ឆ្នាំ ២០១០-២០១៩
នុ៎ះ​ន៍ កូន​ចៀម​នៃ​ព្រះ
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០១៩


2:3

នុ៎ះ​ន៍ កូន​ចៀម​នៃ​ព្រះ

កម្មវិធី​ថ្ងៃអាទិត្យ​ដែល​បាន​ផ្លាស់ប្ដូរ​របស់​យើង គឺគូសបញ្ជាក់​ថា​សាក្រាម៉ង់​នៃ​យប់ចុង​ក្រោយ​របស់​ព្រះអម្ចាស់​​ពិសិដ្ឋ ទទួល​ស្គាល់​ចំណុច​ប្រសព្វ​នៃ​បទពិសោធន៍​ថ្វាយបង្គំ​ប្រចាំ​សប្ដាហ៍​របស់​យើង ។

ខ្ញុំមិន​អីទេ រហូត​ដល់​ខ្ញុំ​បាន​ឃើញ​ទឹក​ភ្នែក​នៅ​ក្នុង​កែវភ្នែក​នៃ​យុវជន​ក្នុង​ក្រុម​ចម្រៀង​នេះ ។ ទឹកភ្នែក​ទាំងនោះ​គឺ​ជា​ទេសនកថា​ដ៏​មាន​វោហារកោសល្យ​ជាង​ដែល​ខ្ញុំ​អាច​ផ្ដល់​ឲ្យទៅទៀត ។

ដោយ​ក្រឡេក​មើល​ពី​ច្រាំង​ទន្លេ រំលង​ហ្វូង​មនុស្ស​ដែល​អន្ទះសារ​ចង់​ទទួលបុណ្យ​ជ្រមុជទឹក​ដោយ​ដៃ​លោក នោះ យ៉ូហាន ដែលហៅថា បាទីស្ទ បានឃើញ​ព្រះយេស៊ូវ​ពី​ស្រុក​ណាសារ៉ែត​ដែល​ត្រូវ​ជា​ប្អូន​ជីដូន​មួយ​លោក​ពី​ចម្ងាយ យាង​មក​រក​លោក​ទាំង​តាំង​ព្រះទ័យ​ជា​ស្រេច​ហើយ​ថា ឲ្យ​លោក​ធ្វើ​ពិធីបរិសុទ្ធ​ដូចគ្នា​នោះ​ថ្វាយ​ទ្រង់ ។ យ៉ូហាន​បាន​លាន់​មាត់​កោត​សរសើរ​តិចៗ តែ​ឮល្មម​ដែល​អ្នក​នៅ​ក្បែរ​នោះ​អាច​ស្តាប់​បាន ដែល​វានៅ​តែ​រំជួល​ចិត្ត​យើង​អស់រយៈពេល​ពីរពាន់​ឆ្នាំ​ក្រោយ​មក​នេះ ដោយ​ថ្លែង​ថា « នុ៎ះ​ន៍ កូន​ចៀម​នៃ​ព្រះ » ។

វា​ជា​ការ​ណែនាំ​ថា ការព្យាករ​ដ៏​យូរ​អង្វែង​នេះ​តាំង​ពី​ព្យាការី​មុនៗ​រហូត​ដល់​ព្រះយេស៊ូវ នោះ​ទ្រង់​ពុំ​ត្រូវ​បាន​ហៅ​ថា « ព្រះយេហូវ៉ា » ឬ « ព្រះអង្គ​សង្គ្រោះ »​ឬ « ព្រះប្រោសលោះ » ឡើយ ឬ​សូម្បី​តែ « ព្រះរាជបុត្រា​នៃ​ព្រះ »—ព្រះនាម​ទាំង​នេះ​សុទ្ធ​តែ​អាច​ហៅបាន ។ ផ្ទុយ​ទៅវិញ យ៉ូហាន​បាន​ស្គាល់​ព្រះនាម​​នេះ​តាំង​ពី​ដំបូង​បំផុត ហើយ​ប្រហែល​ជា​បាន​​ស្គាល់​ជារួម​នៅ​ក្នុង​ប្រពៃណី​សាសនា​របស់​ប្រជាជន​លោកផងដែរ ។ លោក​បានប្រើ​និមិត្តូរប​នៃ​ការ​បូជា​កូន​ចៀម ដែលបាន​ថ្វាយ​ជា​ដង្វាយ​ធួន​ចំពោះ​អំពើបាប និង​ទុក្ខសោក​នៃ​ពិភពលោក​ដ៏​ធ្លាក់​នេះ និង​មនុស្ស​ទាំងអស់​ដែល​ធ្លាក់ ដែល​រស់នៅលើ​ពិភពលោក​នេះ ។

សូម​ឲ្យ​ខ្ញុំ​រំឭក​ប្រវត្តិសាស្ត្រ​នោះ​តែ​បន្ដិច​ទេ ។

បន្ទាប់​ពី​ត្រូវបាន​បណ្តេញ​ចេញ​ពី​សួន​ច្បារអេដែន​មក អ័ដាម និង​អេវ៉ា បាន​ប្រឈម​មុខ​នឹងអនាគត​ដ៏​រន្ធត់ ។ ដោយ​បាន​បើក​ទ្វារ​នាំ​យើង​ឆ្ពោះ​ទៅកាន់​ជីវិត​រមែង​ស្លាប់ និង​ជីវិត​ខាង​សាច់​ឈាម នោះ​ពួកគេ​បាន​បិទទ្វារ​ដែល​នាំ​ឲ្យ​មាន​ជីវិត​អមតៈ និង​ជីវិត​អស់កល្ប​ជានិច្ច​សម្រាប់​ខ្លួន​ពួកគេ​ផ្ទាល់ ។ ដោយសារ​តែ​ពួកគេ​បាន​ជ្រើសរើស​ធ្វើ​ការរំលងទាំងស្ម័គ្រ​ចិត្តជំនួស​យើង​ ឥឡូវ​នេះ​ពួកគេ​បាន​ប្រឈម​មុខ​នឹង​សេចក្តីស្លាប់​ខាង​រូបកាយ និងការបំបរ​បង់​ខាង​វិញ្ញាណ ដែល​ជា​ការបែក​ចេញ​ពី​វត្តមាន​របស់​ព្រះ​ជារៀង​រហូត ។ តើ​ពួកគេ​បាន​ធ្វើ​អ្វី​ទៅ ? តើ​មាន​របៀប​មួយ​ដើម្បី​ចេញ​ពី​ស្ថានភាព​នេះទេ ? យើង​ពុំ​ដឹង​ប្រាកដ​ថា​អ្នកទាំង​ពីរ​នេះ​បាន​អនុញ្ញាត​ឲ្យ​ចាំ​ការ​ណែនាំ ដែល​ពួកគេ​បាន​ទទួល​ខណៈ​នៅ​ក្នុង​សួនច្បារ​អេដែន​បាន​ប៉ុណ្ណានោះ​ទេ ប៉ុន្តែ​ពួកគេ​បានចាំ​ថា​ពួកគេ​ត្រូវ​ថ្វាយ​ដង្វាយ​ដុត​ជា​ទៀងទាត់​ចំពោះ​ព្រះ​នូវ​កូនចៀម​បរិសុទ្ធ ឥត​ខ្ចោះ ជា​កូន​ដំបូង​នៅ​ក្នុង​ក្រោល​ពួកគេ ។

ក្រោយមក មានទេវតា​មួយ​អង្គ​បាន​លេច​ចេញ​មក​ពន្យល់​ថា ដង្វាយដុត​នេះ គឺ​ជា​ប្រភេទ​ដង្វាយ​ដែល​ចារទុកជា​មុន​ថា​នឹង​ត្រូវ​ធ្វើ​ឡើង​ដើម្បី​ពួកគេ ដោយ​ព្រះអង្គសង្គ្រោះ​នៃ​ពិភពលោក​ក្នុង​ពេល​ខាង​មុខ ។ ទេវតា​បាន​ថ្លែង​ថា « ការណ៍​នេះ គឺ​ជា​និមិត្ត​រូប​អំពី​ការបូជា​នៃ​ព្រះរាជបុត្រា​បង្កើត​តែ​មួយ​នៃ​ព្រះវរបិតា » ។ « ហេតុ​ដូច្នោះ​ហើយ…អ្នក​ត្រូវ​ប្រែ​ចិត្ត ហើយ​អំពាវ​នាវ​ដល់​ព្រះ​ដោយ​នូវ​ព្រះ​នាម​នៃ​ព្រះ​រាជ​បុត្រា​ជា​រៀង​ដរាប​រហូត​ត​ទៅ » ។ សំណាងល្អ នោះនឹង​មាន​ផ្លូវ​ចេញ ហើយ​ឡើង​ទៅ​លើវិញ ។

នៅក្នុង​ក្រុមប្រឹក្សាសួគ៌​ក្នុង​ជីវិត​មុន​ជីវិតរមែង​ស្លាប់ ព្រះបាន​សន្យា​នឹង​អ័ដាម និង​អេវ៉ា ( និង​ពួក​យើង​ទាំងអស់​គ្នា ) ថា​នឹង​មាន​ជំនួយ​មកពី​ព្រះរាជបុត្រា​ច្បង​បរិសុទ្ធ​ឥតខ្ចោះ​របស់យើង ជាកូនចៀម​នៃ​ព្រះ « ត្រូវ​គេ​សំឡាប់​តាំង​ពី​កំណើត​លោកីយ​មក » ដូចដែល​សាវក​យ៉ូហាន​បាន​ពិពណ៌នា​អំពី​ទ្រង់នាពេល​ក្រោយ​មក​ទៀត​នោះ ។ តាមរយៈ​ការ​បូជា​កូនចៀម​ជានិមិត្តរូប​របស់​ពួកគេ​នៅ​ក្នុង​ជីវិតរមែង​ស្លាប់ អ័ដាម និង​កូនចៅ​របស់​គាត់ បាន​បង្ហាញ​ពី​ការ​យល់ដឹង​របស់ពួកគេ និង​ការ​ពឹង​ផ្អែក​របស់ពួកគេ​ទៅលើ​ការ​ពលិកម្ម​ធួន​របស់​ព្រះយេស៊ូវ ដែលជា​អង្គ​ត្រូវ​បាន​ចាត់​តាំង ។ ក្រោយ​មក រោង​ឧបោសថ​នៅ​ទីរហោស្ថាន​បាន​ក្លាយ​ជា​មជ្ឈមណ្ឌល​សម្រាប់​ពិធីបរិសុទ្ធ​នេះ ហើយ​បន្ទាប់​មក​គឺ​ព្រះវិហារបរិសុទ្ធ​ដែលស្ដេច​សាឡូម៉ូន​បាន​សាងសង់ ។

ជា​អកុសល ច្បាប់​នៃ​ការបូជា​កូនចៀម​ឥតខ្ចោះ​នេះ​ពុំ​ដំណើរ​ការ​ល្អ​​​ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់​ ថា​វាជា​និមិត្ត​រូប​នៃ​ការប្រែចិត្ត​ដ៏​ស្មោះត្រង់ និង​ជីវិត​ដែល​ពោរពេញ​ដោយ​សេចក្តីជំនឿទេ ។ ជួនកាល ការតាំងចិត្ត​ខាង​សីលធម៌​ដែល​គួរតែ​មាន​មក​ជាមួយ​ការបូជាយញ្ញ​ទាំង​នោះ ពុំ​នៅ​យូរ​ល្មម​នឹង​ឲ្យ​ឈាម​ស្ងួត​លើ​ថ្ម​ទាំង​នោះ​ផង ។ នៅ​ក្នុងករណី​ផ្សេងៗ វា​ពុំ​យូរ​ល្មមដើម្បី​រារាំង​កាអ៊ីន​កុំ​ឲ្យ​សម្លាប់​ប្អូន​ប្រុស​អេបិល ខ្លួន​នៅ​ជំនាន់​ដំបូង​គេ​នោះ​ដែរ ។

ជាមួយ​នឹង​ការសាកល្បង និង​បញ្ហា​ទាំង​នេះ​បន្ត​កើត​មាន​អស់​ពេល​ជា​ច្រើន​ទសវត្សរ៍ វា​មិន​ចម្លែក​ឡើយ​ដែល​ពួកទេវតា​នៃ​ស្ថានសួគ៌​បាន​ច្រៀង​ដោយ​អំណរ ពេល​ព្រះយេស៊ូវ​បាន​ប្រសូត—ដែល​ទ្រង់ផ្ទាល់​គឺ​ជាព្រះមែស៊ី​ដែល​បាន​សន្យា​តាំងពី​យូរយារ​មក​ហើយនោះ ។ បន្ទាប់​ពី​ការងារ​បម្រើ​ដ៏​ខ្លី​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​ទ្រង់ នោះចៀម​សម្រាប់​បុណ្យ​រំលង​ដ៏​បរិសុទ្ធ​បំផុត​អង្គ​នេះ បាន​រៀបចំ​ពួកសិស្ស​ទ្រង់​សម្រាប់​ការសុគត​របស់​ទ្រង់ ដោយ​ណែនាំ​ពិធីសាក្រាម៉ង់​នៅអាហារ​ពេល​យប់​របស់​ព្រះអម្ចាស់​ ជា​ពិធីបរិសុទ្ធ​ក្នុង​ទម្រង់​មួយ​កាន់តែ​ផ្ទាល់​ខ្លួន ដែល​ត្រូវបាន​ណែនាំ​នៅ​ខាង​ក្រៅ​សួន​ច្បារអេដែន ។ វា​នៅតែ​ជា​ដង្វាយ​មួយ វា​នៅតែ​ទាក់ទង​នឹង​ការបូជា​មួយ ប៉ុន្តែ​វា​ជា​និមិត្ត​រូប​កាន់តែ​ស៊ីជម្រៅ កាន់តែ​ត្រូវ​ត្រិះរិះ​ពិចារណា និង​កាន់តែ​ផ្ទាល់​ខ្លួន​ជាង​ការសម្លាប់​កូន​ចៀម​​ដំបូង​ទៅ​ទៀត ។ បន្ទាប់​ពី​ការមាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ទ្រង់ ព្រះអង្គ​សង្រ្គោះ​បាន​មាន​បន្ទូល​ទៅ​កាន់​ពួក​សាសន៍​នីហ្វៃដូច​នេះ​ថា ៖

« អ្នក​រាល់​គ្នា​មិន​ត្រូវ​ថ្វាយ​ដល់​យើង​នូវ​ការ​ខ្ចាយ​ឈាម​ទៀត​ទេ ។…

…អ្នក​រាល់​គ្នា​ត្រូវ​ថ្វាយ​ដល់​យើង​នូវ​ចិត្ត​សង្រេង និង​វិញ្ញាណ​ទន់ទាប​វិញ ។ ហើយ​អស់​អ្នក​ណា​ដែល​មក​រក​យើង ដោយ​មាន​ចិត្ត​សង្រេង និង​វិញ្ញាណ​ទន់​ទាប អ្នក​នោះ​ហើយ​ដែល​យើង​នឹង​ធ្វើ​បុណ្យ​ជ្រមុជ​ដោយ​ភ្លើង និង​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ។…

« …ចូរ​ប្រែចិត្ត…ហើយ​ចូរ​បាន​សង្គ្រោះ​ចុះ » ។

បងប្អូន​ប្រុស​ស្រី​ជា​ទីស្រឡាញ់​របស់​ខ្ញុំ ជាមួយ​នឹង​ការសង្កត់ធ្ងន់​ដ៏​រីករាយ​ថ្មី ស្តីពី​ការបង្កើន​ការរៀនសូត្រ​ដំណឹងល្អ​នៅ​ផ្ទះ វា​ពិតជា​សំខាន់​សម្រាប់​យើង​ឲ្យចាំ​ថា យើង​នៅ​តែ​ត្រូវបាន​ត្រាស់​បង្គាប់​ឲ្យ « ទៅ​ដំណាក់​នៃ​ការ​អធិស្ឋាន ហើយ​ថ្វាយ​សាក្រាម៉ង់​របស់​អ្នក​ឡើង​នៅ​ថ្ងៃ​បរិសុទ្ធ​របស់​យើង​ចុះ » ។ ក្រៅពី​ការបង្កើ​ត​ពេល​ដើម្បី​បង្រៀន​ដំណឹងល្អ​នៅ​ផ្ទះ នោះ​ការកែសម្រួល​ការបម្រើ​របស់យើង​នៅ​ថ្ងៃ​អាទិត្យ ក៏​ដើម្បី​កាត់បន្ថយ​ភាព​ស៊ាំញ៉ាំ​នៃ​កាលវិភាគ​ប្រជុំ តាម​របៀប​មួយ​ដែល​គូស​បញ្ជាក់​យ៉ាង​ត្រឹមត្រូវថា​ពិធី​សាក្រាម៉ង់​នៃ​អាហារពេល​យប់​របស់​ព្រះអម្ចាស់​​​ពិសិដ្ឋ ជា​ការទទួលស្គាល់​ផ្តោត​ទៅលើ​បទពិសោធន៍​ការថ្វាយ​បង្គំ​ប្រចាំ​សប្តាហ៍​របស់​យើង ។ យើង​ត្រូវ​ចងចាំ​ក្នុង​របៀប​ផ្ទាល់​ខ្លួន​មួយ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ថា ព្រះគ្រីស្ទ​បាន​សុគតដោយ​ដួង​ចិត្ត​ខ្ទេចខ្ទាំ ដោយ​ការ​រែក​អំពើបាប និង​ភាពសោកសៅ​ទាំងអស់​របស់​គ្រួសារ​មនុស្ស​លោក​ទាំងមូល​តែ​អង្គឯង ។

ក្នុង​គ្រា​ដូច្នោះ​វា​តម្រូវ​ឲ្យ​មាន​ការ​គោរព​របស់​យើង ជាការ​តបស្នង​ចំពោះ​បន្ទុក​ដែល​ចៀស​មិន​រួច​នោះ ។ យើង​សូម​លើក​ទឹកចិត្ត​បងប្អូន​ឲ្យ​មក​មុន​ម៉ោង មាន​គាវរភាព ស្លៀកពាក់​ឲ្យ​បាន​សមរម្យ​ដើម្បី​ចូលរួម​ក្នុង​ពិធិបរិសុទ្ធ​ដ៏​ពិសិដ្ឋ​នេះ ។ « ថ្ងៃ​អាទិត្យ​ដែល​យើង​ស្លៀកពាក់​ស្អាតបាត » នោះ​បាន​បាត់បង់​​បន្តិច​ម្ដងៗ​នៅក្នុង​ជំនាន់​យើង​នេះ ហើយ​ដើម្បី​បង្ហាញ​ការគោរព​ចំពោះ​ទ្រង់ ជា​អង្គ​ដែល​យើង​មក​ថ្វាយ​បង្គំ នោះ​យើង​គួរតែ​ងាក​ត្រឡប់​ទៅ​រក​ប្រពៃណី​នៃ​ការតុបតែង​កាយ និង​ការស្លៀកពាក់​ឲ្យ​សមរម្យ ​តាម​ដែល​យើង​អាច​ធ្វើ​បាននៅ​គ្រប់ពេល និង​គ្រប់ទីកន្លែង ។

ចំពោះ​ការ​មក​ទាន់​ម៉ោង នោះ​យើង​ក៏​គួរតែ​អភ័យទោស និង​យល់​ដល់​ម្តាយ​ដ៏​មាន​ពរ​ទាំង​នោះដែល​មាន​កូន​ច្រើន ដែល​យក​ចំណី​មក​ព្រះវិហារ ហើយ​ស្ពាយ​កាបូប​ឥវ៉ាន់​កូន​សំពីងសំពោង ទាំងខិតខំ​មក​ព្រះវិហារ​ទោះជា​វា​យឺត​ក្តី ។ លើស​ពីនេះ​ទៀត នឹង​មាន​អ្នក​ខ្លះ​ដែល​មាន​កិច្ចការ​បន្ទាន់​ដែលចៀស​មិន​រួច ហើយ​មក​យឺត​នៅ​ព្រឹក​ថ្ងៃ​ឈប់​សម្រាក ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ចំពោះ​ក្រុម​ដែលមកយឺត​នេះ យើង​សូមនិយាយ​ថា ការយឺតយ៉ាវ ម្តងម្កាល គឺជា​រឿង​អាច​យល់​បាន ប៉ុន្តែ​ប្រសិនបើ មាន​កិច្ចការ​បន្ទាន់​ដែល​ធ្វើ​ឲ្យ​មាន​ការ​យឺតយ៉ាវ រៀងរាល់ ថ្ងៃ​អាទិត្យ នោះ​យើង​សូម​ផ្តល់​យោបល់យ៉ាង​ពេញទំហឹង​ថា សូម​អ្នកកែខ្លួន ឬលះបង់​ទម្លាប់​យឺតយ៉ាវ​នោះ​ចោលទៅ ។

ដូច​គ្នា​នេះ​​ដែរ យើង​ក្នុង​នាម​ជា​សាវកសូម​អង្វរ​​ឲ្យ​កាត់បន្ថយ​សំឡេង​មាត់​អ៊ឺងកង នៅក្នុងកន្លែង​ពិសិដ្ឋ​នៃអគារ​របស់​យើង ។ យើង​ចូលចិត្ត​សួរសុខទុក្ខ​គ្នា ហើយ​យើង​គួរធ្វើបែប​នោះ—វា​ជា​អំណរ​មួយ​នៃ​ការ​មក​ព្រះវិហារ—ប៉ុន្តែ​យើង មិន គួរ​មាត់ឡូឡា​នៅ​ទីកន្លែង​ដែល​បាន​ឧទ្ទិស​ជា​ពិសេស​សម្រាប់​ថ្វាយ​បង្គំ​ឡើយ ។ ខ្ញុំ​បារម្ភ​ថា ជួនកាល​ភ្ញៀវ​ដែល​មិនមែនជា​សមាជិក​យើង​ភ្ញាក់ផ្អើល ដោយសារ​ការនិយាយ​អ៊ឺងកង​គ្មាន​គារវភាព​ដែល​ធ្វើ​ឲ្យ​ស្រកៀរ​ត្រចៀក ក្នុង​កន្លែង​មួយ​ដែល​គួរតែ​ប្រកប​ដោយ​ការអធិសា្ឋន ទីបន្ទាល់ វិវរណៈ និង​ភាពសុខសាន្ត​នោះ ។ ប្រហែល​ជាព្រះ​ក៏​អាក់អន់​ព្រះទ័យ​បន្តិច​ផងដែរ ។

ប្រសិនបើ​អ្នក​មាន​មុខ​តំណែង​ជាអធិបតី​អង្គុយ​នៅលើ​វេទិកា​បាន​យ៉ាង​ល្អ​ពីមុន​ការប្រជុំ​ចាប់ផ្តើម ស្តាប់​តន្ត្រី​កំដរ​មុន​កម្មវិធី ហើយ​ធ្វើ​ជា​គំរូនៃ​គារវភាព​ដែល​យើង​គួរតែ​ធ្វើ​តាម នោះ​វា​នឹង​បន្ថែម​ស្មារតី​នៃ​គារវភាព​ទៅលើ​ការប្រជុំ​សាក្រាម៉ង់​របស់​យើង ។ បើ​មាន​ការ​និយាយ​គ្នា​នៅ​លើ​វេទិកា យើង​មិន​គួរ​ភ្ញាក់ផ្អើល​ទេ ពេល​ដែល​មាន​ការ​និយាយ​គ្នា​នៅ​ក្នុង​សាលាប្រជុំ​នោះ ។ យើង​សូម​សរសើរ​ដល់​គណៈ​ប៊ីស្សព​ទាំងឡាយ​ដែល​បាន​ដកចេញ​នូវ​ការប្រកាស​នានា ដែល​ទាញ​អារម្មណ៍​យើង​ចេញ​ឆ្ងាយ​ពី​ការថ្វាយ​បង្គំ ។ ដ្បិត​ខ្ញុំ​មិន​គិត​ស្រមៃ​ថា សង្ឃ​ម្នាក់ ដូចជា សាការី​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់​ព្រះអម្ចាស់​សម័យ​បុរាណ—ដែល​ហៀប​នឹង​ចូល​រួម​ក្នុង​ឯកសិទ្ធិ​សម្រាប់​តែ​សង្ឃ​ក្នុង​មួយ​ជីវិត​របស់​គាត់— ផ្អាក​ធ្វើ​ពិធី​នៅ​មុខ​អាសនា រួច​បែរ​ជា​មក​រំឭក​យើង​ថា ព្រឹត្តិការណ៍​ប្រណាំង​ឡាន​នៅសល់តែ​ប្រាំមួយ​សប្តាហ៍​ទៀត ដែល​ត្រូវ​ចុះ​ឈ្មោះ​ជា​ប្រញាប់​នោះ​ទេ ។

បងប្អូន​ប្រុសស្រី ម៉ោង​ដែល​ព្រះអម្ចាស់​បាន​តែងតាំង​ឡើង​នោះ​គឺ​ជា​ម៉ោង​ដ៏​ពិសិដ្ឋ​បំផុត​នៅក្នុងសប្តាហ៍​របស់​យើង ។ តាម​រយៈ​បទបញ្ញត្តិ យើង​ជួបជុំ​គ្នា​ដើម្បី​ទទួល​ពិធីបរិសុទ្ធ​ជា​សាកល​នេះ​នៅ​ព្រះវិហារ ។ វា​ជា​ការនឹក​ចាំ​ដល់​ទ្រង់ ជាអង្គ​ដែល​បាន​សុំ​ឲ្យ​ពែង​នោះ​រំលង​ចេញ​ពី​ទ្រង់ តែ​ទ្រង់​ត្រូវតែ​បន្ត​សោយ​ពែង​នោះ ដោយសារ​ទ្រង់​បាន​ជ្រាប​ដឹង​ថា ដោយ​ព្រោះ យើងពែង​នោះ ពុំអាចរំលង​បាន​ឡើយ ។ វា​នឹង​ជួយយើង ប្រសិនបើ​យើង​ចាំ​ថា និមិត្តរូប​នៃ​ពែង​នៅ​ក្នុង​ដៃ​នៃ​ឌីកុន​អាយុ ១១ ឬ ១២ ឆ្នាំ​​នោះ​កំពុង​បោះជំហានមក​រក​យើង​ដោយ​សន្សឹមៗ​​នោះ ។

ពេល​ម៉ោង​ដ៏​ពិសិដ្ឋ​មក​ដល់ ដើម្បី​បង្ហាញ​អំណោយ​បូជា​របស់​យើ​ង​ចំពោះ​ព្រះអម្ចាស់ នោះ​យើងមាន​អំពើ​បាប និង​កម្សោយ​ផ្ទាល់​ខ្លួន និង​បញ្ហា​នានា​ដែល​ត្រូវ​ដោះស្រាយ នោះ​ជាហេតុ​ដែល​យើង​នៅ​ទីនោះ ។ ប៉ុន្តែ​យើង​អាច​កាន់តែ​មាន​ជោគជ័យ​លើ​វិប្បដិសារី​ទាំង​នោះ ​បើ​យើង​គិតគូរ​ដល់​មនុស្ស​ដទៃ​ដែល​ខូច​ចិត្ត និង​មាន​ទុក្ខ​ដែល​នៅ​ជុំវិញ​យើង ។ អ្នក​ដែល​អង្គុយនៅ​មិន​ឆ្ងាយ​ប៉ុន្មាន គឺ​ជា​មនុស្ស​មួយ​ចំនួន​ដែល​អាច​នឹង​ទួញយំ— ទាំង​ខាង​ក្នុង ឬ​ខាង​ក្រៅ​ខ្លួន— នៅ​ក្នុង​ទំនុក​តម្កើង​សាក្រាម៉ង់​ទាំងមូល និងការ​​​អធិស្ឋាន​របស់​ពួក​សង្ឃ​ទាំងនោះ ។ តើ​យើង​អាច​កត់សម្គាល់​ដោយ​ស្ងៀមស្ងាត់ ហើយ​ផ្ដល់​ការ​លួងលោម​បន្ដិចបន្ដួច និង​ផ្ដល់ពែង​នៃ​ក្ដីមេត្តាដ៏​តូច​របស់យើង— ដែល​យើង​បាន​ឧទ្ទិស​ដល់​ពួកគេ​​ឬទេ? ឬ​ផ្ដល់​ដល់​សមាជិក​ដែលកំពុង​ទួញ​យំ មាន​បញ្ហាលំបាក ដែល ពុំ មកព្រះវិហារសប្ដាហ៍នេះ និង​សប្ដាហ៍​ក្រោយ ដែល​ត្រូវការ​ការ​ងារ​បម្រើ​របស់​យើង​ឬទេ ? ឬបងប្អូន​ប្រុសស្រី​ដែល​ពុំ​មែនជា​សមាជិក​របស់​សាសនាចក្រ ប៉ុន្តែ គឺជា បងប្អូន​ប្រុសស្រី​របស់​យើង​ឬទេ ? មាន​ការរងទុក្ខ​ជា​ច្រើន​នៅក្នុង​ពិភពលោក​នេះ ទាំង​ក្នុង​សាសនាចក្រ និង​ក្រៅ​សាសនាចក្រ ដូច្នេះ​ចូរ​សម្លឹង​មើលជុំវិញ​ខ្លួន ហើយ​អ្នក​នឹង​ឃើញ​បុគ្គល​ដែល​មានក្តី​ឈឺចាប់ ដែលហាក់ដូច​ជា​ធ្ងន់ធ្ងរ​ពេក​ពុំ​អាច​ទ្រាំ​បាន និង​អ្នក​ឈឺ​ចិត្ត ដែល​ហាក់ដូចជា​គ្មាន​ការធូរស្បើយ​សោះ ។​ របៀប​មួយ​ដើម្បី « ចងចាំ​ទ្រង់​ជានិច្ច »គឺ​ការចូលរួម​ជាមួយ​គ្រូពេទ្យ​ដ៏អស្ចារ្យ​នៅក្នុង​កិច្ចការ​គ្មាន​ទីបញ្ចប់​របស់​ទ្រង់ ក្នុងការ​លើក​បន្ទុក​ពី​អ្នក​ដែល​មាន​បន្ទុក ហើយ​សម្រាល​ការឈឺចាប់​នៃ​អ្នក​ដែល​មាន​បញ្ហា ។

ឱ មិត្តជាទីស្រឡាញ់​អើយ កាល​យើង​រួមគ្នានៅ​ទូទាំង​ពិភពលោក​រៀងរាល់​សប្តាហ៍​ ក្នុង​ក្តីសង្ឃឹម​មួយ​ដែល​យើង​នឹង​កាន់តែ​ទទួល​ស្គាល់​អំណោយ​ពលិកម្ម​ដ៏ធួន​នៃ​ព្រះគ្រីស្ទ​ដល់​មនុស្ស​លោក​ទាំងអស់ សូម​ឲ្យ​យើង មក​កាន់ អាសនា​សាក្រាម៉ង់​ដោយ « កាន់តែ​យំ​ព្រោះ​ទុក្ខ​ទ្រង់ [ និង ] កាន់តែ​អាសូរ​ទ្រង់ » ។ ហើយ​បន្ទាប់មក​ពេល​យើង​សញ្ជឹង​គិត អធិស្ឋាន និង​រំឭក​សេចក្តីសញ្ញា សូម​យើង​ទទួល​បាន ពី គ្រា​ដ៏ពិសិដ្ឋ​នេះ​ដើម្បី​ឲ្យ « កាន់តែ​ចេះ​មាន​អំណត់…កាន់តែ​បាន​ធូរ​ស្បើយ » ។ ខ្ញុំ​អធិស្ឋាន​ទូល​សូម​ក្តីអំណត់ និង​ការធូរស្បើយ ភាព​វិសុទ្ធ និង​ក្តីសង្ឃឹម​នេះ សម្រាប់​យើង​ទាំងអស់​គ្នានៅ​ក្នុង​ព្រះនាម​ទ្រង់​ដែល​បាន​ហែក​នំបុ័ងនៃ​ការអភ័យទោស​ដ៏​មាន​តម្លៃ និងចាក់​ស្រាទំពាំង​បាយ​ជូរ​នៃ​សេចក្តីប្រោសលោះ​ដ៏​បរិសុទ្ធ​គឺ​ព្រះយេស៊ូវគ្រីស្ទ ជា​កូនចៀម​នៃ​ព្រះ​ដ៏​មហិមា និង​ប្រកប​ដោយ​ក្ដីមេត្តាករុណា អាម៉ែន ។

កំណត់​ចំណាំ

  1. យ៉ូហាន ១:២៩ ។

  2. សូមមើល នីហ្វៃ​ទី២ ៩:៨–៩ ។

  3. សូមមើល ម៉ូសេ ៥:៥; សូមមើល​ផងដែរ និក្ខមនំ ១២:៣–១០ ។

  4. ម៉ូសេ ៥:៧–៨ សូមមើល​ផងដែរ ម៉ូសេ ៥:៩ ។

  5. វិវរណៈ ១៣:៨ ។

  6. សូមមើល​ Bible Dictionary, « Anointed One »; សូមមើល​ផងដែរ សេចក្ដី​ណែនាំ​ដល់​បទគម្ពីរទាំងឡាយ, « Anointed One, » scriptures.ChurchofJesusChrist.org ។

  7. ទីបំផុត កាអ៊ីន​សម្លាប់​អេបិល គឺ​ជា​ទង្វើ​ដឹកនាំ​ដោយ​សាតាំង ដែល​វាអាច​នឹង​ភ្ជាប់​ទៅ​នឹង​កំហឹង​របស់​កាអ៊ីន​កាល​ពី​មុន​ដែល​ព្រះអម្ចាស់​បដិសេធ​ពុំ​ទទួល​ការ​ថ្វាយ​ដង្វាយ​របស់​គាត់ តែ​ទ្រង់​ទទួល​ដង្វាយរបស់​អេបិល ។

    « ព្រះ … បាន​រៀបចំ​ពលិកម្ម​មួយ​នៅ​ក្នុង​អំណោយ​ជា​ព្រះរាជបុត្រា​ផ្ទាល់​របស់​ទ្រង់ ដែល​គួរ​តែ … បើក​ទ្វា​ដើម្បី​មនុស្ស​អាច​ចូល​ក្នុង​វត្តមាន​ទ្រង់​បាន … ។

    តាមរយៈ​សេចក្ដីជំនឿ​ទៅលើ​ដង្វាយធួន​នេះ ឬ​ផែនការ​នៃ​សេចក្ដី​ប្រោសលោះ នោះ​អេបិល​បាន​ថ្វាយ​ដល់​ព្រះ​នូវ​ដង្វាយ​មួយ​ដែល​ព្រះ​សព្វ​ព្រះទ័យ ដែល​ជា​កូនចៀម​ច្បង​នៃ​ហ្វូងចៀម ។ កាអ៊ីន​បាន​ថ្វាយ​ផល្លានុផល​មកពី​ដី ហើយ​ពុំ​ត្រូវ​បាន​ទទួល​យក ។ [ ការ​ពលិកម្ម​របស់​ទ្រង់​គឺ​ត្រូវ​ដាក់​បញ្ចូលទាំង ] ការ​បង្ហូរ​ឈាម » (Teachings of Presidents of the Church: Joseph Smithឆ្នាំ ២០០៧ ], ទំព័រ ៤៨; សូមមើល​ផងដែរ ១០៧–៨ ) ។

  8. នីហ្វៃទី​៣ ៩:១៩–២០, ២២ ។

  9. គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៩:៩ ។

  10. មរ៉ូណៃ ៤:៣៥:២ ។

  11. « ឲ្យ​ខ្ញុំ​កាន់តែ​វិសុទ្ធ » ទំនុក​តម្កើងលេខ ៧១ ។