ដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ
ដង្វាយធួនរបស់ព្រះអង្គសង្គ្រោះពុំគ្រាន់តែមានទំហំអនន្ដនោះទេ ប៉ុន្តែមនុស្សម្នាក់ៗក៏អាចទទួលយកបានផងដែរ ។
ក្នុងរដូវកាលនេះយើងរីករាយ ហើយគិតជាពិសេសដល់ដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ ។ ពិតណាស់ វាគឺជាគោលលទ្ធិដ៏មានអនុភាពពីសួគ៌ាដែលពិភពលោក ឬសាកលលោកនេះពុំធ្លាប់ស្គាល់ពីមុនមក ។ វាគឺជាអ្វីដែលផ្ដល់សេចក្ដីសង្ឃឹម និងគោលបំណងដល់ជីវិតរបស់យើង ។
ដូច្នេះតើដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទគឺជាអ្វី ? ក្នុងន័យមួយ វាគឺជាបណ្ដុំព្រឹត្តិការណ៍ដ៏ទេវភាពដែលបានចាប់ផ្ដើមនៅក្នុងសួនច្បារគែតសេម៉ានី បានបន្តនៅលើឈើឆ្កាង ហើយបានបញ្ចប់ជាមួយនឹងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គសង្គ្រោះចេញពីផ្នូរ ។ វាត្រូវបានជំរុញចិត្តដោយសេចក្ដីស្រឡាញ់ដែលយើងម្នាក់ៗពុំអាចយល់បាន ។ វាតម្រូវឲ្យមានអង្គដែលគ្មានអំពើបាប ដែលមានព្រះចេស្ដាជានិរន្តរលើធាតុទាំងឡាយ—សូម្បីតែសេចក្ដីស្លាប់ ជាអង្គដែលមានសមត្ថភាពគ្មានដែនកំណត់ដើម្បីរងទុក្ខនូវលទ្ធផលនៃរាល់អំពើបាប និងជំងឺរបស់យើង ហើយជាអង្គដែលយាងចុះក្រោមគ្រប់ទាំងអស់ ។ នេះគឺជាបេសកកម្មរបស់ព្រះយេស៊ូវគ្រីស្ទ—នេះគឺជាដង្វាយធួនរបស់ទ្រង់ ។
ចុះតើគោលបំណងរបស់វាគឺជាអ្វី ? វាគឺដើម្បីធ្វើឲ្យយើងអាចត្រឡប់ទៅវត្តមានរបស់ព្រះវិញ ប្រែក្លាយកាន់តែដូចជាទ្រង់ ហើយមានអំណរដ៏ពេញលេញមួយ ។ ការណ៍នេះអាចសម្រេចបានតាមរយៈការយកឈ្នះលើឧបសគ្គបួនយ៉ាង ៖
-
សេចក្ដីស្លាប់ខាងរាងកាយ
-
សេចក្ដីស្លាប់ខាងវិញ្ញាណ ដែលកើតមានដោយសារអ័ដាម និងដោយសារអំពើបាបរបស់យើង
-
ទុក្ខវេទនា និងជំងឺរបស់យើង
-
ភាពទន់ខ្សោយ និងភាពពុំល្អឥតខ្ចោះរបស់យើង
ចុះតើព្រះអង្គសង្គ្រោះអាចសម្រេចការណ៍នេះដោយគ្មានបំពានលើក្រឹត្យវិន័យនៃសេចក្ដីយុត្តិធម៌បានតាមរបៀបណា ?
សូមគិតមួយភ្លែតថា បុរសម្នាក់ដែលចង់ដកពិសោធន៍នូវការទម្លាក់ខ្លួនពីអាកាសដ៏រំភើប បានសម្រេចចិត្តយ៉ាងតក់ក្រហល់ ហើយបានលោតចេញពីយន្តហោះតូចមួយភ្លាមៗ ។ បន្ទាប់ពីធ្វើដូច្នេះ គាត់បាននឹកឃើញភ្លាមពីភាពឆ្កួតលីលានៃទង្វើរបស់គាត់ ។ គាត់ចង់ចុះចតដោយសុវត្ថិភាព ប៉ុន្តែវាមានឧបសគ្គមួយ—គឺច្បាប់ទំនាញផែនដី ។ គាត់បានគ្រវាសដៃគាត់យ៉ាងលឿន ដោយសារសង្ឃឹមថា គាត់អាចហោះហើរបាន ប៉ុន្តែវាពុំដំណើរការទេ ។ គាត់បានធ្វើបណ្ដែត ឬសំកាំងខ្លួនដើម្បីកុំឲ្យគាត់ធ្លាក់ចុះលឿនពេក ប៉ុន្តែច្បាប់ទំនាញផែនដីគឺមិនអាចបញ្ឈប់បានទេ ហើយគ្មានក្ដីមេត្តាឡើយ ។ គាត់ព្យាយាមវែកញែករកហេតុផលជាមួយនឹងច្បាប់មូលដ្ឋាននៃធម្មជាតិថា « ខ្ញុំដឹងខុសហើយ ។ ខ្ញុំនឹងពុំធ្វើវាម្ដងទៀតឡើយ » ។ ប៉ុន្តែគ្មាននរណាឮការអង្វររបស់គាត់ឡើយ ។ ច្បាប់ទំនាញផែនដីគ្មានក្ដីមេត្តា ហើយគ្មានករណីលើកលែងឡើយ ។ ប៉ុន្តែសំណាងល្អ រំពេចនោះបុរសម្នាក់នេះមានអារម្មណ៍ថា មានអ្វីមួយនៅលើខ្នងរបស់គាត់ ។ ដោយដឹងពីភាពឆ្កួតលីលានេះ មិត្តរបស់គាត់នៅក្នុងយន្តហោះដាក់ឆ័ត្រយោងមួយនៅលើខ្នងគាត់ ពីមុនគាត់លោតចុះមក ។ គាត់រកឃើញខ្សែទាញបើកឆ័ត្រយោង ហើយក៏ទាញវា ។ ឆ័ត្រយោងក៏រលាស់ឡើង ហើយគាត់បានហោះចុះទៅដល់ដីដោយសុវត្ថិភាព ។ យើងអាចនឹងសួរថា « តើច្បាប់ទំនាញផែនដីត្រូវបានបំពានមែនទេ ឬតើឆ័ត្រយោងនោះបានដំណើរការនៅក្នុងច្បាប់នោះដើម្បីផ្ដល់ការចុះមកដល់ដីដោយសុវត្ថិភាពឬ ? »
នៅពេលយើងមានបាប យើងប្រៀបបាននឹងបុរសដ៏ឆ្កួតលីលាម្នាក់ដែលបានលោតចេញពីយន្តហោះនោះដែរ ។ មិនថាយើងប្រឹងធ្វើអ្វីនោះទេ មានតែការធ្លាក់ដល់ដីប៉ុណ្ណោះដែលកំពុងរង់ចាំយើង ។ យើងទទួលរងនូវក្រឹត្យវិន័យនៃសេចក្ដីយុត្តិធម៌ ដែលដូចជាច្បាប់ទំនាញផែនដីដែរ វាពិត ហើយគ្មានការអត់ឱន ។ យើងអាចត្រូវបានសង្គ្រោះដោយសារតែព្រះអង្គសង្គ្រោះប្រទានឲ្យយើងនូវឆ័ត្រយោងខាងវិញ្ញាណមួយដោយសេចក្ដីមេត្តាករុណាតាមរយៈដង្វាយធួនរបស់ទ្រង់ប៉ុណ្ណោះ ។ ប្រសិនបើយើងមានសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ហើយប្រែចិត្ត ( មានន័យថា យើងធ្វើផ្នែករបស់យើង ហើយទាញបើកខ្សែបើកឆ័ត្រយោងនោះ ) នោះព្រះចេស្ដាការពាររបស់ព្រះអង្គសង្គ្រោះត្រូវបានប្រើប្រាស់សម្រាប់ប្រយោជន៍របស់យើង ហើយយើងអាចចុះចតដោយគ្មានគ្រោះថ្នាក់ខាងវិញ្ញាណឡើយ ។
ប៉ុន្តែការណ៍នេះអាចកើតឡើង ដោយសារតែព្រះអង្គសង្គ្រោះយកឈ្នះលើឧបសគ្គទាំងបួនយ៉ាងដែលអាចរារាំងដល់ការរីកចម្រើនខាងវិញ្ញាណរបស់យើងប៉ុណ្ណោះ ។
១. សេចក្ដីស្លាប់ ។ ទ្រង់យកឈ្នះលើសេចក្ដីស្លាប់តាមរយៈការមានព្រះជន្មរស់ឡើងវិញដ៏រុងរឿងរបស់ទ្រង់ ។ សាវកប៉ុលបានបង្រៀនថា « ព្រោះដូចជាគ្រប់មនុស្សទាំងអស់បានត្រូវស្លាប់ក្នុងលោកអ័ដាមជាយ៉ាងណា នោះគ្រប់គ្នាក៏នឹងបានប្រោសឲ្យរស់ក្នុងព្រះគ្រីស្ទយ៉ាងនោះដែរ » ។
២. អំពើបាប ។ ព្រះអង្គសង្គ្រោះយកឈ្នះអំពើបាប និងកំហុសសម្រាប់អ្នកដែលប្រែចិត្ត ។ ព្រះចេស្ដាលាងសម្អាតរបស់ទ្រង់ដែលអេសាយបានសន្យាថា « ទោះបើអំពើបាបរបស់អ្នករាល់គ្នាខ្មៅកខ្វក់យ៉ាងណាក្តីក៏វាប្រែសដូចសំឡីវិញដែរ » មានភាពស៊ីជម្រៅ ហើយធំធេងណាស់ ។
មានគ្រាមួយ ខ្ញុំបានជួបនឹងពួកបរិសុទ្ធល្អៗដែលពិបាកនឹងអភ័យទោសដល់ខ្លួនឯង ដែលជាមនុស្សដែលបានដាក់ដែនកំណត់ពុំត្រឹមត្រូវទៅលើព្រះចេស្ដាប្រោសលោះរបស់ព្រះអង្គសង្គ្រោះដោយអចេតនា ។ ដោយពុំដឹងខ្លួន ពួកគេបានបំលែងដង្វាយធួនដ៏និរន្ដរមួយទៅជាដង្វាយធួនដែលកំណត់ ដែលពុំអាចបំពេញបន្ថែមដល់អំពើបាប ឬភាពទន់ខ្សោយជាក់លាក់របស់ពួកគេ ។ ប៉ុន្តែវាគឺជាដង្វាយធួនជានិរន្តរមួយ ដោយសារវាមានរាប់បញ្ចូលនូវរាល់អំពើបាប និងភាពទន់ខ្សោយ ក៏ដូចជារាល់ការបំពាន ឬការឈឺចាប់ដែលបង្កឡើងដោយមនុស្សដទៃផងដែរ ។
ទ្រូមែន ជី មែដសិន បានធ្វើការសង្កេតដ៏លួងលោមចិត្តនេះថា
« ប្រសិនបើមានអ្នករាល់គ្នាមួយចំនួនត្រូវគេបោកបញ្ឆោតឲ្យជឿថា អ្នកបានទៅហួសឆ្ងាយហើយ … រហូតដល់មានជាតិពុលនៃអំពើបាបដែលធ្វើឲ្យអ្នកពុំអាចប្រែក្លាយដូចដើមវិញបានឡើយ—ដូច្នេះ សូមស្ដាប់ខ្ញុំ ។
ខ្ញុំសូមថ្លែងទីបន្ទាល់ថា អ្នកពុំអាចលិចលង់ជ្រៅជាងពន្លឺ និងព្រះប្រាជ្ញាញាណដែលព្រះយេស៊ូវគ្រីស្ទពុំអាចឈោងទៅជួយបានឡើយ ។ ខ្ញុំសូមថ្លែងទីបន្ទាល់ថា ដរាបណាមានឆន្ទៈតូចមួយដើម្បីប្រែចិត្ត ហើយឈោងមក នោះទ្រង់គង់នៅទីនោះ ។ ទ្រង់ពុំគ្រាន់តែបានយាងចុះត្រឹមស្ថានភាពរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែទ្រង់បានយាងចុះពីក្រោមវា ‹ ដើម្បីទ្រង់អាចយល់គ្រប់ទាំងអស់ ប្រយោជន៍ឲ្យទ្រង់អាចបានទៅជាពន្លឺនៃសេចក្ដីពិត › ។[ គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:៦ ] » ។
ហេតុផលមួយដែលវាមានសារៈសំខាន់បំផុតដើម្បីយល់ពីដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ និងលទ្ធផលដ៏និរន្តររបស់វាគឺថា កាលណាមានការយល់ដឹងកាន់តែច្រើន នោះបំណងប្រាថ្នាដើម្បីអភ័យទោសដល់ខ្លួនឯង និងមនុស្សដទៃនឹងកើនឡើង ។
ទោះជាយើងអាចជឿលើព្រះចេស្ដាលាងសម្អាតរបស់ព្រះគ្រីស្ទក្ដី ក៏ជារឿយៗមានសំណួរចោទសួរឡើងផងដែរថា « តើខ្ញុំដឹងថា អំពើបាបរបស់ខ្ញុំត្រូវបានអភ័យទោសឲ្យតាមរបៀបណា ? » ប្រសិនបើយើងមានអារម្មណ៍ពីព្រះវិញ្ញាណ នោះគឺជាសាក្សីរបស់យើងថា យើងត្រូវបានអភ័យទោសឲ្យ ឬថាដំណើរការលាងសម្អាតគឺកំពុងដំណើរការ ។ ប្រធាន ហិនរី ប៊ី អាវរិង បានបង្រៀនថា « ប្រសិនបើបងប្អូនទទួលអារម្មណ៍ពីឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធ នោះបងប្អូន…អាចយកវាធ្វើជាភស្ដុតាងថា ដង្វាយធួនកំពុងដំណើរការនៅក្នុងជីវិតរបស់បងប្អូនហើយ » ។
មនុស្សខ្លះបានសួរថា « ចុះបើខ្ញុំទទួលបានការអភ័យទោសហើយ ហេតុអ្វីខ្ញុំនៅមានអារម្មណ៍ថាខុសឆ្គងទៀត ? » នៅក្នុងសេចក្ដីមេត្តាករុណារបស់ព្រះ ប្រហែលជាការចងចាំនៃកំហុសនោះគឺជាការព្រមានមួយ ជា « សញ្ញាឲ្យឈប់ » ខាងវិញ្ញាណមួយ យ៉ាងហោចណាស់ពេលខ្លះ ស្រែកឡើងនៅពេលការល្បួងបន្ថែមទៀតកើតមានចំពោះយើងថា « កុំទៅតាមផ្លូវនោះ ។ អ្នកដឹងពីការឈឺចាប់ដែលវាអាចនាំមកឲ្យអ្នក » ។ ក្នុងស្មារតីនេះ វាបម្រើជាការការពារមួយ ប៉ុន្តែពុំជាការដាក់ទោសនោះទេ ។
ដូច្នេះតើវាអាចទៅរួចដែរឬទេ ថាយើងនៅចងចាំពីអំពើបាបរបស់យើង ប៉ុន្តែបានរួចផុតពីកំហុស ?
អាលម៉ាបានចងចាំអំពើបាបរបស់លោកអស់ជាច្រើនឆ្នាំ សូម្បីតែក្រោយពីលោកបានប្រែចិត្តក្ដី ។ ប៉ុន្តែនៅពេលលោកអំពាវនាវរកព្រះយេស៊ូវសូមសេចក្ដីមេត្តាករុណា នោះលោកបានថ្លែងថា « ឥឡូវនេះ មើលចុះ នៅពេលដែលឪពុកកំពុងតែគិតយ៉ាងនេះ នោះឪពុកក៏ឈប់នឹកឃើញការឈឺចាប់ទៀត មែនហើយ ឪពុកក៏អស់កើតទុក្ខដោយការនឹកឃើញអំពើបាបរបស់ខ្លួនទៀត » ។
តើលោកអាចនៅចាំពីអំពើបាបរបស់លោក ប៉ុន្តែគ្មានការឈឺចាប់ ឬកំហុសតាមរបៀបណា ? ដោយសារនៅពេលយើងប្រែចិត្ត យើងបាន « កើតមកពីព្រះ » ។ យើងក្លាយជា « សត្វលោកថ្មី »ក្នុងព្រះគ្រីស្ទ ដូចដែលបទគម្ពីរបានចែង ។ ដោយមានសេចក្ដីស្មោះត្រង់ដ៏ល្អឥតខ្ចោះ ឥឡូវយើងអាចនិយាយថា « ខ្ញុំពុំមែនជាបុរស ឬស្ត្រីដែលបានប្រព្រឹត្តអំពើបាបកាលអតីតទាំងនោះឡើយ ។ ខ្ញុំគឺជាមនុស្សម្នាក់ដែលបានប្រែរូបរាងថ្មី » ។
៣. ទុក្ខវេទនា និងជំងឺ ។ អាលម៉ាបានព្យាករថា ព្រះគ្រីស្ទ « នឹងយាងទៅដោយរងការឈឺចាប់ និងទុក្ខវេទនា និងការល្បួងគ្រប់បែបយ៉ាង » ។ ហេតុអ្វីទៅ ? « ដើម្បីឲ្យព្រះហឫទ័យទ្រង់បានពោរពេញទៅដោយសេចក្ដីមេត្តាករុណា …ដើម្បីទ្រង់អាចដឹងស្របតាមសាច់ឈាមថា តើត្រូវជួយរាស្ត្រទ្រង់បែបណាតាមជំងឺរបស់គេ » ។
តើទ្រង់សម្រេចការណ៍នេះបានតាមរបៀបណា ? ពេលខ្លះ ទ្រង់ដកយកទុក្ខវេទនា ពេលខ្លះទ្រង់ប្រទានកម្លាំងឲ្យយើងស៊ូទ្រាំ ហើយពេលខ្លះទ្រង់ប្រទានទស្សនវិស័យដ៏នៅអស់កល្បជានិច្ចមួយដល់យើង ដើម្បីយល់ដឹងកាន់តែប្រសើរឡើងពីនិស្ស័យខាងសាច់ឈាម ។ បន្ទាប់ពីយ៉ូសែប ស្ម៊ីធ បានរងទុក្ខនៅក្នុងគុកលីប៊ើធីប្រមាណជាពីរខែមក នៅទីបំផុត លោកបានអំពាវនាវថា « ឱព្រះអង្គអើយ តើព្រះអង្គគង់នៅទីណា ? » ជំនួសឲ្យការប្រទាននូវការធូរស្រាលភ្លាមៗ នោះព្រះបានមានបន្ទូលតបថា « បុត្រយើងអើយ ចូរមានសេចក្ដីសុខសាន្តដល់ព្រលឹងបុត្រចុះ សេចក្ដីទំនាស់ និងសេចក្ដីទុក្ខលំបាករបស់អ្នក នោះគ្រាន់តែមួយភ្លែតប៉ុណ្ណោះទេ ហើយខណៈនោះ បើសិនជាអ្នកស៊ូទ្រាំការណ៍នោះដោយហ្មត់ចត់ នោះព្រះទ្រង់នឹងតម្កើងអ្នកឡើងនៅស្ថានខ្ពស់ » ។
ឥឡូវនេះ យ៉ូសែបបានយល់ថា បទពិសោធន៍ដ៏ជូរចត់នេះគឺជារឿងពុំសំខាន់ឡើយ នៅពេលគិតពីរឿងដ៏អស់កល្បជានិច្ចនោះ ។ ដោយមានការនិមិត្តដ៏ភ្លឺស្វាងនេះ លោកបានសរសេរសំបុត្រមួយនៅក្នុងគុកដដែលនោះ ទៅកាន់ពួកបរិសុទ្ធថា « បងប្អូនដ៏ស្ងួនភ្ងាអើយ ចូរយើងប្រព្រឹត្តការណ៍ទាំងនេះ ដែលនៅក្នុងអំណាចយើងដោយមានចិត្តរីករាយចុះ ហើយលំដាប់នោះ យើងអាចឈរនៅស្ងៀមដោយជឿជាក់ថានឹងបានឃើញសេចក្ដីសង្គ្រោះពីព្រះ » ។ ដោយសារដង្វាយធួនរបស់ទ្រង់ យើងអាចមានទស្សនវិស័យដ៏នៅអស់កល្បជានិច្ចមួយដែលផ្ដល់អត្ថន័យដល់ការសាកល្បងរបស់យើង និងសេចក្ដីសង្ឃឹមសម្រាប់ភាពធូរស្រាលរបស់យើង ។
៤. ភាពទន់ខ្សោយ និងភាពពុំល្អឥតខ្ចោះ ។ ដោយសារដង្វាយធួនរបស់ទ្រង់ ព្រះអង្គសង្គ្រោះមាននូវព្រះចេស្ដាគាំទ្រ ពេលខ្លះហៅថា ព្រះគុណ ដែលអាចជួយយើងឲ្យយកឈ្នះលើភាពទន់ខ្សោយ និងភាពពុំល្អឥតខ្ចោះរបស់យើង ហើយជួយយើងនៅក្នុងដំណើររបស់យើងដើម្បីប្រែក្លាយកាន់តែដូចជាទ្រង់ ។
មរ៉ូណៃបានបង្រៀនដូច្នេះថា « មែនហើយ ចូរមករកព្រះគ្រីស្ទ ហើយឲ្យបានល្អឥតខ្ចោះនៅក្នុងទ្រង់ …ដោយសារព្រះគុណនៃព្រះ នោះអ្នករាល់គ្នាអាចបានល្អឥតខ្ចោះនៅក្នុងព្រះគ្រីស្ទ » ។ វាទំនងជាមានយ៉ាងហោចណាស់នូវបណ្ដាញ ឬមធ្យោបាយពីរយ៉ាងនៃការប្រើប្រាស់ព្រះចេស្ដាគាំទ្រទាំងនោះដែលអាចបន្សុទ្ធ—និងធ្វើឲ្យយើង—បានល្អឥតខ្ចោះ ។
ទីមួយ ពិធីបរិសុទ្ធនៃការសង្គ្រោះ ។ បទគម្ពីរបានប្រាប់យើងថា « នៅក្នុងពិធីបរិសុទ្ធទាំងឡាយ … នោះអំណាចនៃព្រះត្រូវបានសម្ដែងឲ្យឃើញ » ។ ពេលខ្លះ យើងអាចគិតថា ពិធីបរិសុទ្ធជាបញ្ជីកិច្ចការមួយ —ចាំបាច់សម្រាប់សេចក្ដីសង្គ្រោះ ប៉ុន្តែនៅក្នុងសេចក្ដីពិត ពិធីបរិសុទ្ធនីមួយៗបើកបង្ហាញនូវព្រះចេស្ដានៃព្រះដែលជួយយើងឲ្យប្រែក្លាយកាន់តែដូចជាព្រះគ្រីស្ទ ។ ឧទាហរណ៍ ៖
-
នៅពេលយើងទទួលបុណ្យជ្រមុជទឹក ហើយទទួលអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ នោះយើងត្រូវបានជ្រះស្អាត— ដូច្នេះបានប្រែក្លាយកាន់តែបរិសុទ្ធដូចជាព្រះ ។
-
បន្ថែមពីលើនោះ តាមរយៈអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ គំនិតរបស់យើងប្រហែលជាត្រូវបានបំភ្លឺ ហើយដួងចិត្តរបស់យើងត្រូវបានបន្ទន់ ដើម្បីយើងអាចគិត ហើយទទួលអារម្មណ៍កាន់តែដូចជាទ្រង់ ។
-
ហើយនៅពេលយើងត្រូវបានផ្សារភ្ជាប់ជាស្វាមីភរិយា នោះយើងគ្រងសិទ្ធិចំពោះ « បល្ល័ង្កទាំងឡាយ នគរទាំងឡាយ ក្សត្របុរីទាំងឡាយ និងអំណាចទាំងឡាយ »ជាអំណោយទានមកពីព្រះ ។
បណ្ដាញទីពីរសម្រាប់ព្រះចេស្ដាគាំទ្រទាំងនេះគឺជាអំណោយទាននៃព្រះវិញ្ញាណ ។ ដោយសារដង្វាយធួនរបស់ព្រះគ្រីស្ទ យើងមានសិទ្ធិដើម្បីទទួលអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ និងអំណោយទានខាងវិញ្ញាណរបស់វាដែលភ្ជាប់មកជាមួយ ។ អំណោយទានទាំងនេះគឺជាលក្ខណៈនៃភាពជាព្រះ ដូច្នេះហើយ រាល់ពេលដែលយើងទទួលបានអំណោយទានមួយនៃព្រះវិញ្ញាណ នោះយើងប្រែក្លាយកាន់តែដូចជាព្រះ ។ ពិតណាស់នោះគឺជាហេតុផលដែលបទគម្ពីរបង្គាប់យើងជាច្រើនដងឲ្យស្វែងរកអំណោយទានទាំងនេះ ។
ប្រធាន ចច ឃ្យូ ខេននិន បានបង្រៀនថា « គ្មាននរណាម្នាក់គួរតែនិយាយថា ‹ អូ៎ ខ្ញុំពុំអាចផ្លាស់ប្តូរបានទេ នេះជាទម្លាប់របស់ខ្ញុំ › ។ ទ្រង់ពុំបានឃើញថាត្រឹមត្រូវនៅក្នុងការណ៍នេះឡើយ ដោយសារហេតុផលនោះហើយ ទើបព្រះទ្រង់បានសន្យា…ប្រទានអំណោយទានដែលនឹងបំបាត់ [ ភាពទន់ខ្សោយរបស់យើង ] ។… ប្រសិនបើពួកយើងណាម្នាក់ពុំល្អឥតខ្ចោះនោះ វាគឺជាកាតព្វកិច្ចរបស់យើងដើម្បីអធិស្ឋានសុំនូវអំណោយទាននោះដែលនឹងធ្វើឲ្យយើងបានល្អឥតខ្ចោះ » ។
សង្ខេបឲ្យខ្លីគឺដង្វាយធួនរបស់ព្រះអង្គសង្គ្រោះប្រទានជីវិតដល់យើងជំនួសសេចក្ដីស្លាប់ « ភួងលំអជំនួសផេះផង់ » ការព្យាបាលជំនួសការឈឺចាប់ និងភាពល្អឥតខ្ចោះជំនួសភាពទន់ខ្សោយ ។ វាគឺជាដំណោះស្រាយរបស់ស្ថានសួគ៌សម្រាប់ឧបសគ្គ និងភាពស្មុគស្មាញនៃពិភពលោកនេះ ។
នៅក្នុងសប្ដាហ៍ចុងក្រោយនៃជីវិតរមែងស្លាប់របស់ព្រះអង្គសង្គ្រោះ ទ្រង់បានមានបន្ទូលថា « នៅលោកិយនេះនោះអ្នករាល់គ្នាមានសេចក្តីវេទនាមែន ប៉ុន្តែត្រូវសង្ឃឹមឡើង ដ្បិតខ្ញុំបានឈ្នះលោកិយហើយ » ។ ដោយសារព្រះអង្គសង្គ្រោះបានធ្វើដង្វាយធួនរបស់ទ្រង់ នោះគ្មានកម្លាំង ឬព្រឹត្តិការណ៍ ឬបុគ្គលខាងក្រៅណាមួយ—គ្មានអំពើបាប ឬសេចក្ដីស្លាប់ ឬការលែងលះណាមួយ—ដែលអាចរារាំងយើងពីការសម្រេចបាននូវភាពតម្កើងឡើងបានឡើយ ប្រសិនបើយើងគោរពបទបញ្ញត្តិរបស់ព្រះនោះ ។ ដោយមានចំណេះដឹងនោះ យើងអាចឆ្ពោះទៅមុខដោយរីករាយ និងការអះអាងដ៏ប្រាកដថា ព្រះគង់នៅជាមួយយើងនៅក្នុងកិច្ចខិតខំសួគ៌ានេះ ។
ខ្ញុំសូមថ្លែងជាសាក្សីថា ដង្វាយធួនរបស់ព្រះអង្គសង្គ្រោះពុំគ្រាន់តែមានទំហំអនន្ដនោះទេ ប៉ុន្តែមនុស្សម្នាក់ៗក៏អាចទទួលយកបានផងដែរ—រហូតដល់វាពុំគ្រាន់តែអាចធ្វើឲ្យយើងត្រឡប់ទៅវត្តមានរបស់ព្រះបានប៉ុណ្ណោះទេ ប៉ុន្តែវាផ្ដល់លទ្ធភាពឲ្យយើងដើម្បីប្រែក្លាយកាន់តែដូចជាទ្រង់—ជាគោលដៅដ៏ខ្ពស់បំផុតនៃដង្វាយធួនរបស់ព្រះគ្រីស្ទ ។ ខ្ញុំសូមថ្លែងអំណរគុណ និងសាក្សីដ៏ជាក់លាក់របស់ខ្ញុំពីការណ៍នេះ ក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។