« អាលម៉ា ២០–២២ ៖ ‹ តើយើងត្រូវធ្វើអ្វីខ្លះដើម្បីឲ្យយើងបាន … ជីវិតដ៏នៅអស់កល្បជានិច្ច ? › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« អាលម៉ា ២០–២២ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
អាលម៉ា ២០–២២
« តើយើងត្រូវធ្វើអ្វីខ្លះដើម្បីឲ្យយើងបាន … ជីវិតដ៏នៅអស់កល្បជានិច្ច ?»
តើអ្វីអាចជួយអ្នកប្រាថ្នាចង់ធ្វើតាមព្រះច្រើនជាងអ្វីផ្សេងទៀត ? បិតារបស់ស្តេចឡាម៉ូណៃធ្លាប់ជាស្តេចទុច្ចរិត ប៉ុន្តែបន្ទាប់ពីបានរៀនសេចក្តីពិតសំខាន់ៗអំពីព្រះអង្គសង្គ្រោះ និងផែនការនៃសេចក្តីសង្គ្រោះរបស់ព្រះវរបិតាសួគ៌ បំណងប្រាថ្នារបស់ទ្រង់បានចាប់ផ្តើមផ្លាស់ប្តូរយ៉ាងខ្លាំង ។ មេរៀននេះអាចជួយអ្នកប្រាថ្នាចង់បានការណ៍នៃព្រះជាជាងអ្វីដែលពិភពលោកផ្ដល់ឲ្យ ។
តើអ្នកមានឆន្ទៈទេ ?
តើអ្នកធ្លាប់កត់សម្គាល់ថា កាលៈទេសៈខ្លះអាចមានឥទ្ធិពលលើឆន្ទៈរបស់អ្នកក្នុងការធ្វើអ្វីមួយ—ឬការមិនធ្វើអ្វីមួយដែរឬទេ ?
ឧទាហរណ៍ ៖ សូមគិតអំពីស្ថានភាពដែលអ្នកចង់ធ្វើដូចតទៅនេះ ។ រួចគិតអំពីកាលៈទេសៈដែលនឹងធ្វើឲ្យអ្នកមិនសូវមានឆន្ទៈធ្វើកិច្ចការទាំងនោះ ។
-
សម្អាតបន្ទប់គេងរបស់អ្នក ។
-
អានសៀវភៅ ។
-
ដើរចម្ងាយឆ្ងាយ ។
កិច្ចការជាក់លាក់មួយចំនួនដែលអាចជំរុញចិត្តយើងឲ្យធ្វើតាមព្រះ ។
សូមចំណាយពេលបន្តិចដើម្បីគិតអំពីបំណងប្រាថ្នារបស់អ្នកក្នុងការធ្វើតាមព្រះ ។ ប្រសិនបើអ្នកមានអារម្មណ៍ចង់ធ្វើតាមទ្រង់ តើអ្វីបានជួយអ្នកឲ្យទទួលអារម្មណ៍ថា មានបំណងប្រាថ្នានោះ ? ប្រសិនបើបច្ចុប្បន្ននេះ អ្នកគ្មានបំណងចង់ធ្វើតាមទ្រង់ តើអ្នកគិតថា អ្វីដែលរួមចំណែកដល់អារម្មណ៍ទាំងនោះ ?
ថ្ងៃនេះអ្នកនឹងរៀនអំពីបុរសម្នាក់ដែលគាត់មានបំណងប្រាថ្នាធ្វើតាមព្រះកាន់តែខ្លាំងក្នុងរយៈពេលដ៏ខ្លី ។ នៅពេលអ្នកសិក្សា សូមយកចិត្តទុកដាក់លើអ្វីដែលបណ្តាលឲ្យមានការផ្លាស់ប្តូរនេះ ។ សូមរកមើលការបង្រៀនដែលអាចជួយអ្នកឲ្យមានបំណងប្រាថ្នាកាន់តែខ្លាំងដើម្បីធ្វើតាមព្រះ ហើយទទួលពរជ័យដែលមានតែទ្រង់ប៉ុណ្ណោះដែលអាចប្រទានឲ្យអ្នកបាន ។
អាំម៉ូន និងឡាម៉ូណៃបានជួបបិតារបស់ឡាម៉ូណៃ
កាលអាំម៉ូនកំពុងបម្រើ និងបង្រៀនប្រជាជនរបស់ស្ដេចឡាម៉ូណៃនៅដែនដីអ៊ីសម៉ាអែល ព្រះអម្ចាស់បានបើកសម្ដែងដល់អាំម៉ូនថា អើរ៉ុន និងអ្នកផ្សេងទៀតពីក្រុមរបស់ពួកទ្រង់ត្រូវបានចាប់ដាក់គុកនៅដែនដីមិឌដូណៃ ។ អាំម៉ូន និងស្តេចបានរៀបចំផែនការធ្វើដំណើរទៅទីនោះ ដើម្បីរំដោះអើរ៉ុន និងអ្នកដទៃទៀត ។ នៅតាមផ្លូវពួកគេបានជួបបិតារបស់ឡាម៉ូណៃ ដែលជាស្តេចលើដែនដីទាំងមូល ( សូមមើល អាលម៉ា ២០:១–៨ ) ។
សូមអាន អាលម៉ា ២០:១៣–២៨ ដោយរកមើលអន្តរកម្មដែលបានកើតឡើងរវាងអាំម៉ូន ឡាម៉ូណៃ និងបិតារបស់ឡាម៉ូណៃ ។
-
តើអ្នកសម្គាល់ឃើញពីព្រះរាជបំណងរបស់បិតាឡាម៉ូណៃផ្លាស់ប្តូរក្នុងអន្តរកម្មរបស់ទ្រង់ជាមួយអាំម៉ូន និងឡាម៉ូណៃយ៉ាងដូចម្ដេច ?
-
តើមានអ្វីខ្លះដែលបានរួមចំណែកដល់ការផ្លាស់ប្តូរនោះ ?
សូមពិចារណាគូសចំណាំនៅក្នុង ខទី ២៣ អំពីអ្វីដែលបិតារបស់ឡាម៉ូណៃស្ម័គ្រព្រះទ័យលះបង់ ប្រសិនបើអាំម៉ូននឹងទុកព្រះជន្មឲ្យទ្រង់ ។ អ្នកអាចប្រៀបធៀបប្រតិកម្មរបស់ទ្រង់នៅក្នុងខគម្ពីរនេះ ជាមួយនឹងប្រតិកម្មរបស់ទ្រង់នៅក្នុងខគម្ពីរផ្សេងទៀត ដែលអ្នកនឹងសិក្សានៅពេលក្រោយនៅក្នុងមេរៀន ។
អើរ៉ុនបង្រៀនបិតារបស់ឡាម៉ូណៃ
បន្ទាប់ពីអើរ៉ុន និងអ្នកដែលនៅជាមួយទ្រង់ត្រូវបានដោះលែងពីគុក អាំម៉ូនបានត្រឡប់ទៅដែនដីអ៊ីសម៉ាអែលជាមួយនឹងស្តេចឡាម៉ូណៃវិញ ។ ព្រះវិញ្ញាណបានដឹកនាំអើរ៉ុនទៅសួរសុខទុក្ខបិតារបស់ឡាម៉ូណៃនៅដែនដីនីហ្វៃ ( សូមមើល អាលម៉ា ២២:១ ) ។
សូមអាន អាលម៉ា ២២:២–៦ ដោយរកមើលសំណួរដែលបិតារបស់ឡាម៉ូណៃមាន ពេលជួបជាមួយអើរ៉ុន ។
-
តើអ្នកអាចចែកចាយអ្វីខ្លះអំពីព្រះវរបិតាសួគ៌ និងផែនការរបស់ទ្រង់ ក្នុងការឆ្លើយតបនឹងសំណួររបស់ស្តេចនៅក្នុង ខទី ៥–៦ ?
សូមអាន អាលម៉ា ២២:៧–១៤ ហើយរកមើលពីរបៀបដែលអើរ៉ុនឆ្លើយសំណួររបស់ស្តេច ។ សូមចំណាំថាពាក្យ បុណ្យ ក្នុង ខទី ១៤ មានន័យថា « រកបាន ឬសមនឹងទទួលបាន » ។
-
តើស្តេចបានរៀនអ្វីខ្លះអំពីព្រះ និងផែនការរបស់ទ្រង់ ដែលទំនងជាជះឥទ្ធិពលដល់ទស្សនៈរបស់ទ្រង់អំពីជីវិត ?
-
តើការជឿ និងការយល់ដឹងពីការបង្រៀនរបស់អើរ៉ុនអំពីព្រះ និងផែនការរបស់ទ្រង់អាចជះឥទ្ធិពលលើយើងយ៉ាងដូចម្តេច ?
សូមអាន អាលម៉ា ២២:១៥–១៨ ដោយស្វែងរកអ្វីដែលស្ដេចសព្វព្រះទ័យចង់បាន ហើយស្ម័គ្រព្រះទ័យធ្វើ បន្ទាប់ពីអើរ៉ុនបានបង្រៀនទ្រង់ ។
របៀបដែលបំណងប្រាថ្នាសុចរិតរបស់យើងអាចជះឥទ្ធិពលលើយើង
បទពិសោធន៍របស់ស្តេចជាមួយអើរ៉ុនមានឥទ្ធិពលយ៉ាងខ្លាំងដល់ស្តេច និងប្រជាជនរបស់ព្រះអង្គ ។ ស្ដេច អគ្គមហេសីរបស់ទ្រង់ រាជវង្សាទាំងមូលរបស់ទ្រង់ និងពួកសាសន៍លេមិនជាច្រើននាក់ទៀតបានប្រែចិត្តជឿចំពោះព្រះអម្ចាស់ ហើយស្មោះត្រង់នឹងទ្រង់អស់មួយជីវិត ( សូមមើល អាលម៉ា ២២:២៣; ២៣:៦ ) ។
សូមគិតត្រឡប់ទៅរកអ្វីដែលស្ដេចបានមានបន្ទូលថា ទ្រង់សព្វព្រះទ័យចង់បាននៅក្នុង ខទី ១៥–១៨ ។ ទាំងនេះរួមមាន
-
ពរជ័យនៃជីវិតអស់កល្បកល្បជានិច្ច ( ខទី ១៥, ១៨ );
-
ដើម្បី « កើតពីព្រះ ដោយដកយកវិញ្ញាណអាក្រក់នេះចេញពីទ្រូង [ របស់ទ្រង់ ] » ( ខទី ១៥ );
-
ដើម្បីទទួលព្រះវិញ្ញាណបរិសុទ្ធ ( ខទី ១៥ );
-
ពោរពេញដោយសេចក្តីអំណរ ( ខទី ១៥ ) និង
-
ស្គាល់ព្រះ ( ខទី ១៨ ) ។