ឆ្នាំ ២០២៣
ការរៀបចំ​ខ្លួន​ដើម្បី​ចូលរួម​ក្នុង​ព្រះវិហារ​បរិសុទ្ធ
ខែ ធ្នូ ឆ្នាំ ២០២៣


« ការរៀបចំ​ខ្លួន​ដើម្បី​ចូលរួម​ក្នុង​ព្រះវិហារ​បរិសុទ្ធ » លីអាហូណាខែ ធ្នូ ឆ្នាំ ២០២៣ ។

សារលិខិតប្រចាំខែ ទស្សនាវដ្តី លីអាហូណា ខែ ធ្នូ ឆ្នាំ ២០២៣

ការរៀបចំ​ខ្លួន​ដើម្បី​ចូលរួម​ក្នុង​ព្រះវិហារ​បរិសុទ្ធ

រូបភាព
មនុស្ស​ដើរ​សំដៅទៅ​ព្រះវិហារ​បរិសុទ្ធ អូហ្គឌិន រដ្ឋ​យូថាហ៍

រូបថត​ព្រះវិហារ​បរិសុទ្ធ អូហ្គឌិន រដ្ឋ​យូថាហ៍ ដោយ​ម៉ាក ប្រ៊ុនសុន

នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​នៃ​សាសនា​ចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ យើង​អាច​ទទួល​សេចក្ដីសញ្ញា និង​បទ​បញ្ញត្តិ​ដ៏​ពិសិដ្ឋ​សម្រាប់​ខ្លួន​យើង និង​សម្រាប់​បុព្វការីជន​របស់​យើង ។ យើង​ចូល​រួម​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ដើម្បី​បង្ហាញ​សេចក្ដី​ស្រឡាញ់ និង​ការ​ដឹង​គុណ​របស់​យើង​ចំពោះ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។ យើង​អាច​ត្រៀម​ខ្លួន​ចូល​រួម​ក្នុង​ព្រះវិហារ​បរិសុទ្ធ ដោយ​ការរៀន​និង​រស់​នៅ​តាម​ដំណឹង​ល្អ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ។ សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ព្រះវិហារ​បរិសុទ្ធ សូម​មើល​អត្ថបទ​មូលដ្ឋានគ្រឹះ​នៃ​ដំណឹងល្អ « កិច្ចការ​ព្រះ​វិហារ​បរិសុទ្ធ»​នៅ​ក្នុង​ទស្សនាវដ្តី លីអាហូណា​ខែ តុលា ឆ្នាំ ២០២១ ។

រូបភាព
ពាក្យពេចន៍ នៅ​ខាង​ក្រៅ​ព្រះវិហារ​បរិសុទ្ធ ឌូរ៉ាន អាហ្វ្រិក​ខាង​ត្បូង

រូបថត​ព្រះវិហារ​បរិសុទ្ធ ឌូរ៉ាន អាហ្វ្រិក​ខាង​ត្បូង ដោយ​ម៉ាធ្យូ រីរៀ

ព្រះរាជ​ដំណាក់​ព្រះអម្ចាស់

ព្រះវិហារ​បរិសុទ្ធ​ត្រូវបាន​ហៅថា « ជា​ព្រះរាជ​ដំណាក់​ព្រះអម្ចាស់ » ។ មាន​កន្លែង​ពិសិដ្ឋ​ជាច្រើន​ដែល​ជា​កន្លែង​យើង​អាច​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ និង​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​យើង ។ វា​ក៏​ជា​កន្លែង​ដែល​យើង​អាច​ធ្វើ​សេចក្តី​សញ្ញា និង​ទទួល​បាន​បទ​បញ្ញត្តិ​ពិសេស ដែល​នឹង​រៀបចំ​យើង​ឲ្យ​មាន​ជីវិត​ដ៏​អស់​កល្ប​ជានិច្ច ។ ( សេចក្ដីសញ្ញា​គឺជា​កិច្ចសន្យា​ដ៏ពិសិដ្ឋ​រវាងព្រះ និង​បុត្រាបុត្រី​របស់​ទ្រង់ ) ការ​ធ្វើ​ជា​មនុស្ស​ស្មោះ​ត្រង់​ចំពោះ​សេចក្ដី​សញ្ញា​របស់​យើង និង​ការ​ទទួល​បទ​បញ្ញត្តិ​ទាំង​នេះ​ជួយ​យើង​ឲ្យ​មាន​ទំនាក់​ទំនង​ពិសេស​ជាមួយនឹង​ព្រះវរបិតាសួគ៌ និង​ព្រះ​យេស៊ូវ​គ្រីស្ទ ។

រូបភាព
យុវវ័យ​ឈរ​នៅ​ខាង​ក្រៅ​ព្រះវិហារ​បរិសុទ្ធ ហ្គាយ៉ាគីល អេក្វាឌ័រ

រូបថត​ព្រះវិហារ​បរិសុទ្ធ ហ្គាយ៉ាគីល អេក្វាឌ័រ ដោយ​ជេនែ ប៊ីងហាំ

តើ​នរណា​ខ្លះ​អាច​ចូល​រួម​ក្នុង​ព្រះវិហារ​បរិសុទ្ធ​បាន ?

សមាជិក​សាសនាចក្រ​អាច​ធ្វើ​ពិធីបុណ្យ​ជ្រមុជ​ទឹក​សម្រាប់​មរណជន នៅពេល​ដែល​ពួកគេ​គ្រប់​អាយុ​១២ ឆ្នាំ ។ សមាជិក​ម្នាក់​អាច​ទទួលអំណោយទាន​ពិសិដ្ឋប្រសិន​បើគាត់​មាន​អាយុ​យ៉ាង​តិចណាស់ ១៨ ឆ្នាំ បាន​ក្លាយ​ជា​សមាជិក​នៃ​សាសនាចក្រ​យ៉ាង​ហោច​ណាស់​មួយឆ្នាំ ហើយ​មាន​បំណង​ចង់​ធ្វើ និង​រក្សា​សេចក្ដី​សញ្ញា​នៃ​ព្រះវិហារ​បរិសុទ្ធ ( សូមមើល ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ២៧.២.២​នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់​ដែល​បាន​ទទួល​អំណោយ​ទាន​ពិសិដ្ឋ​នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ​រួច​ហើយ អាច​ផ្សារភ្ជាប់ ( រៀប​អាពាហ៍ពិពាហ៍ ) សម្រាប់​ជីវិត​អស់​កល្ប​ជានិច្ច​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​បាន ។

សេចក្ដី​សញ្ញា និង​ពិធីបរិសុទ្ធ

អ្នក​នឹង​ធ្វើ​សេចក្តី​សញ្ញា និង​ទទួល​បាន​ពិធី​បរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ « ការចូល​ទៅក្នុង​ទំនាក់ទំនង​នៃ​សេចក្តីសញ្ញា​ជាមួយ​ព្រះ ចងភ្ជាប់​យើង​ទៅ​នឹង​ទ្រង់ តាម​របៀប​មួយ​ដែល​ធ្វើ​ឲ្យអ្វីៗ​គ្រប់​យ៉ាងអំពី​ជីវិត​កាន់តែ​មាន​ភាពងាយស្រួល » ( រ័សុល អិម ណិលសុន« ឈ្នះ​លោកិយ ហើយ​បាន​សេចក្តី​សម្រាក »លីអាហូណាខែ វិច្ឆិកា ឆ្នាំ ២០២២ ទំព័រ ៩៧ ) ។ ពិធីបរិសុទ្ធ​គឺជា​កិច្ចការ​ដ៏ពិសិដ្ឋ​មួយ​ដែល​បាន​ធ្វើឡើង​ដោយ​សិទ្ធិ​អំណាច បព្វជិតភាព ។ ពិធី​បរិសុទ្ធ​មាន​អត្ថន័យ​ខាង​វិញ្ញាណ​ដ៏​ជ្រាល​ជ្រៅ ។ ឧទាហរណ៍ នៅ​ពេល​អ្នក​ចូល​រួម​ក្នុង​ពិធី​បរិសុទ្ធ​នោះ អ្នក​បង្ហាញ​ព្រះ​ថា​អ្នក​មាន​ឆន្ទៈ​ទទួល និង​រក្សា​សេចក្ដី​សញ្ញា​របស់​ទ្រង់ ។

ការ​រៀបចំ​ផ្ទាល់ខ្លួន

សូម​រៀបចំខ្លួន​ខាង​វិញ្ញាណ ដោយ​ការធ្វើ​តាម​ការ​បង្រៀន​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ហើយ​រក្សា​សេចក្ដី​សញ្ញា​ដែល​អ្នក​បាន​ធ្វើ​ជាមួយនឹង​ព្រះ​នៅឯ​ពិធី​បុណ្យ​ជ្រមុជ​ទឹក ។ អ្នក​ក៏អាច​សិក្សា​ធនធាន​សាសនាចក្រ​ដូចជា​ព្រះគម្ពីរ និង​សុន្ទរកថា​ក្នុង​សន្និសីទ​ទូទៅ​បាន​ផងដែរ ។ នៅក្នុង​គេហទំព័រTemples.ChurchofJesusChrist.org ផ្តល់ព័ត៌​មាន​អំពីអ្វី​ដែល​រំពឹង​ទុក ពេល​អ្នក​ចូលរួម​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ វាក៏​រួម​បញ្ចូល​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត អំពី​សេចក្ដី​សញ្ញា​នៃ​ព្រះវិហារ​បរិសុទ្ធ ពិធីបរិសុទ្ធ និង​និមិត្ត​សញ្ញា​ផងដែរ ។

រូបភាព
ខាងក្រៅ​ព្រះវិហារ​បរិសុទ្ធ ណៅវូ អិលលីណោយ

រូបថត​ព្រះវិហារ​បរិសុទ្ធ ណៅវូ អិលលីណោយ ដោយ អេវ៉ា ធូហ្វ

និមិត្ត​សញ្ញា

ព្រះ​អម្ចាស់​តែង​បង្រៀន​ដោយ​ប្រើ​និមិត្ត​សញ្ញា ។ ឧទាហរណ៍ ពិធីបុណ្យ​ជ្រមុជទឹក—ត្រូវ​មុជចុះ​ក្នុងទឹក ហើយ​ងើប​ឡើង​ម្តង​ទៀត—គឺប្រៀប​ដូចជា​រូបកាយ​ចាស់​របស់​អ្នក​ត្រូវ​ស្លាប់ ហើយ​រូបកាយ​ថ្មី​របស់​អ្នក​កំពុង​កើត​ឡើងវិញ ( សូមមើល រ៉ូម​៦:៣–៦ ) ។ ពិធី​បរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ​ចង្អុល​ទៅ​ព្រះ​យេស៊ូវ​គ្រីស្ទ និង​ដង្វាយ​ធួន​របស់​ទ្រង់ ។ វា​ប្រហែល​ជា​ពិបាក​យល់​អំពី​និមិត្ត​សញ្ញា​ទាំងអស់នៅពេល​អ្នក​ចូល​រួម​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ជាលើកដំបូង ប៉ុន្តែ​អ្នក​អាច​បន្ត​រៀន​នៅពេល​អ្នក​ត្រឡប់​ទៅ​ព្រះវិហារ​បរិសុទ្ធ​វិញ​ពេញ​មួយ​ជីវិត​របស់​អ្នក ។

ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ

ដើម្បី​ចូល​ទៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​អ្នក​ត្រូវ​រៀបចំ​ខ្លួន និង​មានភាព​សក្ដិសម ។ អ្នក​អាច​ទទួល​បាន​អនុសាសន៍​ឲ្យ​ចូល​ទៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ បន្ទាប់​ពី​សម្ភាសន៍​ជាមួយ​ប៊ីស្សព ឬ​ប្រធាន​សាខា​របស់​អ្នក និង​ជាមួយ​ប្រធាន​ស្តេក ឬ​ប្រធាន​បេសកកម្ម ។ អ្នក​ដឹកនាំ​ទាំង​នេះ​នឹង​សួរ​សំណួរ​មួយ​ចំនួន ដើម្បី​ប្រាកដ​ថា​អ្នក​កំពុង​រស់​នៅ​ក្នុង​ដំណឹង​ល្អ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ។ ថ្នាក់​ដឹកនាំ​របស់​អ្នក​អាច​និយាយ​ជាមួយ​អ្នក​អំពី​សំណួរ​ទាំង​នេះ​ជាមុន ។

ការ​ត្រឡប់​ទៅ​ព្រះវិហារ​បរិសុទ្ធ​វិញ​សម្រាប់​បុព្វការី​ជន​របស់​អ្នក

ព្រះ​វរបិតា​សួគ៌​ចង់​ឲ្យ​កូន​ចៅ​ទាំង​អស់​របស់​ទ្រង់​ធ្វើ​សេចក្ដី​សញ្ញា​ជា​មួយនឹង​ទ្រង់ ហើយ​ទទួល​បាន​ពិធី​បរិសុទ្ធ​ពិសិដ្ឋ ។ ពិធី​បរិសុទ្ធ​ទាំង​នេះ​ដូចជា​ពិធីបុណ្យ​ជ្រមុជ​ទឹក និង​អំណោយទាន​ពិសិដ្ឋ ត្រូវ​ធ្វើ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ សម្រាប់​មរណជនដែល​បាន​ចែកឋានដោយ​មិន​បាន​ទទួល​ដំណឹងល្អ​ទេ ។ អ្នក​អាច​ត្រឡប់​ទៅ​ព្រះវិហារ​បរិសុទ្ធ​វិញ ដើម្បី​ធ្វើ​ពិធី​បរិសុទ្ធ​សម្រាប់​សមាជិក​គ្រួសារ​ដែល​បាន​ចែកឋាន ទៅ​ហើយ​របស់​អ្នក ។

បោះពុម្ព