ឆ្នាំ ២០១០-២០១៩
បាន​ស្អាត​ស្អំ​តាមរយៈ​ការ​ប្រែចិត្ត
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០១៩


2:3

បាន​ស្អាត​ស្អំ​តាមរយៈ​ការ​ប្រែចិត្ត

ដោយសារ​តែ​ផែនការ​របស់​ព្រះ និង​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ យើង​អាច​បាន​ស្អាត​ស្អំ​ដោយ​ដំណើរ​ការ​នៃ​ការ​ប្រែ​ចិត្ត ។

នៅ​ក្នុង​ជីវិត​រមែង​ស្លាប់ យើងទទួល​រង​នូវ​ច្បាប់​របស់​មនុស្ស និង​ច្បាប់​រ​បស់​ព្រះ ។ ខ្ញុំ​ធ្លាប់​មាន​បទពិសោធន៍​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ចំពោះ​ការ​កាត់​សេចក្ដី​ដល់​ទង្វើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ​ស្រប​តាម​ច្បាប់​ទាំង​ពីរ​នេះ​—ពីមុន​ក្នុង​នាម​ជា​ចៅក្រម​នៃ​តុលាការ​កំពូល​រដ្ឋយូថាហ៍ ហើយ​ឥឡូវ​ក្នុង​នាម​ជា​សមាជិក​មួយ​រូប​ក្នុង​គណៈប្រធាន​ទីមួយ​ ។ ភាព​ផ្ទុយ​គ្នា ដែល​ខ្ញុំ​មាន​​បទពិសោធន៍​រវាង​ច្បាប់​របស់​មនុស្ស និង​ច្បាប់​របស់​ព្រះ​បាន​ពង្រីក​ការ​ដឹង​គុណ​របស់​ខ្ញុំ​ចំពោះ​ភាព​ពិត និង​អំណាច​​នៃ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ដោយ​ស្ថិត​នៅ​ក្រោម​ច្បាប់​របស់​មនុស្ស បុគ្គល​ម្នាក់មាន​ពិរុទ្ធ​ពី​បទ​ល្មើស​ធ្ងន់​ធ្ងរ​បំផុត​អាចត្រូវ​​ផ្ដន្ទា​ទោស​ឲ្យ​ជាប់​គុក​មួយ​ជីវិត ដោយ​គ្មាន​លក្ខខណ្ឌ ។ ប៉ុន្តែ​វា​មាន​ភាព​ខុស​គ្នា​នៅ​ក្រោម​ផែនការ​ដ៏​មាន​ក្ដីមេត្តាករុណា​របស់​ព្រះវរបិតា​សួគ៌​ជា​ទីស្រឡាញ់ ។ ខ្ញុំ​បាន​ឃើញ​ថា អំពើ​បាប​ដូច​គ្នា​នេះ​អាច​ទទួល​ការ​អភ័យទោស​ក្នុង​ជីវិត​រមែង​ស្លាប់ ដោយសារ​ពលិកម្ម​ធួន​របស់​ព្រះអង្គ​សង្គ្រោះ​នៃ​យើង​សម្រាប់​អំពើបាប​នៃ ​« អស់​អ្នកណា​ដែល​មាន​ចិត្ត​សង្រេង និង​វិញ្ញាណ​ទន់ទាប » ​( ​នីហ្វៃទី​២ ២:៧ ) ។ ព្រះគ្រីស្ទ​ទ្រង់​ប្រោសលោះ ហើយ​ដង្វាយ​ធួន​របស់​ទ្រង់​គឺ​មាន​ពិត ។

សេចក្ដីមេត្តា​ករុណា​ពេញ​ដោយ​ក្ដីស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ​នៃ​យើង​ត្រូវ​បាន​បង្ហាញ​ឲ្យ​ឃើញ​នៅ​ក្នុង​ទំនុក​តម្កើង​ដ៏​អស្ចារ្យ ដែល​ទើប​តែ​បាន​ប្រគំ​ឡើង​ដោយ​ក្រុម​ចម្រៀង ។

មក​ឯ​ព្រះ​យេស៊ូវ ទ្រង់​ស្ដាប់​អ្នក​ជានិច្ច

ទោះ​ជា​អ្នក​វង្វេង​ក្នុង​ផ្លូវ​ងងឹត

ទ្រង់​នឹង​ដឹកនាំ​អ្នក​ដោយ​សេចក្ដី​ស្រឡាញ់

នាំ​ពី​ងងឹត​ទៅ​ពន្លឺ​ ។

ពលិកម្ម​ធួន​របស់​ព្រះយេស៊ូវគ្រីស្ទ​បើ​ក​ទ្វារ ​« ឲ្យ​មនុស្ស​លោក​ទាំង​អស់​អាច​ប្រែ​ចិត្ត ហើយ​មក​រក [ ទ្រង់ ] បាន » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ​១៨:១១ សូមមើល​ផង​ដែរ ម៉ាកុស ៣:២៨, នីហ្វៃទី ១ ១០:១៨, អាលម៉ា ៣៤:៨, ១៦​ ) ។ គម្ពីរ​អាលម៉ា​ប្រាប់​ពី​ការ​ប្រែ​ចិត្ត និង​ការ​អភ័យ​ទោស ព្រមទាំង​អំពី​មនុស្ស​ដ៏​ទុច្ចរិត​ឃោរឃៅ​ផង​ដែរ ( សូមមើល អាលម៉ា ២៥:១៦, ២៧:២៧, ៣០ ) ។ សារលិខិត​របស់​ខ្ញុំ​នៅ​ថ្ងៃ​នេះ​គឺ​ជា​​សេចក្ដី​សង្ឃឹម​ដល់​យើង​គ្រប់​គ្នា រួម​បញ្ចូល​ទាំង​អ្នក​ដែល​បាន​បាត់​បង់​សមាជិកភាព​របស់​ពួកគេ​នៅ​ក្នុង​សាសនាចក្រ​តាមរយៈ​ការ​កាត់​ចេញ ឬ​ដក​ឈ្មោះ​ចេញ​ផង​ដែរ ។ យើង​ទាំងអស់​គ្នា​គឺជា​មនុស្ស​មាន​បាប ដែល​អាច​បាន​ស្អាត​ស្អំ​តាមរយៈ​ការ​ប្រែចិត្ត ។ អែលឌើរ រ័សុល អិម ណិលសុន បាន​បង្រៀន​នៅ​ក្នុង​សន្និសីទ​ទូទៅ​មួយ​កាល​ពី​មុន​ថា « ការ​ប្រែ​ចិត្ត​ពី​អំពើ​បាប​ពុំ​ងាយ​ស្រួល​ទេ ។ ប៉ុន្តែមាន​រង្វាន់​ដ៏​ស័ក្ដិសម​សម្រាប់​តម្លៃ​នោះ » ។

I. ការ​ប្រែ​ចិត្ត

ការ​ប្រែចិត្ត​ចាប់ផ្ដើម​ជាមួយ​នឹង​ព្រះអង្គ​សង្គ្រោះ​របស់​យើង ហើយ​វា​គឺជា​អំណរ​មួយ ពុំ​មែន​ជា​បន្ទុក​នោះ​ទេ ។ នៅ​ក្នុង​ការ​ប្រជុំ​ធម្មនិដ្ឋាន​បុណ្យ​គ្រីស្ទម៉ាស់​កាល​​ពី​ខែ​ធ្នូ​កន្លង​ទៅ ប្រធាន​ណិលសុន​បាន​បង្រៀន​ថា « ការ​ប្រែចិត្ត​ពិត​ពុំ​មែន​ជា​រឿង​ដែល​កើត​ឡើង​តែ​ម្ដង​នោះទេ ។ វា​គឺ​ជា​ឯកសិទ្ធិ​មួយ​ដែល​គ្មាន​ទីបញ្ចប់ ។ វា​មាន សារៈសំខាន់ ចំពោះ​ការ​រីកចម្រើន និង​មាន​ភាពសុខសាន្ត​នៅ​ក្នុង​ចិត្ត ការ​លួង​លោម និង​អំណរ » ។

ការ​បង្រៀន​ដ៏​អស្ចារ្យ​បំផុត​មួយ​ចំនួន​អំពី​ការ​ប្រែ​ចិត្ត​គឺការ​បង្រៀន​របស់អាលម៉ា​នៅ​ក្នុង​ព្រះគម្ពីរ​មរមន​ទៅ​កាន់​សមាជិក​សាសនាចក្រ​ដែលក្រោយ​មក​លោក​បាន​ពិពណ៌នា​ពី​ពួកគេ​ថា ស្ថិត​នៅ​ក្នុង​ស្ថានភាព​មួយ​នៃ « ការ​ឥត​ជំនឿ »​ « ​លើក​ខ្លួន​ឡើង​ក្នុង…ការ​ឆ្មើងឆ្មៃ​ » ហើយ​មាន​ចិត្ត « ​​ទៅ​លើ​ទ្រព្យសម្បត្តិ និង​វត្ថុ​ទាំង​ឡាយ​ដែល​ឥត​ប្រយោជន៍​នៃ​លោកិយ​ »​ ( អាលម៉ា ៧:៦ ) ។ សមាជិក​ម្នាក់ៗ​នៃ​សាសនាចក្រ​ដែល​បាន​ស្ដារ​ឡើង​វិញ​នេះ​មាន​រឿង​ជាច្រើន​ដែល​ត្រូវ​រៀន​មក​ពី​ការ​បង្រៀន​ដ៏​បំផុសគំនិតរបស់​អាលម៉ា ។

យើង​ចាប់ផ្ដើម​ជាមួយ​នឹង​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ដោយសារ « ព្រះ​អង្គ​នេះ​ហើយ​ដែល​នឹង​យាង​មក ដើម្បី​យក​អំពើ​បាប​ទាំង​ឡាយ​នៃ​មនុស្ស​លោក »​ ( អាលម៉ា ៥:៤៨ ) ។ យើង​ត្រូវ​តែ​ប្រែចិត្ត ដោយសារ​ដូច​ដែល​អាលម៉ា​បាន​បង្រៀន​ថា « លើក​លែង​តែ​អ្នក​រាល់​គ្នា​ប្រែចិត្ត នោះ​អ្នក​រាល់​គ្នា​នឹង​ពុំ​អាច​បាន​នគរ​ស្ថានសួគ៌​ជា​មរតក​ឡើយ » ( អាលម៉ា ៥:៥១ ) ។ ការ​ប្រែចិត្ត​គឺជា​ផ្នែក​ដ៏​ចាំបាច់​មួយ​នៃ​ផែនការ​របស់​ព្រះ ។ ដោយសារមនុស្ស​ទាំងអស់​នឹង​មាន​បាប​នៅ​ក្នុង​ជីវិតរមែង​ស្លាប់​របស់​យើង ហើយ​ត្រូវ​កាត់​ចេញ​ពី​វត្តមាន​របស់​ព្រះ នោះ​មនុស្ស​ពុំ​អាច ​« បាន​សង្គ្រោះ » ​ដោយ​គ្មាន​ការ​ប្រែ​ចិត្ត​ឡើយ ​( អាលម៉ា ៥:៣១ សូមមើល​ផង​ដែរ ហេលេមិន ១២:២២ ) ។

ការណ៍​នេះ​ត្រូ​វបាន​បង្រៀន​តាំង​ពី​ដើម​ដំបូង​មក​ម៉្លេះ ។ ព្រះអម្ចាស់​បាន​បង្គាប់​អ័ដាម​ថា « ចូរ​បង្រៀន​កូន​ចៅ​អ្នក​ថា មនុស្ស​ទាំង​អស់​នៅ​គ្រប់​ទិសទី​ត្រូវ​តែ​ប្រែ​ចិត្ត បើ​ពុំ​នោះ​សោត​ទេ ពួក​គេ​ពុំ​អាច​គ្រង​នគរ​ព្រះ​ទុកជា​មរតក​បាន​ឡើយ ដ្បិត​គ្មាន​អ្វី​ដែល​មិន​ស្អាត​អាច​អាស្រ័យ​នៅ​ទី​នោះ ឬ​នៅ​ក្នុង​វត្ត​មាន​របស់​ទ្រង់​បាន​ឡើយ » ​( ម៉ូសេ ៦:៥៧ ) ។ យើង​ត្រូវ​តែ​ប្រែចិត្ត​ពី​រាល់​អំពើបាប​របស់​យើង—គឺ​រាល់​សកម្មភាព ឬ​ភាព​ខ្ជិល​ច្រអូស​របស់យើង​ដែល​ផ្ទុយ​នឹង​បទបញ្ញត្តិ​របស់​ព្រះ ។ គ្មាន​នរណា​ម្នាក់​អាច​ចៀស​ផុត​បាន​ឡើយ ។ កាល​ពី​ល្ងាច​មិញ ប្រធាន​ណិលសុន​បាន​សំណូម​ពរ​ដល់​យើង​ថា « បងប្អូន​ប្រុស យើង​ទាំងអស់​គ្នា​ចាំបាច់​ត្រូវ​ប្រែចិត្ត » ។

ដើម្បី​បាន​ស្អាត​ស្អំ​តាមរយៈ​ការ​ប្រែចិត្ត យើង​ត្រូវ​តែ​បោះបង់​ចោល​អំពើ​បាប​របស់​យើង ហើយ​សារភាព​វា​ចំពោះ​ព្រះអម្ចាស់ និង​ចំពោះ​ចៅក្រម​របស់​ទ្រង់ ប្រសិន​បើតម្រូវ​ឲ្យ​មាន ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៨:៤៣ ) ។ អាលម៉ា​បាន​បង្រៀន​ផង​ដែរ​ថា ​យើង​ត្រូវ​តែ ​« នាំ​មក​នូវ​កិច្ចការ​ទាំង​ឡាយ​នៃ​សេចក្ដី​សុចរិត​ » ​( អាលម៉ា ៥:៣៥ ) ។ អ្វីៗ​ទាំង​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការ​អញ្ជើញ​ជា​ញឹកញាប់​នៅ​ក្នុង​បទគម្ពីរ​ឲ្យ​មក​រក​ព្រះគ្រីស្ទ ។

យើង​ចាំបាច់​ត្រូវ​ទទួល​ទាន​សាក្រាម៉ង់​រៀងរាល់​ថ្ងៃ​ឈប់​សម្រាក ។ នៅ​ក្នុង​ពិធី​បរិសុទ្ធ​នោះ យើង​ចុះ​សេចក្ដី​សញ្ញា ហើយ​ទទួល​ពរជ័យ​ដែល​ជួយ​យើង​ឲ្យ​យក​ឈ្នះ​លើ​រាល់​ទង្វើ និង​បំណង​ប្រាថ្នា​ដែល​រារាំង​យើង​ពុំ​ឲ្យ​ឆ្ពោះ​ទៅ​រក​ភាព​ល្អ​ឥត​ខ្ចោះ​ដែល​ព្រះអង្គ​សង្គ្រោះ​របស់​យើង​អញ្ជើញ​យើង​ឲ្យ​សម្រេច​កិច្ចការ​នេះ​ ( សូមមើល ម៉ាថាយ ៥:៤៨, នីហ្វៃទី​៣ ១២:៤៨ ) ។ នៅពេល​យើង « លះបង់​ចោល​នូវ​អស់​ទាំង​អំពើ​ដ៏​ឥត​បរិសុទ្ធ [ ចេញ​ពី​ខ្លួន​យើង ] ហើយ​ស្រឡាញ់​ព្រះ​ឲ្យ​អស់​ពី​សមត្ថ​ភាព អស់​ពី​គំនិត និង​អស់​ពី​កម្លាំង [ យើង ] » នោះ​យើង​អាច​នឹង​បាន « ល្អ​ឥត​ខ្ចោះ​នៅ​ក្នុង​ព្រះគ្រីស្ទ » ហើយ​បាន « ញែក​ចេញ​ជា​បរិសុទ្ធ » តាមរយៈ​កា​រ​បង្ហូរ​ព្រះលោហិត​របស់​ទ្រង់ ដើម្បី « បាន​បរិសុទ្ធ ដោយ​គ្មាន​ប្រឡាក់​អ្វី​សោះ​ឡើយ » ( មរ៉ូណៃ ១០:៣២–៣៣ ) ។ ឱ នេះ​ជា​ការ​សន្យា​ដ៏​អស្ចារ្យ​អ្វី​ម៉្លេះ ! ឱ នេះ​ជា​អព្ភូតហេតុ​មួយ​ដ៏​អស្ចារ្យ​អ្វី​ម៉្លេះ ! នេះ​ជា​ពរជ័យ​ដ៏​អស្ចារ្យ​ណាស់ !

II. ការ​ទទួល​ខុស​ត្រូវ និង​សេចក្តី​ជំនុំជម្រះ​ក្នុង​ជីវិត​រមែង​ស្លាប់

គោលបំណងមួយ​នៃផែនការ​របស់​ព្រះ​សម្រាប់​ជីវិត​រមែង​ស្លាប់​នេះ គឺ​ដើម្បី « សាកល្បង »​ យើង « មើល​បើសិន​ជា ​[ ​យើង] នឹង​ប្រព្រឹត្ត​នូវ​អ្វីៗ​គ្រប់​យ៉ាង ដែល​ព្រះអម្ចាស់​ដ៏​ជា​ព្រះ​​ [​ របស់​យើង ​] នឹង​បញ្ជា​ដល់ [​ យើង ​]​ » ( អ័ប្រាហាំ ៣:២៥ ) ​។ ជា​ផ្នែក​មួយ​នៃ​ផែនការ​នេះ យើង​ទទួល​ខុស​ត្រូវ​ចំពោះ​ព្រះ និង​ចំពោះ​ពួក​អ្នក​​បម្រើ​ជម្រើស​របស់​ទ្រង់ ហើយ​ការ​ទទួល​ខុសត្រូវ​នោះ​ទាក់ទង​នឹង​សេចក្ដីជំនុំជម្រះ​ក្នុង​ជីវិត​រមែង​ស្លាប់ និង​មក​ពី​ព្រះ ។

នៅ​ក្នុង​សាសនាចក្រ​របស់​ព្រះអម្ចាស់ សេចក្ដីជំនុំ​ជម្រះ​ក្នុង​ជីវិត​រមែង​ស្លាប់​សម្រាប់​សមាជិក ឬ​សមាជិក​នា​ពេល​ខាង​មុខ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ថ្នាក់ដឹកនាំ​ដែល​ស្វែង​រក​ការ​ដឹកនាំ​មក​ពី​ព្រះ ។ វាគឺជា​ការ​ទទួល​ខុសត្រូវ​របស់​ពួកគាត់​ដើម្បី​ជំនុំ​ជម្រះ​ដល់​បុគ្គល​ដែល​កំពុងខិតខំ​មក​រក​ព្រះគ្រីស្ទ ដើម្បី​ទទួល​បាន​អំណាច​នៃ​ដង្វាយ​ធួន​របស់​ទ្រង់​នៅ​លើ​ផ្លូវ​នៃ​សេចក្ដី​សញ្ញា​ឆ្ពោះ​ទៅ​កាន់​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ។ សេចក្ដីជំនុំ​ជម្រះ​ក្នុង​ជីវិត​រមែង​ស្លាប់​កំណត់​ថា តើ​បុគ្គ​ល​ម្នាក់​ត្រៀមខ្លួន​រួចជាស្រេច​សម្រាប់​ពិធីបុណ្យ​ជ្រមុជទឹក​ហើយ​ឬនៅ ។ តើ​បុគ្គលម្នាក់​​​ស័ក្ដិសម​ទទួល​បាន​ប័ណ្ណ​​​ចូល​​ព្រះវិហារ​បរិសុទ្ធ​ដែរ​ឬទេ ? តើ​បុគ្គល​ម្នាក់​ដែល​ឈ្មោះ​របស់​គាត់​ត្រូវ​បាន​ដក​ចេញ​ពី​កំណត់ត្រា​របស់​សាសនាចក្រ បាន​ប្រែ​ចិត្ត​គ្រប់​គ្រាន់​តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ដើម្បី​មាន​សមាជិកភាព​ជាថ្មី​តាមរយៈពិធីបុណ្យ​ជ្រមុជទឹក​ដែរ​ឬទេ ?

នៅពេល​​ចៅ​ក្រម​ខាង​សាច់ឈាម​​ម្នាក់​ដែល​បាន​ហៅ​មក​ពី​ព្រះ​ អនុម័ត​ឲ្យ​បុគ្គល​ម្នាក់​មាន​ការ​រីកចម្រើន​បន្ថែម​ទៀត ដូចជា​អភ័យ​ឯកសិទ្ធិ​សម្រាប់​ព្រះវិហារ​បរិសុទ្ធ នោះ​គាត់​ពុំ​មែន​កំពុង​តែ​ប្រាប់​ថា បុគ្គល​នោះ​ល្អ​ឥត​ខ្ចោះ​នោះទេ ហើយ​គាត់​ក៏​ពុំ​មែន​កំពុង​តែ​អភ័យទោស​ដល់​អំពើ​បាប​ណា​មួយ​ដែរ ។ អែលឌើរ ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បាន​បង្រៀន​ថា បន្ទាប់​ពីអ្វី​ដែល​លោក​បាន​ហៅ​ថា « ការ​លើក​លែង​ការ​ពិន័យ » ក្នុង​ជីវិត​រមែង​ស្លាប់ នោះ​បុគ្គល​ម្នាក់ « ក៏​ត្រូវ​ស្វែង​រក ហើយ​ទទួល​បាន​ការ​ប្រែចិត្ត​ចុង​ក្រោយ​មួយ​មក​ពី​ព្រះ​នៃ​ស្ថានសួគ៌ដែរ ហើយមានតែ​ទ្រង់​ប៉ុណ្ណោះ​ដែល​អាចប្រទាន​ការ​អភ័យទោស​បាន » ។​ ហើយ​ប្រសិ​នបើ​ទង្វើ និង​បំណង​ប្រាថ្នា​ដែល​មាន​អំពើ​បាប​នៅ​តែបន្ត​មាន​ទៀត​រហូត​ដល់​សេចក្តី​ជំនុំជម្រះ​ចុងក្រោយ នោះ​បុគ្គល​ដែល​ពុំ​បាន​ប្រែ​ចិត្ត​នឹង​បន្ត​ប្រឡាក់​ដោយ​អំពើ​បាប​ដដែល ។ ការ​ទទួល​ខុសត្រូវ​ដ៏​ចម្បង​នោះរួម​បញ្ចូល​ទាំង​ឥទ្ធិពល​លាង​សម្អាត​ចុង​ក្រោយ​​នៃ​ការ​ប្រែចិត្ត​គឺជា​រឿង​រវាង​យើង​ម្នាក់ៗជាមួយ​នឹង​ព្រះ ។

III. ការ​រស់​ឡើង​វិញ និង​សេចក្តី​ជំនុំជម្រះ​ចុងក្រោយ

ជាទូទៅ សេចក្តី​ជំនុំជម្រះដែល​បាន​រៀបរាប់​នៅ​ក្នុង​បទគម្ពីរ​គឺជា​សេចក្តី​ជំនុំជម្រះ​ចុង​ក្រោយ​ដែល​កើត​មាន​បន្ទាប់​ពី​ការ​រស់​ឡើង​វិញ ( សូមមើល នីហ្វៃទី​២ ៩:១៥ ) ។ មាន​បទគម្ពីរ​ជាច្រើន​បានចែង​ថា « យើង​ទាំង​អស់​គ្នា​នឹង​ត្រូវ​ឈរ​នៅ​មុខ​ទី​ជំនុំជម្រះ​​របស់​ផង ព្រះគ្រីស្ទ » ( រ៉ូម ១៤:១០ សូមមើល​ផង​ដែរ នីហ្វៃទី​២ ៩:១៥, ម៉ូសាយ ២៧:៣១ ) ទទួល​ការ​ជំនុំ​ជម្រះ​តាម​អំពើ​ទាំង​ឡាយ [ ដែល ] ខ្លួន​បាន​ប្រព្រឹត្ត កាល​នៅ​ជា​រូប​កាយ​ខាង​ឯ​សាច់ឈាម » ( អាលម៉ា ៥:១៥ សូមមើល​ផង​ដែរ វិវរណៈ ២០:១២, អាលម៉ា ៤១:៣, នីហ្វៃទី​៣ ២៦:៤ ) ។ មនុស្ស​ទាំងអស់​នឹង​ត្រូវ​បានជំនុំ​ជម្រះ « ស្រប​តាម​កិច្ចការ​ទាំងឡាយ​របស់​ពួកគេ » ( នីហ្វៃទី​៣ ២៧:១៥ ) និង « ស្រប​តាម​សេចក្ដី​ប៉ងប្រាថ្នា​នៃ​ដួងចិត្ត​របស់​ពួកគេ » ​( គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៧:៩ សូមមើល​ផង​ដែរ អាលម៉ា ៤១:៦ ) ។

គោលបំណង​នៃ​សេចក្ដី​ជំនុំ​ជម្រះ​ចុង​ក្រោយ​គឺដើម្បី​កំណត់​ថា តើ​យើង​បាន​សម្រេច​នូវ​អ្វី​ដែល​អាលម៉ា​បាន​ពិពណ៌នា​ថាជា « ការ​ផ្លាស់​ប្ដូរ​ដ៏​ធំ​នៅ​ក្នុង​ដួង​ចិត្ត » ​( សូមមើល អាលម៉ា ៥:១៤, ២៦ ) ដោយ​យើង​បាន​ក្លាយ​ជា​សត្វ​លោក​ថ្មី ដោយ ​« ពុំ​មាន​បំណងនឹង​ប្រព្រឹត្ត​អំពើទុច្ចរិតទៀត​ឡើយ ប៉ុន្តែ​ចង់​ប្រព្រឹត្ត​អំពើ​ល្អជានិច្ច​វិញ » ( ម៉ូសាយ ៥:២ )​ ដែរ​ឬ​អត់ ។ ចៅក្រម​​ដែល​ធ្វើ​កិច្ចការ​នេះ​គឺព្រះយេស៊ូវគ្រីស្ទ​ដែលជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង ( សូមមើល យ៉ូហាន ៥:២២, នីហ្វៃទី​២ ៩:៤១ ) ។ បន្ទាប់​ពី​សេចក្ដី​ជំនុំ​ជម្រះ​រ​បស់​ទ្រង់ យើង​ទាំងអស់​គ្នា​នឹង​សារភាព « ថា សេចក្តី​ជំនុំជម្រះ​របស់​ទ្រង់​គឺ​ត្រឹមត្រូវ »​ ( ម៉ូសាយ ១៦:១ សូមមើល​ផង​ដែរ ម៉ូសាយ ២៧:៣១, អាលម៉ា ១២:១៥ ) ដោយសារ​តែការត្រាស់ដឹង​របស់​ទ្រង់​ ( សូមមើល នីហ្វៃទី​២ ៩:១៥, ២០ ) នោះទ្រង់​មាន​ចំណេះដឹង​ដ៏​ល្អ​ឥត​ខ្ចោះ​មួយ​ពី​រាល់​ទង្វើ និង​បំណង​ប្រាថ្នារបស់​យើង ទាំង​សុចរិត ឬ​បាន​ប្រែចិត្ត និង​ពុំ​បាន​ប្រែចិត្ត ឬ​​ពុំ​ផ្លាស់ប្ដូរ ។

បទគម្ពីរ​ពិពណ៌នា​ពី ដំណើរ​ការ នៃ​សេចក្ដីជំនុំ​ជម្រះ​ចុង​ក្រោយ​នេះ ។ អាលម៉ា​បង្រៀន​ថា សេចក្ដី​យុត្តិធម៌​របស់​ព្រះ​របស់​យើងតម្រូវ​ថា នៅ​ឯ​ការ​រស់​ឡើង​វិញ « វត្ថុ​សព្វ​សារពើ​ត្រូវ​បាន​សាង​ឡើង​វិញ ឲ្យ​ត្រឹម​ត្រូវ​តាម​របៀប » ​( អាលម៉ា ៤១:២ ) ។ នេះ​មានន័យ​ថា « ​បើ​សិន​ជា​កិច្ចការ​ទាំង​ឡាយ​របស់​គេ​ល្អ​នៅ​ក្នុង​ជីវិត​នេះ ហើយ​បំណង​នៅ​ក្នុង​ចិត្ត​គេ​ល្អ នោះ​នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់ [ ពួក ] គេ​ក៏​នឹង​បាន​សាង​ឡើង​វិញ​ឲ្យ​បាន​ល្អ​ដែរ »​ ( អាលម៉ា ៤១:៣ ) ។ ស្រដៀង​គ្នា​នេះ​ដែរ « ​បើ​សិន​ជា​កិច្ចការ​ទាំង​ឡាយ​របស់​គេ [ ឬ​បំណង​ប្រាថ្នា​របស់​គេ ] អាក្រក់ នោះ​គេ​នឹង​បាន​សាង​ឡើង​វិញ [ ជា ] អាក្រក់​ដែរ » ( អាលម៉ា ៤១:៤–៥ សូមមើល​ផងដែរ ហេលេមិន ១៤:៣១ ) ។ ស្រដៀង​គ្នា​នេះ​ដែរ ព្យាការី​យ៉ាកុប​បាន​បង្រៀន​ថា នៅ​ក្នុង​សេចក្ដី​ជំនុំ​ជម្រះ​ចុង​ក្រោយ « ​ពួក​អ្នក​ដែល​សុចរិត ក៏​នឹង​នៅ​តែ​សុចរិត​ដដែល ហើយ​ពួក​អ្នក​ដែល​ស្មោក​គ្រោក ក៏​នឹង​នៅ​តែ​ស្មោក​គ្រោក​ដដែល​ដែរ »​ ( នីហ្វៃទី​២ ៩:១៦ សូមមើល​ផងដែរ មរមរន ៩:១៤, នីហ្វៃទី​១ ១៥:៣៣ ) ។ នោះ​គឺ​ជា​ដំណើរ​ការ​ពីមុន​អ្វី​ដែល​មរ៉ូណៃ​ហៅ​ថា « វេទិកា​ជំនុំជម្រះ​ដ៏​គាប់​ព្រះហឫទ័យ​នៃ​ព្រះយេហូវ៉ា​ដ៏មហិមា ដែល​ជា​ចៅក្រម​ដ៏​អស់កល្បជានិច្ច​នៃ​មនុស្ស​រស់ និងមនុស្ស​ស្លាប់​ផង » ( មរ៉ូណៃ ១០:៣៤ សូមមើល​ផងដែរ នីហ្វៃទី​៣ ២៧:១៦ ) ។

ដើម្បី​ប្រាកដ​ថា យើង​មាន​ភាព​ស្អាត​ស្អំ​នៅ​ចំពោះ​ព្រះ យើង​ត្រូវ​តែ​ប្រែចិត្ត ពីមុន សេចក្ដី​ជំនុំ​ជម្រះ​ចុង​ក្រោយ ( សូមមើល មរមន ៣:២២ ) ។ ដូច​​អាលម៉ាបាន​ប្រាប់​ទៅ​កូន​ប្រុស​របស់​លោក​ដែល​មាន​អំពើបាប​ដែរ នោះ​យើង​ពុំ​អាច​លាក់​បាំង​នូវ​អំពើ​បាប​របស់​យើង​ចំពោះ​ព្រះបាន​ឡើយ « ហើយ ​លើកលែង​កូន​ប្រែ​ចិត្ត បើ​ពុំ​នោះ​សោត​ទេ ទោស​ទាំង​នោះ​នឹង​ឈរ​ជាទី​បន្ទាល់ ទាស់​នឹង​កូន​នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់ » ​( អាលម៉ា ៣៩:៨ បាន​គូសបញ្ជាក់បន្ថែម ) ។ ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ផ្ដល់​ផ្លូវ​តែមួយ​គត់​ដល់​យើង​ដើម្បី​សម្រេច​បាន​ការ​លាង​ជម្រះ​ដ៏​ចាំបាច់​តាមរយៈ​ការ​ប្រែចិត្ត ហើយ​ជីវិត​រមែង​ស្លាប់​នេះ​គឺជាពេល​របស់​យើង​ដើម្បី​ធ្វើ​កិច្ចការ​នេះ ។ ទោះ​ជា​យើង​ត្រូវ​បាន​បង្រៀន​ថា ការ​ប្រែចិត្ត​មួយ​ចំនួន​អាច​កើត​ឡើង​នៅ​ក្នុង​ពិភពវិញ្ញាណ​ក្ដី​( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៨:៣១, ៣៣, ៥៨ ) ក៏​​ការណ៍​នោះ​មិន​មាន​ភាពជាក់​លាក់​ឡើយ ។ អែលឌើរ ម៉ាវីន ជេ បាឡឺដ បាន​បង្រៀន​ថា « វា​ងាយ​ស្រួល​ជាង​ដើម្បី​យក​ឈ្នះ​អំពើបាប ហើយ​បម្រើ​ព្រះអម្ចាស់ នៅពេល​សាច់ និង​វិញ្ញាណ​នៅ​ផ្គុំ​គ្នា​តែ​មួយ ។ នេះ​គឺជា​ពេល​ដែល​មនុស្ស​អាច​សម្រប​ខ្លួន ហើយ​ទទួល​ឥទ្ធិពល​បាន​ច្រើន​ ។ … ជីវិត​នេះ​គឺ​ជា​ពេលវេលា​ដើម្បី​ប្រែចិត្ត » ។

នៅពេល​យើង​ប្រែចិត្ត យើង​មាន​ការ​អះអាង​របស់​ព្រះអម្ចាស់​ថា អំពើ​បាប​របស់​យើង រួម​ទាំង​ទង្វើ និង​បំណង​ប្រាថ្នា​របស់​យើង​ផង​ដែរ នឹង​ត្រូវបាន​លាង​ជម្រះ ហើយ​ចៅ​ក្រម​ចុង​ក្រោយ​ដ៏​មាន​ព្រះទ័យ​មេត្តា​ករុណា​នឹង​ « មិន​ចាំ​ពី​អំពើ​បាប​ទាំង​នោះ​ទៀត​ទេ » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៨:៤២; សូមមើល​ផងដែរ អេសាយ ១:១៨, យេរេមា ៣១:៣៤, ហេព្រើរ ៨:១២, អាលម៉ា ៤១:៦, ហេលេមិន ១៤:១៨–១៩ ) ។ ដោយ​បាន​ស្អាតស្អំ​តាមរយៈ​ការ​ប្រែចិត្ត នោះ​យើងអាចស័ក្ដិសម​ដើម្បី​បាន​ជីវិត​អស់​កល្ប​ជានិច្ច ដែល​ស្ដេច​បេនយ៉ាមីន​បាន​ពិពណ៌នា​ថា​ជា « [ ការ ] រស់​នៅ​ជាមួយ​នឹងព្រះ​ក្នុង​ស្ថានភាព​សុភមង្គល​ដ៏​មិន​ចេះ​ចប់​មិន​ចេះ​ហើយ » ( ម៉ូសាយ ២:៤១ សូមមើល​ផង​ដែរ គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៤:៧ ) ។

ជាផ្នែក​មួយ​ទៀត​ក្នុង « ផែនការ​នៃ​ការ​សាង​ឡើង​វិញ » របស់​ព្រះ ( អាលម៉ា ៤១:២ ) នោះ​ការ​រស់​ឡើង​វិញ​នឹង​ស្ដារ « ​អ្វីៗ​ទាំង​អស់…​ទៅ​ជា​រូប​រាង​ដ៏​ត្រឹម​ត្រូវ និង​ល្អ​ឥត​ខ្ចោះ​ឡើង​វិញ » ( អាលម៉ា ៤០:២៣ ) ។ ការណ៍​នេះ​រួម​បញ្ចូល​នូវភាព​ល្អ​ឥតខ្ចោះ​នៃ​រាល់ភាព​ទន់ខ្សោយ និងជំងឺ ខាង​រូបកាយ របស់​យើង​ ដែល​មាន​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់ រួម​ទាំង​នៅ​ពេល​ចាប់​កំណើត ឬ​តាមរយៈ​គ្រោះថ្នាក់ ឬ​ជំងឺ នឹង​បាន​ល្អ​ឥតខ្ចោះ ។

តើ​ការ​សាង​ឡើង​វិញ​នេះ​ធ្វើ​ឲ្យ​យើង​បាន​ល្អឥតខ្ចោះ​ពី​រាល់បំណង​ប្រាថ្នា ឬ​ការ​ញៀន​ដែល​ពុំ​បរិសុទ្ធ ឬពុំ​អាច​យក​ឈ្នះ​បានរបស់​យើង​ដែរ​ឬទេ ? វា​ពុំ​អាច​ទេ ។ យើងដឹង​ពី​វិវរណៈសម័យ​ទំនើប​ថា យើង​នឹង​ត្រូវ​ជំនំជម្រះ​ចំពោះ បំណង​ប្រាថ្នា របស់យើង រួម​ទាំង​ទង្វើ​របស់​យើង ( សូមមើល អាលម៉ា ៤១:៥, គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៧:៩ ) ហើយ​សម្បី​តែ គំនិត​ របស់​យើង​ក៏នឹង​ដាក់​ទោស​យើង​ដែរ ​( សូមមើល អាលម៉ា ១២:១៤ ) ។ យើង​មិន​ត្រូវ​ « ​ពន្យា​ពេល​​នៃ​ការ​ប្រែចិត្ត​របស់​[ យើង ] » ​រហូត​ដល់​សេចក្ដី​ស្លាប់​ឡើយ​ អាមូលេក​បានបង្រៀន​ថា ( ​អាលម៉ា ៣៤:៣៣ ) ដោយសារ វិញ្ញាណ​ដែលជា​ម្ចាស់​រូប​កាយ​របស់​យើង​ក្នុង​ជីវិត​នេះ​—មិន​ថា ជា​ព្រះវិញ្ញាណ​របស់​ព្រះអម្ចាស់ ឬ​វិញ្ញាណ​របស់​អារក្ស​នោះ​ទេ—« នឹង​មាន​អំណាច​ធ្វើ​ជា​ម្ចាស់​រូប​កាយ​របស់ ​[ យើង ] នៅ​ក្នុង​ស្ថាន​ដ៏​នៅ​អស់​កល្ប​ជានិច្ច​នោះ​ដែរ » ​( អាលម៉ា ៣៤:៣៤ ) ។ ព្រះអង្គ​សង្គ្រោះ​មាន​ព្រះចេស្ដា ហើយ​ត្រៀមជាស្រេច​ដើម្បី​លាង​សម្អាត​យើង​ពី​អំពើអាក្រក់ ។ ឥឡូវ​នេះ​គឺជា​ពេល​​ស្វែង​រក​ជំនួយ​របស់​ទ្រង់​ដើម្បី​ប្រែចិត្ត​ពី​បំណង​ប្រាថ្នា និង​គំនិតទុច្ចរិត ឬ​ពុំ​ទំនង​របស់​យើង ដើម្បី​បាន​ស្អាត​ស្អំ ហើយ​ត្រៀម​ខ្លួន​ជាស្រេច​ដើម្បី​ឈរ​នៅ​ចំពោះ​ព្រះ​នៅ​ឯ​សេចក្ដី​ជំនុំ​ជម្រះ​ចុង​ក្រោយ ។

IV. ព្រះហស្ដ​នៃ​សេចក្ដី​មេត្តា​ករុណា

ផែនការ​របស់​ព្រះ​ដ៏​មាន​ឫទ្ធិ និង​រាល់​បទបញ្ញត្តិ​របស់​ទ្រង់​គឺជា​សេចក្ដីស្រឡាញ់​របស់​ទ្រង់​ចំពោះ​យើង​ម្នាក់ៗ ដែល​ « គួរ​ឲ្យ​ប្រាថ្នា​ដ៏​លើស​លប់​ជាង​អ្វីៗ​ទាំងអស់…​ជា​សេចក្ដី​រីករាយ​បំផុត​ដល់​ព្រលឹង » ​( នីហ្វៃទី​១ ១១:២២–២៣ ) ។ ព្យាការី​អេសាយ​បាន​អះអាង​ថា សូម្បី​តែ​ជន​ទុច្ចរិត នៅពេល​ពួកគេ​ « ​ត្រឡប់​មក​ឯ​ព្រះយេហូវ៉ា​វិញ នោះ​ទ្រង់​នឹង​អាណិត​មេត្តា…[ ហើយ ] នឹង​អត់​ទោស​ឲ្យ​ជា​បរិបូរ »​ ( អេសាយ ៥៥:៧ ) ។ អាលម៉ា​បានបង្រៀន​ថា « មើល​ចុះ ទ្រង់​បាន​អញ្ជើញ​មនុស្ស​លោក​ទាំង​អស់ ដ្បិត​ព្រះ​ពាហុ​នៃ​សេចក្ដី​មេត្តាករុណា​បាន​លាតសន្ធឹង​មក​រក​គេ » ( អាលម៉ា ៥:៣៣ សូមមើល​ផង​ដែរ នីហ្វៃទី​២ ២៦:២៥–៣៣ ) ។ ព្រះអង្គសង្គ្រោះដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ​​បាន​មាន​ព្រះបន្ទូល​ថា « មើលចុះ ដៃ​នៃ​សេចក្ដីមេត្តាករុណា​របស់​យើង​សន្ធឹង​ទៅ​រក​អ្នក ហើយ​អស់​អ្នកណា​ដែល​មក អ្នក​នោះ​ហើយ​ដែល​យើង​នឹង​ទទួល » ( នីហ្វៃទី៣ ៩:១៤ ) ។ នៅ​ក្នុង​ការបង្រៀន​ទាំង​នេះ និង​ការ​បង្រៀនផ្សេង​ទៀត​ជា​ច្រើន​ក្នុង​បទគម្ពីរ យើង​ដឹង​ថា ព្រះអង្គ​សង្គ្រោះ​ជា​ទីស្រឡាញ់​របស់​យើង​បាន​បើក​ព្រះហស្ដ​របស់​ទ្រង់ ដើម្បី​ទទួល​បុរស​ស្ត្រី​គ្រប់​រូប​ស្រប​តាម​លក្ខខណ្ឌ​គួរ​ឲ្យ​ស្រឡាញ់​ដែល​ទ្រង់​បាន​រៀបរាប់ ដើម្បី​រីករាយ​នឹង​ពរជ័យ​ដ៏​ធំ​បំផុត​ដែល​ព្រះ​មាន​សម្រាប់​បុត្រាបុត្រី​របស់​ទ្រង់ ។

ដោយសារ​ផែនការ​របស់​ព្រះ និងដង្វាយ​ធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ដោយ « មាន​ការភ្លឺ​ថ្លា​នៃ​សេចក្ដី​សង្ឃឹម​ដ៏​ឥតខ្ចោះ »​ មួយ​ថា ព្រះ​ស្រឡាញ់​យើង ហើយ​យើង អាច បាន​ជ្រះ​ស្អាត​ តាមរយៈ​ដំណើរ​ការ​នៃ​ការ​ប្រែចិត្ត ។ យើង​ត្រូវ​បាន​សន្យា​ថា « បើសិន​ជា [ យើង ] ​ខិតខំ​ជឿន​ទៅ​មុខ ដោយ​ទទួល​នូវ​ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ ហើយ​កាន់​ខ្ជាប់​ដរាប​ដល់​ចុង​បំផុត មើល​ចុះ​ នោះ​ព្រះវរបិតា​ទ្រង់​មាន​ព្រះបន្ទូល​ថា ៖ អ្នក​រាល់​គ្នា​នឹង​មាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច » ( នីហ្វៃទី​២ ៣១:២០ ) ។ សូមឲ្យយើងទាំង​អស់​គ្នា​ធ្វើ​កិច្ចការ​នេះ ខ្ញុំ​សូម​អង្វរ ហើយ​អធិស្ឋាន​ក្នុង​ព្រះនាមនៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់​ចំណាំ

  1. សូម​មើល «​ មក​ឯ​ព្រះ​យេស៊ូវ​ » ទំនុក​តម្កើង ទំព័រ ៦៤ ។

  2. រ័សុល អិម ណិលសុន « Repentance and Conversion » Liahona ខែ ឧសភា ឆ្នាំ ២០០៧ ទំព័រ ១០២ ។

  3. រ័សុល អិម ណិលសុន​ « អំណោយ​ទាន​ចំនួន​បួន​ដែល​ព្រះយេស៊ូវគ្រីស្ទ​ប្រទាន​ដល់​បងប្អូន » ( ការប្រជុំ​ធម្មនិដ្ឋាន​បុណ្យ​គ្រីស្ទម៉ាស់​របស់​គណៈប្រធាន​ទី​មួយ​ឆ្នាំ ២០១៨ ការ​ចាក់​ផ្សាយ​ថ្ងៃទី ២ ខែ ធ្នូ ឆ្នាំ​២០១៨ ) គេហទំព័រ ChurchofJesusChrist.org ។

  4. រ័សុល អិម ណិលសុន​ « We Can Do Better and Be Better » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៦៩ ។

  5. The Teachings of Spencer W. Kimball ed. Edward L. Kimball ( ឆ្នាំ ១៩៨២ ) ទំព័រ ១០១ ។

  6. Melvin J. Ballard, នៅក្នុង Melvin R. Ballard Melvin J. Ballard: Crusader for Righteousness ( ឆ្នាំ ១៩៦៦ ) ទំព័រ ២១២–១១៣ ។

  7. សូម​មើល ថាត អរ ខាលីស្ទើរ The Infinite Atonement ( ឆ្នាំ ២០០០ ) ទំព័រ ២៧–២៩ ។