ការត្រៀមខ្លួនសម្រាប់ការយាងត្រឡប់មកវិញរបស់ព្រះអម្ចាស់
សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ត្រូវបានផ្ដល់អំណាច និងការបង្គាប់ដើម្បីសម្រេចការរៀបចំដែលចាំបាច់សម្រាប់ការយាងមកជាលើកទីពីររបស់ព្រះអម្ចាស់ ។
នៅពីរសប្ដាហ៍ទៀត យើងនឹងប្រារព្ធពិធីបុណ្យអ៊ីស្ទើរ ។ ការមានព្រះជន្មរស់ឡើងវិញបញ្ជាក់ពីភាពជាព្រះរបស់ព្រះយេស៊ូវគ្រីស្ទ និងភាពពិតជាក់ស្តែងរបស់ព្រះជាព្រះវរបិតា ។ គំនិតរបស់យើងបង្វែរទៅរកព្រះអង្គសង្គ្រោះ ហើយយើងពិចារណាពី « ព្រះជន្មដែលពុំអាចប្រៀបស្មើបាន និងគុណធម៌ជានិរន្តរនៃពលិកម្មធួនដ៏ធំរបស់ទ្រង់ » ។ ខ្ញុំសង្ឃឹមថា យើងក៏គិតពីការយាងត្រឡប់មករបស់ទ្រង់នាពេលខាងមុខផងដែរ នៅពេល « ទ្រង់នឹងយាងមកក្នុងនាមជាសេ្តចនៃអស់ទាំងស្តេច និងជាព្រះនៃអស់ទាំងព្រះ… » ។
កាលពីពេលកន្លងទៅ នៅទីក្រុង ប៊ុយណូហ្សែ ប្រទេសអាហ្សង់ទីន ខ្ញុំបានចូលរួមនៅក្នុងសន្និសីទមួយជាមួយនឹងថ្នាក់ដឹកនាំមកពីសាសនាខុសៗគ្នាដ៏ច្រើន ។ សេចក្ដីស្រឡាញ់របស់ពួកគេចំពោះមនុស្សទូទៅគឺវិសេសវិសាល ។ ពួកគាត់មានចេតនាសម្រាលការឈឺចាប់ ហើយជួយមនុស្សទូទៅឲ្យរួចផុតពីការគៀបសង្កត់ និងភាពក្រីក្រ ។ ខ្ញុំបានសញ្ជឹងគិតពីគម្រោងមនុស្សធម៌ជាច្រើនរបស់សាសនាចក្រនេះ រួមទាំងគម្រោងដែលសហការជាមួយនឹងក្រុមសាសនាជាច្រើនដែលមានតំណាងនៅក្នុងសន្និសីទនោះផងដែរ ។ ខ្ញុំមានអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសេចក្ដីសប្បុរសរបស់នៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយដែលបានធ្វើឲ្យការបម្រើបែបដូចជាព្រះគ្រីស្ទនេះកើតឡើងបាន ។
នៅក្នុងគ្រានោះ ព្រះវិញ្ញាណបរិសុទ្ធបានបញ្ជាក់រឿងពីរយ៉ាងចំពោះខ្ញុំ ។ ទីមួយ កិច្ចការនៃការងារបម្រើចំពោះតម្រូវការខាងសាច់ឈាម គឺសំខាន់ ហើយត្រូវតែបន្ដ ។ ទីពីរ គឺជាអ្វីដែលពុំបានរំពឹងទុក ប៉ុន្តែវាមានអនុភាព ហើយច្បាស់ ។ វាគឺដូចនេះ ៖ វាលើសពីការបម្រើពុំអាត្មានិយម វាមានសារៈសំខាន់យ៉ាងខ្លាំងដើម្បីរៀបចំពិភពលោកនេះសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ។
នៅពេលទ្រង់យាងមក ការគៀបសង្កត់ និងភាពអយុត្តិធម៌ពុំគ្រាន់តែរសាយបាត់ប៉ុណ្ណោះទេ ប៉ុន្តែវានឹងឈប់មានទៀតហើយ ៖
« ឆ្កែព្រៃនឹងនៅជាមួយនឹងកូនចៀម ឯខ្លារខិននឹងដេកនៅជាមួយនឹងកូនពពែ ឯកូនគោ និង សិង្ហស្ទាវ ព្រមទាំងសត្វបំប៉នយ៉ាងធាត់នឹងនៅជាមួយគ្នា ហើយក្មេងតូចៗជាអ្នកគង្វាលវា ។…
វារាល់គ្នានឹងមិនធ្វើទុក្ខ ឬ បំផ្លាញគ្នានៅគ្រប់លើភ្នំបរិសុទ្ធរបស់អញ ដ្បិតគ្រប់ទាំងអស់នឹងស្គាល់ព្រះយេហូវ៉ានៅពេញពាសលើផែនដី ដូចជាទឹកនៅពេញពាសក្នុងសមុទ្រដែរ » ។
ភាពក្រីក្រ និងការឈឺចាប់នឹងពុំគ្រាន់តែកាត់បន្ថយប៉ុណ្ណោះទេ ប៉ុន្តែវានឹងរលាយបាត់ទៅ ៖
« គេនឹងមិនឃ្លាន ឬស្រេកទៀត ក៏មិនត្រូវថ្ងៃចាំងមកលើគេ ឬចំហាយណាទៀតឡើយ ។
ពីព្រោះកូនចៀមដែលនៅកណ្តាលបល្ល័ង្កទ្រង់នឹងឃ្វាល ហើយនាំគេទៅដល់រន្ធទឹកនៃជីវិត ហើយព្រះទ្រង់នឹងជូតអស់ទាំងទឹកភ្នែកពីភ្នែកគេចេញ » ។
សូម្បីតែការឈឺចាប់ និងភាពសោកសៅនៃសេចក្ដីស្លាប់ក៏លែងមានដែរ ៖
« នៅថ្ងៃនោះ ទារកនឹងមិនស្លាប់ឡើយ ទាល់តែវាមានអាយុច្រើន ហើយជីវិតវានឹងបានយឺនយូរដូចជាអាយុដើមឈើ
ហើយកាលវាស្លាប់ទៅ នោះវានឹងមិនដេកលក់ គឺនៅក្នុងដីទេ ប៉ុន្តែនឹងផ្លាស់ប្រែមួយប៉ប្រិចភ្នែក ហើយនឹងបានលើកឡើង ហើយសេចក្ដីសម្រាករបស់វានឹងបានជាទីរុងរឿងឧត្ដម » ។
ដូច្នេះហើយ ចូរធ្វើឲ្យអស់ពីលទ្ធភាពរបស់យើង ដើម្បីសម្រាលការឈឺចាប់ និងភាពសោកសៅនៅពេលនេះ ហើយចូរយើងលះបង់ខ្លួនយើងដោយឧស្សាហ៍ដើម្បីត្រៀមខ្លួនសម្រាប់ថ្ងៃដែលការឈឺចាប់ និងអំពើអាក្រក់ត្រូវបានបញ្ចប់រួមគ្នា នៅពេល « ព្រះគ្រីស្ទ [ នឹង ] សោយរាជ្យនៅលើផែនដីផ្ទាល់ ហើយ …ផែនដីនឹងបានផ្លាស់ប្តូរសារជាថ្មី ហើយនឹងទទួលសិរីល្អដ៏ប្រកបដោយភាពបរមសុខ » ។ វានឹងជាថ្ងៃនៃការប្រោសលោះ និងការកាត់សេចក្ដី ។ អតីតប៊ីស្សពនៃសាសនាពួកអង់គ្លេសតំបន់ដួហេម វេជ្ជ. អិន ធី រ៉ាយ បានពិពណ៌នាយ៉ាងសមរម្យពីសារៈសំខាន់នៃដង្វាយធួន ការមានព្រះជន្មរស់ឡើងវិញ និងការកាត់សេចក្ដីរបស់ព្រះគ្រីស្ទ ក្នុងការយកឈ្នះភាពអយុត្តិធម៌ ហើយបង្កើតឲ្យមានយុត្តិធម៌ត្រឹមត្រូវគ្រប់បែបយ៉ាង ។
លោកបានពោល ៖ « ព្រះបានចាត់ថ្ងៃមួយដែលទ្រង់នឹងកាត់សេចក្ដីពិភពលោកនេះឲ្យត្រឹមត្រូវ ដោយបុរសម្នាក់ដែលទ្រង់បានចាត់—ហើយទ្រង់បានប្រទានការអះអាងដល់មនុស្សទាំងអស់ពីការណ៍នេះដោយធ្វើឲ្យបុរសនេះរស់ពីស្លាប់ ។ ធាតុពិតអំពីព្រះយស៊ូវនៃណាសារ៉ែត ហើយជាពិសេសអំពីការមានព្រះជន្មរស់ពីសេចក្ដីស្លាប់របស់ទ្រង់ គឺជាគ្រឹះនៃការអះអាងនោះថា ពិភពលោកនេះមិនមែនចៃដន្យនោះឡើយ ។ នៅទីបំផុត វាពុំមានភាពចលាចលនោះទេ ថានៅពេលយើងធ្វើរឿងត្រឹមត្រូវនៅបច្ចុប្បន្ននេះ យើងនឹងពុំខ្ជះខ្ជាយពេលរបស់យើង ដោយព្យាយាមគាំទ្រអគារមួយដែលដួលរលំនៅពេលក្រោយ ឬដើម្បីជួសជុលរថយន្តមួយដែលនឹងឈប់ដំណើរការនោះឡើយ ។ នៅពេលព្រះប្រោសព្រះយេស៊ូវឲ្យរួចពីសុគត នោះគឺជាព្រឹត្តិការណ៍ដ៏តូចដែលមាននូវសកម្មភាពដ៏ធំនៅទីបំផុត និយាយខ្លីគឺជាគ្រាប់ពូជនៃសេចក្ដីសង្ឃឹមនៅទីបំផុត ។ ព្រះបានប្រកាសនៅក្នុងរបៀបដ៏មានអនុភាពបំផុតដែលពុំអាចនឹកស្រមៃដល់ថា ព្រះយេស៊ូវនៃណាសារ៉ែតគឺពិតជាព្រះមែស៊ី ។… នៅក្នុងប្រវត្តិសាស្ត្រដ៏អស្ចារ្យបំផុត [ ព្រះយេស៊ូវ ] ផ្ទាល់បានរងនូវការឈឺចាប់ និងការកាត់សេចក្ដីអយុត្តិធម៌ ដោយយាងមកកាន់កន្លែងដែលជានិមិត្តរូប ហើយបានប្រមូលផ្តុំរាល់ការឈឺចាប់ជាច្រើន និងភាពអយុត្តិធម៌នៃប្រវត្តិសាស្ត្រ ដើម្បីទ្រាំទ្រនឹងភាពចលាចល ភាពងងឹត ការឈឺចាប់ ភាពអយុត្តិធម៌នោះដោយខ្លួនទ្រង់ផ្ទាល់ ហើយបំផ្លាញអនុភាពរបស់វា » ។
ខណៈខ្ញុំនៅក្នុងសន្និសីទនៅទីក្រុង ប៊ុយណូហ្សែ ដែលខ្ញុំបានលើកឡើងពីខាងដើម ព្រះវិញ្ញាណបានបញ្ជាក់យ៉ាងច្បាស់ដល់ខ្ញុំថា សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយទទួលបានសិទ្ធិអំណាច និងការអនុញ្ញាតយ៉ាងវិសេសវិសាលដើម្បីសម្រេចការត្រៀមខ្លួនដ៏ចាំបាច់សម្រាប់ការយាងមកជាលើកទីពីររបស់ព្រះអម្ចាស់ ពិតណាស់ វាត្រូវបានស្ដារឡើងវិញសម្រាប់គោលបំណងនោះ ។ តើបងប្អូនអាចរកឃើញមនុស្សណាម្នាក់នៅកន្លែងណាផ្សេងទៀត ដែលឱបក្រសោបយុគសម័យបច្ចុប្បន្ននេះដូចបានព្យាករថា « ប្រមូលរបស់ទាំងអស់មកតែមួយនៅក្នុងព្រះគ្រីស្ទ » ? បើបងប្អូនមិនឃើញថាមានសហគមន៍មួយនៅទីនេះដែលមានបំណងសម្រេចអ្វីដែលចាំបាច់ត្រូវសម្រេចទាំងសម្រាប់អ្នកនៅរស់ និងអ្នកស្លាប់ដើម្បីរៀបចំសម្រាប់ថ្ងៃនោះទេ បើបងប្អូនមិនឃើញមានអង្គការមួយនៅទីនេះដែលមានឆន្ទៈប្ដេជ្ញាចិត្តចំណាយពេល និងមូលនិធិយ៉ាងច្រើនដើម្បីប្រមូលផ្ដុំ និងរៀបចំរាស្ត្រនៃសេចក្ដីសញ្ញាឲ្យត្រៀមខ្លួនជាស្រេចដើម្បីទទួលព្រះអម្ចាស់ទេ នោះបងប្អូននឹងរកមិនឃើញនៅកន្លែងណាទៀតទេ ។
ដោយមានបន្ទូលទៅកាន់សាសនាចក្រនៅឆ្នាំ ១៨៣១ ព្រះអម្ចាស់បានប្រកាសថា
« កូនសោទាំងឡាយនៃនគរព្រះ ត្រូវបានផ្ទុកផ្ដាក់ដល់មនុស្សនៅលើផែនដី ហើយពីពេលនេះតទៅ ដំណឹងល្អនឹងត្រូវរមៀលចេញទៅដល់ទីបំផុតផែនដី ។…
ចូរទូលដល់ព្រះអម្ចាស់ ប្រយោជន៍ឲ្យនគររបស់ទ្រង់អាចបានចេញទៅលើផែនដី ប្រយោជន៍ឲ្យបណ្ដាជននៅលើទីនោះអាចបានទទួលនគររបស់ទ្រង់ផង ហើយចូរប្រុងប្រៀបជាស្រេច រង់ចាំឲ្យថ្ងៃនោះមកដល់ក្នុងកាលកូនមនុស្សនឹងចុះមកពីស្ថានសួគ៌បំពាក់ដោយសិរីល្អរបស់ទ្រង់ក្នុងភាពភ្លឺថ្លា ដើម្បីទៅជួបនគរព្រះដែលតាំងនៅលើផែនដី » ។
តើយើងអាចធ្វើអ្វីខ្លះ ដើម្បីត្រៀមខ្លួនឥឡូវនេះសម្រាប់ថ្ងៃនោះ ? យើងអាចរៀបចំខ្លួនយើងក្នុងនាមជារាស្ត្រមួយ យើងអាចប្រមូលរាស្ត្រនៃសេចក្ដីសញ្ញារបស់ព្រះអម្ចាស់ ហើយយើងអាចជួយលោះការសន្យានៃសេចក្ដីសង្គ្រោះ « ដែលបានធ្វើជាមួយនឹងពួកឪពុក » ជាជីដូនជីតារបស់យើងនោះ ។ គ្រប់ការណ៍ទាំងនេះត្រូវតែកើតឡើងនៅក្នុងកម្រិតដ៏ធំមួយចំនួន ពីមុនព្រះអម្ចាស់យាងមកម្ដងទៀត ។
ទីមួយ ហើយជារឿងដ៏សំខាន់សម្រាប់ការយាងត្រឡប់មករបស់ព្រះអម្ចាស់គឺជាវត្តមាននៃមនុស្សដែលបានត្រៀមខ្លួនដើម្បីទទួលទ្រង់នៅឯការយាងមករបស់ទ្រង់នៅលើផែនដី ។ ទ្រង់បានថ្លែងថា អស់អ្នកដែលនៅសេសសល់លើផែនដីនៅថ្ងៃនោះ « ចាប់តាំងពីមនុស្សតូចទៅដល់មនុស្សធំ …នឹងត្រូវបានពោរពេញទៅដោយការចេះដឹងពីព្រះអម្ចាស់ ហើយនឹងបានឃើញដោយភ្នែកផ្ទាល់ ហើយនឹងបន្លឺសំឡេងឡើង និងដោយសំឡេងច្រៀងព្រមគ្នានូវចម្រៀងថ្មីនេះថា ៖ ព្រះអម្ចាស់ទ្រង់បាននាំក្រុងស៊ីយ៉ូនចេញមកម្ដងទៀត ។… ព្រះអម្ចាស់ទ្រង់បានប្រមូលរបស់ទាំងអស់មកតែមួយ ។ ព្រះអម្ចាស់ទ្រង់បានទម្លាក់ក្រុងស៊ីយ៉ូនមកពីស្ថានលើ ។ ព្រះអម្ចាស់ទ្រង់បានដំឡើងក្រុងស៊ីយ៉ូនមកពីស្ថានខាងក្រោម » ។
កាលពីបុរាណ ព្រះបាននាំយកទីក្រុងសុចរិតនៃស៊ីយ៉ូនទៅឯទ្រង់ ។ ផ្ទុយទៅវិញ នៅថ្ងៃចុងក្រោយ ក្រុងស៊ីយ៉ូនថ្មីមួយនឹងទទួលព្រះអម្ចាស់ នៅពេលទ្រង់យាងត្រឡប់មកវិញ ។ ក្រុងស៊ីយ៉ូនមានដួងចិត្តបរិសុទ្ធ ជាក្រុមមនុស្សដែលមានចិត្ត និងគំនិតតែមួយ ដោយរស់នៅក្នុងសេចក្ដីសុចរិតដោយគ្មានអ្នកក្រីក្រក្នុងចំណោមពួកគេឡើយ ។ ព្យាការី យ៉ូសែប ស៊្មីធ បានថ្លែងថា « យើងគួរតែមានការបង្កើតក្រុងស៊ីយ៉ូនជាគោលដៅដ៏ធំបំផុតរបស់យើង » ។ យើងបង្កើតក្រុងស៊ីយ៉ូននៅក្នុងគេហដ្ឋាន វួដ សាខា និងស្តេករបស់យើងតាមរយៈសាមគ្គីភាព ភាពបរិសុទ្ធ និងសេចក្ដីសប្បុរស ។
យើងត្រូវទទួលស្គាល់ថា ការបង្កើតក្រុងស៊ីយ៉ូនកើតឡើងនៅក្នុងគ្រាដ៏ច្របូកច្របល់—« គឺជាថ្ងៃនៃសេចក្ដីក្រោធ ជាថ្ងៃនៃការឆេះឆាប ជាថ្ងៃនៃសេចក្ដីហិនហោច នៃការយំ នៃការទួញសោក និងនៃទំនួញ ហើយដូចជាព្យុះសង្ឃរានឹងមកលើផ្ទៃផែនដីទាំងអស់ ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលថាដូច្នោះ » ។ ដូច្នេះហើយ ការប្រមូលផ្ដុំចូលទៅក្នុងស្តេកមានគោលបំណងដើម្បីធ្វើជា « ទីការពារ និងជាទីជ្រកកោនពីព្យុះសង្ឃរា និងពីសេចក្ដីក្រោធដែលឥតលាយក្នុងកាលបានចាក់មកលើផែនដីទាំងមូល » ។
ដូចជាកាលពីដើមដែរ យើង « ជួបជុំគ្នាជាញឹកញាប់ ដើម្បីតមអាហារ ហើយអធិស្ឋាន ហើយពិគ្រោះគ្នាទៅវិញទៅមក អំពីសុខុមាលភាពដល់ព្រលឹង [ របស់យើង ] ។ ហើយ…ដើម្បីទទួលទាននំប៉័ង និង [ ទឹក ] ដើម្បីរំឭកពីព្រះអម្ចាស់យេស៊ូវ » ។ ដូចដែលប្រធាន រ័សុល អិម ណិលសុន បានពន្យល់នៅក្នុងសន្និសីទទូទៅកាលពីខែតុលាមុនថា « គោលបំណងរបស់សាសនាចក្រជាយូរមក គឺដើម្បីជួយដល់សមាជិកទាំងអស់ឲ្យបង្កើនសេចក្ដីជំនឿរបស់ពួកគេទៅលើព្រះអម្ចាស់យេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ ដើម្បីជួយពួកគេនៅក្នុងការចុះ និងការរក្សាសេចក្ដីសញ្ញារបស់ពួកគេជាមួយនឹងព្រះ ហើយពង្រឹង និងផ្សារភ្ជាប់ក្រុមគ្រួសាររបស់ពួកគេ » ។ ដូច្នេះហើយ លោកគូសបញ្ជាក់ពីសារៈសំខាន់នៃសេចក្ដីសញ្ញាក្នុងព្រះវិហារបរិសុទ្ធ ថ្ងៃឈប់សម្រាក និងការសិក្សាដំណឹងល្អជាប្រចាំ ដែលផ្ដោតលើគេហដ្ឋាន និងគាំទ្រពីកម្មវិធីសិក្សានៅព្រះវិហារ ។ យើងចង់ដឹងពីព្រះអម្ចាស់ ហើយយើងចង់ស្គាល់ព្រះអម្ចាស់ ។
គោលដៅដ៏សំខាន់នៃការបង្កើតក្រុងស៊ីយ៉ូនគឺជាការប្រមូលផ្ដុំរាស្ត្រនៃសេចក្ដីសញ្ញារបស់ព្រះអម្ចាស់ ។ « យើងខ្ញុំជឿចំពោះការប្រមូលដ៏ពិតប្រាកដនៃសាសន៍អ៊ីស្រាអែល និងចំពោះការសាងឡើងវិញនូវពូជទាំង១០ អំបូរ » ។ អ្នកដែលយើងប្រែចិត្ត ជឿលើព្រះគ្រីស្ទ ហើយបានជ្រមុជទឹកគឺជារាស្ត្រនៃសេចក្ដីសញ្ញារបស់ទ្រង់ ។ ព្រះអម្ចាស់ផ្ទាល់បានព្យាករថា ពីមុនទ្រង់យាងត្រឡប់មកវិញ ដំណឹងល្អនឹងត្រូវបានផ្សាយពេញពិភពលោកនេះដើម្បី « ប្រមូលរាស្ត្រ [របស់ទ្រង់ ] មកវិញ ដែលត្រូវជាវង្សអ៊ីស្រាអែល » ហើយនៅគ្រានោះ ទើបចុងបំផុតមកដល់ » ។ ការព្យាកររបស់យេរេមាកំពុងត្រូវបានបំពេញ ៖
« ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ដូច្នេះមើល នឹងមានគ្រាមកដល់ដែល [ ពួកគេ ] នឹងលែង [ និយាយ ] ថា ដូចជាព្រះយេហូវ៉ាទ្រង់មានព្រះជន្មរស់ ជាព្រះដែលបាននាំពួកកូនចៅអ៊ីស្រាអែលឡើងរួចពីស្រុកអេស៊ីព្ទមក
គឺគេនឹងស្បថយ៉ាងនេះវិញថា ដូចជាព្រះយេហូវ៉ាមានព្រះជន្មរស់ ដែលទ្រង់បាននាំពួកកូនចៅអ៊ីស្រាអែល ឡើងរួចពីស្រុកខាងជើងមក ហើយពីអស់ទាំងប្រទេស ដែលទ្រង់បានបណ្តេញគេនោះផង អញនឹងនាំគេឲ្យវិលមកក្នុងស្រុករបស់គេ ជាស្រុកដែលអញបានឲ្យដល់ពួកព្ធយុកោគេ » ។
ប្រធាន ណិលសុន បានគូសបញ្ជាក់ជាថ្មីថា « ការប្រមូលផ្ដុំ [ នៃអ៊ីស្រាអែល ] គឺជារឿងដ៏សំខាន់បំផុតកំពុងតែកើតឡើងនៅលើផែនដីសព្វថ្ងៃនេះ ។ ពុំមានអ្វីផ្សេងទៀតអាចសម្បើមជាង មានសារៈសំខាន់ជាង និងមានឬទ្ធិជាងកិច្ចការនេះនោះទេ ។ ហើយបើបងប្អូនជ្រើសរើស…បងប្អូនអាចធ្វើជាចំណែកដ៏សំខាន់ក្នុងកិច្ចការនេះ » ។ ពួកបរិសុទ្ធថ្ងៃចុងក្រោយគឺជាអ្នកផ្សព្វផ្សាយសាសនាជានិច្ច ។ មានសមាជិករាប់ម៉ឺននាក់បានឆ្លើយតបចំពោះការហៅឲ្យបម្រើបេសកកម្ម ចាប់តាំងពីដើមនៃការស្ដារឡើងវិញ ហើយឥឡូវនេះមានចំនួនរាប់ម៉ឺននាក់កំពុងបម្រើ ។ ហើយដូចអែលឌើរ ឃ្វីនថិន អិល ឃុក ទើបតែបានបង្រៀនថា យើងទាំងអស់គ្នាអាចចូលរួមតាមវិធីដ៏សាមញ្ញតាមធម្មជាតិក្នុងសេចក្ដីស្រឡាញ់ ដោយអញ្ជើញមនុស្សដទៃឲ្យចូលរួមនឹងយើងនៅឯព្រះវិហារ មកលេងផ្ទះរបស់យើង ក្លាយជាមិត្តរបស់យើង ។ ការបោះពុម្ពព្រះគម្ពីរមរមនគឺជាសញ្ញាថា ការប្រមូលផ្ដុំបានចាប់ផ្ដើមហើយ ។ ព្រះគម្ពីរមរមនផ្ទាល់គឺជាឧបករណ៍នៃការប្រមូលផ្ដុំ និងការប្រែចិត្តជឿ ។
អ្វីដែលសំខាន់ផងដែរចំពោះការត្រៀមខ្លួនសម្រាប់ការយាងមកជាលើកទីពីរគឺការខិតខំជួយសង្គ្រោះដ៏ធំដល់បុព្វការីជនរបស់យើង ។ ព្រះអម្ចាស់បានសន្យាចាត់អេលីយ៉ាជាព្យាការីឲ្យមកមុនការយាងមកជាលើកទីពីរ ជា « ថ្ងៃដ៏ធំ ហើយគួរស្ញែងខ្លាចនៃព្រះអម្ចាស់ »ដើម្បី « បើកសម្ដែង…បព្វជិតភាព » ហើយ « ដាក់នៅក្នុងចិត្តនៃកូនចៅនូវសេចក្ដីសន្យា ដែលបានធ្វើដល់ពួកឪពុក ហើយចិត្តនៃកូនចៅនឹងបានបង្វែរមករកពួកឪពុករបស់ពួកគេវិញ » ។ អេលីយ៉ាពិតជាបានមក ដូចដែលបានសន្យា ។ កាលបរិច្ឆេទនោះគឺនៅថ្ងៃទី ៣ ខែ មេសា ឆ្នាំ ១៨៣៦ ទីកន្លែងគឺនៅព្រះវិហារបរិសុទ្ធខឺតឡង់ អូហៃអូ ។ នៅកន្លែងនោះ និងនៅគ្រានោះ លោកបានប្រគល់បព្វជិតភាពដែលបានសន្យា កូនសោសម្រាប់ការប្រោសលោះនៃមនុស្សស្លាប់ និងការរួបរួមនៃស្វាមី ភរិយា និងក្រុមគ្រួសារនៅគ្រប់ជំនាន់ និងក្នុងភាពអស់កល្បជានិច្ច ។ បើគ្មានការណ៍នេះទេ គោលបំណងនៃការបង្កបង្កើតនឹងពុំបានបំពេញឡើយ ហើយនៅក្នុងន័យនោះ ផែនដីនឹងត្រូវ « បណ្ដាសា » ឬ « វិនាសទាំងស្រុង » ។
នៅឯការប្រជុំធម្មនិដ្ឋានសម្រាប់យុវវ័យពីមុនការឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធរ៉ូម អ៊ីតាលី យុវវ័យរាប់រយនាក់ចូលរួម ហើយបង្ហាញដល់ប្រធានណិលសុននូវប័ណ្ណដែលមានឈ្មោះបុព្វការីជនរបស់ពួកគេ ដែលពួកគេបានរៀបចំ ។ ពួកគេបានត្រៀមខ្លួនចូលព្រះវិហារបរិសុទ្ធដើម្បីធ្វើពិធីបុណ្យជ្រមុជទឹកជំនួសឲ្យបុព្វការីជនទាំងនោះ នៅពេលព្រះវិហារបរិសុទ្ធនោះបើកភ្លាម ។ វាគឺជាគ្រាដ៏អស្ចារ្យមួយ ជាគំរូមួយនៃការខិតខំដ៏រហ័សរហួនដើម្បីបង្កើតក្រុងស៊ីយ៉ូនសម្រាប់ជំនាន់ដែលបានចែកឋានទៅ ។
កាលយើងខិតខំដោយឧស្សាហ៍នៅក្នុងការបង្កើតក្រុងស៊ីយ៉ូន រួមទាំងផ្នែករបស់យើងដើម្បីប្រមូលផ្ដុំរាស្ត្រជម្រើសរបស់ព្រះអម្ចាស់ និងការប្រោសលោះមនុស្សស្លាប់ នោះយើងគួរឈប់ដើម្បីចងចាំថា វាគឺជាកិច្ចការរបស់ព្រះអម្ចាស់ ហើយទ្រង់កំពុងធ្វើកិច្ចការនេះ ។ ទ្រង់គឺជាព្រះអម្ចាស់នៃចម្ការទំពាំងបាយជូរ ហើយយើងគឺជាពួកអ្នកបម្រើរបស់ទ្រង់ ។ ទ្រង់សុំឲ្យយើងធ្វើការនៅក្នុងចម្ការទំពាំងបាយជូរនោះឲ្យអស់ពីកម្លាំងរបស់យើងជា « លើកចុងក្រោយបង្អស់ » នេះ ហើយទ្រង់ធ្វើការជាមួយនឹងយើង ។ វាប្រហែលជាកាន់តែត្រឹមត្រូវដើម្បីនិយាយថា ទ្រង់អនុញ្ញាតឲ្យយើងធ្វើជាមួយនឹងទ្រង់ ។ ដូចប៉ុលបានថ្លែងថា « ខ្ញុំបានសាបព្រោះ អ័ប៉ុឡូស ជាអ្នកស្រោច តែដែលបានដុះឡើងនោះគឺព្រះបានធ្វើវិញ » ។ ទ្រង់គឺជាអង្គដែលកំពុងពន្លឿនកិច្ចការរបស់ទ្រង់នៅគ្រានេះ ។ ដោយប្រើនូវការខិតខំដែលពុំល្អឥតខ្ចោះរបស់យើង —« មធ្យោបាយដ៏តូចតាច » របស់យើង —នោះព្រះអម្ចាស់នាំឲ្យកើតកិច្ចការដ៏ធំ ។
គ្រាកាន់កាប់ត្រួតត្រាចុងក្រោយដ៏ធំនេះកំពុងរីកចម្រើនជាបន្តបន្ទាប់រហូតដល់ទីបញ្ចប់—ជាក្រុងស៊ីយ៉ូននៅលើផែនដី ដោយចូលរួមដោយក្រុងស៊ីយ៉ូនពីស្ថានសួគ៌នៅឯការយាងត្រឡប់មកវិញដ៏រុងរឿងរបស់ព្រះអង្គសង្គ្រោះ ។ សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទត្រូវហៅឲ្យរៀបចំ—ហើយកំពុងរៀបចំ—ពិភពលោកនេះសម្រាប់ថ្ងៃនោះ ។ ហេតុដូច្នេះហើយ នៅបុណ្យអ៊ីស្ទើរនេះ ចូរយើងប្រារព្ធការរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទឲ្យស្មោះពិត ហើយអ្វីទាំងអស់ដែលនឹងកើតឡើង ៖ ការយាងមករបស់ទ្រង់វិញដើម្បីសោយរាជ្យក្នុងសេចក្ដីសុខសាន្ដរយៈកាលមួយពាន់ឆ្នាំ ការកាត់សេចក្ដីដ៏សុចរិត និងយុត្តិធម៌ដ៏ឥតខ្ចោះសម្រាប់មនុស្សទាំងអស់ អមតភាពនៃមនុស្សទាំងអស់ដែលបានរស់នៅលើផែនដីនេះ និងការសន្យានៃជីវិតដ៏អស់កល្បជានិច្ច ។ ការរស់ឡើងវិញរបស់ព្រះគ្រីស្ទគឺជាការអះអាងជានិរន្តរថា រឿងទាំងឡាយនឹងបានដាក់ឲ្យត្រឹមត្រូវ ។ ចូរយើងខិតខំឆ្ពោះទៅរកការបង្កើតក្រុងស៊ីយ៉ូនដើម្បីពន្លឿនដល់ថ្ងៃនោះ ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។