ឆ្នាំ ២០១០-២០១៩
ទទួលទាន​នូវ​ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០១៩


2:3

ទទួលទាន​នូវ​ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ

ការទទួល​ទាន​នូវព្រះបន្ទូលទាំងឡាយនៃព្រះគ្រីស្ទ​អាច​កើត​ឡើង​នៅ​គ្រប់​ពេល ប្រសិន​បើ​យើង​រៀបចំ​ដួង​ចិត្ត​​យើង​ ។

ព្រះវរបិតាសួគ៌​របស់​យើង​ស្រឡាញ់​ពួកយើង ។ ទ្រង់​បាន​ប្រទាន​ផែនការ​មួយ​ដ៏​ល្អ​ឥត​ខ្ចោះ​សម្រាប់​យើង ​ដើម្បី​រីករាយ​នឹង​ពរជ័យ​របស់​ទ្រង់ ។ នៅ​ក្នុង​ជីវិត​នេះ យើង​គ្រប់​រូប​ត្រូវ​បាន​អញ្ជើញ​ឲ្យ​មករក​ព្រះគ្រីស្ទ ហើយ​ទទួល​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​ដែល​បាន​ស្ដារ​ឡើង​វិញ​តាមរយៈ​ពិធី​បុណ្យ​ជ្រមុជទឹក ការ​ទទួល​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ និង​ការ​រស់​នៅ​តាម​ដំណឹងល្អ​ដោយ​ស្មោះត្រង់ ។ នីហ្វៃ​បាន​ពិពណ៌នា​ពី​ការ​តាំង​ចិត្ត​របស់​យើង​ដើម្បី​ជ្រមុជ​ទឹក​ជា​ការ​ចូល​ទៅ​ក្នុង ​« ផ្លូវតូច ហើយ​ចង្អៀត​ » ហើយ​លោក​រំឭក​យើង​ឲ្យ​បន្ត​« ឈានទៅមុខ​ដោយ​ខ្ជាប់ខ្ជួន​នៅក្នុង​ព្រះគ្រីស្ទ … ទទួលទាន​នូវព្រះបន្ទូលទាំងឡាយនៃព្រះគ្រីស្ទ ហើយ​កាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត » ដើម្បី​ទទួល​បានរាល់​ពរជ័យ​ដែល​ព្រះវរបិតា​សួគ៌​រៀបចំ​សម្រាប់​យើង ( នីហ្វៃ​ទី ២ ៣១:១៩–២០ ) ។

នីហ្វៃ​រំឭក​យើង​បន្ថែម​ទៀត​ថា ប្រសិន​បើ​យើងនឹង « ទទួល​ទាន​នូវ​ព្រះ​បន្ទូល​ទាំង​ឡាយ​នៃ​ព្រះ​គ្រីស្ទ » បន្ទូល​ទាំងនោះ​ « នឹង​ប្រាប់​ដល់​ [ យើង ]​​នូវ​គ្រប់​អ្វី​ទាំងអស់​ដែល ​[ យើង ] ​ត្រូវ​ធ្វើ » ( នីហ្វៃ​ទី ២ ៣២:៣ហើយ​ថា​យើង​នឹងទទួល​បាន​អំណាច​ដើម្បី​យក​ឈ្នះ ​« ​ ព្រួញភ្លើង​ទាំងឡាយ​របស់​មារសត្រូវ » ( នីហ្វៃទី ១ ១៥:២៤ ) ។

តើ​ការ​ទទួល​ទាន​គឺ​ជា​អ្វី ?

កាល​ពី​ក្មេង ខ្ញុំ​បាន​គិត​ថា ការ​ទទួល​ទាន​គឺ​គ្រាន់​តែ​ជា​ការ​មាន​ម្ហូប​អាហារ​ច្រើន ដោយមាន​បាយ ស៊ូស៊ី និង​ទឹក​ស៊ីអ៊ីវ ។ ឥឡូវ​នេះ ខ្ញុំ​ដឹង​ថា ការ​ទទួល​ទាន​ពិត​គឺ​លើស​ពី​ការ​រីករាយ​នឹង​ម្ហូប​អាហារ​ឆ្ងាញ់ៗ​ទៅ​ទៀត ។ វា​គឺជា​បទពិសោធន៍​នៃ​អំណរ ការ​ចិញ្ចឹម​បី​បាច់ ការអបអរ ការ​ចែកចាយ ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដល់​ក្រុម​គ្រួសារ និង​មនុស្ស​ជាទីស្រឡាញ់ ការ​ថ្លែង​អំណរ​គុណ​របស់​យើង​ចំពោះ​ព្រះ និង​ការ​បង្កើត​ទំនាក់ទំនង ខណៈ​ដែល​រីករាយ​នឹង​ម្ហូប​អាហារ​ឈ្ងុយ​ឆ្ងាញ់​ដ៏​ច្រើន ។ ខ្ញុំ​ជឿ​ថា នៅពេល​យើង​ទទួលទាន​នូវ​ព្រះបន្ទូល​ទាំងឡាយ​នៃព្រះគ្រីស្ទ នោះ​យើង​គួរ​តែ​គិត​ពី​បទពិសោធន៍​ដូចគ្នា​នេះ ។ ការ​ទទួល​ទាន​បទគម្ពីរ​ទាំងឡាយ​ពុំ​មែន​គ្រាន់តែ​អាន​វា​ប៉ុណ្ណោះ​ទេ ។ វា​គួរ​នាំ​យើង​ឲ្យ​មាន​អំណរ​ពិត ហើយ​បង្កើត​ទំនាក់ទំនង​របស់​យើង​ជាមួយ​នឹង​ព្រះអង្គ​សង្គ្រោះ ។

ការណ៍​នេះ​ត្រូវ​បាន​បង្រៀន​យ៉ាង​ច្បាស់​នៅ​ក្នុង​ព្រះគម្ពីរ​មរមន ។ ខ្ញុំ​នឹក​ចាំ​ពី​សុបិន​របស់​លីហៃ កាល​លោក​បាន​ឃើញ​ដើម​ឈើ​មួយ « ដែល​មានផ្លែ [ ដ៏​គួរ ] ធ្វើ​ឲ្យ​មនុស្ស​សប្បាយ​រីករាយ » ។ ផ្លែ​នោះ​តំណាង​ឲ្យ​សេចក្ដី​ស្រឡាញ់​រ​បស់​ព្រះ ហើយ​កាល​លីហៃ​ទទួល​ទាន​ផ្លែ​នោះ​ « វា​មាន​រសជាតិ​ផ្អែម​ … គឺ​ផ្អែម​ជាង​អ្វីៗ​ដែល ​[ លោក ] ធ្លាប់​បាន​ភ្លក់​ពី​មុន​មក » ។ វាធ្វើ​ឲ្យ « ព្រឹលឹង​វិញ្ញាណ [ របស់លោក ] ​ក៏ពោរពេញ​ទៅ​ដោយ​សេចក្តី​អំណរ​ជា​អតិបរមា » ហើយ​ជា​អ្វី​មួយ​ដែល​លោក​ចង់​ចែកចាយ​ជាមួយ​នឹង​គ្រួសារ​​របស់​លោក​ ( នីហ្វៃទី ១ ៨:១០–១២ ) ។

នៅពេលយើង​ទទួល​ទាន យើង​ក៏​ទំនង​ជា​នឹង​រក​ឃើញ​ថា ចំនួន ឬ​ប្រភេទ​ម្ហូប​អាហារ​ដែល​យើង​មាន​ ប្រហែល​ពុំ​មែន​ជា​រឿង​ដ៏​សំខាន់​នោះ​ទេ ប្រសិន​បើ​ដួង​ចិត្ត​របស់​យើង​ពោរពេញ​ដោយ​អំណរគុណ​នោះ ។ គ្រួសារ​របស់លីហៃ​បាន​រស់​នៅ​ដោយ​បរិភោគ​សាច់​ឆៅ​នៅ​ក្នុង​ទីរហោស្ថាន ប៉ុន្តែ​នីហ្វៃ​បាន​ពិពណ៌នា​ពី​ការ​សាកល្បង​ដ៏​លំបាក​នេះ​ថា « ព្រះពរ​នៃ​ព្រះអម្ចាស់ ដែល​ទ្រង់​បាន​ប្រទាន​មក​លើ​យើង​នោះ​ច្រើន​ណាស់ »​ រហូត​ដល់ ​« ប្រពន្ធ​យើង​…​មាន​កម្លាំង​មាំមួន » ហើយ​អាច​បង្កើត​កូន​ « ​​ដោយ​ពុំ​បាន​រអ៊ូរទាំ​ឡើយ » ( នីហ្វៃទី ១ ១៧:១–២ ) ។

ពេល​ខ្លះ ការ​ទទួល​ទាន​ទាក់ទង​នឹង​កា​រ​ពិសោធន៍ និង​ការ​ភ្លក់ ។ អាល​ម៉ា​និយាយ​អំពី​គ្រាប់ពូជ​ល្អ​មួយ​ដែល​ត្រូវ​បាន​ដាំ​នៅ​ក្នុង​ដួងចិត្ត​របស់​យើង ។ នៅពេល​យើង​ធ្វើ​ពិសោធន៍​ទៅលើ​វា យើង​នឹងបានដឹង​ថា​គ្រាប់​ពូជ​ចាប់​ផ្ដើម « មាន​រសជាតិឆ្ងាញ់ » ( សូមមើល អាលម៉ា ៣២:២៨-៣១) ។

ទទួលទាន​នូវ​ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ

ពរជ័យ​នៃ​ការទទួលទាន​នូវ​ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ​​គឺ​មាន​អនុភាព ហើយ​ផ្លាស់ប្ដូរ​ជីវិត ។ មាន​រឿង​បីយ៉ាង​ជាក់​លាក់​ដែល​ខ្ញុំ​ចង់​អញ្ជើញ​បងប្អូន​ឲ្យ​អនុវត្ត​នៅ​ក្នុង​ជីវិត​ ។

ទីមួយ ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ អាច​ជួយ​យើង «​បង្កើន​​សមត្ថភាព [សមត្ថភាព​ ] ដើម្បី​ទទួល​បាន​វិវរណ » ( « Revelation for the Church, Revelation for Our Lives » Liahonaខែ​ឧសភា ឆ្នាំ ២០១៨ ទំព័រ ៩៦ ) និង​ដឹកនាំ​យើង​ដោយ​សុវត្ថិភាព​ក្នុង​ជីវិត​របស់​យើង ។ មរមន​បង្រៀន​ថា ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ មាន « បណ្ដា​ការ​ដ៏​ធំ​ក្នុង​ការ​ដឹកនាំ​ប្រជាជន ឲ្យ​ធ្វើ​នូវ​អ្វីៗ​ដែល [ ជា​រឿង ] ​ត្រឹម​ត្រូវ » ហើយ​ថា បន្ទូល​ទាំង​នោះ​មាន​អនុភាព​លើស​អ្វីៗ​ទាំងអស់​ដែល ​« ដាវ »​ អាច​សម្រេច​​បាន​ទៅ​ទៀត ( អាលម៉ា ៣១:៥ ) ។ នៅពេល​ខ្ញុំ​បាន​ស្រាវ​ជ្រាវ​រក​ព្រះ​ប្រាជ្ញា​របស់​ព្រះ​ដើម្បី​ដោះ​ស្រាយ​ការ​ប្រឈម​របស់​ខ្ញុំ​ផ្ទាល់ ជានិច្ច​កាល នៅពេល​ខ្ញុំ​បាន​សាកល្បង​នូវ « គុណធម៌​នៃ​ព្រះបន្ទូល​ព្រះ » ( អាលម៉ា ៣១:៥ ) នោះ​ខ្ញុំ​មាន​ការ​បំផុស​គំនិត ហើយ​អាចធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ឈ្លាស​វៃ យក​ឈ្នះ​លើ​ការ​ល្បួង ហើយ​ផ្ដល់​ពរជ័យ​ដល់​ជីវិត​​ខ្ញុំ​ឲ្យ​​មាន​សេចក្ដី​ជំនឿ​លើ​ព្រះគ្រីស្ទ និង​សេចក្ដី​ស្រឡាញ់​ចំពោះ​មនុស្ស​ជុំវិញ​ខ្លួន​ខ្ញុំ​កាន់តែ​ខ្លាំង ។ ព្យាការី​របស់​យើង គឺ​ប្រធាន រ័សុល អិម ណិលសុន​ បាន​បង្រៀន​យើង​យ៉ាង​ច្បាស់​ថា « នៅ​ពេល​ខាង​មុខ វា​នឹង​មិន​អាច​រស់​រាន​ខាង​វិញ្ញាណ​បាន​ឡើយ បើ​គ្មាន​ព្រះចេស្ដា​ណែនាំ ដឹកនាំ និង​លួង​លោម​ចិត្ត​ជាប់​ជានិច្ច​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​នោះ » ( « Revelation for the Church, Revelation for Our Lives » ទំព័រ ៩៦ ) ។ វិវរណៈដែល​ត្រូវការ​នឹង​កើត​ឡើង នៅពេល​យើង​សាកល្បង « គុណធម៌​នៃ​ព្រះបន្ទូល​ព្រះ » ហើយ​បន្ទូល​នោះ​នឹង​មាន​អនុភាព​លើស​អ្វីៗ​ទាំងអស់​ផ្សេង​ទៀត​ដែល​យើង​អាច​សាកល្បង ឬ​នឹក​ស្រមៃ​ទៅ​ទៀត ។

ទីពីរ នៅពេលយើង​មាន​បញ្ហា​ចំពោះ​អត្តសញ្ញាណ​របស់​យើង​ផ្ទាល់ និង​ការគោរពខ្លួន​ឯង នោះ ​« ​ព្រះ​បន្ទូល​ដ៏​ផ្អែមល្ហែម​នៃ​ព្រះ »​ ( យ៉ាកុប ២:៨ )​ ក្នុង​បទគម្ពីរ​នឹង​ជួយ​យើង​ឲ្យ​ស្គាល់​ថាតើ​យើង​ជានរណា ហើយ​ផ្ដល់​កម្លាំង​ដល់​យើង​ ។ ការ​ស្គាល់​ពី​អត្តសញ្ញាណ​របស់​ខ្ញុំ​ក្នុង​នាម​ជា​បុត្រា​ម្នាក់​របស់​ព្រះ គឺជា​គ្រា​ដ៏​ផ្អែម​ល្ហែម​បំផុត​មួយ​ដែល​ខ្ញុំ​បាន​ដក​ពិសោធន៍ ។ កាល​ខ្ញុំ​នៅ​វ័យ​ជំទង់ ខ្ញុំ​ពុំ​ដឹង​អ្វីសោះ​អំពី​ការ​បង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ ។ នៅពេល​ខ្ញុំ​អាន​ព្រះគម្ពីរ​សញ្ញា​ថ្មី​ជា​លើក​ដំបូង បន្ទូល​នៃ​ព្រះគ្រីស្ទ​ពិត​ជា​បាន​ព្យាបាល​ព្រលឹង​របស់​ខ្ញុំ​ដែល​មាន​ស្នាម​របួស​មែន ។ ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​ពុំ​ឯកោ​ទេ ហើយ​ថា​ខ្ញុំ​គឺជាបុត្រា​របស់​ព្រះ ។ នៅពេល​ខ្ញុំ​បាន​ស្គាល់​ពី​អត្តសញ្ញាណ​ពិត​របស់ខ្ញុំ​ចំពោះ​ព្រះ នោះ​ខ្ញុំ​បាន​ដឹងពី​សក្ដានុពល​ដ៏​និរន្តរ​របស់​ខ្ញុំ​តាមរយៈ​ដង្វាយ​ធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។

ដូចគ្នា​ដែរ អេណុស បា​នចែកចាយ​បទពិសោធន៍​របស់​លោក​ផ្ទាល់​អំពី​​ការ​បំភ្លឺ​គំនិត​ដែល​កើត​ចេញ​ពីការ​សញ្ជឹង​គិត​នូវ​ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ ។ នៅ​ពេល​អេណុស​អនុញ្ញាត​ឲ្យ​ពាក្យ​ពេចន៍​ដែល​ឪពុក​របស់​លោក​បាន​បង្រៀន​លោក​ស្ដីពី​« ជីវិត​ដ៏នៅអស់កល្បជានិច្ច និង សេចក្តី​អំណរ​នៃ​ពួក​បរិសុទ្ធ​ជ្រួត​ជ្រាប [ ចូល ] ​ទៅក្នុងដួងចិត្ត [ របស់​លោក ] » នោះ​ព្រលឹង​របស់​លោក​ « ស្រេក​ឃ្លាន ហើយ​ [ លោក ] ​បាន​លុត​ជង្គង់​ចុះ​នៅ​ចំពោះ​ព្រះ​ដែល​បង្កើត [ លោក ] …ដោយ​ការ​អធិស្ឋាន …ដ៏​ខ្លាំង » ​( អេណុស ១:៣–៤ ) ។ នៅ​ក្នុង​ការ​អធិស្ឋាន​នោះ លោក​បាន​ស្គាល់​ព្រះអង្គ​សង្គ្រោះ ហើយ​បាន​ដឹង​ថា យើង​មាន​តម្លៃ​ធំធេង ហើយ​ថា​ព្រះស្រឡាញ់​យើង ហើយ​អាច​អភ័យទោស​ដល់​កំហុស​របស់យើង ហើយ​ថា​យើង​គឺពិត​ជា​បុត្រា​បុត្រី​របស់​ព្រះ ។

ទីបី យើង​អាច​លើក​ស្ទួយ​ជីវិត​របស់​មនុស្ស​ដទៃ​តាមរយៈ​បន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ ។ ដូចជា​អេណុស​មាន​នូវ​គ្រា និង​ទីកន្លែង​របស់​លោក​ផ្ទាល់ ដែល​ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ​បាន​ប៉ះពាល់​ដល់​ដួង​ចិត្ត​របស់​លោក​ដែរ នោះ​ព្រះអម្ចាស់​នឹង​ធ្វើ​ចំណែក​របស់​ទ្រង់​ដើម្បី​ប៉ះពាល់​ដល់​ដួង​ចិត្ត​នៃ​មនុស្ស​ដែល​ចង់​ចែកចាយ​ដំណឹងល្អ ។ ភាគច្រើន យើង​ប្រហែល​ជា​មាន​អារម្មណ៍​បាក់​ទឹក​ចិត្ត នៅពេល​យើង​ព្យាយាម​អញ្ជើញ​មនុស្ស​ម្នាក់​ឲ្យ​ស្ដាប់​ដំណឹងល្អ ប៉ុន្ដែលទ្ធផល​ខុស​ពី​អ្វី​ដែល​យើង​ចង់​បាន ។ មិន​ថា​មាន​លទ្ធផល​បែប​ណា​ទេ ព្រះអម្ចាស់​អញ្ជើញ​យើង​ឲ្យ​បើក​មាត់​រ​បស់​យើង ហើយ​ចែកចាយ​​សារលិខិត​នៃ​ដំណឹងល្អ​ជាមួយ​នឹង​ពួកគេ ។

កាល​ពី​ពីរ​ឆ្នាំ​មុន ព្រះអម្ចាស់​បាន​ប៉ះពាល់​ដល់​ដួង​ចិត្ត​នៃ​អ្នក​ម្ដាយ​ជាទីស្រឡាញ់​របស់​ខ្ញុំ ដែល​បាន​ជួយ​ឲ្យ​គាត់​សម្រេច​ចិត្ត​ទទួល​យក​ពិធី​បរិសុទ្ធ​នៃ​ពិធី​បុណ្យ​ជ្រមុជទឹក ។ ខ្ញុំ​បាន​រង់​ចាំ​ថ្ងៃ​នោះមក​ដល់​អស់​រយៈពេល ៣៥ ឆ្នាំ ។ ដើម្បី​គាត់​អាច​ធ្វើ​ការ​សម្រេច​ចិត្ត​នោះ សមាជិក​ជាច្រើន​ក្នុង​សាសនាចក្រ​បាន​ធ្វើ​ការ​ងារ​បម្រើ​យ៉ាង​ពិត​ប្រាកដ​ដល់​គាត់ ដូចជា​ព្រះគ្រីស្ទ​បាន​ធ្វើ​ដែរ ។ មាន​ថ្ងៃ​អាទិត្យ​មួយ គាត់​មាន​អារម្មណ៍​ថា គាត់​គួរ​ទៅ​ព្រះវិហារ ។ គាត់​បាន​ធ្វើ​តាម​ការ​បំផុស​គំនិត​នោះ ។ កាល​គាត់​អង្គុយ​នៅ​ជួរ​ខាង​មុខ ហើយ​រង់​ចាំ​កម្មវិធី​សាក្រាម៉ង់​ចាប់ផ្ដើម នោះ​មាន​ក្មេង​ប្រុស​ម្នាក់​អាយុ​បួន​ឆ្នាំ​បាន​ឈរ​នៅ​ពី​មុខ​គាត់ ហើយ​បាន​មើល​មុខ​គាត់ ។ គាត់​បាន​រាក់ទាក់​ក្មេង​ប្រុស​នោះ​ដោយ​ស្នាម​ញញឹម ។ ក្មេង​ប្រុស​តូច​នោះ​បាន​ដើរ​ចេញ​ពី​គាត់​យ៉ាង​រហ័ស ហើយ​ដើរ​ទៅ​កន្លែង​អង្គុយ​របស់​គាត់​វិញ ​នៅ​ជួរ​ម្ខាងទៀត ។ ក្មេង​ប្រុស​តូច​ម្នាក់​នេះ​បាន​យកសៀវភៅ​ទំនុក​តម្កើងមួយ​ក្បាល​​​ពី​កន្លែង​ដែល​គាត់​អង្គុយ ហើយ​ដើរ​យក​មក​ឲ្យ​​អ្នក​ម្ដាយ​របស់​ខ្ញុំ ហើយ​ក៏​ដើរ​ត្រឡប់​ទៅវិញ ។ អ្នក​ម្ដាយ​របស់​ខ្ញុំ​បាន​កត់​សម្គាល់​ឃើញ​ថា នៅ​តាម​កៅអី​ផ្សេងទៀត​ក្នុង​សាល​ប្រជុំ​នោះ​មាន​សៀវភៅ​ទំនុក​តម្កើង​គ្រប់​ទាំងអស់ ។ គាត់​អាច​រើស​យក​មួយ​ក្បាល​ពី​កៅអី​ដែល​នៅ​ក្បែរ​គាត់​បាន ។ ប៉ុន្តែ គាត់​មាន​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​ទង្វើ​នៃ​កា​រមាន​សន្តានចិត្ត​ល្អ​របស់​ក្មេង​ប្រុស​តូច​នោះ ដែលបាន​រៀន​នៅ​ក្នុង​ផ្ទះ និង​នៅ​ឯ​ព្រះវិហារ ។ វា​ជា​បទពិសោធន៍​ដ៏ទន់ភ្លន់​មួយ​សម្រាប់​គាត់ ។ គាត់​ទទួល​​អារម្មណ៍​​រំភើប​យ៉ាង​ខ្លាំង​មួយ​​ថា ព្រះ​កំពុង​អញ្ជើញ​គាត់​ឲ្យ​មក​ដើរ​តាម​ព្រះអង្គ​សង្គ្រោះ ។ គាត់​បាន​មាន​អារម្មណ៍​ថា គាត់​គួរ​ទទួល​ពិធី​បុណ្យ​ជ្រមុជទឹក ។ ក្មេង​ប្រុស​តូច​ម្នាក់​នេះ​ពុំ​ចង់​បាន​មុខ​មាត់​ចំពោះ​អ្វី​ដែល​គាត់​បាន​ធ្វើ​ឡើយ ប៉ុន្តែ​គាត់​គ្រាន់​តែ​ធ្វើ​ឲ្យ​អស់​ពី​លទ្ធភាព​ដើម្បី​រស់នៅ​តាមព្រះ​បន្ទូល​នៃ​ព្រះគ្រីស្ទ ហើយ​ស្រឡាញ់​អ្នកជិតខាង​របស់​គាត់ ។ សន្តាន​ចិត្ត​របស់​គាត់​បាន​បង្កើត​ការ​ផ្លាស់ប្ដូរ​​ដួង​ចិត្ត​ដ៏​សំខាន់​មួយ​ចំពោះ​អ្នក​ម្ដាយ​របស់​ខ្ញុំ ។

ព្រះបន្ទូល​នៃព្រះគ្រីស្ទ​នឹង​ប៉ះពាល់​ដួង​ចិត្ត​យ៉ាង​ខ្លាំង ហើយ​បើក​ភ្នែក​​នៃ​មនុស្ស​ដែល​ពុំ​ទាន់​ឃើញ​ទ្រង់​នៅ​ឡើយ ។ តាម​ផ្លូវ​ទៅ​ស្រុក​អេម៉ោស មាន​ពួក​សិស្ស​ពីរ​នាក់​បាន​ដើរ​ជាមួយ​នឹង​ព្រះយេស៊ូវ ។ ពួកគេ​មា​នចិត្ត​សោក​សៅ ហើយ​ពុំ​បាន​ដឹង​​ថា ព្រះអង្គ​សង្គ្រោះ​បាន​យក​ឈ្នះ​លើ​សេចក្ដី​ស្លាប់​ឡើយ ។ ដោយ​មានភាព​សោកសៅ ពួកគេ​ពុំ​បាន​ស្គាល់​ថា ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្មរស់​កំពុង​យាង​ដើរ​ជាមួយ​នឹង​ពួកគេ​ឡើយ ។ ប៉ុន្តែ​ព្រះយេស៊ូវ « ក៏ស្រាយ​ន័យ​សេចក្តី​ដែល​តម្រូវ​ដល់​ទ្រង់​ពី​ក្នុង​គម្ពីរ​ទាំងឡាយ​ឲ្យ​គេ​ស្តាប់ » ពួកគេ​នៅ​តែ​ពុំ​ស្គាល់​ទ្រង់​ថា​ជា ព្រះអង្គ​សង្គ្រោះ​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញឡើយ រហូត​ដល់​ពួកគេ​បាន​អង្គុយ ហើយ​កាច់​នំប៉័ង​ជាមួយ​នឹង​ទ្រង់ ។ បន្ទាប់​មក​ទើប « ភ្នែក » ​របស់​ពួកគេ​​បាន​បើក ។ នៅពេល​យើង—ឬ​មិត្ត​ សហការី និង​អ្នក​ជិត​ខាង​របស់​យើង—ទទួល​ទាន ហើយ​កាច់​នំប៉័ង​ជាមួយ​នឹង​ទ្រង់ នោះ​ភ្នែក​នៃ​ការ​យល់ដឹង​របស់​យើង​នឹង​បើក ។ នៅពេល​ពួកសិស្ស​នៅ​ស្រុកអេម៉ោស​បាន​សញ្ជឹង​គិត​ពី​ពេលវេលា​​របស់​ពួកគេ​ជាមួយ​នឹង​ព្រះអង្គ​សង្គ្រោះ​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ នោះ​ពួកគេ​បាន​ថ្លែង​ថា ដួង​ចិត្ត​របស់​ពួកគេ​បាន​ដុត​រោល កាល​ទ្រង់​បាន​បើក​បទគម្ពីរ​ដល់​ពួកគេ​( សូមមើល លូកា ២៤:២៧–៣២ ) ។ ការណ៍​នេះ​ក៏​ពិតសម្រាប់យើងទាំងអស់គ្នា​ផង​ដែរ ។

សេចក្ដី​បញ្ចប់

ជា​ចុង​បញ្ចប់ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ការទទួល​ទាន​នូវព្រះបន្ទូលទាំងឡាយនៃព្រះគ្រីស្ទ​អាច​កើត​ឡើង​នៅ​គ្រប់​ពេល ប្រសិន​បើ​យើង​រៀបចំ​ដួង​ចិត្ត​​យើង​ឲ្យ​​ទទួល​យក​បន្ទូល​ទាំង​នោះ ។ ការទទួលទាន​នូវ​ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ​នឹង​នាំ​យក​វិវរណៈ​ដែល​គាំទ្រ​ជីវិត បញ្ជាក់​អត្តសញ្ញាណ​ និង​តម្លៃ​ពិត​របស់​យើង​ចំពោះ​ព្រះ​ក្នុង​នាម​ជា​បុត្រ​របស់​ទ្រង់ ហើយ​នាំ​មិត្ត​របស់​យើង​ទៅ​កាន់​ព្រះគ្រីស្ទ និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ។ ខ្ញុំ​សូម​បញ្ចប់​ដោយ​បន្លឺ​ការ​អញ្ជើញ​របស់​នីហ្វៃ នៅពេល​លោក​បាន​ថ្លែង​ថា « ហេតុដូច្នេះ​ហើយ អ្នករាល់គ្នា​ត្រូវ​តែ​ឈាន​ទៅ​មុខ​ដោយ​ខ្ជាប់ខ្ជួន​នៅ​ក្នុង​ព្រះគ្រីស្ទ ដោយ​មាន​ការភ្លឺ​ថ្លា​នៃ​សេចក្ដី​សង្ឃឹម​ដ៏​ឥតខ្ចោះ ហើយ​ដោយ​មាន​ចិត្ត​ស្រឡាញ់​ព្រះ និង​មនុស្ស​គ្រប់រូប ។ ហេតុដូច្នោះ​ហើយ បើសិន​ជា​អ្នក​រាល់​គ្នា​ខិតខំ​ជឿន​ទៅ​មុខ ដោយ​ទទួល​នូវ​ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ ហើយ​កាន់​ខ្ជាប់​ដរាប​ដល់​ចុង​បំផុត មើល​ចុះ​នោះ​ព្រះវរបិតា​ទ្រង់​មាន​ព្រះបន្ទូល​ថា ៖ អ្នក​រាល់​គ្នា​នឹង​មាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច » (នីហ្វៃទី២ ៣១:២០ ) ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។