ឆ្នាំ ២០១០-២០១៩
អំណាច​នៃ​សេចក្តី​ជំនឿ​ដើម្បី​គាំទ្រ
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០១៩


2:3

អំណាច​នៃ​សេចក្តី​ជំនឿ​ដើម្បី​គាំទ្រ

តាមរយៈ​ការ​លើក​ដៃ​របស់​អ្នក​ដើម្បី​គាំទ្រ បងប្អូន​សន្យា​នឹង​ព្រះ និង​ពួក​អ្នក​បម្រើ​របស់​ទ្រង់​ថា បងប្អូន​គាំទ្រ​ពួកគាត់ ។

ជា​ច្រើន​លើក ខ្ញុំ​បាន​ស្ដាប់​ឮ​ថ្នាក់​ដឹកនាំ​បព្វជិតភាព​ថ្លែង​អំណរ​គុណ​ចំពោះ​សេចក្ដី​ជំនឿ​ដើម្បី​គាំទ្រនៃ​បុគ្គល​ដែល​ពួកគាត់​បម្រើ ។ នៅ​ក្នុង​សំឡេង​ក្ដុក​ក្ដួល​របស់​ពួកគាត់ នោះ​បងប្អូន​ដឹង​ថា ពួកគាត់​មាន​ការ​ដឹង​គុណ​ដ៏​ជ្រាល​ជ្រៅ ហើយ​ពិត​ប្រាកដ ។ គោលបំណង​រ​បស់​ខ្ញុំ​នៅ​ថ្ងៃ​នេះគឺ​ចង់ប្រាប់​ពីការ​ថ្លែង​អំណរគុណ​របស់​ព្រះ​អម្ចាស់​ចំពោះ​ការ​គាំទ្រ​របស់​បងប្អូន​ចំពោះ​ពួក​អ្នក​បម្រើ​របស់​ទ្រង់​នៅ​ក្នុង​សាសនាចក្រ​របស់​ទ្រង់ ។ ហើយ​ក៏​ចង់​លើក​ទឹក​ចិត្ត​បងប្អូន​ឲ្យ​អនុវត្ត ហើយ​រីកចម្រើន​នៅ​ក្នុង​អំណាច​ដើម្បី​គាំទ្រ​មនុស្ស​ដទៃ​ដោយ​សេចក្ដី​ជំនឿ​របស់​បងប្អូន​ផង​ដែរ ។

ពី​មុន​បងប្អូន​ចាប់​កំណើត​មក បងប្អូន​បាន​បង្ហាញ​នូវ​អំណាច​នេះ ។ សូម​គិត​ត្រឡប់​ទៅ​រក​អ្វី​ដែល​យើង​ដឹង​ពី​ពិភព​វិញ្ញាណ​ពីមុន​​យើង​កើត​មក ។ ព្រះវរបិតាសួគ៌​យើង​បាន​បង្ហាញ​ផែនការ​មួយ​សម្រាប់​បុត្រាបុត្រី​របស់​ទ្រង់ ។ យើង​ក៏​នៅ​ទីនោះ​ដែរ ។ លូស៊ីហ្វើរ​ជា​បងប្រុស​ខាង​វិញ្ញាណ​របស់​យើង បាន​បដិសេធ​ផែនការ​ដែល​នឹង​អនុញ្ញាត​ឲ្យ​មាន​សិទ្ធិ​ជ្រើសរើស ។ ព្រះយេហូវ៉ា​ជា​ព្រះរាជបុត្រា​ស្ងួនភ្ញា​រ​បស់​ព្រះវរបិតា​សួគ៌ បាន​គាំទ្រ​ផែនការ​នោះ ។ លូស៊ីហ្វើរ​បាន​ដឹកនាំ​នូវការ​បះបោរ​មួយ ។ សំឡេង​គាំទ្រ​របស់​ព្រះយេហូវ៉ា​បា​នទទួល​ជោគជ័យ ហើយ​ទ្រង់​បាន​ស្ម័គ្រ​ព្រះទ័យ​ធ្វើ​ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង ។

ការ​ពិត​ដែល​បងប្អូន​ស្ថិត​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់​នា​ពេល​នេះ បញ្ជាក់​ដល់​យើង​ថា បងប្អូន​បាន​គាំទ្រ​ព្រះវរបិតា និង​ព្រះអង្គ​សង្គ្រោះ ។ វា​តម្រូវ​ឲ្យ​មាន​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ដើម្បី​គាំទ្រ​ផែនការ​នៃ​សុភមង្គល និង​តួនាទី​របស់​ព្រះគ្រីស្ទ​នៅ​ក្នុង​ផែនការ​នោះ នៅពេល​បងប្អូន​បាន​ដឹង​តិច​តួច​ពី​ឧបសគ្គ​ដែល​បងប្អូន​នឹង​ជួប​ប្រទះ​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់ ។

សេចក្ដី​ជំនឿ​របស់​បងប្អូន​ដើម្បី​គាំទ្រ​ចំពោះ​ពួកអ្នក​បម្រើ​រ​បស់​ព្រះ​បាន​នាំ​ឲ្យ​កើត​មាន​នូវ​សុភមង្គល​របស់​បងប្អូន​នៅ​ក្នុង​ជីវិត​នេះ​ផង​ដែរ ។ នៅពេល​បងប្អូន​ទទួល​យក​សំណូមពរ​របស់​អ្នក​ផ្សព្វផ្សាយសាសនាដើម្បី​អធិស្ឋាន​ឲ្យ​ដឹង​ថា ព្រះគម្ពីរ​មរមន​គឺជា​បន្ទូល​របស់​ព្រះ នោះ​បងប្អូន​មាន​សេចក្ដីជំនឿ​ដើម្បី​គាំទ្រ​ចំពោះ​អ្នក​បម្រើ​មួយ​រូប​របស់​ព្រះអម្ចាស់ ។ នៅពេល​បងប្អូន​បាន​ទទួល​យក​ការ​អញ្ជើញ​ឲ្យ​ជ្រមុជទឹក​ នោះ​បងប្អូន​បាន​គាំទ្រ​អ្នក​បម្រើ​ដ៏​រាបសា​មួយ​រូប​របស់​ព្រះ ។

នៅពេល​បងប្អូន​ឲ្យ​មនុស្ស​ម្នាក់​ដាក់​ដៃ​លើ​ក្បាល​របស់​បងប្អូន ហើយ​និយាយ​ថា « ចូរទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ​ចុះ » នោះ​បងប្អូន​គាំទ្រ​គាត់​ជា​អ្នក​កាន់​បព្វជិតភាព​មិលគីស្សាដែក​ម្នាក់ ។

ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក ដោយ​បម្រើ​ដោយ​ស្មោះត្រង់ បងប្អូន​បាន​គាំទ្រដល់​បុគ្គល​ម្នាក់ៗ​ដែល​បាន​ប្រគល់​បព្វជិតភាព​ដល់​បងប្អូន និង​បុគ្គល​ម្នាក់ៗ​ដែល​បាន​តែង​តាំង​បងប្អូន​ទៅ​ក្នុង​តំណែង​មួយ​ក្នុង​បព្វជិតភាព​នោះ ។

នៅ​គ្រា​ចាប់ផ្ដើម​នៃ​បទពិសោធន៍​របស់​បងប្អូន​ក្នុង​បព្វជិតភាព ការ​គាំទ្រ​នីមួយៗ​គឺជា​ព្រឹត្តិការណ៍​ដ៏​សាមញ្ញ​មួយ​នៃ​ការ​ទុក​ចិត្ត​លើ​អ្នក​បម្រើ​ម្នាក់​របស់​ព្រះ ។ ឥឡូវនេះ បងប្អូន​ភាគច្រើន​បាន​រីកចម្រើន​ទៅ​កាន់​ស្ថានភាព​មួយ​ដែល​តម្រូវ​ឲ្យ​មាន​ការ​គាំទ្រ​កាន់តែច្រើន ។

បងប្អូន​ជ្រើស​រើសគាំទ្រ ឬ​ពុំ​គាំទ្រ​ដល់​បុគ្គល​គ្រប់​រូប​ដែល​ព្រះអម្ចាស់​ហៅ—ក្នុង​តួនាទី​នានា​ដែល​ព្រះអម្ចាស់​បាន​ហៅ​ពួកគាត់ ។ ការ​ជ្រើស​រើស​នោះ​កើត​ឡើង​នៅ​ក្នុង​សន្និសីទ​ទូទាំង​ពិភពលោក ។ វា​បានកើត​ឡើង​នៅ​ក្នុង​សន្និសីទ​នេះ​ដែរ ។ នៅ​ក្នុង​ការ​ប្រជុំ​បែប​នេះ ឈ្មោះ​រ​បស់​បុរស​ស្ត្រី—ជា​អ្នក​បម្រើ​របស់​ព្រះ—ត្រូវ​បាន​អាន ហើយ​បងប្អូន​ត្រូវ​បាន​អញ្ជើញ​ឲ្យ​លើក​ដៃ​គាំទ្រ ។ បងប្អូន​អាច​បដិសេធ​ពុំ​គាំទ្រ ឬ​បងប្អូន​អាច​​សន្យា​ដោយ​នូវ​សេចក្ដី​ជំនឿ​របស់​បងប្អូន​ដើម្បី​គាំទ្រ ។ តាមរយៈ​ការ​លើក​ដៃ​គាំទ្រ បងប្អូន​ធ្វើ​ការ​សន្យា​មួយ ។ បងប្អូន​សន្យា​នឹង​ព្រះ និង​ពួក​អ្នក​បម្រើ​របស់​ទ្រង់​ថា បងប្អូន​គាំទ្រ​ពួកគាត់ ។

ពួកគាត់​ទាំង​នេះ​គឺជា​មនុស្ស​ពុំ​ល្អ​ឥត​ខ្ចោះ ដូចជា​បងប្អូន​ដែរ ។ ការ​រក្សា​ការ​សន្យា​របស់​បងប្អូន​នឹង​តម្រូវ​ឲ្យ​មាន​សេចក្ដី​ជំនឿ​ដ៏​រឹង​មាំ​ថា ព្រះអម្ចាស់​បាន​ហៅ​ពួកគាត់ ។ ការ​រក្សា​សន្យា​ទាំង​នេះក៏​នឹង​នាំ​មក​នូវ​សុភមង្គល​ដ៏​អស់កល្ប​ជានិច្ច​ផង​ដែរ ។ ការ​ពុំ​បាន​រក្សា​វា​នឹង​នាំមក​នូវ​ភាព​សោកសៅ​ដល់​បងប្អូន និង​ដល់​មនុស្ស​ជាទីស្រឡាញ់​របស់​បងប្អូន—ហើយ​អាច​នាំ​មក​នូវ​ការ​បាត់​បង់​ដែល​ហួស​ពី​ការ​នឹក​ស្រមៃ​របស់​បងប្អូន​ទៅ​ទៀត ។

បងប្អូនប្រហែល​ជា​ធ្លាប់ ឬ​នឹង​ត្រូវ​បាន​សួរ​ថា តើ​បងប្អូន​គាំទ្រ​ដល់​ប៊ីស្សព​របស់​បងប្អូន ប្រធាន​ស្តេក ពួក​អ្នកមាន​សិទ្ធិ​អំណាច​ទូទៅ និង​ពួក​អ្នក​កាន់​តំណែង​ទូទៅ​ក្នុង​សាសនាចក្រ​ដែរ​ឬទេ ។ វា​ប្រហែល​ជា​កើត​ឡើង នៅពេល​បងប្អូន​ត្រូវ​បាន​សុំ​ឲ្យ​គាំទ្រ​ដល់​ពួក​អ្នក​កាន់​តំណែង និង​ពួក​ថ្នាក់​ដឹកនាំ​ក្នុង​សន្និសីទ​មួយ ។ ពេលខ្លះ វា​នឹង​កើត​ឡើង​នៅ​ក្នុង​ការ​សម្ភាសន៍​មួយ​ជាមួយ​នឹង​ប៊ីស្សព ឬ​ប្រធាន​ស្ដេក ។

ពាក្យ​ទូន្មាន​របស់​ខ្ញុំ​គឺ​ថា បងប្អូន​ត្រូវ​សួរ​សំណួរ​ទាំង​នោះ​ដោយ​ខ្លួន​ឯង​​ដោយ​​ប្រុង​ប្រយ័ត្ន និង​ប្រកបដោយ​ការ​អធិស្ឋាន​ជា​មុន​សិន ។ នៅពេល​បងប្អូន​ធ្វើ​ដូច្នោះ បងប្អូន​អាច​ក្រឡេក​មើល​ទៅ​គំនិត ពាក្យ​សម្ដី និង​ទង្វើ​ថ្មីៗ​របស់​បងប្អូន ។ សូម​ព្យាយាម​ចងចាំ ហើយ​រៀបចំ​ចម្លើយ​ដែល​បងប្អូន​នឹង​ឆ្លើយ នៅពេល​ព្រះអម្ចាស់​សម្ភាស​បងប្អូន ដោយ​ដឹង​ថា នៅ​ថ្ងៃ​មួយ​ទ្រង់​នឹង​ធ្វើ​កិច្ចការ​នេះ ។ បងប្អូន​អាច​រៀបចំខ្លួន​ដោយ​សួរ​ខ្លួន​ឯង​នូវ​សំណួរ​ដូច​តទៅ​នេះ ៖

  1. តើ​ខ្ញុំ​ធ្លាប់គិត ឬនិយាយ​ពី​ភាព​ទន់​ខ្សោយ​របស់​បុគ្គល​ដែល​ខ្ញុំ​បាន​សន្យា​ថា​គាំទ្រ​ដែរ​ឬទេ ?

  2. តើ​ខ្ញុំ​ធ្លាប់​រក​មើល​ភស្តុតាង​ថា ព្រះអម្ចាស់​កំពុង​ដឹកនាំ​ពួកគាត់​ដែរ​ឬទេ ?

  3. តើ​ខ្ញុំ​ធ្លាប់​ធ្វើ​តាមការ​ដឹកនាំ​របស់​ពួកគាត់​ដោយ​មាន​មនសិការ និង​ដោយ​ភក្ដីភាព​ដែរ​ឬទេ ?

  4. តើ​ខ្ញុំ​ធ្លាប់​និយាយ​ពី​ភស្ដុតាង​ដែល​ខ្ញុំ​អាចមើល​ឃើញ​ថា ពួកគាត់​គឺជា​ពួក​អ្នក​បម្រើ​រ​បស់​ព្រះ​ដែរ​ឬទេ ?

  5. តើ​ខ្ញុំ​អធិស្ឋាន​ឲ្យ​ពួកគាត់​ជា​ទៀង​ទាត់​តាម​ឈ្មោះរបស់ពួកគាត់ និង​ដោយ​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់​ដែរ​ឬ​ទេ ?

ចំពោះ​យើង​ភាគច្រើន សំណួរ​ទាំង​នេះ​នឹង​ដឹកនាំ​ទៅរក​ការ​ពិបាកចិត្ត​មួយ​ចំនួន និង​ការ​ប្រែ​ចិត្ត ។ ព្រះ​បាន​បង្គាប់​យើង​កុំ​ឲ្យ​វិនិច្ឆ័យមនុស្ស​ដទៃ​ដោយពុំ​ត្រឹមត្រូវ ប៉ុន្តែ​ជាក់​ស្ដែង យើង​ឃើញ​ថា វា​ពិបាក​នឹង​ចៀសវាង​ណាស់ ។ ភាគច្រើន​ ក្នុង​ការ​ងារ​ដែល​យើង​បាន​ធ្វើ​​ជាមួយ​មនុស្ស​ទូទៅ វា​ដឹកនាំ​យើង​ឲ្យ​វាយ​តម្លៃ​ពួកគេ ។ ហើយ​ស្ទើរ​តែ​គ្រប់​កត្តា​នៃ​ជីវិត​របស់​យើង យើង​ប្រៀប​ធៀប​ខ្លួន​ឯង​ទៅ​នឹង​មនុស្ស​ដទៃ ។ យើង​អាច​ធ្វើ​ដូច្នេះ​ដោយ​សារ​ហេតុផល​ជាច្រើន ហេតុផល​ខ្លះ​ជា​រឿង​ត្រឹមត្រូវ ប៉ុន្តែ​ជា​ញឹកញាប់​វាដឹកនាំ​យើង​ឲ្យ​មាន​អាកប្បកិរិយារិះគន់ ។

ប្រធាន ចច ឃ្យូ ខេនិន បាន​ផ្ដល់​ការ​ព្រមាន​មួយ​ ហើយ​ខ្ញុំ​សូម​​ផ្ដល់​វា​ដល់​បងប្អូនទុក​ជា​ការ​ព្រមាន​របស់​ខ្ញុំ​ផ្ទាល់ ។ ខ្ញុំ​ជឿ​ថា លោក​បាន​ថ្លែង​ពីសេចក្ដី​ពិត​នេះថា ៖ « ព្រះ​បាន​ជ្រើស​រើស​ពួក​អ្នក​បម្រើ​របស់​ទ្រង់ ។ ទ្រង់​អះអាង​ថា វា​គឺជា​សិទ្ធិ​របស់​ទ្រង់​ដើម្បី​ថ្កោល​ទោស​ពួកគេ​ ប្រសិន​បើ​ពួកគេ​ត្រូវការ​ការ​ថ្កោល​ទោស​នោះ ។ ទ្រង់​ពុំ​បាន​ផ្ដល់​សិទ្ធិ​នោះ​ដល់​យើង​ម្នាក់ៗ​ដើម្បី​រិះគន់ ហើយ​ថ្កោល​ទោស​ពួកគេ​នោះ​ឡើយ ។ មិន​ថា​គាត់​មាន​សេចក្ដី​ជំនឿ​ខ្លាំង​ មាន​បព្វជិតភាព​ខ្ពស់​ដល់​កម្រិត​ណា​នោះទេ គឺគ្មាន​នរណា​ម្នាក់​អាច​និយាយ​អាក្រក់​ពី​បុគ្គល​ដែល​ព្រះ​បាន​ចាក់​ប្រេង​តាំង ហើយ​រិះគន់​អ្នក​មាន​សិទ្ធិ​អំណាច​របស់​ព្រះ​នៅ​លើ​ផែនដី ដោយ​ពុំ​បាន​ធ្វើ​ឲ្យ​ព្រះ​អាក់​អន់​ព្រះទ័យ​បាន​ឡើយ ។ ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ដក​ខ្លួន​ចេញពី​បុគ្គល​នោះ ហើយ​គាត់​នឹង​ចូល​ទៅ​ក្នុង​ភាព​ងងឹត ។ ហេតុដូច្នេះហើយ តើ​បងប្អូន​​ឃើញ​ថា រឿង​នេះសំខាន់​ប៉ុណ្ណា​ទេ​ ដែល​យើង​គួរ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ននោះ ?

តាម​ការ​សង្កេតឃើញ​របស់​ខ្ញុំ​គឺថា សមាជិក​សាសនាចក្រ​ជុំវិញ​ពិភពលោក ជាទូទៅ​ មាន​ភក្ដីភាព​ចំពោះ​គ្នា និង​ចំពោះ​បុគ្គល​ដែល​ធ្វើ​ជា​អធិបតី​លើ​ពួកគេ ។ ប៉ុន្តែ វា​មាន​នូវ​ការ​កែលម្អ​ដែល​យើង​អាច ហើយ​ត្រូវ​តែ​ធ្វើ ។ យើង​អាច​កែលម្អ​អំណាច​របស់​យើង​ដើម្បី​គាំទ្រ​គ្នា​ទៅវិញ​ទៅ​មក ។ វានឹង​តម្រូវ​ឲ្យ​មាន​សេចក្ដី​ជំនឿ និង​ការ​ខិតខំ ។ ខ្ញុំ​សូម​ផ្ដល់​ជា​យោបល់​ចំនួន​បួន​សម្រាប់​យើង ដើម្បី​ធ្វើ​នៅ​ក្នុង​សន្និសីទ​នេះ ។

  1. យើង​អាច​ស្គាល់​ពី​សកម្មភាព​ជាក់​លាក់ ​ដែល​អ្នក​ឡើង​និយាយ​ផ្ដល់​អនុសាសន៍​ឲ្យ ហើយ​ចាប់​ផ្ដើម​នៅ​ថ្ងៃ​នេះ​ដើម្បី​អនុវត្ត​វា ។ នៅ​ពេល​យើង​ធ្វើ​ដូច្នោះ អំណាច​របស់​យើង​ដើម្បី​គាំទ្រ​ពួកគាត់​នឹង​កើន​ឡើង ។

  2. នៅពេល​ពួកគាត់​និយាយ យើង​អាច​អធិស្ឋាន​ឲ្យ​ពួកគាត់ថា ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​នាំ​ពាក្យ​សម្ដី​របស់​ពួកគាត់​ចូល​ទៅ​ក្នុង​ដួង​ចិត្ត​នៃ​មនុស្ស​ជាក់​លាក់​ដែល​យើង​ស្រឡាញ់ ។ ក្រោយ​មក​ទៀត នៅពេល​យើង​ដឹង​ថា ការ​អធិស្ឋាន​របស់​យើង​ត្រូវ​បាន​ឆ្លើយ​តប នោះ​អំណាច​របស់​យើង​ដើម្បី​គាំទ្រ​ដល់​ថ្នាក់​ដឹកនាំ​ទាំង​នោះ​នឹង​កើនឡើង ។

  3. យើង​អាច​អធិស្ឋាន​ថា អ្នក​ឡើង​និយាយ​ជាក់​លាក់​នឹង​មាន​ពរ ហើយ​តម្កើង​ឡើង នៅពេល​ពួកគាត់​ថ្លែង​សារលិខិត​របស់​ពួកគាត់ ។ នៅពេល​យើងឃើញ​ថា ពួកគាត់​ត្រូវ​បាន​តម្កើង​ឡើង យើង​នឹង​រីកចម្រើន​ក្នុង​សេចក្ដីជំនឿ​ដើម្បី​គាំទ្រ​ពួកគាត់ ហើយ​វា​នឹង​បន្ត​រហូត ។

  4. យើង​អាច​ស្ដាប់​រក​សារលិខិត​មក​ពី​អ្នក​ឡើង​និយាយ ​ដែល​ជា​ចម្លើយ​មួយ​ចំពោះ​ការអធិស្ឋាន​សូម​ជំនួយ​ផ្ទាល់​ខ្លួន​របស់​យើង ។ នៅពេល​ចម្លើយ​នោះ​មក​ដល់ ប្រាកដ​ណាស់​វា​នឹង​មក នោះ​យើង​នឹង​រីក​ចម្រើន​ក្នុង​សេចក្ដី​ជំនឿ​របស់​យើង​ ដើម្បី​គាំទ្រ​ដល់​ពួក​អ្នក​បម្រើ​គ្រប់​រូប​របស់​ព្រះអម្ចាស់ ។

បន្ថែម​ពី​លើ​ការ​កែលម្អ​នៅ​ក្នុង​ការ​គាំទ្រ​ដល់​បុគ្គល​ដែល​បម្រើ​ក្នុង​សាសនាចក្រ នោះ​យើង​នឹង​ដឹង​ថា មាន​មជ្ឈដ្ឋាន​មួយ​ទៀត​ដែល​យើង​អាច​បង្កើន​អំណាច​នេះ ។ នៅ​ទីនោះ វា​អាច​នាំ​ពរជ័យ​កាន់​តែច្រើន​ដល់​យើង ។ វា​ស្ថិត​នៅ​ក្នុង​គេហដ្ឋាន និង​គ្រួសារ​ ។

ខ្ញុំ​សូម​និយាយ​ទៅកាន់​អ្នក​កាន់​បព្វជិតភាព​វ័យ​ក្មេង​ម្នាក់​ដែល​រស់​នៅ​ក្នុង​ផ្ទះ​មួយ​ជាមួយ​នឹង​ឪពុក​របស់​គាត់ ។ ខ្ញុំ​សូម​ប្រាប់​បងប្អូន​ពី​បទពិសោធន៍​របស់​ខ្ញុំ​ផ្ទាល់​ពី​អារម្មណ៍​ដែល​ឪពុក​ម្នាក់​មាន​ចំពោះ​សេចក្ដី​ជំនឿ​របស់​បងប្អូន​ដើម្បី​គាំទ្រ ។ បងប្អូន​ប្រហែល​ជា​គិត​ថា គាត់​ជាមនុស្ស​មាន​ភាពជឿ​ជាក់ ។ ប៉ុន្តែ​គាត់​ជួប​នឹង​ឧបសគ្គ​ជាច្រើន​​លើស​ពី​អ្វី​ដែល​បងប្អូន​ដឹង​ទៅ​ទៀត ។ ពេលខ្លះ គាត់​ពុំ​អាច​មើល​បញ្ហា​នៅ​ចំពោះ​មុខ​គាត់​ឡើយ ។

ការ​កោត​សរសើរ​របស់​បងប្អូន​ចំពោះ​គាត់​នឹង​ជួយ​គាត់​​បាន​ខ្លះ ។ សេចក្ដីស្រឡាញ់​​របស់​បងប្អូន​ចំពោះ​គាត់​នឹង​ជួយ​គាត់​​បានកាន់​តែច្រើន ។ ប៉ុន្តែរឿង​ដែល​ជួយ​គាត់​ច្រើន​បំផុត​គឺ​ពាក្យ​សម្ដី​ស្មោះត្រង់​ដូច​តទៅ​នេះ ៖ « ប៉ា កូន​បាន​អធិស្ឋាន​ឲ្យ​ប៉ា ហើយ​កូន​មាន​អារម្មណ៍​ថា ព្រះអម្ចាស់​នឹង​ជួយ​ដល់​ប៉ា ។ អ្វីៗ​គ្រប់​យ៉ាង​នឹង​ប្រសើរឡើង ។ កូន​ដឹង​ថា វា​នឹង​កើត​ឡើង » ។

ពាក្យ​សម្ដី​បែប​នោះក៏​​មាន​អនុភាព​ដូចគ្នា ពេល​ឪពុក​និយាយ​ទៅ​កាន់​កូន​ប្រុសដែរ ។ នៅពេល​កូន​ប្រុស​ម្នាក់​ធ្វើ​កំហុស​ធ្ងន់​ធ្ងរ ប្រហែល​ជា​បញ្ហា​ខាង​វិញ្ញាណ​មួយ គាត់​អាច​នឹង​មាន​អារម្មណ៍​ថា គាត់​បាន​បរាជ័យ ។ នៅ​គ្រានោះ ក្នុង​នាម​ជា​ឪពុក​របស់​គាត់ បងប្អូន​អាច​នឹង​ភ្ញាក់​ផ្អើល នៅពេលព្រះវិញ្ញាណ​ផ្ដល់​ពាក្យ​ពេចន៍​ទាំង​នោះ​ចេញ​ពី​មាត់​របស់​បងប្អូន ក្រោយ​ពី​បងប្អូន​អធិស្ឋាន​ ដើម្បី​ដឹង​ពី​អ្វី​ដែល​ត្រូវ​ធ្វើ​ថា « កូនប្រុស ប៉ា​នៅ​ជាមួយ​នឹង​កូន​ជានិច្ច ។ ព្រះអម្ចាស់​ស្រឡាញ់​កូន ។ ដោយ​មាន​ជំនួយ​របស់​ទ្រង់ កូន​អាច​ត្រឡប់​មក​វិញ​បាន ។ ប៉ា​ដឹង​ថា កូន​អាច ហើយ​ថា​កូន​នឹង​ធ្វើ​វា​បាន ។ ប៉ា​ស្រឡាញ់​កូន » ។

នៅ​ក្នុង​កូរ៉ុម​បព្វជិតភាព និង​ក្នុង​គ្រួសារ សេចក្ដី​ជំនឿ​ដែល​បាន​កើន​ឡើង​ដើម្បី​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​គឺជា​វិធី​មួយ ដែល​យើង​ស្ថាបនា​ក្រុង​ស៊ីយ៉ូន​ដែល​ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ឲ្យ​យើង​បង្កើត​ឡើង ។ ដោយ​មាន​ជំនួយ​របស់​ទ្រង់​យើង​អាច ហើយ​នឹង​ធ្វើ​វា ។ វា​នឹង​តម្រូវ​ឲ្យ​មាន​ការ​រៀន​ស្រឡាញ់​ព្រះអម្ចាស់​ឲ្យ​អស់​ពី​​ចិត្ត ពលំ គំនិត និង​កម្លាំង​របស់​យើង ហើយ​ស្រឡាញ់​គ្នាដូចជា​យើង​ស្រឡាញ់​ខ្លួន​ឯង ។

នៅពេល​យើង​រីកចម្រើន​នៅ​ក្នុង​សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធ​នៃ​ព្រះគ្រីស្ទ នោះ​យើង​មាន​ចិត្ត​ទន់ភ្លន់ ។ សេចក្ដី​ស្រឡាញ់​នោះ​នឹង​ធ្វើ​ឲ្យ​យើង​រាប​សា ហើយ​ដឹកនាំ​យើង​ឲ្យ​ប្រែ​ចិត្ត ។ ភាព​ជឿ​ជាក់​របស់​យើង​លើ​ព្រះអម្ចាស់ និង​ចំពោះ​គ្នា​នឹង​រីក​ចម្រើន ។ បន្ទាប់មក យើង​នឹង​ដើរ​ឆ្ពោះ​ទៅ​មុខ​​ដោយ​សាមគ្គីគ្នា ដូចជា​ព្រះអម្ចាស់​សន្យា​ថា ​យើង​អាច​ធ្វើ​បាន ។

ខ្ញុំសូមថ្លែងទីបន្ទាល់ថា ព្រះវរបិតាសួគ៌​ស្គាល់ ហើយស្រឡាញ់បងប្អូន ។ ព្រះ​យេស៊ូវ​​គឺ​ជា​ព្រះ​គ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ ។ នេះ​គឺ​ជា​សាសនាចក្រ​របស់​ទ្រង់ ។ យើង​កាន់​បព្វជិតភាព​រ​បស់​ទ្រង់ ។ ទ្រង់​​នឹង​សរសើរ​ដល់​ការ​ខិតខំ​របស់​យើង​ដើម្បីរីកចម្រើន​នៅ​ក្នុង​អំណាច​របស់​យើង​ដើម្បី​អនុវត្ត​វា ហើយ​គាំទ្រ​គ្នា ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ដូច្នោះ ក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។