តើខ្ញុំអាចយល់យ៉ាងដូចម្តេច ?
នៅពេលយើងព្យាយាមរៀនដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទដោយស្មោះស ដោយអស់ពីដួងចិត្ត ដោយរឹងប៉ឹង និងដោយស្មោះត្រង់ ហើយបង្រៀនដំណឹងល្អដល់គ្នាទៅវិញទៅមក នោះ ការបង្រៀននេះ អាចផ្លាស់ប្រែដួងចិត្ត ។
បងប្អូនប្រុសស្រីជាទីស្រឡាញ់ ឱវាជាអំណរមួយដ៏អស្ចារ្យដែលបាននៅទីនេះជាមួយគ្នាម្តងទៀត នៅក្នុងសន្និសីទទូទៅនេះ សម្រាប់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ក្រោមការដឹកនាំរបស់ព្យាការីជាទីស្រឡាញ់របស់យើងគឺប្រធាន រ័សុល អិម ណិលសុន ។ ខ្ញុំសូមថ្លែងទីបន្ទាល់ទៅកាន់បងប្អូនថា យើងនឹងមានឯកសិទ្ធិស្តាប់ព្រះសូរសៀងរបស់ព្រះអង្គសង្គ្រោះយើងគឺព្រះយេស៊ូវគ្រីស្ទ តាមរយៈការបង្រៀនពីអស់អ្នកដែលអធិស្ឋាន ច្រៀង និងថ្លែងពីតម្រូវការចាំបាច់សម្រាប់ជំនាន់របស់យើងក្នុងសន្និសីទនេះ ។
ដូចបានកត់ត្រានៅក្នុងគម្ពីរកិច្ចការ ភីលីពគ្រូផ្សាយដំណឹងល្អបានបង្រៀនដំណឹងល្អដល់សាសន៍អេធីយ៉ូពីម្នាក់ជាមនុស្សកម្រៀវដែលមើលការខុសត្រូវលើទ្រព្យសម្បត្តិទាំងអស់របស់ម្ចាស់ក្សត្រីអេស៊ីភៀន ។ ខណៈពេលត្រឡប់ពីថ្វាយបង្គំនៅក្រុងយេរូសាឡិមវិញ គាត់អានគម្ពីរអេសាយ ។ ដោយបានបំផុសគំនិតពីព្រះវិញ្ញាណ នោះភីលីពបានដើរមកជិតគាត់ រួចសួរថា « តើលោកមើលយល់ឬទេ ?
« បុរស [ កម្រៀវ ] នោះឆ្លើយថា ៖ « បើគ្មាននរណាដឹកនាំខ្ញុំ នោះធ្វើដូចម្តេចឲ្យខ្ញុំយល់បាន ?…
« នោះភីលីពបើកមាត់សម្តែងប្រាប់ដំណឹងល្អពីព្រះយេស៊ូវ ចាប់តាំងពីបទគម្ពីរនោះរៀងទៅ » ។
សំណួរដែលសាសន៍អេធីយ៉ូពីនេះសួរគឺជាការរំឭកមួយអំពីការត្រាស់បង្គាប់ពីព្រះដែលយើងទាំងអស់គ្នាត្រូវស្វែងរកការរៀនសូត្រ និងបង្រៀនគ្នាទៅវិញទៅមកពីដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។ តាមពិតនៅក្នុងបរិបទនៃការរៀនសូត្រ និងការបង្រៀនដំណឹងល្អ យើងពេលខ្លះដូចជា សាសន៍អេធីយ៉ូពី— យើងត្រូវការជំនួយរបស់គ្រូបង្រៀនស្មោះត្រង់ និងបំផុសគំនិត ហើយយើងពេលខ្លះដូចជា ភីលីព— យើងចាំបាច់ត្រូវបង្រៀន និងពង្រឹងការផ្លាស់ប្រែចិត្តជឿរបស់អ្នកដទៃ ។
គោលបំណងរបស់យើងដែលស្វែងរកការរៀនសូត្រ និងបង្រៀនដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ត្រូវតែបង្កើនសេចក្តីជំនឿលើព្រះ និងផែនការនៃសុភមង្គលដ៏ទេវភាពរបស់ទ្រង់ និងទៅលើព្រះយេស៊ូវគ្រីស្ទ ព្រមទាំងពលិកម្មធួនរបស់ទ្រង់ ហើយសម្រេចបាននូវការប្រែចិត្តជឿដ៏យូរអង្វែង ។ ការបង្កើនសេចក្តីជំនឿ និងការប្រែចិត្តជឿបែបនេះនឹងជួយយើងឲ្យចុះ និងរក្សាសេចក្តីសញ្ញាជាមួយព្រះ ធ្វើដូច្នោះនឹងពង្រឹងបំណងប្រាថ្នាយើងដើម្បីធ្វើតាមព្រះយេស៊ូវគ្រីស្ទ ហើយបង្កើតការផ្លាស់ប្តូរខាងវិញ្ញាណដ៏ស្មោះត្រង់មួយនៅក្នុងខ្លួនយើង—និយាយម្យ៉ាងទៀតថា ជាការផ្លាស់ប្តូរយើងឲ្យកើតជាថ្មី ដែលបានបង្រៀនដោយសាវកប៉ុលនៅក្នុងសំបុត្រដែលលោកបានសរសេរទៅពួកកូរិនថូស ។ ការផ្លាស់ប្តូរនេះនឹងនាំឲ្យយើងកាន់តែរីករាយ កាន់តែមានប្រយោជន៍ ហើយមានជីវិតល្អ និងជួយយើងឲ្យរក្សាទស្សនវិស័យអស់កល្បជានិច្ចមួយ ។ តើរឿងនេះពុំកើតឡើងយ៉ាងពិតប្រាកដដល់សាសន៍អេធីយ៉ូពីកម្រៀវនោះ បន្ទាប់ពីគាត់បានរៀនអំពីព្រះអង្គសង្គ្រោះ ហើយបានប្រែចិត្តជឿលើដំណឹងល្អទ្រង់ទេឬអី ? ព្រះគម្ពីរចែងថា គាត់ « ទៅតាមផ្លូវទៅដោយអរសប្បាយ » ។
បទបញ្ញត្តិឲ្យរៀនហើយបង្រៀនដំណឹងល្អដល់គ្នាទៅវិញទៅមកពុំមែនជាបទបញ្ញត្តិថ្មីទេ វាត្រូវបានថ្លែងដដែលៗយ៉ាងខ្ជាប់ខ្ជួនចាប់តាំងពីដើមដំបូងនៃប្រវត្តិសាស្ត្រមនុស្ស ។ នៅគ្រាដ៏ពិសេសមួយ ខណៈដែលម៉ូសេ និងប្រជាជនរបស់លោកនៅក្នុងវាលនៃស្រុកម៉ូអាប់ នៅពីមុនចូលទៅកាន់ដែនដីសន្យា នោះព្រះអម្ចាស់បានបំផុសគំនិតឲ្យលោកដាស់តឿនដល់ប្រជាជនរបស់លោកទាក់ទងនឹងការទទួលខុសត្រូវរបស់ពួកគេ ក្នុងការរៀនច្បាប់ និងសេចក្តីសញ្ញានានា ដែលពួកគេបានទទួលពីព្រះអម្ចាស់ ហើយបង្រៀនច្បាប់ និងសេចក្តីសញ្ញាទាំងនោះដល់ពូជពង្សរបស់ពួកគេ ដែលពូជពង្សរបស់គេជាច្រើននាក់ពុំមានបទពិសោធន៍ផ្ទាល់ក្នុងការឆ្លងកាត់សមុទ្រក្រហម ឬវិវរណៈដែលបានប្រទានឲ្យនៅលើភ្នំស៊ីណាយឡើយ ។
ម៉ូសេបានតាស់តឿនប្រជាជនរបស់លោក ៖
« ឱពួកអ៊ីស្រាអែលអើយ ចូរស្តាប់អស់ទាំងច្បាប់ និងបញ្ញត្តិ ដែលខ្ញុំបង្រៀនដល់ឯងរាល់គ្នា ហើយឲ្យប្រព្រឹត្តតាមចុះ ដើម្បីឲ្យបានរស់នៅ ហើយឲ្យបានចូលទៅទទួលយកស្រុក ដែលព្រះយេហូវ៉ាជាព្រះនៃពួកឰយុកោឯង ទ្រង់ប្រទានមក ។…
…ត្រូវឲ្យឯងប្រាប់ពីការទាំងនោះដល់កូនចៅឯងឲ្យដឹងតរៀងទៅវិញ » ។
ម៉ូសេបានបញ្ចប់ដោយថ្លែងថា « ត្រូវឲ្យឯងរាល់គ្នារក្សាអស់ទាំងបញ្ញត្តិច្បាប់របស់ទ្រង់ ដែលខ្ញុំបង្គាប់ដល់ឯងនៅថ្ងៃនេះ ដើម្បីឲ្យបានសប្បាយ ព្រមទាំងកូនចៅឯងតរៀងទៅផង ហើយឲ្យបានជីវិតយូរអង្វែងតទៅ នៅក្នុងស្រុកដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ប្រទានមកឲ្យឯងបាននៅជាដរាប » ។
ពួកព្យាការីរបស់ព្រះបានណែនាំជាប្រចាំថា យើងត្រូវតែចិញ្ចឹមបីបាច់ក្រុមគ្រួសារយើង « ទៅតាមដំបូន្មាន និងសេចក្តីដាស់តឿនរបស់ព្រះអម្ចាស់ » និងនៅក្នុងពន្លឺ និងសេចក្តីពិត » ។ ថ្មីៗនេះ ប្រធានណិលសុនបានមានប្រសាសន៍ថា « នៅក្នុងជំនាន់ដែលភាពអសីលធម៌ និងការញៀនការណ៍អាសគ្រាមកំពុងរីករាលដាលនេះ ឪពុកម្តាយមានការទទួលខុសត្រូវពិសិដ្ឋមួយ ដើម្បីបង្រៀនកូនៗរបស់ពួកគេអំពីសារៈសំខាន់នៃព្រះ [ និងព្រះយេស៊ូវគ្រីស្ទ ] នៅក្នុងជីវិតរបស់ពួកគេ » ។
បងប្អូនប្រុសស្រី ការព្រមានរបស់ព្យាការីជាទីស្រឡាញ់យើងគឺជាការរំឭកបន្ថែមអំពីការទទួលខុសត្រូវផ្ទាល់របស់យើង ដើម្បីព្យាយាមរៀនសូត្រ និងបង្រៀនក្រុមគ្រួសារយើងថា មានព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ដែលស្រឡាញ់យើង ហើយបានបង្កើតផែនការនៃសុភមង្គលដ៏ទេវភាពសម្រាប់បុត្រាបុត្រីទ្រង់ ថាព្រះយេស៊ូវគ្រីស្ទ បុត្រារបស់ទ្រង់គឺជាព្រះអង្គប្រោសលោះនៃពិភពលោក ហើយថាសេចក្តីសង្គ្រោះកើតមកពីសេចក្តីជំនឿលើព្រះនាមទ្រង់ ។ ជីវិតរបស់យើងត្រូវចាក់ឫសនៅលើសិលានៃព្រះប្រោសលោះរបស់យើងគឺព្រះយេស៊ូវគ្រីស្ទ ដែលអាចជួយយើងម្នាក់ៗ និងក្រុមគ្រួសារយើង ឲ្យមានការបំផុសគំនិតខាងវិញ្ញាណផ្ទាល់ខ្លួនយើង ឆ្លាក់ជាប់ក្នុងចិត្តយើង ដែលជួយយើងឲ្យស៊ូទ្រាំក្នុងសេចក្តីជំនឿរបស់យើង ។
អ្នកអាចនៅចាំថា សិស្សពីរនាក់របស់ យ៉ូហាន បាទីស្ទ បានដើរតាមព្រះយេស៊ូវគ្រីស្ទ បន្ទាប់ពីស្តាប់ឮ យ៉ូហានថ្លែងទីបន្ទាល់ថា ព្រះយេស៊ូវគឺជាកូនចៀមនៃព្រះ ជាព្រះមែស៊ី ។ បុរសល្អទាំងនេះបានទទួលយកការអញ្ជើញរបស់ព្រះយេស៊ូវឲ្យ « មក ហើយមើល » ហើយនៅជាមួយទ្រង់ថ្ងៃនោះ ។ ពួកគេបានដឹងថា ព្រះយេស៊ូវគឺជាព្រះមែស៊ី ព្រះរាជបុត្រានៃព្រះហើយដើរតាមទ្រង់អស់មួយជីវិតរបស់ពួកគេ ។
ដូចគ្នានេះដែរ ពេលយើងទទួលយកការអញ្ជើញរបស់ព្រះអង្គសង្គ្រោះឲ្យ « តាមទៅមើល » នោះយើងត្រូវធ្វើតាមទ្រង់ ស្រាវជ្រាវក្នុងព្រះគម្ពីរ រីករាយនឹងបទគម្ពីរ រៀនគោលលទ្ធិទ្រង់ ហើយព្យាយាមរស់នៅតាមរបៀបដែលទ្រង់បានរស់នៅ ។ មានតែការធ្វើបែបនោះទេ ទើបយើងនឹងស្គាល់ទ្រង់ច្បាស់ ហើយស្គាល់ព្រះសូរសៀងទ្រង់ ដឹងថាពេលយើងមករកទ្រង់ ហើយជឿលើទ្រង់ នោះយើងនឹងមិនឃ្លាន ឬស្រេកទៀតឡើយ ។ យើងនឹងអាចញែកដឹងសេចក្ដីពិតនៅគ្រប់ពេល ដូចបានកើតឡើងចំពោះសិស្សពីរនាក់ដែលនៅជាមួយព្រះយេស៊ូវនៅថ្ងៃនោះ ។
បងប្អូនប្រុសស្រី រឿងនោះពុំកើតឡើងដោយចៃដន្យនោះទេ ។ ចុះចូលខ្លួនយើងទៅនឹងឥទ្ធិពលដ៏ខ្ពស់បំផុតនៃសេចក្ដីល្អ គឺពុំមែនជារឿងសាមញ្ញទេ ប៉ុន្តែតម្រូវឲ្យមានការទូលសូមព្រះ និងការរៀនរបៀបនាំដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទមកក្នុងជីវិតរបស់យើង ។ បើយើងធ្វើដូច្នោះ ខ្ញុំសន្យាថាឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធ នឹងនាំសេចក្ដីពិតមកកាន់ដួងចិត្ត និងគំនិតយើង ហើយនឹងថ្លែងទីបន្ទាល់អំពីសេចក្ដីពិត បង្រៀនរឿងគ្រប់យ៉ាង ។
សំណួររបស់សាសន៍អេធីយ៉ូពីដែលសួរថា « តើខ្ញុំអាច [ យល់ ] យ៉ាងដូចម្តេច បើគ្មាននរណាដឹកនាំខ្ញុំ នោះ ? » ក៏មានអត្ថន័យពិសេសមួយនៅក្នុងបរិបទនៃការទទួលខុសត្រូវរបស់យើងម្នាក់ៗ ដើម្បីអនុវត្តគោលការណ៍នៃដំណឹងល្អដែលយើងបានរៀននៅក្នុងជីវិតយើងផងដែរ ។ ឧទាហរណ៍ ក្នុងករណីរបស់សាសន៍អេធីយ៉ូពីនេះ គាត់បានអនុវត្តតាមសេចក្តីពិតដែលគាត់បានរៀនពីភីលីព ។ គាត់បានសុំជ្រមុជទឹក ។… គាត់បានដឹងថា ព្រះយេស៊ូវគ្រីស្ទគឺជាព្រះរាជបុត្រានៃព្រះ ។
បងប្អូនប្រុសស្រីទាំងឡាយ ទង្វើរបស់យើងត្រូវតែឆ្លុះបញ្ចាំងពីអ្វីដែលយើងរៀន និងបង្រៀន ។ យើងត្រូវបង្ហាញសេចក្តីជំនឿយើងតាមរយៈរបៀបដែលយើងរស់នៅ ។ គ្រូបង្រៀនដ៏ល្អបំផុតនោះគឺការធ្វើជាគំរូល្អ ។ ការបង្រៀនអ្វីមួយដែលយើងពិតជាបានរស់នៅតាម អាចធ្វើឲ្យមានការផ្លាស់ប្តូរក្នុងចិត្តនៃអ្នកដែលយើងបង្រៀន ។ ប្រសិនបើយើងមានបំណងប្រាថ្នាសម្រាប់មនុស្ស ទោះបីជាគ្រួសារ ឬមិនមែនក្តី ដើម្បីរក្សាព្រះគម្ពីរ និងការបង្រៀនរបស់ពួកសាវក និងពួកព្យាការីដែលនៅរស់ដោយអំណរ នោះពួកគេត្រូវមើលឃើញព្រលឹងរបស់យើងរីករាយក្នុងអ្វីៗទាំងនោះ ។ ស្រដៀងគ្នានេះ ប្រសិនបើយើងចង់ឲ្យពួកគេដឹងថា ប្រធាន រ័សុល អិម ណិលសុន គឺជាព្យាការី អ្នកមើលឆុត និងអ្នកទទួលវិវរណៈក្នុងជំនាន់យើង នោះពួកគេត្រូវឃើញថា យើងលើកដៃយើងគាំទ្រលោក ហើយពួកគេដឹងថា យើងធ្វើតាមការបង្រៀនបំផុសគំនិតលោកជាដើម ។ ដូចពាក្យស្លោកអាមេរិកកាំងដ៏ល្បីល្បាញមួយដែលពោលថា « ទង្វើមានឥទ្ធិពលជាងពាក្យសម្តី » ។
ប្រហែលជាបងប្អូនមួយចំនួននៅគ្រានេះសួរខ្លួនឯងថា «អែលឌើរ សូរ៉េស ខ្ញុំបានធ្វើកិច្ចការទាំងនេះ ហើយកំពុងធ្វើតាមគំរូនេះ ទាំងគ្រួសារ និងរៀងៗខ្លួនហើយ ប៉ុន្តែជាអកុសល មិត្ត និងបងប្អូនជាទីស្រឡាញ់មួយចំនួនរបស់ខ្ញុំបានបែរចេញពីព្រះអម្ចាស់ ។ តើខ្ញុំគួរតែធ្វើយ៉ាងដូចម្តេច ? » សម្រាប់អស់អ្នកដែលកំពុងជួបបទពិសោធន៍នៃអារម្មណ៍កើតទុក្ខ ឈឺចាប់ខ្លាំង និងមានវិប្បដិសារី នោះសូមដឹងថា ពួកគេពុំបាត់បង់ទេ ដោយសារព្រះអម្ចាស់ជ្រាបពីកន្លែងដែលពួកគេនៅ ហើយកំពុងមើលថែពួកគេ ។ សូមចាំថា ពួកគេក៏ជាបុត្រាបុត្រីរបស់ព្រះដែរ ។
វាពិបាកដើម្បីយល់ពីមូលហេតុទាំងអស់ ដែលមនុស្សមួយចំនួនបានដើរផ្លូវផ្សេងនោះទេ ។ អ្វីដ៏ល្អបំផុតដែលយើងអាចធ្វើក្នុងកាលៈទេសៈនេះ គឺគ្រាន់តែស្រឡាញ់ ហើយឱបក្រសោបពួកគេ សូមអធិស្ឋានសម្រាប់សុខុមាលភាពពួកគេ ហើយស្វែងរកជំនួយរបស់ព្រះអម្ចាស់ដើម្បីដឹងពីអ្វីដែលត្រូវធ្វើ និងនិយាយ ។ សូមរីករាយដោយស្មោះសរជាមួយពួកគេក្នុងភាពជោគជ័យដែលពួកគេមាន សូមធ្វើជាមិត្តនឹងពួកគេ ហើយសម្លឹងមើលសេចក្តីល្អក្នុងពួកគេ ។ យើងពុំគួរបោះបង់ចោលពួកគេឡើយ ប៉ុន្តែរក្សាទំនាក់ទំនងរបស់យើង ។ សូមកុំបដិសេធ ឬវិនិច្ឆ័យខុសលើពួកគេឡើយ ! គឺគ្រាន់តែស្រឡាញ់ពួកគេ ! រឿងប្រដូចអំពីកូនខ្ជះខ្ជាយបង្រៀនយើងថា ពេលកូនៗដឹងពីស្ថានភាពរបស់ពួកគេ ជារឿយៗពួកគេមានបំណងត្រឡប់មកផ្ទះវិញដោយខ្លួនឯង ។ ប្រសិនបើរឿងនោះកើតឡើងចំពោះមនុស្សជាទីស្រឡាញ់របស់អ្នកមែន សូមឲ្យចិត្តអ្នកពោរពេញដោយសេចក្តីអាណិតអាសូរ រត់ទៅរកពួកគេ ឱបពួកគេ ហើយថើបពួកគេ ដូចជាឪពុករបស់កូនខ្ជះខ្ជាយបានធ្វើ ។
ជាចុងក្រោយ ចូររស់នៅក្នុងជីវិតដែលស័ក្តិសម ចូរធ្វើគំរូល្អចំពោះពួកគេពីអ្វីដែលបងប្អូនជឿ ហើយខិតជិតព្រះអង្គសង្គ្រោះរបស់យើងគឺព្រះយេស៊ូវគ្រីស្ទ ។ ទ្រង់ជ្រាបដឹង ហើយយល់ពីជម្រៅនៃទុក្ខកង្វល់ និងការឈឺចាប់របស់យើង ហើយទ្រង់នឹងប្រទានពរដល់កិច្ចខិតខំ និងការលះបង់របស់បងប្អូនដល់មនុស្សជាទីស្រឡាញ់ ប្រសិនបើមិនបាននៅក្នុងជីវិតនេះទេ ក៏នឹងបាននៅក្នុងជីវិតបន្ទាប់ដែរ ។ បងប្អូនប្រុសស្រី សូមចាំជានិច្ចថា សេចក្តីសង្ឃឹមគឺជាផ្នែកមួយដ៏សំខាន់នៃផែនការដំណឹងល្អ ។
អស់រយៈពេលជាច្រើនឆ្នាំនៃការបម្រើក្នុងសាសនាចក្រ ខ្ញុំបានឃើញសមាជិកស្មោះត្រង់ដែលបានអនុវត្តតាមគោលការណ៍ទាំងនេះដោយខ្ជាប់ខ្ជួននៅក្នុងជីវិតរបស់ពួកគេ ។ នេះគឺជាករណីមួយរបស់ម្តាយទោលម្នាក់ដែលខ្ញុំនឹងហៅថា « ម៉ារី » ។ គួរឲ្យស្តាយណាស់ ម៉ារីបានឆ្លងកាត់ការលះលែងដ៏ជូរចត់មួយ ។ ក្នុងពេលនោះ ម៉ារីបានទទួលស្គាល់ថា ការសម្រេចចិត្តដ៏សំខាន់បំផុតរបស់គាត់ទាក់ទងទៅនឹងគ្រួសារគាត់ជារឿងខាងវិញ្ញាណ ។ តើការអធិស្ឋាន ការសិក្សាព្រះគម្ពីរ ការតមអាហារ និងការទៅព្រះវិហារ និងការចូលរួមព្រះវិហារបរិសុទ្ធនៅតែសំខាន់សម្រាប់គាត់ដែរឬទេ ?
ម៉ារីបានស្មោះត្រង់ជានិច្ច ហើយនៅគ្រាដ៏សំខាន់នោះ គាត់បានសម្រេចចិត្តតោងជាប់នឹងអ្វីដែលគាត់ដឹងថាពិតរួចហើយនោះ ។ គាត់រកបានកម្លាំងនៅក្នុង « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » ដែលបង្រៀននៅក្នុងចំណោមគោលការណ៍ដ៏អស្ចារ្យជាច្រើនទៀតថា ឪពុកម្តាយ មានកាតព្វកិច្ចដ៏ពិសិដ្ឋ ដើម្បីចិញ្ចឹមបីបាច់កូនចៅរបស់ខ្លួន ដោយក្តីស្រឡាញ់ និងសេចក្តីសុចរិត ហើយបង្រៀនពួកគេឲ្យគោរពតាមបទបញ្ញត្តិរបស់ព្រះជានិច្ច ។ គាត់បានស្វែងរកចម្លើយមកពីព្រះអម្ចាស់ជាបន្ដបន្ទាប់ ហើយបានចែកចាយវាជាមួយនឹងកូនៗបួននាក់របស់គាត់នៅគ្រប់ស្ថានភាពគ្រួសារ ។ ពួកគេបានពិភាក្សាអំពីដំណឹងល្អ និងបានចែកចាយបទពិសោធន៍ និងទីបន្ទាល់របស់ពួកគេជាមួយគ្នាជាញឹកញាប់ ។
ទោះបីជាពួកគេបានជួបនឹងទុក្ខសោកក្តី កូនៗរបស់គាត់បានអភិវឌ្ឍសេចក្តីស្រឡាញ់មួយចំពោះដំណឹងល្អរបស់ព្រះគ្រីស្ទ និងមានបំណងប្រាថ្នាមួយដើម្បីបម្រើ ហើយចែកចាយដំណឹងល្អជាមួយមនុស្សដទៃ ។ ពួកគេបីនាក់បានបម្រើបេសកកម្មពេញម៉ោងដោយស្មោះត្រង់ ហើយឥឡូវនេះកូនពៅគេកំពុងបម្រើនៅទ្វីបអាមេរិកខាងត្បូង ។ កូនស្រីច្បងរបស់គាត់ដែលខ្ញុំស្គាល់ច្បាស់ ឥឡូវនេះបានរៀបការ និងមានសេចក្តីជំនឿយ៉ាងរឹងមាំបានចែកចាយថា « ខ្ញុំពុំធ្លាប់គិតថា ម្តាយពួកខ្ញុំចិញ្ចឹមពួកខ្ញុំតែឯងនោះទេ ដោយសារព្រះអម្ចាស់គង់នៅក្នុងផ្ទះរបស់យើងជានិច្ច ។ ហើយពេលគាត់ថ្លែងទីបន្ទាល់អំពីទ្រង់ប្រាប់ពួកយើង នោះយើងម្នាក់ៗបានចាប់ផ្តើមងាកទៅរកទ្រង់ជាមួយនឹងសំណួរផ្ទាល់ខ្លួនយើង ។ ខ្ញុំមានអំណរគុណណាស់ដែលគាត់បាននាំយកដំណឹងល្អមកក្នុងជីវិតពួកយើង » ។
បងប្អូនប្រុសស្រី ម្តាយដ៏ល្អរូបនេះអាចធ្វើឲ្យគេហដ្ឋានរបស់គាត់ក្លាយជាមជ្ឈមណ្ឌលនៃការរៀនសូត្រខាងវិញ្ញាណ ។ ស្រដៀងទៅនឹងសំណួរដែលសាសន៍អេធីយ៉ូពីបានសួរ ម៉ារីបានសួរខ្លួនគាត់ជាច្រើនដងថា « តើកូនៗរបស់ខ្ញុំអាចរៀនដូចម្តេចទៅ បើគ្មានម្តាយដឹកនាំពួកគេនោះ ? »
ឱបងប្អូនជាទីស្រឡាញ់នៅក្នុងដំណឹងល្អអើយ ខ្ញុំសូមថ្លែងទីបន្ទាល់ដល់បងប្អូនថា ពេលយើងព្យាយាមរៀនដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ដោយស្មោះសរ ដោយអស់ពីចិត្ត ដោយរឹងប៉ឹង និងដោយស្មោះត្រង់ ជាមួយគោលបំណងពិតប្រាកដ និងក្រោមឥទ្ធិពលនៃព្រះវិញ្ញាណ នោះការបង្រៀនទាំងនេះអាចផ្លាស់ប្តូរចិត្ត និងបំផុសគំនិត ឲ្យមាននូវបំណងប្រាថ្នា ដើម្បីរស់នៅស្របតាមសេចក្តីពិតនៃព្រះ ។
ខ្ញុំសូមថ្លែងទីបន្ទាល់ថា ព្រះយេស៊ូវគ្រីស្ទគឺជាព្រះអង្គសង្គ្រោះនៃពិភពលោក ។ ទ្រង់គឺជាព្រះប្រោសលោះ ហើយទ្រង់មានព្រះជន្មរស់ ។ ខ្ញុំដឹងថា ទ្រង់ដឹកនាំសាសនាចក្រទ្រង់តាមរយៈ ពួកព្យាការី អ្នកមើលឆុត និងអ្នកទទួលវិវរណៈរបស់ទ្រង់ ។ ខ្ញុំក៏ថ្លែងទីបន្ទាល់ដល់បងប្អូនថា ព្រះមានព្រះជន្មរស់ ថាទ្រង់ស្រឡាញ់យើង ។ ទ្រង់សព្វព្រះទ័យឲ្យយើងត្រឡប់ទៅកាន់វត្តមានទ្រង់វិញ — យើងទាំងអស់គ្នា ។ ទ្រង់ស្ដាប់ការអធិស្ឋានរបស់យើង ។ ខ្ញុំសូមថ្លែងទីបន្ទាល់របស់ខ្ញុំអំពីការពិតទាំងនេះ នៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។