចែងចាំងក្នុងខ្លួនយើង ។
អ្នកទាំងអស់គ្នាសក្តិសមចំពោះការជួយសង្រ្គោះ
បងប្អូនប្រុសស្រី និងមិត្តភក្តិជាទីស្រឡាញ់ ខ្ញុំសូមថ្លែងទីបន្ទាល់ថា ព្រះទតឃើញយើងជានរណាយ៉ាងពិតប្រាកដ— ហើយទ្រង់ទតឃើញថា យើងសក្តិសមចំពោះការសង្គ្រោះ ។
អ្នកអាចមានអារម្មណ៍ថា ជីវិតរបស់អ្នកត្រូវបំផ្លាញ ។ អ្នកអាចមានបាប ។ អ្នកអាចភ័យខ្លាច មានកំហឹង ទុក្ខព្រួយ ឬមានទុក្ខទោសដោយភាពសង្ស័យ ។ គឺដូចជាអ្នកគង្វាលល្អស្វែងរកចៀមដែលបាត់របស់ទ្រង់ដែរ ប្រសិនបើអ្នកនឹងបើកដួងចិត្តរបស់អ្នកទៅរកព្រះអង្គសង្គ្រោះនៃពិភពលោក នោះទ្រង់នឹងរកអ្នកឃើញ ។
ទ្រង់នឹងសង្គ្រោះអ្នក ។
ទ្រង់នឹងលើកអ្នកឡើង ហើយលីអ្នកនៅលើស្មាទ្រង់ ។
ទ្រង់នឹងនាំអ្នកទៅផ្ទះវិញ ។
ប្រសិនបើស្នាដៃមនុស្សធម្មតាអាចផ្លាស់ប្តូរធូលីផេះផង់ ទៅជាដំណាក់នៃការថ្វាយបង្គំដ៏ស្រស់ស្អាត នោះយើងអាចមានការជឿជាក់ និងទុកចិត្តថា ព្រះវរបិតាសួគ៌ជាទីស្រឡាញ់របស់យើងអាច ហើយទ្រង់នឹងស្ថាបនាយើងឡើង ។ ផែនការរបស់ទ្រង់គឺស្ថាបនាយើងទៅរកអ្វីដែលអស្ចារ្យជាងខ្លួនយើង—អស្ចារ្យជាងអ្វីដែលយើងអាចស្រមៃដល់ ។ ដោយជំហាននីមួយៗនៃសេចក្តីជំនឿនៅលើផ្លូវនៃភាពជាសិស្ស នោះយើងអាចរីកចម្រើនឆ្ពោះទៅរកភាពរុងរឿងអស់កល្បជានិច្ច និងក្តីរីករាយដ៏គ្មានទីបញ្ចប់ ដែលយើងត្រូវបានរៀបចំរចនាឲ្យប្រែក្លាយដូចនោះ ។
នេះគឺជាទីបន្ទាល់ ពរជ័យ និងការអធិស្ឋានដ៏រាបសារបស់ខ្ញុំនៅក្នុងព្រះនាមដ៏ពិសិដ្ឋនៃលោកចៅហ្វាយរបស់យើង ក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។
© ២០១៦ ដោយ Intellectual Reserve, Inc ។ All rights reserved ។ បោះពុម្ពនៅ ស.រ.អា. ។ អនុមតិជាភាសាអង់គ្លេស ៖ ៦/១៥ ។ អនុមតិការបកប្រែ ៖ ៦/១៥ ។ ការបកប្រែនៃVisiting Teaching Message May 2016 ។Cambodian ។12865 258