បណ្ណាល័យ
ថ្ងៃទី ១០ ខែ មករា ។ ហេតុអ្វី​ការនិមិត្ត​ដំបូង​សំខាន់ ? សេចក្ដីផ្ដើម​នៃ គោលលទ្ធិ និង សេចក្ដីសញ្ញា; យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១–២៦


« ថ្ងៃទី ១០ ខែ មករា ។ ហេតុអ្វី​ការនិមិត្ត​ដំបូង​សំខាន់ ? សេចក្ដីផ្ដើម​នៃ គោលលទ្ធិ និង សេចក្ដីសញ្ញា; យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១–២៦ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​កូរ៉ុម​បព្វជិតភាព​អើរ៉ុន និង​ថ្នាក់​យុវនារី ៖ ប្រធានបទ​ខាង​គោលលទ្ធិ ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )

« ថ្ងៃទី ១០ ខែ មករា ។ ហេតុអ្វី​ការនិមិត្ត​ដំបូង​សំខាន់ ? »ចូរ​មក​តាម​ខ្ញុំ—សម្រាប់​កូរ៉ុម​បព្វជិតភាព​អើរ៉ុន និង​ថ្នាក់​យុវនារី ៖ ប្រធានបទ​ខាង​គោលលទ្ធិ ឆ្នាំ ២០២១

យ៉ូសែប ស្ម៊ីធ​កំពុង​អធិស្ឋាន

ខ្ញុំ​បាន​ឃើញ​ពន្លឺ ដោយ ចន ម៉ាក់នូតុន

ថ្ងៃទី ១០ ខែ មករា

ហេតុអ្វី​ការនិមិត្ត​ដំបូង​សំខាន់ ?

សេចក្ដីផ្ដើម​នៃ គោលលទ្ធិ និង សេចក្ដីសញ្ញា; យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១–២៦

រូបតំណាង​ប្រឹក្សា​ជាមួយគ្នា

ប្រឹក្សា​ជាមួយគ្នា

ដឹកនាំ​ដោយ​សមាជិក​ម្នាក់​នៅក្នុង​កូរ៉ុម ឬ​គណៈប្រធាន​ថ្នាក់ រយៈពេល​ប្រហែល ១០–២០ នាទី

នៅ​ដើម​ការប្រជុំ សូម​សូត្រ​រួមគ្នា​នូវ​​បាវចនា​កូរ៉ុម​បព្វជិតភាព​អើរ៉ុនបាវចនា​ក្រុម​យុវនារី ។ រួច​ហើយ សូម​ដឹកនាំ​ការពិភាក្សា​អំពី​ចំណុច​ដូច​ខាងក្រោម​នេះ ហើយ​ដាក់​ផែនការ​ពី​របៀប​ដើម្បី​អនុវត្ត​តាម​អ្វី​ដែល​បងប្អូន​ពិភាក្សា ( បងប្អូន​អាច​សម្រេច​ចិត្ត​នៅក្នុង​ការប្រជុំ​គណៈប្រធាន​ថា តើ ចំណុច​មួយ​ណា​ដែល​ត្រូវ​ពិភាក្សា ) ៖

  • កូរ៉ុម ឬ​ថ្នាក់​របស់​យើង ។ តើ​មាន នរណា​ម្នាក់ ត្រូវការ​ជំនួយ និង​ការអធិស្ឋាន​របស់​យើង ដែរ​ឬ ទេ ? តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ជួយ​ដល់​ពួកគេ ? តើ​យើង​គួរ​អញ្ជើញ​នរណា​ឲ្យ​មកចូលរួម​សកម្មភាព​នាពេល​ខាង​មុខ​នេះ ?

  • កាតព្វកិច្ច ឬ​ទំនួល​ខុសត្រូវ​របស់​យើង ។ តើ​យើង​បាន​បំពេញ​កិច្ចការ​អ្វីខ្លះ ? តើ​យើង​ត្រូវ​ធ្វើ​កិច្ចការ​អ្វីខ្លះ ? តើ​យើង​បាន​អញ្ជើញ​មនុស្ស​ដទៃ​ឲ្យ​មក​រក​ព្រះគ្រីស្ទ​ដោយ​របៀប​ណា ហើយ​តើ​យើង​អាច​អញ្ជើញ​មនុស្ស​ដទៃ​នា​ពេលនេះ​ដោយ​របៀប​ណា ?

  • ជីវិត​របស់​យើង ។ តើ​បទពិសោធន៍​ថ្មីៗ​អ្វីខ្លះ​ដែល​បាន​ពង្រឹង​ទីបន្ទាល់​របស់​យើង ? តើ​មាន​អ្វី​កំពុង​កើត​ឡើង​នៅ​ក្នុង​ជីវិត​របស់​យើង ហើយ​តើ​យើង​អាច​​គាំទ្រ​គ្នា​ទៅវិញ​ទៅមក​តាម​របៀប​ណា ?

នៅ​ចុង​បញ្ចប់​នៃ​មេរៀន​នេះ សូម​ធ្វើ​នូវ​អ្វី​ខាងក្រោម​នេះ​ទៅ​តាម​ការគួរ ៖

  • ថ្លែង​ទីបន្ទាល់​អំពី​គោលការណ៍​ដែល​បាន​បង្រៀន ។

  • រំឭក​សមាជិក​កូរ៉ុម ឬ​ថ្នាក់​អំពី​ផែនការ និង​ការអញ្ជើញ​ទាំងឡាយ​ដែល​បាន​ដាក់​នៅ​ក្នុង​អំឡុង​ពេល​នៃ​ការប្រជុំ ។

រូប​តំណាង​បង្រៀន​គោលលទ្ធិ

បង្រៀន​គោលលទ្ធិ

ដឹកនាំ​ដោយ​អ្នកដឹកនាំ​ជា​មជ្ឈិមវ័យ ឬ​យុវវ័យ​ម្នាក់ រយៈពេល​ប្រហែល ២៥–៣៥ នាទី

រៀបចំ​ខ្លួន​ខាង​វិញ្ញាណ

ទោះជា​វា​បាន​កន្លង​ទៅ​ជាង ២០០ ឆ្នាំ​ហើយ​ក្ដី តាំងពី​យ៉ូសែប ស្ម៊ីធ បាន​លុត​ជង្គង់​ចុះ​អធិស្ឋាន​ជាលើក​ដំបូង​នៅក្នុង​ព្រៃ​ពិសិដ្ឋ ចម្លើយ​ដែល​លោក​បាន​ទទួល​នោះ​ក៏​មាន​ឥទ្ធិពល​លើ​ជីវិត​របស់​យើង​នា​សព្វថ្ងៃ​នេះ​យ៉ាង​ខ្លាំង​​ដែរ ។ សូម​សញ្ជឹងគិត​ពី​ពរជ័យ​នានា ដែល​បាន​កើត​មាន​ក្នុង​ជីវិត​របស់​បងប្អូន ដោយសារ​ព្រះវរបិតា និង​ព្រះរាជបុត្រា​បាន​បង្ហាញ​ព្រះកាយ​ដល់​យ៉ូសែប ។ ហេតុអ្វី​វា​សំខាន់​ដល់​អ្នក​ដែល​បងប្អូន​បង្រៀន ឲ្យ​ទទួល​បាន​សាក្សី​ផ្ទាល់​ខ្លួន​របស់​គេ​អំពី​ការនិមិត្ត​ដំបូង​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ ? តើ​បងប្អូន​នឹង​ជួយ​ពួកគេ​ឲ្យ​ធ្វើ​ការណ៍​នេះ​ដោយ​របៀប​ណា ? វា​អាច​ផ្តល់​ជា​អត្ថ​ប្រយោជន៍​ដល់​បងប្អូន ដើម្បី​រំឭក​សារលិខិត​មកពី​សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២០ ដែល​បាន​ប្រារព្ធ​រំឭក​ខួប​លើក​ទី ២០០ នៃ​ការនិមិត្ត​ដ៏​រុងរឿង​នេះ ។

យុវនារី​នៅ​ក្នុង​ថ្នាក់រៀន

យុវវ័យ​ម្នាក់ៗ​អាច​ទទួល​បាន​នូវ​ទីបន្ទាល់​ផ្ទាល់ខ្លួន​មួយ​អំពី​ការនិមិត្ត​ដំបូង ។

រៀន​ជាមួយគ្នា

ដោយសារ យ៉ូសែប ស៊្មីធ​នៅ​ជា​យុវវ័យ​នៅឡើយ​ពេល​ទទួល​បាន​ការនិមិត្ត​ដំបូង នោះ​អស់​អ្នក​ទាំងឡាយ​ដែល​បងប្អូន​បង្រៀន​អាច​យល់​ពី​ការស្វែងរក​សេចក្ដីពិត​របស់​លោក ។ សូម​ផ្ដល់​ពេល​ឲ្យ​សមាជិក​ក្នុង​កូរ៉ុម និង​ថ្នាក់​ចែកចាយ​គំនិត និង​ចំណាប់​អារម្មណ៍​របស់​ពួកគេ​អំពី​យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:១–២៦ ។ សកម្មភាព​ខាងក្រោម​នេះ​អាច​ជួយ​ពួកគេ​ឲ្យ​ពង្រឹង​ទីបន្ទាល់​របស់​ពួកគេ​ថា ព្រះ​ជា​ព្រះវរបិតា និង​ព្រះយេស៊ូវ គ្រីស្ទ​បាន​បង្ហាញ​ព្រះកាយ​ដល់​យ៉ូសែប ស្ម៊ីធ ។

  • តើ​យើង​រៀន​សេចក្ដីពិត​នៃ​ដំណឹងល្អ​អ្វីខ្លះ មកពី​បទពិសោធន៍​របស់​យ៉ូសែប ស៊្មីធ​នៅ​ក្នុង​ព្រៃ​ពិសិដ្ឋ ? សមាជិក​កូរ៉ុម ឬ​ថ្នាក់​អាច​អាន​ដំណើររឿង​របស់​យ៉ូសែប​នៅក្នុង យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:៧–២០ ហើយ​ចែកចាយ​សេចក្ដីពិត​នានា ដែល​ពួកគេ​រកឃើញ ។ ( ឧទាហរណ៍ ព្រះ​ទ្រង់​ព្រះសណ្ដាប់ និង​ឆ្លើយ​តប​នឹង​ការអធិស្ឋាន; សាតាំង និង​អំណាច​របស់​វា​មាន​ពិត ប៉ុន្ដែ​ព្រះចេស្ដា​របស់​ព្រះ​គឺ​អស្ចារ្យ​ជាង; វិវរណៈ​មិន​បញ្ចប់​ឡើយ ) ។ តើ​សេចក្ដីពិត​ទាំងនេះ​ផ្តល់​ពរជ័យ​ដល់​ជីវិត​របស់​យើង​ដូចម្តេច​ខ្លះ ?

  • បងប្អូន​ក៏អាច​សូម​ឲ្យ​សមាជិក​កូរ៉ុម ឬ​ថ្នាក់​រំឭក​សារលិខិត​អំពី​ការនិមិត្ត​ដំបូង​ផងដែរ​មកពី សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២០ ( សូមមើល Liahona ខែ ឧសភា ឆ្នាំ ២០២០ ) ។ ឧទារហណ៍ ពួកគេ​អាច​រំឭក​ឡើង​វិញ​ពី​សារលិខិត​របស់​ប្រធាន រ័សុល អិម ណិលសុន « ស្តាប់ទ្រង់ » ( Liahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៨៨-៩២ ) ។ សូម​ឲ្យ​ពួកគេ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​រកឃើញ និង​អារម្មណ៍​របស់​ពួកគេ​អំពី​ការនិមិត្ត​ដំបូង ។

  • ប្រធាន​សាសនាចក្រ​មួយ​រូបៗ​បាន​ថ្លែង​ទីបន្ទាល់​អំពី​បេសសកម្ម​ដ៏​ទេវភាព​របស់​ព្យាការី យ៉ូសែប ស្ម៊ីធ ។ សមាជិក​កូរ៉ុម ឬ​ថ្នាក់​អាច​ទទួល​បាន​ប្រយោជន៍​ពី​ការអាន​ទីបន្ទាល់​របស់​ពួកលោក​នៅក្នុង​សៀវភៅ​សិក្សា​មួយ​មកពី​ការបង្រៀន​របស់​ប្រធាន​សាសនាចក្រ ។ ( សៀវភៅ​សិក្សា​ទាំងនេះ​ភាគច្រើន​មាន​មួយ​ជំពូក​និយាយ​អំពី​ព្យាការី យ៉ូសែប ស្ម៊ីធ ។ សម្រាប់​បញ្ជី​ស្ដីពី​ជំពូក​ទាំងនេះ សូមមើល សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ការនិមិត្ត » នៅលើ​គេហទំព័រ topics.ChurchofJesusChrist.org ) ។ បងប្អូន​អាច​អញ្ជើញ​សមាជិក​ក្នុង​កូរ៉ុម ឬ​ថ្នាក់​របស់​បងប្អូន​ពីរ​បី​ថ្ងៃ​មុន ឲ្យ​ជ្រើសរើស​យក​ប្រធាន​​ណាម្នាក់ ហើយ​ចែកចាយ​សេចក្ដី​ថ្លែងការណ៍​មួយ​ដែល​លោក​បាន​ថ្លែង ដែល​ពួកគេ​អាច​យក​មក​ប្រើ​ដើម្បី​បង្រៀន​នរណាម្នាក់​អំពី​ការនិមិត្ត​ដំបូង ។

  • សូម​ពិចារណា​អញ្ជើញ​សមាជិក​ក្នុង​កូរ៉ុម ឬ​ថ្នាក់​ឲ្យ​សិក្សា « ការស្ដារ​ឡើងវិញ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​តាមរយៈ​យ៉ូសែប ស្ម៊ីធ » នៅក្នុង​ជំពូក​ទី ៣ នៃ​សៀវភៅ ប្រកាស​ដំណឹងល្អ​របស់​យើង ( [ ឆ្នាំ ២០១៩ ] ទំព័រ ៣៦–៣៨ ) ហើយ​អនុវត្ត​បង្រៀន​គ្នា​ទៅវិញ​ទៅមក​អំពី​ការនិមិត្ត​ដំបូង ។ បងប្អូន​អាច​ឲ្យ​ពួកគេ​ចែកចាយ​បទពិសោធន៍​របស់ យ៉ូសែប ស៊្មីធ ដោយ​ប្រើ​សម្ដី​របស់​លោក​ផ្ទាល់​ខ្លះ​ដែល​មាន​នៅក្នុង យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:១៦–១៧ ។

  • តើ​អស់​អ្នក​ទាំងឡាយ ដែល​បងប្អូន​បង្រៀន​ដឹង​ថា មាន​ដំណើររឿង​ជាច្រើន​អំពី​ការនិមិត្ត​ដំបូង​ដែរ​ឬ​ទេ ? ដំណើររឿង​នីមួយៗ​ផ្ដល់​នូវ​សេចក្ដី​លម្អិត​ពិសេសៗ ដែល​នាំ​ឲ្យ​យើង​យល់ដឹង​កាន់តែ​ច្បាស់​ជាងមុន​អំពី​អ្វី​ដែល​បាន​កើតឡើង​នៅក្នុង​ព្រៃ​ពិសិដ្ឋ ។ បងប្អូន​អាច​សង្ខេប​វគ្គ « Overview » នៃ Gospel Topics essay « First Vision Accounts » ( នៅលើ​គេហទំព័រ topics.ChurchofJesusChrist.org ) ។ រួចហើយ បងប្អូន​អាច​សូម​ឲ្យ​អស់​អ្នក​ទាំងឡាយ ដែល​បងប្អូន​បង្រៀន រំឭក​សេចក្ដី​សង្ខេប​នៃ​ដំណើររឿង​ទាំង​បួន​នៅក្រោម​ចំណងជើង « Accounts of the First Vision » ។ ពួកគេ​ក៏​អាច​អាន​ដំណើររឿង​ពិត​ខ្លះ​ដោយ​ប្រើ​តំណភ្ជាប់​ដែល​ផ្ដល់​មក​នេះ​ផងដែរ ។ តើ​ពួកគេ​បាន​រកឃើញ​អ្វីខ្លះ ដែល​ពង្រឹង​ដល់​ទីបន្ទាល់​របស់​ពួកគេ​អំពី​ការនិមិត្ត​ដំបូង ? បងប្អូន​អាច​មើល​វីដេអូ « Ask of God: Joseph Smith’s First Vision » ( នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ដែល​បង្ហាញ​អំពី​ការនិមិត្ត​ដំបូង ដោយ​ប្រើ​សេចក្ដី​លម្អិត​មកពី​ដំណើររឿង​ទាំងនេះ ។ ហេតុអ្វី​វា​ល្អ​ដែល​មាន​ដំណើររឿង​ជាច្រើន​អំពី​ការនិមិត្ត​ដំបូង ? តើ​ដំណើររឿង​ទាំងនេះ​ជួយ​យើង​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​របៀប​ណា ?

ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ

សូម​លើក​ទឹកចិត្ត​សមាជិក​កូរ៉ុម ឬ​ថ្នាក់​ឲ្យ​សញ្ជឹងគិត ហើយ​កត់ត្រា​នូវ​អ្វី​ដែល​ពួកគេ​នឹង​ត្រូវ ធ្វើ​ដើម្បី​ប្រព្រឹត្ត​តាម​ការបំផុស​គំនិត ដែល​ពួកគេ​បាន​ទទួល​នៅ​ថ្ងៃនេះ ។ តើ​មេរៀន​ថ្ងៃនេះ​ទាក់ទង​ទៅ នឹង​គោលដៅ​ផ្ទាល់ខ្លួន ដែល​ពួកគេ​បាន​ដាក់​យ៉ាង​ដូចម្ដេច ? ប្រសិនបើ​ពួកគេ​ចង់ សមាជិក​កូរ៉ុម ឬ​ថ្នាក់​អាច​ចែកចាយ​គំនិត​របស់​ពួកគេ​បាន ។

ធនធាន​​គាំទ្រ

  • ម៉ាថាយ ៣:១៣–១៧; កិច្ចការ ៧:៥៤–៦០; នីហ្វៃ​ទី​៣ ១១:៣–១០ ( ព្រះ ជា​ព្រះវរបិតា និង​ព្រះយេស៊ូវ​គ្រីស្ទ​បើក​សម្ដែង​ព្រះអង្គ​ទ្រង់​ដល់​មនុស្ស​នៅលើ​ផែនដី )

  • « What do we learn about the nature of God from the First Vision? » មកពី​កម្មវិធី « Face to Face ជាមួយ​ប្រធាន អាវរិង និង​អែលឌើរ ហូឡិន »​( ការចាក់ផ្សាយ​យុវវ័យ​ទូទាំង​ពិភពលោក ថ្ងៃទី ៤ ខែ មីនា ឆ្នាំ ២០១៧ ) នៅលើ​គេហទំព័រ FacetoFace.ChurchofJesusChrist.org

ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ

ព្រះអង្គ​សង្គ្រោះ​បាន​អញ្ជើញ​អ្នកដើរ​តាម​ទ្រង់​ទាំងអស់ ឲ្យ​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត​ដ៏​ពេញលេញ​នៃ​ការបង្រៀន​របស់​ទ្រង់ ។ កាល​ពួកគេ​បាន​ធ្វើ​ដូច្នោះ នោះ​ព្រះវិញ្ញាណ​បាន​ប៉ះពាល់​ដួងចិត្ត​របស់​ពួកគេ ។ តើ​បងប្អូន​អាច​លើក​ទឹកចិត្ត​អស់​អ្នកទាំងឡាយ​ដែល​បងប្អូន​បង្រៀន​ឲ្យ​ថ្លែង​ទីបន្ទាល់​របស់​ពួកគេ​ដោយ​របៀប​ណា ? ( សូមមើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ [ ឆ្នាំ ២០១៦ ] ទំព័រ ១១ ) ។

សូមមើល​ផងដែរ « Prepare to Teach » ( វីដេអូ នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ៕