ឆ្នាំ ២០១០-២០១៩
សង់​បន្ទាយ​មួយ​សម្រាប់​ជីវភាព​ខាង​វិញ្ញាណ និង​ការការពារ
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០១៩


2:3

សង់​បន្ទាយ​មួយ​សម្រាប់​ជីវភាព​ខាង​វិញ្ញាណ និង​ការការពារ

ពេល​យើង​រស់នៅ​តាម​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ពេលយើង​ទទួល​យក​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ ហើយ​ឈាន​ទៅមុខ​ដោយ​សេចក្ដី​ជំនឿ មិន​ភ័យ​ខ្លាច នោះ​យើង​នឹង​រឹងមាំ​ប្រឆាំង​នឹង​អារក្ស ។

បងប្អូន​ប្រុស​ស្រី​ជាទី​ស្រឡាញ់​របស់​ខ្ញុំ កាល​សន្និសីទ​នេះ​ឈាន​ដល់​ទី​បញ្ចប់ ខ្ញុំ​អរព្រះគុណ​ចំពោះ​ព្រះវរបិតា​យើង​ដែល​គង់​នៅ​ស្ថានសួគ៌ សម្រាប់​ការទូន្មាន សេចក្ដីពិត និង​វិវរណៈ​ដែល​បាន​ចែកចាយ​នៅ​វេទិកា​នេះ​អំឡុង​ពីរ​ថ្ងៃ​កន្លង​មក ។ យើង​ទទួល​បាន​ការបង្រៀន​ពី​អ្នកបម្រើ​របស់​ព្រះ ដែល​បាន​ហៅ​ឲ្យ​ថ្លែង​បន្ទូល​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ។ ព្រះអម្ចាស់​បាន​រំឭក​យើង​នៅក្នុង​វិវរណៈ​ថ្ងៃ​ចុងក្រោយ​ថា « ទោះ​ជា​ដោយ​សំឡេង​របស់​យើង​ផ្ទាល់ ឬ​ក៏​…ដោយ​សំឡេង​នៃ​ពួក​អ្នក​បម្រើ​របស់​យើង​ក្ដី គឺ​ដូច​តែ​គ្នា » ។

មើល​ទៅ​ក្រុមជំនុំ​នៃ​ពួកបរិសុទ្ធ​ដ៏ធំ​នេះ ហើយ​គិត​ក្នុង​ចិត្ត​ដល់​សមាជិក​ទាំងអស់​ដែល​មើល​សន្និសីទ​ទូទាំង​ពិភពលោក ខ្ញុំ​គិត​ដល់​ការប្រជុំ​គ្នា​ក្នុង​ព្រះគម្ពីរ​មរមន ពេល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្ហាញ​ព្រះកាយ​ដល់​ពួកសាសន៍​នីហ្វៃ បន្ទាប់ពី​ការឆ្កាង​ទ្រង់ ។ ទ្រង់​បាន​បង្រៀន​ដំណឹងល្អ​ដល់​ពួកគេ រួច​ហើយ​បាន​លើក​ទឹកចិត្ត​ថា « ចូរ​អ្នក​រាល់​គ្នា​ត្រឡប់​ទៅ​ផ្ទះ​អ្នក​វិញ​ចុះ ហើយ​ពិចារណា​គិត​អំពី​រឿង​ទាំង​ឡាយ ដែល​យើង​បាន​និយាយ ហើយ​ចូរ​សូម​ដល់​ព្រះ​វរបិតា​ដោយ​នូវ​នាម​យើង ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​យល់ » ។

« ចូរ​អ្នក​រាល់​គ្នា​ត្រឡប់​ទៅ​ផ្ទះ​អ្នក​វិញ​ចុះ ហើយ​ពិចារណា​គិត » គឺជា​ជំហាន​បន្ទាប់​ដើម្បី​យក​ប្រសាសន៍​របស់​ព្យាការី និង​អ្នកដឹកនាំ​សាសនាចក្រ ដែល​បាន​ថ្លែង​នៅក្នុង​ការប្រជុំ​ដ៏​ពិសិដ្ឋ​នេះ​ដាក់​ទៅក្នុង​ចិត្ត ។ ដូច​បាន​ព្យាករ គេហដ្ឋាន​ដែល​ផ្ដោត​លើ​ព្រះគ្រីស្ទ​គឺជា​បន្ទាយ​សម្រាប់​នគរ​​ព្រះ​នៅលើ​ផែនដី​នេះ​នៅ​ថ្ងៃ​មួយ ដែលអារក្ស « វា​នឹង​ញាំញី​នៅ​ក្នុង​ចិត្ត​ទាំង​ឡាយ​នៃ​កូន​ចៅ​មនុស្ស ហើយ​ចាក់រុក​ឲ្យ​ពួក​គេ​មាន​កំហឹង​ទាស់​នឹង​អ្វី​ដែល​ជា​ល្អ​វិញ » ។

ប្រជាជន​បាន​សង់​បន្ទាយ​ជាច្រើន​ពេញ​ទាំង​ប្រវត្តិសាស្ដ្រ ដើម្បី​ទប់​ស្កាត់​សត្រូវ ។ ជារឿយៗ បន្ទាយ​ទាំងនោះ​រួមមាន​ប៉ម​យាម​មួយ​ដែល​អ្នកយាម​—​ដូចជា​ព្យាការី​—​ព្រមាន​ពី​កម្លាំង​គំរាម​កំហែង និង​ការវាយ​លុក​ដែល​នឹង​មកដល់ ។

ថូម៉ាស់ រ៉ាសបាន

នៅគ្រា​ដំបូង​នៃការត្រួសត្រាយ​នៅ​រដ្ឋ​យូថាហ៍ ជីតា​ទួត​ខ្ញុំ​ឈ្មោះ ថូម៉ាស រ៉ាសបាន និង​គ្រួសារ​លោក​ជា​អ្នកតាំង​ទីលំនៅដំបូង​គេ​ក្នុង​ចំណោម​មនុស្ស​មួយ​ចំនួន ដែល​ចូលទៅ​ជ្រលង​ភ្នំ​ហេប៊ើរ នៅ​ក្នុង​តំបន់​ភ្នំ​វ៉ាសាច​ដ៏ស្រស់ស្អាត​នៃ​រដ្ឋ​យូថាហ៍ ។

នៅ​ឆ្នាំ ១៨៥៩ ថូម៉ាស់​បាន​ជួយ​សង់​បន្ទាយ​ហេប៊ើរ ដែល​បាន​សាងសង់​ឡើង​សម្រាប់​ជា​ទីការពារ​ពួកគេ ។ វា​ជា​សំណង់​សាមញ្ញ​មួយ ដែល​មាន​ដុំ​ឈើ​មួយ​ដាក់​ក្បែរ​ដុំ​ឈើ​មួយ​ទៀត​បង្កើត​ទៅ​ជា​បរិវេណ​បន្ទាយ ។ បន្ទប់​ឈើ​ត្រូវ​បាន​សង់​ខាង​ក្នុង​បន្ទាយ ដោយ​ប្រើ​ជញ្ជាំង​សាមញ្ញ​នោះ ។ សំណង់​នេះ​បាន​ផ្ដល់​ទាំង​សន្ដិសុខ និង​សុវត្ថិភាព​សម្រាប់​គ្រួសារ​អ្នក​ត្រួសត្រាយ​​ទាំងនោះ កាល​ពួកគេ​សាង​ទី​លំនៅ ហើយ​បាន​ថ្វាយ​បង្គំ​ព្រះអម្ចាស់ ។

បន្ទាយ​​​របស់​អ្នកត្រួសត្រាយ

វា​ក៏​អនុវត្ត​ដូច​គ្នា​ចំពោះ​យើង​ដែរ ។ គេហដ្ឋាន​យើង​ជា​បន្ទាយ​ប្រឆាំង​នឹង​អំពើ​អាក្រក់​នៃ​ពិភពលោក​នេះ ។ នៅក្នុង​គេហដ្ឋាន​យើង យើង​មក​រក​ព្រះគ្រីស្ទ​តាមរយៈ​ការរៀន​ធ្វើតាម​បទបញ្ញត្តិ​របស់​ទ្រង់ តាមរយៈ​ការសិក្សា​បទគម្ពីរ និង​អធិស្ឋាន​រួម​គ្នា និង​ដោយ​ការជួយ​គ្នា​ឲ្យ​បន្ដ​នៅលើ​ផ្លូវនៃ​សេចក្ដីសញ្ញា ។ ការគូស​បញ្ជាក់​ថ្មី​ស្ដីពី​ការសិក្សា​ផ្ទាល់ខ្លួន និង​ជា​គ្រួសារ​នៅឯ​គេហដ្ឋាន​តាមរយៈ​កម្មវិធី​សិក្សា ចូរ​មក​តាម​ខ្ញុំ បាន​រៀបចំ​ឡើង​ដើម្បី « ធ្វើ​ឲ្យ​ការប្រែចិត្ត​ជឿ​របស់​យើង​មាន​កាន់តែ​ខ្លាំង​ឡើង ហើយ​ជួយ​យើង​ឲ្យ​ប្រែកាន់​តែ​ដូច​ព្រះយេស៊ូវ​គ្រីស្ទ » ។ ការធ្វើ​ដូច្នោះ​បាន យើង​នឹង​ក្លាយជា​អ្វី​ដែល​ប៉ុល​ហៅ​ថា « បាន​កើត​ជា​ថ្មី » ដោយ​ដួងចិត្ត និង​ព្រលឹង​យើង​ស្រប​តាម​ព្រះ ។ យើង​ត្រូវការ​កម្លាំង​នោះ​ដើម្បី​ប្រឈម និង​រារាំង​ការវាយ​លុក​ពី​សត្រូវ ។

កាល​យើង​រស់នៅ​ដោយ​ភក្ដីភាព ដែល​កើត​ពី​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ យើង​នឹង​មាន​អារម្មណ៍​ពី​វត្តមាន​ដ៏​សុខសាន្ដ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​ដឹកនាំ​យើង​ទៅរក​សេចក្ដីពិត បំផុស​ចិត្ត​យើង​ឲ្យ​រស់នៅ​ស័ក្ដិសម​នឹង​ពរជ័យ​របស់​ព្រះអម្ចាស់ ហើយ​ថ្លែង​ទីបន្ទាល់​ថា ព្រះ​មាន​ព្រះជន្ម​រស់ ហើយ​ស្រឡាញ់​យើង ។ ការណ៍​ទាំងអស់​នេះ​កើតមាន​ក្នុង​បន្ទាយ​នៃ​ផ្ទះ​យើង​ផ្ទាល់ ។ ប៉ុន្ដែ​សូម​ចាំ​ថា ផ្ទះ​យើង​មាន​កម្លាំង​ខាង​វិញ្ញាណ​ដ៏​ខ្លាំង​សម្រាប់​យើង​ម្នាក់ៗ​តែ​នៅក្នុង​របង​ផ្ទះ​ទេ ។

ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ថា « នៅ​គ្រា​ខាង​មុខ វា​នឹង​មិន​អាច​រស់​រាន​ខាង​វិញ្ញាណ​បាន​ឡើយ បើ​គ្មាន​ព្រះចេស្ដា​ណែនាំ ដឹកនាំ និង​លួង​លោម​ចិត្ត​ជាប់​ជានិច្ច​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​នោះ » ។ ក្នុង​នាម​ជា​ព្យាការី អ្នកមើល​ឆុត និង​អ្នកទទួល​វិវរណៈ​នៅ​រស់​របស់​ព្រះអម្ចាស់​នៅ​ជំនាន់​នេះ អ្នកយាម​លើ​ប៉ម​បន្ទាយ​របស់​យើង គឺ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ លោក​ឃើញ​សត្រូវ​ជាមុន ។

បងប្អូន​ប្រុស​ស្រី យើង​នៅក្នុង​សង្គ្រាម​ជាមួយ​សាតាំង ប្រយុទ្ធ​ដើម្បី​ព្រលឹង​មនុស្ស ។ ភាគី​សត្រូវ​ក្នុង​ចម្បាំង​នេះ​ត្រូវបាន​កំណត់​ក្នុង​ជីវិត​មុន​ផែនដី​របស់​យើង ។ សាតាំង និង​បុត្រា​បុត្រី​របស់​ព្រះវរបិតា​យើង​ដែល​គង់​នៅ​ស្ថានសួគ៌​មួយ​ភាគ​បី បាន​បែរ​ចេញ​ពី​ការសន្យា​នៃ​​ភាពតម្កើង​ឡើង​របស់​ទ្រង់ ។ តាំង​ពី​ពេល​នោះ​មក អ្នកជំនិត​របស់​សត្រូវ​បាន​ប្រយុទ្ធ​នឹង​ពួកអ្នក​ស្មោះត្រង់ ដែល​បាន​ជ្រើសយក​ផែនការ​របស់​ព្រះវរបិតា ។

សាតាំង​ដឹង​ថា ថ្ងៃ​របស់​វា​ត្រូវបាន​កំណត់ ហើយ​ថា​ពេលវេលា​ចេះ​តែ​ខ្លី​ទៅៗ ។ ទោះ​វា​មាន​ឧបាយកល និង​ល្បិច​យ៉ាងណា​ក្ដី ក៏​វា​នឹង​មិន​ឈ្នះ​ដែរ ។ ប៉ុន្ដែ​សង្គ្រាម​វា​ដើម្បី​វាយលុក​ព្រលឹង​យើង​ម្នាក់ៗ​ឆេះ​កាន់តែ​ខ្លាំង​ឡើង ។

ដើម្បី​​សុវត្ថិភាព​របស់​យើង យើង​ត្រូវ​សង់​បន្ទាយ​សម្រាប់​ជីវភាព​ខាង​វិញ្ញាណ និង​ការការពារ​ព្រលឹង​របស់​យើង​ម្នាក់ៗ ជា​បន្ទាយ​ដែល​មិន​អាច​ទម្លុះ​បាន​ដោយ​ពួកអារក្ស ។

សាតាំង​គឺជា​ពស់​ដ៏​មាន​ល្បិច ដែល​វារ​ចូល​ក្នុង​ចិត្ត​គំនិត​របស់​យើង ពេល​យើង​បន្ថយ​ការការពារ បាក់​ទឹកចិត្ត ឬ​អស់​សង្ឃឹម ។ វា​ទាក់ទាញ​យើង​តាមរយៈ​ការបញ្ជោរ ការសន្យា​​ថា​បាន​ស្រណុកសុខស្រួល ឬ​ការមាន​អារម្មណ៍​ល្អ​បណ្ដោះ​អាសន្ន ។ វា​បង្ហាញ​ថា សេចក្ដី​ឆ្មើងឆ្មៃ ចិត្ត​កំណាញ់ ភាព​មិន​ស្មោះត្រង់ ការទោមនស្ស និង​អសីលធម៌ ជារឿង​សមហេតុផល ហើយ​ចុង​បញ្ចប់​យើង​អាច « មាន​ចិត្ត​វក់ » ។ ព្រះវិញ្ញាណ​អាច​យាងចេញ​ពី​យើង ។ « ហើយ​អារក្ស​បាន​បញ្ឆោត​ព្រលឹង​ពួក​គេ​ដូច្នោះ​ហើយ ហើយ​នាំ​ពួក​គេ​ដោយ​ប្រុង​ប្រយ័ត្ន​ចុះ​ទៅ​ស្ថាន​នរក » ។

ផ្ទុយ​ទៅវិញ ជាញឹកញាប់​យើង​មាន​អារម្មណ៍​ពី​ព្រះវិញ្ញាណ​យ៉ាង​ខ្លាំង ពេល​យើង​ច្រៀង​សរសើរ​ដល់​ព្រះ​ដោយ​ពាក្យ​ទាំងនេះ ៖

ព្រះ​នៃ​យើង​ជា​បន្ទាយ​យ៉ាង​មាំ

ទីបាំង​ការពារ​មិន​ដែល​ចាញ់ ។

ព្រះ​យើង​ជា​ជំនួយ​ដ៏អស្ចារ្យ

ទ្រង់​ប្រោស​ជំងឺ​ឲ្យ​បាន​ជា ។

នៅពេល​យើង​សង់​បន្ទាយ​នៃ​កម្លាំង​ខាង​វិញ្ញាណ យើង​អាច​គេចពី​ការល្បួង​របស់​សត្រូវ បែរ​ខ្នង​ដាក់​វា ហើយ​មាន​អារម្មណ៍​សុខសាន្ដ​ពី​ព្រះវិញ្ញាណ ។ យើង​អាច​ធ្វើតាម​គំរូ​ពី​ព្រះអម្ចាស់ និង​ព្រះអង្គ​សង្គ្រោះ​យើង ដែល​មាន​បន្ទូល​ពេល​អារក្ស​ល្បួង​នៅ​ឯ​វាល​រហោស្ថាន​ថា « សាតាំង​អើយ ចូរ​ថយ​ទៅ​ក្រោយ​អញ​ទៅ » ។ យើង​ម្នាក់ៗ​ត្រូវ​រៀន​ដោយ​បទពិសោធន៍​ជីវិត​ពី​របៀប​ធ្វើ​ការណ៍​នោះ ។

គោលបំណង​សុចរិត​ដូច្នេះ​ត្រូវបាន​រៀបរាប់​យ៉ាង​ល្អ​ក្នុង​ព្រះគម្ពីរ​មរមន នៅពេល​មេទ័ព​មរ៉ូណៃ​បាន​រៀបចំ​សាសន៍​នីហ្វៃ ឲ្យ​ប្រឈម​នឹង​ការវាយ​ប្រហារ​ពី​សំណាក់​សាសន៍​អាម៉ាលិកាយដ៏​មាន​កល ស្រេកឃ្លាន​ឈាម អំណាច ។ មរ៉ូណៃ​បាន​សង់​បន្ទាយ​ដើម្បី​ការពារ​ពួក​សាសន៍​នីហ្វៃ « ដើម្បី​ពួក​គេ​អាច​រស់នៅ​ចំពោះ​ព្រះអម្ចាស់ ជា​ព្រះ​របស់​ពួកគេ ហើយ​ដើម្បី​ពួកគេ​អាច​ទ្រទ្រង់ នូវ​អ្វី​ដែល​ពួក​ខ្មាំង​សត្រូវ​របស់​ពួកគេ​ហៅ​ថា ឧត្ដម​គតិ​នៃ​ពួក​គ្រីស្ទាន » ។ មរ៉ូណៃ​បាន « រឹងប៉ឹង​នៅ​ក្នុង​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ​គ្រីស្ទ » ហើយ​បាន​ស្មោះត្រង់ « ក្នុង​ការកាន់​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​នៃ​ព្រះ…ហើយ​ទប់​នឹង​អំពើ​ទុច្ចរិត » ។

នៅពេល​ពួក​សាសន៍​លេមិន​មក​ប្រយុទ្ធ ពួកគេ​បាន​ភ្ញាក់ផ្អើល​នឹង​ការរៀបចំ​របស់​ពួកសាសន៍​នីហ្វៃ ហើយ​ពួកគេ​បាន​ចាញ់ ។ ពួកសាសន៍​នីហ្វៃ​បាន​អរព្រះគុណ​ « ព្រះអម្ចាស់ ជា​ព្រះ​របស់​គេ ដោយ​សារ​ព្រះ​ចេស្ដា​ដ៏​ឥត​ប្រៀបផ្ទឹម​បាន​ក្នុង​ការដោះ​លែង​ពួកគេ​ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ​របស់​គេ » ។ ពួកគេ​បាន​សង់​បន្ទាយ​ការពារ​នៅ​ខាងក្រៅ ហើយ​ពួកគេ​បាន​សាង​សេចក្ដីជំនឿ​លើ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ​នៅ​ខាងក្នុង​ចិត្ត​—​គឺ​ជ្រៅ​ក្នុង​ព្រលឹង​គេ ។

តើ​យើង​អាច​ពង្រឹង​ខ្លួន​យើង​ក្នុង​ពេល​មាន​បញ្ហា​តាម​របៀប​ណា​ខ្លះ ដែល​យើង​អាច​ធ្វើ​ជា « ឧបករណ៍​នៅក្នុង​ព្រះហស្ត​នៃ​ព្រះ ដើម្បី​នាំ​មក​នូវ​កិច្ចការ​ដ៏​មហិមា​នេះ » ? ចូរ​មើល​បទគម្ពីរ ។

យើង​ត្រូវ​គោរព​ប្រតិបត្តិ ។ ព្រះអម្ចាស់​បាន​បញ្ជា​ឪពុក​លីហៃ​ឲ្យ​បញ្ជូន​កូន​ប្រុសៗ​របស់​លោក​ឲ្យ​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ « ដើម្បី​ស្វែងរក​បញ្ជី​ទាំងឡាយ ហើយ​នាំ​យក​មក​ទី​នេះ​ក្នុង​ទីរហោស្ថាន​វិញ » ។ លីហៃ​មិន​បាន​សួរ​ឡើយ លោក​មិន​បាន​ឆ្ងល់​ពី​មូលហេត ឬ​របៀប​ធ្វើ​ឡើយ ។ ហើយ​នីហ្វៃ​ក៏​ដូច្នេះ​ដែរ រួច​លោកបាន​ឆ្លើយតប​ថា « ខ្ញុំ​នឹង​ទៅ ហើយ​ធ្វើ​នូវ​អ្វីៗ​ដែល​ព្រះអម្ចាស់​ទ្រង់​បាន​បញ្ជា » ។

តើ​យើង​ធ្វើ​សកម្មភាព​ដោយ​ការគោរព​ប្រតិបត្តិដ៏​ស្ម័គ្រចិត្ត​ដូច​នីហ្វៃ​ទេ ? ឬ​ក៏​យើង​ជជីក​សួរ​ពី​ការបញ្ជា​របស់​ព្រះ​ជាង ដូចជា​ពួកបងប្រុស​របស់​នីហ្វៃ ដែល​ខ្វះ​សេចក្ដី​ជំនឿ ហើយ​ទីបញ្ចប់​បាន​បែរ​ចេញ​ពី​ព្រះអម្ចាស់ ? ការគោរព​ប្រតិបត្តិ​ដោយ « អស់​ពី​បរិសុទ្ធភាព​ក្នុង​ចិត្ត »គឺជា​អ្វី​ដែល​ព្រះអម្ចាស់​ទាមទារ​ពី​យើង ។

យើង​ទុកចិត្ត​លើ​ព្រះអម្ចាស់ ដែល​មាន​បន្ទូល​ទៅ​យ៉ូស្វេ កាល​លោក​បាន​រៀបចំ​ដឹកនាំ​សាសន៍​អ៊ីស្រាអែល​ទៅកាន់​ដែនដី​សន្យា​ថា « ចូរ​ឲ្យ​មាន​កម្លាំង និង…ចិត្ត​ក្លាហាន​ចុះ កុំ​ឲ្យ​ខ្លាច​ឡើយ ក៏​កុំ​ឲ្យ​ស្រយុគ​ចិត្ត​ផង ដ្បិត​ព្រះយេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​គង់​ជាមួយ​នៅ​កន្លែង​ណា ដែល​ឯង​ទៅ​ផង » ។ យ៉ូស្វេ​បាន​ទុកចិត្ត​លើ​ពាក្យ​ទាំងនោះ ហើយ​បាន​ទូន្មាន​ប្រជាជន​ថា « ចូរ​ឯង​រាល់​គ្នា​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ​ចុះ ពី​ព្រោះ​ថ្ងៃ​ស្អែក​ព្រះយេហូវ៉ា ទ្រង់​នឹង​ធ្វើ​ការអស្ចារ្យ​នៅក្នុង​ពួក​ឯង » ។ ព្រះអម្ចាស់​បាន​ញែក​ទន្លេ​យ័រដាន់ ហើយ​ការដើរ​ឆ្លង​វាល​រហោស្ថាន​អស់ ៤០ ឆ្នាំ​របស់​ពួកសាសន៍​អ៊ីស្រាអែល​បាន​បញ្ចប់ ។

យើង​ឈរ​សម្រាប់​សេចក្ដីពិត ដូចជា​ព្យាការី​អ័ប៊ីណាដៃ​ក្នុង​ព្រះគម្ពីរ​មរមន ។ ដោយ​ត្រូវ​គេ​ចាប់​ខ្លួន នាំ​មក​ចំពោះ​ស្ដេច​ណូអេ និង​ពួកសង្ឃ​ទុច្ចរិត​របស់​ទ្រង់ អ័ប៊ីណាដៃ​បាន​បង្រៀន​ក្រឹត្យវិន័យ​ដប់​ប្រការ ហើយ​បាន​ប្រកាស​ដោយ​អំណាច​ថា ព្រះគ្រីស្ទ​នឹង « យាង​ចុះ​មក​ក្នុង​ចំណោម​កូន​ចៅ​មនុស្ស ហើយ​ទ្រង់​នឹង​ប្រោស​លោះ​រាស្ត្រ​ទ្រង់ » ។ រួច​លោក​បាន​ប្រកាស​ដោយ​សេចក្ដីជំនឿ​ដ៏​ជ្រាលជ្រៅ​ថា « ឱ​ព្រះ​អង្គ​អើយ សូម​ព្រះ​អង្គ​ទទួល​យក​ព្រលឹង​របស់​ទូលបង្គំ​ផង »​ហើយ​អ័ប៊ីណាដៃ​បាន « រង​ទុក្ខ​ដល់​ស្លាប់​ដោយ​ភ្លើង​ឆេះ » ។

ព្រះវិហារ​បរិសុទ្ធ រ៉ូម អ៊ីតាលី

យើង​ចុះ និង​រំឭក​សេចក្ដីសញ្ញា​យើង ដោយ​ការទទួល​ទាន​សាក្រាម៉ង់ និង​ការថ្វាយ​បង្គំ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ពិធីសាក្រាម៉ង់​គឺជា​ចំណុច​សំខាន់​នៃ​ការថ្វាយ​បង្គំ​ថ្ងៃ​អាទិត្យ​របស់​យើង ជា​ទី​ដែល​យើង​ទទួល​បាន​ការសន្យា​ថា នឹង « បាន​ព្រះវិញ្ញាណ​របស់​ទ្រង់​គង់នៅ​ជាមួយ​នឹង [ ពួកយើង ] ជា​ដរាប » ។ ដោយ​មាន​ពិធីបរិសុទ្ធ​ដ៏​ពិសិដ្ឋ​នោះ យើង​បេ្ដជ្ញា​ថា នឹង​លើក​ដាក់​មក​លើ​ខ្លួន​យើង​នូវ​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ ធ្វើ​តាម​ទ្រង់ ហើយ​ទទួល​យក​ការទទួល​ខុសត្រូវ​របស់​យើង​ក្នុង​កិច្ចការ​ដ៏​ទេវភាព​នេះ ដូចជា​ទ្រង់​ដែរ ។ នៅក្នុង​ព្រះវិហារ​បរិសុទ្ធ យើង​អាច « ទុក​ចោល​របស់​ទាំង​ឡាយ​នៃ​ពិភពលោក​នេះ »​ ហើយ​ទទួល​អារម្មណ៍​ពី​វត្តមាន​របស់​ព្រះអម្ចាស់ និង​ក្ដី​សុខសាន្ដ​ដ៏​សំខាន់​នៃ​ទ្រង់ ។ យើង​អាច​ផ្ដោត​លើ​បុព្វការីជន​របស់​យើង ក្រុម​គ្រួសារ​យើង និង​ជីវិត​ដ៏​អស់កល្ប​ក្នុង​វត្តមាន​របស់​ព្រះវរបិតា ។ យើង​មិន​ឆ្ងល់​ទេ​ដែល​ប្រធាន​ណិលសុន​បាន​ថ្លែង​នា​ពេល​ថ្មីៗ​នេះ​នៅ​ទីក្រុង​រ៉ូម​ថា « សេចក្ដី​ល្អ​ដែល​នឹង​ចេញ​ពី​ព្រះវិហារ​បរិសុទ្ធ​នេះ​គឺ​អស្ចារ្យ​មិន​អាច​គណនា​បាន​ឡើយ » ។

យើង​គួរ​មាន​សេចក្ដី​ទៀងត្រង់​ក្នុង​អ្វី​ដែល​យើង​ធ្វើ​ទាំងអស់ ។ យើង​គួរ​អភិវឌ្ឍ​សុភវិនិច្ឆ័យ និង​ការមាន​វិន័យ ដើម្បី​កុំ​ឲ្យ​យើង​ត្រូវ​សម្រេច​ពី​អ្វី​ដែល​ត្រូវ ឬ​ខុស​ជានិច្ច​នោះ​ឡើយ ។ យើង​គួរ​យក​ពាក្យ​របស់​ពេត្រុស​ដាក់​ក្នុង​ចិត្ត ព្រោះ​សាវក​នៃ​សាសនាចក្រ​ពី​ដើម​រូប​នេះ​បាន​ព្រមាន​ថា « ចូរ​ឲ្យ​ដឹង​ខ្លួន ហើយ​ចាំ​យាម​ចុះ ព្រោះ​អារក្ស​ដែល​ជា​ខ្មាំង​សត្រូវ​របស់​អ្នក​រាល់គ្នា វា​តែង​ដើរ​ក្រវែល ទាំង​គ្រហឹម​ដូចជា​សិង្ហ​ដើម្បី​នឹង​រក​អ្នកណា​ដែល​វា​នឹង​ត្របាក់​លេប​បាន » ។

ពេល​យើង​ពង្រឹង​បន្ទាយ​យើង​ដោយ​ឧស្សាហ៍​ព្យាយាម នោះ​យើង​ក្លាយ​ដូចជា​ព្រះយេស៊ូវគ្រីស្ទ ក្នុងនាម​ជា​ពួកសិស្ស​ដ៏​ពិត​របស់​ទ្រង់​ដែល​ទុក​ព្រលឹង​យើង​ក្នុង​ការការពារ​របស់​ទ្រង់ ។

ទីបន្ទាល់​បងប្អូន​អំពី​ព្រះយេស៊ូវគ្រីស្ទ គឺជា​បន្ទាយ​ផ្ទាល់ខ្លួន​របស់​បងប្អូន ជា​សន្ដិសុខ​ដល់​ព្រលឹង​របស់​បងប្អូន ។ ពេល​ជីតាទួត​របស់​ខ្ញុំ និង​អ្នកត្រួសត្រាយ​ផ្លូវ​ជាមួយ​គាត់​បាន​សង់​បន្ទាយ​ហេប៊ើរ ពួកគាត់​បាន​ដាក់​ដុំ​ឈើ​ម្ដង​មួយៗ​រហូត​ដល់​បន្ទាយ​នោះ « បាន​ផ្គុំ​ភ្ជាប់​គ្នា » ហើយ​ពួកគេ​ត្រូវបាន​ការពារ ។ វា​ក៏​អនុវត្ត​ដូច​គ្នា​ចំពោះ​ទីបន្ទាល់​ដែរ ។ យើង​ទទួល​បាន​សាក្សី​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​បន្ដិច​ម្ដងៗ កាល​ទ្រង់​មាន​បន្ទូល​មក​ក្នុង​វិញ្ញាណ​យើង​ផ្ទាល់ ដោយ​បង្រៀន​ពី « សេចក្តី​ពិត​នៅ​ចំណែក​ខាង​ក្នុង » ។​ ពេល​យើង​រស់នៅ​តាម​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ពេលយើង​ទទួល​យក​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ ហើយ​ឈាន​ទៅមុខ​ដោយ​សេចក្ដី​ជំនឿ មិន​ភ័យ​ខ្លាច នោះ​យើង​នឹង​រឹងមាំ​ប្រឆាំង​នឹង​ឧបាយកល​របស់​អារក្ស ។ ទីបន្ទាល់​យើង​ភ្ជាប់​យើង​ទៅ​ស្ថានសួគ៌ ហើយ​យើង​មាន​ពរ​ដោយសារ « សេចក្តីពិត​នៃ​គ្រប់​ការណ៍​ទាំងអស់ » ។ ហើយ​ដូចពួក​អ្នកត្រួសត្រាយ​មាន​បន្ទាយ​ការពារ​ខ្លួន​ដែរ នោះយើង​នៅក្នុង​ព្រះហស្ដ​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ​ដោយ​សុវត្ថិភាព ។

ព្យាការី​អេធើរ​បាន​បង្រៀន​ថា « អស់​អ្នក​ណា​ជឿ​ដល់​ព្រះ​អាច​សង្ឃឹម​ជា​ប្រាកដ​ថា នឹង​បាន​ពិភពលោក​មួយ​ដ៏​ប្រសើរ​លើសលែង​ទៅ​ទៀត មែន​ហើយ គឺ​កន្លែង​មួយ​ដែល​នៅ​ខាង​ស្ដាំ​ព្រះហស្ត​នៃ​ព្រះ ឯ​សេចក្ដី​សង្ឃឹម​នោះ​កើត​មក​ពី​សេចក្ដី​ជំនឿ ធ្វើ​ជា​យុថ្កា​មួយ​ដល់​ព្រលឹង​មនុស្ស ដែល​នឹង​ធ្វើ​ឲ្យ​ពួក​គេ​ស្ថិតស្ថេរ​នៅ​នឹង​ធឹង ហើយ​ខ្ជាប់​ខ្ជួន គឺ​នៅ​ក្នុង​កិច្ចការ​ល្អ​ដ៏​បរិបូរ​ជា​ដរាប ដែល​នាំ​ឲ្យ​សរសើរ​តម្កើង​ដល់​ព្រះ » ។

បងប្អូន​ប្រុសស្រី​ជា​ទី​ស្រឡាញ់ ខ្ញុំ​ទុក​ពរជ័យ​ឲ្យ​បងប្អូន​ចេញ​ទៅ​ដោយ​ទំនុក​ចិត្ត​លើ​ព្រះអម្ចាស់ និង​ដំណឹងល្អ​របស់​ទ្រង់ ។ សូម​ឱប​ក្រសោប​អ្នក​ដែល​ជំពប់​ដួល ហើយ​ដោយ​កម្លាំង​នៃ​ព្រះវិញ្ញាណ​ដែល​នៅក្នុង​បងប្អូន សូម​ដឹកនាំ​ពួកគេ​ដោយ​ក្ដី​ស្រឡាញ់​ឲ្យ​ត្រឡប់​មក​បន្ទាយ​នៃ​ជីវភាព​ខាង​វិញ្ញាណ និង​ការការពារ​វិញ ។ សូម​ព្យាយាម « ក្លាយ​ដូច​ព្រះយេស៊ូវ »​ ក្នុង​កិច្ចការ​ទាំងអស់​ដែល​បងប្អូន​ធ្វើ ចៀស​ពី​អារក្ស​និង​ការល្បួង ប្រែចិត្ត ដូច​ព្យាការី​ជាទីស្រឡាញ់​របស់​យើង​បាន​តាស់តឿន​យើង​កាល​ពី​ម្សិលមិញ ចូរ​មាន​ចិត្ត​ស្មោះត្រង់ សុចរិត និង​បរិសុទ្ធ បង្ហាញ​ចិត្ត​មេត្តា​និង​សប្បុរស ហើយ​ស្រឡាញ់​ព្រះអម្ចាស់ ជា​ព្រះ​នៃ​បងប្អូន​ដោយ​ភក្ដីភាព​នៃ​សិស្ស​ដ៏​ពិត ។

ទីបន្ទាល់​យើង​អំពី​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ គេហដ្ឋាន ក្រុមគ្រួសារ និង​សមាជិកភាព​យើង​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​នេះ នឹង​ក្លាយ​ជា​បន្ទាយ​ផ្ទាល់ខ្លួន​នៃ​ការការពារ​ដែល​ហ៊ុមព័ទ្ធជុំវិញ​ខ្លួន​យើង ហើយ​បាំង​យើង​ពី​អំណាច​របស់​អារក្ស ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ដ៏​មុតមាំ​អំពី​ការណ៍​នេះ​នៅក្នុង​ព្រះនាម​នៃ​ព្រះអម្ចាស់ និង​ព្រះអង្គ​សង្គ្រោះ​របស់​យើង​គឺ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។