គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ​២០២១
ថ្ងៃទី ១៤ ខែ កុម្ភៈ ។ តើ​អ្វី​ទៅ​ជា​បព្វជិតភាព ? គោលលទ្ធិ និង សេចក្ដីសញ្ញា ១២–១៣; យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៦–៧៥


« ថ្ងៃទី ១៤ ខែ កុម្ភៈ ។ តើ​អ្វី​ទៅ​ជា​បព្វជិតភាព ? គោលលទ្ធិ និង សេចក្ដីសញ្ញា ១២–១៣; យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៦–៧៥ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​កូរ៉ុម​បព្វជិតភាព​អើរ៉ុន និង​ថ្នាក់​យុវនារី ៖ ប្រធានបទ​ខាង​គោលលទ្ធិ ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )

« ថ្ងៃទី ១៤ ខែ កុម្ភៈ ។ តើ​អ្វី​ទៅ​ជា​បព្វជិតភាព ? »​ចូរ​មក​តាម​ខ្ញុំ—សម្រាប់​កូរ៉ុម​បព្វជិតភាព​អើរ៉ុន និង​ថ្នាក់​យុវនារី ៖ ប្រធានបទ​ខាង​គោលលទ្ធិ ឆ្នាំ ២០២១

យ៉ូហាន បាទីស្ទ ប្រគល់​បព្វជិតភាព​អើរ៉ុន

នៅ​លើ​អ្នក ជា​ពួក​អ្នក​បម្រើ​ដូច​រូប​ខ្ញុំ​អើយដោយ លីនដា ឃើរលី គ្រីស្ទានសិន និង ម៉ៃឃើល ធី​ ម៉លម៍

ថ្ងៃទី ១៤ ខែ កុម្ភៈ

តើ​អ្វី​ទៅ​ជា​បព្វជិតភាព ?

គោលលទ្ធិ និង សេចក្ដីសញ្ញា ១២–១៣; យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៦–៧៥

រូបតំណាង​ប្រឹក្សា​ជាមួយគ្នា

ប្រឹក្សា​ជាមួយគ្នា

ដឹកនាំ​ដោយ​សមាជិក​ម្នាក់នៅ​ក្នុង​​កូរ៉ុម ឬគណៈប្រធាន​ថ្នាក់ រយៈពេល​ប្រហែល ១០–២០ នាទី

នៅ​ដើម​ការប្រជុំ សូម​សូត្រ​រួមគ្នា​នូវ​​បាវចនា​កូរ៉ុម​បព្វជិតភាព​អើរ៉ុនបាវចនា​ក្រុម​យុវនារី ។ រួច​ហើយ សូម​ដឹកនាំ​ការពិភាក្សា​អំពី​ចំណុច​ដូច​ខាងក្រោម​នេះ ហើយ​ដាក់​ផែនការ​ពី​របៀប​ដើម្បី​អនុវត្ត​តាម​អ្វី​ដែល​បងប្អូន​ពិភាក្សា ( បងប្អូន​អាច​សម្រេច​ចិត្ត​នៅក្នុង​ការប្រជុំ​គណៈប្រធាន​ថា ចំណុច​មួយ​ណា​ដែល​ត្រូវ​ពិភាក្សា ) ៖

  • កូរ៉ុម ឬ​ថ្នាក់​របស់​យើង ។ តើ​យើង​បាន មាន​សកម្មភាព​អ្វីខ្លះ​កាល ពី​ពេល​ថ្មីៗ​នេះ ? តើ​សកម្មភាព​នោះ​ទទួល​បាន​ជោគជ័យ​ដែរ​ឬ​ទេ ? តើ​អ្វី​ដែល​បាន​ដំណើរការ​ល្អ ហើយ​តើ​យើង​អាច​កែលម្អ​វា​ដោយ​របៀប​ណា ?

  • កាតព្វកិច្ច ឬ​ទំនួល​ខុសត្រូវ​របស់​យើង ។ តើ​មាន នរណា​ត្រូវការ​ការបម្រើ​របស់​យើង ដែរ​ឬ​ទេ ? តើ​យើង​អាច​ជួយ​ពួកគេ​បាន​យ៉ាង​ដូចម្ដេច ?

  • ជីវិត​របស់​យើង ។ តើ​យើង​ខិតខំ​ធ្វើការ​រៀងៗ​ខ្លួន​ទៅកាន់​គោលដៅ​អ្វី ? តើ​យើង​អាច​ចែកចាយ​បទពិសោធន៍​អ្វីខ្លះ ? តើ​យើង​បាន​ទទួល​ពរជ័យ​អ្វីខ្លះ ?

នៅ​ចុង​បញ្ចប់​នៃ​មេរៀន​នេះ សូម​ធ្វើ​នូវ​អ្វី​ដែល​ត្រឹមត្រូវ​ដូច​ខាងក្រោម​នេះ ៖

  • ថ្លែង​ទីបន្ទាល់​អំពី​គោលការណ៍​ដែល​បាន​បង្រៀន ។

  • រំឭក​សមាជិក​កូរ៉ុម ឬ​ថ្នាក់​អំពី​ផែនការ និង​ការអញ្ជើញ​ទាំងឡាយ​ដែល​បាន​ដាក់​អំឡុង​ពេល​នៃ​ការប្រជុំ ។

រូប​តំណាង​បង្រៀន​គោលលទ្ធិ

បង្រៀន​គោលលទ្ធិ

ដឹកនាំ​ដោយ​អ្នកដឹកនាំ​ជា​មជ្ឈិមវ័យ ឬ​យុវវ័យ​ម្នាក់ រយៈពេល​ប្រហែល ២៥–៣៥ នាទី

រៀបចំ​ខ្លួន​ខាង​វិញ្ញាណ

នៅពេល​បងប្អូន​អាន​អំពី​ការស្ដារ​បព្វជិតភាព​អើរ៉ុន​ឡើងវិញ​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣ សូម​ព្យាយាម​អាន​តាមរយៈ​កែវភ្នែក​នៃ​អស់​អ្នកទាំងឡាយ​ដែល​បងប្អូន​បង្រៀន ។ តើ​ពួកគេ​យល់​អំពី​អំណាច​បព្វជិតភាព​នៅក្នុង​ជីវិត​របស់​ពួកគេ​ដែរ​ឬ​ទេ ? តើ​ពិធីបរិសុទ្ធ​បព្វជិតភាព​ដូចជា ពិធីបុណ្យ​ជ្រមុជ​ទឹក និង​ពិធី​សាក្រាម៉ង់​បាន​ជួយ​បងប្អូន​ឲ្យ​ទទួល​បាន​ព្រះចេស្ដា​របស់​ព្រះអង្គ​សង្គ្រោះ​ដោយ​របៀប​ណា ? សូម​គិត​អំពី​បទពិសោធន៍ ដែល​បងប្អូន​អាច​ចែកចាយ​បាន ។ ដើម្បី​រៀបចំ​ខ្លួន​បងប្អូន​បង្រៀន​អំពី​បព្វជិតភាព សូម​ពិចារណា​សិក្សា​បទគម្ពីរ​ដែល​បាន​ស្នើ​នៅក្នុង គម្រោង​មេរៀន​ប្រចាំ​សប្ដាហ៍​នេះ នៅ​ក្នុង ចូរ​មក​តាម​ខ្ញុំ—​សម្រាប់​បុគ្គល និង​ក្រុមគ្រួសារ និង « បព្វជិតភាព » នៅក្នុង សេចក្ដី​ណែនាំ​ដល់​បទគម្ពីរទាំងឡាយ ( នៅលើ​គេហទំព័រ scriptures.ChurchofJesusChrist.org ) ។

យុវជន​អាន​ព្រះគម្ពីរ​នៅក្នុង​ថ្នាក់

បទគម្ពីរ​ជួយ​យើង​ឲ្យ​យល់​ពី​របៀប​ដែល​បព្វជិតភាព​ផ្ដល់​ពរជ័យ​ដល់​ជីវិត​របស់​យើង ។

រៀន​ជាមួយគ្នា

ដើម្បី​ចាប់ផ្ដើម​ការពិភាក្សា​មួយ​អំពី​បព្វជិតភាព បងប្អូន​អាច​អញ្ជើញ​សមាជិក​កូរ៉ុម ឬ​ថ្នាក់​ឲ្យ​ចែកចាយ​ពី​អ្វី​ដែល​ពួកគេ​ដឹង​អំពី​ការស្ដារ​បព្វជិតភាព​អើរ៉ុន​ឡើងវិញ ដោយ​រួម​ទាំង​អ្វី​ដែល​ពួកគេ​បាន​អាន​នៅ​សប្ដាហ៍​នេះ​នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១៣ និង យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:៦៦–៧៥ ។ បងប្អូន​ក៏​អាច​បង្ហាញ​រូបភាព​ដែល​ពណ៌នាអំពី​​ការស្ដារ​បព្វជិតភាព​អើរ៉ុន​ឡើងវិញ​បាន​ដែរ ( ដូចជា សៀវភៅ​រូបភាព​ដំណឹង​ល្អ [ ឆ្នាំ ២០០៩ ] ល.រ ៩៣ ) ហើយ​អញ្ជើញ​សមាជិក​កូរ៉ុម ឬ​ថ្នាក់​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​ដឹង​អំពី​ព្រឹត្តិការណ៍​នេះ ។ ហេតុអ្វី​យើង​មាន​អំណរ ដែល​បព្វជិតភាព​ត្រូវបាន​ស្ដារ​ឡើងវិញ ? សកម្មភាព​ខាងក្រោម​នេះ​អាច​ជួយ​អស់​អ្នកទាំងឡាយ​ដែល​បងប្អូន​បង្រៀន​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​អត្ថន័យ​នៃ​បព្វជិតភាព និង​របៀប​ដែល​យើង​ទទួលបាន​ពរជ័យ​ដោយសារ​បព្វជិតភាព ។

  • តើ​សមាជិក​កូរ៉ុម ឬ​ថ្នាក់​នឹង​ពន្យល់​ពី​អត្ថន័យ​បព្វជិតភាពទៅ​ដល់​នរណាម្នាក់ ដែល​មិន​ធ្លាប់​បាន​ឮ​វា​ពីមុន​មក​ដោយ​របៀប​ណា ? ដើម្បី​ជួយ​ពួកគេ បងប្អូន​អាច​សរសេរ​សំណួរ​ខ្លះៗ​ដែល​មនុស្ស​អាច​សួរ​អំពី​បព្វជិតភាព​ដាក់​នៅ​លើ​ក្ដារខៀន ដូចជា តើ​អ្វី​ទៅជា​បព្វជិតភាព ? តើ​នរណា​ម្នាក់​ទទួល​បព្វជិតភាព​ដោយ​របៀបណា ? តើ​អ្នកកាន់​បព្វជិតភាព​ម្នាក់​គួរតែ​ប្រព្រឹត្ត​យ៉ាង​ដូចម្ដេច ? តើ​អ្នកកាន់​បព្វជិតភាព​ធ្វើ​អ្វីខ្លះ ? សូម​អញ្ជើញ​អស់​អ្នកទាំងឡាយ​ដែល​បងប្អូន​បង្រៀន​ឲ្យ​ស្វែងរក​ចម្លើយ​ដោយ​ប្រើ​បទគម្ពីរ និង​ធនធាន​ផ្សេងទៀត​ដែល​មាន​នៅក្នុង « ធនធាន​​គាំទ្រ » ហើយ​សរសេរ​ចម្លើយ​របស់​ពួកគេ​នៅលើ​ក្តារខៀន ។ បងប្អូន​អាច​សូម​ឲ្យ​ពួកគេ​ចែកចាយ​ពរជ័យ ដែល​កើត​មានឡើង​ក្នុង​ជីវិត​របស់​ពួកគេ​ដោយសារ​តែ​បព្វជិតភាព ។ បងប្អូន​ក៏​អាច​បង្ហាញ និង​ពិភាក្សា​ពី​វីដេអូ « How the Priesthood Works » ផងដែរ ( នៅលើ​គេហទំព័រ ChurchofJesusChrist.org; សូមមើល​ផងដែរ « The Priesthood and the Savior’s Atoning Power » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៦៤–៦៧ ) ។

  • ប្រសិនបើ​បងប្អូន​បង្រៀន​អ្នកកាន់​បព្វជិតភាព​អើរ៉ុន នោះ​ពួកគេ​អាច​ទទួល​បាន​ប្រយោជន៍​ពី​ការរំឭក​សារលិខិត​របស់​បងប្រុស ដូហ្គឡាស ឌី ហូលម៉េស « What Every Aaronic Priesthood Holder Needs to Understand » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៥០–៥៣ ) ។ បងប្អូន​អាច​ចាត់​ឲ្យ​សមាជិក​កូរ៉ុម​ម្នាក់ៗ​ពិនិត្យ​មើល​កថាខណ្ឌ​បី​បួន​ដំបូង​ក្នុង​សារលិខិត​នេះ ឬ​វគ្គ​មួយ​នៃ​វគ្គ​បួន​ផ្សេងទៀត ។ សូម​អញ្ជើញ​បុគ្គល​ម្នាក់​ឲ្យ​រកមើល​អ្វីមួយ ដែល​គាត់​មាន​អារម្មណ៍​ថា អ្នកកាន់​បព្វជិតភាព​អើរ៉ុន​គ្រប់រូប​ត្រូវ​យល់ដឹង ។ សូម​ផ្ដល់​ឱកាស​ឲ្យ​គាត់​ចែកចាយ​នូវអ្វី​ដែល​គាត់​បាន​រៀន ហើយ​ពន្យល់​ពី​មូលហេតុ​ដែល​គាត់​បាន​ជ្រើសរើស​ការបង្រៀន​នោះ ។

  • ប្រសិនបើ​បងប្អូន​បង្រៀន​យុវនារី នោះ​បងប្អូន​អាច​ចែកចាយ​សារលិខិត​របស់​ប្រធាន រ័សុល អិម ណិលសុន « Spiritual Treasures » ដែល​ថ្លែង​ទៅកាន់​ពួកគេ ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ៧៦–៧៩ ) ។ បងប្អូន​អាច​សូម​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​ស្រាវជ្រាវ​សារលិខិត​របស់​លោក​រកមើល​អ្វីមួយ ដែល​ពួកគេ​អាច​ធ្វើ​បាន​ដើម្បី « ទាញយក​ព្រះចេស្ដា​របស់​ព្រះអង្គ​សង្គ្រោះ » មក​ក្នុង​ជីវិត​របស់​ពួកគេ​ឲ្យ​កាន់តែ​ពេញលេញ ( ទំព័រ ៧៧ ) ។ តើ​ប្រធាន​ណិលសុន​បាន​បង្រៀន​អ្វីខ្លះ អំពី​របៀប​ដែល​យើង​អាច​ទទួល​បាន​អំណាច​បព្វជិតភាព ? តើ​អំណាច​បព្វជិតភាព​អាច​ផ្ដល់​ពរជ័យ​ដល់​យើង​យ៉ាង​ដូចម្ដេចខ្លះ ? សូម​លើក​ទឹកចិត្ត​យុវនារី​ឲ្យ​ពិចារណា​អំពី​របៀប​ដែល​ពួកគេ​នឹង​ធ្វើ​សកម្មភាព​តាម​ការអញ្ជើញ​នេះមក​ពី​ប្រធាន​ណិលសុន ៖ « ខ្ញុំ​សូម​អង្វរ​ឲ្យ​ក្មួយៗ​សិក្សា​សេចក្ដីពិត​ទាំងអស់ ដែល​ក្មួយៗ​អាច​រកឃើញ​អំពី​អំណាច​បព្វជិតភាព​ប្រកប​ដោយ​ការអធិស្ឋាន » ( ទំព័រ ៧៩ ) ។

ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ

សូម​លើក​ទឹកចិត្ត​សមាជិក​កូរ៉ុម ឬ​ថ្នាក់​ឲ្យ​សញ្ជឹងគិត ហើយ​កត់ត្រា​នូវ​អ្វី​ដែល​ពួកគេ​នឹង​ត្រូវ​ធ្វើ​ដើម្បី​ប្រព្រឹត្ត​តាម​ការបំផុស​គំនិត ដែល​ពួកគេ​បាន​ទទួល​នៅ​ថ្ងៃនេះ ។ តើ​មេរៀន​ថ្ងៃនេះ​ទាក់ទង​នឹង​គោលដៅ​ផ្ទាល់ខ្លួន ដែល​ពួកគេ​បាន​ដាក់​យ៉ាង​ដូចម្ដេច ? ប្រសិនបើ​ពួកគេ​ចង់ សមាជិក​កូរ៉ុម ឬ​ថ្នាក់​អាច​ចែកចាយ​គំនិត​របស់​ពួកគេ​បាន ។

ធនធាន​​គាំទ្រ

ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ

ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ពួកសិស្ស​របស់​ទ្រង់​ឲ្យ​ងាក​ទៅរក​បទគម្ពីរ​ដើម្បី​រកមើល​ចម្លើយ​ចំពោះ​សំណួរ និង​ដើម្បី​ទទួល​បាន​កម្លាំង​ខាង​វិញ្ញាណ ។ តើ​បងប្អូន​អាច​លើក​ទឹកចិត្ត​អ្នក​ទាំងឡាយដែល​បងប្អូន​បង្រៀន​ឲ្យ​ងាក​ទៅរក​បទគម្ពីរ​ដើម្បី​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ និង​ឧបសគ្គ​របស់​ពួកគេ​បាន​យ៉ាង​ដូចម្ដេច ? ( សូមមើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ [ ឆ្នាំ ២០១៦ ] ទំព័រ ៣០ ) ៕