ឆ្នាំ​២០១៦
ការដឹងគុណ​នៅ​ថ្ងៃ​ឈប់សម្រាក
វិច្ឆិកា 2016


សារលិខិត​គណៈ​ប្រធាន​ទី​មួយ ខែ វិច្ឆិកា ឆ្នាំ ២០១៦

ការដឹងគុណ​នៅ​ថ្ងៃ​ឈប់សម្រាក

ចំពោះ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ថ្ងៃ​ឈប់​សម្រាក គឺជា​ថ្ងៃ​មួយ​នៃ​ការ​ដឹង​គុណ និង សេចក្ដីស្រឡាញ់ ។

បងប្អូនប្រុសស្រី​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​ដែលរស់នៅ​ពាសពេញ​ពិភពលោក​នៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​អើយ ខ្ញុំ​មាន​អំណរគុណ​ដែល​ប្រធាន ថូម៉ាស អេស ម៉នសុន បាន​ស្នើ​ឲ្យ​ខ្ញុំ​ថ្លែង​នៅ​ក្នុង​សន្និសីទ​នៅ​ថ្ងៃ​ឈប់សម្រាក​នេះ ។ ខ្ញុំ​សូម​អធិស្ឋាន​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​នាំ​ពាក្យ​សម្ដី​ខ្ញុំ​ចូល​ទៅ​ក្នុង​ដួង​ចិត្ត​របស់​បងប្អូន ។

នៅ​ថ្ងៃ​នេះ ខ្ញុំ​ចង់​និយាយ​អំពី​អារម្មណ៍​នៅ​ក្នុង​ដួង​ចិត្ត ។ រឿង​មួយ​ដែល​ខ្ញុំ​ផ្ដោត​សំខាន់​នៅ​ថ្ងៃ​នេះ​គឺ​ការ​ដឹង​គុណ—ជា​ពិសេស នៅ​ថ្ងៃ​ឈប់​សម្រាក ។

យើង​មាន​អំណរគុណចំពោះ​រឿង​ជាច្រើន ដូចជា ៖ សណ្ដាន​ចិត្ត​មក​ពី​មនុស្ស​ប្លែក​មុខ​ម្នាក់ មាន​អាហារ​មួយ​ពេល​កាល​យើង​ឃ្លាន មាន​ដំបូល​ផ្ទះ​ជ្រក​កោន​ពេល​មាន​ព្យុះភ្លៀង មាន​ឆ្អឹង​មួយ​ដែល​បាក់​ត្រូវ​បាន​ព្យាបាល និង​សម្រែក​យំ​ដ៏​ខ្លាំង​របស់​ទារក​ទើប​នឹង​កើត ។ យើង​ភាគ​ច្រើន​នឹង​ចងចាំ​ពី​អារម្មណ៍​នៃ​ការដឹងគុណ​ចំពោះ​គ្រា​ទាំងនេះ ។

ចំពោះ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ថ្ងៃ​ឈប់​សម្រាក គឺជា​ថ្ងៃ​មួយ​នៃ​ការដឹងគុណ និង សេចក្ដីស្រឡាញ់ ។ ព្រះអម្ចាស់​បាន​បង្គាប់​ពួក​បរិសុទ្ធ​នៅ​ឃុំ​ចាកសិន រដ្ឋ​មិសសួរី ក្នុង​ឆ្នាំ ១៨៣១ ថា ការអធិស្ឋាន និង​ការអរគុណ​របស់​ពួកគេ​គួរ​សំដៅ​ទៅ​ស្ថានសួគ៌ ។ ពួក​បរិសុទ្ធ​កាល​ពី​មុន​បាន​ទទួល​វិវរណៈ​អំពី​ការ​រក្សា​ថ្ងៃ​ឈប់​សម្រាក និង​របៀប​តម​អាហារ និង​ការ​អធិស្ឋាន ។

ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ប្រាប់​ពួកគេ និងពួកយើង អំពី​របៀប​ថ្វាយ​បង្គំ ហើយ​ថ្លែង​អំណរគុណ​នៅ​ថ្ងៃ​ឈប់​សម្រាក ។ ដូច​ដែល​បងប្អូន​បាន​ដឹង​ហើយ​ថា អ្វី​ដែល​សំខាន់​បំផុត​នោះ​គឺ​សេចក្ដី​ស្រឡាញ់​ដែល​យើង​មាន​ចំពោះអង្គ​ដែល​បាន​ប្រទាន​អំណោយ​ទាន​ទាំងឡាយ ។ នេះ​គឺ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​អំពី​របៀប​ថ្លែង​អំណរ​គុណ និង​របៀប​មាន​សេចក្ដី​ស្រឡាញ់​នៅ​ថ្ងៃ​ឈប់​សម្រាក ៖

« យើង​ប្រទាន​បញ្ញត្តិ​មួយ​ដល់​គេ ដោយ​មាន​បន្ទូល​ថា អ្នក​ត្រូវ​ស្រឡាញ់​ដល់​ព្រះ​អម្ចាស់​ជា​ព្រះ​នៃ​អ្នក​ឲ្យ​អស់​ពី​ចិត្ត​នៃ​អ្នក អស់​ពី​ពលំ អស់​ពី​គំនិត ហើយ​អស់​ពី​កម្លាំង​នៃ​អ្នក ហើយ​ដោយ​នូវ​ព្រះ​នាម​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ នោះ​អ្នក​ត្រូវ​បម្រើ​ទ្រង់។ …

« អ្នក​ត្រូវ​ថ្វាយ​អំណរគុណ​ដល់​ព្រះ​អម្ចាស់​ជា​ព្រះ​នៃ​អ្នក នៅ​គ្រប់​ការណ៍​ទាំងអស់។

« អ្នក​ត្រូវ​ថ្វាយ​ការបូជា​ដល់​ព្រះអម្ចាស់​ជា​ព្រះ​នៃ​អ្នក ដោយ​សេចក្ដីសុចរិត គឺ​ដោយ​ចិត្ត​សង្រេង និង​វិញ្ញាណ​ទន់ទាប » ។

បន្ទាប់​មក ព្រះអម្ចាស់​បាន​បន្ត​ព្រមាន​អំពី​គ្រោះថ្នាក់​មក​ពី​ការដែល​យើង​ខកខាន​នឹង​ថ្លែង​អំណរ​ព្រះគុណ​ដល់​ព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ​ជា​អង្គ​ដែល​ប្រទាន​អំណោយទាន​ទាំងឡាយ ៖ « ហើយ​មនុស្ស​មិន​ដែល​ជំទាស់​ព្រះ​ក្នុង​ការណ៍​ណាមួយ​ឡើយ ឬ​ក៏​សេចក្ដី​ក្រោធ​របស់​ទ្រង់​មិន​ទាស់​នឹង​នរណា​មួយ​ទេ លើក​លែង​តែ​អស់​អ្នក​ណា​ដែល​មិន​ទទួល​ស្គាល់​ព្រះ​ហស្ត​របស់​ទ្រង់​ក្នុង​គ្រប់​ទាំង​អស់ ហើយ​មិន​គោរព​តាម​ព្រះ​បញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់​ប៉ុណ្ណោះ » ។

បងប្អូន​ជាច្រើន​ដែល​កំពុង​ស្ដាប់ ធ្លាប់​មាន​នូវ​អំណរ​ក្នុង​ថ្ងៃ​ឈប់​សម្រាក ថា​ជា​ថ្ងៃ​ចងចាំ ហើយ​បាន​ថ្លែង​អំណរគុណ​ចំពោះ​ព្រះ​សម្រាប់​ពរជ័យ​នានា​រួច​ទៅ​ហើយ ។ បងប្អូន​ចាំ​ពី​ចម្រៀង​ស្រដៀង​គ្នា​នេះ​ថា

កាល​ណាទុក្ខ​លំបាក​សង្កត់​ជា​ខ្លាំង​ពន់​ពេក

ហើយ​មើល​ទៅ​ទាំង​អស់​ខូច​ខាត​គួរ​មាន​សង្វេគ

ចូរ​រាប់​ព្រះពរ​ទ្រង់​ផ្ដល់​រាប់​មួយ​ម្ដង​មួយ​ម្ដង

នោះ​នឹង​នឹក​អរ​ឡើង​ដោយ​ឃើញ​ព្រះគុណ​ព្រះអង្គ ។

ចូរ​រាប់​ព្រះពរ

ដោយ​រ៉ាយ​រ៉ាប់​មួយ​ម្ដង

ចូរ​រាប់​ព្រះពរ

នឹក​ពី​គុណ​ព្រះអង្គ ។ …

តើ​មាន​បន្ទុក​ធ្ងន់​ដោយ​កង្វល់​ហួស​ប្រមាណ ?

តើ​ឈើ​ឆ្កាង​សង្កត់​លើ​អ្នក​ចិត្ត​មិន​ចេះ​ក្សាន្ត ?

ចូរ​រាប់​ព្រះពរ​ទ្រង់​ផ្ដល់​នោះ​នឹង​លែង​សង្ស័យ

ហើយ​នឹង​មាន​បទ​ច្រៀង​សប្បាយ​ក្នុង​ចិត្ត​រាល់​ថ្ងៃ ។

ខ្ញុំ​ទទួល​សំបុត្រ និង​ការ​មក​លេង​ពី​សំណាក់​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ដ៏​ស្មោះ​ត្រង់​ដែល​មាន​បន្ទុកហួស​ប្រមាណ ។ មាន​អ្នក​ខ្លះ​មាន​អារម្មណ៍​ថា ខ្លួន​បាន​បាត់បង់​អ្វីៗ​ទាំងអស់ ។ ខ្ញុំ​សង្ឃឹម ហើយ​អធិស្ឋាន​សូម​ឲ្យ​អ្វី​ដែល​ខ្ញុំ​ថ្លែង​នេះ​នឹង​មាន​ប្រយោជន៍​ដើម្បី​ធ្វើ​ឲ្យ​ការសង្ស័យ​ទាំងឡាយ​រសាយ​បាត់ ហើយ​ចាប់ផ្ដើម​ច្រៀង​ក្នុង​ចិត្ត​របស់​បង​ប្អូន ។

ពរជ័យ​មួយ​ដែល​យើង អាច​មាន​អំណរគុណ​គឺ​ថា យើង​បាន​នៅ​ក្នុង​ការប្រជុំ​សាក្រាម៉ង់​នោះ ដោយ​បាន​ជួប​ជុំ​នឹង​ពួកសិស្ស​របស់​ទ្រង់​ច្រើនជាង​ម្នាក់ ឬ​ពីរ​នាក់​នៅ​ក្នុង​ព្រះនាម​ទ្រង់ ។ មាន​អ្នក​ខ្លះ​សម្រាក​នៅ​ផ្ទះ​មិន​អាច​ងើប​ចេញ​ពី​គ្រែ​ខ្លួន​រួច​ឡើយ ។ មាន​អ្នក​ខ្លះ​ចង់​មក​ដូច​ជា​យើង​ដែរ ប៉ុន្តែ​ត្រូវ​ជាប់​បម្រើ​ការងារ​នៅ​មន្ទីរ​ពេទ្យ និង​កំពុង​ការពារ​សុវត្ថិភាព​សាធារណៈ ឬ​កំពុង​តែ​ប្តូរ​ជីវិត​របស់​ពួកគេ​នៅ​លើ​វាលខ្សាច់​ និង​ព្រៃ​ដើម្បី​ការពារ​យើង ។ ដោយសារ​តែ​យើង​អាច​ចូលរួម​ជាមួយ​នឹង​ពួក​បរិសុទ្ធ​ផ្សេង​ទៀត ហើយ​ទទួល​ទាន​សាក្រាម៉ង់ នោះ​វា​នឹង​ជួយ​យើង​ឲ្យ​ចាប់ផ្ដើម​មាន​អំណរគុណ និង​សេចក្ដីស្រឡាញ់​ចំពោះ​ព្រះទ័យ​សប្បុរស​របស់​ព្រះ ។

ដោយសារ​តែ​ព្យាការី យ៉ូសែប ស្ម៊ីធ និង​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ ជា​ពរជ័យ​មួយ​ទៀត​ដែល​យើង​អាច​រាប់​គឺថា យើង​មាន​ឱកាស​ទទួលទាន​សាក្រាម៉ង់​រាល់​សប្ដាហ៍—ដែល​បាន​រៀបចំ ប្រសិទ្ធពរ ហើយ​ចែក​ដោយ​ពួក​អ្នក​បម្រើ​ដែល​មាន​សិទ្ធិ​អំណាច​របស់​ព្រះ ។ យើង​អាច​មាន​អំណរគុណ​បាន កាល​ព្រះវិញ្ញាណ​បរិសុទ្ធ​បញ្ជាក់​ដល់​យើង​ថា ពាក្យ​អធិស្ឋាន​សម្រាប់​សាក្រាម៉ង់ ដែល​បាន​ធ្វើ​ឡើង​ដោយ​ពួក​អ្នក​កាន់​បព្វជិតភាព​ដ៏​មាន​សិទ្ធិអំណាច គឺ​ត្រូវ​បាន​ព្រះវរបិតាសួគ៌​ទទួល​យកដោយ​ថ្លៃ​ថ្នូរ ។

រាល់​ពរជ័យ​ទាំងអស់ ពរជ័យ​ដែល​ធំ​ជាង​គេ​បំផុត​គឺ​ជា​អារម្មណ៍​នៃ​ការ​អភ័យទោស​ដែល​កើត​មាន នៅ​ពេល​យើង​ទទួល​សាក្រាម៉ង់ ។ យើង​នឹង​ទទួល​អារម្មណ៍​​សេចក្ដីស្រឡាញ់ និង​ការដឹងគុណ​កាន់តែ​ច្រើន​ចំពោះ​ព្រះអង្គ​សង្គ្រោះ ដែល​ការបូជា​របស់​ទ្រង់​ធ្វើ​ឲ្យ​យើង​អាច​ជ្រះ​ស្អាត​ពី​អំពើបាប ។ ពេល​យើង​ទទួល​ទាន​នំប៉័ង និង​ទឹក យើង​ចងចាំ​ថា ទ្រង់​បាន​រងទុក្ខ​ជំនួស​យើង ។ ហើយ​ពេល​យើង​មាន​អំណរគុណចំពោះ​អ្វី​ដែល​ទ្រង់​បាន​ធ្វើ​ចំពោះ​យើង នោះ​យើង​នឹង​ទទួលបាន​សេចក្ដីស្រឡាញ់​របស់​ទ្រង់​មាន​ចំពោះ​យើង ហើយ​យើង​ក៏​ស្រឡាញ់​ទ្រង់​ដែរ ។

ពរជ័យ​នៃ​សេចក្ដីស្រឡាញ់​ដែល​យើង​ទទួល​បាន​នឹង​ជួយ​យើង​ឲ្យ​កាន់តែ​ងាយ​គោរព​តាម​ព្រះបញ្ញត្តិ​ដើម្បី « ចងចាំ​ទ្រង់​ជានិច្ច » ។ បងប្អូន​ថែមទាំង​មាន​សេចក្ដីស្រឡាញ់ និង​ការដឹងគុណ​ចំពោះ​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​ព្រះ​វរបិតា​បាន​សន្យា​ថា នឹង​គង់​នៅ​ជាមួយ​នឹង​យើងជានិច្ច កាល​ណា​យើង​បន្ត​ស្មោះ​ត្រង់​ចំពោះ​សេចក្ដី​សញ្ញា​របស់​យើង ។ យើង​អាច​រាប់​ពរជ័យ​ទាំងនោះ​នៅ​រាល់​ថ្ងៃអាទិត្យ ហើយ​មាន​នូវ​ការដឹងគុណ ។

ថ្ងៃ​ឈប់​សម្រាក​គឺជា​ពេល​ដ៏​ល្អ​ឥត​ខ្ចោះ​មួយ​ដើម្បី​ចងចាំ​សេចក្ដី​សញ្ញា​ដែលយើង​បាន​ធ្វើ​នៅ​ពេល​ជ្រមុជទឹក ថា​នឹង​ស្រឡាញ់ ហើយ​បម្រើ​កូនចៅ​របស់​ព្រះវរបិតាសួគ៌ ។ ការបំពេញ​ការសន្យា​នោះ​នៅ​ថ្ងៃ​ឈប់​សម្រាក នឹង​រាប់​បញ្ចូល​ទាំង​ការចូលរួម​ក្នុង​ថ្នាក់ ឬ​កូរ៉ុម​មួយ ដោយ​អស់​ពី​ចិត្ត ដើម្បី​ស្ថាបនា​សេចក្ដី​ជំនឿ និង​សេចក្ដីស្រឡាញ់​ចំពោះ​បងប្អូន​ប្រុស​ស្រី​របស់​យើង​ដែល​បាន​ចូល​រួម​ជាមួយ​គ្នា​នោះ ។ ការសន្យា​នោះ​នឹង​រាប់​បញ្ចូល​ទាំង​ការ​បំពេញ​ការហៅ​របស់​យើង​ដោ​យ​រីករាយ​ផង​ដែរ ។

ខ្ញុំ​មាន​អំណរគុណ​ចំពោះ​ថ្ងៃ​អាទិត្យ​ជា​ច្រើន​ដែល​ខ្ញុំ​បាន​បង្រៀន​កូរ៉ុម​ឌីកុន​មួយ​នៅ​ក្នុង​ទីក្រុង​បោនទីហ្វុល រដ្ឋ​យូថាហ៍ ក៏​ដូចជា​ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ​មួយ​នៅ​រដ្ឋ​អៃ​ដាហូ​ដែរ ។ ហើយ​ខ្ញុំ​ចងចាំ​ពី​គ្រា​ដែល​ខ្ញុំ​បម្រើ​ជា​ជំនួយការ​ភរិយា​ខ្ញុំ​នៅ​ក្នុង​ថ្នាក់​ទារក​ដ្ឋាន ដែល​ការងារ​ចម្បង​របស់​ខ្ញុំ​គឺ ចែក ហើយ ប្រមូល​របស់​ក្មេង​លេង ។

វាកន្លង​ទៅអស់​​រយៈពេល​ជាច្រើន​ឆ្នាំ​ពី​មុន​ខ្ញុំ​បាន​ដឹង​តាម​រយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ​ថា ការ​បម្រើ​ដ៏​សាមញ្ញ​របស់​ខ្ញុំចំពោះ​ព្រះអម្ចាស់​​មាន​សារៈ​សំខាន់​នៅ​ក្នុង​ជីវិត​របស់​កូនចៅ​នៃ​ព្រះ​វរបិតា​សួគ៌ ។ ខ្ញុំ​ភ្ញាក់ផ្អើល​ដែល​ពួក​គេ​មួយ​ចំនួន​បាន​ចងចាំ ហើយ​អរគុណ​ខ្ញុំ​ដែល​បាន​បម្រើ​ពួកគេជំនួស​ព្រះអម្ចាស់​នៅ​ថ្ងៃឈប់​សម្រាក​ទាំងនោះ ។

ពេលខ្លះ ដោយសារ​យើង​មើល​មិន​ឃើញ​ពី​លទ្ធផល​នៃ​ការ​បម្រើ​របស់​យើង​នៅ​ថ្ងៃ​ឈប់​សម្រាក នោះ​យើង​ក៏​ប្រហែល​ជា​មើល​មិន​ឃើញ​ពី​លទ្ធផល​ដ៏​ធំ​មក​ពី​ពួក​អ្នក​បម្រើ​ផ្សេង​ទៀត​របស់​ព្រះអម្ចាស់​ដែរ ។ ប៉ុន្តែ​ព្រះអម្ចាស់​កំពុង​ស្ថាបនា​នគរ​ទ្រង់​ដោយ​ស្ងៀមស្ងាត់ តាមរយៈ​ពួក​អ្នក​បម្រើ​ដ៏​ស្មោះត្រង់ ហើយរាបសា ហើយ​ពុំ​សូវ​បាន​ការ​សរសើរ តែ​​ឆ្ពោះ​ទៅ​អនាគត នា​គ្រា​សហសវត្សរ៍​ដ៏​រុង​រឿង​របស់​នគរ​នេះ ។ វា​ត្រូវការ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដើម្បី​មើល​ឃើញ​ភាព​អស្ចារ្យ​នោះ ។

ខ្ញុំ​បាន​ធំ​ឡើង​ចូលរួម​ការ​ប្រជុំ​សាក្រាម៉ង់​នៅ​ក្នុង​សាខា​មួយ​តូច​នៅ​ញ៉ូវជើស៊ី ដែល​មាន​សមាជិកតែ​​ពីរ​បី​នាក់ និង​គ្រួសារ​មួយ គឺ​គ្រួសារ​របស់​ខ្ញុំ ។ កាល​ពី​ចិតសិបប្រាំ​ឆ្នាំ​មុន ខ្ញុំ​បាន​ជ្រមុជទឹក​នៅ​ហ្វីឡាឌេហ្វៀ​ក្នុង​អគារ​សាសនាចក្រ​តែ​មួយគត់​ដែល​យើង​អាច​ទៅ​នៅ​រដ្ឋ​ផេនស៊ីលវ៉េនញ៉ា ឬ​រដ្ឋ​ញ៉ូវជើស៊ី ។ ប៉ុន្តែ​កន្លែង​ដែល​មាន​សាខា​តូច​មួយ​នៅ​ព្រីស្ទុន រដ្ឋ​ញ៉ូវ​ជើស៊ី នា​ពេល​នោះ ឥឡូវ​នេះ​មាន​វួដ​ពីរ​ធំៗ ។ ហើយ​ប៉ុន្មាន​ថ្ងៃ​មុន​នេះ មាន​យុវវ័យ​រាប់​ពាន់​នាក់​បាន​ធ្វើ​ការ​អបអរ​មួយ​សម្រាប់​ការ​ចាប់​ផ្ដើម​ការ​ឧទ្ទិស​ឆ្លង​ព្រះវិហារ​បរិសុទ្ធ​ហ្វីឡាឌេលហ្វា ផេនស៊ីលវេនញ៉ា ។

កាល​នៅ​ជា​យុវជន ខ្ញុំ​ត្រូវ​បាន​ហៅ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ប្រចាំ​មណ្ឌល​ ជា​កន្លែង​ដែល​យើង​បាន​ថ្វាយ​បង្គំ​នៅ​ថ្ងៃ​អាទិត្យ​នៅ​ក្នុង​សាលា​ប្រជុំ​តែ​មួយគត់​នៅ​ទី​ក្រុង​អាល់ប៊ូឃើគ ញ៉ូវ​ម៉ិកស៊ិកកូ ។ នៅ​សព្វថ្ងៃ​នេះ មាន​ព្រះវិហារ​បរិសុទ្ធ​មួយ និង​ស្តេកចំ​នួន​បួន ។

ខ្ញុំ​បាន​ចេញ​ពី​ទី​ក្រុង​អាល់ប៊ូឃើគ​ទៅ​សាលារៀន​នៅ​ខេម​ប្រ៊ីជ រដ្ឋ​ម៉ាស្សាជូ​សេត ។ កាល​នោះ​មាន សាលាប្រជុំ​មួយ និង​មណ្ឌល​មួយ​តែ​ប៉ុណ្ណោះ​នៅ​រដ្ឋម៉ាស្សាជូសេត​ និង​រ៉ូដអៃឡិន​ទាំងមូល ។ ខ្ញុំ​បាន​បើក​រថយន្ត ទៅ​ការ​ប្រជុំ​សាក្រាម៉ង់​នៅ​ក្នុង​សាខា​តូចៗ​ដោយ​ឆ្លង​កាត់​កូនភ្នំ​នៃ​តំបន់​ដ៏​ស្រស់​ស្អាត​នោះ ​អគារ​ទាំងនោះ​ ភាគច្រើនជា​អគារ​ជួល ឬ​ផ្ទះ​តូច​ៗ​ដែល​បាន​កែ​លម្អ ។ សព្វ​ថ្ងៃ​នេះ​មាន​ព្រះវិហារ​បរិសុទ្ធ​ដ៏​ពិសិដ្ឋ​មួយ​របស់​ព្រះ​នៅ​ទីក្រុង ប៊េលម៉ុន រដ្ឋ រដ្ឋម៉ាស្សាជូសេត និង​ស្ដេក​ជាច្រើន​នៅ​ពាសពេញ​តំបន់​ជនបទ​នោះ ។

អ្វី​ដែល​ខ្ញុំ​ពុំ​បាន​មើល​ឃើញ​ច្បាស់​នៅ​ពេល​នោះ​គឺ​ថា ព្រះអម្ចាស់​បាន​ចាក់​ព្រះវិញ្ញាណ​របស់​ទ្រង់​មក​លើ​មនុស្ស​នៅ​ក្នុង​ការប្រជុំ​តូចៗ​ទាំងនោះ ។ ខ្ញុំ​អាច​មាន​អារម្មណ៍​បែប​ហ្នឹង ប៉ុន្តែ​ខ្ញុំ​មិន​អាច​មើល​ឃើញ​ពី​ទំហំ និង​កាល​វេលា​នៃ​ព្រះទ័យ​របស់​ព្រះអម្ចាស់​ដើម្បី​ស្ថាបនា ហើយ​ធ្វើ​ឲ្យ​នគរ​ទ្រង់​រុងរឿង​ឡើយ ។ តាមរយៈ​វិវរណៈ ព្យាការី​មួយ​រូប​បាន​ឃើញ ហើយ​បាន​កត់ត្រា​នូវ​អ្វី​ដែល​យើង​អាច​ឃើញ​ខ្លួន​យើង ។ នីហ្វៃ​បាន​ពោល​ថា ចំនួន​សរុប​របស់​យើង​នឹង​ពុំ​មែន​ជា​រឿង​អស្ចារ្យ​ឡើយ ប៉ុន្តែ​ពន្លឺ​ដែល​កើន​ឡើង​នឹង​ធ្វើ​ឲ្យ​មាន​ការ​ទាក់​ទាញ ។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ខ្ញុំ​បាន​ឃើញ​សាសនាចក្រ​នៃ​កូន​ចៀម​នៃ​ព្រះ ហើយ​សមាជិក​នៃ​សាសនាចក្រ​មាន​ចំនួន​តិច​ណាស់ ។ …

« ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ខ្ញុំ នីហ្វៃ បាន​ឃើញ​ថា​ព្រះ​ចេស្ដា​នៃ​កូន​ចៀម​នៃ​ព្រះ បាន​យាង​ចុះ​មក​សណ្ឋិត​លើ​ពួក​បរិសុទ្ធ​ក្នុង​សាសនាចក្រ​នៃ​កូន​ចៀម ហើយ​លើ​រាស្ត្រ​ដែល​នៅ​ក្នុង​សេចក្ដី​សញ្ញា​នៃ​ព្រះ​អម្ចាស់ ដែល​បាន​ខ្ចាត់ខ្ចាយ​ពាសពេញ​លើ​ផ្ទៃ​ផែនដី ហើយ​ពួក​គេ​ប្រដាប់​អាវុធ​ដោយ​សេចក្ដី​សុចរិត និង​ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ ដោយ​សិរី​ល្អ​ដ៏​អស្ចារ្យ » ។

នៅ​គ្រា​កាន់​កាប់​ត្រួត​ត្រានេះ ការ​រៀបរាប់​ស្រដៀង​គ្នា​មួយ​របស់​ព្យាការី​ស្ដីពី​ស្ថានភាព និង​ឱកាស​នា​ពេល​ខាង​មុខ​របស់​យើង​គឺ​ត្រូវ​បាន​កត់ត្រា​នៅ​ក្នុង​គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៖

« អ្នក​រាល់​គ្នា​ពុំ​ទាន់​យល់​នៅ​ឡើយ​ទេ អំពី​ព្រះ​ពរ​ដ៏​ធំ​ណាស់​ហ្ន៎ ដែល​ព្រះ​វរបិតា​មាន​នៅ​ក្នុង​ព្រះ​ហស្ត​របស់​ទ្រង់ ហើយ​បាន​រៀបចំ​ទុក​សម្រាប់​អ្នក

ហើយ​អ្នក​រាល់​គ្នា​ពុំ​អាច​ទ្រាំ​គ្រប់​ទាំង​អស់​បាន​ឡើយ​នៅ​ពេល​នេះ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ចូរ​សង្ឃឹម​ឡើង ដ្បិត​យើង​នឹង​ដឹកនាំ​អ្នក​រាល់​គ្នា ។ នគរ​ជា​របស់​ផង​អ្នក​រាល់​គ្នា ហើយ​ព្រះ​ពរ​ទាំង​ឡាយ​នៃ​នគរ​ជា​របស់​ផង​អ្នក​រាល់​គ្នា ហើយ​ទ្រព្យសម្បត្តិ​ទាំង​ឡាយ​ខាង​ភាព​អស់​កល្ប​ជានិច្ច​ជា​របស់​ផង​អ្នក​រាល់​គ្នា។

« ហើយ​អ្នក​ណា​ដែល​ទទួល​គ្រប់​ទាំង​អស់​ដោយ ​អំណរ​អរគុណ នោះ​នឹង​ត្រូវ​បាន​ធ្វើ​ឲ្យ​រុងរឿង ហើយ​ការ​ខាង​ផែនដី​នេះ​នឹង​ត្រូវ​បាន​ប្រទាន​ដល់​អ្នក​នោះ​ថែម​ទៀត គឺ​មួយ​រយ​ភាគ​ថែម​ទៀត មែន​ហើយ គឺ​ច្រើន​ជាង​នោះ​ទៅ​ទៀត » ។7

ខ្ញុំ​ទទួល​អារម្មណ៍​ដឹង​ពី​ការ​ផ្លាស់​ប្ដូរ​​រីកចម្រើន​នូវ​​ការដឹង​គុណ​កាន់​តែ​ច្រើន​ឡើង​ចំពោះ​ពរជ័យ និង​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​នៅ​ទូ​ទាំង​សាសនាចក្រ ។ វា​ទំនង​ដូចជា​កំពុង​មាន​ការ​ពន្លឿន​នៅ​ក្នុង​ចំណោម​សមាជិក​សាសនាចក្រ​នៅ​គ្រា និង​ទីកន្លែង​ដែល​មាន​ការ​សាកល្បង​នៃ​សេចក្ដី​ជំនឿ​របស់​ពួកគេ ជា​គ្រា​ដែល​ពួកគេ​ត្រូវ​ទូល​អង្វរ​ព្រះ​សូម​ជំនួយ​ដើម្បី​បន្ត​រស់​នៅ​ទៀត ។

គ្រា​ដែល​យើង​នឹង​ឆ្លង​កាត់ នឹងមាន​នូវ​ការ​សាកល្បង​លំបាកៗ ដូចជា​វា​បាន​កើត​ឡើង​ចំពោះ​ប្រជាជន​អាលម៉ា កាល​នៅ​ក្រោម​ការត្រួតត្រា​របស់​អាមូឡុន​ដ៏​អាក្រក់​ដែល​បានដាក់​បន្ទុក​យ៉ាង​ធ្ងន់​ឲ្យ​ពួកគេ​រែក ៖

« ហើយ​ហេតុការណ៍​បាន​កើតឡើង​ថា សំឡេង​នៃ​ព្រះអម្ចាស់​បន្លឺ​មក​គេ នៅពេល​វេទនា​របស់​គេ​ថា ចូរ​ងើប​ក្បាល​ឡើង ហើយ​ចូរ​ក្សាន្តចិត្ត​ចុះ ព្រោះ​យើង​ដឹង​នូវ​សេចក្ដីសញ្ញា​ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ ជាមួយ​នឹង​យើង ហើយ យើង​នឹង​ធ្វើ​សេចក្ដី​សញ្ញា​ជាមួយ​នឹង​រាស្ត្រ​យើង ហើយ​នឹង​ដោះ​ពួកគេ​ឲ្យ​រួចផុត​ពី​សេវកភាព ។

« ហើយ​យើង​នឹង​សម្រាល​បន្ទុក​ទាំង​ឡាយ​ដែល​ដាក់​នៅ​លើ​ស្មា​អ្នក​ផង ហើយ​សូម្បី តែ​រូប​អ្នក​ក៏​នឹង​មិន​អាច​ចាប់​អារម្មណ៍​ថា មាន​បន្ទុក​ទាំង​នោះ​នៅ​លើ​ខ្នង​អ្នក​ឡើយ ទោះ​នៅ​ពេល​អ្នក​ជាប់​នៅ​ក្នុង​សេវក​ភាព​ក្ដី ហើយ​យើង​នឹង​ធ្វើ​ការ​នេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា អាច​ឈរ​ជា​សាក្សី​ដល់​យើង​ពី​អំណឹះ​ត​ទៅ ហើយ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​ដឹង​ជា​ពិត​ប្រាកដ​ថា យើង​ជា​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ មក​រក​រាស្ត្រ​យើង​ក្នុង​ពេល​គេ​ស្ថិត​ក្នុង​សេចក្ដី​វេទនា ។

« ហើយ​ឥឡូវនេះ ហេតុការណ៍ បាន​កើត​ឡើង​ថា បន្ទុក​ទាំងឡាយ​ដែល​ដាក់​នៅ​លើ​អាលម៉ា និង​បងប្អូន​លោក ត្រូវបាន​សម្រាល​ទៅ មែនហើយ ព្រះអម្ចាស់​ទ្រង់​បាន​ចម្រើន​កម្លាំង​ឲ្យ​គេ ដើម្បី​ឲ្យ​គេ​អាច​ទ្រ​បន្ទុក​ទាំង​ឡាយ​​របស់​គេ​បាន​ងាយ ហើយ​ពួកគេ​បាន​ធ្វើតាម​អស់​ទាំង​ព្រះហឫទ័យ​​នៃ​ព្រះអម្ចាស់ » ។

បងប្អូន និង​ខ្ញុំ​មើល​ឃើញ​ថា ពេល​ណា​យើង​រក្សា​សេចក្ដី​សញ្ញា​យើង​ជាមួយ​នឹង​ព្រះ ជា​ពិសេស​ពេល​មាន​ការ​លំបាក ទ្រង់​បាន​ឮ​ការ​អធិស្ឋាន​នៃ​ការ​ថ្លែង​អំណរគុណ​របស់​យើង​ចំពោះអ្វី​ដែល​ទ្រង់​បាន​ធ្វើ​សម្រាប់​យើង ហើយ​បាន​ឆ្លើយ​ដល់​ការ​អធិស្ឋាន​របស់​យើង​ដោយ​ប្រទាន​កម្លាំង​ដើម្បី​ស៊ូទ្រាំ​ដោយ​ស្មោះត្រង់ ។ ទ្រង់​ធ្លាប់​ធ្វើ​ឲ្យ​យើង​រីករាយ ហើយ​រឹង​មាំ​ជា​ច្រើន​ដង ។

បងប្អូន​អាច​នឹង​ងឿង​ឆ្ងល់​ថា តើ​បង​ប្អូន​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​រស់​នៅ ហើយ​ថ្វាយ​បង្គំ​នៅ​ថ្ងៃ​ឈប់​សម្រាក​នេះ ដើម្បី​បង្ហាញ​ការ​ដឹងគុណ ហើយ​ពង្រឹង​ខ្លួន​ឯង និង​មនុស្ស​ដទៃ​ទៀត​សម្រាប់​ការ​សាកល្បង​ដែល​មាន​នៅ​ខាង​មុខ ។

បងប្អូន​អាច​ចាប់ផ្ដើម​នៅ​ថ្ងៃ​នេះ នូវ​ការ​អធិស្ឋាន​ថ្លែង​អំណរគុណ​ផ្ទាល់​ខ្លួន និង​ជា​គ្រួសារ​ចំពោះ​អ្វីៗ​ដែល​ព្រះ​បាន​ធ្វើ​សម្រាប់​បងប្អូន ។ បងប្អូន​អាច​អធិស្ឋាន​ដើម្បី​ដឹង​នូវ​អ្វី​ដែល​ព្រះអម្ចាស់​ចង់​ឲ្យ​បងប្អូន​ធ្វើ​ដើម្បី​បម្រើ​ទ្រង់ និង​មនុស្ស​ដទៃ​ទៀត ។ ជាពិសេស បងប្អូន​អាច​អធិស្ឋាន​ដើម្បី​មាន​ព្រះវិញ្ញាណ​បរិសុទ្ធ​ប្រាប់​បងប្អូន​ពី​មនុស្ស​ម្នាក់​ដែល​ឯកោ ឬ​ខ្វះខាត​ដែល​ព្រះអម្ចាស់​ចង់​ឲ្យ​បងប្អូន​ទៅ ។

ខ្ញុំ​អាច​សន្យា​នឹង​បងប្អូន​ថា ការ​អធិស្ឋាន​របស់​បងប្អូន​នឹង​បាន​ទទួល​ចម្លើយ ហើយ​នៅ​ពេល​បងប្អូន​ធ្វើ​តាម​ចម្លើយ​ដែល​បងប្អូន​នឹង​ទទួល បងប្អូន​នឹង​រក​ឃើញ​អំណរ​នៅ​ថ្ងៃ​ឈប់​សម្រាក ហើយចិត្ត​បងប្អូន​នឹង​ពោរ​ពេញ​ដោយ​ការ​ដឹងគុណ ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះ​ជា​ព្រះវបិតា​ជ្រាប ហើយ​មាន​ព្រះទ័យ​ស្រឡាញ់​បងប្អូន ។ ព្រះអង្គ​សង្គ្រោះ ជា​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ បាន​ធួន​ជំនួស​អំពើ​បាប​របស់​បងប្អូន ដោយសារ​ទ្រង់​ស្រឡាញ់​បងប្អូន ។ ទ្រង់​ទាំង​ទ្វេ គឺ​ព្រះវរបិតា និង ព្រះរាជបុត្រា ស្គាល់​ឈ្មោះ​របស់​បងប្អូន ដូច​ជា​ទ្រង់​ស្គាល់​ឈ្មោះ​របស់​ព្យាការី​យ៉ូសែប​ដែរ កាល​ទ្រង់​បាន​យាង​មក​ជួប​នឹង​លោក ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា នេះ​គឺជា​សាសនាចក្រ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ថា​ទ្រង់​គោរព​សេចក្ដី​សញ្ញា​ដែល​បងប្អូន​ធ្វើ ហើយ​រំឭក​ជាមួយ​នឹង​ព្រះ ។ លក្ខណៈ​​របស់​បងប្អូន​នឹង​ផ្លាស់​ប្ដូរ ហើយ​ប្រែ​ក្លាយ​កាន់​តែ​ដូច​ព្រះអង្គ​សង្គ្រោះ ។ បងប្អូន​នឹង​មាន​ការ​ការពារ​ពី​ការ​ល្បួង និង​អារម្មណ៍​សង្ស័យ​អំពីសេចក្ដីពិត ។ បងប្អូន​នឹង​មាន​អំណរ​នៅ​ថ្ងៃ​ឈប់​សម្រាក ។ ខ្ញុំ​សូម​សន្យា​ចំពោះ​បងប្អូន នៅ​ក្នុង​ព្រះ​នាម​នៃព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។