ឆ្នាំ ២០១០-២០១៩
ប្រុងប្រយ័ត្ន​ផ្ទុយ​នឹង​មិន​យក​ចិត្ត​ទុកដាក់​
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០១៩


2:3

ប្រុងប្រយ័ត្ន​ផ្ទុយ​នឹង​មិន​យក​ចិត្ត​ទុកដាក់​

កាល​ដែល​ឥទ្ធិពល​នៃ​ពិភព​លោក​កាន់តែ​ឱប​ក្រសោប​អំពើ​អាក្រក់ នោះ​យើង​ត្រូវ​តែ​ខិតខំ​ដោយ​ឧស្សាហ៍ ដើម្បី​រឹងមាំ​នៅ​លើ​ផ្លូវ​ដែល​នាំ​យើង​ទៅ​កាន់​ព្រះអង្គសង្គ្រោះ​ដោយ​សុវត្ថិភាព ។

មាន​ម្ដង​នោះ​ខ្ញុំ​ឃើញ​ផ្លាក​មួយ​បិទ​នៅ​បង្អួច​ហាង​សរសេរ​ថា « សុភមង្គល​តម្លៃ ១៥ ដុល្លារ » ។ ខ្ញុំ​ចង់​ដឹង​ថា តើ​ខ្ញុំ​អាច​ទិញ​បាន​សុភមង្គល​ច្រើន​ប៉ុណ្ណា នឹង​ប្រាក់ ១៥ ដុល្លារ ខ្ញុំ​ក៏ បាន​ចូល​មើល​ហាង​នោះ ។ ទំនិញ​ដែល​ខ្ញុំ​បាន​ឃើញ​គឺជា​គ្រឿង​អលង្ការ​ និង​វត្ថុ​អនុស្សាវរីយ៍​ថោកៗ—គ្មាន​របស់​ណាមួយ​ដែល​ខ្ញុំ​បាន​ឃើញ​អាច​នាំ​ឲ្យ​ខ្ញុំ​មាន​សុភមង្គល​ដូច​ដែល​ផ្លាក​នោះ​បាន​បង្ហាញ​ប្រាប់​នោះ​ទេ ! ប៉ុន្មានឆ្នាំមក​នេះ​ខ្ញុំ​បាន​គិត​ច្រើន​ដង​ពី​ផ្លាក​នោះ តើវា​ងាយ​ស្រួល​យ៉ាង​ណា ដើម្បីស្វែង​រក​សុភមង្គល​នៅក្នុង​ទំនិញ​ដែល​ថោក ឬ​បណ្តោះ​អាសន្ន​នោះ ។ ក្នុង​នាម​ជា​សមាជិក​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ យើង​បាន​ទទួល​ពរ​ដោយ​ដឹង​ពី​របៀប និង​កន្លែង​ដែល​មាន​សុភមង្គល​ពិត ។ វា​មាន​នៅ​ក្នុង​ការរស់​នៅ​ដោយ​ប្រុង​ប្រយ័ត្ន​តាម​ដំណឹង​ល្អ​ដែល​បាន​ស្ថាបនា​ដោយ​ព្រះអម្ចាស់ និង​ព្រះអង្គ​សង្រ្គោះ​របស់​យើង​គឺ​ព្រះយេស៊ូវ​គ្រីស្ទ និង​ក្នុង​ការខិតខំ ដើម្បី​ក្លាយ​កាន់តែ​ដូច​ជា​ទ្រង់ ។

យើង​មាន​មិត្ត​សំណព្វ​ម្នាក់​ជា​វិស្វករ​រថភ្លើង ។ ថ្ងៃមួយ​ពេល​គាត់​កំពុង​បើក​រថ​ភ្លើង​លើ​ផ្លូវ ស្រាប់​តែ​គាត់​ប្រទះ​ឃើញ​ឡាន​មួយ​ឈប់​នៅលើ​ផ្លូវ​ដែក​នោះ​ពី​មុខ​គាត់ ។ គាត់​ដឹង​ភ្លាម​ៗ​ថា រថយន្ត​នេះ​បាន​ជាប់​គាំង មិន​អាច​ឆ្លង​ផ្លូវ​បាន ។ ភ្លាម​ៗ​នោះ​គាត់​បាន​ដាក់​សញ្ញា​រថ​ភ្លើង​ប្រកាស​អាសន្ន បាន​ភ្ជាប់​ហ្វ្រាំង​ទៅ​នឹង​ទូ​នីមួយ​ៗ ដែល​មាន​ប្រវែង​( ១.២ គ.ម ) នៅ​ពី​ក្រោយ​ក្បាល​ម៉ាស៊ីន​ដែល​ផ្ទុក​ទម្ងន់ ៦៥០០ តោន (៥៨៩៧ មេត្រិចតោន ) ។ វា​ពិត​មែន គ្មាន​អ្វី​អាច​បញ្ឈប់​រថ​ភ្លើង​មិន​ឲ្យ​វា​បុក​រថយន្ត​នោះ​បាន​ទេ ។ សំណាងល្អ​មនុស្ស​នៅ​ក្នុង​ឡាន​បាន​ឮសំឡេង​រថភ្លើង​ព្រមាន ក៏​បាន​រត់ចេញ​ពី​ឡាន​មុនពេល​រថភ្លើង​បុក ។ នៅពេល​វិស្វករ​និយាយ​ជាមួយ​ប៉ូលីសស៊ើប​អង្កេត ស្ត្រី​ខឹង​ម្នាក់​បានទៅជួបពួកគេ ។ នាង​បាន​ស្រែក​ថា នាង​ឃើញ​ឧប្បទ្ទវហេតុ​ទាំងអស់ រួច​ធ្វើ​សាក្សី​ថា វិស្វករ​រូប​នោះ​មិន​បាន​ព្យាយាម​កាច់​ចេញ​ពី​ផ្លូវ​កុំ​ឲ្យ​បុក​ឡាន​នោះ សូម្បី​តែ​បន្ដិច​ឡើយ !

ជាក់ស្តែងណាស់​បើ​វិស្វករ​នោះ​អាច​កាច់​ចេញ​ពី​ផ្លូវ ដើម្បី​ចៀសវាង​គ្រោះ​ថ្នាក់​ចរាចរណ៍ នោះ​គាត់​នឹង​រថភ្លើង​ទាំង​មូល​នឹង​ត្រូវ​ធ្លាក់ចេញពី​ផ្លូវ ហើយ​ល្បឿន​សន្ទុះ​រថ​ភ្លើង​ត្រូវ​បញ្ឈប់​យ៉ាង​គំហុក ។ សំណាង​ល្អ ផ្លូវ​ដែក​ដែល​រថភ្លើង​គាត់​រត់​នោះ បាន​ទប់​កង់​រថភ្លើង​យ៉ាង​ជាប់​ឆ្ពោះ​ទៅ​រក​ទិស​ដៅ​របស់​ខ្លួន​ដោយ​មិន​គិត​ពី​ឧបសគ្គ​តាម​ផ្លូវ​នោះ​ទេ ។ ឯ​យើង​វិញ​ក៏​មាន​សំណាង​ល្អ​ស្ថិត​នៅ​លើ​ផ្លូវ​មួយ ជា​ផ្លូវនៃ​សេចក្ដីសញ្ញា​ដែល​យើងបាន​ប្តេជ្ញាចិត្តដើរ​តាម នៅ​ពេល​យើង​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ ថ្វីបើ​យើង​អាច​ជួប​ឧបសគ្គ​ម្ដងម្កាល​នៅ​តាម​ផ្លូវ​ក៏​ដោយ​ ក៏​ផ្លូវ​នេះ​នឹង​ជួយ​យើង​ឆ្ពោះ​ទៅ​រក​ទិស​ដៅ​ដ៏​អស់​កល្ប​ដ៏​មាន​តម្លៃ​របស់​យើង​ដែរ បើ​យើង​ស្ថិត​នៅ​ដោយ​មុតមាំ​នោះ ។

ការនិមិត្ត​របស់​លីហៃ​អំពី​ដើម​ជីវិត

ការនិមិត្តពីដើមជីវិត​បង្ហាញ​ដល់យើង​ពី​ផល​ប៉ះពាល់​នៃ​ការមិន​យក​ចិត្ត​ទុក​ដាក់​អាចនាំយើងចេញពីផ្លូវនៃសេចក្ដីសញ្ញា ។ សូម​ពិចារណា​ថា ដំបង​ដែក និង​ផ្លូវ​ត្រង់ចង្អៀត ឬ​ផ្លូវ​សេចក្ដី​សញ្ញា​ដឹកនាំ​ដោយផ្ទាល់ ទៅ​ដើម​ជីវិត និង​ទី​ដែល​ពរជ័យ​ទាំងឡាយ​ដែល​ព្រះអង្គ​សង្គ្រោះ និង​ដង្វាយ​ធួន​របស់​ទ្រង់​គឺ​ប្រទាន​ឲ្យ​ដល់​ពួកអ្នក​ស្មោះ​ត្រង់ ។ ដូច​ឃើញ​នៅក្នុងការនិមិត្ត​ផងដែរថា មាន​ទន្លេ​ទឹក ជា​តំណាង​ឲ្យភាពកខ្វក់​នៃ​ពិភព​លោក ។ ព្រះគម្ពីរពិពណ៌នាថា ទន្លេនេះ « ហូរតាម​បណ្តោយ » ផ្លូវ « ជិត​នឹង » ដើម​ជីវិត ប៉ុន្ដែ​វា​មិននាំ​ទៅកាន់​ដើម​ជីវិត​ឡើយ ។ ពិភពលោក​ត្រូវបាន​ផ្ទុក​ដោយ​ការរំខាន​ដែល​អាច​បញ្ឆោត​ដល់​ពួក​អ្នក​រើសតាំង បណ្តាល​ឲ្យ​ពួកគេ​មិន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការរស់​នៅ​តាម​សេចក្ដីសញ្ញា​របស់​ពួកគេ—ដូច្នេះ​វា​នាំ​ពួកគេ​ទៅ​ជិត​ដើម​ឈើ ប៉ុន្តែ​មិន​ទៅ​កាន់​​វាឡើយ ។ បើ​យើង​មិន​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​រស់​នៅ​តាម​សេចក្ដី​សញ្ញា​របស់​យើង​ដោយ​ត្រឹម​ត្រូវ​ទេ នោះ​កិច្ចប្រឹង​ប្រែង​ធម្មតា​របស់​យើង​អាច​នាំ​យើង​ធ្លាក់​ទៅ​ក្នុង​ផ្លូវ​ហាម​ឃាត់ ឬ​ចូល​រួម​ជាមួយ​នឹង​អ្នក​ដែល​បាន​ចូល​អាគារ​ដ៏​ធំ​ហើយ​ទូលាយ ។ បើមិនប្រុងប្រយ័ត្នទេ យើង​អាច​លង់​ទឹក​ក្នុង​ជម្រៅ​នៃ​ទន្លេ​ដែល​កខ្វក់​នោះ ។

មាន​របៀប​ប្រុង​ប្រយ័ត្ន និង​របៀប​មិន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការធ្វើ​អ្វីគ្រប់​យ៉ាង រួម​ទាំង​ការរស់​នៅ​តាម​ដំណឹង​ល្អ​ផងដែរ ។ នៅ​ពេល​យើង​គិត​ពី​ការប្តេជ្ញា​ចិត្ត​របស់​យើង​ចំពោះ​ព្រះអង្គ​សង្គ្រោះ តើ​យើង​ប្រុង​ប្រយ័ត្ន ឬ​មិន​យក​ចិត្ត​ទុក​ដាក់​ឬ​ទេ ? ដោយសារ​និស្ស័យ​ជីវិត​រមែង​ស្លាប់​របស់​យើង​តើ​យើង​មិន​ដោះសារ​ឥរិយាបថ​របស់​យើង ហើយ​ជួនកាល​សំដៅ​ទៅ​សកម្មភាព​របស់​យើង​ដូចជាការចូលក្នុង ភាពស្មុគស្មាញ ឬ​លាយអ្វីដែលល្អ​ជាមួយ​នឹង​អ្វី​ដែល​មិន​ល្អ​ដែរ​ឬ​ទេ ? គ្រប់​ពេល​ដែល​យើង​និយាយ​ថា « លើក​លែង​តែ »​ ឬ « ប៉ុន្តែ​ » ​នៅ​ពេល​វា​តម្រូវ​ឲ្យ​ធ្វើ​តាម​ដំបូន្មាន​របស់​ព្យាការី​របស់​យើង ឬ​រស់នៅ​តាម​ដំណឹងល្អ​ដោយ​ប្រុង​ប្រយ័ត្ន នោះ​យើង​ពិត​ជា​និយាយ​ថា « ដំបូន្មាន​នោះ​មិន​អនុវត្ត​ចំពោះ​ខ្ញុំ​ទេ » ។ យើង​អាច​ដោះសារ​ចំពោះ​អ្វី​ដែល​យើង​ចង់​បាន ប៉ុន្តែ​ការពិត​គឺថា គ្មាន វិធី​ត្រឹម​ត្រូវណា​ទៅ​ធ្វើ​អ្វីដែល​ខុស​នោះ​ឡើយ !

ប្រធានបទយុវវ័យ​សម្រាប់​ឆ្នាំ ២០១៩ ត្រូវ​បាន​ដក​ចេញ​ពី យ៉ូហាន ១៤:១៥​ ដែល​​ព្រះអម្ចាស់​ណែ​នាំ​ថា ៖ « បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ ចូរ​កាន់​តាម​បញ្ញត្តិ​របស់​ខ្ញុំ​ចុះ » ។ បើ​យើង​ស្រឡាញ់​ទ្រង់​ដូច​ដែល​យើង​អះ​អាង តើ​យើង​មិន​អាច​បង្ហាញ​សេចក្ដីស្រឡាញ់​ដោយ​ចេះ​ប្រុង​ប្រយ័ត្ន​បន្ថែម​ទៀត​ក្នុង​ការរស់នៅ​តាម​ព្រះ​បញ្ញត្តិ​របស់​ទ្រង់​ទេ​ឬ អី ?

ការប្រុង​ប្រយ័ត្ន​ក្នុង​ការ​រស់​នៅ​តាម​ដំណឹង​ល្អ​មិន​ចាំ​បាច់​មាន​ន័យ​ថា​ជា​រឿង​ផ្លូវការ ឬ​តឹងរឹង​ទេ ។ វា​មាន​ន័យ​ថា វា​សម​ស្រប​នៅ​ក្នុង​គំនិត និង​អាកប្បកិរិយា​របស់​យើង​ក្នុង​នាម​ជា​សិស្ស​​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ។ នៅ​ពេល​យើង​ពិចារណា​ពី​ភាព​ខុស​គ្នារ​វាង​ការប្រុងប្រយ័ត្ន និង​ការ​មិន​យក​ចិត្ត​ទុកដាក់​នៅក្នុង​ការរស់​នៅ​តាម​ដំណឹង​ល្អ​របស់​យើង នេះ​ជា​គំនិត​មួយ​ចំនួន​ដែល​ត្រូវ​ពិចារណា ៖

តើ​យើង​ប្រុងប្រយ័ត្ន​ក្នុង​ការថ្វាយបង្គំ​នៅ​ថ្ងៃ​ឈប់​សម្រាក​របស់​យើង និង​ក្នុង​ការរៀបចំ​ខ្លួន​យើង​ដើម្បី​ទទួល​ទាន​សាក្រាម៉ង់​រាល់​សប្ដាហ៍​ដែរ​ឬ​ទេ ?

តើ​យើង​អាច​ប្រុង​ប្រយ័ត្ន​ជាង​មុនក្នុង​ការអធិស្ឋាន និង​ការសិក្សា​ព្រះគម្ពីរ​របស់​យើង ឬ​​ចូល​រួមកាន់តែ​សកម្ម​ក្នុង​ការ​សិក្សា​សៀវភៅ ចូរ​មក​តាម​ខ្ញុំ​—​សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុម​គ្រួសារ ដែរ​ឬ​ទេ ?

តើ​យើង​ប្រុងប្រយ័ត្ន​ក្នុង​ការថ្វាយបង្គំ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់​យើង ហើយ​ខិតខំរស់នៅដោយ​ប្រុង​ប្រយ័ត្ន និង​​ដោយ​ចេតនា​​តាម​សេចក្ដីសញ្ញា​ដែល​យើង​បាន​ធ្វើ​នៅ​ពិធីបុណ្យ​ជ្រមុជ​ទឹក​ផង និង​ក្នុង​ព្រះ​វិហារ​បរិសុទ្ធ​ផង​ឬទេ ? តើ​យើង​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​តុប​តែង​ខ្លួន និង​ការ​ស្លៀកពាក់​របស់​យើង ជា​ពិសេស​នៅ​ក្នុង​កន្លែង និង​ស្ថានភាព​ពិសិដ្ឋ​ដែរឬ​ទេ ? តើ​យើង​ប្រុង​ប្រយ័ត្ន​ក្នុង​របៀប​ដែល​យើង​ស្លៀក​សម្លៀកបំពាក់​ព្រះវិហារ​បរិសុទ្ធ​ដ៏​ពិសិដ្ឋ​ដែរ​ឬទេ ? ឬ​ក៏​ម៉ូដ​សម្លៀក​បំពាក់​របស់​ពិភព​លោក​បាន​កំណត់​អាកប្បកិរិយា មិន​យក​ចិត្ត​ទុក​ដាក់​ច្រើន​ជាងមុន​ហើយ ?

តើ​យើង​ប្រុងប្រយ័ត្ន​ក្នុង​របៀប​ដែល​យើង​បម្រើ​ដល់​អ្នកដទៃ និង​របៀប​ដែល​យើង​បំពេញ​ការហៅ​របស់​យើង​នៅ​ក្នុង​សាសនាចក្រ​ទេ ឬ​តើ​យើង​ព្រងើយ​កន្ដើយ ឬ​មិន​យក​ចិត្ត​ទុកដាក់​ក្នុង​ការហៅ​បម្រើ​យើង​ដែរ​ឬទេ ?

តើយើងប្រុងប្រយ័ត្ន ឬមិន​យក​ចិត្ត​ទុក​ដាក់​នឹង​អ្វី​ដែល​យើង​បាន​អាន និង​មើល​នៅលើ​ទូរទស្សន៍ និង​ឧបករណ៍​ចល័ត​របស់​យើង​ដែរ​ឬទេ ? តើ​យើង​ប្រុងប្រយ័ត្ន​ក្នុង​ពាក្យ​សំដី​របស់​យើង​ដែរ​ឬទេ ? ឬតើ​យើង​ឱបក្រសោប​ពាក្យ​គ្រោតគ្រាត ជេរប្រមាថ​ដែរ​ឬទេ ?

សៀវភៅ ដើម្បី​កម្លាំងនៃយុវវ័យ​ មាន​នូវ​បទដ្ឋាន​នៅ​ពេល​អនុវត្ត​តាម​ដោយ​ប្រុងប្រយ័ត្ន វា​នឹង​នាំ​ពរជ័យ​យ៉ាង​បរិបូរណ៍ ហើយ​ជួយ​យើង​ឲ្យ​ស្ថិត​នៅលើ​ផ្លូវ​នៃ​សេចក្ដី​សញ្ញា ។ ថ្វីបើ​វា​ត្រូវ​បាន​សរសេរ​សម្រាប់​ជា​ប្រយោជន៍​ដល់​យុវវ័យ​ក៏​ដោយ​ក៏​បទដ្ឋាន​របស់​វាមិន​អស់​សុពលភាព​ដែរ នៅ​ពេល​យើង​ចាកចេញ​ពី​ថ្នាក់​យុវជន និងយុវនារី​នោះ ។ វាអនុវត្ត​ចំពោះ​យើង​ម្នាក់​ៗ​គ្រប់​ពេល​វេលា ។ ការពិនិត្យ​មើល​បទដ្ឋាន​ទាំងនេះ​អាច​នាំ​ឲ្យយើង​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត ក្នុង​ការរស់នៅ​តាម​ដំណឹង​ល្អ​របស់​យើង ។

យើង​មិន​បន្ទាប​បទដ្ឋាន​របស់​យើង​ឲ្យ​ត្រូវតាម ឬ​ធ្វើឲ្យ​អ្នក​ដទៃ​មាន​អារម្មណ៍​កក់ក្តៅ​នោះ​ទេ ។ យើង​គឺ​ជា​សិស្ស​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ដូច្នេះហើយ​យើង​គិតតែពី​ការលើក​កម្ពស់​អ្នក​ដទៃ លើក​ពួកគេ​ឡើង​ទៅ​ទី​ខ្ពស់​ជាង ជា​កន្លែង​កាន់តែ​បរិសុទ្ធ​ដែល​ពួកគេ​អាច​ទទួល​បាន​នូវ​ពរជ័យ​ធំធេង​ផងដែរ ។

ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​យើង​ម្នាក់​ៗ​ឲ្យ​ស្វែង​រក​ការណែនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ដើម្បី​ដឹង​ថា​ត្រូវ​កែ​សម្រួល​អ្វី​ដែល​យើង​ចាំបាច់ត្រូវ​ធ្វើ​ឲ្យ​ជីវិត​របស់​យើង​កាន់តែ​សមស្រប​តាម​សេចក្ដីសញ្ញា​របស់​យើង ។ ខ្ញុំ​ក៏​សូម​អង្វរ​បងប្អូន​ផង​ដែរ​កុំ​ឲ្យ​រិះគន់​អ្នក​ដទៃ​ដែល​ធ្វើ​ដំណើរ​ដូច​គ្នា​នេះ ។ « ព្រះ​អម្ចាស់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ ការ​សងសឹក​ក៏​ជា​របស់​ផង​យើង » ។ យើង​ម្នាក់ៗ​មាន​ការលូតលាស់ និង​ផ្លាស់ប្តូរ ។

រឿង​ដែល​បាន​ប្រាប់​នៅ​ក្នុង​ព្រះគម្ពីរ​មរមន​អំពី​ពួក​អាំលីសៃ ដែល​ជា​អ្នក​ក្បត់សាសនា​ធ្វើ​ឲ្យ​ខ្ញុំ​ចាប់អារម្មណ៍ ។ ពួកគេ​ប្រាប់​អ្នកដទៃ​ថា​ពួកគេ​លែង​ចូលរួម​ជាមួយ​ព្រះយេស៊ូវ​គ្រីស្ទ​និង​សាសនាចក្រ​របស់​ទ្រង់​ដោយ​ការ​គូស​សញ្ញា​ក្រហម​នៅ​លើ​ថ្ងាស​របស់​ពួកគេ ដើម្បី​ឲ្យ​មនុស្ស​ទាំងអស់​មើល​ឃើញ ។ ផ្ទុយពី​នេះ ក្នុង​នាម​ជា​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ តើ​យើង​សម្គាល់​ខ្លួន​យើង​ដោយ​របៀបណា ? តើ​អ្នក​ដទៃ​អាច​ងាយ​មើលឃើញ​រូបភាព​របស់​ទ្រង់​នៅលើ​ផ្ទៃ​មុខ​របស់​យើង ហើយ​ដឹង​ថា​យើង​តំណាងឲ្យ​នរណា តាម​របៀប​ដែល​យើង​ដឹកនាំ​ជីវិត​របស់​យើង​ដោយ​ប្រុង​ប្រយ័ត្ន​នេះ​ឬទេ ?

ក្នុង​នាម​ជា​ប្រជាជន​នៃ​សេចក្ដីសញ្ញា យើង​មិន​ត្រូវ​លាយ​ឡំ​នឹង​មនុស្ស​ដទៃ​ឡើយ ។ យើង​ត្រូវ​បាន​ហៅ​ថា​ជា​មនុស្ស​ដែល​មាន​លក្ខណៈ​ពិសេស​—នេះ​គឺជា​ការសរសើរ​ដ៏​ធំ​មួយ ! កាល​ដែល​ឥទ្ធិពល​នៃ​ពិភព​លោក​កាន់តែ​ឱប​ក្រសោប​អំពើ​អាក្រក់ នោះ​យើង​ត្រូវ​តែ​ខិតខំ​ដោយ​ឧស្សាហ៍ ដើម្បី​រឹងមាំ​នៅ​លើ​ផ្លូវ​ដែល​នាំ​យើង​ទៅ​កាន់​ព្រះអង្គសង្គ្រោះ​របស់​យើង​ដោយ​សុវត្ថិភាព​ដោយ​ពង្រីក​គម្លាត​រវាង​ការរស់​នៅ​ជាមួយ​សេចក្ដីសញ្ញា និង​ឥទ្ធិពល​នៃ​លោកិយ ។

នៅពេល​ខ្ញុំ​គិត​ពី​ការទទួល​បាន​សុភមង្គល​យូរ​អង្វែង ខ្ញុំ​ដឹង​ថា ជួនកាល​យើង​រកឃើញ​ខ្លួន​យើង​នៅក្នុង​តំបន់​ពណ៌​ប្រផេះ ។ អ័ព្ទ​នៃ​សេចក្ដី​ងងឹត​គឺ​មាន​ជៀស​មិន​រួច​ទេ នៅពេល​យើង​ធ្វើ​ដំណើរ​តាម​ផ្លូវ​នៃ​សេចក្ដីសញ្ញា ។ ការល្បួង និងការ​មិន​យក​ចិត្ត​ទុក​ដាក់​អាច​បណ្ដាល​ឲ្យ​យើង​បង្វែរ​ទិស​ដៅ​យើង​ទៅ​ក្នុង​ភាពងងឹត​នៃ​ពិភព​លោក ហើយ​ងាក​ចេញ​ពី​ផ្លូវ​នៃ​សេចក្ដីសញ្ញា ។ សម្រាប់​ពេល​ដែល​ការណ៍​នេះ​អាច​កើត​ឡើង នោះ​ព្យាការី​ជា​ទី​ស្រឡាញ់​របស់​យើង​គឺ​លោក​ប្រធាន​រ័សុល អិម ណិល​សុន បាន​ជំរុញ​យើង​ឲ្យ​ត្រឡប់​ទៅ​ផ្លូវ​នៃ​សេចក្ដី​សញ្ញា​វិញ​ឲ្យ​យ៉ាង​ឆាប់​រហ័ស ។ ខ្ញុំ​មាន​អំណរគុណ​ណាស់​ចំពោះ​អំណោយ​នៃ​ការប្រែចិត្ត និង​អំណាច​នៃ​ដង្វាយ​ធួន​របស់​ព្រះអង្គ​សង្គ្រោះ​របស់​យើង ។

យើង​មិន​អាច​មាន​ជីវិត​ដ៏​ល្អ​ឥតខ្ចោះ​បាន​ឡើយ ។ មាន​តែ​បុរស​ម្នាក់​ប៉ុណ្ណោះ​ដែល​អាច​រស់នៅ​យ៉ាង​ល្អ​ឥតខ្ចោះ ខណៈ​ពេល​រស់​នៅ​ពិភព​ទេឡេស្ទាល​នេះ ។ ទ្រង់​គឺ​ជា​ព្រះ​យេស៊ូវគ្រីស្ទ ។ ទោះជា​យើង​មិន​ល្អ​ឥតខ្ចោះ​ក្តី បង​ប្អូន​ប្រុស​ស្រី​អើយ ក៏​យើង​អាច​សក្ដិសម​នឹង​ទទួលទាន​សាក្រាម៉ង់ សក្ដិសម​នឹង​ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ ហើយ​សក្ដិសម​ដើម្បី​ទទួល​បាន​វិវរណៈ​ផ្ទាល់​ខ្លួន​បាន​ដែរ ។

ស្ដេច​បេនយ៉ាមីន​បាន​ថ្លែង​ទីបន្ទាល់​អំពី​ពរជ័យ និង​សុភមង្គល​ដែល​កើត​មាន​ចំពោះ​អស់​អ្នក​ដែល​ធ្វើ​តាម​ព្រះអង្គសង្គ្រោះ​ដោយ​យកចិត្ត​ទុកដាក់ ៖ « ហើយ​ថែម​ទៀត ខ្ញុំ​ចង់​ឲ្យ​អ្នករាល់គ្នា​គិត​ពិចារណា​អំពី​ស្ថានភាព​ដ៏​មាន​ពរ និង​រីករាយ​នៃ​អស់​អ្នក​ណា​ដែល​កាន់​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​នៃ​ព្រះ ។ ដ្បិត​មើលចុះ ពួកគេ​បាន​ពរ​គ្រប់​យ៉ាង ទាំង​ខាង​សាច់​ឈាម និង ខាង​វិញ្ញាណ​ផង ហើយ​បើ​សិន​ជា​ពួកគេ​រក្សា​ការ​ស្មោះត្រង់​ដរាប​ដល់​ចុង​បំផុត នោះ​ពួកគេ​នឹង​ត្រូវ​បាន​ទទួល​នៅ​ស្ថានសួគ៌ ដើម្បី​ឲ្យ​ពួកគេ​អាច​រស់​នៅ​ជាមួយ​នឹង​ព្រះ​ក្នុង​ស្ថានភាព​សុភមង្គល​ដ៏​មិន​ចេះ​ចប់​មិន​ចេះ​ហើយ » ។

តើ​សុភមង្គល​អាច​ទិញ​ក្នុង​តម្លៃ ១៥ ដុល្លារ ឬ ? ទេ មិនអាចទេ ។ សុភមង្គល​ដ៏​ជ្រាលជ្រៅ​និង​យូរអង្វែង​កើត​មាន​តាមរយៈ​ការរស់នៅ​ដោយ​ស្មោះត្រង់ និងការ​រស់នៅ​តាម​ដំណឹង​ល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​ប្រុង​ប្រយ័ត្ន ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។