សារលិខិតការបង្រៀនសួរសុខទុក្ខខែ វិច្ឆិកា ឆ្នាំ ២០១៦
មាគ៌ាដ៏ឥតខ្ចោះនាំទៅរកសុភមង្គល
ខ្ញុំសូមថ្លែងទីបន្ទាល់អំពីអំណោយដ៏មហិមាដែលជាផែនការរបស់ព្រះវរបិតាសម្រាប់យើង ។ វាគឺជាផ្លូវដ៏ឥតខ្ចោះមួយទៅកាន់ភាពសុខសាន្ដ និងសុភមង្គល ។
បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំ ទាំងនៅក្នុងមជ្ឈមណ្ឌលសន្និសីទនេះ និង នៅទូទាំងពិភពលោក ខ្ញុំមានអំណរគុណចំពោះឱកាសដើម្បីចែកចាយគំនិតខ្ញុំជាមួយនឹងបងប្អូននាព្រឹកនេះ ។
ហាសិបពីរឆ្នាំកន្លងទៅ នៅខែកក្កដា ឆ្នាំ ១៩៦៤ ខ្ញុំមានការចាត់តាំងមួយនៅទីក្រុងនូវយ៉ោក អំឡុងពេលការតាំងពិព័រណ៍ពិភពលោកធ្វើឡើងនៅទីនោះ ។ នាព្រឹកព្រលឹមមួយ ខ្ញុំបានទៅពន្លាក្រុមមរមនក្នុងការតាំងពិព័រណ៍នោះ ។ ខ្ញុំបានមកដល់មុនការចាក់បញ្ចាំងខ្សែភាពយន្ដសាសនាចក្រ ដែលមានចំណងជើងថា ការស្វែងរកសុភមង្គលរបស់មនុស្ស វាបង្ហាញអំពីផែនការនៃសុភមង្គលជារឿងបុរាណរបស់សាសនាចក្រ ។ ខ្ញុំបានអង្គុយនៅជិតយុវជនម្នាក់ដែលមានវ័យប្រហែលជា ៣៥ ឆ្នាំ ។ យើងបាននិយាយគ្នាខ្លះៗ ។ គាត់ពុំមែនជាសមាជិកព្រះវិហារយើងទេ ។ បន្ទាប់មកពន្លឺភ្លើងបានបន្ថយ ហើយខ្សែភាពយន្ដចាប់ផ្តើម ។
យើងបានស្ដាប់សំឡេងរបស់អ្នកអត្ថាធិប្បាយ ពេលគាត់បានចោទសួរសំណួរដ៏សំខាន់ និងជាសាកលដូចនេះ ៖ តើខ្ញុំមកពីណា ? តើហេតុអ្វីបានជាខ្ញុំត្រូវកើតមកលើផែនដីនេះ ? តើខ្ញុំទៅកន្លែងណា ពេលខ្ញុំចាកចេញពីជីវិតនេះ ? គ្រប់ត្រចៀកត្រងត្រាប់ស្ដាប់ចម្លើយ ហើយគ្រប់កែវភ្នែកមើលតម្រង់ចំរូបភាពដែលបានចាក់បញ្ចាំងនោះ ។ មានការពិពណ៌នាអំពីជីវិតមុនជីវិតលើផែនដី ព្រមជាមួយនឹងការពន្យល់អំពីគោលបំណងនៅលើផែនដីរបស់យើងផងដែរ ។ យើងបានធ្វើជាសាក្សីពីការពិពណ៌នាដ៏រំជួលចិត្តនៃការឆ្លងកាត់ពីជីវិតនេះរបស់ជីតាជរាម្នាក់ និងការជួបជុំដ៏រុងរឿងរបស់គាត់ជាមួយនឹងមនុស្សជាទីស្រឡាញ់ដែលបានទៅមុនគាត់នៅក្នុងពិភពវិញ្ញាណ ។
នៅចុងបញ្ចប់នៃការចាក់បញ្ចាំងដ៏ល្អនេះ អំពីផែនការរបស់ព្រះវរបិតាសួគ៌សម្រាប់យើង មនុស្សបានដើរចេញពីបន្ទប់ដោយស្ងាត់ស្ងៀម មនុស្សជាច្រើនបានយំដោយសារតែសារលិខិតនៃខ្សែភាពយន្ដនេះ ។ អ្នកមកទស្សនាវ័យក្មេងដែលអង្គុយនៅជិតខ្ញុំ ពុំបានក្រោកឡើងទេ ។ ខ្ញុំបានសួរគាត់ តើគាត់ពេញចិត្តនឹងការចាក់បញ្ចាំងឬទេ ។ គាត់ឆ្លើយឡើងដោយច្បាស់លាស់ថា « នេះគឺជាសេចក្ដីពិត ! »
ផែនការរបស់ព្រះបិតាសម្រាប់សុភមង្គល និងសេចក្ដីសង្គ្រោះរបស់យើង ត្រូវបានចែកចាយតាមរយៈអ្នកផ្សព្វផ្សាយសាសនារបស់យើងនៅទូទាំងពិភពលោក ។ ពុំមែនមនុស្សគ្រប់រូបដែលបានស្ដាប់ឮសារលិខិតដ៏ទេវភាពនេះ ទទួលយក ហើយជ្រើសរើសធ្វើតាមនោះទេ ។ ទោះជាយ៉ាងណាក៏ដោយ បុរសស្ត្រីនៅគ្រប់ទីកន្លែង ក៏ដូចជាមិត្តវ័យក្មេងរបស់ខ្ញុំនៅក្នុងការតាំងពិព័រណ៍ពិភពលោកក្នុងទីក្រុងនូវយ៉ោក បានទទួលស្គាល់សេចក្ដីពិត ហើយពួកគេបានជ្រើសរើសធ្វើតាមផ្លូវដែលនឹងដឹកនាំពួកគេទៅកាន់គេហដ្ឋានដោយសុវត្ថិភាព ។ ជីវិតរបស់ពួកគេបានផ្លាស់ប្ដូរជារៀងរហូត ។
ផ្នែកសំខាន់នៃផែនការនេះគឺព្រះអង្គសង្គ្រោះរបស់យើង ព្រះយេស៊ូវគ្រីស្ទ ។ បើគ្មានការពលិកម្មធួនរបស់ទ្រង់ទេ នោះមនុស្សទាំងអស់នឹងត្រូវវង្វេង ។ ទោះជាយ៉ាងណា វាពុំគ្រប់គ្រាន់ទេ បើគ្រាន់តែជឿទៅលើទ្រង់ និងបេសកកម្មរបស់ទ្រង់នោះ ។ យើងចាំបាច់ត្រូវធ្វើការ ហើយរៀន ស្រាវជ្រាវ ហើយអធិស្ឋាន ប្រែចិត្ត ហើយកែលម្អ ។ យើងចាំបាច់ត្រូវស្គាល់ក្រឹត្យវិន័យរបស់ព្រះ ហើយរស់នៅតាម ។ យើងចាំបាច់ត្រូវទទួលនូវពិធីបរិសុទ្ធសង្គ្រោះរបស់ទ្រង់ ។ បើគ្រាន់តែធ្វើដូច្នេះ នោះយើងនឹងបានទទួលសុភមង្គលដ៏អស់កល្បជានិច្ចពិត ។
យើងមានពរដែល មាន សេចក្តីពិត ។ យើងមានកាតព្វកិច្ចដើម្បី ចែកចាយ សេចក្តីពិត ។ ចូរយើង រស់នៅ តាមសេចក្ដីពិតដើម្បីយើងអាចទទួលបាននូវអ្វីៗទាំងអស់ដែលព្រះវរបិតាមានសម្រាប់យើង ។ ទ្រង់ពុំធ្វើអ្វីក្រៅពីដើម្បីជាប្រយោជន៍របស់យើងនោះទេ ។ ទ្រង់មានបន្ទូលមកយើងថា « ដ្បិតមើលចុះ នេះហើយជាកិច្ចការរបស់យើង និង សិរីល្អបស់យើង—គឺដើម្បីនាំឲ្យមានអមតភាព និង ជីវិតដ៏នៅអស់កល្បជានិច្ចដល់មនុស្ស » ។១
ខ្ញុំសូមថ្លែងទីបន្ទាល់អំពីអំណោយដ៏មហិមាដែលជាផែនការរបស់ព្រះបិតាសម្រាប់យើង ដោយអស់ពីជម្រៅនៃព្រលឹងរបស់ខ្ញុំ និងដោយរាបសារបំផុត ។ វាគឺជាផ្លូវមួយដ៏ឥតខ្ចោះទៅកាន់ភាពសុខសាន្ដ និងសុភមង្គល ទាំងនៅទីនេះ និងនៅក្នុងបរលោកនាយ ។
បងប្អូនប្រុសស្រីរបស់ខ្ញុំអើយ ខ្ញុំសូមបន្សល់ទុកនូវសេចក្ដីស្រឡាញ់ និងពរជ័យរបស់ខ្ញុំនៅនឹងបងប្អូនរាល់គ្នា នៅពេលខ្ញុំបញ្ចប់ការណ៍នេះ នៅក្នុងព្រះនាមនៃព្រះអង្គសង្គ្រោះ និងព្រះប្រោសលោះរបស់យើង ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។
© 2016 by Intellectual Reserve, Inc. All rights reserved. បោះពុម្ពនៅ ស.រ.អា. ។ អនុមតិជាភាសាអង់គ្លេស ៖ ៦/១6 ។ អនុមតិការបកប្រែ ៖ ៦/១6 ។ ការបកប្រែនៃ Visiting Teaching Message, November 2016 ។ Cambodian ។ 12871 258