លីអាហូណា
យើង​ត្រូវ​បាន​ហៅ​ឲ្យ​ធ្វើ​ល្អ
ខែ មិថុនា ឆ្នាំ ២០២៤


« យើង​ត្រូវ​បាន​ហៅ​ឲ្យ​ធ្វើ​ល្អ » លីអាហូណា ខែ មិថុនា ឆ្នាំ ២០២៤ ។

សារលិខិត លីអាហូណា ប្រចាំ​ខែ មិថុនា ឆ្នាំ ២០២៤

យើង​ត្រូវ​បាន​ហៅ​ឲ្យ​ធ្វើ​ល្អ

យើង​កសាង​នគរ​នៃ​ព្រះ​ពេល​យើង​បម្រើ​អ្នក​ដទៃ កាន់​ពន្លឺ​របស់​យើង​ឡើង និង​ឈរ​ដើម្បី​សេរីភាព​ខាង​សាសនា ។

គេឌាន​បាន​ដឹង​ពី​គោលលទ្ធិ​ក្លែង​ក្លាយ​នៅ​ពេល​គាត់​ឮ​វា ។ លោក​ធ្លាប់​ឮ​វា​ពី​មុន​មក​ពី​ស្តេច​ណូអេ និង​ពួក​សង្ឃ​របស់​ទ្រង់—ពួក​សង្ឃ​ដែល « បាន​លើក​ខ្លួន​ឡើងក្នុង​ការឆ្មើងឆ្មៃ​នៃ​ចិត្ត​របស់​គេ » ហើយ​ដែល « បាន​ទទួល​ការគាំទ្រ​ក្នុង​ការខ្ជិល​ច្រអូស​របស់​គេ និង​ការថ្វាយ​បង្គំ​រូប​ព្រះ និង​អំពើ​សហាយស្មន់​ទាំង​ឡាយ​របស់​គេ ដោយ​ពន្ធដារ​ដែល​ស្ដេច​ណូអេ​បាន​ដក​យក​ពី​ប្រជាជន​របស់​ទ្រង់ » ( ម៉ូសាយ ១១:៥–៦ ) ។

អាក្រក់​ជាង​នេះ​ទៅ​ទៀត ស្តេច​ណូអេ​បាន​សម្លាប់​ព្យាការី​អ័ប៊ីណាដៃ ហើយ​បាន​ព្យាយាម​បំផ្លាញ​អាលម៉ា និង​ពួក​អ្នក​ប្រែចិត្ត​ជឿ​របស់​លោក ( សូមមើល ម៉ូសាយ ១៧; ១៨:៣៣–៣៤ ) ។ ដើម្បី​បញ្ចប់​អំពើ​ទុច្ចរិត​បែប​នេះ គេឌាន​បាន​សច្ចា​ថា​នឹង​បញ្ឈប់​ស្ដេច​នោះ​ឲ្យ​បាន ដែល​លោក​បាន​ទុក​ជីវិត​ឲ្យ​ដោយសារ​តែ​ការឈ្លានពាន​របស់​ពួកសាសន៍​លេមិន​ប៉ុណ្ណោះ ( សូមមើល ម៉ូសាយ ១៩:៤–៨ ) ។

ក្រោយមក គេឌាន​បាន​ស្តីបន្ទោស​យ៉ាង​ត្រឹមត្រូវ​ដល់​ពួកសង្ឃ​របស់​ស្ដេច​ណូអេ​ដែល​បាន​ចាប់យក​កូនស្រី​សាសន៍​លេមិន ២៤ នាក់ ។ លោក​បាន​សង្កេត​ឃើញ​ថា ការព្យាករ​របស់​អ័ប៊ីណាដៃ​ទាស់​នឹង​ប្រជាជន​បាន​បំពេញ ដោយសារ​តែ​ពួកគេ​បាន​បដិសេធ​មិន​ប្រែ​ចិត្ត ។ ( សូមមើល ម៉ូសាយ ២០:១៧–២២ ) ។ លោក​បាន​ជួយ​រំដោះ​ប្រជាជន​លិមហៃ ដែល​នៅក្នុង​សេវកភាព​របស់​ពួកសាសន៍​លេមិន ( សូម​មើល ម៉ូសាយ ២២:៣–៩ ) ។

ឥឡូវ​នេះ ដោយ​មាន​វ័យ​ចំណាស់ គេឌាន​បាន​ប្រឈម​មុខ​ប្រឆាំង​នឹង​ភាពឆ្មើងឆ្មៃ និង​អំពើ​ទុច្ចរិត​ជា​ថ្មី​ម្តង​ទៀត នៅ​ពេល​ដែល​លោក​ឈរ​នៅ​ចំពោះ​មុខ​នីហូរ ដែល​ណែនាំ​ឲ្យ​មាន​ឧបាយកល​ផ្នែក​សង្ឃ​ក្នុង​ចំណោម​ប្រជាជន ។ នីហូរ​បាន « ធ្វើការ​ទាស់​នឹង​សាសនាចក្រ » ហើយ​ព្យាយាម​ដឹកនាំ​ប្រជាជន​ឲ្យ​វង្វេង ។ ( សូមមើល អាលម៉ា ១:៣, ៧, ១២; សូមមើល​ផងដែរ នីហ្វៃទី២ ២៦:២៩ ) ។

ដោយ​ប្រើ​ព្រះបន្ទូល​របស់​ព្រះ​ជា​អាវុធ​របស់​លោក នោះ​គេឌាន​បាន​ព្រមាន​ដាស់តឿន​នីហូរ​អំពី​សេចក្ដី​ទុច្ចរិត​របស់​លោក ។ ដោយ​កំហឹងខឹង នីហូរ​បានវាយ​ប្រហារ និង​សម្លាប់​គេឌាន​ដោយ​ដាវ​របស់​គាត់ ។ ( សូមមើល អាលម៉ា ១:៧–៩ ) ។ តាម​របៀប​នេះ ក៏​បាន​បញ្ចប់​ជីវិត « បុរស​សុចរិត » ម្នាក់ ដែល « ធ្លាប់​បាន​ធ្វើ​ការណ៍​ល្អ​ជាច្រើន​នៅ​ក្នុង​ចំណោម​ប្រជាជន » ( អាលម៉ា ១:១៣ ) ។

ថ្ងៃ​ចុង​ក្រោយ​ដែល​យើង​រស់នៅ​នេះ​ ផ្ដល់​ឱកាស​ជា​ច្រើន​ឲ្យ​យើង​ធ្វើ​ត្រាប់​តាម​គេឌាន​ជា « គ្រឿង​ឧបករណ៍​មួយ​នៅ​ក្នុង​ព្រះហស្ត​នៃ​ព្រះ » ( អាលម៉ា ១:៨ ) ដោយ « យក​មក​ប្រើការ » ( ម៉ូសាយ ២២:៤ ) ដល់​អ្នក​ដទៃ ឈរ​ដើម្បី​ភាពសុចរិត ហើយ​តស៊ូ​នឹង​ការគម្រាម​កំហែង​ដល់​សេរីភាព​របស់​យើង​ក្នុង​ការថ្វាយ​បង្គំ និង​បម្រើ​ព្រះ ។ នៅ​ពេល​ដែល​យើង​ធ្វើ​តាម​គំរូ​ដ៏​ស្មោះត្រង់​របស់​គេឌាន នោះ​យើង​ក៏​អាច​ធ្វើ​ការណ៍​ល្អ​ជាច្រើន​ផងដែរ ។

រូបភាព
ស្ត្រី​កាន់​ថាស​ម្ហូប​ឈរ​ក្បែរ​ស្ត្រី​ម្នាក់​ទៀត​ដែល​សម្រាក​នៅ​លើ​គ្រែ

រួបរួមគ្នា​ក្នុង​ការបម្រើ

គណៈប្រធាន​ទីមួយ​បាន​មាន​ប្រសាសន៍​ថា ៖ « ក្នុងនាម​ជា​អ្នក​ដើរតាម [ របស់​ព្រះអង្គ​សង្គ្រោះ ] យើង​ព្យាយាម​ស្រឡាញ់​ព្រះ និង​អ្នកជិតខាង​របស់​យើង​នៅ​ទូទាំង​ពិភពលោក ។ « សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​មាន​បំណង​យ៉ាង​ខ្លាំង​ក្នុង​ការផ្ដល់​ពរជ័យ​ដល់​អ្នក​ដទៃ និង​ជួយ​អ្នក​ដែល​ខ្វះខាត ។ យើង​មាន​ពរជ័យ​ដែល​មាន​សមត្ថភាព ធនធាន និង​ទទួល​ការទុកចិត្ត​លើ​ទំនាក់ទំនង​ជា​សកល ដើម្បី​អនុវត្ត​ការទទួល​ខុសត្រូវ​ដ៏​ពិសិដ្ឋ​នេះ » ។

ខ្ញុំ​មាន​អំណរគុណ​ចំពោះ​ការបម្រើ និង​ការងារ​បម្រើ​ដែល​គ្មាន​ភាពអាត្មានិយម​ដែល​សមាជិក​សាសនាចក្រ​ផ្ដល់​ជូន​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់​យើង និង​នៅ​ក្នុង​វួដ សាខា និង​ស្តេក​របស់​ពួកគេ ។ ខ្ញុំ​ក៏​មាន​អំណរគុណ​ផងដែរ ដែល​សមាជិក​សាសនាចក្រ​បម្រើ​នៅក្នុង​សហគមន៍ អង្គការ​អប់រំ និង​អង្គការ​សប្បុរសធម៌​រាប់​មិន​អស់ ហើយ​ដែល​ពួកគេ​ចូលរួម​ក្នុង​គម្រោង​មនុស្សធម៌​រាប់​ពាន់​ជា​រៀងរាល់​ឆ្នាំ ស្ម័គ្រចិត្ត​រាប់​លាន​ម៉ោង​នៅ​ក្នុង​ប្រទេស និង​ទឹកដី​ជិត ២០០ ។

វិធី​មួយ​ដែល​សាសនាចក្រ​ពង្រីក​ឱកាស​បម្រើ​នៅ​ក្នុង​ប្រទេស​ជា​ច្រើន​គឺ​តាម​រយៈ JustServe.org ។ ឧបត្ថម្ភ​ដោយ​សាសនាចក្រ ប៉ុន្តែ​ប្រើបាន​សម្រាប់​មនុស្ស​គ្រប់គ្នា​ដែល​ចង់​ផ្ដល់​ពរជ័យដល់​អ្នក​ដទៃ​ទៀត JustServe.org « ភ្ជាប់​តម្រូវការ​អ្នកស្ម័គ្រចិត្ត​ក្នុង​សហគមន៍​ជាមួយ​អ្នកស្ម័គ្រចិត្ត » ដែល « បង្កើន​គុណភាព​ជីវិត​នៅ​ក្នុង​សហគមន៍ » ។

សាសនាចក្រ និង​សមាជិក​របស់​ខ្លួន​ក៏​បាន​រួម​គ្នា​ជាមួយ​អង្គការ​ដែល​ផ្ដល់​ការបម្រើ​នៅ​ទូទាំង​ពិភព​លោក​ផង​ដែរ ។ ដោយសារ​សមាជិក​របស់​ខ្លួន សាសនាចក្រ​គឺ​ជា « អ្នក​បរិច្ចាគ​ឈាម​ដល់​កាកបាទ​ក្រហម​ធំ​ជាង​គេ​បំផុត​នៅ​ឆ្នាំ ២០២២ » ។ បន្ថែម​​ពី​លើ​​នេះ​ទៀត កាលពី​ពេល​ថ្មីៗ​នេះ សាសនាចក្រ​បាន​ធ្វើ​ការបរិច្ចាគ​ទឹកប្រាក់ ៨,៧ លាន​ដុល្លារ​ដល់​កាកបាទ​ក្រហម ។

សាសនាចក្រ​ក៏​បាន​ចូលរួម​ជាមួយ​អង្គការ​នានា​ដើម្បី​នាំ​យក​គម្រោង​ទឹក​ស្អាត និង​អនាម័យ​ទៅ​តំបន់​នានា​ទូទាំង​ពិភពលោក​ផង​ដែរ ។ នៅ​ឆ្នាំ ២០២២ សាសនាចក្រ​បាន​ចូលរួម​ក្នុង​គម្រោង​បែបនេះ​ចំនួន ១៥៦ គម្រោង ។ យើង​ក៏​សហការ​ជាមួយ និង​បរិច្ចាគ​ដល់​ភ្នាក់ងារ​ផ្សេងៗ​ទៀត​ដែល​នាំ​មក​នូវ​ការជួយ​សង្គ្រោះ​ដល់​បុត្រា​បុត្រី​របស់​ព្រះ​ដែល​រងទុក្ខ​ផងដែរ ។

ប្រធាន ហែនរី ប៊ី អាវរិង ទីប្រឹក្សា​ទី​ពីរ​នៅ​ក្នុង​គណៈប្រធាន​ទី​មួយ បាន​មាន​ប្រសាសន៍ ៖ « នៅ​ពេល​ដែល​យើង​រួមគ្នា​បម្រើ​មនុស្ស​ដែល​ខ្វះខាត នោះ​ព្រះអម្ចាស់​រួបរួម​ចិត្ត​យើង » ។

រូបភាព
ដៃ​ក្បង់​ពន្លឺ​ព្រះអាទិត្យ

ចូរ​លើក​ពន្លឺ​របស់​អ្នករាល់គ្នា​ឡើង

ក្នុង​នាម​ជា​សិស្ស​របស់​ព្រះអង្គ​សង្រ្គោះ យើង​ក៏​ផ្ដល់​ពរជ័យ​ដល់​អ្នក​ជិត​ខាង​របស់​យើង​ផងដែរ នៅ​ពេល​យើង​រក្សា​សេចក្ដី​សញ្ញា​របស់​យើង ហើយ​រស់នៅ​ក្នុង​ជីវិត​ដូច​ព្រះគ្រីស្ទ ។ ព្រះគម្ពីរ​មរមន​បង្រៀន​ថា « ប្រជាជន​នៃ​សាសនាចក្រ » មិន​ត្រឹមតែ​ត្រូវ​ជ្រើសរើស​ភាពសុចរិត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ធ្វើ​ឲ្យ​សំឡេង​សុចរិត​របស់​ពួកគេ​បាន​ឮ ប្រសិន​បើ​ពួកគេ​ចង់​ឲ្យ​ព្រះអម្ចាស់​ការពារ និង​ចម្រើន​ពួកគេ​ឡើង ( សូមមើល អាលម៉ា ២:៣–៧; សូមមើល​ផងដែរ ម៉ូសាយ ២៩:២៧ ) ។ ព្រះអម្ចាស់​រំពឹង​ឲ្យ​យើង​ចែកចាយ​សេចក្ដី​ជំនឿ និង​ការជឿ​របស់​យើង ហើយ​លើក​ពន្លឺ​របស់​យើង​ឡើង ។ « មើល​ចុះ​យើង​ជា​ពន្លឺ​ដែល​អ្នក​រាល់គ្នា​នឹង​លើក​ឡើង » ( នីហ្វៃទី៣ ១៨:២៤ ) ។

ប្រធាន ដាល្លិន អេក អូក ទីប្រឹក្សា​ទី​មួយ​នៅ​ក្នុង​គណៈប្រធាន​ទី​មួយ បាន​មាន​ប្រសាសន៍ ៖ « យើង​មិន​បម្រើ​ព្រះអង្គ​សង្គ្រោះ​របស់​យើង​បាន​ល្អ​ទេ ប្រសិន​បើ​យើង​ខ្លាច​មនុស្ស​ច្រើន​ជាង​ព្រះ​នោះ » ។ លោក​បាន​បន្ថែម ៖ « យើង​ត្រូវ​បាន​ហៅ​ឲ្យ​ស្ថាបនា​បទដ្ឋាន​របស់​ព្រះអម្ចាស់ មិន​មែន​ធ្វើ​តាម​បទដ្ឋាន​របស់​លោកិយ​នោះ​ទេ » ។

មិន​ថា​នៅ​សាលា កន្លែង​ធ្វើការ ឬ​លេង នៅ​ពេល​វិស្សមកាល ការណាត់ជួប ឬ​តាម​អ៊ីនធឺណិត​ទេ ពួក​សិស្ស​របស់​ព្រះអម្ចាស់​មិន « មាន​ការអៀនខ្មាស​ក្នុង​ការ​លើក​ដាក់​លើ​ខ្លួន​នូវ​ព្រះ​នាម​នៃ​ព្រះ​គ្រីស្ទ » ឡើយ ( អាលម៉ា ៤៦:២១ ) ។ តាមរយៈ​ពាក្យ​សម្តី និង​កិច្ចការ​របស់​យើង យើង​ធ្វើ​ជា​សាក្សី​ថា ព្រះ​មាន​ព្រះជន្ម​រស់ ហើយ​ថា​យើង​ធ្វើ​តាម​ព្រះ​រាជបុត្រា​របស់​ទ្រង់ ។

« សេចក្ដី​ជំនឿ​របស់​យើង​មិន​ត្រូវ​បាន​បែង​ចែក ឬ​វា​ពិត​ជា​មិន​គួរ​ត្រូវបាន​បែងចែក​នោះ​ទេ ។ សេចក្ដី​ជំនឿ​មិនមែន​គ្រាន់តែ​សម្រាប់​សាសនាចក្រ​ទេ វា​ក៏​មិនមែន​គ្រាន់តែ​សម្រាប់​ផ្ទះ​ប៉ុណ្ណោះ​ដែរ វា​ក៏​មិនមែន​គ្រាន់តែ​សម្រាប់ [ សាលា ] ប៉ុណ្ណោះ​ដែរ សេចក្ដី​ជំនឿ​គឺ​សម្រាប់​អ្វីៗ​គ្រប់​យ៉ាង​ដែល​អ្នក​ធ្វើ » ។ នេះ​បើតាម​ការសង្កេត​របស់ ប៉ុល ឡាំបឺត ជា​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​មួយ​រូប​ដែល​ជា​អ្នក​ជំនាញ​ខាង​ពហុសាសនា ។

យើង​មិន​ដឹង​ពី​ឥទ្ធិពល​ដែល​ទីបន្ទាល់​របស់​យើង​អាច​មាន​ទៅ​លើ​អ្នក​ដទៃ​នោះ​ទេ ទាំង​គំរូ​ល្អ និង​ទង្វើ​ល្អ ។ ប៉ុន្តែ​នៅ​ពេល​យើង​ឈរ​ដើម្បី​អ្វី​ដែល​ត្រឹមត្រូវ ហើយ​លើក​ពន្លឺ​របស់​ព្រះអង្គ​សង្គ្រោះ​ឡើង នោះ​មនុស្ស​នឹង​កត់​សម្គាល់​ឃើញ​យើង ហើយ​ស្ថានសួគ៌​នឹង​គាំទ្រ​យើង ។

រូបភាព
ស្ត្រី​ឈរ​ខាងក្រៅ​ព្រះវិហារ​បរិសុទ្ធ

ឈរ​ដើម្បី​​សេរីភាព​ខាង​សាសនា

ឧបាយកល​ផ្នែក​សង្ឃ​សព្វ​ថ្ងៃ​នេះ ដែល​មាន​សង្គម​ខាង​លោកិយ​កាន់តែ​មាន​ប្រជាប្រិយភាព​ប្រឆាំង​នឹង​មនុស្ស​ដែល​មាន​សេចក្ដី​ជំនឿ គឺ​មិន​ខុស​គ្នា​ខ្លាំង​ពី​សម័យ​ព្រះគម្ពីរ​មរមន​នោះ​ទេ ។ សំឡេង​របស់​ពួកអ្នក​ដែល​ប្រឆាំង​នឹង​តួនាទី​ដ៏​សំខាន់​របស់​សាសនា​នៅ​លើ​ឆាក​សាធារណៈ និង​នយោបាយ​គឺ​កំពុង​តែ​មាន​ឮ​ខ្លាំង​ឡើង ។ បុគ្គល​មិន​ជឿ​សាសនា និង​រដ្ឋាភិបាល រួម​ទាំង​សាលា​រៀន និង​សាកល​វិទ្យាល័យ​ជាច្រើន​កំពុង​តែ​ជំរុញ​ឲ្យ​មាន​ការប្រព្រឹត្ត និង​ផ្សព្វផ្សាយ​ឲ្យ​មាន​អំពើ​អសីលធម៌ ការមិនជឿលើសាសនា និងទស្សនៈ​ជ្រុលនិយម ។

ការវាយ​ប្រហារ​ទៅ​លើ​សេរីភាព​ខាង​សាសនា​នឹង​ទទួល​បាន​ជោគជ័យ ប្រសិន​បើ​យើង​មិន​ក្រោក​ឈរ​ដើម្បី​សិទ្ធិ​ជឿ​លើ​សាសនា​របស់​យើង ។ ខ្ញុំ​បាន​បង្រៀន​ក្នុង​ពេល​ថ្មីៗ​នេះ​ថា « ក្នុង​នាម​ជា​សាសនាចក្រ​មួយ យើង​ចូលរួម​ជាមួយ​សាសនា​ដទៃ​ដើម្បី​ការពារ​មនុស្ស​មក​ពី​គ្រប់​ជំនឿ និង​ ការជឿ​ទាំងអស់​ និង​សិទ្ធិ​ក្នុង​ការនិយាយ​អំពី​ជំនឿ​ស៊ប់​របស់​ពួកគេ » ។១០

សង្គ្រាម​នៅ​ស្ថានសួគ៌​ត្រូវបាន​ប្រយុទ្ធគ្នា​ដើម្បី​សិទ្ធិ​ជ្រើសរើស​ខាង​សីលធម៌—សេរីភាព​របស់​យើង​ដើម្បី​ជ្រើសរើស ។ ដើម្បី​រក្សា​សិទ្ធិ​ជ្រើសរើស​របស់​យើង គឺ​តម្រូវ​ឲ្យ​យើង​មាន​ភាពឧស្សាហ៍​ព្យាយាម​ក្នុង​ការការពារ​សេរីភាព​ខាង​សាសនា​របស់​យើង ។

សេចក្ដី​ជំនឿ​ខាង​សាសនា​ដ៏​រស់​រវើក​ពង្រឹង និង​ការពារ​ក្រុមគ្រួសារ សហគមន៍ និង​ជាតិ​សាសន៍​ទាំងឡាយ ។ វា​ធ្វើ​ឲ្យ​មាន​ការគោរព​ច្បាប់ បណ្ដុះ​នូវ​ការគោរព​ចំពោះ​ជីវិត និង​ទ្រព្យសម្បត្តិ ហើយ​បង្រៀន​សប្បុរសធម៌ ភាពស្មោះត្រង់ និង​សីលធម៌—គុណធម៌​ដែល​ត្រូវការ​ដើម្បី​បន្ត​បង្កើត​សង្គម​ដែល​យុត្តិធម៌ សេរី និង​ស៊ីវិល ។ យើង​មិន​ត្រូវ​សុំទោស​ដោយសារ​សេចក្ដី​ជំនឿ​របស់​យើង​ឡើយ ។

ការខិតខំ​របស់​អ្នកផ្សព្វផ្សាយ​សាសនា​របស់​យើង កិច្ចការ​ជំនួស​របស់​យើង​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ការខិតខំ​របស់​យើង​ក្នុង​ការកសាង​នគរ​នៃ​ព្រះ និង​សុភមង្គល​របស់​យើង​តម្រូវ​ឲ្យ​យើង​ក្រោកឈរ​ឡើង​ដើម្បី​សេចក្ដី​ជំនឿ និង​សេរីភាព​ខាង​សាសនា ។ យើង​មិន​អាច​បាត់បង់​សេរីភាព​នោះ ដោយ​មិន​បាត់បង់​សេរីភាព​ផ្សេងៗ​ទៀត​បាន​ឡើយ ។

ព្យាការី យ៉ូសែប ស៊្មីធ បាន​បង្រៀន​ថា « នេះ​ជា​ក្ដីស្រឡាញ់​នៃ​សេរីភាព​ដែល​បំផុស​គំនិត​ព្រលឹង​ខ្ញុំ—គឺ​សេរីភាព​ខាង​សង្គម​ស៊ីវិល និង​ខាង​សាសនា​ចំពោះ​ពូជសាសន៍​មនុស្ស​ទាំងពួង » ។១១ សេរីភាព​ខាង​សាសនា​ក៏​នឹង​បំផុស​គំនិត​ដល់​ព្រលឹង យើង ផងដែរ នៅ​ពេល​យើង​ធ្វើ​តាម​ដំបូន្មាន​ពី​ថ្នាក់ដឹកនាំ​សាសនាចក្រ ៖

  • « តាមដាន​ព័ត៌មាន​អំពី​បញ្ហា​សំខាន់ៗ​ជា​សាធារណៈ ហើយ​បន្ទាប់​មក​និយាយ​ដោយ​ក្លាហាន និង​ការគួរសម » ។១២

  • « សូម​ទទួល​ស្គាល់​ថា​ការសាប​រលាប​នៃ​សេរីភាព​ខាង​សាសនា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ឱកាស​របស់​យើង​ក្នុង​ការរីក​ចម្រើន​ក្នុង​កម្លាំង និង​ចំណេះដឹង​អំពី​ដំណឹងល្អ ក្នុង​ការទទួល​បាន​ពរជ័យ​ពី​បទបញ្ញត្តិ​ដ៏​ពិសិដ្ឋ និង​ក្នុង​ការពឹង​ផ្អែក​លើ​ព្រះអម្ចាស់​ដើម្បី​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់ » ។១៣

  • « ចូរ​ក្រោកឈរ​ឡើង ហើយ​និយាយ​បញ្ជាក់​ថា មាន​ព្រះ​មែន ហើយ​ថា​មាន​សេចក្ដីពិត​ទាំងស្រុង​ដែល​បទបញ្ញត្តិ​របស់​ទ្រង់​បង្កើត​ឡើង » ។១៤

  • « ច្បាប់​ដែល​អាច​បង្ក​​ឲ្យ​សេរីភាព​ក្នុង​ការអនុវត្ត​សេចក្ដី​ជំនឿ​របស់​យើង​ត្រូវ​ចុះ​អន់ថយ » ។១៥

  • « ចូរ​ចូល​ទៅ​ក្នុង​លោកិយ​ដើម្បី​ធ្វើ​ល្អ ស្ថាបនា​សេចក្ដី​ជំនឿ​ទៅ​លើ​ព្រះ​ដ៏​មាន​មហិទ្ធិឫទ្ធិ ហើយ​ដើម្បី​ជួយ​នាំ​អ្នក​ដទៃ​ទៅ​កាន់​ទីកន្លែង​ដែល​មាន​សុភមង្គល​ជាង​មុន » ។១៦

  • ធនធាន​សិក្សា​នៅ​គេហទំព័រ religiousfreedom.ChurchofJesusChrist.org និង religiousfreedomlibrary.org/documents ។

យើង​កសាង​នគរ​នៃ​ព្រះ ពេល​យើង​បម្រើ លើក​ពន្លឺ​របស់​យើង​ឡើយ ហើយ​ឈរ​ដើម្បីសេរីភាព​ខាង​សាសនា ។ សូម​ព្រះអម្ចាស់​ប្រទាន​ពរ​ដល់​យើង​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​យើង​ដើម្បី​ធ្វើ « ការណ៍​ល្អ​ជាច្រើន » ក្នុង​ចំណោម​ក្រុមគ្រួសារ សហគមន៍ និង​ប្រជាជាតិ​របស់​យើង ។

កំណត់​ចំណាំ

  1. « A Message from the First Presidency » នៅក្នុង Caring for Those in Need: 2022 Annual Report of The Church of Jesus Christ of Latter-day Saints ទំព័រ ៣ នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

  2. សូមមើល Caring for Those in Need: 2022 Annual Report ទំព័រ ៤ នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

  3. Justserve.org/about ។ JustServe សកម្ម​នៅក្នុង ១៧ ប្រទេស ។ មនុស្ស និង​អង្គការ​រាប់​ពាន់​កំពុង​ទទួល​ពរជ័យ​តាម​រយៈ​ការផ្តួចផ្តើម​នេះ ។

  4. សូមមើល Kaitlyn Bancroft « Church Donates $8.7 M as Part of Red Cross Collaboration » Church News ថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០២៣ ទំព័រ ២៣ ។

  5. សូមមើល Mary Richards « Church Joins with Groups around the World to Tap into the Gift of Water » Church News ថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០២៣ ទំព័រ ១២ ។

  6. សូមមើល ដាល្លិន អេក អូក « ការជួយ​ដល់​ជនក្រីក្រ​និង​អ្នក​មាន​ទុក្ខលំបាក » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០២២ ទំព័រ ៦–៨ ។

  7. ហិនរី ប៊ី អាវរិង « Opportunities to Do Good » Liahona ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ២៥ ។

  8. ដាល្លិន អេក អូក « Unselfish Service » Liahona ខែ ឧសភា ឆ្នាំ ២០០៩ ទំព័រ ៩៤–៩៥ ។

  9. Paul Lambert នៅក្នុង Rachel Sterzer Gibson « Why Is There a Need for Faith in the Workplace? » Church News ថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០២៣ ទំព័រ ១៦ ។

  10. រ៉ូណល អេ រ៉ាសបាន « ព្យាបាល​⁠ពិភពលោក » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២២ ⁠ទំព័រ ៩២ ។

  11. ការបង្រៀន​របស់​ប្រធាន​សាសនាចក្រ ៖ យ៉ូសែប ស្ម៊ីធ ( ឆ្នាំ ២០១១ ) ទំព័រ ៣៤៥ ។

  12. ឌី ថត គ្រីស្តូហ្វឺសិន « Religious Freedom—A Cherished Heritage to Defend » ( សុន្ទរកថា​នៅ Freedom Festival Patriotic Service ទីក្រុង ប្រូវ៉ូ រដ្ឋ​យូថាហ៍ ថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០១៦ ) ទំព័រ ៥–៦ នៅលើ​គេហទំព័រ speeches.byu.edu ។

  13. រ៉ូណល អេ រ៉ាសបាន « Free to Choose » ( ការប្រជុំ​ធម្មនិដ្ឋាន​នៅ​សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០២០ ) ទំព័រ ៣ នៅលើ​គេហទំព័រ speeches.byu.edu ។

  14. ដាល្លិន អេក អូក « Truth and Tolerance » ( ការប្រជុំ​ធម្មនិដ្ឋាន​នៅ​សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ នៅថ្ងៃ​ទី ១១ ខែ កញ្ញា ឆ្នាំ ២០១១ ) ទំព័រ ២ នៅលើ​គេហទំព័រ speeches.byu.edu ។

  15. ដាល្លិន អេក អូក « Truth and Tolerance » ទំព័រ ៤ ។

  16. រ៉ូណល អេ រ៉ាសបាន « Free to Choose » ទំព័រ ៥ នៅលើ​គេហទំព័រ speeches.byu.edu ។

បោះពុម្ព