ដូចជាទ្រង់បានធ្វើ
នៅពេលដែលយើងព្យាយាមធ្វើការងារបម្រើ ដូចជាទ្រង់បានធ្វើ យើងនឹងត្រូវបានផ្ដល់នូវឱកាស ដើម្បីបំភ្លេចខ្លួនឯង ហើយលើកស្ទួយអ្នកដទៃ ។
ប្រហែលជា ១៨ ខែកន្លងទៅ នៅរដូវស្លឹកឈើជ្រុះឆ្នាំ ២០១៧ បងប្រុសខ្ញុំ ម៉ែក មានអាយុ ៦៤ ឆ្នាំ ត្រូវបានធ្វើរោគវិនិច្ឆ័យថាមានជម្ងឺមហារីកលំពែង ។ គាត់បានប្រាប់ខ្ញុំថា គាត់បានទទួលពរជ័យបព្វជិតភាពពីគ្រូបង្រៀនតាមផ្ទះរបស់គាត់ ហើយគាត់ក៏បានជួបប៊ីស្សពផងដែរ ។ ក្រោយមកគាត់បានផ្ញើររូបព្រះវិហារបរិសុទ្ធអូកឡេន កាលីហ្វញ៉ាមកខ្ញុំ ដែលគាត់បានថតពីមន្ទីរពេទ្យដែលគាត់ទទួលការព្យាបាល ដោយមានដាក់ចំណងជើងថា « មើលអ្វីដែលបងមើលឃើញពីបន្ទប់មន្ទីរពេទ្យរបស់បង » ។
ខ្ញុំភ្ញាក់ផ្អើលនឹងមតិរបស់គាត់អំពីគ្រូបង្រៀនតាមផ្ទះ ពរជ័យបព្វជិតភាព ប៊ីស្សព និងព្រះវិហារបរិសុទ្ធ ដូចជាខ្ញុំភ្ញាក់ផ្អើលពីមហារីកដែរ ។ បងប្អូនឃើញទេ ម៉ែក ជាសង្ឃនៅក្នុងបព្វជិតភាពអើរ៉ុន ពុំបានចូលរួមព្រះវិហារជាទៀងទាត់អស់ជិត ៥០ឆ្នាំហើយ ។
ក្នុងនាមជាគ្រួសារ យើងចាប់អារម្មណ៍ពីការរីកចម្រើនខាងវិញ្ញាណរបស់គាត់ស្ទើរតែដូចជាការរីកចម្រើននៅក្នុងការតយុទ្ធជាមួយនឹងមហារីកដែរ មួយភាគធំគឺដោយសារតែឥឡូវនេះគាត់មានសំណួរជាញឹកញាប់អំពីព្រះគម្ពីរមរមន អំណាចនៃការផ្សារភ្ជាប់ និងជីវិតបន្ទាប់ពីការស្លាប់ ។ ជាច្រើនខែកន្លងផុតទៅ មហារីកបានរីករាលដាល ទីបំផុត តម្រូវឲ្យ ម៉ែក មកមជ្ឈមណ្ឌលមហារីហាន់មែននៅរដ្ឋយូថាហ៍ ដើម្បីទទួលការព្យាបាលជំនាញបន្ថែម ។
មិនយូរប៉ុន្មានបន្ទាប់ពីគាត់មកដល់ ចន ហូលប្រូក ជាអ្នកដឹកនាំបេសកកម្មវួដដែលបម្រើដល់មណ្ឌលថែទាំជាកន្លែងដែល ម៉ែក កំពុងស្នាក់នៅ បានមកសួរសុខទុក្ខគាត់ ។ ចន បាននិយាយថា « វាច្បាស់ណាស់ចំពោះខ្ញុំថា ម៉ែក ជាបុត្រារបស់ព្រះ » ហើយពួកគេបានបង្កើតចំណងមិត្តភាពភ្លាម ដែលនាំឲ្យ ចន ក្លាយជាបងប្អូនប្រុសផ្ដល់ការងារបម្រើ ក្រៅផ្លូវការ របស់ ម៉ែក ។ មានការអញ្ជើញភ្លាមៗមួយដើម្បីឲ្យពួកអ្នកផ្សព្វផ្សាយសាសនាមកសួរសុខទុក្ខ តែបងប្រុសខ្ញុំបានបដិសេធ ប៉ុន្តែបន្ទាប់ពីចងមិត្តភាពបានមួយខែមក ចន បានសួរម្ដងទៀតដោយពន្យល់ទៅ ម៉ែក ថា « ខ្ញុំគិតថាបងនឹងរីករាយស្ដាប់ដល់សារលិខិតដំណឹងល្អ » ។ ពេលនេះបងខ្ញុំបានទទួលការអញ្ជើញ ដែលនាំទៅរកការជួបពួកអ្នកផ្សព្វផ្សាយសាសនាជាញឹកញាប់ ក៏ដូចជាការសួរសុខទុក្ខពីប៊ីស្សព ចូន ស្សាប ផងដែរ ហើយការសន្ទនាទាំងនោះបាននាំឲ្យ ម៉ែក ទទួលបានពរជ័យលោកអយ្យកោដែលមានរយៈពេល ៥៧ ឆ្នាំបន្ទាប់ពីបុណ្យជ្រមុជទឹករបស់គាត់ ។
នៅដើមខែធ្នូឆ្នាំមុន បន្ទាប់ពីទទួលការព្យាបាលប៉ុន្មានខែមក ម៉ែក បានសម្រេចចិត្តបញ្ឈប់ការព្យាបាលមហារីកដោយដឹងថាគាត់នឹងស្លាប់ ហើយការសម្រេចចិត្តឈប់នេះនាំឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ។ វេជ្ជបណ្ឌិតរបស់គាត់បានប្រាប់យើងថា ម៉ែក មានពេលប្រហែលបីខែដើម្បីរស់នៅ ។ ពេលនោះ សំណួរដំណឹងល្អចេះតែបន្ដ— ក៏ដូចជាការសួរសុខទុក្ខ និងការគាំទ្ររបស់ថ្នាក់ដឹកនាំបព្វជិតភាពក្នុងមូលដ្ឋានរបស់គាត់ ។ ពេលយើងទៅសួរសុខទក្ខ ម៉ែក ជាញឹកញាប់យើងបានឃើញព្រះគម្ពីរមរមននៅលើតុក្បែរគ្រែដែលបើកចំហរ កាលដែលយើងពិភាក្សាពីការស្ដារឡើងវិញនៃដំណឹងល្អ កូនសោបព្វជិតភាព ពិធីបរិសុទ្ធព្រះវិហារបរិសុទ្ធ និងធម្មជាតិដ៏អស់កល្បនៃមនុស្ស ។
មកដល់ត្រឹមពាក់កណ្ដាលខែធ្នូ ដោយមានពរជ័យលោកអយ្យកោក្នុងដៃ នោះ ម៉ែក មានអាការៈរឹងមាំជាងមុន ហើយបានពន្យាពេលក្នុងការរស់នៅបានយ៉ាងហោចណាស់បីខែទៀត ។ យើងថែមទាំងបានរៀបផែនការឲ្យគាត់មកចូលរួមបុណ្យគ្រីស្ទម៉ាស់ ចូលឆ្នាំថ្មី និងកម្មវិធីផ្សេងៗទៀតជាមួយយើង ។ នៅថ្ងៃទី ១៦ ខែ ធ្នូ ខ្ញុំបានទទួលទូរសព្ទមួយដែលពុំបានរំពឹងទុកជាមុនពីប៊ីស្សព ស្សាប ដោយបានប្រាប់ខ្ញុំថា លោក និងប្រធានស្តេកបានសម្ភាស ម៉ែក ហើយបានឃើញថាគាត់មានភាពស័ក្ដិសមនឹងទទួលបព្វជិតភាពមិលគីស្សាដែក ហើយសួរថាពេលណាខ្ញុំមានពេលចូលរួមបាន ។ ពិធីបរិសុទ្ធបានដាក់កាលវិភាគសម្រាប់ថ្ងៃសុក្រ ទី ២១ ខែធ្នូ ។
ពេលថ្ងៃនោះមកដល់ ភរិយាខ្ញុំ ខារ៉ូល និងខ្ញុំ បានមកដល់មណ្ឌលថែទាំ ហើយមានគេមកជួបយើងភ្លាមៗនៅផ្លូវដើរជិតបន្ទប់គាត់ ដោយបានប្រាប់ថា ម៉ែក អត់មានជីបចរទេ ។ ពេលយើងចូលទៅក្នុងបន្ទប់ យើងបានឃើញលោកអយ្យកោ ប៊ីស្សព និងប្រធានស្តេករបស់គាត់រង់ចាំនៅទីនោះ—បន្ទាប់មក ម៉ែក បានបើកភ្នែក ។ គាត់ស្គាល់ខ្ញុំ និងបានទទួលស្គាល់ថា គាត់អាចស្ដាប់ឮខ្ញុំ ហើយបានរៀបចំរួចរាល់ហើយដើម្បីទទួលបព្វជិតភាព ។ ហាសិបឆ្នាំ បន្ទាប់ពី ម៉ែក ត្រូវបានតែងតាំងជាសង្ឃនៅក្នុងបព្វជិតភាពអើរ៉ុន ខ្ញុំបានមានឯកសិទ្ធិផ្ដល់បព្វជិតភាពមិលគីស្សាដែក និងតែងតាំងបងប្រុសខ្ញុំក្នុងមុខតំណែងអែលឌើរ ដោយមានជំនួយពីថ្នាក់ដឹកនាំក្នុងតំបន់របស់គាត់ ។ ប្រាំម៉ោងក្រោយមក ម៉ែក បានទទួលមរណភាព ឆ្លងកាត់វាំងននទៅជួបឪពុកម្ដាយយើងក្នុងនាមជាអ្នកកាន់បព្វជិតភាពមិលគីស្សាដែកមួយរូប ។
កាលពីមួយឆ្នាំមុន ប្រធាន រ័សុល អិម ណិលសុន បានពង្រីកការហៅបម្រើមួយដល់យើងម្នាក់ៗឲ្យថែទាំបងប្អូនប្រុសស្រីតាមរបៀបដែល « កាន់តែខ្ពង់ខ្ពស់ និងកាន់តែបរិសុទ្ធ » មួយ ។ និយាយដល់ព្រះអង្គសង្គ្រោះ ប្រធាន ណិលសុន បានបង្រៀនថា « ដោយសារនេះគឺជាសាសនាចក្ររបស់ទ្រង់ ពួកយើងក្នុងនាមជាអ្នកបម្រើរបស់ទ្រង់នឹងធ្វើការងារបម្រើដល់មនុស្សម្នាក់ៗដូចជាទ្រង់បានធ្វើ ។ ពួកយើងនឹងផ្តល់ការងារបម្រើនៅក្នុងព្រះនាមរបស់ទ្រង់ ដោយព្រះចេស្ដា និងសិទ្ធិអំណាចរបស់ទ្រង់ ហើយដោយសណ្ដានចិត្តល្អដែលពោរពេញដោយក្ដីស្រឡាញ់របស់ទ្រង់ » ។
ក្នុងការឆ្លើយតបដល់ការអញ្ជើញរបស់ព្យាការីរបស់ព្រះ នោះកិច្ចខិតខំដ៏គួរឲ្យកត់សម្គាល់ដើម្បីផ្ដល់ការងារបម្រើដល់មនុស្សម្នាក់ៗបានធ្វើឡើងនៅជុំវិញពិភពលោក នៅក្នុងកិច្ចខិតខំដែលបានសម្របសម្រួលទាំងពីរ គឺក្នុងនាមជាសមាជិកបំពេញការចាត់តាំងនៃការងារបម្រើរបស់ខ្លួនដោយស្មោះត្រង់ ក៏ដូចជាអ្វីដែលខ្ញុំនឹងហៅថា ការងារបម្រើដែល « មិនបានប្រៀងទុក » ដែលមានមនុស្សជាច្រើនបានបង្ហាញសេចក្ដីស្រឡាញ់ដូចព្រះគ្រីស្ទ ក្នុងការឆ្លើយតបដល់ឱកាសដែលមិនបានរំពឹងទុក ។ ក្នុងគ្រួសារយើងផ្ទាល់ យើងបានឃើញយ៉ាងច្បាស់នូវការងារបម្រើប្រភេទនេះ ។
ចន ជាអតីតប្រធានបេសកកម្មមួយរូប ជាមិត្តរបស់ ម៉ែក និងជាបងប្រុសដែលផ្ដល់ការងារបម្រើ ធ្លាប់បានប្រាប់ពួកអ្នកផ្សព្វផ្សាយរបស់គាត់ថា « បើមាននរណាម្នាក់ដែលនៅលើបញ្ជីដែលនិយាយថា ‹ មិនចាប់អារម្មណ៍ › សូមកុំបោះបង់គេចោលឡើយ ។ មនុស្សផ្លាស់ប្ដូរ » ។ បន្ទាប់មកគាត់បានប្រាប់យើងថា « ម៉ែក បានផ្លាស់ប្ដូរខ្លាំងណាស់ » ។ ចន គឺជាមិត្តដំបូង ដែលផ្ដល់ការលើកទឹកចិត្តនិងការគាំទ្រជាញឹកញាប់—ប៉ុន្ដែការងារបម្រើរបស់គាត់ពុំបញ្ឈប់នៅត្រឹមសួរសុខទុក្ខដោយរាក់ទាក់នោះទេ ។ ចន បានដឹងថា ការងារបម្រើមួយគឺមានច្រើនជាងគ្រាន់តែជាមិត្តម្នាក់ ហើយថាមិត្តភាពត្រូវបានពង្រីកពេលយើងធ្វើការងារបម្រើ ។
វាមិនចាំបាច់តែសម្រាប់អ្នកដែលកំពុងរងទុក្ខដោយជំងឺដែលយាយីជីវិត ដូចជាបងប្រុសខ្ញុំនោះទេដែលត្រូវការការងារបម្រើនោះ ។ សេចក្ដីត្រូវការទាំងនោះលេចឡើងជារូបរាង ទំហំ និងលក្ខខណ្ឌខុសៗគ្នា ។ ឪពុក ឬម្ដាយតែឯង គូរស្វាមីភរិយាដែលមិនសូវសកម្ម យុវវ័យដែលកំពុងជួបការលំបាក ម្ដាយដែលមានបន្ទុកច្រើនហួស ការល្បងជំនឿ ឬ ហរិញ្ញវត្ថុ សុខភាព ឬបញ្ហាអាពាហ៍ពិពាហ៍—បញ្ជីគឺស្ទើរតែគ្មានទីបញ្ចប់ ។ ទោះយ៉ាងណា ដូចជាបងប្រុស ម៉ែក របស់ខ្ញុំដែរ គ្មាននរណាម្នាក់ទៅឆ្ងាយហួស ហើយវាមិនដែលយឺតពេលទេសម្រាប់ជំនួយដ៏ពោរពេញដោយក្ដីស្រឡាញ់របស់ព្រះអង្គសង្គ្រោះនោះ ។
យើងត្រូវបានបង្រៀនអំពីគេហទំព័រការងារបម្រើរបស់សាសនាចក្រថា « ខណៈដែលមានគោលបំណងជាច្រើនសម្រាប់ការងារបម្រើ នោះកិច្ចខិតខំរបស់យើងនៅក្នុងការងារបម្រើគួរត្រូវបានដឹកនាំដោយបំណងប្រាថ្នាដើម្បីជួយមនុស្សដទៃទៀតឲ្យសម្រេចបានការប្រែចិត្តជឿផ្ទាល់ខ្លួនមួយដែលកាន់តែស៊ីជម្រៅ ហើយប្រែក្លាយកាន់តែដូចជាព្រះអង្គសង្គ្រោះ » ។ អែលឌើរ នែល អិល អាន់ឌើរសិន បានមានប្រសាសន៍ថ្លែងដូច្នេះថា ៖
មនុស្សម្នាក់ដែលមានចិត្តល្អអាចជួយមនុស្សម្នាក់ប៉ះកង់ឡាន នាំមិត្តរួមថ្នាក់ទៅជួបវេជ្ជបណ្ឌិត ទទួលទានអាហារថ្ងៃត្រង់ជាមួយនឹងមនុស្សម្នាក់ដែលសោកសៅ ឬញញឹម ហើយនិយាយពាក្យសួស្ដីដែលធ្វើឲ្យគាត់មានភាពរីករាយ ។
« ប៉ុន្តែអ្នកធ្វើតាមបទបញ្ញត្តិទីមួយនឹងធ្វើបន្ថែមពីលើសកម្មភាពដ៏សំខាន់នៃការបម្រើទាំងនេះដោយឯកឯង » ។
នៅក្នុងការធ្វើគំរូពីការងារបម្រើរបស់យើងតាមព្រះយេស៊ូវគ្រីស្ទ វាគឺជារឿងដ៏សំខាន់ដែលត្រូវចងចាំថា កិច្ចខិតខំរបស់ទ្រង់ដើម្បីស្រឡាញ់ លើកស្ទួយ បម្រើ ហើយប្រទានពរ មាននូវគោលដៅដ៏ខ្ពស់មួយលើសពីការបំពេញតាមសេចក្ដីត្រូវការភ្លាមៗទៅទៀត ។ ទ្រង់ត្រាស់ដឹងយ៉ាងច្បាស់ពីសេចក្ដីត្រូវការប្រចាំថ្ងៃរបស់ពួកគេ ហើយមានសេចក្ដីមេត្តាករុណាចំពោះការរងទុក្ខបច្ចុប្បន្នរបស់ពួកគេ កាលដែលទ្រង់បានព្យាបាល ផ្ដល់ចំណី អត់ទោស និងបង្រៀន ។ ប៉ុន្តែ ទ្រង់សព្វព្រះទ័យចង់ធ្វើលើសពីការមើលថែនៅថ្ងៃនោះទៅទៀត ។ ទ្រង់មានព្រះទ័យឲ្យមនុស្សដែលនៅជុំវិញទ្រង់ដើរតាមទ្រង់ ហើយឈានទៅដល់សក្ដានុពលរបស់ពួកគេ ។
នៅពេលដែលយើងព្យាយាមធ្វើការងារបម្រើ « ដូចជាទ្រង់បានធ្វើ » យើងនឹងត្រូវបានផ្ដល់នូវឱកាស ដើម្បីបំភ្លេចខ្លួនឯង ហើយលើកស្ទួយអ្នកដទៃ ។ ជាញឹកញាប់ ឱកាសទាំងនេះអាចមានការរអាក់រអួល ការសាកល្បងបំណងប្រាថ្នារបស់យើងក្នុងការក្លាយកាន់តែដូចព្រះអម្ចាស់ ដែលមានការបម្រើដ៏អស្ចារ្យជាងគេទាំងអស់ ដង្វាយធួនដ៏គ្មានទីបញ្ចប់របស់ទ្រង់ គឺមិនងាយស្រួលនោះទេ ។ នៅក្នុងម៉ាថាយ ជំពូក ២៥ យើងត្រូវបានរំឭកពីរបៀបដែលព្រះអម្ចាស់មានព្រះទ័យអំពីយើង ដូចទ្រង់ដែរ គឺពេលយើងងាយយល់ពីការលំបាក ការសាកល្បង និងឧបសគ្គនានាដែលមនុស្សជាច្រើនបានជួប តែជាញឹកញាប់ត្រូវបានមើលរំលង ៖
« ឱពួកអ្នកដែលព្រះវរបិតាយើងបានប្រទានពរអើយ ចូរមកទទួលមរដកចុះ គឺជានគរដែលបានរៀបចំទុកសម្រាប់អ្នករាល់គ្នា តាំងពីកំណើតលោកីយ៍មក ៖
« ពីព្រោះយើងបានឃ្លាន ហើយអ្នករាល់គ្នាបានឲ្យបរិភោគ យើងបានស្រេក ហើយអ្នករាល់គ្នាបានឲ្យផឹក យើងជាអ្នកដទៃ ហើយអ្នករាល់គ្នាបានទទួលយើង ។
« នោះពួកមនុស្សសុចរិតនឹងទូលសួរទ្រង់ថា ព្រះអម្ចាស់អើយ តើយើងខ្ញុំបានឃើញទ្រង់ស្រេកឃ្លាន ហើយបានថ្វាយទ្រង់សោយពីកាលណា ?
« តើយើងខ្ញុំបានឃើញទ្រង់ជាអ្នកដទៃ ហើយបានទទួលទ្រង់ពីកាលណា ? …
« នោះស្តេចនឹងឆ្លើយទៅគេថា យើងប្រាប់អ្នករាល់គ្នាជាប្រាកដថា ដែលអ្នករាល់គ្នាបានធ្វើការទាំងនោះ ដល់អ្នកតូចបំផុតក្នុងពួកបងប្អូនយើងនេះ នោះឈ្មោះថា បានធ្វើដល់យើងដែរ » ។
មិនថាយើងបម្រើក្នុងនាមជាបងប្អូនប្រុសស្រីដែលផ្ដល់ការងារបម្រើ ឬដោយគ្រាន់តែនៅពេលយើងបានដឹងពីតម្រូវការរបស់នរណាម្នាក់នោះទេ យើងត្រូវបានលើកទឹកចិត្តឲ្យស្វែងរកការណែនាំ និងការដឹកនាំពីព្រះវិញ្ញាណ—បន្ទាប់មកធ្វើសកម្មភាព ។ យើងអាចឆ្ងល់ថាតើការបម្រើបែបណាឲ្យបានល្អបំផុត តែព្រះអម្ចាស់ទ្រង់ត្រាស់ដឹង ហើយតាមរយៈព្រះវិញ្ញាណរបស់ទ្រង់ យើងនឹងត្រូវបានដឹកនាំនៅក្នុងកិច្ចខិតខំរបស់យើង ។ ដូចនីហ្វៃដែល « ត្រូវបាននាំទៅដោយព្រះវិញ្ញាណ ដោយមិនដឹងជាមុនសោះឡើយថា តើ [ គាត់ ] នឹងត្រូវធ្វើអ្វីខ្លះ »នោះយើងក៏នឹងត្រូវបានដឹកនាំដោយព្រះវិញ្ញាណ កាលយើងពុះពារប្រែក្លាយជាឧបករណ៍នៅក្នុងព្រះហស្តព្រះអម្ចាស់ដើម្បីផ្ដល់ពរដល់បុត្រទ្រង់ ។ នៅពេលដែលយើងស្វែងរកការណែនាំពីព្រះវិញ្ញាណបរិសុទ្ធ ហើយទុកចិត្តលើព្រះអម្ចាស់ នោះយើងនឹងត្រូវបានដាក់នៅក្នុងកាលៈទេសៈ និងស្ថានភាពផ្សេងៗដែលយើងអាចធ្វើសកម្មភាព និងផ្ដល់ពរ—និយាយម្យ៉ាងទៀតគឺ ការងារបម្រើ ។
មានពេលផ្សេងទៀតដែលយើងដឹងពីតម្រូវការមួយ ប៉ុន្តែមានអារម្មណ៍ថាគ្មានលទ្ធភាពដើម្បីឆ្លើយតប ដោយសន្មត់ថា អ្វីដែលយើងមានដើម្បីផ្ដល់ឲ្យគឺមិនគ្រប់គ្រាន់ទេ ។ ទោះជាយ៉ាងណាដើម្បីធ្វើ « ដូចជាទ្រង់បានធ្វើ »គឺការធ្វើការងារបម្រើដោយផ្ដល់ឲ្យនូវអ្វីដែលយើងមានលទ្ធភាពផ្ដល់ឲ្យ ហើយទុកចិត្តថា ព្រះអម្ចាស់នឹងស្អាងដល់កិច្ចខិតខំរបស់យើងក្នុងការផ្ដល់ពរដល់ « អ្នកធ្វើដំណើររួមជាមួយយើងនៅក្នុងការធ្វើដំណើរក្នុងជីវិតរមែងស្លាប់នេះ » ។ សម្រាប់មនុស្សខ្លះ វាអាចជាការផ្ដល់ឲ្យនូវអំណោយនៃពេលវេលា និងទេពកោសល្យ មនុស្សផ្សេងទៀត វាអាចជាពាក្យល្អៗ ឬជាជំហរមួយដ៏រឹងមាំ ។ ទោះបីយើងអាចមានអារម្មណ៍ថា កិច្ចខិតខំរបស់យើងមិនគ្រប់គ្រាន់ក្ដី ប្រធាន ដាល្លិន អេក អូក បានចែកចាយគោលការណ៍សំខាន់មួយទាក់ទងនឹង « កិច្ចការតូចតាច និងងាយ » ។ លោកបានបង្រៀនថា ទង្វើតូចតាច និងងាយគឺពោរពេញដោយអំណាច ដោយសារវាអញ្ជើញ « ភាពជាដៃគូនៃព្រះវិញ្ញាណបរិសុទ្ធ » ជាដៃគូដែលប្រទានពរដល់ទាំងអ្នកផ្ដល់ និងអ្នកទទួល ។
ដោយដឹងថា គាត់ទទួលមរណភាពក្នុងពេលឆាប់ៗ នោះបងប្រុសខ្ញុំ ម៉ែក បាននិយាយថា « វាអស្ចារ្យណាដែលមហារីកលំពែងអាចធ្វើឲ្យអ្នកផ្តោតទៅលើអ្វីដែលសំខាន់បំផុតនោះ » ។ សូមអរគុណដល់បុរស និងស្ត្រីដ៏អស្ចារ្យទាំងឡាយដែលបានឃើញសេចក្ដីត្រូវការមួយ ពុំបានវិនិច្ឆ័យ ហើយបានផ្ដល់ការងារបម្រើដូចជាព្រះអង្គសង្គ្រោះ វាមិនបានយឺតពេលទេសម្រាប់ ម៉ែក ។ សម្រាប់មនុស្សមួយចំនួន ការផ្លាស់ប្ដូរអាចកើតឡើងភ្លាមៗ សម្រាប់អ្នកផ្សេងទៀតប្រហែលជាកើតឡើងនៅឯម្ខាងទៀតនៃវាំងនន ។ ទោះយ៉ាងណា យើងត្រូវចាំថា វាមិនដែលហួសពេលទេ ហើយគ្មាននរណាម្នាក់បានវង្វេងឆ្ងាយហួសពីផ្លូវ ដែលដង្វាយធួនដ៏ឥតព្រំដែនរបស់ព្រះយេស៊ូវគ្រីស្ទនៅក្នុងពេលវេលា និងវិសាលភាពពុំអាចឈោងដល់នោះឡើយ ។
កាលពីសន្និសីទខែតុលាមុននេះ អែលឌើរ ឌេល ជី រេនឡាន់ បានបង្រៀនថា « មិនថាយើងធ្លាក់ចេញពីផ្លូវនេះយូរប៉ុណ្ណា … នៅគ្រាណាដែលយើងសម្រេចចិត្តដើម្បីផ្លាស់ប្តូរនោះទេ ព្រះជួយយើងឲ្យត្រឡប់មកវិញ » ។ ទោះយ៉ាងណា ការសម្រេចចិត្តដើម្បីផ្លាស់ប្ដូរនោះ ជាញឹកញាប់ជាលទ្ធផលនៃការអញ្ជើញដូចជា « ខ្ញុំគិតថាបងនឹងរីករាយស្ដាប់ដល់សារលិខិតដំណឹងល្អ » ។ ដូចជាវាមិនដែលយឺតពេលហួសសម្រាប់ព្រះអង្គសង្គ្រោះ នោះវាក៏មិនដែលឆាប់ពេកសម្រាប់ពួកយើងធ្វើការអញ្ជើញនោះដែរ ។
ជាថ្មីម្ដងទៀត រដូវកាលបុណ្យអ៊ីស្ទើរនេះ ជាឱកាសដ៏ឱឡារិកមួយដើម្បីសញ្ជឹងគិតពីការពលិកម្មដ៏ធួនធំធេងរបស់ព្រះអង្គសង្គ្រោះរបស់យើងគឺព្រះយេស៊ូវគ្រីស្ទ និងអ្វីដែលទ្រង់បានធ្វើសម្រាប់យើងម្នាក់ៗជាមួយនឹងតម្លៃដ៏មហិមា—ជាតម្លៃមួយដែលទ្រង់ផ្ទាល់បានប្រកាសថា « បណ្ដាលឲ្យ [ ទ្រង់ ] គឺជាព្រះដែលមហិមាលើអ្វីៗទាំងអស់ ត្រូវញ័រដោយសារតែការឈឺចាប់ » ។ ទ្រង់បានថ្លែងថា « ទោះជាយ៉ាងណាក៏ដោយ … យើងបានទទួលទាន និងសម្រេចការរៀបចំរបស់យើងចំពោះកូនចៅមនុស្ស » ។
ខ្ញុំសូមថ្លែងទីបន្ទាល់ថា ដោយសារទ្រង់ « បានបញ្ចប់ » នោះនឹងមានសេចក្ដីសង្ឃឹមជានិច្ច ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។