២០២២
សេចក្ដី​សញ្ញា​ដ៏​នៅ​អស់កល្ប​អស់កាល​ជានិច្ច
ខែ តុលា ឆ្នាំ ២០២២


« សេចក្ដី​សញ្ញា​ដ៏​នៅ​អស់កល្ប​អស់កាល​ជានិច្ច » លីអាហូណា ខែ តុលា ឆ្នាំ ២០២២ ។

សារលិខិត លីអាហូណា ប្រចាំខែ តុលា ឆ្នាំ ២០២២

សេចក្តីសញ្ញាដ៏​នៅ​អស់កល្ប​អស់កាល​ជានិច្ច

អស់​អ្នក​ទាំងឡាយ​ណា​ដែល​បាន​ចុះ​សេចក្តី​សញ្ញា​ជាមួយ​ព្រះ អាច​ទទួល​បាន​សេចក្តី​ស្រឡាញ់ និង​សេចក្តី​មេត្តាករុណា​ដ៏​ពិសេស ។

រូបភាព​ព្រះយេស៊ូវ​គ្រីស្ទ

ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ ដោយ ឌេល ផាសិន

នៅ​ក្នុង​ពិភពលោក​នេះ​ដែល​ហែកហួរ​ដោយ​សង្គ្រាម និង​ពាក្យ​ចចាមអារ៉ាម​ពី​សង្រ្គាម នោះ​តម្រូវការ​ដើម្បី​ទទួល​សេចក្តីពិត ពន្លឺ និង​សេចក្តីស្រឡាញ់​ដ៏បរិសុទ្ធ​របស់​ព្រះយេស៊ូវគ្រីស្ទ គឺ​កាន់តែ​មាន​ច្រើន​ជាង​ពេលណាៗ​ទាំងអស់ ។ ដំណឹង​ល្អ​របស់​ព្រះគ្រីស្ទ​គឺ​រុងរឿង ហើយ​យើង​មាន​ពរ​ដែល​បាន​សិក្សា ហើយ​រស់នៅ​តាម​សិក្ខាបទ​នៃ​ដំណឹងល្អ​នេះ ។ យើង​រីករាយ​ដែល​មាន​ឱកាស​ក្នុង​ការចែកចាយ​ដំណឹងល្អ​នេះ—ដើម្បី​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត​នៃ​ដំណឹងល្អ​នេះ​នៅ​គ្រប់​ទីកន្លែង​ដែល​យើង​ទៅ ។

ខ្ញុំ​បាន​និយាយ​ជា​ញឹកញាប់​អំពី​សារៈសំខាន់​នៃ​សេចក្ដីសញ្ញា​អ័ប្រាហាំ និង​ការប្រមូល​ផ្ដុំ​អ៊ីស្រាអែល ។ នៅពេល​យើង​ឱបក្រសោប​ដំណឹងល្អ​នេះ ហើយ​បាន​ទទួល​បុណ្យជ្រមុជទឹក នោះ​យើង​លើកដាក់​លើខ្លួន​យើង​នូវ​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ។ ពិធីបុណ្យជ្រមុជទឹក​គឺជា​ទ្វារ​ដែល​នាំ​ទៅរក ការក្លាយ​ជា​អ្នកស្នង​មរតក​រួមគ្នា​ចំពោះ​សេចក្តី​សន្យា​ទាំងអស់ ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ពីបុរាណ​ដល់​អ័ប្រាហាំ អ៊ីសាក យ៉ាកុប និង​កូនចៅ​របស់​ពួកលោក ។

« សេចក្ដី​សញ្ញា​ថ្មី ហើយ​អស់​កល្ប​អស់​កាល​ជានិច្ច »គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៣២:៦ ) និង​សេចក្តី​សញ្ញា​អ័ប្រាហាំ​គឺ​ចាំបាច់ដូចគ្នា—របៀប​ពីរ​យ៉ាង​នៃ​ការនិយាយ​អំពី​សេចក្ដី​សញ្ញា​ដែល​ព្រះ​បាន​ធ្វើ​ជាមួយ​នឹង​បុរស ហើយនិង​ស្ត្រី​ក្នុង​ជីវិត​រមែង​ស្លាប់​នៅ​ពេល​ផ្សេង​គ្នា ។

និតិវិធី​នៃ អស់កល្ប​អស់កាល​ជានិច្ច បង្ហាញថា សេចក្តី​សញ្ញា​នេះ​មាន​តាំង​ពីមុន​មាន​ពិភពលោក​នេះ​មក​ម្ល៉េះ ! ផែនការ​នេះ​បាន​ដាក់​ចេញ នៅក្នុង​ក្រុមប្រឹក្សា​ដ៏​ធំ​នៅ​ឯ​ស្ថានសួគ៌​ដែល​បាន​រួមបញ្ចូល​ទាំង​ការដឹង​ច្បាស់ថា យើង​ទាំងអស់​គ្នា​នឹង​ត្រូវ​កាត់ចេញ​ពី​វត្តមាន​របស់​ព្រះ ។ ទោះជា​យ៉ាងណា ព្រះ​បាន​សន្យា​ថា ទ្រង់​នឹង​ប្រទាន​ព្រះអង្គ​សង្រ្គោះ​ដែល​ទ្រង់​នឹង​យក​ឈ្នះ​លើ​ផល​នៃ​ការធ្លាក់ ។ ព្រះ​បាន​មាន​បន្ទូល​ប្រាប់ អ័ដាម​បន្ទាប់ពី​ពិធី​ជ្រមុជទឹក​របស់​លោក​ថា ៖

« ហើយ​អ្នក​នៅ​តាម​របៀប​នៃ​ទ្រង់​ដែល​គ្មាន​ថ្ងៃ​ចាប់​ផ្ដើម ឬ​ឆ្នាំ​បញ្ចប់​ឡើយ គឺ​ពី​អស់​ទាំង​ភាព​អស់​កល្ប​ទៅ​អស់​ទាំង​ភាព​អស់​កល្ប​ជានិច្ច ។

មើល​ចុះ អ្នក​ក្លាយ​ទៅ​តែ​មួយ​ក្នុង​យើង​គឺជា​កូន​នៃ​ព្រះ ហើយ​ដូច្នេះ ទើប​មនុស្ស​ទាំង​អស់​អា​ច​ក្លាយ​ទៅ​ជា​កូន​របស់​យើង​បាន » ( ម៉ូសេ ៦:៦៧–៦៨ ) ។

លោក​អ័ដាម និង​អេវ៉ា​បាន​ទទួល​យក​ពិធីបរិសុទ្ធ​នៃ​ពិធី​បុណ្យ​ជ្រមុជទឹក ហើយ​បាន​ចាប់ផ្តើម​ដំណើរការ​នៃ​ការរួបរួម​ជាមួយ​ព្រះ ។ ពួកលោក​បាន​ចូល​លើ​ផ្លូវ​នៃ​សេចក្តី​សញ្ញា ។

នៅពេល​បងប្អូន និង​ខ្ញុំ​ចូលនៅលើ​ផ្លូវ​នោះ យើង​ក៏​មាន​គន្លង​នៃ​ជីវិត​ថ្មី ។ ដោយហេតុនេះ យើង​បង្កើត​ទំនាក់ទំនង​ជាមួយ​ព្រះ ដែល​ទុក​ឲ្យ​ទ្រង់​ប្រទានពរ និង​ផ្លាស់ប្តូរ​យើង ។ ផ្លូវ​នៃ​សេចក្តី​សញ្ញា​នេះ​នាំយើង​ទៅរក​ទ្រង់​វិញ ។ ប្រសិនបើ​យើង​ទុក​ឲ្យ​ព្រះ​ឈ្នះ​នៅក្នុង​ជីវិត​របស់​យើង សេចក្តីសញ្ញា​នោះ​នឹង​ដឹកនាំ​យើង​ឲ្យ​ទៅ​កាន់តែ​ជិត​ទ្រង់ ។ សេចក្តី​សញ្ញា​ទាំងអស់​គឺ​ក្នុង​គោលបំណង​ចងភ្ជាប់ ។ សេចក្តី​សញ្ញា​ទាំង​នោះ​បង្កើត​ទំនាក់ទំនង​មួយ​ដែល​ចង​ភ្ជាប់​ដល់​អស់កល្បអស់កាល​ជានិច្ច ។

សេចក្តី​ស្រឡាញ់ និង​សេចក្តីមេត្តាករុណា​ដ៏​ពិសេស​មួយ

ពេលយើង​ចុះ​សេចក្តី​សញ្ញា​ជាមួយ​ព្រះ នោះ​យើង​ពុំ​នៅ​លើ​ដី​អព្យាក្រឹត​ទៀតឡើយ ។ ព្រះ​នឹង​មិន​បោះបង់​ចោល​ទំនាក់​ទំនង​របស់​ទ្រង់​ជា​មួយ​អស់​អ្នក​ដែល​បាន​បង្កើត​ចំណងមិត្តភាព​បែប​នោះ​ជា​មួយទ្រង់​ឡើយ ។ តាមពិត អស់​អ្នក​ទាំងឡាយ​ណា​ដែល​បាន​ចុះ​សេចក្តី​សញ្ញា​ជាមួយ​ព្រះ អាច​ទទួល​បាន​សេចក្តី​ស្រឡាញ់ និង​សេចក្តីមេត្តាករុណា​ដ៏​ពិសេស​មួយ ។ នៅក្នុង​ភាសា​ហេព្រើរ សេចក្តី​សញ្ញា​នៃ​សេចក្តី​ស្រឡាញ់​នោះ​គឺ​ត្រូវ​បាន​ហៅ​ថា hesedחֶסֶד ) ។

គ្មាន​ពាក្យ​ណា​ជា​ភាសា​អង់គ្លេស​ណា​ដែល​មាន​ន័យ​ស្មើ​នឹង​ពាក្យ Hesed នេះ​ទេ ។ ពួក​អ្នក​បកប្រែ​កំណែ​ព្រះគម្ពីរ​ប៊ីប​របស់​ស្តេច ជេមស៍ ប្រាកដ​ជា​ជួប​ការលំបាក​ក្នុង​ការផ្តល់​អត្ថន័យ​នៃ​ពាក្យ hesed នេះ​ជា​ភាសា​អង់គ្លេស ។ ជា​ញឹកញាប់​ពួកគេ​ជ្រើសរើស​យក​ពាក្យ « សេចក្តី​សប្បុរស » ។ ការបកប្រែនេះ​ពន្យល់​ន័យ​ពាក្យ hesed បានច្រើន ប៉ុន្តែ​មិន​ទាន់​អស់​ន័យ​ទេ ។ ការបកប្រែ​ផ្សេងទៀត​ក៏​បាន​ផ្តល់​អត្ថន័យ​ដូចជា « សេចក្តីមេត្តា​ករុណា » និង « សេចក្តី​ល្អ » ។ Hesed គឺ​ជា​ពាក្យ​ពិសេស​មួយ​ដែល​ពិពណ៌នា​អំពី​ទំនាក់ទំនង​នៃ​សេចក្តីសញ្ញា ដែល​ភាគី​ទាំង​ពីរ​ត្រូវ​ភ្ជាប់គ្នា​ដើម្បី​មាន​ភក្តីភាព និង​ភាពស្មោះត្រង់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ។

អាពាហ៍​ពិពាហ៍​សេឡេស្ទាល​គឺជា​ចំណង​ទាក់ទង​នៃ​សេចក្តី​សញ្ញា​បែប​នេះ ។ ស្វាមី និង​ភរិយា​បាន​ធ្វើ​សេចក្តី​សញ្ញា​ជាមួយ​ព្រះ និង​ជាមួយគ្នា​ដើម្បី​មាន​ភក្តីភាព និង​ភាពស្មោះត្រង់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ។

Hesed គឺ​ជា​សេចក្ដី​ស្រឡាញ់ និង​សេចក្ដី​មេត្តាករុណា​ដ៏ពិសេស​មួយ​ដែល​ព្រះ​មាន​ព្រះទ័យ និង​សព្វ​ព្រះទ័យ​ប្រទាន​ដល់​អស់​អ្នក​ដែល​បាន​ចុះ​សេចក្ដី​សញ្ញា​ជាមួយ​ទ្រង់ ។ ហើយ​យើងក៏​ឆ្លើយតប​ដោយ hesed វិញ​ចំពោះ​ទ្រង់ ។

គូស្វាមី​ភរិយា​ថ្មីថ្មោង​នៅ​ខាងក្រៅ​ព្រះវិហារ​បរិសុទ្ធ

កាល​បងប្អូន និង​ខ្ញុំ​បាន​ចុះ​សេចក្ដី​សញ្ញា​ជាមួយ​ព្រះ នោះ​ទំនាក់ទំនង​របស់​យើង​ជាមួយ​ទ្រង់ ប្រែកាន់តែ​ជិតស្និទ្ធ​ជាង​ពីមុនសេចក្ដីសញ្ញា​របស់​យើង​ទៅ​ទៀត ។ ឥឡូវយើង​បាន​ចង​ភ្ជាប់​ជាមួយ​គ្នា ។

ថតរូប​ដោយ ជេរី អិល ហ្គេន

ដោយសារ​ព្រះ​មាន hesed ចំពោះ​អ្នក​ដែល​បាន​ចុះ​សេចក្តី​សញ្ញា​ជាមួយ​ទ្រង់ នោះ​ទ្រង់​នឹង​ស្រឡាញ់​ពួកគេ ។ ទ្រង់​នឹង​បន្ត​ធ្វើការ​ជាមួយ​ពួកគេ ហើយ​ប្រទាន​ឱកាស​ឲ្យ​ពួកគេ​ផ្លាស់ប្តូរ ។ ទ្រង់​នឹង​អភ័យទោស​ដល់​ពួកគេ នៅពេល​ពួកគេ​ប្រែចិត្ត ។ ហើយ​នៅពេល​ពួកគេ​វង្វេងផ្លូវ ទ្រង់​នឹង​ជួយ​ពួកគេ​រកផ្លូវ​ត្រឡប់​ទៅកាន់​ទ្រង់​វិញ ។

កាល​បងប្អូន និង​ខ្ញុំ​បាន​ចុះ​សេចក្ដី​សញ្ញា​ជាមួយ​ព្រះ នោះ​ទំនាក់ទំនង​របស់​យើង​ជាមួយ​ទ្រង់ ប្រែកាន់តែ​ជិតស្និទ្ធ​ជាង​ពីមុនសេចក្ដីសញ្ញា​របស់​យើង​ទៅ​ទៀត ។ ឥឡូវយើង​បាន​ចង​ភ្ជាប់​ជាមួយ​គ្នា ។ ដោយសារតែ​សេចក្តី​សញ្ញា​របស់​យើង​ជាមួយ​ព្រះ ទ្រង់​ពុំ​ដែល​នឿយហត់​ក្នុង​កិច្ចខិតខំ​របស់ទ្រង់​ដើម្បី​ជួយ​យើង​ឡើយ ហើយ​យើង​នឹង​មិន​ដែល​ប្រើអស់​ការអត់ធ្មត់​ដ៏​មេត្តា​របស់​ទ្រង់​ជាមួយ​យើង​ដែរ ។ យើង​ម្នាក់ៗ​មាន​កន្លែង​ពិសេស​នៅក្នុង​ព្រះទ័យ​របស់​ព្រះ ។ ទ្រង់​មាន​ក្តីសង្ឃឹម​ដ៏​ធំ​សម្រាប់​យើង ។

បងប្អូន​ដឹង​ពី​ការប្រកាស​ជា​ប្រវត្តិសាស្ត្រ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​ព្យាការី យ៉ូសែប ស្ម៊ីធ ។ វា​ទទួល​បាន​តាម​រយៈ​វិវរណៈ ។ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ទៅ​កាន់​យ៉ូសែប​ថា « សេចក្ដី​សន្យា​នេះ​ក៏​ជា​សេចក្ដី​សន្យា​ដល់​អ្នក​ដែរ ពី​ព្រោះ​អ្នក​រាល់​គ្នា​ជា​ពូជ​ពី​លោក​អ័ប្រាហាំ ហើយ​សេចក្ដី​សន្យា​បាន​ធ្វើ​ដល់​លោក​អ័ប្រាហាំ » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៣២:៣១ ) ។

ដោយហេតុនេះ សេចក្ដីសញ្ញា​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​នេះ​ត្រូវ​បាន​ស្ដារឡើង​វិញ ជា​ផ្នែក​មួយ​នៃ​ការស្ដារឡើង​វិញ​ដ៏​អស្ចារ្យ​នៃ​ដំណឹងល្អ​នៅក្នុង​ភាពពេញលេញ​របស់វា ។ ចូរគិត​ពី​ចំណុច​នេះ ! សេចក្តី​សញ្ញា​នៃ​អាពាហ៍ពិពាហ៍​ដែល​បាន​ធ្វើ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ត្រូវ​បាន​ចងភ្ជាប់​ដោយ​ផ្ទាល់​ទៅ​នឹង​សេចក្តីសញ្ញា​របស់​អ័ប្រាហាំ​នោះ ។ នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​គូស្វាមី​ភរិយា​ត្រូវបាន​ណែនាំ​ឲ្យ​ស្គាល់​ពី​ពរជ័យ ទាំងអស់ ដែល​បាន​រក្សា​ទុក​សម្រាប់​កូនចៅ​របស់​អ័ប្រាហាំ អ៊ីសាក និង​យ៉ាកុប ដែល​ស្មោះ​ត្រង់ ។

ដូច​លោក​អ័ដាម​បាន​ធ្វើ​ដែរ នោះ​បងប្អូន និង​ខ្ញុំ​បាន​ចូលទៅ​ក្នុង​ផ្លូវ​នៃ​សេចក្តី​សញ្ញា​នៃ​ពិធី​បុណ្យជ្រមុជទឹក​ដោយ​ផ្ទាល់ ។ បន្ទាប់មក​យើង​ចូល​ទៅ​ផ្លូវ​នេះ​កាន់តែ​ពេញលេញ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ពរជ័យ​នៃ​សេចក្ដីសញ្ញា​អ័ប្រាហាំ ត្រូវបាន​ផ្ដល់​ឲ្យ​នៅ​ក្នុង​ព្រះវិហារ​ដ៏​បរិសុទ្ធ ។ ក្រោយ​ពី​បាន​រស់ឡើងវិញ ពរជ័យ​ទាំងនេះ​អនុញ្ញាត​ឲ្យ​យើង​បាន « គ្រង​បល្ល័ង្ក​ទាំងឡាយ នគរ​ទាំងឡាយ ក្សត្រ​បុរី​ទាំងឡាយ និង​អំណាច​ទាំងឡាយ អំណាច​គ្រប់គ្រង​ទាំងឡាយ​ដើម្បី​ទៅ​រក ‹ ភាពតម្កើងឡើង និង​សិរីល្អ​ក្នុង​អ្វីៗ​គ្រប់​ទាំងអស់ › [ គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣២:១៩ ] » ។

នៅក្នុង​អត្ថបទ​បញ្ចប់​នៃ​ព្រះ​គម្ពីរ​សញ្ញាចាស់ យើង​អាន​អំពី​ការសន្យា​របស់​ម៉ាឡាគី​ដែល​ថា អេលីយ៉ា​នឹង « បង្វែរ​ចិត្ត​ពួក​ឪពុក​មក​ឯ​កូន និង​ចិត្ត​កូន​មក​ឯ​ឪពុក​វិញ » ( ម៉ាឡាគី ៤:៦ ) ។ អ៊ីស្រាអែល​សម័យ​បុរាណ ការនិយាយ​ពី​ពួកឪពុក នោះ​ក៏​នឹង​រាប់​បញ្ចូល​ទាំង អ័ប្រាហាំ អ៊ីសាក និង យ៉ាកុប ផងដែរ ។ ការសន្យា​នេះ​ត្រូវ​បាន​បញ្ជាក់ នៅពេល​យើង​អាន​កំណែ​ផ្សេង​គ្នា​នៃ​ខគម្ពីរ​នេះ​ដែល មរ៉ូណៃ បាន​ដកស្រង់​ទៅកាន់​ព្យាការី យ៉ូសែប ស្ម៊ីធ ៖ « លោក [ អេលីយ៉ា ] នឹង​ដាក់​នៅ​ក្នុង​ចិត្ត​នៃ​កូនចៅ​នូវ​សេចក្ដី​សន្យា​ដែល​បាន​ធ្វើ​ដល់​ពួក​ឪពុក ហើយ​ចិត្ត​នៃ​កូនចៅ​នឹង​បាន​បង្វែរ​មក​រក​ពួក​ឪពុក​របស់​ពួកគេ​វិញ » ( យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៣៩ ) ។ ពួក​ឪពុក​ទាំងនោះ​ប្រាកដ​ជារាប់​បញ្ចូល​ទាំង អ័ប្រាហាំ អ៊ីសាក និងយ៉ាកុប ដែរ ។​ ( សូម​មើល គោលលទ្ធិ និង សេចក្តីសញ្ញា ២៧:៩–១០ ) ។

រូបភាព​ព្រះយេស៊ូវ​គ្រីស្ទ

អស់​អ្នក​ដែល​ចុះ​សេចក្ដីសញ្ញា​ពិសិដ្ឋ ហើយ​រក្សា​វា​ត្រូវ​បាន​សន្យា​នូវ​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច និង​ភាពតម្កើងឡើង ។ ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​អង្គ​ដែល​ធានា​នូវ​សេចក្តីសញ្ញា​ទាំងនោះ ។

សេចក្ដី​លម្អិត​មកពី ព្រះគ្រីស្ទ និង​កម្លោះ​អ្នកមាន ដោយ ហែនរិច ហូហ្វម៉ាន់

ព្រះយេស៊ូវគ្រីស្ទ ៖ ជាស្នូល​នៃ​សេចក្តី​សញ្ញា​នេះ

ការពលិកម្ម​ដ៏​ធួន​របស់​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ​ឲ្យ​ព្រះវរបិតា​បំពេញ​ការសន្យា​របស់​ទ្រង់​ដែល​បាន​ធ្វើ​ចំពោះ​បុត្រាបុត្រី​របស់​ទ្រង់ ។ ដោយសារ​ព្រះ​យេស៊ូវ​គ្រីស្ទ​គឺជា « ផ្លូវ​ជា​សេចក្តី​ពិត ហើយ​ជា​ជីវិត បើ​មិន​មក​តាម [ ទ្រង់ ] នោះ​គ្មាន​អ្នក​ណា​ទៅ​ឯ​ព្រះ​វរបិតា​បាន​ឡើយ » ( យ៉ូហាន ១៤:៦ ) ។ ការបំពេញ​នៃ​សេចក្តី​សញ្ញា​របស់​អ័ប្រាហាំ​អាច​ធ្វើ​ទៅ​បាន ដោយសារ​ដង្វាយធួន និង ការមាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ ។ ព្រះយេស៊ូវគ្រីស្ទ​ជាស្នូល​នៃ​សេចក្តី​សញ្ញា​នេះ ។

ព្រះគម្ពីរ​សញ្ញា​ចាស់​មិនមែន​គ្រាន់តែ​ជា​ព្រះគម្ពីរ​នោះ​ទេ វា​ក៏​ជា​ព្រះគម្ពីរ​នៃ​ប្រវត្តិសាស្រ្ត​ផងដែរ ។ បងប្អូន​នៅ​ចាំ​ពី​ការអាន​អំពី​អាពាហ៍​ពិពាហ៍​របស់ សារ៉ាយ និង អាប់រ៉ាម ។ ដោយសារ​ពួក​គាត់​គ្មាន​កូន នោះ សារ៉ាយ បាន​ឲ្យ ហាការ ជា​បាវ​បម្រើ​របស់​គាត់​ធ្វើ​ជា​ប្រពន្ធ​របស់​ អ័ប្រាហាំ ផងដែរ ដោយ​ស្របតាម​ការណែនាំ​របស់​ព្រះអម្ចាស់ ។ ហាការ បាន​បង្កើត​បាន អ៊ីសម៉ាអែល ។ អាប់រ៉ាម ស្រឡាញ់ អ៊ីសម៉ាអែល ប៉ុន្តែ​គាត់​មិនមែន​ជា​កូន​ដែល​ស្នង​សេចក្តី​សញ្ញា​នេះ​ទេ ។ ( សូមមើល លោកុប្បត្តិ ១១:២៩–៣០; ១៦:១ , ៣, ១១; គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣២:៣៤ ) ។

ជា​ពរជ័យ​មកពី​ព្រះ និង​ជា​ការ​ឆ្លើយតប​នឹង​សេចក្ដី​ជំនឿ​របស់​សារ៉ាយ  នោះ​គាត់​បាន​មាន​គភ៌​នៅ​វ័យ​ចំណាស់ ដើម្បី​ឲ្យ​បន្ត​សេចក្តី​សញ្ញា​ទៅ​កូនប្រុស​របស់​គាត់​គឺ អ៊ីសាក ( សូមមើល លោកុប្បត្តិ ១៧:១៩ ) ។ គាត់​បាន​កើត​មក​ក្នុង​សេចក្ដីសញ្ញា ។

ព្រះ​បាន​ប្រទាន សារ៉ាយ និង អាប់រ៉ាម នូវ​ឈ្មោះ​ថ្មី—សារ៉ា និង អ័ប្រាហាំ ( សូមមើល លោកុប្បត្តិ ១៧:៥, ១៥ ) ។ ការប្រទាន​ឈ្មោះ​ថ្មី​ទាំងនោះ​បាន​សម្គាល់​ការ​ចាប់​ផ្តើម​ជីវិត​ថ្មី និង​ជោគ​វាសនា​ថ្មី​សម្រាប់​គ្រួសារ​នេះ ។

អ័ប្រាហាំ ស្រឡាញ់​ទាំង អ៊ីសម៉ាអែល និង អ៊ីសាក ។ ព្រះ​បាន​មាន​ព្រះបន្ទូល​ប្រាប់ អ័ប្រាហាំ ថា អ៊ីសម៉ាអែល នឹង​ត្រូវ​បាន​ចម្រើន​ឡើង ហើយ​ក្លាយ​ជា​ប្រជាជន​ដ៏​អស្ចារ្យ ( សូមមើល លោកុប្បត្តិ ១៧:២០ ) ។ ក្នុង​ពេល​ដូចគ្នា​នោះ ព្រះ​បានបញ្ជាក់​យ៉ាង​ច្បាស់​ថា សេចក្ដី​សញ្ញា​ដ៏​នៅ​អស់កល្ប​អស់កាល​ជានិច្ច​នឹង​បង្កើត​ឡើង​តាមរយៈ អ៊ីសាក ( សូមមើល លោក្បុបត្តិ ១៧:១៩ ) ។

អស់​អ្នក​ដែល​ទទួល​យក​ដំណឹង​ល្អ​ក្លាយ​ជា​ផ្នែក​នៃ​ពូជពង្ស​របស់ អ័ប្រាហាំ ។ នៅ​ក្នុង​កាឡាទី យើង​អាន​ថា ៖

« ព្រោះ​អស់​អ្នក​ដែល​បាន​ទទួល​បុណ្យ​ជ្រមុជ​ក្នុង​ព្រះគ្រីស្ទ នោះ​ឈ្មោះ​ថា បាន​ប្រដាប់​កាយ​ដោយ​ព្រះគ្រីស្ទ​ហើយ ។

… អ្នក​រាល់​គ្នា​ទាំង​អស់​រួម​មក​តែ​មួយ នៅ​ក្នុង​ព្រះគ្រីស្ទយេស៊ូវ ។

ហើយ​បើ​អ្នក​រាល់​គ្នា​ជា​របស់​ផង​ព្រះគ្រីស្ទ នោះ​ក៏​ពេញ​ជា​ពូជ​របស់​លោក​អ័ប្រាហាំ ហើយ​ក៏ជា​អ្នក​គ្រង​មរតក​តាម​សេចក្តី​សន្យា​ផង » ( កាឡាទី ៣:២៧–២៩ ) ។

ដូច្នេះហើយ យើង​អាច​ក្លាយ​ជា​អ្នក​ទទួល​មរតក​នៃ​សេចក្តី​សញ្ញា​នេះ​ពី​កំណើត ឬ​ការសូម​មកចិញ្ចឹម ។

មនុស្ស​មូលមី​គ្នា​ចូលរួម​ពិធីបុណ្យ​ជ្រមុជទឹក

ពេលយើង​ចុះ​សេចក្តី​សញ្ញា​ជាមួយ​ព្រះ នោះ​យើង​ពុំ​នៅ​លើ​ដី​អព្យាក្រឹត​ទៀតឡើយ ។ ព្រះ​នឹង​មិន​បោះបង់​ចោល​ទំនាក់​ទំនង​របស់​ទ្រង់​ជា​មួយ​អស់​អ្នក​ដែល​បាន​បង្កើត​ចំណងមិត្តភាព​បែប​នោះ​ជា​មួយទ្រង់​ឡើយ ។

អ៊ីសាក ជា​កូន​ប្រុស​របស់ រេបិកា និង យ៉ាកុប បាន​កើត​នៅ​ក្នុង​សេចក្ដី​សញ្ញា ។ បន្ថែម​ពី​លើ​នោះ គាត់​បានជ្រើសរើស​ចូល​ក្នុង​សេចក្តី​សញ្ញា​របស់​គាត់ ។ ដូចដែល​បងប្អូន​បាន​ដឹង ឈ្មោះ​របស់ យ៉ាកុប បាន​ត្រូវ​ប្តូរ​ទៅជា អ៊ីស្រាអែល ( សូមមើល លោកុប្បត្តិ ៣២:២៨ ) មានន័យ​ថា « ទុក​ឲ្យ​ព្រះ​ឈ្នះ » ឬ « អ្នក​ដែល​ឈ្នះ​ជាមួយ​ព្រះ » ។

នៅក្នុង​និក្ខមនំ​យើង​អាន​ថា « ព្រះ​ក៏​នឹក​ចាំ​ពី​សេចក្ដី​សញ្ញា​ដែល​ទ្រង់​បាន​តាំង​នឹង​អ័ប្រា‌ហាំ នឹង​អ៊ីសាក ហើយ​នឹង​យ៉ាកុប » ( និក្ខមនំ ២:២៤ ) ។ ព្រះ​បាន​ប្រាប់​ដល់​កូនចៅ​នៃ​អ៊ីស្រាអែល​ថា « បើ​ឯង​រាល់​គ្នា​នឹង​ស្តាប់​តាម​យើង​ឥឡូវ ហើយ​កាន់​តាម​សេចក្ដី​សញ្ញា​របស់​យើង នោះ​ឯង​រាល់​គ្នា​នឹង​បាន​ដាច់​ជា​របស់​ផង​យើង » ( និក្ខមនំ ១៩:៥ ) ។

ឃ្លា​ដែល​ថា « បាន​ដាច់​ជា​របស់​ផង​យើង » បាន​បកប្រែ​មកពី​ពាក្យ segullah ភាសា​ហេព្រើរ ដែល​មានន័យ​ថា ទ្រព្យសម្បត្តិ​មាន​តម្លៃ​យ៉ាងខ្លាំង « រតនៈសម្បត្តិ » ។

សៀវភៅ​ចោទិយកថា​រៀបរាប់​ពី​សារៈសំខាន់​នៃ​សេចក្តី​សញ្ញា​នេះ ។ ពួកសាវក​នៃ​គម្ពីរ​សញ្ញាថ្មី​បានដឹង​ពី​សេចក្ដីសញ្ញា​នេះ ។ បន្ទាប់​ពី ពេត្រុស បាន​ព្យាបាល​បុរស​ខ្វិន​ម្នាក់​នៅ​លើ​ជណ្តើរ​នៃ​ព្រះវិហារ​បរិសុទ្ធ​មក លោក​បាន​បង្រៀន​អ្នក​ចាំមើល​អំពី​ព្រះយេស៊ូវ ។ ពេត្រុស បាន​ពោល​ថា « ព្រះ​នៃ​លោក​អ័ប្រា‌ហាំ លោក​អ៊ីសាក នឹង​លោក​យ៉ាកុប ជា​ព្រះ​នៃ​ពួក​ឰយុកោ​យើង​រាល់​គ្នា​ទ្រង់​បាន​ដំកើង​អ្នក​បម្រើ​ទ្រង់​នោះ​គឺ​ព្រះ‌យេស៊ូវ » ( កិច្ចការ ៣:១៣ ) ។

ពេត្រុស បាន​បិទ​សារលិខិត​របស់​លោក​ដោយ​ការប្រាប់​អ្នក​ស្តាប់​របស់​លោក​ថា « អ្នក​រាល់​គ្នា​ជា​ដំណ​វង្ស​នៃ​ពួក​ហោរា នឹង​សេចក្ដី​សញ្ញា ដែល​ព្រះ​បាន​តាំង​នឹង​ពួក​ឰយុកោ​យើង​រាល់​គ្នា ដោយ​មាន​បន្ទូល​នឹង​លោក​អ័ប្រា‌ហាំ​ថា « អស់​ទាំង​គ្រួសារ​នៅ​ផែនដី​នឹង​បាន​ពរ​ដោយ‌សារ​ពូជ​ឯង » ( កិច្ចការ ៣:២៥ ) ។ ពេត្រុស បាន​បញ្ជាក់​យ៉ាង​ច្បាស់​ដល់​ពួកគេ​ថា ផ្នែក​នៃ​បេសកកម្ម​របស់​ព្រះគ្រីស្ទ គឺ​ដើម្បី​បំពេញ​សេចក្តីសញ្ញា​របស់​ព្រះ ។

ព្រះអម្ចាស់​បាន​ប្រទាន​ទេសនកថា​ស្រដៀង​គ្នា​នេះ​ដល់​ប្រជាជន​អាមេរិក​ពី​បុរាណ ។ នៅទីនោះ ព្រះគ្រីស្ទ​ដែល​បាន​មាន​ព្រះជន្ម​រស់ឡើងវិញ បាន​ប្រាប់​ប្រជាជនអំពី​ភាព​ពិតប្រាកដ​នៃ​ខ្លួន​របស់​ពួកគេ ។ ទ្រង់បាន​មាន​ព្រះបន្ទូល ៖

« ហើយ​មើល​ចុះ អ្នក​រាល់​គ្នា​គឺជា​កូន​ចៅ​នៃ​ពួក​ព្យាការី ហើយ​អ្នក​រាល់​គ្នា​គឺជា​វង្ស​អ៊ីស្រាអែល ហើយ​អ្នក​រាល់​គ្នា​នៅ​ក្នុង​សេចក្ដី​សញ្ញា ដែល​ព្រះ​វរបិតា​ទ្រង់​បាន​ធ្វើ​ជាមួយ​នឹង​ពួក​អយ្យកោ​អ្នក ដោយ​ព្រះ​បន្ទូល​ទៅ​លោក​អ័ប្រាហាំ​ថា ៖ ដោយ​សារ​ពូជ​អ្នក នោះ​គ្រប់​ទាំង​ពូជ​មនុស្ស​នៅ​ផែនដី​នឹង​បាន​ពរ ។

ព្រះ​វរបិតា​ដោយ​បាន​ប្រោស​យើង​ឲ្យ​រស់​ឡើង​វិញ​ដល់​អ្នក​រាល់​គ្នា​មុនគេ​បង្អស់ ហើយ​បាន​ចាត់​ឲ្យ​យើង​មក​ប្រទាន​ពរ​ដល់​អ្នក​រាល់​គ្នា ក្នុង​ការ​នាំ​អ្នក​រាល់​គ្នា​គ្រប់​រូប​ចេញ​ពី​អំពើ​ទុច្ចរិត [ របស់​អ្នក ] នេះ គឺ​មក​ពី​អ្នក​រាល់​គ្នា​ជា​កូន​ចៅ​ក្នុង​សេចក្ដី​សញ្ញា » ( នីហ្វៃទី ៣ ២០:២៥–២៦ ) ។

តើ​បងប្អូន​មើលឃើញ​ពី​សារៈសំខាន់​នេះ​ដែរ​ឬ​ទេ ? អស់​អ្នក​ដែល​រក្សា​សេចក្ដី​សញ្ញា​របស់​ខ្លួន​ជាមួយ​នឹង​ព្រះ នឹង​ក្លាយ​ជា​ព្រលឹង​ដែល​ធន់​នឹង​អំពើ​បាប ! អស់​អ្នក​ដែល​រក្សា​សេចក្តីសញ្ញា​របស់​ពួកគេ នឹង​មាន​កម្លាំង​ដើម្បី​តទល់​នឹង​ឥទ្ធិពល​ឥតឈប់ឈរ​នៃ​ពិភពលោក​នេះ ។

បុរស​ម្នាក់​កំពុង​ទទួលទាន​សាក្រាម៉ង់

អស់​អ្នក​ដែល​រក្សា​សេចក្ដី​សញ្ញា​របស់​ខ្លួន​ជាមួយ​នឹង​ព្រះ នឹង​ក្លាយ​ជា​ព្រលឹង​ដែល​ធន់​នឹង​អំពើ​បាប ! អស់​អ្នក​ដែល​រក្សា​សេចក្តីសញ្ញា​របស់​ពួកគេ នឹង​មាន​កម្លាំង​ដើម្បី​តទល់​នឹង​ឥទ្ធិពល​ឥតឈប់ឈរ​នៃ​ពិភពលោក​នេះ ។

កិច្ចការ​ផ្សព្វផ្សាយ​សាសនា ៖ ការចែកចាយ​សេចក្តី​សញ្ញា

ព្រះអម្ចាស់​បាន​ត្រាស់​បង្គាប់​ឲ្យ យើង​ផ្សព្វផ្សាយ និង​ចែកចាយ​សេចក្តី​សញ្ញា​នេះ ។ នោះ​ហើយ​ជា​មូលហេតុ​ដែល​យើង​មាន​អ្នក​ផ្សព្វផ្សាយ​សាសនា ។ ទ្រង់​មាន​ព្រះទ័យ​ឲ្យ​បុត្រាបុត្រី​របស់​ទ្រង់​គ្រប់រូប មាន​ឱកាស​ជ្រើសរើស​ដំណឹងល្អ​របស់​ព្រះអង្គសង្គ្រោះ ហើយ​ដើរ​លើ​ផ្លូវ​នៃ​សេចក្ដីសញ្ញា ។ ព្រះ​សព្វ​ព្រះទ័យ​ភ្ជាប់​មនុស្ស​ទាំអអស់​ទៅនឹង​សេចក្តី​សញ្ញា​ដែល​ទ្រង់​បាន​ធ្វើ​ជា​មួយ​អ័ប្រាហាំ​ពី​បុរាណ ។

ហេតុដូច្នោះហើយ កិច្ចការ​ផ្សព្វផ្សាយ​សាសនា​គឺ​ជា​ផ្នែក​ដ៏​ចាំបាច់​មួយ​នៃ​ការប្រមូលផ្តុំ​អ៊ីស្រាអែល​ដ៏​មហិមា ។ ការប្រមូល​ផ្ដុំ​នោះ​គឺ​ជា​កិច្ចការ​ដ៏​សំខាន់​បំផុត​ដែល​កើតឡើង​នៅលើ​ផែនដី​សព្វថ្ងៃនេះ ។ គ្មាន​កិច្ចការ​ណា​អាច​ប្រៀប​នឹង​កិច្ចការ​នេះ​បាន​ទេ គ្មាន​កិច្ចការ​ណា​សំខាន់​ជាង​កិច្ចការ​នេះ​ទេ ។ អ្នក​ផ្សព្វផ្សាយ​សាសនា​របស់​ព្រះអម្ចាស់—ពួក​សិស្ស​របស់​ទ្រង់—បាន​ចូលរួម​ក្នុងការ​ប្រឈម​ដ៏​ធំ​បំផុត បុព្វហេតុ​ដ៏​អស្ចារ្យ​បំផុត កិច្ចការ​ដ៏​អស្ចារ្យ​បំផុត​នៅលើ​ផែនដី​សព្វថ្ងៃ​នេះ ។

ប៉ុន្តែ​កិច្ចការ​នេះ​គឺ​កាន់​តែ​ច្រើន​ឡើង—កាន់​តែ​ធំ​ឡើង ។ប៉ុន្តែ​កិច្ចការ​នេះ​គឺកាន់​តែច្រើន​ឡើង—កាន់​តែធំ​ឡើង ។ មាន​តម្រូវការ​ដ៏​ធំ​មួយ​ដើម្បី​ផ្សព្វផ្សាយ​ដំណឹង​ល្អ​ដល់​មនុស្ស​នៅ​ផ្នែក​ម្ខាង​ទៀត​នៃ​វាំងនន ។ ព្រះ​សព្វ​ព្រះទ័យ​ឲ្យ​មនុស្ស​គ្រប់​រូប ដែល​នៅ​ទាំង​សងខាង​​វាំងនន​បាន​រីករាយ​នឹង​ពរជ័យ​នៃ​សេចក្ដី​សញ្ញា​របស់​ទ្រង់ ។ ផ្លូវ​នៃ​សេចក្ដី​សញ្ញា​គឺ​បើក​ចំពោះ​មនុស្ស​គ្រប់​គ្នា ។ យើង​អង្វរ​មនុស្ស​គ្រប់​គ្នា​ឲ្យ​ដើរ​លើ​ផ្លូវ​នោះ​ជាមួយ​យើង ។ គ្មាន​កិច្ចការ​ណា​ផ្សេង​ទៀត​ដែល​មាន​លក្ខណៈ​រួមគ្នា​ជា​សកល​បែប​នេះ​ទេ ។ ដ្បិត « ព្រះអម្ចាស់​ទ្រង់​ប្រកប​ដោយ​សេចក្តីមេត្តា​ករុណា​ដល់​អស់​អ្នក​ណា ដែល​អំពាវ​នាវ​ដល់​ព្រះ​នាម​ដ៏​បរិសុទ្ធ​របស់​ទ្រង់ » ( ហេលេមិន ៣:២៧ ) ។

ដោយសារ​តែ​បព្វជិតភាព​ម៉ិលគីស្សាដែក ត្រូវ​បាន​ស្ដារឡើងវិញ ទាំងស្ត្រី និង​បុរស​ដែលរក្សា​សេចក្ដីសញ្ញា អាចទទួលបាន « អស់​ទាំង​ព្រះពរ​ខាងវិញ្ញាណ » នៃ​ដំណឹង​ល្អ ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ១០៧:១៨ បាន​បន្ថែម​ការបញ្ជាក់ ) ។

ការ​ឧទិស្ទឆ្លង​នៃ​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ នៅ​ឆ្នាំ ១៨៣៦ ក្រោម​ការណែនាំ​របស់​ព្រះអម្ចាស់ អេលីយ៉ា​បាន​លេច​មក ។ គោលបំណង​របស់​លោក​ជា​អ្វី ? « ដើម្បី​បង្វែរ … ចិត្ត​កូន​មក​ឯ​ឪពុក » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ១១០:១៥ ) ។ អេលីយ៉ាស​ក៏​បាន​លេច​មក ។ គោលបំណង​របស់​លោក​ជា​អ្វី ? ដើម្បី​តាំងចិត្ត​ជាមួយ យ៉ូសែប ស្ម៊ីធ និង អូលីវើរ ខៅឌើរី នូវ « គ្រាកាន់​កាប់ត្រួតត្រា​នៃ​ដំណឹងល្អ​របស់​លោក​អ័ប្រាហាំ​ដោយ​ប្រាប់​ថា នៅ​ក្នុង​យើង និង​ពូជ​របស់​យើង នោះ​អស់​ទាំង​តំណ​មនុស្ស​បន្ទាប់​ពី​យើង​មក​នឹង​បាន​ពរ » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា.១១០:១២ ) ។ ហេតុ​ដូច្នេះ​ហើយ លោក​ចៅហ្វាយ​បាន​ប្រគល់​សិទ្ធិអំណាច​បព្វជិតភាព​ដល់ យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី និង​សិទ្ធិ​ដើម្បី​បញ្ជូន​ពរជ័យ​ពិសេស​នៃ​សេចក្ដី​សញ្ញា​របស់​អ័ប្រាហាំ​ទៅ​អ្នកដទៃ ។

នៅ​ក្នុង​សាសនាចក្រ យើង​ធ្វើ​ដំណើរ​តាម​ផ្លូវ​នៃ​សេចក្ដី​សញ្ញា​ទាំង​ជា​លក្ខណៈ​បុគ្គល និង​សមូហភាព ។ គឺ​ដូចជា​អាពាហ៍​ពិពាហ៍ និង​ក្រុមគ្រួសារ​មាន​ចំណង​រួម​គ្នា​ទាំង​សងខាង​ដែល​បង្កើត​សេចក្តី​ស្រឡាញ់​ដ៏​ពិសេស​មួយ ក៏​ដូចជា​ទំនាក់ទំនង​ថ្មី​ដែល​បាន​បង្កើត​ឡើង ពេល​យើង​ចង​ខ្លួន​យើង​ដោយ​សេចក្ដី​សញ្ញា​គ្រប់​ស្ថានភាព​ចំពោះ​ព្រះ​របស់​យើង​ផងដែរ !

ការណ៍​នេះ​ប្រហែល​ជា​អ្វី​ដែល​នីហ្វៃ​ចង់​មាន​ន័យ​ដល់ នៅពេល​លោក​បាន​មាន​ប្រសាសន៍​ថា ព្រះ « ស្រឡាញ់​អស់​អ្នក​ណា ដែល​ទទួល​ទ្រង់​ជា​ព្រះ​របស់​គេ » ( នីហ្វៃទី ១ ១៧:៤០ ) ។ នេះ​គឺជា​មូលហេតុ​ពិតប្រាកដ​ដែល​ជា​ផ្នែក​នៃ​សេចក្ដី​សញ្ញា ដែល​ជា​សេចក្ដី​មេត្តា​ករុណា និង​សេចក្ដី​ស្រឡាញ់​ពិសេស—ឬ hesed—គឺ​មាន​សម្រាប់​មនុស្ស​ទាំងអស់​ដែល​ចូលទៅ​ក្នុង​ទំនាក់ទំនង​ដ៏​ស្អិតរមួត និង​ស្និទ្ធស្នាល​ជាមួយ​ព្រះ រហូតដល់ « ទាំងពាន់​តំណ » ( ចោទិយកថា ៧:៩ ) ។

ការ​ចុះ​សេចក្តី​សញ្ញា​ជាមួយ​ព្រះ​ផ្លាស់ប្តូរ​ទំនាក់ទំនង​របស់​យើង​ជាមួយ​ទ្រង់​ជា​រៀងរហូត ។ វា​ផ្តល់​ពរ​ដល់​យើង​នូវ​សេចក្តី​ស្រឡាញ់ និង​សេចក្តី​មេត្តាករុណា​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ទៀត ។១០ វា​ជះ​ឥទ្ធិពល​លើ​យើង និងរ​បៀប​ដែល​ព្រះ​នឹង​ជួយ​យើង​ឲ្យ​ប្រែក្លាយ​ជា​បុគ្គល​ដែល​យើង​អាច​ប្រែក្លាយ ។ យើង​ត្រូវ​បាន​សន្យា​ថា យើង​ក៏​អាច « បាន​ដាច់​ជា​របស់​ផង » ចំពោះ​ទ្រង់​ផងដែរ ( ទំនុក​ដំកើង ១៣៥:៤ ) ។

សេចក្តី​សន្យា និង​អភ័យ​ឯកសិទ្ធិ

អស់​អ្នក​ដែល​ចុះសេចក្ដីសញ្ញា​ពិសិដ្ឋ ហើយ​រក្សា​វា​ត្រូវ​បាន​សន្យា​នូវ​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច និង​ភាពតម្កើងឡើង « គឺជា​អំណោយទាន​ដ៏​មហិមា​បំផុត​នូវ​គ្រប់​អំណោយទាន​ទាំង​ឡាយ​នៃ​ព្រះ » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៤:៧ ) ។ ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​អង្គ​ដែល​ធានា​នូវ​សេចក្តីសញ្ញា​ទាំងនោះ ( សូមមើល ហេព្រើរ ៧:២២; ៨:៦ ) ។ អ្នក​រក្សា​សេចក្ដី​សញ្ញា​ដែល​ស្រឡាញ់​ព្រះ ហើយ​ទុក​ឲ្យ​ទ្រង់​ឈ្នះ​លើ​អ្វីៗ​ផ្សេង​ទៀត​នៅក្នុង​ជីវិត​របស់​ពួកគេ ធ្វើ​ឲ្យ​ទ្រង់​មាន​ឥទ្ធិពល​ខ្លាំង​បំផុត​ក្នុង​ជីវិត​របស់​ពួកគេ ។

នៅ​សម័យ​របស់​យើង យើង​មាន​អភ័យ​ឯកសិទ្ធិ​ដើម្បី​ទទួល​ពរ​របស់​លោកអយ្យកោ ហើយ​រៀន​ពី​ទំនាក់ទំនង​របស់​យើង​នឹង​ពួក​អយ្យកោ​ពី​បុរាណ ។ ពរជ័យ​ទាំង​នោះ​ក៏​ផ្តល់​នូវ​ការមើល​ឃើញ​នូវ​អ្វី​ដែល​នៅ​ខាង​មុខ​ផង​ដែរ ។

ព្រះយេស៊ូវមាន​បន្ទូល​ជាមួយ​ពេត្រុស

ដោយសារតែ​សេចក្តី​សញ្ញា​របស់​យើង​ជាមួយ​ព្រះ ទ្រង់​ពុំ​ដែល​នឿយហត់​ក្នុង​កិច្ចខិតខំ​របស់ទ្រង់​ដើម្បី​ជួយ​យើង​ឡើយ ហើយ​យើង​នឹង​មិន​ដែល​ប្រើអស់​ការអត់ធ្មត់​ដ៏​មេត្តា​របស់​ទ្រង់​ជាមួយ​យើង​ដែរ ។

តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ជាង​អ្វី​ទាំងនេះ​ទេ ? ដោយ ដាវីឌ លីនស្លេ

ការហៅ​របស់​យើង​ជា​អ៊ីស្រាអែល​នៃ​សេចក្ដី​សញ្ញា​គឺ​ដើម្បី​ធានា​ឲ្យ​បាន​ថា សមាជិក​ទាំងអស់​នៃ​សាសនាចក្រ​ដឹង​ពី​អំណរ និង​អភ័យ​ឯកសិទ្ធិ​ទាំងឡាយ​ដែល​ទាក់ទង​នឹង​ការចុះ​សេចក្ដីសញ្ញា​ជាមួយ​ព្រះ ។ វា​គឺជា​ការហៅ​ដើម្បី​លើក​ទឹកចិត្ត​ដល់​បុរស និង​ស្ត្រី​គ្រប់រូប​ដែល​រក្សា​សេចក្ដី​សញ្ញា​ទាំង​ក្មេងប្រុស និង​ក្មេងស្រី ឲ្យ​ចែកចាយ​ដំណឹងល្អ​ជាមួយ​អ្នក​ដែល​ចូល​មក​ក្នុង​វិសាលភាព​នៃ​ឥទ្ធិពល​របស់​ពួកគេ ។ វា​ក៏​ជា​ការហៅ​ឲ្យ​គាំទ្រ និង​លើក​ទឹកចិត្ត​ដល់​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​របស់​យើង ដែល​ត្រូវ​បាន​បញ្ជូន​មក​ដោយ​មាន​ការណែនាំ​ឲ្យ​ធ្វើ​ការជ្រមុជទឹក និង​ជួយ​ប្រមូល​អ៊ីស្រាអែល ​ដើម្បី​ឲ្យ​យើង​ទាំង​អស់គ្នា​អាចក្លាយ​ជា​រាស្ដ្រ​របស់​ព្រះ ហើយ​ទ្រង់​នឹង​ជា​ព្រះ​របស់​យើង​ផងដែរ ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤២:៩ ) ។

បុរស និង​ស្ដ្រី​គ្រប់រូប​ដែល​ចូលរួម​ក្នុង​ពិធីបរិសុទ្ធ​នៃ​បព្វជិតភាព​ដោយ​ភាពស័ក្ដិសម ហើយ​បាន​ចុះ​សេចក្ដីសញ្ញា​ជាមួយ​ព្រះ មាន​សិទ្ធិ​ទទួល​បាន​ព្រះចេស្ដា​របស់​ព្រះ​ដោយ​ផ្ទាល់ ។ យើង​លើក​ដាក់​ព្រះនាម​របស់​ព្រះអម្ចាស់​លើ​យើង​រៀងៗ​ខ្លួន ។ យើង​ក៏​លើក​ដាក់​ព្រះនាម​របស់​ទ្រង់​មក​លើ​ខ្លួន​យើង​ក្នុងនាម​ជា​ក្រុម​មនុស្ស​ផងដែរ ។ ការមាន​គោលបំណង​ប្រើ​ឈ្មោះ​ត្រឹមត្រូវ នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ គឺជា​របៀប​ដ៏​សំខាន់​មួយ​ដែល​យើង​ជា​ក្រុម​មនុស្ស​យក​ព្រះនាម​ទ្រង់​ដាក់មក​លើខ្លួន​យើង ។ ជាការ​ពិតណាស់ គ្រប់​ទង្វើ​នៃ​សេចក្តី​សប្បុរស​របស់​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ និង​សមាជិក​នៃ​សាសនាចក្រ​នេះ គឺជា​ការបង្ហាញ​អំពី hesed របស់​ព្រះ ។

ហេតុអ្វី​វង្សអ៊ីស្រាអែល​ត្រូវ​ខ្ចាត់ខ្ចាយ ? ដោយសារ​តែ​មនស្ស​ធ្វើ​ខុស​បទបញ្ញត្តិ និង​បាន​ចោល​ដុំ​ថ្ម​លើ​ព្យាការី​ទាំងឡាយ ។ ព្រះបិតា​ដែល​មាន​សេចក្តី​ស្រឡាញ់ ប៉ុន្តែមាន​ព្រះទ័យ​សោកសៅ បាន​ឆ្លើយតប​ដោយ​ធ្វើ​ឲ្យ​អ៊ីស្រាអែល​ខ្ចាត់ខ្ចាយ​ទៅ​គ្រប់​ទីកន្លែង ។១១

ទោះ​ជា​យ៉ាង​ណា ទ្រង់​បាន​ធ្វើ​ឲ្យ​ពួកគេ​ខ្ចាត់ខ្ចាយ​ដោយ​ការសន្យា​ថា ថ្ងៃ​ណា​មួយ​នឹង​ពួក​អ៊ីស្រាអែល​នឹង​ត្រូវបាន​ប្រមូលផ្ដុំ​គ្នា​ជាថ្មី​ក្នុង​ក្រោល​របស់​ទ្រង់ ។

កុលសម្ព័ន្ធ​យូដា​ត្រូវ​បាន​ប្រគល់​ភារកិច្ច​ឲ្យ​រៀបចំ​ពិភពលោក​សម្រាប់​ការយាង​មក​ជាលើក​ដំបូង​របស់​ព្រះអម្ចាស់ ។ នៅក្នុង​កុលសម្ព័ន្ធ​នោះ ម៉ារា​ត្រូវបាន​ហៅ​ឲ្យ​ធ្វើជា​មាតា​របស់​ព្រះ​រាជបុត្រា​នៃ​ព្រះ ។

កុលសម្ព័ន្ធ​យ៉ូសែប តាម​រយៈ​លោក និង​កូន​ប្រុស​របស់​លោក​ជាមួយ​នាង អាស‌ន៉ាត់ គឺ​អេប្រាអិម និង​ម៉ាន៉ាសេ ( សូមមើល លោកុប្បត្តិ ៤១:៥០–៥២; ៤៦:២០ ) ត្រូវ​បាន​ផ្ដល់​ឲ្យ​នូវ​ទំនួលខុសត្រូវ​ក្នុងការ​ដឹកនាំ​ការ​ប្រមូល​ផ្តុំ​នៃ​អ៊ីស្រាអែល ដើម្បី​រៀបចំ​ពិភពលោក​សម្រាប់​ការ​យាង​មក​ជា​លើក​ទីពីរ​របស់​ព្រះអម្ចាស់ ។

ក្នុង​ទំនាក់ទំនង hesed ដែល​មិន​ចេះ​ចប់សព្វ​គ្រប់​បែប​នេះ នោះ​វា​ជា​រឿង​ធម្មតា​ទេ​ដែល​ព្រះ​ចង់​ប្រមូល​អ៊ីស្រាអែល ។ ទ្រង់​ជា​ព្រះវរបិតាសួគ៌​របស់​យើង ! ទ្រង់​ចង់​ឲ្យ​បុត្រ​របស់​ទ្រង់​ម្នាក់ៗ—នៅ​ទាំង​សងខាង​នៃ​វាំងនន—បាន​ស្តាប់​ឮ​សារលិខិត​នៃ​ដំណឹងល្អ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​ដែល​បាន​ស្តារ​ឡើងវិញ ។

ផ្លូវ​នៃ​សេចក្តី​ស្រឡាញ់

ផ្លូវ​នៃ​សេចក្តី​សញ្ញា​គឺជា​ផ្លូវ​នៃ​សេចក្តី​ស្រឡាញ់—ពោល​គឺ hesed ដ៏​អស្ចារ្យ​នោះ ដែល​មាន​ចិត្ត​អាណិត​អាសូរ​ក្នុង​ការ​មើលថែ​ និង​ឈោង​ទៅជួយ​គ្នា​ទៅ​វិញ​ទៅ​មក ។ ការមាន​អារម្មណ៍​ថា សេចក្តី​ស្រឡាញ់​គឺជា​សេរីភាព និង​ការលើកស្ទួយ ។ អំណរ​ដ៏​ធំ​បំផុត​ដែល​បងប្អូន​នឹង​ដកពិសោធ គឺ​នៅពេល​ដែល​បងប្អូន​នឹង​ទទួល​បាន​អារម្មណ៍​នូវ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ និង​ចំពោះ​បុត្រាបុត្រី​របស់​ទ្រង់​ទាំងអស់ ។

ការស្រឡាញ់​ព្រះ​ច្រើន​ជាង​នរណា​ម្នាក់ ឬ​អ្វី​ផ្សេង​ទៀត​ទាំងអស់​គឺ​ជា​លក្ខខណ្ឌ​ដែល​នាំ​មក​នូវ​សេចក្តីសុខសាន្ត ការលួងលោម ទំនុកចិត្ត និង​អំណរ​ពិត ។

ផ្លូវ​នៃ​សេចក្តី​សញ្ញា​គឺ​អំពី​ទំនាក់ទំនង​របស់​យើង​ជាមួយ​ព្រះ—ពោល​ជាទំនាក់ទំនង hesed របស់​យើង​ជាមួយ​ទ្រង់ ។ ពេល​យើង​ចុះ​សេចក្ដី​សញ្ញា​ជាមួយ​ព្រះ នោះ​យើង​បាន​ចុះ​សេចក្ដី​សញ្ញា​ជាមួយ​ទ្រង់ ជា​អង្គដែល​នឹង​រក្សា​ព្រះបន្ទូល​របស់​ទ្រង់​ជានិច្ច ។ ទ្រង់​នឹង​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ដែល​ទ្រង់​អាច​ធ្វើ​បាន ដើម្បី​ជួយ​យើង​ឲ្យ​រក្សា​សេចក្តីសញ្ញា​របស់​យើង ដោយ​មិន​បំពាន​លើ​សិទ្ធិ​ជ្រើសរើស​របស់យើង​ឡើយ ។

ព្រះគម្ពីរ​មរមន​ចាប់ផ្តើម និង​បញ្ចប់​ដោយ​មាន​សេចក្តី​យោង​នេះ​ទៅ​នឹង​សេចក្តី​សញ្ញា​ដ៏​នៅ​អស់កល្ប​អស់កាល​ជានិច្ច ។ ចាប់តាំង​ពី​ទំព័រ​ចំណងជើង​របស់​ព្រះគម្ពីរ​នេះ រហូត​ដល់​ទីបន្ទាល់​បញ្ចប់​របស់​មរមន និង​មរ៉ូណៃ ព្រះគម្ពីរ​មរមន​ធ្វើ​សេចក្តី​យោង​ដល់​សេចក្តី​សញ្ញា​នេះ ( សូមមើល មរមន ៥:២០; ៩:៣៧ ) ។ « ការលេចចេញ​មក​នៃ​ព្រះគម្ពីរ​មរមនគឺ​ជា​ទីសម្គាល់​មួយ​ដល់​ពិភពលោក​ថា ព្រះអម្ចាស់​បាន​ចាប់ផ្ដើម​ប្រមូល​អ៊ីស្រាអែល ហើយ​បំពេញ​សេចក្ដី​សញ្ញា​ដែល​ទ្រង់​បាន​ធ្វើ​ជាមួយ​អ័ប្រាហាំ អ៊ីសាក និង​យ៉ាកុប » ។១២

បងប្អូន​ប្រុសស្រី​ជា​ទីស្រឡាញ់​របស់​ខ្ញុំ យើង​ត្រូវ​បាន​ហៅ​នៅក្នុង​ពេល​ដ៏​សំខាន់​នេះ​ក្នុង​ប្រវត្តិសាស្រ្ត​នៃ​ផែនដី ដើម្បី​បង្រៀន​ពិភពលោក​អំពី​ភាពឧត្តុងឧត្តម និង​អានុភាព​នៃ​សេចក្ដី​សញ្ញា​ដ៏​នៅ​អស់កល្ប​អស់កាល​ជានិច្ច ។ ព្រះវរបិតាសួគ៌​របស់​យើង​ទុក​ព្រះទ័យ​លើ​យើង​ដោយ​ផ្ទាល់​ដើម្បី​ធ្វើ​កិច្ចការ​ដ៏​អស្ចារ្យ​នេះ ។

សារលិខិត​នេះ​ក៏​ត្រូវ​បាន​ថ្លែង​ក្នុង​ការប្រជុំ​ថ្នាក់​ដឹកនាំ​សន្និសីទ​ទូទៅ​នៅ​ថ្ងៃ​ទី ៣១ ខែ​មីនា ឆ្នាំ ២០២២ ដែរ ។

កំណត់​ចំណាំ

  1. សូមមើល រ័សុល អិម ណិលសុន « Children of the Covenant Ensign ខែ ឧសភា ឆ្នាំ ១៩៩៥ ទំព័រ ៣២ ។

  2. សេចក្ដី​សញ្ញា​ថ្មី ហើយ​អស់កល្ប​អស់កាល​ជានិច្ច​គឺជា​ភាពពេញលេញ​នៃ​ដំណឹងល្អ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ។ វា​រួមបញ្ចូល​ពិធី​បរិសុទ្ធ និង​សេចក្ដី​សញ្ញា​ទាំងអស់​ដែល​ចាំបាច់​សម្រាប់​សេចក្ដី​សង្គ្រោះ​របស់​យើង ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ៦៦:២ ) ។ វា « ថ្មី » នៅ​ពេល​ណា​ដែល​ព្រះអម្ចាស់​បន្ត ឬ​ស្ដារ​វា​ឡើង​វិញ ហើយ​វា « អស់កល្ប​អស់កាល​ជានិច្ច » ដោយសារ​វា​មិន​ផ្លាស់ប្តូរ ។

  3. ការពិភាក្សា​ដ៏​លំបាក​មួយ​ទាក់ទង​នឹង​ពាក្យ hesed ហើយនិង​សេចក្តី​សញ្ញា​ដ៏​នៅ​អស់កល្ប​អស់កាល​ជានិច្ច ត្រូវ​បាន​រកឃើញ​នៅក្នុង ឃែរី មូលីស្ទីន God Will Prevail: Ancient Covenants, Modern Blessings, and the Gathering of Israel ( ឆ្នាំ ២០២១ ) ។

  4. រ័សុល អិម ណិលសុន « Special Witnesses of Christ » Liahona ខែ មេសា ឆ្នាំ ២០០១ ទំព័រ ៧ ។

  5. ពាក្យ Ishmael ជា​ភាសា​ហេព្រើរ មានន័យ​ថា « ព្រះ​ស្តាប់​ឮ » ( Bible Dictionary « Ishmael » ) ។

  6. « ដោយសារ​សេចក្តីជំនឿ នោះ​នាង​សារ៉ា​ក៏​ទទួល​អំណាច​ឲ្យ​មាន​គភ៌​បង្កើត​កូន​បាន ហើយ​នាង​បង្កើត​កូន​មក​ក្នុង​កាល​ដែល​ហួស​អាយុ​ហើយ ពី​ព្រោះ នាង​បាន​រាប់​ព្រះ​ដែល​សន្យា​នោះ​ទុក​ជា​ស្មោះត្រង់ » ( ហេព្រើរ ១១:១១ ) ។

  7. Bible Dictionary « Israel » ។

  8. សូមមើល Bible Dictionary « Peculiar » « Hebrew and Chaldee Dictionary » Strong’s Exhaustive Concordance of the Bible ( ឆ្នាំ ១៩៨៤ ) ទំព័រ ៨២ ពាក្យ ៥៤៥៩ ។

  9. សូមមើល រ័សុល អិម ណិលសុន « Thanks for the Covenant » ( Brigham Young University devotional, Nov. 22, 1988 ) ទំព័រ ៤ គេហទំព័រ speeches.byu.edu ។

  10. « រាល់​សេចក្តី​សញ្ញា​ជាមួយ​ព្រះ​គឺជា​ឱកាស​មួយ​ដើម្បី​ចូល​ទៅ​ជិត​ទ្រង់ ។ ចំពោះ​អ្នក​ទាំងឡាយ​ណា​ដែល​សញ្ជឹងគិត​មួយ​ភ្លែត អំពី​អ្វី​ដែល​ពួកគេ​ទទួល​អារម្មណ៍​រួច​ទៅ​ហើយ​ពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ ដើម្បី​ឲ្យ​ចំណង​នោះ​កាន់តែ​រឹងមាំ ហើយ​ទំនាក់​ទំនង​នោះ​កាន់តែ​ជិតស្និទ្ធ​គឺជា​ការផ្តល់​ជូន​ដែល​មិន​អាច​ប្រកែកបាន » ( ហិនរី ប៊ី អាវរិង « Making Covenants with God » [ Brigham Young University fireside ថ្ងៃទី ៨ ខែ កញ្ញា ឆ្នាំ ១៩៩៦ ] ទំព័រ ៣ គេហទំព័រ speeches.byu.edu ) ។

  11. « ព្រះអម្ចាស់​ទ្រង់​ក៏​ប្រើ​ការខ្ចាត់​ខ្ចាយ​នៃ​រាស្ត្រ​ជម្រើស​របស់​ទ្រង់ ក្នុង​ចំណោម​សាសន៍​ទាំងឡាយ​ក្នុង​លោកិយ​នេះ ដើម្បី​ប្រទានពរ​ដល់​សាសន៍​ទាំងនេះ​ដែរ » ( សេចក្ដី​ណែនាំ​ដល់​បទគម្ពីរទាំងឡាយ « អ៊ីស្រាអែល » នៅលើ​គេហទំព័រ scriptures.ChurchofJesusChrist.org សូមមើល​ផង​ដែរ យ៉ាកុប ៥:១-៨, ២០ ) ។

  12. រ័សុល អិម ណិលសុន « The Future of the Church: Preparing the World for the Savior’s Second Coming » Liahona ខែ មេសា ឆ្នាំ ២០២០ ទំព័រ ៩ ។