តើការណ៍នេះនឹងដឹកនាំទៅឯណា ?
យើងធ្វើការជ្រើសរើស ឬការសម្រេចចិត្តកាន់តែប្រសើរ ប្រសិនបើយើងក្រឡេកមើលទៅជម្រើសជំនួស ហើយពិចារណាថា តើវានឹងដឹកនាំទៅណា ។
ដំណឹងល្អដែលបានស្ដារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ លើកទឹកចិត្តយើងឲ្យគិតអំពីអនាគត ។ វាពន្យល់អំពីគោលបំណងនៃជីវិតរមែងស្លាប់ និងភាពពិតនៃជីវិតដើម្បីធ្វើតាម ។ វាបង្រៀននូវគំនិតដ៏អស្ចារ្យអំពីអនាគតដើម្បីដឹកនាំសកម្មភាពរបស់យើងសព្វថ្ងៃនេះ ។
ផ្ទុយទៅវិញ យើងទាំងអស់គ្នាស្គាល់មនុស្សដែលបារម្ភតែពីបច្ចុប្បន្នកាល ៖ ចំណាយនៅថ្ងៃនេះ រីករាយនៅថ្ងៃនេះ ហើយពុំគិតអំពីអនាគត ។
បច្ចុប្បន្នកាល និងអនាគតកាលរបស់យើងនឹងកាន់តែសប្បាយរីករាយ បើយើងគិតពីអនាគតជានិច្ច ។ នៅពេលយើងធ្វើការសម្រេចចិត្តបច្ចុប្បន្ន យើងគួរតែសួរជានិច្ចថា « តើការណ៍នេះនឹងនាំទៅឯណា ? »
I.
ការសម្រេចចិត្តខ្លះ គឺជាជម្រើសរវាងការធ្វើអ្វីមួយ ឬការមិនធ្វើអ្វីសោះ ។ ខ្ញុំបានស្ដាប់ឮឧទាហរណ៍នៃជម្រើសប្រភេទនេះនៅសន្និសីទស្តេកមួយនៅរដ្ឋយូថាហ៍ជាច្រើនឆ្នាំកន្លងទៅ ។
ទីតាំងគឺស្ថិតនៅបរិវេណសាកលវិទ្យាល័យដ៏ស្រស់ស្អាតមួយ ។ និស្សិតវ័យក្មេងមួយក្រុមអង្គុយនៅលើស្មៅ ។ អ្នកនិយាយដែលពិពណ៌នាអំពីស្ថានភាពនេះបាននិយាយថា ពួកគេមើលសត្វកំប្រុកដ៏ស្អាតមួយដែលមានកន្ទុយសំព្រោងធំ កំពុងលេងនៅគល់ឈើខ្លឹមដ៏ស្រស់ស្អាតមួយ ។ ពេលខ្លះវាលោតលើដី ពេលខ្លះលោតចុះឡើងលើមែកឈើ ។ ប៉ុន្តែហេតុអ្វីក៏ទិដ្ឋភាពសាមញ្ញនោះទាក់ទាញដល់ក្រុមនិស្សិត ?
មានសត្វឆ្កែមួយក្បាលក្រាបនៅលើស្មៅក្បែរនោះ ។ វាជាចំណុចចាប់អារម្មណ៍របស់និស្សិត ហើយសត្វកំប្រុក គឺជាចំណាប់អារម្មណ៍របស់ឆ្កែនោះ ។ រាល់ពេលដែលសត្វកំប្រុករត់ឡើងទៅលើដើមឈើផុតកន្ទុយភ្នែកវា ឆ្កែនោះនឹងលូនទៅមុខពីរបីតឹកដោយស្ងាត់ៗ ហើយក្រាបចុះដូចដើមវិញ ។ នេះគឺជាអ្វីដែលធ្វើឲ្យពួកនិស្សិតចាប់អារម្មណ៍ ។ ដោយស្ងាត់ៗ និងមិនកម្រើក ភ្នែករបស់វាបានភ្ជាប់ទៅនឹងព្រឹត្តិការណ៍ដែលចេញលទ្ធផលជាក់ស្ដែងយ៉ាងលឿន ។
ទីបំផុត ឆ្កែនោះបានទៅជិតដើម្បីសង្គ្រប់ខាំសត្វកំប្រុកនោះបាន ។ និស្សិតទាំងអស់រន្ធត់ចិត្ត ហើយបានស្ទុះទៅប្រតាយប្រតប់យកសត្វកំប្រុកតូចនោះចេញពីឆ្កែ ប៉ុន្តែវាហួសពេលទៅហើយ ។ កំប្រុកនោះងាប់បាត់ហើយ ។
មនុស្សគ្រប់រូបដែលនៅក្នុងហ្វូងនោះ អាចព្រមានដល់សត្វកំប្រុកគ្រប់ពេល ដោយគ្រាន់តែក្រវីដៃរបស់ពួកគេ ឬស្រែកបង្អើល ប៉ុន្ដែគ្មាននរណាបានធ្វើឡើយ ។ ពួកគេគ្រាន់តែមើល ខណៈដែលលទ្ធផលចៀសមិនរួចបានខិតមកកាន់តែជិត ។ គ្មាននរណាម្នាក់បានសួរថា « តើការណ៍នេះនឹងនាំទៅឯណា ? » ទេ ។ នៅពេលរឿងដែលប្រមើលទុកនោះបានកើតឡើង មនុស្សគ្រប់គ្នាបានប្រញាប់ទៅរារាំងលទ្ធផល ប៉ុន្តែវាហួសពេលហើយ ។ ទឹកភ្នែកសោកស្ដាយ គឺជាអ្វីដែលពួកគេអាចផ្ដល់ឲ្យ ។
រឿងពិតនោះគឺជារឿងប្រៀបប្រដូចមួយ ។ វាអនុវត្តទៅនឹងអ្វីដែលយើងមើលឃើញក្នុងជីវិតរបស់យើងផ្ទាល់ ព្រមទាំងជីវិត និងស្ថានភាពនានានៅជុំវិញយើង ។ នៅពេលយើងមើលឃើញការគំរាមកំហែងសង្គ្រប់លើបុគ្គល ឬអ្វីដែលយើងស្រឡាញ់ នោះយើងមានជម្រើសដើម្បីនិយាយ ឬធ្វើសកម្មភាព ឬបន្ដនៅស្ងៀម ។ វាល្អដើម្បីសួរខ្លួនយើងថា « តើការណ៍នេះនឹងដឹកនាំទៅឯណា ? » ទីណាដែលលទ្ធផលកើតមានភ្លាមៗ ហើយធ្ងន់ធ្ងរ យើងមិនអាចនៅស្ងៀមបានទេ ។ យើងត្រូវស្រែកព្រមានដោយត្រឹមត្រូវ ឬគាំទ្រដល់ការខិតខំការពារត្រឹមត្រូវ ខណៈនៅមានពេលនៅឡើយនោះ ។
ការសម្រេចចិត្តដែលខ្ញុំទើបតែបានពិពណ៌នានេះទាក់ទងនឹងជម្រើសរវាងការធ្វើសកម្មភាពខ្លះៗ ឬការមិនធ្វើសកម្មភាពសោះតែម្ដង ។ ជាទូទៅនោះគឺជម្រើសរវាងការធ្វើសកម្មភាពមួយ ឬសកម្មភាពផ្សេងទៀត ។ ទាំងនេះរួមមានជម្រើសរវាងការល្អ ឬការអាក្រក់ ប៉ុន្តែកាន់តែញឹកញាប់នោះ វាមានជម្រើសរវាងការល្អទាំងពីរ ។ ត្រង់នេះក៏ត្រូវសួរសំណួរថា តើការណ៍នេះនឹងដឹកនាំទៅឯណាផងដែរ ។ យើងធ្វើការជ្រើសរើសជាច្រើនរវាងវត្ថុពីរ ជាញឹកញាប់ទាក់ទងនឹងរបៀបដែលយើងនឹងចំណាយពេលរបស់យើង ។ វាមិនអាក្រក់ទេដែលលេងវីដេអូហ្គេម ឬផ្ញើសារ ឬមើលទូរទស្សន៍ ឬនិយាយទូរសព្ទនោះ ។ ប៉ុន្តែអ្វីៗទាំងនេះទាក់ទងទៅនឹងអ្វីដែលត្រូវបានហៅថា « ឱកាសដែលត្រូវបោះបង់ » មានន័យថា បើយើងចំណាយពេលធ្វើអ្វីមួយ នោះយើងបាត់បង់ឱកាសទៅធ្វើអ្វីមួយទៀត ។ ខ្ញុំជឿថា បងប្អូនអាចមើលឃើញថា យើងចាំបាច់ត្រូវវាស់វែងឲ្យល្អិតល្អន់អំពីអ្វីដែលយើងកំពុងបាត់បង់ ដោយសារពេលវេលាដែលយើងចំណាយទៅលើសកម្មភាពមួយ ទោះជាវាល្អក្ដី ។
មួយរយៈកន្លងទៅ ខ្ញុំបានថ្លែងសុន្ទរកថាអំពី « ល្អ ល្អប្រសើរ ល្អបំផុត » ។ នៅក្នុងសុន្ទរកថានោះ ខ្ញុំបានថ្លែងថា « គ្រាន់តែជាអ្វីមួយដែល ល្អ វាពុំមែនជាមូលហេតុគ្រប់គ្រាន់ដើម្បីធ្វើវាទេ ។ ចំនួននៃរឿងល្អៗដែលយើងអាចធ្វើមានច្រើនជាងពេលវេលាដែលយើងមានដើម្បីសម្រេចរឿងល្អៗទាំងនោះទៅទៀត ។ មានអ្វីៗជាច្រើនដែលប្រសើរជាងការគ្រាន់តែល្អ ហើយរឿងទាំងនេះគួរតែជារឿងដែលបញ្ជាឲ្យផ្តោតយកចិត្តទុកដាក់ជាចម្បងនៅក្នុងជីវិតរបស់យើង ។… យើងត្រូវលះបង់រឿងល្អៗខ្លះដើម្បីជ្រើសរើសអ្វីផ្សេងទៀតដែលល្អប្រសើរ ឬល្អបំផុត » ។
សូមមើលឲ្យវែងឆ្ងាយ ។ តើមានឥទ្ធិពលអ្វីខ្លះកើតមានចំពោះអនាគតរបស់យើង ដោយសារតែការសម្រេចចិត្តដែលយើងធ្វើនៅក្នុងបច្ចុប្បន្ននេះ ? សូមចាំអំពីសារៈសំខាន់នៃការទទួលការអប់រំ ការសិក្សាដំណឹងល្អ ការរំឭកសេចក្ដីសញ្ញារបស់យើងដោយការទទួលទានសាក្រាម៉ង់ និងការចូលរួមក្នុងព្រះវិហារបរិសុទ្ធ ។
II.
« តើការណ៍នេះនឹងដឹកនាំទៅឯណា ? » ក៏សំខាន់ផងដែរនៅក្នុងការជ្រើសរើសរបៀបដែលយើងកំណត់ ឬគិតអំពីខ្លួនឯង ។ សំខាន់បំផុតនោះ គឺយើងម្នាក់ៗជាបុត្ររបស់ព្រះដែលមានជោគវាសនាដ៏មានសក្ដានុពលមួយសម្រាប់ជីវិតអស់កល្បជានិច្ច ។ ការកំណត់ផ្សេងៗទៀត រួមទាំងមុខរបរ ជាតិសាសន៍ ចរិតលក្ខណៈរាងកាយ ឬកិត្តិយស គឺជារឿងបណ្ដោះអាសន្ន ឬមិនសំខាន់នៅក្នុងភាពអស់កល្បជានិច្ចឡើយ ។ សូមកុំជ្រើសរើសកំណត់ខ្លួនឯង ឬគិតអំពីខ្លួនឯងក្នុងលក្ខខណ្ឌដែលកម្រិតព្រំដែនលើគោលដៅមួយដែលបងប្អូនអាចព្យាយាមនោះឡើយ ។
បងប្អូនប្រុស និងបងប្អូនស្រីដែលមើល ឬអានអ្វីដែលខ្ញុំនិយាយនៅទីនេះ ខ្ញុំសង្ឃឹមថា បងប្អូនដឹងពីហេតុផលដែលថ្នាក់ដឹកនាំរបស់បងប្អូនផ្ដល់ការបង្រៀន និងការទូន្មានដែលយើងផ្ដល់ឲ្យនោះ ។ យើងស្រឡាញ់បងប្អូន ហើយព្រះវរបិតាសួគ៌ និងព្រះរាជបុត្រាទ្រង់ ព្រះយេស៊ូវគ្រីស្ទស្រឡាញ់បងប្អូន ។ ផែនការរបស់ពួកទ្រង់សម្រាប់យើងគឺជា « ផែនការនៃសុភមង្គលដ៏មហិមា » ( អាលម៉ា ៤២:៨ ) ។ ផែនការនោះ ព្រមទាំងបទបញ្ញត្តិ ពិធីបរិសុទ្ធ និងសេចក្ដីសញ្ញារបស់ពួកទ្រង់ដឹកនាំយើងឲ្យមានសុភមង្គល និងអំណរដ៏មហិមាបំផុតនៅក្នុងជីវិតនេះ និងនៅក្នុងជីវិតបរលោកនាយ ។ ក្នុងនាមជាអ្នកបម្រើរបស់ព្រះវរបិតា និងព្រះរាជបុត្រា យើងបង្រៀន និងទូន្មានដោយព្រះវិញ្ញាណបរិសុទ្ធ តាមរយៈការដឹកនាំរបស់ពួកទ្រង់ ។ យើងគ្មានបំណងណាក្រៅពីនិយាយអំពីអ្វីដែលជាការពិត ហើយលើកទឹកចិត្តដល់បងប្អូនឲ្យធ្វើអ្វីដែលពួកទ្រង់បានចែងជាផ្លូវទៅកាន់ជីវិតអស់កល្បជានិច្ច ជា « អំណោយទានដ៏មហិមាបំផុតនូវគ្រប់អំណោយទានទាំងឡាយនៃព្រះ » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ១៤:៧ ) ។
III.
នេះគឺជាឧទាហរណ៍មួយទៀតអំពីឥទ្ធិពលដែលកើតមានចំពោះពេលអនាគត ដោយសារតែការសម្រេចចិត្តដែលបានធ្វើនៅពេលបច្ចុប្បន្ន ។ ឧទាហរណ៍នេះទាក់ទងទៅនឹងជម្រើសដែលត្រូវធ្វើការលះបង់នាពេលបច្ចុប្បន្ននេះ ដើម្បីសម្រេចបានគោលដៅដ៏សំខាន់មួយនាពេលអនាគត ។
នៅក្នុងសន្និសីទស្ដេកមួយនៅ ខាលី កូឡុំបៀ មានប្អូនស្រីម្នាក់បានប្រាប់អំពីរបៀបដែលនាង និងគូដណ្ដឹងរបស់នាងមានបំណងប្រាថ្នាចង់រៀបការនៅក្នុងព្រះវិហារបរិសុទ្ធ ប៉ុន្តែកាលនោះព្រះវិហារបរិសុទ្ធនៅជិតបំផុតគឺនៅប្រទេសពេរ៉ូ ។ ពួកគេបានសន្សំប្រាក់សម្រាប់ថ្លៃឈ្នួលឡានក្រុងអស់រយៈពេលជាយូរ ។ ទីបំផុត ពួកគេបានឡើងឡានក្រុងទៅកាន់ទីក្រុង បូហ្គូតា ប៉ុន្តែនៅពេលពួកគេទៅដល់ទីនោះ ពួកគេបានដឹងថា កៅអីឡានទៅកាន់ទីក្រុងលីម៉ា ប្រទេស ពេរ៉ូ ពុំមានសល់ទេ ។ ពួកគេអាចទៅផ្ទះវិញដោយពុំរៀបការ ឬរៀបការនៅក្រៅព្រះវិហារបរិសុទ្ធ ។ ជាសំណាងល្អ មានជម្រើសមួយទៀត ។ ពួកគេអាចជិះឡានទៅទីក្រុងលីម៉ាបាន បើពួកគេយល់ព្រមអង្គុយផ្ទាល់តាមច្រកដើររយៈពេលប្រាំថ្ងៃប្រាំយប់ ។ ពួកគេជ្រើសរើសធ្វើដូចនោះ ។ នាងបាននិយាយថា វាលំបាក តែពេលខ្លះអ្នកជិះលើឡានមួយចំនួនអនុញ្ញាតឲ្យយើងអង្គុយលើកៅអីរបស់ពួកគេ ដើម្បីពួកគេអាចទម្រេតខ្លួនតាមច្រកដើរនោះ ។
អ្វីដែលធ្វើឲ្យខ្ញុំចាប់អារម្មណ៍ទៅលើការនិយាយរបស់នាងគឺនៅពេលនាងថ្លែងថា នាងមានអំណរគុណដែលនាង និងស្វាមីអាចទៅព្រះវិហារបរិសុទ្ធតាមរបៀបនេះ ដោយសារតែវាផ្លាស់ប្ដូរអារម្មណ៍ដែលពួកគេមានអំពីដំណឹងល្អ និងអំពីអាពាហ៍ពិពាហ៍ក្នុងព្រះវិហារបរិសុទ្ធ ។ ព្រះអម្ចាស់បានប្រទានរង្វាន់ដល់ពួកគេនូវការរីកចម្រើនដែលកើតមានមកពីការលះបង់ ។ នាងក៏បានសង្កេតឃើញថា ការធ្វើដំណើររបស់ពួកគេរយៈពេលប្រាំថ្ងៃទៅកាន់ព្រះវិហារបរិសុទ្ធបានជួយស្ថាបនាជីវភាពខាងវិញ្ញាណរបស់ពួកគេយ៉ាងច្រើនលើសពីការទៅព្រះវិហារបរិសុទ្ធជាច្រើនដងដែលពុំមានការលះបង់ទៅទៀត ។
អស់ជាច្រើនឆ្នាំ ចាប់តាំងពីខ្ញុំបានស្ដាប់ឮទីបន្ទាល់នោះ ខ្ញុំបានងឿងឆ្ងល់ថា តើគូស្វាមីភរិយាវ័យក្មេងនោះនឹងមានភាពខុសប្លែកគ្នាយ៉ាងណា បើពួកគេធ្វើការសម្រេចចិត្តផ្សេង —ដោយពុំបានធ្វើការលះបង់ចាំបាច់ ដើម្បីបានរៀបការនៅព្រះវិហារបរិសុទ្ធនោះ ។
យើងធ្វើការជ្រើសរើសច្រើនរាប់មិនអស់ក្នុងជីវិត ខ្លះធំ ខ្លះតូច ។ បើសញ្ជឹងគិតឡើងវិញ យើងអាចមើលឃើញភាពខុសគ្នាយ៉ាងខ្លាំងដែលជម្រើសមួយចំនួនរបស់យើងបានធ្វើឲ្យកើតឡើងនៅក្នុងជីវិត ។ យើងធ្វើការជ្រើសរើស ឬការសម្រេចចិត្តកាន់តែប្រសើរ ប្រសិនបើយើងក្រឡេកមើលទៅជម្រើសជំនួស ហើយពិចារណាថា តើវានឹងដឹកនាំទៅណា ។ នៅពេលយើងធ្វើដូច្នោះ យើងនឹងធ្វើតាមការប្រឹក្សារបស់ប្រធាន រ័សុល អិម ណិលសុន ឲ្យចាប់ផ្ដើមដោយគិតពីទីបញ្ចប់ ។ ចំពោះយើង ចុងបញ្ចប់គឺតែងតែជាការស្ថិតនៅលើផ្លូវនៃសេចក្ដីសញ្ញាតាមរយៈព្រះវិហារបរិសុទ្ធឆ្ពោះទៅជីវិតដ៏អស់កល្បជានិច្ច ជាអំណោយទានដ៏ធំបំផុតរបស់ព្រះ ។
ខ្ញុំសូមថ្លែងទីបន្ទាល់ពីព្រះយេស៊ូវគ្រីស្ទ និងពីឥទ្ធិពលនៃដង្វាយធួនរបស់ទ្រង់ ព្រមទាំងសេចក្ដីពិតផ្សេងទៀតនៃដំណឹងល្អដ៏អស់កល្បជានិច្ចរបស់ទ្រង់ ក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។