ឆ្នាំ ២០១០-២០១៩
សេចក្ដី​ស្រឡាញ់​ដ៏​ធំ​ចំពោះ​បុត្រា​បុត្រី​របស់​ព្រះវរបិតា​យើង
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០១៩


2:3

សេចក្ដី​ស្រឡាញ់​ដ៏​ធំ​ចំពោះ​បុត្រា​បុត្រី​របស់​ព្រះវរបិតា​យើង

សេចក្ដីស្រឡាញ់​គឺ​ជា​ឥរិយាបទ​ចម្បង និង​ហេតុផល​ជម្រុញ​ទៅ​គោលបំណង​ខាង​វិញ្ញាណ ដែល​​ត្រូវបាន​គ្រប់គ្រង​ដោយ​ព្យាការី​ជា​ទីស្រឡាញ់​របស់​យើង ។

បងប្អូន​ប្រុស​ស្រី​ជាទីស្រឡាញ់​របស់​​​ខ្ញុំ នេះ​គឺជា​គ្រា​ដ៏វិសេស​វិសាល ហើយសំខាន់​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ ។ យើង​មាន​ពរ​ដោយ​រស់​នៅ​ក្នុង​គ្រា​កាន់​កាប់​ត្រួត​ត្រា​ចុង​ក្រោយ ពីមុន​ការ​យាង​មក​ជា​លើក​ទីពីរ​របស់​ព្រះអង្គ​សង្គ្រោះ ។ នៅជិត​ការ​ចាប់ផ្ដើម​នៃ​គ្រា​កាន់​កាប់​ត្រួត​ត្រា​នេះ​ក្នុង​ឆ្នាំ ១៨២៩ ជា​ឆ្នាំ​ពីមុន​សាសនាចក្រ​នេះ​ត្រូវ​រៀបចំ​ជា​ផ្លូវការ វិវរណៈដ៏​ជា​ទី​គាប់​ចិត្ត​មួយ​ត្រូវ​បាន​ទទួល ដោយ​ប្រកាស​ថា « កិច្ចការ​ដ៏​អស្ចារ្យ​មួយ » « ហៀប​នឹង​ចេញ​មក » ហើយ ។ វិវរណៈ​នេះ​បាន​ចែង​ថា អ្នក​ដែល​មាន​បំណង​ប្រាថ្នា​ចង់​បម្រើ​ព្រះ​ មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​សម្រាប់​ការ​បម្រើ​បែប​នេះ​តាមរយៈ « សេចក្ដី​ជំនឿ សេចក្ដី​សង្ឃឹម សេចក្ដី​សប្បុរស និង​សេចក្ដី​ស្រឡាញ់ ដោយ​ភ្នែក​ស្មោះត្រង់​ទាំង​ស្រុង​ចំពោះ​សិរី​ល្អ​នៃ​ព្រះ » ។ សេចក្ដី​សប្បុរស​ដែល​ជា « សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធ​សាធ​នៃ​ព្រះគ្រីស្ទ »​រួម​បញ្ចូល​ទាំង សេចក្ដី​ស្រឡាញ់​ដ៏​អស់​កល្ប​របស់​ព្រះ​ចំពោះ​បុត្រា​បុត្រី​របស់​ទ្រង់​គ្រប់​រូប​ផង​ដែរ ។

គោលបំណង​របស់​ខ្ញុំ​នា​ព្រឹក​នេះ​គឺ​ដើម្បី​គូស​បញ្ជាក់​ពី​តួនាទី​ដ៏​សំខាន់​នៃ​សេចក្ដី​ស្រឡាញ់​នោះ​នៅ​ក្នុង​កិច្ចការ​អ្នក​ផ្សព្វផ្សាយ​សាសនា កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្ស​ប្រវត្តិ និង​ការ​បង្រៀន​អំពី​សាសនា​ក្នុង​គ្រួសារ​នៅ​ឯ​គេហដ្ឋាន ដោយ​មាន​ការ​គាំទ្រ​ពី​សាសនាចក្រ ។ សេចក្ដី​ស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ និង​សេចក្ដី​ស្រឡាញ់​នៃ​បងប្អូន​ប្រុស​ស្រី​របស់​យើង​គឺជា​ឥរិយាបថ និង​ការ​លើក​ទឹក​ចិត្ត​ដ៏​សំខាន់​សម្រាប់​ការងារ​បម្រើ និង​គោល​បំណង​ខាង​វិញ្ញាណដែល​ព្យាការី​ជាទី​ស្រឡាញ់​របស់​យើង គឺ​​ប្រធាន រ័សុល អិម ណិលសុន​ បាន​សុំ​ឲ្យ​យើង​ធ្វើ​នៅ​ក្នុង​ការ​កែតម្រូវ​ដែល​បាន​ប្រកាស​នា​ឆ្នាំ ២០១៨ ។

កិច្ចខិតខំ​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា​ដើម្បី​ប្រមូល​ផ្ដុំ​អ៊ីស្រាអែល​ដែល​ខ្ចាត់​ព្រាត់

ខ្ញុំ​មាន​បទពិសោធន៍​​ពី​ទំនាក់​ទំនង​រវាង​កិច្ចការ​ផ្សព្វផ្សាយ​សាសនា និង​សេចក្ដីស្រឡាញ់ កាល​ពី​ខ្ញុំ​នៅ​ក្មេង ។ កាល​​ខ្ញុំ​មាន​អាយុ ១១ ឆ្នាំ ខ្ញុំ​បាន​ទទួល​ពរលោក​អយ្យកោ​មក​ពី​​លោក​តា​របស់​ខ្ញុំដែល​ជា​លោក​អយ្យកោ ។ ផ្នែក​មួយនៃ​​ពរជ័យ​នោះ​បាន​ចែង​ថា « តា​សូម​ផ្ដល់​ពរជ័យ​​​ឲ្យ​ចៅ​​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ធំចំពោះ​បងប្អូន​​ប្រុស​ស្រី​រ​បស់​ចៅ ដោយ​សារ​ចៅ​​ត្រូវ​បាន​ហៅ​ឲ្យ​នាំ​យក​ដំណឹងល្អ​ទៅ​កាន់​ពិភពលោក… ដើម្បី​នាំ​ព្រលឹង​ទៅ​រក​ព្រះគ្រីស្ទ » ។

សូម្បី​តែខ្ញុំ​នៅ​ក្មេង​ក្ដី ក៏​​ខ្ញុំ​បាន​យល់​ថា ការ​ចែក​ចាយ​ដំណឹងល្អ​គឺ​ពឹង​ផ្អែក​ទៅ​លើ​សេចក្ដី​ស្រឡាញ់​ដ៏​ធំ​ចំពោះ​បុត្រា​បុត្រី​គ្រប់​រូប​របស់​ព្រះវរបិតា​សួគ៌​យើង​ដែរ ។

ក្នុង​នាម​ជា​​ពួក​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ​មួយ​រូប​ដែល​បាន​ចាត់​ឲ្យចង​ក្រង​សៀវភៅ​​ប្រកាស​ដំណឹង​ល្អ​របស់​យើងកាល​ពី​ ១៥ ឆ្នាំ​មុន យើង​បាន​សន្និដ្ឋានថា ឥរិយាបថ​នៃ​សេចក្ដី​ស្រឡាញ់​គឺជា​រឿង​ដ៏​សំខាន់​ចំពោះ​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​នៅ​ក្នុង​ជំនាន់​របស់​យើង ក៏​ដូចជា​នៅ​ជំនាន់​មុនៗ​ដែរ ។ ជំពូក​ទី ៦ ស្ដីពី​លក្ខណៈ​ដូចជា​ព្រះគ្រីស្ទ រួម​មាន​នូវ សេចក្ដីសប្បុរស និងសេចក្ដីស្រឡាញ់ គឺជា​ជំពូក​ដ៏​ពេញ​និយម​បំផុត​នៅ​ក្នុង​ចំណោម​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​រហូត​មក ។

ក្នុង​នាម​ជា​អ្នក​តំណាង​របស់​ព្រះអង្គ​សង្គ្រោះ ពួក​អ្នក​ផ្សព្វផ្សាយ​សាសនាភាគច្រើន​​ទទួល​អារម្មណ៍​ពី​សេចក្ដី​ស្រឡាញ់​នេះ ហើយ​នៅពេល​ពួកគេ​មាន​អារម្មណ៍​នេះ នោះ​កិច្ច​ខិតខំ​របស់​ពួកគេ​ទទួល​បាន​ពរ ។ នៅពេល​សមាជិក​មើល​ឃើញ​ពី​សេចក្ដីស្រឡាញ់​នេះ ដែលជា​រឿង​ដ៏​សំខាន់​នៅ​ក្នុង​ការ​ជួយ​ព្រះអម្ចាស់​ឲ្យ​សម្រេច​ព្រះរាជ​បំណង​របស់​ទ្រង់ នោះ​កិច្ចការ​របស់​ព្រះអម្ចាស់​នឹង​ត្រូវ​បាន​សម្រេច ។

អ័រ វ៉េន សូត

ខ្ញុំ​មាន​ឯកសិទ្ធិ​ដោយ​មាន​តួនាទី​តូច​មួយ​នៅ​ក្នុង​គំរូ​ដ៏​អស្ចារ្យ​មួយនៃ​សេចក្ដី​ស្រឡាញ់​បែប​នេះ ។ កាល​ខ្ញុំ​បម្រើ​ជា​ប្រធាន​តំបន់​កោះ​ប៉ាស៊ីភិច ខ្ញុំ​បាន​ទទួល​ការ​ហៅ​ទូរសព្ទ​មួយ​មក​ពី​ប្រធាន អ័រ វ៉េន សូត ។ កាល​ពី​ក្មេង លោក​បាន​បម្រើ​បេសកកម្ម​នៅ​កោះ​សាម័រ ។ ក្រោយ​មក លោក​បាន​ត្រឡប់​ទៅ​កោះ​សាម័រ​វិញ​ក្នុង​នាម​ជា​ប្រធាន​បេសកកម្ម ។​ នៅពេល​លោក​បាន​ទូរសព្ទ​មក​ខ្ញុំ លោក​គឺជា​​ប្រធាន​ព្រះវិហារ​បរិសុទ្ធ​ អាពីយ៉ា​ សាម័រ ។ កាល​លោក​ជា​ប្រធាន​បេសកកម្ម មានអ្នក​ផ្សព្វផ្សាយ​សាសនា​ក្មេង​​ម្នាក់​របស់​លោក​ឈ្មោះ អែលឌើរ អូ វីនសិន ហាលិក ឥឡូវ​នេះ​គឺជា​ប្រធាន​តំបន់​ប៉ាស៊ីភិច ។ ប្រធាន សូត មាន​សេចក្ដី​ស្រឡាញ់ និង​ការគោរព​ដ៏​អស្ចារ្យ​ចំពោះវិនសិន និង​គ្រួសារ​ហាលិក​ទាំង​មូល ។ គ្រួសារ​នេះ ភាគច្រើន​ជា​សមាជិក​សាសនាចក្រ លើក​លែង​តែ​ឪពុក​របស់​វិនសិន ឈ្មោះ អូតូ ហាលិក ដែល​ជា​ប្រធាន​​នៃ​គ្រួសារ​នេះ ( កូនចៅ​កាត់​អាល្លឺម៉ង់ និង​សាម័រ ) ពុំ​មែនជា​សមាជិក ។ ប្រធាន សូត បាន​ដឹង​ថា ខ្ញុំ​នឹង​ចូល​រួម​ក្នុង​សន្និសីទ​ស្តេក​មួយ និង​ការ​ប្រជុំ​ផ្សេង​ទៀត​ក្នុង​តំបន់​សាម័រ​អាមេរិក ហើយ​លោក​បាន​សួរ​ថាតើ​ខ្ញុំ​អាច​ពិចារណា​ស្នាក់​នៅ​ក្នុង​ផ្ទះ​របស់​អូតូ ហាលិក ក្នុង​គោលបំណង​ចែកចាយ​ដំណឹងល្អ​ជាមួយ​នឹង​គាត់​បានដែរ​ទេ ។

អែលឌើរ អូ វិនសិន ហេឡេក កាលនៅ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​វ័យ​ក្មេង

ខ្ញុំ និង​ភរិយា​របស់​ខ្ញុំ ម៉ារី បាន​ស្នាក់​នៅ​ជាមួយ​នឹង​អូតូ និង​ភរិយា​របស់​គាត់ ឈ្មោះ ដូរ៉ូធី ក្នុង​ផ្ទះ​ដ៏​ស្រស់​ស្អាត​របស់​ពួកគាត់ ។ ពេល​បរិភោគ​អាហារ​ពេល​ព្រឹក ខ្ញុំ​បាន​ចែកចាយ​សារលិខិត​ដំណឹងល្អ​មួយ ហើយ​បាន​អញ្ជើញ​អូតូ​ឲ្យ​ជួប​នឹង​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា ។ គាត់​មាន​សន្តាន​ចិត្ត​ល្អ ប៉ុន្តែ​​បាន​បដិសេធ​ការ​អញ្ជើញ​របស់​ខ្ញុំ​យ៉ាង​ម៉ឺង​ម៉ាត់ ។ គាត់​បាន​ពោលថា គាត់​រីករាយ​ដែល​សមាជិក​គ្រួសារ​របស់​គាត់ ភាគច្រើន​គឺជា​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ ប៉ុន្តែ​គាត់​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ដូន​តា​មួយ​ចំនួន​របស់​ម្ដាយ​គាត់​ដែល​ជា​ជនជាតិ​សាម័រ​ជា​ពួក​គ្រូគង្វាល​ខាង​គ្រីស្ទ​សាសនា​កាល​ពី​ដើម​​នៅ​ក្នុង​ប្រទេស​សាម័រ ហើយ​គាត់​មាន​​​ភក្ដីភាពជា​ខ្លាំង​ចំពោះ​ទំនៀម​ទម្លាប់​សាសនា​គ្រីស្ទ​របស់​ពួកគេ ។​ ប៉ុន្តែ​យើង​នៅ​តែ​ជា​មិត្ត​ល្អ​នឹង​គ្នា ។

ក្រោយ​មក កាល​ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី រៀបចំ​ឧទ្ទិស​ឆ្លង​ព្រះវិហារ​បរិសុទ្ធ ​ស៊ូវ៉ា ហ្វីជី លោក​បានឲ្យ​​លេខា​ផ្ទាល់​ខ្លួន​របស់​លោក​គឺ បងប្រុស ដន អេជ ស្តេហេលីទូរសព្ទ​មក​ខ្ញុំ​ក្នុង​ប្រទេស​នូវវែលសេឡង់​ដើម្បី​ធ្វើ​ការ​រៀបចំ​នានា ។ ប្រធាន ហ៊ីងគ្លី ចង់​ហោះ​ហើរ​ពី​ប្រទេស​ហ្វីជី​ទៅកាន់​សាម័រ​អាមេរិក ដើម្បី​ជួប​នឹង​ពួក​បរិសុទ្ធ ។ សណ្ឋាគារ​​មួយ​ចំនួន​​ដែល​បាន​ប្រើ​ក្នុង​ទស្សនកិច្ច​កាល​ពី​លើក​មុន​ត្រូវ​បាន​ផ្ដល់​យោបល់​ឲ្យ ។ ខ្ញុំ​បាន​សួរ​ថា តើ​ខ្ញុំ​អាច​ធ្វើ​ការ​រៀបចំ​ផ្សេង​បាន​ទេ ។ បងប្រុស ស្តេហេលី បាន​តប​ថា « លោក​គឺជា​ប្រធាន​តំបន់ លោក​អាច​ធ្វើ​បាន » ។

រំពេច​នោះ ខ្ញុំ​បាន​ទូរសព្ទ​ទៅ​ប្រធាន សូត ហើយ​បាន​ប្រាប់​លោក​ថា ប្រហែល​ជា​យើង​មាន​ឱកាស​ម្ដង​ទៀត​ដើម្បី​ផ្ដល់​ពរជ័យ​ខាង​វិញ្ញាណ​ដល់​មិត្ត​របស់​យើង អូតូ ហាលិក ។ ម្ដង​នេះ អ្នក​ផ្សព្វផ្សាយ​សាសនា​នឹងជា​ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ។ ខ្ញុំ​បាន​សួរ​ថា តើ​វា​សមរម្យ​ទេ​បើសុំ​ឲ្យ​គ្រួសារ​ហាលិក​រៀបចំ​ទទួល​ក្រុម​ដំណើរ​របស់​ប្រធាន​ហ៊ិងគ្លី ។ ប្រធាន និង​ស៊ិស្ទើរ ហ៊ិងគ្លី ព្រមទាំង​កូន​ស្រី​របស់​ពួកលោក ឈ្មោះ ជេន ហើយ​អែលឌើរ និង​ស៊ិស្ទើរ ជែហ្វ្រី អ័រ ហូឡិន ក៏​ជា​ផ្នែក​មួយ​ក្នុង​ក្រុម​ដំណើរ​នោះ​ផង​ដែរ ។ ដោយធ្វើ​ការ​ជាមួយ​នឹង​គ្រួសារ​នោះ ប្រធាន សូត បាន​ធ្វើ​ការ​រៀបចំ​ទាំងឡាយ ។

នៅពេល​យើងចេញ​ពី​ប្រទេស​ហ្វីជី​ទៅ​ដល់​ទី​នោះ​បន្ទាប់​ការ​ឧទ្ទិស​ឆ្លង​ព្រះវិហារ​បរិសុទ្ធ យើង​ត្រូវ​បាន​ទទួល​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ ។ នា​ល្ងាច​នោះ​យើង​បាន​និយាយ​ទៅ​កាន់​សមាជិក​​​ជន​ជាតិ​សាម័រ​រាប់​ពាន់​នាក់ រួចហើយ​បាន​ធ្វើ​ដំណើរ​ទៅ​តំបន់​របស់​គ្រួសារ​ហាលិក ។ លុះ​ព្រឹក​ស្អែក​ឡើង ​នៅពេល​យើង​បាន​ជុំ​គ្នា​បរិភោគ​អាហារ​ពេល​ព្រឹក ប្រធាន ហ៊ីងគ្លី និង​អូតូ ហាលិក បាន​ក្លាយ​ជា​មិត្តដ៏​ល្អ​នឹង​គ្នា​ទៅ​ហើយ ។ ខ្ញុំ​បាន​ចាប់​អារម្មណ៍​ថា ពួកលោក​កំពុង​មាន​ការ​សន្ទនា​ដូចគ្នា​ដែល​ខ្ញុំ​ធ្លាប់​មាន​ជាមួយ​នឹង​អូតូ​​កាល​ពីជាង​មួយ​ឆ្នាំ​មុន​ដែរ ។ នៅពេល អូតូ បាន​​កោតសរសើរ​សាសនាចក្រ​របស់​យើង ប៉ុន្តែ​នៅប្រកាន់​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ព្រះវិហារ​របស់​គាត់ នោះប្រធាន ហ៊ីងគ្លី បាន​ដាក់​ដៃ​លើ​ស្មា​របស់​អូតូ ហើយ​មាន​ប្រសាសន៍​ថា « អូតូ ការ​ណ៍​នោះ​ពុំ​ទាន់​ល្អ​គ្រប់​គ្រាន់​នៅ​ឡើយ​ទេ លោក​គួរ​តែ​ក្លាយ​ជា​សមាជិក​ម្នាក់​ក្នុង​សាសនាចក្រ ។ នេះ​គឺជា​សាសនាចក្រ​របស់​ព្រះអម្ចាស់ » ។ អ្នក​អាច​ឃើញ​ថា​ ភាព​រឹង​រូស​របស់​អូតូ​ត្រូវ​បាន​រសាយ​បាត់ ដោយ​ព្រម​ទទួល​យក​អ្វី​ដែល​ប្រធាន ហ៊ីងគ្លី ​បាន​មាន​ប្រសាសន៍ ។

នេះ​គឺជា​ការ​ចាប់ផ្ដើម​នៃ​ការ​បង្រៀន​បន្ថែម​ទៀត​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា និង​ការ​បន្ទាប​ខ្លួន​ខាង​វិញ្ញាណ​មួយ​ដែល​បាន​អនុញ្ញាត​ឲ្យ​ អូតូ ហាលិក ជ្រមុជទឹក ហើយ​បញ្ជាក់រយៈពេល​ជាង​មួយ​ឆ្នាំ​ក្រោយ​មក ។ មួយ​ឆ្នាំ​ក្រោយ​មក​ទៀត គ្រួសារ​ហាលិក​បាន​ផ្សារ​ភ្ជាប់​ជា​គ្រួសារ​អស់​កល្ប​ជានិច្ច​មួយ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។

គ្រួសារ​ហាលិក​​បាន​ផ្សារ​ភ្ជាប់​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ

រឿង​ដែល​ប៉ះពាល់​ដល់​ដួង​ចិត្ត​ខ្ញុំ​នៅ​ក្នុង​បទពិសោធន៍​ដ៏​អស្ចារ្យ​នេះ​គឺជាសេចក្ដី​ស្រឡាញ់​ដ៏​ធំ​ដែល​ប្រធាន វ៉េន សូត មាន​ចំពោះ​អ្នក​ផ្សព្វផ្សាយ​សាសនា​ពី​មុន​របស់​លោកគឺ អែលឌើរ វិនស៍ ហាលិក និង​បំណង​ប្រាថ្នា​របស់​លោក​ចង់​ឃើញ​គ្រួសារ​ហាលិក​ទាំង​មូល​បាន​រួបរួម​គ្នា​ជា​គ្រួសារ​អស់​កល្ប​ជានិច្ច​មួយ ។

នៅពេល​យើង​ខិតខំ​ប្រមូល​ផ្ដុំ​អ៊ីស្រាអែល យើង​ចាំបាច់​ត្រូវ​មានសេចក្ដី​ស្រឡាញ់​បែប​នេះ ហើយ​ងាក​ចេញ​ពី​អារម្មណ៍​នៃ​ការ​គិត​ថា វា​គ្រាន់​តែ​ជា​ការ​ទទួល​ខុស​ត្រូវ ឬកំហុស​​ចំពោះ​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់ និង​ការ​ចូល​រួម​ក្នុង​ភាព​ជា​ដៃគូ​ដ៏​ទេវភាព​នៃ​ការ​ចែកចាយ​សារលិខិត ការងារបម្រើ និង​បេសកកម្ម​របស់​ព្រះអង្គ​សង្គ្រោះ​ជាមួយ​នឹង​ពិភពលោក​នេះ ។

ក្នុង​នាម​ជា​សមាជិក យើង​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះអង្គ​សង្គ្រោះ និង​បងប្អូនប្រុស​ស្រី​របស់​យើង​ជុំវិញ​ពិភពលោក​តាមរយៈ​ការ​​​អញ្ជើញ​ដ៏​សាមញ្ញៗ ។ កាលវិភាគ​ប្រជុំ​ថ្មី​សម្រាប់​ថ្ងៃ​អាទិត្យ​តំណាង​ឲ្យ​ឱកាស​ដ៏​ល្អ​មួយ​ដើម្បី​សមាជិកអាច​​អញ្ជើញ​មិត្ត​ភក្ដិ និងពួក​សហការី​​ដោយ​​ជោគជ័យ និងដោយ​ក្ដី​ស្រឡាញ់​​ឲ្យ​ពួកគេ​មក​មើល ហើយ​ទទួល​អារម្មណ៍​ពី​បទពិសោធន៍​មួយ​ក្នុង​សាសនាចក្រ ។​ ​ការ​ប្រជុំ​សាក្រាម៉ង់​ខាង​វិញ្ញាណ ដោយ​សង្ឃឹម​ថា​វា​ពិសិដ្ឋ​ដូចអ្វី​ដែល​អែលឌើរ ជេហ្វ្រី អ័រ ហូឡិន បាន​ពិពណ៌នា​ម្សិលមិញ ​នឹងបន្ដ​ដោយ​ការ​ប្រជុំ​រយៈពេល ៥០ នាទី ដែល​ផ្ដោត​លើ​ព្រះគម្ពីរ​សញ្ញា​ថ្មី និង​ព្រះអង្គ​សង្គ្រោះ ឬសុន្ទរកថា​សន្និសីទ​ដែល​ពាក់ព័ន្ធ​​ដែល​​ផ្ដោត​លើ​ព្រះអង្គ​សង្គ្រោះ និង​គោលលទ្ធិ​របស់​ទ្រង់​ផង​ដែរ ។

បងប្អូន​ស្រីមួយ​ចំនួន​ក្នុង​សមាគម​សង្គ្រោះ​​បាន​ងឿង​ឆ្ងល់​ថា ហេតុអ្វីបាន​ជា​ពួកគេ​មាន​ការ​ចាត់​តាំង​ចំពោះ ​« ការ​ប្រមូល​ផ្ដុំ » ​មួយ​រួម​ជាមួយ​នឹង​សមាជិកកូរ៉ុម​បព្វជិតភាព ។ មាន​ហេតុផល​សម្រាប់​បញ្ហា​នេះ ហើយ​ប្រធាន​ណិលសុន បាន​ថ្លែង​ពី​ការណ៍​នេះ​នៅ​ក្នុង​សន្និសីទ​ទូទៅ​កាល​ពី​លើក​មុន ។ លោក​បាន​បញ្ចប់​ថា « យើង​មិន​អាច​ប្រមូល​ផ្ដុំ​អ៊ីស្រាអែល​ដោយ​គ្មាន​បងប្អូន​បាន​នោះទេ » ។ លើស​ពី​នេះ​ទៀត នៅ​ក្នុង​ជំនាន់​របស់​យើង យើង​មាន​ពរ​ដោយសារ​ប្រមាណ​ជា ៣០ ភាគរយ​នៃ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​​ពេញម៉ោង​គឺជា​ស៊ិស្ទើរ ។ ការណ៍​នេះ​ផ្ដល់​នូវ​ការជម្រុញ​បន្ថែម​សម្រាប់​បងប្អូន​ស្រី​ក្នុង​សមាគមសង្គ្រោះ​ដើម្បី​ចែកចាយ​ដំណឹងល្អ​ដោយ​សេចក្ដី​ស្រឡាញ់ ។ អ្វី​ដែល​ត្រូវ​ការ​ចាំបាច់​គឺជា​ការ​តាំង​ចិត្ត​ដ៏​គួរ​ឲ្យ​ស្រឡាញ់ មាន​ចិត្ត​មេត្តា​ខាង​វិញ្ញាណ​របស់​យើង​ម្នាក់ៗ—ជា​បុរស ស្ត្រី យុវវ័យ និង​កុមារ—ដើម្បី​ចែកចាយ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ប្រសិន​បើ​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់ សន្តាន​ចិត្ត​ល្អ និង​ភាព​រាបសា នោះ​មនុស្ស​ជាច្រើន​នឹង​ទទួល​យក​ការ​អញ្ជើញ​​របស់​យើង ។ អ្នក​ដែល​ជ្រើស​ពុំ​ទទួល​យក​ការ​អញ្ជើញ​រ​បស់​យើង​នឹង​នៅ​តែ​ជា​មិត្ត​របស់​យើង ។

កិច្ច​ខិតខំ​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង ពង្សប្រវត្តិ​ដើម្បី​ប្រមូល​ផ្ដុំ​អ៊ីស្រាអែល

សេចក្ដីស្រឡាញ់​ក៏​ស្ថិត​នៅ​កណ្ដាល​នៃ​កិច្ច​ខិតខំ​របស់​យើង​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្ស​ប្រវត្តិ​ដើម្បី​ប្រមូល​ផ្ដុំ​អ៊ីស្រាអែល​នៅ​ផ្នែក​ម្ខាង​ទៀត​នៃ​វាំង​នន​ដែរ ។ នៅពេល​យើង​រៀន​ពី​ការ​សាកល្បង និង​ការ​លំបាក​ដែល​បុព្វការីជន​របស់​យើង​បាន​ជួប​ប្រទះ នោះ​សេចក្ដី​ស្រឡាញ់​ និង​អំណរ​គុណ​របស់​យើង​ចំពោះ​ពួកគាត់​នឹង​រីក​ធំ​ឡើង ។ កិច្ចខិតខំ​របស់​យើង​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង ពង្សប្រវត្តិ​បាន​ពង្រឹង​យ៉ាង​ខ្លាំង​ដោយ​ការ​កែតម្រូវ​ថ្មី​នៅ​ក្នុង​កាលវិភាគ​ការ​ប្រជុំ​ថ្ងៃ​អាទិត្យ និង​ការ​រីកចម្រើន​របស់​​យុវវ័យ​នៅ​ក្នុង​ថ្នាក់រៀន និង​កូរ៉ុម ។ ការផ្លាស់ប្ដូរ​ទាំង​នេះ​ផ្ដល់ការ​យក​ចិត្ត​ទុក​ដាក់​ជា​មុន និង​កាន់តែមាន​អនុភាព​ចំពោះ​ការ​រៀនសូត្រ​អំពី​បុព្វការីជន​របស់យើង និង​ការ​ប្រមូល​ផ្ដុំ​អ៊ីស្រាអែល​នៅ​ផ្នែកម្ខាង​ទៀត​​នៃ​វាំង​នន ។ ទាំង​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្ស​ប្រវត្តិ​មាន​ការ​រីកចម្រើន​យ៉ាង​ខ្លាំង ។

អ៊ិនធើរណែត​គឺជា​ឧបករណ៍​មួយ​ដ៏​មាន​អនុភាព ឥឡូវ​នេះ​គេហដ្ឋាន​គឺជា​មជ្ឈមណ្ឌល​ពង្ស​ប្រវត្តិ​ដ៏​ចម្បង​របស់​យើង ។ សមាជិក​វ័យ​ក្មេង​របស់​យើង​មាន​ជំនាញ​យ៉ា​ង​ប៉ិនប្រសប់​នៅ​ក្នុង​ការ​ស្រាវ​ជ្រាវ​ពង្ស​ប្រវត្តិ ហើយ​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ខាង​វិញ្ញាណ​ដើម្បី​ធ្វើ​ពិធី​បុណ្យ​ជ្រមុជទឹក​សម្រាប់​បុព្វការី​ជន​របស់​ពួកគេ​ដែល​ពួកគេ​បាន​រៀន​ស្រឡាញ់ ហើយ​មាន​អំណរ​គុណ​នោះ ។ ចាប់​តាំង​ពី​ការ​ផ្លាស់ប្ដូរ​អនុញ្ញាត​ឲ្យ​កុមារ​អាយុ ១១ ឆ្នាំ​អាច​ធ្វើ​បុណ្យជ្រមុជទឹក​ដល់​អ្នក​ស្លាប់ នោះ​ប្រធាន​ព្រះវិហារបរិសុទ្ធ​នៅ​ទូទាំង​ពិភពលោក​បាន​រាយការណ៍​ថា​ការ​ចូលរួម​មាន​កំណើន​យ៉ាង​ខ្លាំង ។ ប្រធាន​ព្រះវិហារ​បរិសុទ្ធ​មួយ​រូប​បាន​ប្រាប់​យើង​ថា « មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​សម្រាប់​អ្នក​មក​ធ្វើ​ពិធីបុណ្យ​ជ្រមុជទឹក … ហើយ​លើស​ពី​នេះ​ទៀត កុមារ​អាយុ​ ១១ ឆ្នាំ នាំសមាជិក​គ្រួសារ​ជាច្រើន​នាក់​មក ។ … សូម្បី​តែ​ពួកគេ​នៅ​ [ ក្មេង ] ក្ដី ក៏ពួកគេ​ហាក់​ដូចជាទទួល​អារម្មណ៍​នូវ​គារវភាព និង​គោលបំណង​សម្រាប់​ពិធី​បរិសុទ្ធ​ដែល​ពួកគេ​កំពុង​​ធ្វើដែរ ។ វា​គឺជាការអស្ចារ្យ​ដើម្បី​មើល​ឃើញ​រឿង​នេះ ! »

ខ្ញុំ​ដឹង​ថា ថ្នាក់​ដឹកនាំ​អង្គការ​បឋម​សិក្សា និង​យុវវ័យ​របស់​យើងកំពុង ហើយ​នឹង​បន្តធ្វើ​ឲ្យ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្ស​ប្រវត្តិ​ក្លាយ​ជា​កិច្ច​ខិតខំ​ដ៏​ធំ​មួយ ។ បងប្អូន​ប្រុស​ស្រី​ក្នុង​សមាគមសង្គ្រោះ និង​បព្វជិតភាព​អាច​ជួយ​បំពេញ​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្ស​ប្រវត្តិ​ដោយ​សេចក្ដី​ស្រឡាញ់ ហើយ​ក៏តាមរយៈ​ការ​ជួយ និង​ការ​បំផុស​គំនិត​កុមារ ព្រមទាំង​យុវវ័យ​ឲ្យ​​ប្រមូល​ផ្ដុំ​អ៊ីស្រាអែល​នៅ​ម្ខាង​ទៀត​​នៃ​វាំង​នន​ផង​ដែរ ។ នេះ​គឺជា​រឿង​ដ៏​សំខាន់​នៅ​ក្នុង​គេហដ្ឋាន និង​នៅ​ថ្ងៃ​ឈប់​សម្រាក ។ ខ្ញុំ​សូម​សន្យា​ថា ការ​ធ្វើ​ពិធី​បរិសុទ្ធ​ដោយ​សេចក្ដី​ស្រឡាញ់​សម្រាប់​បុព្វការីជន​​នឹ​ងពង្រឹង ហើយ​ការពារ​យុវវ័យ​ និ​ង​ក្រុម​គ្រួសារ​របស់​យើង​នៅ​ក្នុង​ពិភពលោក​មួយ​ដែលមាន​អំពើ​អាក្រក់​កាន់​តែ​កើន​ឡើង ។ ខ្ញុំ​ក៏​សូម​ថ្លែង​ទីបន្ទាល់​ផ្ទាល់​ខ្លួន​ផង​ដែរ​ថា ប្រធាន រ័សុល អិម ណិលសុន បាន​ទទួល​វិវរណៈ​ដ៏​មាន​សារៈសំខាន់​អស្ចារ្យ​ទាក់​ទង​នឹង​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្ស​ប្រវត្តិ ។

រៀបចំ​ក្រុម​គ្រួសារ​ដ៏​អស់​កល្ប​ជានិច្ច និង​បុគ្គល​ម្នាក់ៗ​ឲ្យ​​រស់​នៅ​ជាមួយ​នឹង​ព្រះ

ការ​គូស​បញ្ជាក់​ថ្មី​ស្ដីពី​ការ​សិក្សា និង​រស់​នៅ​តាម​ដំណឹងល្អ​នៅ​ឯ​គេហដ្ឋាន ព្រមទាំង​ធនធាន​ដែល​សាសនាចក្រ​ផ្ដល់​ឲ្យ​គឺជា​ឱកាស​ដ៏​អស្ចារ្យ​មួយ​ដើម្បី​រៀបចំក្រុម​គ្រួសារ និង​បុគ្គល​ម្នាក់ៗ​ដោយ​សេចក្ដី​ស្រឡាញ់​ដើម្បី​ជួប ហើយ​រស់​នៅ​ជាមួយ​នឹង​ព្រះ ។

នៅពេល​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់​ត្រូវ​បាន​ផ្សារ​ភ្ជាប់​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ពួកគេ​ចូល​ទៅ​ក្នុងរបៀប​ដ៏​បរិសុទ្ធ​នៃ​អាពាហ៍​ពិពាហ៍ក្នុង​​សេចក្ដីសញ្ញា​ថ្មី និង​ដ៏​អស់​កល្ប​ជានិច្ច ជា​របៀប​នៃ​បព្វជិតភាព ។ ពួក​គេ​រួម​គ្នា​ទទួល​យក​ពរជ័យ និង​អំណាច​បព្វជិតភាព​ដើម្បី​ដឹកនាំ​កិច្ចការ​ក្នុង​គ្រួសារ​របស់​ពួកគេ ។ ស្ត្រី និង​បុរស​មាន​តួនាទីដាច់​ដោយ​ឡែក​ពី​គ្នា​ដូច​ដែល​បាន​ចែង​នៅ​ក្នុង « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » ប៉ុន្តែ​តម្លៃ និង​សារៈសំខាន់​នៃ​ការ​ទទួល​ខុស​ត្រូវ​របស់​ពួកគេ​គឺ​ស្នើ​គ្នា ។ ពួកគេ​មាន​អំណាច​ស្នើ​គ្នា​ដើម្បី​ទទួល​វិវរណៈ​សម្រាប់​គ្រួសារ​របស់​ពួកគេ ។ នៅពេល​ពួកគេ​ធ្វើ​ការ​រួម​គ្នា​ដោយ​សេចក្ដី​ស្រឡាញ់ និង​សេចក្ដី​សុចរិត នោះ​ការ​សម្រេច​ចិត្ត​​របស់​ពួកគេត្រូវ​បាន​ប្រទាន​ពរ​ពី​សួគ៌ា ។

អ្នក​ដែល​ស្វែង​រក​ចង់​ដឹង​ពី​ព្រះទ័យ​របស់​ព្រះអម្ចាស់​ក្នុង​នាម​បុគ្គល​ម្នាក់ៗ និង​សម្រាប់​ក្រុម​គ្រួសារ​របស់​ពួកគេ​ត្រូវ​តែ​ខិតខំ​ស្វែង​រក​សេចក្ដី​សុចរិត ភាព​ស្លូត​បូត សន្តាន​ចិត្ត​ល្អ និង​សេចក្ដី​ស្រឡាញ់ ។ ភាព​រាប​សា និង​សេចក្ដីស្រឡាញ់​​​បង្ហាញ​ពី​បុគ្គលិក​លក្ខណៈ​របស់​អ្នក​ដែល​ស្វែង​រក​ព្រះទ័យ​របស់​ព្រះអម្ចាស់ ជាពិសេស​សម្រាប់​ក្រុម​គ្រួសារ​របស់​ពួកគេ ។

ការ​ធ្វើ​ឲ្យ​ខ្លួន​ឯង​បាន​ល្អ​ឥត​ខ្ចោះ ការ​ធ្វើ​ឲ្យ​ខ្លួន​ឯង​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​សម្រាប់​ពរជ័យ​នៃ​សេចក្ដី​សញ្ញា និង​ការ​រៀបចំ​ខ្លួន​ដើម្បី​ជួប​ព្រះ​គឺជា​ការ​ទទួល​ខុស​ត្រូវ​របស់​បុគ្គល​ម្នាក់ៗ ។ យើង​ចាំបាច់​ត្រូវ​មាន​ភាព​ខ្លួន​ទីពឹង​ខ្លួន ហើយ​ប្រព្រឹត្តអ្វីៗ​ជាច្រើន​ដើម្បី​ធ្វើ​ឲ្យ​គេហដ្ឋាន​របស់​យើង​ក្លាយ​ជា​ទីជ្រកកោន​ពី​ព្យុះ​សង្ឃរាដែល​ហ៊ុមព័ទ្ធ​យើង និង​ជា​ទីបរិសុទ្ធ​នៃ​សេចក្ដីជំនឿ ។ ឪពុកម្តាយ​មាន​ការទទួល​ខុសត្រូវ​​ក្នុង​ការបង្រៀន​ដល់​កូនៗ​របស់​ពួកគេដោយ​សេចក្ដី​ស្រឡាញ់ ។ គេហដ្ឋាន​ដែល​ពេញ​ដោយ​សេចក្ដី​ស្រឡាញ់​គឺជា​អំណរ ភាពរីករាយ និង​ជា​​ស្ថានសួគ៌​នៅ​លើ​ផែនដី ។

ទំនុក​តម្កើង​ដែល​ម្ដាយ​របស់​ខ្ញុំ​ចូល​ចិត្ត​គឺ​បទ « សេចក្តី​ស្រឡាញ់​នៅ​ក្នុង​ផ្ទះ » ។ នៅពេល​គាត់​ឮឃ្លាដំបូង ​« មាន​លម្អ​នៅ​ព័ទ្ធ​ជុំវិញ​កាល​ស្រឡាញ់​ក្នុង​ផ្ទះ » នោះ​វា​បាន​ប៉ះពាល់​​ដួង​ចិត្ត​គាត់​ ហើយ​ក៏​ស្រក់​ទឹក​ភ្នែក ។ ក្នុង​នាម​ជា​កូនចៅ យើង​ដឹង​ថា យើង​បាន​រស់​នៅ​ក្នុង​គេហដ្ឋាន​មួយ​បែប​នេះ វាគឺជា​អាទិភាព​ដ៏​ខ្ពស់​បំផុត​មួយ​របស់​គាត់ ។

បន្ថែម​ពី​លើការលើក​ទឹកចិត្ត​ឲ្យ​មាន​​បរិយាកាស​ដ៏​គួរ​ឲ្យ​ស្រឡាញ់​មួយ​នៅ​ក្នុង​គេហដ្ឋាន ប្រធាន ណិលសុន បាន​ផ្ដោត​លើ​ការ​កំណត់ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយដែល​បង្អាក់​គោល​បំណង​ចម្បង​​របស់​យើង ។ ការ​កែ​សម្រួល​មួយ​ដែល​នឹង​ផ្ដល់​ជា​ប្រយោជន៍ស្ទើរ​តែ​ដល់​គ្រប់​គ្រួសារ​គឺ ត្រូវ​​ធ្វើ​ឲ្យ​អ៊ិនធើរណែត ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម និង​ទូរទស្សន៍​ក្លាយ​ជា​អ្នក​បម្រើ ជំនួស​ឲ្យ​​ការ​រំខាន កាន់​តែ​អាក្រក់​ជាង​នេះ​ទៀត គឺ​ជា​ចៅហ្វាយ ។ វា​ជា​សង្គ្រាម​​សម្រាប់​ព្រលឹង​ទាំងអស់ ជាពិសេស​កូនៗ ដែល​ជារឿយៗ​​​នៅក្នុង​គេហដ្ឋាន ។ ក្នុងនាម​ជា​ឪពុក​ម្ដាយ​ យើង​ចាំបាច់​ត្រូវ​ប្រាកដ​ថា មាតិកា​ប្រព័ន្ធផ្សព្វផ្សាយ​គឺ​​​ល្អ សមរម្យ​តាម​អាយុ ហើយ​ស្រប​តាម​បរិយាកាស​គួរ​ឲ្យ​ស្រឡាញ់​ដែល​យើង​កំពុង​ព្យាយាម​បង្កើត ។

ការ​បង្រៀន​នៅ​ក្នុង​គេហដ្ឋាន​រ​បស់​យើង​ចាំបាច់​ត្រូវ​មាន​ភាព​ច្បាស់​លាស់ ហើយលើក​ទឹក​ចិត្ត ប៉ុន្តែ​ក៏​ត្រូវ​មាន​ខាង​វិញ្ញាណ ភាពរីករាយ និង​ពេញ​ដោយ​សេចក្ដី​ស្រឡាញ់​ផង​ដែរ ។

ខ្ញុំ​សូម​សន្យា​ថា នៅពេល​យើង​ផ្ដោត​លើ​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះអង្គ​ស​ង្គ្រោះ និង​ដង្វាយ​ធួន​របស់​ទ្រង់ ធ្វើ​ឲ្យ​ទ្រង់​ជា​ផ្នែក​ដ៏​សំខាន់​នៃ​កិច្ច​ខិតខំ​របស់​យើង​ដើម្បី​ប្រមូល​ផ្ដុំ​អ៊ីស្រាអែល​ទាំង​សង​ខាង​នៃ​វាំង​នន ធ្វើ​ការ​ងារ​បម្រើ​ដល់​មនុស្ស​ដទៃ ហើយ​រៀបចំ​បុគ្គល​ម្នាក់ៗ​ដើម្បី​ជួប​ព្រះ នោះ​ឥទ្ធិពល​នៃ​មារ​សត្រូវ​នឹង​រលាយ​បាត់ ហើយ​អំណរ ភាព​រីករាយ និង​សេចក្ដី​សុខសាន្ត​នឹង​ធ្វើ​ឲ្យ​គេហដ្ឋាន​របស់​យើង​​បាន​បរិសុទ្ធ​ដោយ​សេចក្ដី​ស្រឡាញ់​ដូចជា​ព្រះគ្រីស្ទ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល​ពី​ការសន្យា​ខាង​គោលលទ្ធិ​ទាំងនេះ ហើយ​ថ្លែង​សាក្សី​ដ៏​មុតមាំ​​​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ពលិកម្មដ៏​ធួន​របស់​ទ្រង់​ដើម្បី​ជា​ប្រយោជន៍​ដល់​យើង នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤:១, ៥ ។

  2. មរ៉ូណៃ ៧: ៤៧ ។

  3. សូមមើល « Charity and Love » ប្រកាស​ដំណឹង​ល្អ​របស់​យើង ៖ មគ្គុទេសន៍​ចំពោះ​ការបម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា, បោះពុម្ព​កំណែថ្មី ។ ( ឆ្នាំ ២០១៩ ) ទំព័រ ១២៤ ។

  4. សូមមើល ចោទិយកថា ៦:៥, ម៉ាថាយ ២២:៣៦–៤០ ។

  5. សូមមើល សេចក្ដីជូន​ដំណឹង​ស្ដីពី « ​ការ​ទទួល​ខុស​ត្រូវ​របស់​គណៈប្រធាន​កូរ៉ុម​អែលឌើរ និង​គណៈប្រធាន​សមាគម​សង្គ្រោះ​នៅ​ក្នុង​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​របស់​សមាជិក ព្រមទាំង​កិច្ចការ​ពង្ស​ប្រវត្តិ និង​ព្រះវិហារ​បរិសុទ្ធ » ចុះ​ថ្ងៃ​ទី ៦ ខែ​ តុលា ឆ្នាំ ២០១៨ ។

  6. ជីតា​របស់​ខ្ញុំ​ត្រូវ​បាន​ផ្ដល់​សិទ្ធិ​ឲ្យ​ដើម្បី​ផ្ដល់​ពរ​របស់​លោកអយ្យកោ​ដល់​ចៅ​ដែល​រស់នៅ​ក្នុង​ស្តេក​ផ្សេងៗ ។ ខ្ញុំ​បាន​ទទួល​ពរលោក​អយ្យកោ​នៅ​កាល​ខ្ញុំ​មាន​អាយុ ១១ ឆ្នាំ ដោយសារ​គាត់​មា​នជំងឺ ហើយ​គិត​ថា គាត់​អាច​នឹងទទួល​មរណភាព ។

  7. ពរជ័យ​អយ្យកោ​ត្រូវ​បាន​ផ្ដល់​ឲ្យ​ទៅ ឃ្វីនថិន អិល ឃុក ដោយ​អយ្យកោ​ឈ្មោះ ក្រូស្សើរ ឃឹមបឹល ថ្ងៃទី ១៣ ខែ​ តុលា ឆ្នាំ ១៩៥១ ទីក្រុង ត្រាបភើរ រដ្ឋ យូថាហ៍ ។

  8. ប្រធាន អ័រ វ៉េន សូត ក៏​បាន​បម្រើ​ជាមួយ​នឹង​ភរិយា​រ​បស់​លោក ឈ្មោះ ឡ័រណា ក្នុង​បេសកកម្ម​ជាច្រើន​ផង​ដែរ​ដូចជា សៀងហៃ ប្រទេស​ចិន, ប្រទេស​អាមេនី, ប្រទេស​សិង្ហបូរី និង​ប្រទេស​ក្រិក ។ បន្ទាប់ពី ឡ័រណា បានទទួ​ល​មរណភាព លោក​បាន​រៀបការ​នឹង រៀ មែ រូស្វ័ល ហើយ​ពួក​លោក​បាន​បម្រើ​ក្នុង​បេសកកម្ម​ប្រ៊ីសប៊េន អូស្ត្រាលី ។ កូន​របស់​លោក​ប្រាំពីរ​នាក់​ក្នុង​ចំណោម​ប្រាំបួន​នាក់​បាន​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង ។ រយៈពេល​ពីរ​ឆ្នាំ​ដែល​លោក​បាន​បម្រើ​ជា​ប្រធាន​បេសកកម្ម​នៅ​ប្រទេស​សាម័រ អែលឌើរ ចន អេច ហ្គូ្រប៊ើហ្គ បាន​បម្រើ​ជា​ប្រធាន​បេសកកម្ម​នៅ​ប្រទេស​តុងហ្គា ។ បទពិសោធន៍​ដែល​លោក​ទាំង​ពីរ​មាន​គឺ​រឿង​ដ៏​អស្ចារ្យ ។

  9. អូតូ ហាលិក គឺជា​អ្នក​ដឹកនាំ​មួយ​រូប​នៅ​ក្នុង​ក្រុម​ជំនុំ​គ្រីស្ទាន​នៃ​ព្រះវិហារ​ប្រទេស​សាម័រ ដែល​មាន​ឫស​គល់​មក​ពី​សង្គម​អ្នកផ្សព្វផ្សាយ​សាសនា​ក្រុង​ឡុងដ៏ ។ ឪពុក​របស់​គាត់​មាន​ដើម​កំណើត​ជា​ជនជាតិ​អាល្លឺម៉ង់​មក​ពី​ឌេស​សោ ប្រទេស​អាល្លឺម៉ង់ ។

  10. ប្រធាន ដន អេជ ស្តេហេលី បច្ចុប្បន្ន​នេះ​កំពុង​បម្រើ​ជា​ប្រធាន​ព្រះវិហារ​បរិសុទ្ធ ​បោនធីហ្វល​ យូថាហ៍ ។

  11. ប្រធាន ហ្គរដុន ប៊ី និង​ស៊ិស្ទើរ ម៉ាចូរី ភី ហ៊ិងគ្លី ព្រមទាំង​កូន​ស្រី​របស់​ពួក​លោក ឈ្មោះ ជេន ហ៊ិងគ្លី ដាត់លី, អែលឌើរ ជេហ្វ្រី អ័រ និង​ស៊ិស្ទើរ ប៉ាទ្រីស្យ៉ា ធី ហូឡិន, អែលឌើរ ឃ្វីនថិន អិល និង​ស៊ិស្ទើរ ម៉ារី ជេ ឃុក ព្រមទាំង​បងប្រុស ដន អេច ស្តេហេលី មាន​វត្តមាន​នៅ​ពេល​នោះ ។

  12. អែលឌើរ អូ វីនសិន ហាលិក ប្រាប់​ខ្ញុំ​ថា ឪពុក​របស់​លោក​បាន​អញ្ជើញ វីនសិន និង​ប្អូន​របស់​លោក ដេវីឌ ឲ្យ​ត្រឡប់​ពីប្រទេស​ក្រៅ​មក​ត្រួត​ពិនិត្យ​ផ្ទះ​របស់​ពួកគេ ហើយ​នៅ​ទីនោះ​សម្រាប់​ទស្សនកិច្ច​របស់​ប្រធាន​ហ៊ិងគ្លី ។ អែលឌើរ ហាលិក បាន​និយាយ​ថា ឪពុក​របស់​គាត់​បាន​ប្រកាស​ថា « កូន​ដឹង​ទេ ពួកគាត់​អាច​ជា​ពួក​ទេវតា​ក៏​ថា​បាន​ដែរ » ។ គាត់​បាន​ប្រាប់​ពួក​កូន​ប្រុស​រ​បស់​គាត់​ថា បើ​ពួកគេ​ចង់​ទទួល​ស្វាគមន៍​ព្យាការី ពួកគេ​ត្រូវ​រៀប​ចំ​ផ្ទះ​ឲ្យ​បាន​ល្អ​ឥត​ខ្ចោះ ។

  13. ប្រធាន ហ៊ីងគ្លី បាន​ស្វាគមន៍​ដោយ​ថ្នាក់ដឹកនាំ​ជាតិ​របស់​ប្រទេស​សាម័រ​អាមេរិក និង​ប្រជាជន​សាម័រ​រាប់​ពាន់​នាក់​នៅ​ឯ​ពហុកីឡាដ្ឋាន​បាល់​ទាត់ ។

  14. ការ​បង្រួប​បង្រួម​ក្រុម​គ្រួសារ​តាមរយៈ​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​ដ៏​ឧស្សាហ៍​គឺជា​បុគ្គលិក​លក្ខណៈ​ដ៏​ប្រពៃ​មួយ​របស់​ប្រជាជន​សាម័រ និង​ប្រជាជន​នៅ​តំបន់កោះ​ប៉ូលី​នេស៊ី​​ផ្សេង​ទៀត ។

  15. ប្រធាន សូត ត្រូវបាន​គ្រួសារ​ហាលិក​​ពេញចិត្ត ហើយ​ស្រឡាញ់​យ៉ាង​ខ្លាំង​ រហូត​ដល់​​លោក​ត្រូវបាន​អញ្ជើញ​ឲ្យ​ឡើង​និយាយ​នៅ​ពិធី​បុណ្យ​សព​របស់​អូតូ ហាលិក​នៅ​ឆ្នាំ ២០០៦ ។

  16. « ពេល​ខ្លះ យើង​ប្រហែល​ជា​ចាប់ផ្ដើម​បម្រើ​ដោយ​អារម្មណ៍​នៃ​កាតព្វកិច្ច ឬ​ការ​ទទួល​ខុសត្រូវ ប៉ុន្តែ​ទោះ​ជា​យ៉ាង​នោះ​ក្ដី ការ​បម្រើ​នោះ​អាច​ដឹកនាំ​យើង​ឲ្យ​ខិតជិត​អ្វី​មួយ​ដែល​ខ្ពស់​ជាង … ដើម្បី​បម្រើ​នៅ​ក្នុង ‹ ផ្លូវ​១​ដ៏​ប្រសើរ​លើស​លែង​ទៅ​ទៀត › [ កូរិនថូស​ទី ១ ១២:៣១ ] » ( ចយ ឌី ចូនស៍ « For Him » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៥០ ) ។

  17. សូម​មើល ថាត អរ ខាលីស្ទើរ The Infinite Atonement ( ឆ្នាំ​ ២០០០ ) ទំព័រ ៥–៨ ។

  18. សមាជិក​សាសនាចក្រ​គួរ​សហការ​ជាមួយ​នឹង​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា នៅពេល​ណា​ពួកគេ​នឹង​ធ្វើ​ការ​អញ្ជើញ​នានា ។

  19. រ័សុល អិម ណិលសុន « ការចូលរួម​របស់​បងប្អូន​ស្រី​នៅ​ក្នុង​ការប្រមូលផ្ដុំ​សាសន៍​អ៊ីស្រាអែល «​ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៧០ ។

  20. របាយការណ៍ដោយ ប្រធាន ប៊ី ចាកសិន និង​ស៊ិស្ទើរ រ៉ូសម៉ារី អិម វិកស្សុម ជា​ប្រធាន និង​ភរិយា​ប្រធាន​ព្រះវិហារ​បរិសុទ្ធ​សលត៍ លេក រាយការ​​ទៅ​កាន់​គណៈប្រធាន​អង្គការ​បឋម​សិក្សា​ទូទៅ​នៅ​ខែ​ មីនា ឆ្នាំ ​២០១៩ ។ គ្រួសារវិកស្សុម​បាន​កត់​សម្គាល់​ឃើញ​ថា ពួកលោក​« កំពុង​បញ្ជា​ទិញ​ខោ​អាវ​សម្រាប់​ពិធី​បុណ្យ​ជ្រមុជទឹក​​ជាច្រើន​ដែល​មាន​ទំហំ XXXS ដើម្បី​បំពេញ​តាម​តម្រូវការ ! »

  21. សូមមើល រ័សុល អិម ណិលសុន « Opening Remarks » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៦–៨ ។

  22. សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣១:១–៤ ។

  23. សូមមើល « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » Liahona ខែ​ ឧសភា ឆ្នាំ ២០១៧ ទំព័រ ១៤៥ ។

  24. « គ្រប់​ឪពុក​គឺ​ជា​អយ្យកោ​នៃ​គ្រួសារ​របស់​គាត់ ហើយ​គ្រប់​ម្ដាយ​គឺជា​មតេយ្យកា ជា​ដៃគូ​ស្មើ​គ្នា​នៅ​ក្នុង​តួនាទី​ជា​ឪពុក​ម្ដាយ​ផ្សេងគ្នា » ( ជេម អ៊ី ហ្វោស្ដ៍ « The Prophetic Voice » Ensign ខែ ​ឧសភា ឆ្នាំ ១៩៩៦ ទំព័រ ៦ ) ។

  25. សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៥:២៦–២៧, ៨៨:៩១ ។

  26. រ័សុល អិម ណិលសុន ​« Becoming Exemplary Latter-day Saints » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ១១៣ ។

  27. សូមមើល « ផ្ទះ​ជា​ស្ថានសួគ៌​លើ​ផែនដី » ទំនុក​តម្កើង ល.រ. ១៨៥ ។

  28. « សេចក្ដីស្រឡាញ់​ក្នុង​ផ្ទះ » ទំនុក​តម្កើង ល.រ. ១៨២ ។

  29. ប្រសិន​បើ​សេចក្ដី​ស្រឡាញ់​បែប​នេះ​អាច​សម្រេច​ទៅបាន នោះការ​ណែនាំ​នៅ​ក្នុង គោលលទ្ធិ និង​ សេចក្ដី​សញ្ញា ១២១:៤១–៤២ គួរ​តែ​ជា​គោលដៅ ៖

    « គ្មានអំណាច ឬឥទ្ធិពលណាអាច ឬ​គប្បី​កាន់​កាប់​ដោយសារបព្វជិតភាពបានឡើយ លើកលែងតែ​ដោយ​ការលួងលោម ដោយការអត់ធ្មត់ ដោយ​ការទន់ភ្លន់ និងការស្លូតបូត និង​ដោយ​ការស្រឡាញ់​ស្មោះត្រង់ប៉ុណ្ណោះ

    ដោយចិត្តល្អ និងដោយការចេះដឹងពេញទី ដែលនឹងពង្រីកព្រលឹងឲ្យធំទូលំទូលាយ ដោយឥតលាក់ពុត និងដោយឥតមានឧបាយកលឡើយ » ។

    ការ​រិះគន់​ពុំ​ត្រឹមត្រូវ​ចំពោះ​កុមារ​គួរ​តែ​ត្រូវ​ចៀសវាង ។ ការ​យក​ឈ្នះ​កំហុស និង​ការ​ខ្វះ​ប្រាជ្ញា​តម្រូវ​ឲ្យ​មាន​ការណែនាំ ពុំ​មែន​ការ​រិះគន់​ទេ ។ អំពើ​បាប​តម្រូវ​ឲ្យ​មាន​ការ​ផ្ចាញ់​ផ្ចាល ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ​ ១:២៥–២៧ ) ។

  30. សូម​មើល រ័សុល អិម ណិលសុន « Sisters’ Participation in the Gathering of Israel » ទំព័រ ៦៩, សូម​មើល​ផងដែរ រ័សុល អិម ណិលសុន « Hope of Israel » ការ​ប្រជុំ​ធម្មនិដ្ឋាន​សម្រាប់​យុវវ័យ​ទូទាំង​ពិភពលោក ថ្ងៃ​ទី ៣ ខែ មិថុនា ឆ្នាំ ២០១៨ ) គេហទំព័រ HopeofIsrael.ChurchofJesusChrist.org ។

  31. ក្នុង​ន័យ​នេះ ​គេហដ្ឋានប្រៀប​បាន​នឹង​សាលា​រៀន​មួយ​ដែល​មាន​​បន្ទប់​តែ​មួយ​សម្រាប់​កុមារ​គ្រប់​វ័យ ។ នៅពេល​បង្រៀន​កុមារ​អាយុ ១១ ឆ្នាំ យើង​ពុំ​អាច​មិន​អើពើ​នឹង​កុមារ​អាយុ ៣ ឆ្នាំ​បាន​ឡើយ ។

  32. សូមមើល យ៉ូហាន ១៧:៣, នីហ្វៃទី ២ ៣១:២០, មរ៉ូណៃ ៧:៤៧ ។