គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ​២០២១
ការប្រើ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​កូរ៉ុម​បព្វជិតភាព​អើរ៉ុន និង​ថ្នាក់​យុវនារី


« ការប្រើ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​កូរ៉ុម​បព្វជិតភាព​អើរ៉ុន និង​ថ្នាក់​យុវនារី ចូរ​មក​តាម​ខ្ញុំ—សម្រាប់​កូរ៉ុម​បព្វជិតភាព​អើរ៉ុន និង​ថ្នាក់​យុវនារី ៖ ប្រធានបទ​ខាង​គោលលទ្ធិ ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )

« ការប្រើ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​កូរ៉ុម​បព្វជិតភាព​អើរ៉ុន និង​ថ្នាក់​យុវនារី » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​កូរ៉ុម​បព្វជិតភាព​អើរ៉ុន និង​ថ្នាក់​យុវនារី ៖ ប្រធានបទ​ខាង​គោលលទ្ធិ ឆ្នាំ ២០២១

យុវនារី​នៅក្នុង​ថ្នាក់

ការប្រើ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​កូរ៉ុម​បព្វជិតភាព​អើរ៉ុន និង​ថ្នាក់​យុវនារី

តើ​ការប្រជុំ​កូរ៉ុម និង​ថ្នាក់រៀន​របស់​យើង​មាន​គោលបំណង​អ្វី​ខ្លះ ?

ព្រះអម្ចាស់​បាន​ប្រទាន​ដល់​បងប្អូន​នូវ​ការទុកចិត្ត​ដ៏​ពិសិដ្ឋ​មួយ ៖ ទ្រង់​បាន​ហៅ​បងប្អូន​ឲ្យ​បម្រើ​នៅក្នុង​គណៈប្រធាន​កូរ៉ុម​បព្វជិតភាព​អើរ៉ុន ឬ​គណៈប្រធាន​ថ្នាក់​យុវនារី ។ ផ្នែក​មួយ​នៃ​ការទទួល​ខុសត្រូវ​របស់​បងប្អូន​គឺ​ត្រូវ​ដឹកនាំ​ការប្រជុំ​កូរ៉ុម និង​ថ្នាក់រៀន​របស់​បងប្អូន​នៅ​ថ្ងៃ​អាទិត្យ ។ ដើម្បី​ធ្វើ​កិច្ចការ​នេះបាន វា​មាន​អត្ថប្រយោជន៍​ដើម្បី​យល់​ពី​មូលហេតុ​ដែល​យើង​មាន​ការប្រជុំ​ទាំងនេះ ។

ការប្រជុំ​កូរ៉ុម​បព្វជិតភាព​អើរ៉ុន និង​ថ្នាក់​យុវនារី​គឺ​ខុសពី​ថ្នាក់​ផ្សេង​ទៀត​ក្នុង​សាសនាចក្រ ដូចជា​ថ្នាក់សាលា​ថ្ងៃអាទិត្យ ឬ​ថ្នាក់​សិក្ខាសាលា ។ នៅក្នុង​ការប្រជុំ​កូរ៉ុម ឬ​ថ្នាក់រៀន យើង​ធ្វើ​ច្រើន​ជាង​ការ គ្រាន់តែសិក្សា​ពី​ប្រធានបទ​ដំណឹងល្អ ។ យើង​រៀន​អំពី​កិច្ចការ ដែល​ព្រះ​បាន​ប្រទាន​ដល់​យើង ហើយ​យើង​រៀបចំ​សមាជិក​ក្នុង​កូរ៉ុម ឬ​ថ្នាក់​របស់​យើង​ឲ្យ​ធ្វើ​កិច្ចការ​នោះ​នៅក្នុង​គេហដ្ឋាន​របស់​យើង ក្នុង​ព្រះវិហារ និង​នៅក្នុង​សហគមន៍​របស់​យើង ។ យើង​ដាក់​ផែនការ ឧទាហរណ៍​ពី​របៀប​ដែល​យើង​នឹង​បំពេញ​តួនាទី​របស់​យើង​ជា​ផ្នែក​នៃ​កងទ័ព​យុវវ័យ​របស់​ព្រះអម្ចាស់ ដើម្បី​ជួយ​ប្រមូល​អ៊ីស្រាអែល ។ នៅក្នុង​ការប្រជុំ​ទាំងនេះ យើង​មិន​គ្រាន់តែ​និយាយ​អំពី​កិច្ចការ​ប៉ុណ្ណោះ​ទេ​—​គឺ​យើង​ដាក់​ផែនការ​ធ្វើ​វា ។

យុវជន​នៅក្នុង​ថ្នាក់​រៀន

ប៉ុន្ដែ​ការគូស​បញ្ជាក់​លើ​កិច្ចការ​នេះ​មិន​មែន​មាន​ន័យ​ថា យើង​ទុកចោល​ការពិភាក្សា​ខាង​គោលលទ្ធិ​ឲ្យ​តែ​ថ្នាក់​សាលា​ថ្ងៃអាទិត្យ​នោះ​ទេ ។ តាមពិត​ទៅ ការរៀនសូត្រ​គោលលទ្ធិ​នៅក្នុង​ការប្រជុំ​កូរ៉ុម និង​យុវនារី​គឺ​សំខាន់​—​វា​ជួយ​យើង​ឲ្យ​យល់​ពី​មូលហេតុ ដែល​យើង​ធ្វើ​កិច្ចការ​នេះ ។ នៅពេល​យើង​សិក្សា​ដំណឹងល្អ​រួមគ្នា នោះ​សេចក្ដីពិត​ដែល​យើង​រៀន​អាច​ផ្លាស់ប្ដូរ​ដួងចិត្ត​របស់​យើងបាន ។ យើង​អាច​ទទួល​ការបំផុស​គំនិត​អំពី​របៀប​ដើម្បី​បង្កើន​ឲ្យ « កាន់​តែ​ធំ ប្រកប​ដោយ​ប្រាជ្ញា​រឹត​តែ​ច្រើន​ឡើង ហើយ​ជា​ទី​គាប់​ព្រះហឫទ័យ​ដល់​ព្រះ និង​ចិត្ត​មនុស្ស​ផង » ( លូកា ២:៥២ ) ។ កាល​យើង​ប្រែចិត្ត​ជឿ​កាន់តែខ្លាំង​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ នោះ​យើង​នឹង​មាន​បំណង​ប្រាថ្នា​ដើម្បី​ជួយ​ដល់​មនុស្ស​ដទៃទៀត​នៅតាម​ផ្លូវ​នៃ​សេចក្ដី​សញ្ញា រួម​ទាំង​ក្រុមគ្រួសាររបស់​យើង មិត្តភក្ដិ​យើង និង​សមាជិក​កូរ៉ុម ក៏ដូចជា​សមាជិក​នៅក្នុង​ថ្នាក់រៀន​របស់យើង​ផងដែរ ។

តើ​នរណា​ដឹកនាំ​ការប្រជុំ​ទាំងនេះ ?

ព្រះ​បាន​ហៅ​បងប្អូន​ឲ្យ​បម្រើ​ជា​គណៈប្រធាន​កូរ៉ុម និង​គណៈប្រធាន​ថ្នាក់ ហើយ​បាន​ប្រទាន​ដល់​បងប្អូន​នូវ​សិទ្ធិ​អំណាច​ដើម្បី​ដឹកនាំ ។ នោះ​គឺជា​មូលហេតុ​ដែល​ការប្រជុំ​កូរ៉ុម ឬ​ថ្នាក់រៀន​របស់​បងប្អូន​នីមួយៗ​គួរតែ​ត្រូវបាន​ដឹកនាំ​ដោយ​សមាជិក​ម្នាក់​ក្នុង​គណៈប្រធាន​កូរ៉ុម ឬ​ថ្នាក់​របស់​បងប្អូន ។ ថ្នាក់ដឹកនាំ​មជ្ឈិមវ័យ​គួរតែ​ផ្ដល់​ការណែនាំ និង​ការគាំទ្រ ប៉ុន្ដែ​ពួកគាត់​មិន​គួរ​ធ្វើការ​នេះ​ជំនួស​បងប្អូន​ឡើយ ។ សូមមើល​វគ្គ​ដែល​មាន​ចំណងជើង​ថា « ប្រឹក្សា​ជាមួយគ្នា » នៅ​ដើម​គម្រោង​មេរៀន​នីមួយៗ​ក្នុង​ធនធាន​នេះ សម្រាប់​ជា​យោបល់​ដើម្បី​ជួយ​បងប្អូន​ឲ្យ​ដឹង​ពី​របៀប​ដឹកនាំ​ការប្រជុំ និង​សម្រេច​បាន​គោលបំណង​ពិត​របស់​វា ។ សូម​ប្រើ​ការប្រជុំ​គណៈប្រធាន​ដើម្បី​ដាក់​ផែនការ​ពី​របៀប ដែល​បងប្អូន​នឹង​ដឹកនាំ​ការប្រជុំ​នៅ​ថ្ងៃអាទិត្យ​ទាំងនេះ ។

តើ​នរណា​គួរ​បង្រៀន​មេរៀន ?

ថ្នាក់ដឹកនាំ​មជ្ឈិមវ័យ សមាជិក​ម្នាក់​ក្នុង​គណៈប្រធាន​កូរ៉ុម​ឬ​ថ្នាក់ ឬ​សមាជិក​ណា​ផ្សេងទៀត​ក្នុង​កូរ៉ុម​ឬ​ថ្នាក់​អាច​បង្រៀន​មេរៀន​បាន ។ ក្នុង​នាម​ជា​គណៈប្រធាន​កូរ៉ុម ឬ​គណៈប្រធាន​ថ្នាក់ សូម​ប្រឹក្សា​ជាមួយ​នឹង​ថ្នាក់ដឹកនាំ​មជ្ឈិមវ័យ​របស់​បងប្អូន​អំពី​អ្នក​ដែល​គួរតែ​ត្រូវបាន​ចាត់តាំង​ឲ្យ​បង្រៀន​មេរៀន ។ សូម​ចងចាំ​ថា ថ្នាក់ដឹកនាំ​មជ្ឈិមវ័យ​របស់​បងប្អូន​អាច​ផ្ដល់​ជា​ធនធាន​ជាច្រើន ។ សូម​ព្យាយាម​រៀន​ពី​បទពិសោធន៍ និង​ទីបន្ទាល់​របស់​ពួកគេ ។ វា​ក៏​មាន​អត្ថប្រយោជន៍​ដើម្បី​សុំ​យុវវ័យ​ឲ្យ​បង្រៀន​ផងដែរ—​ការបង្រៀន​អាច​ជួយ​ពង្រីក​ការប្រែចិត្ត​ជឿ​របស់​ពួកគេ ហើយ​បង្កើត​ទំនាក់ទំនង​ដ៏​រឹងមាំ​ជាងនេះ​ជាមួយ​នឹង​សមាជិក​កូរ៉ុម ឬ​ថ្នាក់​ផ្សេង​ទៀត ។ ដូច្នេះ សូម​ផ្ដល់​ឱកាស​សមរម្យ​ឲ្យ​ពួកគេ​បង្រៀន​មេរៀន​ជា​ផ្នែក ឬ​មេរៀន​ទាំងមូល ប៉ុន្ដែ​សូម​ដឹង​ពី​តម្រូវការ និង​សមត្ថភាព​របស់​សមាជិក​ក្នុង​កូរ៉ុម ឬ​ថ្នាក់​របស់​បងប្អូន ។ ឧទាហរណ៍ ថ្នាក់ដឹកនាំ​មជ្ឈិមវ័យ​អាច​បង្រៀន​ញឹកញាប់​ជាង​នៅក្នុង​កូរ៉ុម ឬ​ថ្នាក់​ដែល​មាន​យុវវ័យ​ក្មេងៗ ឬ​យុវវ័យ​ដែល​មាន​បទពិសោធន៍​តិចតួច​ក្នុង​ការបង្រៀន​ដំណឹងល្អ ។ នៅពេល​យុវវ័យ​ត្រូវបាន​អញ្ជើញ​ឲ្យ​បង្រៀន ឪពុក/ម្ដាយ ឬ​អ្នកប្រឹក្សា​មជ្ឈិមវ័យ​ម្នាក់​អាច​ជួយ​ពួកគេ​ឲ្យ​រៀបចំ​តាម​ការគួរ ។

អស់​អ្នក​ដែល​ត្រូវបាន​ចាត់តាំង​ឲ្យ​បង្រៀន អាច​ប្រើ​វគ្គ​ដែល​មាន​ចំណងជើង​ថា « បង្រៀន​គោលលទ្ធិ » នៅក្នុង​គម្រោង​មេរៀន​នីមួយៗ​ក្នុង​ធនធាន​នេះ​ដើម្បី​ជួយ​ពួកគេ​ឲ្យ​រៀបចំ​មេរៀន ។ វគ្គ​នេះ​មាន​នូវ​យោបល់​សម្រាប់​ការបង្រៀន និង​ការពិភាក្សា​អំពី​គោលលទ្ធិ​សម្រាប់​សប្ដាហ៍​នោះ ប៉ុន្ដែ​គ្រូបង្រៀន​មិន​គួរ​មាន​អារម្មណ៍​ថា​ត្រូវតែ​បង្រៀន​តាម​យោបល់​ទាំងនេះ​តែ​មួយ​មុខ​នោះ​ទេ ។ កាល​ព្រះវិញ្ញាណ​ដឹកនាំ គ្រូបង្រៀន​អាច​សម្រប​គំនិត​ទាំងនេះ ឬ​ប្រើ​គំនិត​របស់​ពួកគេ​ផ្ទាល់​ដើម្បី​បង្រៀន​តាម​របៀប​មួយ ដែល​នឹង​បំពេញ​តាម​តម្រូវការ​របស់​សមាជិក​កូរ៉ុម ឬ​ថ្នាក់​បាន​ល្អ​បំផុត ហើយ​ជួយ​ពួកគេ​ឲ្យ​យល់​ពី​គោលលទ្ធិ​នេះ ។

តើ​ប្រធានបទ​ខាង​គោលលទ្ធិ​អ្វីខ្លះ ដែល​យើង​នឹង​ពិភាក្សា​នៅក្នុង​ការប្រជុំ​របស់​យើង ?

ប្រធានបទ​ក្នុង​គម្រោង​មេរៀន​រាល់​សប្ដាហ៍​គឺជា​គោលការណ៍​ខាង​គោលលទ្ធិ​មួយ ដែល​ត្រូវបាន​ជ្រើសរើស​ដើម្បី​សម្រប​តាម​ការអាន​ព្រះគម្ពីរ​គោលលទ្ធិ និង សេចក្តី​សញ្ញា ដែល​គួរ​អាន​ក្នុង​សប្ដាហ៍​នោះ ដែល​មាន​នៅក្នុង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ​—​សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុម​គ្រួសារ ។ តាម​របៀប​នេះ ការពិភាក្សា​គោលលទ្ធិ​ក្នុង​ការប្រជុំ​កូរ៉ុម និង​ថ្នាក់​នឹង​គាំទ្រ​ដល់​អ្វី​ដែល​យុវវ័យ​កំពុង​រៀន​សូត្រ​នៅ​ផ្ទះ ។

ទោះបីជា​គម្រោង​មេរៀន​នេះ​ត្រូវ​បង្រៀន​នៅ​ថ្ងៃអាទិត្យ​ជាក់លាក់ណាមួយ​ក្ដី ក៏​បងប្អូន​នៅតែ​មាន​ជម្រើស​ដើម្បី​ពិភាក្សា​ប្រធានបទ​ខាង​គោលលទ្ធិ​ផ្សេង​ទៀត ដោយ​ផ្អែកលើ​តម្រូវការ​ក្នុង​កូរ៉ុម ឬ​ថ្នាក់​របស់​បងប្អូន​ផងដែរ ។

ធនធាន​នេះ​រួម​មាន​នូវ​គម្រោង​មេរៀន​រាល់​សប្ដាហ៍ នៅពេល​មាន​ការប្រជុំ​កូរ៉ុម​បព្វជិតភាព​អើរ៉ុន និង​ថ្នាក់​យុវនារី ។ តាមរដូវកាល បងប្អូន​អាច​រំលង​មេរៀន​មួយ​ដោយសារតែ​មាន​សន្និសីទ​ស្ដេក ឬ​មូលហេតុ​ផ្សេងទៀត ។

តើ​ថ្នាក់ដឹកនាំ​មជ្ឈិមវ័យ​របស់​យើង​មាន​តួនាទី​អ្វី ?

ថ្នាក់ដឹកនាំ​មជ្ឈិមវ័យ​របស់​បងប្អូន​ដើរ​តួ​យ៉ាង​សំខាន់​មួយ​ក្នុង​កូរ៉ុម​បព្វជិតភាព​អើរ៉ុន និង​ថ្នាក់​យុវនារី ។ ពួកគេ​នឹង​ដឹកនាំ ហើយ​ប្រឹក្សា​បងប្អូន​ក្នុង​ការហៅ​បម្រើ​ភាពជា​អ្នកដឹកនាំ​របស់​បងប្អូន ។ ពួកគេ​នឹង​គាំទ្រ ហើយ​លើក​ទឹកចិត្ត​បងប្អូន កាល​បងប្អូន​ធ្វើ​កិច្ចការ​សម្រាប់​កូរ៉ុម ឬ​ថ្នាក់​ទាំងអស់​របស់​បងប្អូន ។ ពួកគេ​នឹង​បង្រៀន​ពី​គោលលទ្ធិ​ដល់​បងប្អូន ហើយ​ពួកគេ​នឹង​ផ្ដល់​ពរ​ដល់​បងប្អូន​តាមរយៈ​គំរូ បទពិសោធន៍ និង​ទីបន្ទាល់​របស់​ពួកគេ ។