« ថ្ងៃទី ២៨ ខែ កុម្ភៈ ។ តើការប្រែចិត្តមានន័យដូចម្ដេច ? គោលលទ្ធិ និង សេចក្តីសញ្ញា ១៨–១៩ » ចូរមកតាមខ្ញុំ—សម្រាប់កូរ៉ុមបព្វជិតភាពអើរ៉ុន និងថ្នាក់យុវនារី ៖ ប្រធានបទខាងគោលលទ្ធិ ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ២៨ ខែ កុម្ភៈ ។ តើការប្រែចិត្តមានន័យដូចម្ដេច ? »ចូរមកតាមខ្ញុំ—សម្រាប់កូរ៉ុមបព្វជិតភាពអើរ៉ុន និងថ្នាក់យុវនារី ៖ ប្រធានបទខាងគោលលទ្ធិ ឆ្នាំ ២០២១
ថ្ងៃទី ២៨ ខែ កុម្ភៈ
តើការប្រែចិត្តមានន័យដូចម្ដេច ?
ប្រឹក្សាជាមួយគ្នា
ដឹកនាំដោយសមាជិកម្នាក់ក្នុងគណៈប្រធានកូរ៉ុម ឬថ្នាក់ រយៈពេលប្រហែល ១០–២០ នាទី
នៅដើមការប្រជុំ សូមសូត្ររួមគ្នានូវបាវចនាកូរ៉ុមបព្វជិតភាពអើរ៉ុន ឬ បាវចនាក្រុមយុវនារី ។ រួចហើយ សូមដឹកនាំការពិភាក្សាអំពីចំណុចដូចខាងក្រោមនេះ ហើយដាក់ផែនការពីរបៀបដើម្បីអនុវត្តតាមអ្វីដែលបងប្អូនពិភាក្សា ( បងប្អូនអាចសម្រេចចិត្តនៅក្នុងការប្រជុំគណៈប្រធានថា ចំណុចមួយណាដែលត្រូវពិភាក្សា ) ៖
-
កូរ៉ុម ឬថ្នាក់របស់យើង ។ តើនរណាថ្មីនៅក្នុងវួដរបស់យើង ហើយតើយើងអាចជួយពួកគេឲ្យមានអារម្មណ៍ទទួលស្វាគមន៍ដោយរបៀបណា ? តើយើងអាចធ្វើអ្វីខ្លះដើម្បីធ្វើឲ្យពេលវេលារបស់យើងនៅក្នុងការប្រជុំកូរ៉ុម ឬថ្នាក់កាន់តែមានអត្ថន័យ ?
-
កាតព្វកិច្ច ឬទំនួលខុសត្រូវរបស់យើង ។ តើយើងមានកាតព្វកិច្ច និងទំនួលខុសត្រូវអ្វីខ្លះក្នុងនាមជាយុវជន ឬយុវនារី ? តើយើងអាចបំពេញកាតព្វកិច្ច និងទំនួលខុសត្រូវនោះឲ្យកាន់តែប្រសើរដោយរបៀបណា ?
-
ជីវិតរបស់យើង ។ តើយើងត្រូវធ្វើអ្វីខ្លះ ដើម្បីក្លាយកាន់តែដូចជាព្រះយេស៊ូវគ្រីស្ទ ហើយទទួលបានព្រះចេស្ដារបស់ទ្រង់នៅក្នុងជីវិតរបស់យើង ? តើយើងត្រូវធ្វើអ្វីខ្លះដើម្បីជួយក្រុមគ្រួសាររបស់យើងឲ្យមករកទ្រង់ ?
នៅចុងបញ្ចប់នៃមេរៀននេះ សូមធ្វើដូចខាងក្រោមនេះតាមការគួរ ៖
-
ថ្លែងទីបន្ទាល់អំពីគោលការណ៍ដែលបានបង្រៀន ។
-
រំឭកសមាជិកកូរ៉ុម ឬថ្នាក់អំពីផែនការ និងការអញ្ជើញទាំងឡាយដែលបានដាក់អំឡុងពេលនៃការប្រជុំ ។
បង្រៀនគោលលទ្ធិ
ដឹកនាំដោយអ្នកដឹកនាំយុវវ័យ ឬយុវវ័យម្នាក់ រយៈពេលប្រហែល ២៥–៣៥ នាទី
រៀបចំខ្លួនខាងវិញ្ញាណ
វាពិបាកដើម្បីអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៩:១៦–១៩ ហើយមិនមានអារម្មណ៍ពីសេចក្ដីស្រឡាញ់របស់ព្រះអង្គសង្គ្រោះចំពោះយើងនោះ ។ នៅក្នុងខគម្ពីរទាំងនេះ ទ្រង់បានពិពណ៌នាពីការរងទុក្ខដែលទ្រង់បានដកពិសោធន៍ កាលទ្រង់បានធ្វើដង្វាយធួនសម្រាប់អំពើបាបរបស់យើង ហើយបានបើកសម្ដែងពីមូលហេតុដែលទ្រង់បានស្ម័គ្រព្រះទ័យរងទុក្ខយ៉ាងខ្លាំង—« ដើម្បីកុំឲ្យ [ យើង ] អាចរងទុក្ខ បើសិនជា [ យើង ] ប្រែចិត្ត » ។ ការប្រែចិត្តគឺជាពរជ័យមួយដែលកើតមានតាមរយៈព្រះអង្គសង្គ្រោះ ។ វាគឺជាការខំប្រឹងប្រែងដ៏ខ្ជាប់ខ្ជួនរាល់ថ្ងៃដើម្បីងាកចេញពីអំពើបាប ហើយបែរទៅរកព្រះ ។ វាគឺជាផ្នែកមួយនៃផែនការរបស់ព្រះវរបិតាសួគ៌ក្នុងការជួយយើងឲ្យត្រឡប់ទៅរកទ្រង់វិញ ។ ការយល់អំពីរបៀបប្រែចិត្តអាចជួយយើងឲ្យបានស្អាតពីអំពើបាបរបស់យើង ផ្លាស់ប្ដូរដួងចិត្ត និងគំនិតរបស់យើង ហើយខិតទៅកាន់តែជិតព្រះ ។
តើការប្រែចិត្តបានជួយបងប្អូនឲ្យមកកាន់តែជិតព្រះវរបិតាសួគ៌ដោយរបៀបណា ? តើបងប្អូនអាចជួយអស់អ្នកដែលបងប្អូនបង្រៀនឲ្យមានបំណងប្រែចិត្តដោយរបៀបណា ? តើបងប្អូនអាចជួយពួកគេឲ្យឃើញថា ការប្រែចិត្តគឺជាកិច្ចខំប្រឹងប្រចាំថ្ងៃមួយ ហើយមិនមែនគ្រាន់តែទុកប្រើសម្រាប់អំពើបាបធ្ងន់ធ្ងរដោយរបៀបណា ? កាលបងប្អូនរៀបចំខ្លួនបង្រៀន សូមពិចារណាសិក្សាសារលិខិតរបស់ប្រធាន រ័សុល អិម ណិលសុន « យើងអាចធ្វើបានប្រសើរជាង ហើយក្លាយជាបុគ្គលប្រសើរឡើង » ( Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៦៧–៦៩ ) ។
រៀនជាមួយគ្នា
តាំងពីដើមមកព្យាការីទាំងអស់បានអំពាវនាវឲ្យមនុស្សប្រែចិត្ត ។ ទោះយ៉ាងណា ប្រហែលគ្មានការអញ្ជើញឲ្យប្រែចិត្តណាដែលមុតមាំដូចជាការអញ្ជើញរបស់ព្រះអង្គសង្គ្រោះនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១៩:១៥–១៩ ឡើយ ដែលយុវវ័យអាចអានវានៅសប្ដាហ៍នេះបាន ។ បងប្អូនអាចសួរពួកគេពីអ្វីដែលពួកគេបានរៀនអំពីព្រះអង្គសង្គ្រោះចេញមកពីខគម្ពីរទាំងនេះ ។ តើខគម្ពីរទាំងនេះនិយាយអ្វីខ្លះអំពីសារៈសំខាន់នៃការប្រែចិត្តនៅក្នុងព្រះនេត្ររបស់ព្រះអម្ចាស់ ? យោបល់ខាងក្រោមនេះអាចជួយអស់អ្នកដែលបងប្អូនបង្រៀនឲ្យមើលទៅការប្រែចិត្តថាជាពរជ័យប្រចាំថ្ងៃមួយនៅក្នុងជីវិតរបស់ពួកគេ ។
-
ដើម្បីជួយសមាជិកកូរ៉ុម ឬថ្នាក់ឲ្យយល់ពីរបៀបដែលការប្រែចិត្តផ្ដល់ពរដល់ជីវិតរបស់ពួកគេ បងប្អូនអាចចាប់ផ្ដើមដោយការសួរសំណួរទាំងនេះ ៖ តើខ្ញុំដឹងថា ការខំប្រឹងប្រែងរបស់ខ្ញុំដើម្បីប្រែចិត្តដំណើរការឬអត់ដោយរបៀបណា ? តើព្រះអង្គសង្រ្គោះនឹងជួយខ្ញុំឲ្យផ្លាស់ប្ដូរយ៉ាងដូចម្តេច ? បន្ថែមលើការអភ័យទោសឲ្យអំពើបាប តើមានពរជ័យអ្វីផ្សេងទៀតដែលកើតពីការប្រែចិត្ត ? សូមអញ្ជើញសមាជិកក្នុងថ្នាក់ឲ្យអានបទគម្ពីរមួយ ឬច្រើនពីក្នុង « ធនធានគាំទ្រ » ហើយរកមើលចម្លើយចំពោះសំណួរទាំងនេះ ។ តើពួកគេរកឃើញអ្វីខ្លះ ? ជាផ្នែកមួយនៃការពិភាក្សានេះ បងប្អូនអាចបង្ហាញវីដេអូ « Repentance: A Joyful Choice » ( នៅលើគេហទំព័រ ChurchofJesusChrist.org ) ។
-
យុវវ័យជាច្រើនយល់ខុសពីអត្ថន័យនៃការប្រែចិត្ត ។ ពួកគេអាចខ្លាចការប្រែចិត្តខ្លាំង ឬគិតថា វាអនុវត្តតែចំពោះអំពើបាបធ្ងន់ធ្ងរប៉ុណ្ណោះ ។ ដើម្បីជួយកែតម្រូវការយល់ខុសនេះ បងប្អូនអាចអញ្ជើញសមាជិកកូរ៉ុម ឬថ្នាក់ឲ្យសិក្សាផ្នែកមួយនៃសារលិខិតរបស់ប្រធាន រ័សុល អិម ណិលសុន « យើងអាចធ្វើបានប្រសើរជាង ហើយក្លាយជាបុគ្គលប្រសើរឡើង » ( Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៦៧–៦៩ ) ហើយរកមើលឃ្លាដែលជួយពួកគេឲ្យយល់ពីអត្ថន័យនៃការប្រែចិត្ត ។ តើពួកគេបានរកឃើញអ្វីខ្លះ ដែលបានជួយពួកគេឲ្យគិតដល់ការប្រែចិត្តតាមរបៀបថ្មីមួយ ? តើពរជ័យអ្វីខ្លះដែលប្រធានណិលសុនបានសន្យាដល់អស់អ្នកដែលប្រែចិត្ត ?
-
តើបងប្អូនអាចជួយអស់អ្នកដែលបងប្អូនបង្រៀនឲ្យយល់ពីមូលហេតុ និងរបៀបយើងប្រែចិត្តដោយរបៀបណា ? សារលិខិតរបស់ប្រធាន ដាល្លិន អេក អូក « Cleansed by Repentance » ( Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៩១–៩៤ ) អាចជួយបាន ។ បងប្អូនអាចបំបែកកូរ៉ុម ឬថ្នាក់ទៅជាបួនក្រុម ហើយចាត់ឲ្យក្រុមនីមួយៗអានផ្នែកមួយនៃផ្នែកទាំងបួននៃសុន្ទរកថារបស់ប្រធានអូក ។ រួចហើយក្រុមនីមួយៗអាចបង្ហាញសេចក្ដីសង្ខេបនៃអ្វីដែលពួកគេបានអានដល់ក្រុមផ្សេងទៀត អមដោយបទគម្ពីរនានាមកពីសារលិខិតនោះ ដែលគាំទ្រអ្វីដែលពួកគេបានរៀន ។ បងប្អូនអាចបញ្ចប់មេរៀនដោយការអញ្ជើញសមាជិកកូរ៉ុម ឬថ្នាក់ឲ្យចែកចាយទីបន្ទាល់របស់ពួកគេអំពីសារសំខាន់នៃការប្រែចិត្តក្នុងផែនការរបស់ព្រះ ។
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ
សូមលើកទឹកចិត្តសមាជិកកូរ៉ុម ឬថ្នាក់ឲ្យសញ្ជឹងគិត ហើយកត់ត្រាអ្វីដែលពួកគេនឹងធ្វើដើម្បីប្រព្រឹត្តតាមការបំផុសគំនិត ដែលពួកគេបានទទួលនៅថ្ងៃនេះ ។ តើមេរៀនថ្ងៃនេះទាក់ទងនឹងគោលដៅផ្ទាល់ខ្លួន ដែលពួកគេបានដាក់យ៉ាងដូចម្ដេច ? ប្រសិនបើពួកគេចង់ សមាជិកកូរ៉ុម ឬថ្នាក់អាចចែកចាយគំនិតរបស់ពួកគេបាន ។
ធនធានគាំទ្រ
-
នីហ្វៃទី២ ៣១:១៣; អេណុស ១:៥–៩; ម៉ូសាយ ៤:៩–១២; ២៧:២៣–២៦, ៣៥; អាលម៉ា ១៩:៣៣; ៣៦:១៨–២១, ២៤; ៣៧:៩; ហេលេមិន ១៥:៧–៨; មរ៉ូណៃ ៦:៨; គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:៤២–៤៣; ៦៤:៩–១០ ( បទគម្ពីរអំពីការប្រែចិត្ត )
-
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៨:១០–១៦ ( ការប្រែចិត្តនាំមកនូវសេចក្ដីអំណរ )
-
« ការប្រែចិត្ត » នៅក្នុងសៀវភៅ ដើម្បីកម្លាំងនៃយុវជន ( ឆ្នាំ ២០១១ ) ទំព័រ ២៩–៣១
-
« ការប្រែចិត្តតាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ » នៅក្នុងជំពូកទី ៣ នៃសៀវភៅប្រកាសដំណឹងល្អរបស់យើង ( ឆ្នាំ ២០១៩ ) ទំព័រ ៦៣–៦៤
-
« Repentance Is a Blessing to All of Us » « Atonement—Not a One-Time Thing » ( វីដេអូ ) នៅលើគេហទំព័រ ChurchofJesusChrist.org