« ថ្ងៃទី ២៤ ខែ មករា ។ តើខ្ញុំអាចរៀបចំខ្លួនខ្ញុំដើម្បីចូលរួមក្នុង ‹ កិច្ចការដ៏អស្ចារ្យ › របស់ព្រះដោយរបៀបណា ? គោលលទ្ធិ និង សេចក្តីសញ្ញា ៣–៥ » ចូរមកតាមខ្ញុំ—សម្រាប់កូរ៉ុមបព្វជិតភាពអើរ៉ុន និងថ្នាក់យុវនារី ៖ ប្រធានបទខាងគោលលទ្ធិ ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ២៤ ខែ មករា ។ តើខ្ញុំអាចរៀបចំខ្លួនខ្ញុំដើម្បីចូលរួមក្នុង ‹ កិច្ចការដ៏អស្ចារ្យ › របស់ព្រះដោយរបៀបណា ?ចូរមកតាមខ្ញុំ—សម្រាប់កូរ៉ុមបព្វជិតភាពអើរ៉ុន និងថ្នាក់យុវនារី ៖ ប្រធានបទខាងគោលលទ្ធិ ឆ្នាំ ២០២១
ថ្ងៃទី ២៤ ខែ មករា
តើខ្ញុំអាចរៀបចំខ្លួនខ្ញុំដើម្បីចូលរួមក្នុង « កិច្ចការដ៏អស្ចារ្យ » របស់ព្រះដោយរបៀបណា ?
ប្រឹក្សាជាមួយគ្នា
ដឹកនាំដោយសមាជិកម្នាក់ក្នុងគណៈប្រធានកូរ៉ុម ឬថ្នាក់ រយៈពេលប្រហែល ១០–២០ នាទី
នៅដើមការប្រជុំ សូមសូត្ររួមគ្នានូវ បាវចនាកូរ៉ុមបព្វជិតភាពអើរ៉ុន ឬ បាវចនាក្រុមយុវនារី ។ រួចហើយ សូមដឹកនាំការពិភាក្សាអំពីចំណុចដូចខាងក្រោមនេះ ហើយដាក់ផែនការពីរបៀបដើម្បីអនុវត្តតាមអ្វីដែលបងប្អូនពិភាក្សា ( បងប្អូនអាចសម្រេចចិត្តនៅក្នុងការប្រជុំគណៈប្រធានថា ចំណុចមួយណាដែលត្រូវពិភាក្សា ) ៖
-
កូរ៉ុម ឬថ្នាក់របស់យើង ។ តើយើងអាចធ្វើអ្វីខ្លះដើម្បីបង្កើនសាមគ្គីភាពក្នុងចំណោមសមាជិកកូរ៉ុម ឬថ្នាក់ ? តើគោលដៅអ្វីដែលយើងចង់ធ្វើការរួមគ្នា ?
-
កាតព្វកិច្ច ឬទំនួលខុសត្រូវរបស់យើង ។ តើយើងកំពុងធ្វើអ្វីខ្លះ ដើម្បីចែកចាយដំណឹងល្អ ? តើយើងបានមានបទពិសោធន៍អ្វីខ្លះមកពីការធ្វើកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ?
-
ជីវិតរបស់យើង ។ តើយើងបានឃើញព្រះហស្ដរបស់ព្រះអម្ចាស់នៅក្នុងជីវិតរបស់យើងតាមរបៀបណា ? តើអ្វីទៅដែលបានបំផុសគំនិតយើងនៅក្នុងការសិក្សាព្រះគម្ពីរនាសប្ដាហ៍នេះ ?
នៅចុងបញ្ចប់នៃមេរៀននេះ សូមធ្វើដូចខាងក្រោមនេះតាមការគួរ ៖
-
ថ្លែងទីបន្ទាល់អំពីគោលការណ៍ដែលបានបង្រៀន ។
-
រំឭកសមាជិកកូរ៉ុម ឬថ្នាក់អំពីផែនការ និងការអញ្ជើញទាំងឡាយដែលបានដាក់អំឡុងពេលនៃការប្រជុំ ។
បង្រៀនគោលលទ្ធិ
ដឹកនាំដោយអ្នកដឹកនាំយុវវ័យ ឬយុវវ័យម្នាក់ រយៈពេលប្រហែល ២៥–៣៥ នាទី
រៀបចំខ្លួនខាងវិញ្ញាណ
នៅពេលពួកបរិសុទ្ធពីដើមបានចាប់ផ្ដើមឮពីសារលិខិតនៃដំណឹងល្អដែលបានស្ដារឡើងវិញដំបូង នោះមនុស្សជាច្រើនចង់ដឹងអ្វីដែលពួកគេអាចធ្វើបានដើម្បីជួយក្នុងកិច្ចការនេះ ។ ឪពុករបស់ព្យាការីយ៉ូសែប ស៊្មីធ គឺលោកយ៉ូសែប ស៊្មីធ ស៊ីញ្ញ័រ ជាបុគ្គលម្នាក់ដែលបានទូលសូមចង់ដឹងពីព្រះទ័យរបស់ព្រះអម្ចាស់សម្រាប់លោក ។ តាំងពីពេលនោះមក ចម្លើយរបស់ព្រះអម្ចាស់ដែលមាននៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៤ បានបំផុសគំនិតដល់មនុស្សជាច្រើនជំនាន់ឲ្យបម្រើដោយអស់ពី « ចិត្ត អស់ពីពលំ អស់ពីគំនិត ហើយអស់ពីកម្លាំង » ( ខទី ២ ) ។ មិនថាការបម្រើបេសកកម្ម ឬការបម្រើនៅក្នុងការហៅណាមួយ ឬការទទួលខុសត្រូវក្នុងសាសនាចក្រទេ នោះគុណសម្បត្តិនៃការបម្រើគឺដូចគ្នា ៖ បំណងប្រាថ្នាចង់បម្រើព្រះដែលពេញដោយសេចក្ដីជំនឿ សេចក្ដីសង្ឃឹម សេចក្ដីសប្បុរស និងសេចក្ដីស្រឡាញ់ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៤:២–៦ ) ។ តើបងប្អូនអាចជួយសមាជិកកូរ៉ុម ឬថ្នាក់ឲ្យពង្រឹងបំណងប្រាថ្នារបស់ពួកគេដើម្បីបម្រើព្រះអម្ចាស់ និងរៀបចំខ្លួនសម្រាប់ឱកាសបម្រើនាពេលអនាគតដោយរបៀបណា ?
ដើម្បីរៀបចំខ្លួនបងប្អូនដឹកនាំសមាជិកកូរ៉ូម និងថ្នាក់នៅក្នុងការសិក្សានេះ បងប្អូនអាចអាន និងសញ្ជឹងគិតអំពីសារលិខិតនេះមួយ ឬច្រើនដែលមាននៅក្នុង « ធនធានគាំទ្រ » ។
ការថែទាំដល់អស់អ្នកដែលត្រូវការគឺជាផ្នែកមួយនៃកិច្ចការនៃសេចក្តីសង្រ្គោះ ។
រៀនជាមួយគ្នា
សមាជិកកូរ៉ុម ឬថ្នាក់អាចទទួលបានការបំផុសគំនិតឲ្យបម្រើព្រះអម្ចាស់កាន់តែឧស្សាហ៍ឡើង តាមរយៈការអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៣–៥ នៅសប្ដាហ៍នេះ ។ ដើម្បីលើកទឹកចិត្តពួកគេឲ្យចែកចាយគំនិតរបស់ពួកគេ បងប្អូនអាចអញ្ជើញពួកគេឲ្យស្រមៃថា ពួកគេកំពុងស្វែងរកការងារមួយ ។ តើពួកគេនឹងដាក់គុណសម្បត្តិអ្វីខ្លះនៅក្នុងប្រវត្តិរូប ឬការនិយាយក្នុងការសម្ភាសន៍ការងារមួយ ? ពួកគេអាចរំឭក គោលលទ្ធិ និង សេចក្តីសញ្ញា ៤ ហើយរកមើលគុណសម្បត្តិ ដែលព្រះអម្ចាស់តម្រូវឲ្យអស់អ្នកដែលចង់ចូលរួមក្នុងកិច្ចការរបស់ទ្រង់មាន ។ សូមជ្រើសរើសសកម្មភាពមួយ ឬច្រើនដែលមានខាងក្រោមនេះដើម្បីជួយអ្នកដែលបងប្អូនបង្រៀន ឲ្យពិចារណាពីអ្វីដែលពួកគេអាចធ្វើបាន ដើម្បីចូលរួមកាន់តែពេញលេញថែមទៀតក្នុង « កិច្ចការដ៏អស្ចារ្យ » របស់ព្រះ ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៤:១ ) ។
-
ដើម្បីជួយអស់អ្នកដែលបងប្អូនបង្រៀនឲ្យរៀនពីរបៀបដែលពួកគេអាចចូលរួមក្នុងការពន្លឿនកិច្ចការនៃសេចក្ដីសង្គ្រោះ សូមសសេរនិយមន័យខាងក្រោមនេះអំពីកិច្ចការនៃសេចក្ដីសង្គ្រោះដាក់លើក្ដារខៀន ៖ ព្រះអញ្ជើញឲ្យមនុស្សទាំងអស់មករកព្រះគ្រីស្ទ ហើយជួយក្នុងកិច្ចការរបស់ទ្រង់ តាមរយៈការរស់នៅតាមដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ការថែទាំដល់អស់អ្នកដែលត្រូវការ ការអញ្ជើញមនុស្សទាំងអស់ឲ្យទទួលបានដំណឹងល្អ និងការរួបរួមគ្នាក្នុងក្រុមគ្រួសារសម្រាប់ភាពដ៏អស់កល្ប ។ សូមអញ្ជើញសមាជិកកូរ៉ូម ឬថ្នាក់ឲ្យពិភាក្សាពីរបៀបដែលគុណលក្ខណៈដែលមាននៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៤ នឹងជួយពួកគេឲ្យធ្វើផ្នែកនីមួយៗក្នុងកិច្ចការនៃសេចក្ដីសង្គ្រោះ ។ សូមបំបែកយុវវ័យទៅជាក្រុម ហើយចាត់ឲ្យក្រុមនីមួយៗពិភាក្សាពីរបៀបដែលពួកគេអាចអភិវឌ្ឍបាននូវគុណលក្ខណៈទាំងនេះ ។ តើយើងអាចធ្វើអ្វីខ្លះ ដើម្បីធ្វើឲ្យកិច្ចការនៃសេចក្ដីសង្គ្រោះជាផ្នែកមួយដ៏កាន់តែសំខាន់នៅក្នុងជីវិតយើង ?
-
សូមអញ្ជើញសមាជិកកូរ៉ុម ឬថ្នាក់ឲ្យរំឭកសារលិខិតមួយដែលមាននៅក្នុង « ធនធានគាំទ្រ » ហើយរកមើលសម្ដីដកស្រង់មួយ ដែលពួកគេអាចចែកចាយអំពីរបៀបដើម្បីបម្រើព្រះអម្ចាស់ដោយស្មោះត្រង់នៅក្នុងការហៅ កិច្ចការចាត់តាំង ឬការទទួលខុសត្រូវផ្សេងទៀតក្នុងសាសនាចក្រ ។ សូមឲ្យពួកគេចែកចាយសម្ដីដកស្រង់ ដែលពួកគេបានជ្រើសរើស និងមូលហេតុដែលពួកគេគិតថាវាមានន័យ ។ តើពួកគេនឹងអនុវត្តអ្វីដែលពួកគេបានរៀននៅពេលនេះ និងក្នុងពេលអនាគតដោយរបៀបណា ?
-
សមាជិកកូរ៉ុម ឬថ្នាក់មួយចំនួនអាចកំពុងរៀបចំខ្លួនដើម្បីបម្រើជាអ្នកផ្សព្វផ្សាយសាសនា ។ បងប្អូនអាចសូមឲ្យពួកគេចែកចាយពីរបៀបដែលពួកគេកំពុងរៀបចំខ្លួនបម្រើ ។ ដើម្បីលើកទឹកចិត្តពួកគេក្នុងកិច្ចខិតខំរបស់ពួកគេ បងប្អូនអាចចែកចាយសំណួរមួយដែលអែលឌើរ ដេវីឌ អេ បែដណា បាននិយាយថា លោកបានទទួលវាជារឿយៗ ៖ « តើខ្ញុំអាចធ្វើអ្វីខ្លះ ដើម្បីរៀបចំខ្លួនឲ្យមានប្រសិទ្ធភាពបំផុត ដើម្បីបម្រើជាអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងម្នាក់ ? »( « Becoming a Missionary » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៥ ទំព័រ ៤៥ ) ។ តើសមាជិកកូរ៉ុម ឬថ្នាក់នឹងឆ្លើយសំណួរនេះយ៉ាងដូចម្ដេច ? តើអែលឌើរបែដណាបានផ្ដល់ការយល់ដឹងអ្វីខ្លះ ? បងប្អូនអាចអញ្ជើញអ្នកផ្សព្វផ្សាយសាសនាដែលត្រឡប់មកវិញម្នាក់ ឬច្រើននាក់ឲ្យចែកចាយនូវអ្វីដែលពួកគេបានធ្វើ ដើម្បីរៀបចំខ្លួនសម្រាប់បេសសកម្មមួយ និងអ្វីដែលពួកគេប្រាថ្នាថាពួកគេបានធ្វើវា ។
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ
សូមលើកទឹកចិត្តសមាជិកកូរ៉ុម ឬថ្នាក់ឲ្យសញ្ជឹងគិត ហើយកត់ត្រាអ្វីដែលពួកគេនឹងធ្វើដើម្បីប្រព្រឹត្តតាមការបំផុសគំនិត ដែលពួកគេបានទទួលនៅថ្ងៃនេះ ។ តើមេរៀនថ្ងៃនេះទាក់ទងនឹងគោលដៅផ្ទាល់ខ្លួន ដែលពួកគេបានដាក់យ៉ាងដូចម្ដេច ? ប្រសិនបើពួកគេចង់ សមាជិកកូរ៉ុម ឬថ្នាក់អាចចែកចាយគំនិតរបស់ពួកគេបាន ។
ធនធានគាំទ្រ
-
ម៉ាថាយ ២៨:១៩–២០; គោលលទ្ធិ និង សេចក្ដីសញ្ញា ១៨:៩–១៦; ៥០:១៣–១៤; ៨៨:៨១ ( យើងមានកាតព្វកិច្ចមួយដើម្បីចែកចាយដំណឹងល្អ )
-
ឌៀថើរ អេហ្វ អុជដុហ្វ « The Greatest among You » Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៧៨–៨១
-
ខាល ប៊ី ឃុក « Serve » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ១១០–១១២
-
« Preparing to Serve » នៅលើគេហទំព័រ ChurchofJesusChrist.org/topics/missionary-preparation
ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ
ព្រះអង្គសង្គ្រោះបានអញ្ជើញពួកសិស្សរបស់ទ្រង់ឲ្យថ្លែងទីបន្ទាល់ ហើយកាលពួកគេបានធ្វើដូច្នោះ នោះព្រះវិញ្ញាណបានប៉ះពាល់ដួងចិត្តរបស់ពួកគេ ។ ឧទាហរណ៍កាលបងប្អូនបង្រៀនអំពីការគោរពប្រតិបត្តិ សូមអញ្ជើញសមាជិកកូរ៉ុម ឬថ្នាក់ឲ្យចែកចាយទីបន្ទាល់របស់ពួកគេអំពីសារសំខាន់នៃការគោរពតាមបទបញ្ញត្តិ ។ ( សូមមើល ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ [ ឆ្នាំ ២០១៦ ] ទំព័រ ១១, ៣២ ) ៕