ឆ្នាំ ២០១០-២០១៩
កែវភ្នែក​នៃ​សេចក្ដី​ជំនឿ
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០១៩


2:3

កែវភ្នែក​នៃ​សេចក្ដី​ជំនឿ

បើ​យើង​រើស និង​ជ្រើសរើស​អ្វី​ដែល​យើង​ទទួល​យក​នៅក្នុង​សេចក្ដីប្រកាស នោះ​យើង​ត្រូវ​គ្របបាំង​ទស្សនវិស័យ​អស់កល្បជានិច្ច​របស់​យើង​ហើយ ដោយ​ព្រោះ​តែ​ការ​ដាក់​សារៈសំខាន់​ខ្លាំង​ពេក​ទៅលើ​បទពិសោធន៍​របស់​យើង​នៅ​ទីនេះ ក្នុង​ពេល​នេះ ។

មុន​ពេល​ការឆ្កាង​របស់​ទ្រង់​បន្ដិច ព្រះយេស៊ូវ​ត្រូវ​នាំ​ទៅ​ពីមុខ​ពីឡាត់​នៅ​សាលា​ជំនុំ ។ « តើ​អ្នក​ជា​ស្តេច​របស់​សាសន៍​យូដា​ឬ​អី ? » ពីឡាត់​បាន​ស្រែក​សួរ​ជាមួយ​នឹង​ការប្រមាថ ។ ព្រះយេស៊ូវ​បាន​តប ៖ « នគរ​ខ្ញុំ​មិន​មែន​ត្រូវ​ខាង​លោកីយ៍​នេះ​ទេ ។ … ខ្ញុំ [ បាន​ចូល ] ក្នុង​លោកីយ៍​នេះ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ធ្វើ​បន្ទាល់​ពី​សេចក្តី​ពិត ។ អស់​អ្នក​ណា​ដែល​កើត​ពី​សេចក្តី​ពិត នោះ​ក៏​ឮ​សំឡេង​ខ្ញុំ » ។

ពីឡាត់​បាន​សួរ​ដោយចំអក​ថា « តើ​យ៉ាង​ណា​ដែល​ហៅ​ថា​សេចក្តី​ពិត​នោះ ? »

នៅ​ពិភពលោក​សព្វថ្ងៃ​នេះ សំណួរ « តើ​យ៉ាង​ណា​ដែល​ហៅ​ថា​សេចក្តី​ពិត​នោះ ? » អាច​ស្មុគស្មាញ​ខ្លាំង​ចំពោះ​ចិត្ត​ដែល​មិន​មាន​សាសនា ។

ការស្វែងរក​តាម Google ថា « តើ​យ៉ាង​ណា​ដែល​ហៅ​ថា​សេចក្តី​ពិត​នោះ ? » ប្រាប់​នូវ​ចម្លើយ​រាប់​លាន ។ យើង​មាន​ព័ត៌មាន​ជាច្រើន​នៅលើ​ទូរសព្ទ​ដៃ​យើង ជាង​ក្នុង​សៀវភៅ​ទាំងអស់​នៅ​បណ្ណាល័យ ។ យើង​រស់នៅ​ជាមួយ​ព័ត៌មាន និង​យោបល់​ដ៏​លើស​លប់ ។ សំឡេង​ដ៏​ទាក់ទាញ និង​មាន​មន្ដស្នេហ៍​ដេញ​តាម​យើង​គ្រប់​ទីកន្លែង ។

នៅ​ក្នុង​ការភាន់​ច្រឡំ​នៅ​សព្វថ្ងៃ​នេះ វា​ពុំ​គួរ​ឲ្យឆ្ងល់​ទេ​ថា មនុស្ស​ជាច្រើន​ដាក់ខ្លួន​គេ​តាម​ពាក្យ​ដែល​បាន​ពោល ២៥០០ ឆ្នាំ​កន្លង​ទៅ​ដោយ​ប្រូតាហ្គោរ៉ា​ទៅ​សូក្រាត​វ័យក្មេង​ថា « អ្វី​ដែល​ពិត​សម្រាប់​អ្នក​គឺ​ពិត​សម្រាប់​អ្នក ហើយ​អ្វី​ដែល​ពិត​សម្រាប់​ខ្ញុំ​គឺ​ពិត​សម្រាប់​ខ្ញុំ » ។

សេចក្ដីពិត​តាមរយៈ​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើងវិញ​របស់​ព្រះយេស៊ូវគ្រីស្ទ

ដោយ​មាន​ពរ​ពី​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​បាន​ស្ដារ​ឡើង​វិញ យើង​សូម​ប្រកាស​ដោយ​រាបសា​ថា មាន​រឿង​មួយ​ចំនួន​គឺ​ពិត​ទាំងស្រុង និង​ពេញលេញ ។ សេចក្ដីពិត​ដ៏​អស់កល្ប​ទាំងនេះ​គឺ​ដូចគ្នា​សម្រាប់​បុត្រា និង​បុត្រី​គ្រប់រូប​របស់​ព្រះ ។

បទគម្ពីរ​បង្រៀន​ថា « សេចក្ដីពិត​គឺជា​ការចេះ​ដឹង​អំពី​ការណ៍​ទាំងឡាយ​ដែល​មាន​នៅ​ពេល​នេះ និង​ការណ៍ទាំងឡាយ​ដែល​មាន​មក​ហើយ ហើយ​នឹង​ការណ៍​ទាំងឡាយ​ដែល​នឹង​មាន​ខាង​មុខ » ។ សេចក្ដីពិត​ឆ្លុះ​បញ្ចាំងទាំង​ពី​ពេល​កន្លង​ទៅ និង​ពេលខាងមុខ ពង្រីក​ទស្សនវិស័យ​នៃ​ចំណុច​ពេល​វេលា​តូច​មួយ​របស់​យើង ។

ព្រះយេស៊ូវ​មាន​បន្ទូល​ថា « ខ្ញុំ​ជា​ផ្លូវ ជា​សេចក្ដី​ពិត និង​ជា​ជីវិត » ។ សេចក្ដីពិត​បង្ហាញ​យើង​ពី​របៀប​ទៅរក​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ហើយ​វា​កើត​មាន​តែ​តាមរយៈ​ព្រះអង្គ​សង្គ្រោះ ព្រះយេស៊ូវ​គ្រីស្ទ​របស់​យើង​ប៉ុណ្ណោះ ។ ពុំ​មាន​ផ្លូវ​ណា​ផ្សេង​ទៀត​ឡើយ ។

ព្រះយេស៊ូវគ្រីស្ទ​បង្រៀន​យើង​ពី​របៀប​រស់នៅ ហើយ​តាមរយៈ​ដង្វាយធួន និង​ការរស់​ឡើង​វិញ​របស់​ទ្រង់ ទ្រង់​បាន​អភ័យ​ទោស​ឲ្យ​យើង​ពី​អំពើបាប និង​ភាពអសីលធម៌​របស់​យើង​ហួស​ពី​វាំងនន​ទៅ​ទៀត ។ ការណ៍​នេះ​ពិត​ជា​ការពិត​មែន ។

ទ្រង់បង្រៀន​យើង​ថា គ្មាន​បញ្ហា​ទេ ​បើ​យើង​មាន ​ឬ​ក្រ ល្បី​ឬ​មិន​ល្បី ជឿនលឿន ​ឬ​សាមញ្ញ​នោះ ។ ប៉ុន្ដែ​ការស្វែងរក​ក្នុង​ជីវិត​រមែង​ស្លាប់​យើង​គឺ ដើម្បី​ពង្រឹង​សេចក្ដីជំនឿ​របស់​យើង​លើ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ ជ្រើសរើស​ល្អ ​ចៀសវាងសេចក្ដី​​អាក្រក់ និង​កាន់តាម​បទបញ្ញត្តិ​របស់​ទ្រង់ ។ ខណៈ​យើង​អបអរ​នឹង​ការវិវឌ្ឍ​នៃ​វិទ្យាសាស្ដ្រ និង​វេជ្ជសាស្ដ្រ សេចក្ដីពិត​របស់​ព្រះ​មាន​ហួស​ពី​របកគំហើញ​ទាំងនេះ ។

ផ្ទុយ​នឹង​សេចក្ដីពិត​ដ៏​អស់កល្ប វា​តែង​មាន​ការបន្លំ​ដើម្បី​បន្លប់​បុត្រា​បុត្រី​របស់​ព្រះ​ចេញ​ពី​សេចក្ដីពិត ។ ការ​ទាស់ទែង​របស់​មារសត្រូវ​គឺ​ដូចគ្នា​ជានិច្ច ។ ស្ដាប់មើល​សំឡេង​ទាំងនេះ កាលពី ២០០០ ឆ្នាំ​កន្លង​ទៅ ៖

« [ អ្នក ] មិនអាច​ដឹង​រឿង​ដែល [ អ្នក ] ពុំ​មើល​ឃើញ​នោះទេ ។… [ អ្វី​ក៏​ដោយ​ដែល​មនុស្ស​ប្រព្រឹត្ត ] គឺ​គ្មាន​ទោស​សោះ » ។

« [ ព្រះ​មិន​បាន​ប្រទានពរ​អ្នក​ទេ តែ ] មនុស្ស​គ្រប់​រូប [ បាន​ចម្រើន​ឡើង ] ស្រប​តាម​ការឈ្លាសវៃ​របស់​ខ្លួន [ ផ្ទាល់ ] » ។

« ជា​ការណ៍​មួយ​ពុំ​សម​ហេតុ​សម​ផល​ដែល​ថា តួអង្គ​មួយ​ដូច​ជា​ព្រះ​គ្រីស្ទ​…​[ ជា ] ​ព្រះ​រាជបុត្រា​នៃ​ព្រះ » ។

« [ អ្វី​ដែល​អ្នក​ជឿ​គឺ​សណ្ដាប់​នៃ​គំនិត​ដ៏​ឆ្កួត​វង្វេង​មួយ និង ] វិកល​ភាព​នៃ​ [ គំនិត ]​ របស់​អ្នក » ។

ជាមួយ​ការស្ដារ​ឡើងវិញ​នៃ​ដំណឹងល្អ នោះ​ព្រះ​បាន​ប្រទាន​របៀប​ឲ្យ​យើង​អាច​ស្គាល់​សេចក្ដីពិត​តាមរយៈ​បទគម្ពីរ ការ​អធិស្ឋាន​ផ្ទាល់ខ្លួន​របស់​យើង បទពិសោធន៍​ផ្ទាល់ខ្លួន​របស់​យើង ពាក្យ​ទូន្មាន​របស់​ពួកព្យាការី និង​ពួក​សាវក​នៅ​រស់ និង​ការ​ដឹកនាំ​ពី​ព្រះវិញ្ញាណបរិសុទ្ធ​ដែល​អាច​ជួយ​យើង​ឲ្យ « ស្គាល់​សេចក្ដី​ពិត​នៃ​គ្រប់​ការណ៍​ទាំង​អស់ » ។

សេចក្ដីពិត ត្រូវ​បាន​ញែកដឹង​ខាង​វិញ្ញាណ

យើង​អាច​ដឹង​ពី​សេចក្ដី​ទាំងឡាយ​នៃ​ព្រះ ពេល​យើង​ស្វែងរក​វា​ខាង​វិញ្ញាណ ។ ប៉ុល​បាន​ពោល​ថា « បើ​មិន​មែន​ជា​ព្រះវិញ្ញាណ​នៃ​ព្រះ នោះ​ក៏​គ្មាន​អ្នក​ណា​ស្គាល់​សណ្ឋាន​ព្រះ​បាន​ដែរ ។​… [ ដោយសារ ] វា​ស្គាល់​សណ្ឋាន​ខាង​វិញ្ញាណ » ។

0:38

សូម​មើល​រូបភាព​នេះ​ដោយ ម៉ៃឃល មើរហ្វី ។ ចេញពី​ទស្សនវិស័យ​នេះ អ្នក​សឹង​មិន​ជឿ​ថា វា​ជា​កំណែ​សិល្បៈ​នៃ​ភ្នែក​របស់​មនុស្ស ។ ប៉ុន្ដែ​ពេល​អ្នក​មើល​ចំណុច​ចុចៗ​ចេញ​ពី​ទស្សនវិស័យ​ខុសគ្នា​មួយ អ្នក​នឹង​ឃើញ​ពី​សម្រស់​នៃ​ការបង្កើត​របស់​វិចិត្រករ ។

ដូចគ្នា​នេះដែរ យើង​ឃើញ​សេចក្ដីពិត​ខាងវិញ្ញាណ​របស់​ព្រះ​តាមរយៈ​ទស្សនវិស័យ​នៃ​ភ្នែក​នៃ​សេចក្ដីជំនឿ ។ ប៉ុល​បាន​ថ្លែង ៖ « ប៉ុន្តែ មនុស្ស​ខាង​សាច់​ឈាម​គេ​មិន​ទទួល​សេចក្តី​ខាង​ឯ​ព្រះវិញ្ញាណ​នៃ​ព្រះ​ទេ ពី​ព្រោះ​ជា​សេចក្តី​ល្ងង់ល្ងើ​ដល់​គេ ក៏​រក​ស្គាល់​មិន​បាន​ដែរ ដ្បិត​ត្រង់​ឯ​សេចក្តី​ទាំង​នោះ​ត្រូវ​ពិចារណា​យល់​ខាង​វិញ្ញាណ​វិញ » ។១០

បទគម្ពីរ ការអធិស្ឋាន បទពិសោធន៍​ផ្ទាល់​ខ្លួន​របស់​យើង ព្យាការី​សម័យ​ទំនើប និង​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​នាំ​ឲ្យ​យើង​មាន​ទស្សនវិស័យ​ខាង​វិញ្ញាណ​​ពី​សេចក្ដីពិតដែល​ចាំបាច់​​សម្រាប់​ដំណើរ​របស់​យើង​លើ​ផែនដី​នេះ ។

ការប្រកាស​តាមរយៈ​កែវភ្នែក​នៃ​សេចក្ដីជំនឿ

សូម​មើល​ការប្រកាស​ស្ដីពី​ក្រុម​គ្រួសារ​តាមរយៈកែវ​ភ្នែក​នៃ​សេចក្ដីជំនឿ ។

ប្រធាន ហ្គរដុន ប៊ី ហ៊ីងគ្លឺ បាន​ណែនាំពី « ក្រុម​គ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » ដោយ​មាននូវ​សេចក្ដី​ថ្លែងការណ៍​នេះថា « មាន​សេច​ក្ដី​ពុំទៀង​ត្រង់​ជាច្រើន​ត្រូវ​បាន​បង្ហាញ​ថា​ជា​សេចក្ដីពិត ដោយ​មាន​នូវ​ការបោក​បញ្ឆោត​ដ៏ច្រើន​អំពី​បទដ្ឋាន និង​គុណតម្លៃ ហើយ​មាន​នូវ​ការទាក់ទាញ​ចិត្ត និង​ការល្បួង​យ៉ាង​ច្រើន​ដែល​បាន​ដុះ​ស្នឹម​ក្នុង​ពិភពលោក​បន្តិច​ម្តងៗ រហូត​យើង​មាន​អារម្មណ៍​ថា​ចាំបាច់​ត្រូវ​ធ្វើការ​ព្រមាន [ អ្នក ] » ។១១

ការប្រកាស​ចាប់ផ្ដើម​ដោយ « មនុស្ស​ទាំងអស់​—​ទាំងប្រុស ទាំងស្រី​—​ត្រូវបាន​បង្កើត​ឡើង​តាម​រូបភាព​នៃព្រះ ។ មនុស្ស​ម្នាក់ៗ​សុទ្ធតែ​ជា​បុត្រា និង​បុត្រី​ខាង​វិញ្ញាណ​របស់​មាតា​បិតា​សួគ៌ ដូច្នេះ​ហើយ មនុស្ស​ម្នាក់ៗ​មាន​ចរិត និង​គោលដៅ​នៃ​ព្រះ » ។

ទាំងនេះ​គឺជា​សេចក្ដីពិត​ដ៏​អស់កល្ប ។ បងប្អូន និង​ខ្ញុំ​ពុំ​មែន​ជា​ឧប្ប​ទ្ទវហេតុ​នៃ​ធម្មជាតិ​ឡើយ ។

ខ្ញុំ​ស្រឡាញ់​ពាក្យពេចន៍​នេះ ៖ « នៅ​ភព​មុន​ជីវិត​លើ​ផែនដី​នេះ បុត្រា​បុត្រី​វិញ្ញាណ​បាន​ដឹង និង​ថ្វាយ​បង្គំ​ព្រះ ជា​ព្រះវរបិតា​ដ៏​អស់កល្ប​របស់​គេ ហើយ​បាន​ទទួល​យក​ផែនការ​របស់​ទ្រង់ » ។១២

យើង​បាន​រស់នៅ​ពីមុន​កំណើត​របស់​យើង ។ អត្តសញ្ញាណ​រៀងខ្លួន​របស់​យើង​បោះត្រា​ជាប់​នឹង​យើង​ជារៀង​រហូត ។ ពេលខ្លះ​យើង​មិន​យល់​ពេញលេញ​ទេ តែ​ការធំធាត់​ខាង​វិញ្ញាណ​របស់​យើង​នៅ​ក្នុង​ជីវិត​មុន​ជីវិត​នេះ​មាន​ឥទ្ធិពល​លើ​រូប​យើង​នៅ​ទីនេះ ។១៣ យើង​បាន​ទទួល​យក​ផែនការ​របស់​ព្រះ ។ យើង​បាន​ដឹង​ថា យើង​នឹង​ជួប​ការលំបាក ការឈឺចាប់ និង​ទុក្ខសោក​លើ​ផែនដី​នេះ ។១៤ យើង​ក៏​បាន​ដឹង​ដែរ​ថា ព្រះអង្គ​សង្គ្រោះ​នឹង​យាង​មក ហើយ​ថា​ពេល​យើង​បញ្ជាក់​ថា​ខ្លួន​យើង​សក្ដសិម នោះ​យើង​នឹង​លេច​ឡើង​នៅ​ឯ​ការរស់​ឡើង​វិញ ដោយ​មាន « សិរី​ល្អ​បន្ថែម​ទៅ​លើ​ក្បាល [ យើង ] ជា​រៀង​ដរាប​រហូត​ត​ទៅ » ។១៥

ការប្រកាស​គឺ​ចំៗ ៖ « យើង​សូម​ប្រកាស​ថា មធ្យោបាយ​ដើម្បី​បង្កើត​ជីវិត​រមែង​ស្លាប់​នេះ​គឺ​ត្រូវ​បាន​តែងតាំង​ឡើង​ដោយ​ព្រះ ។ យើង​សូម​បញ្ជាក់​នូវ​ការញែកចេញ​ជា​បរិសុទ្ធ​នៃ​ជីវិត និង​សារៈសំខាន់​នៃ​ជីវិត​នៅក្នុង​ផែនការ​ដ៏​អស់កល្ប​ជានិច្ច​របស់​ព្រះ » ។

ផែនការ​របស់​ព្រះបិតា​យើង​លើក​ទឹកចិត្ត​ឲ្យ​ស្វាមី និង​ភរិយា​នាំ​កូនចៅ​មក​កាន់​ពិភពលោក​នេះ ហើយ​ដាក់​កាតព្វកិច្ច​ឲ្យ​យើង​ពោល​ការពារ​ដល់​អ្នកដែល​មិន​ទាន់​កើត ។

គោលការណ៍​ទាំងឡាយ​នៃ​ការ​ប្រកាស​គឺទាក់ទង​នឹង​គ្នា​យ៉ាង​ល្អ

បើ​យើង​រើស និង​ជ្រើសរើស​អ្វី​ដែល​យើង​ទទួល​យក​នៅក្នុង​សេចក្ដីប្រកាស នោះ​យើង​ត្រូវ​គ្របបាំង​ទស្សនវិស័យ​អស់កល្បជានិច្ច​របស់​យើង​ហើយ ដោយ​ព្រោះ​តែ​ការ​ដាក់​សារៈសំខាន់​ខ្លាំង​ពេក​ទៅលើ​បទពិសោធន៍​របស់​យើង​នៅ​ទីនេះ ក្នុង​ពេល​នេះ ។ តាមរយៈ​ការសញ្ជឹងគិត​ប្រកប​ដោយ​ការអធិស្ឋាន​អំពី​ការប្រកាស​នេះ​តាមរយៈកែវ​ភ្នែក​នៃ​សេចក្ដី​ជំនឿ នោះ​យើង​នឹង​យល់​កាន់តែ​ច្បាស់​ពី​របៀប​ដែល​គោលការណ៍​នានា​ទាក់ទង​គ្នា គាំទ្រ​គ្នា​ទៅ​វិញ​ទៅមក​យ៉ាង​រលូន ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​ផែនការ​របស់​ព្រះបិតា​យើង​សម្រាប់​បុត្រាបុត្រី​របស់​ទ្រង់ ។១៦

0:23

តើ​យើងពិតជា​​គួរតែ​ភ្ញាក់​ផ្អើល​ដែរឬ​ទេ ពេល​ព្យាការី​​របស់​ព្រះអម្ចាស់​ប្រកាស​ព្រះទ័យ​របស់​ទ្រង់​សម្រាប់​សំណួរ​មួយចំនួន​ដែល​នៅតែ​មាន​នោះ ? ប្រាកដណាស់ ​មនុស្ស​មួយចំនួន​បាន​បដិសេធ​សំឡេង​របស់​ពួក​ព្យាការី​ភ្លាម១៧ ប៉ុន្ដែ​អ្នក​ដទៃទៀត​បាន​ពិចារណា​ប្រកប​ដោយ​ការ​អធិស្ឋាន​អំពីសំណួរ​ស្មោះ​ត្រង់របស់​ពួកគេ— ជា​សំណួរ​ដែល​នឹង​រម្ងាប់​ដោយ​ការ​អត់ធ្មត់ និង​កែវភ្នែក​នៃ​សេចក្ដីជំនឿ ។ បើ​ការ​ប្រកាស​ត្រូវ​បាន​បើក​សម្ដែង​នៅ​ក្នុង​សតវត្សរ៍​ផ្សេង នោះ​ក៏​នៅ​តែ​មាន​សំណួរ វា​គ្រាន់តែ​ជា​សំណួរ​ផ្សេង​ពី​សំណួរ​សព្វថ្ងៃនេះ ។ គោលបំណង​មួយ​របស់ពួក​ព្យាការី​គឺ​ដើម្បី​ជួយ​យើង​ដោះស្រាយ​សំណួរ​ដោយ​ស្មោះ ។១៨

មុន​ពេល​ក្លាយជា​ប្រធាន​សាសនាចក្រ ប្រធាន រ័សុល អិម ណិលសុន បាន​មាន​ប្រសាសន៍ ៖ « ព្យាការី​ឃើញ​អ្វី​នឹង​កើតឡើង ។ លោក​មើល​ឃើញ​គ្រោះថ្នាក់ ដែល​បច្ចាមិត្ត​បាន​ដាក់ ឬ នឹង​ដាក់​នៅ​តាម​ផ្លូវ​របស់​យើង ។ ព្យាការី​ក៏​មើល​ឃើញ​ទុក​ជាមុន​នូវ​ការទទួល​ខុសត្រូវ​ដ៏​ធំ និង​ឯកសិទ្ធិ​ដែល​រង់ចាំ​សម្រាប់​អ្នក​ដែល​ស្ដាប់​តាម​ដោយ​មាន​ចិត្ត​ស្មោះ​ក្នុង​ការគោរព​ប្រតិបត្តិ​ដែរ » ។១៦

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ពី​សេចក្ដីពិត និង​អំណាច​ខាង​វិញ្ញាណ​នៃ​សំឡេង​រួមគ្នា​របស់​គណៈ​ប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ។

ពិភពលោកកំពុង​ដើរ​ចេញ​ទៅ

ពេញ​មួយ​ជីវិត​ខ្ញុំ យើង​បាន​ឃើញ​ការផ្លាស់ប្ដូរ​ដ៏​ខ្លាំង​ក្នុង​ជំនឿ​របស់​ពិភពលោក​នេះ ស្ដីពី​គោលការណ៍​ជាច្រើន​ដែល​បាន​បង្រៀន​ក្នុង​ការប្រកាស ។ អំឡុង​យុវភាព​របស់​ខ្ញុំ និង​ពេល​រៀបការ​ហើយ​ថ្មីៗ មនុស្ស​ក្នុង​ពិភពលោក​នេះ​ជាច្រើន​បាន​ដើរចេញ​ពី​បទដ្ឋាន​របស់​ព្រះអម្ចាស់ ដែល​យើង​ហៅ​ថា​ច្បាប់​ព្រហ្មចារីភាព ថា​ទំនាក់​ទំនង​ផ្លូវ​ភេទ​ត្រូវ​កើត​ឡើង​តែ​រវាង​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់​ដែល​បាន​រៀបការ​ពេញ​ច្បាប់​ប៉ុណ្ណោះ ។ កាល​ខ្ញុំ​អាយុ ២០ ទៅ ៣០ ឆ្នាំ មនុស្ស​ជាច្រើន​បាន​ដើរ​ចេញ​ពី​ការការពារ​ដ៏​ពិសិដ្ឋ​ដល់​ទារក​មិន​ទាន់​កើត ដោយសារ​ថាការពន្លូត​កូនគឺជា​រឿង​ដែល​មនុស្ស​កាន់តែ​ទទួល​យក ។ ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ មនុស្ស​ជាច្រើន​បាន​ដើរចេញ​ពី​ច្បាប់​របស់​ព្រះ​ដែល​ថា អាពាហ៍ពិពាហ៍​គឺជា​ការរួបរួម​ដ៏​ពិសិដ្ឋ​មួយ​រវាង​បុរស​ម្នាក់ និង​ស្ដ្រី​ម្នាក់ ។២០

0:20

ពេល​មើល​មនុស្ស​ជាច្រើន​ដើរ​ចេញ​ពី​ព្រំដែន​ដែល​ព្រះអម្ចាស់​បាន​ដាក់​មក វា​រំឭក​យើង​ពី​ថ្ងៃ​មួយ​នោះ​នៅឯ​កាពើណិម កាល​ព្រះអង្គ​សង្គ្រោះ​បាន​ប្រកាស​ភាពជា​ព្រះ​របស់​ទ្រង់ ហើយ​ជាអកុសល « មាន​សិស្ស​ទ្រង់​ជា​ច្រើន … [ មិន​តាម ] ​ទ្រង់​ទៀត​ទេ » ។

រួច​ព្រះអង្គ​សង្គ្រោះ​បាន​ងាក​ទៅសួរ​ពួកដប់ពីរ​នាក់​ថា « អ្នករាល់​គ្នា​ចង់​ថយ​ទៅ​ដែរ​ឬ ? »

ពេត្រុស​បាន​ទូល​ថា

« ព្រះអម្ចាស់អើយ តើយើងខ្ញុំនឹងទៅឯអ្នកណាវិញ ? គឺទ្រង់ហើយ ដែល​មាន​ព្រះបន្ទូល​នៃ​ជីវិត​ដ៏​នៅអស់កល្បជានិច្ច ។

យើង​ខ្ញុំ​ក៏​បាន​ជឿ ហើយ​ដឹង​ថា ទ្រង់​ជា​ព្រះគ្រីស្ទ ជា​ព្រះរាជបុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់​ពិត » ។២១

ពុំ​មែន​មនុស្ស​ទាំងអស់​ត្រូវចំ​នឹងការប្រកាស​ពី​ក្រុមគ្រួសារ​ទេ

មាន​មនុស្ស​ជាច្រើន​ទាំង​ក្មេង​ទាំង​ចាស់ ដែល​ស្មោះត្រង់ និង​ពិត​ចំពោះ​ការបង្រៀន​របស់​ព្យាការី ទោះជា​បទពិសោធន៍​ថ្មីៗ​ផ្ទាល់​ខ្លួន​គេ​មិន​ត្រូវ​ចំនឹង​ការប្រកាស​ពី​ក្រុមគ្រួសារ​នេះ​ក្ដី ៖ កុមារ​ដែល​ប៉ះ​ទង្គិច​ជីវិត​ដោយ​ការលែងលះ, យុវវ័យ​ដែល​មាន​មិត្ត​ចំអក​ឲ្យ​ច្បាប់​ព្រហ្មចារីភាព, ស្ដ្រី និង​បុរសដែល​លែងលះគ្នា ​ដែល​រង​របួស​យ៉ាង​ដំណំ​ពី​ភាពមិន​ស្មោះត្រង់​របស់​ប្ដី/ប្រពន្ធ, ស្វាមី និង​ភរិយា​ដែល​មិន​អាច​មាន​កូន​បាន, ស្ត្រី និង​បុរស​ដែល​បាន​រៀបការ​ទៅ​នឹង​ប្ដីឬប្រពន្ធ​ដែល​ពុំ​មាន​ជំនឿ​ទៅលើ​ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ ស្ដ្រី និង​ប្រុស​នៅ​លីវ​ដែល​មិន​អាច​រៀបការ​បាន​ដោយសារ​ហេតុផល​ផ្សេងៗ ។

មិត្ត​​ម្នាក់​ដែល​ខ្ញុំ​កោត​សរសើរ​ខ្លាំងជិត ២០ ឆ្នាំ មិន​បាន​រៀបការ​ដោយសារតែ​ស្រឡាញ់​ភេទ​ដូចគ្នា ។ គាត់​បាន​បន្ដ​ស្មោះពិត​នឹង​សេចក្ដីសញ្ញា​ក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់​គាត់ ពង្រីក​ទេពកោសល្យ​ដ៏​ច្នៃ​ប្រឌិត និង​ប្រកប​ដោយ​វិជ្ជាជីវៈ ហើយ​បាន​បម្រើ​យ៉ាង​សក្ដិសម​ទាំង​ក្នុង​សាសនាចក្រ និង​ក្នុង​សហគមន៍ ។ ថ្មីៗ​នេះ​គាត់​បាន​និយាយ​ប្រាប់​ខ្ញុំ​ថា « ខ្ញុំ​អាច​យល់​ពី​អ្នក​ដែល​មាន​ស្ថានភាព​ដូច​ខ្ញុំ ដែល​ជ្រើសរើស​មិន​កាន់តាម​ច្បាប់​ព្រហ្មចារីយភាព ក្នុង​ពិភពលោក​ដែល​យើង​រស់នៅ​នេះ ។ ប៉ុន្ដែ តើ​ព្រះគ្រីស្ទ​មិន​បាន​សុំ​យើង ‹ កុំ​ឲ្យ​ជា​របស់​លោកិយ​នេះ › ទេ​ឬ​អី ? វា​ច្បាស់​ថា បទដ្ឋាន​របស់​ព្រះ​គឺ​ខុស​ពី​បទដ្ឋាន​របស់​លោកិយ » ។

ជារឿយៗ ច្បាប់​របស់​មនុស្សរំកិល​ចេញ​ទៅ​ខាង​ក្រៅ​ព្រំ​ដែន​ច្បាប់​របស់​ព្រះ​បាន​កំណត់ ។ សម្រាប់​អស់​អ្នក​ដែល​មាន​បំណង​ធ្វើ​ឲ្យ​ព្រះ​គាប់​ព្រះទ័យ សេចក្ដីជំនឿ ភាព​អត់ធ្មត់ និង​ភាព​ឧស្សាហ៍​គឺតម្រូវ​ឲ្យ​មាន ។២២

ភរិយា​ខ្ញុំ ខេធី និង​ខ្ញុំ​ស្គាល់​បងស្រី​នៅ​លីវ​ម្នាក់​ដែល​ឥឡូវ​ក្នុង​វ័យ ៤០ ប្លាយ ដែល​មាន​អំណោយ​ទាន​ខាង​សមត្ថភាព​វិជ្ជាជីវៈ​របស់​គាត់ ហើយ​បម្រើ​យ៉ាង​ក្លាហាន​ក្នុង​វួដ​គាត់ ។ គាត់​ក៏​បាន​គោរព​ច្បាប់​របស់​ព្រះ​ផង​ដែរ ។ គាត់​បាន​សរសេរ​ថា ៖

« ខ្ញុំ​ស្រមៃ​ពី​ថ្ងៃ​ដែល​ខ្ញុំ​នឹង​បាន​ពរ​ឲ្យ​មាន​ស្វាមី​ម្នាក់ និង​កូនៗ ។ ខ្ញុំ​នៅតែ​រង់ចាំ ។ ពេលខ្លះ ស្ថានភាព​របស់​ខ្ញុំ​នាំ​មក​នូវ​អារម្មណ៍​នៃ​ការ​ត្រូវ​បាន​គេ​បំភ្លេច ហើយ​ឯកោ តែ​ខ្ញុំ​ព្យាយាម​មិន​ផ្ដោត​លើ​អ្វី​ដែល​ខ្ញុំ​មិន​មានទេ តែ​ខ្ញុំ​ផ្ដោត​តែ​លើ​អ្វី​ដែល​ខ្ញុំ​មាន​ និង​របៀប​ដែល​ខ្ញុំ​អាច​ជួយ​មនុស្ស​ដទៃវិញ ។

ការបម្រើ​ដល់​គ្រួសារ​ធំ​របស់​ខ្ញុំ ក្នុង​វួដ​ខ្ញុំ និង​ក្នុង​ព្រះវិហារ​បរិសុទ្ធ​បាន​ជួយ​ខ្ញុំ ។ ខ្ញុំ​មិន​ត្រូវ​គេ​ភ្លេច ឬ​នៅ​តែ​ឯង​ឡើយ ដោយសារ​ខ្ញុំ​មាន​ចំណែក ហើយ​យើង​ទាំងអស់​គ្នា​ជា​ផ្នែក​នៃ​គ្រួសារ​ធំ​មួយ » ។

មានព្រះ​​មួយ​អង្គ​ដែល​យល់

អ្នកខ្លះ​នឹង​ថា « អ្នក​មិន​យល់​ពី​ស្ថានភាព​ខ្ញុំ​ទេ » ។ ខ្ញុំ​មិន​អាច​ទេ ប៉ុន្តែ​ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា មាន​ព្រះ​មួយ​អង្គ​ដែល​យល់ ។២៣ មាន​ព្រះ​មួយ​អង្គ​ដែល​ស្គាល់​បន្ទុក​របស់​អ្នក ដោយសារ​តែ​ពលិកម្ម​ដែល​ទ្រង់​បាន​ធ្វើ​នៅក្នុង​សួនច្បារ និង​នៅលើ​ឈើឆ្កាង ។ កាល​អ្នក​ស្វែងរក​ទ្រង់ ហើយ​កាន់តាម​បទបញ្ញត្តិ​ទ្រង់ ខ្ញុំ​សូម​សន្យា​នឹង​បងប្អូន​ថា ទ្រង់​នឹង​ប្រទានពរ​បងប្អូន ហើយ​លើក​បន្ទុក​ដែល​រែក​ម្នាក់​ឯង​ដ៏​ធ្ងន់​ពេក​ចេញ ។ ទ្រង់​នឹង​ប្រទាន​ដល់​បងប្អូន​នូវ​មិត្ត​ដ៏​អស់កល្ប និង​ឱកាស​ដើម្បី​បម្រើ ។ កាន់តែ​សំខាន់​នោះ​គឺ​ថា ទ្រង់​នឹង​បំពេញ​បងប្អូន​ដោយ​វិញ្ញាណ​ដ៏​មាន​អានុភាព​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​បំភ្លឺ​ការអនុម័ត​មក​ពី​ស្ថានសួគ៌​ដល់​បងប្អូន ។ គ្មាន​ជម្រើស​ណា ដែល​បដិសេធ​ភាពជា​ដៃគូ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ឬ​ពរជ័យ​នៃ​ភាពដ៏​អស់កល្បដែល​សក្ដិសម​នឹង​ការពិចារណា​របស់​យើង​ទេ ។

ខ្ញុំ​ដឹង​ថា ព្រះអង្គ​សង្រ្គោះ​មាន​ព្រះជន្ម​រស់ ។ ខ្ញុំ​ធ្វើ​ជា​សាក្សី​ថា ទ្រង់​គឺជា​ប្រភព​នៃ​សេចក្ដីពិត​ទាំងអស់ ដែល​ពិត​ជា​សំខាន់ ហើយ​ថា​ទ្រង់​នឹង​បំពេញ​ពរជ័យ​ទាំងឡាយ​ដែល​ទ្រង់​បាន​សន្យា​ដល់​អ្នក​ដែល​កាន់តាម​បទបញ្ញត្តិ​របស់​ទ្រង់ ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។

កំណត់​ចំណាំ

  1. យ៉ូហាន ១៨:៣៣, ៣៦–៣៨ ។

  2. វិល្លាម អេស សាហាកាន និង ម៉ាបែល លូវិស សាហាកាន, Ideas of the Great Philosophers (ឆ្នាំ ១៩៦៦ ), ២៨ ។

  3. គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៣:២៤ ។

  4. យ៉ូហាន ១៤:៦ ។

  5. អាលម៉ា ៣០:១៥, ១៧ ។

  6. ហេលេមិន ១៦:១៨ ។

  7. សូមមើល អាលម៉ា ៣០:១៤, ២៣, ២៧ ។

  8. មរ៉ូណៃ ១០:៥ ។

  9. ការបកប្រែ​របស់​យ៉ូសែប​ស្ម៊ីធ,កូរិនថូសទី ១ ២:១១ [នៅក្នុង កូរិនថូសទី ១ ២:១១នៅក្នុង កូរិនថូសទី ១ ២:១៤ ។

  10. កូរិនថូសទី១ ២:១៤ ។

  11. ហ្គរដុន ប៊ី ហ៊ិងគ្លី « Stand Strong against the Wiles of the World » Ensignខែ វិច្ឆិកា ឆ្នាំ ១៩៩៥ ទំព័រ ១០០ ។ ប្រធាន រ័សុល អិម ណិលសុន​ ថ្មីៗ​នេះ​បាន​ពន្យល់​អំពី​ប្រវត្តិ​នៃ​ការ​ប្រកាស​មួយចំនួន ដូច​បាន​សង្ខេប​ដោយ សែរី ឌូ នៅក្នុង Insights from a Prophet’s Life: Russell M. Nelson ( ឆ្នាំ ២០១៩ ) ទំព័រ ២០៨ ៖

    « នៅ​ថ្ងៃមួយ​ក្នុង​ឆ្នាំ ១៩៩៤ កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បានចំណាយ​ពេល​មួយ​ថ្ងៃ​នៅ​ក្នុង​បន្ទប់​ប្រឹក្សា​របស់ពួក​លោក​នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ​សលត៍ លេក ពិភាក្សា​អំពី​បញ្ហា​ទាក់ទង​នឹង​គ្រួសារ ។ ពួកគាត់​បាន​ពិចារណា​អ្វីៗ​ទាំងអស់​មកពីការមើល​ឃើញ​កំណើន​នៃ​រូបអាសគ្រាម​ខ្លាំងចំពោះ​និតិកម្ម​​ប្រឆាំង​ក្រុមគ្រួសារតាម​​ប្រភេទ​ផ្សេងៗ ។ នេះ​ពុំ​មែន​ជា​ការពិភាក្សា​ថ្មី​មួយ​ទេ ប៉ុន្តែ​នៅ​ថ្ងៃ នោះ​របៀប​វារៈ​ទាំងមូល​គឺ​និយាយ​ទាក់ទងជុំវិញ​ប្រធានបទ​សំខាន់​មួយ​នេះ ។

    « ពួក​ដប់ពីរ​នាក់​បាន​មើល​ទាំង​គោលលទ្ធិ និង​គោល​ការណ៍​នានា ពិចារណា​រឿង​ទាំងនោះ​ថា ពុំ​អាច​ផ្លាស់ប្ដូរ​បានទេ—គោលលទ្ធិ— និង​រឿង​ទាំងឡាយ​ដែល​អាច​នឹង​ជា—គោលការណ៍នានា ។ ពួកគាត់​បាន​ពិភាក្សា​បញ្ហា​ដែល​ពួកគាត់​មើល​ឃើញ​កើតមាន រួមទាំង​ការ​រុញ​ខាង​សង្គម​ដ៏​ខ្លាំង​មួយ​ចំពោះ​ការ​រៀបការ​ខ្ទើយ និង​សិទ្ធិប្ដូរភេទ ។ អែលឌើរ ណិលសុន បាន​ពន្យល់​ថា ‹ ប៉ុន្តែ​​នោះ​ពុំ​មែនជា​ទីបញ្ចប់​នៃ​អ្វី​ដែល​យើង​មើល​ឃើញ​នោះទេ › ។ ‹ យើង​អាច​មើលឃើញ​ការខិតខំ​របស់​សហគមន៍​ជា​ច្រើន​ផ្សេងៗ​គ្នាមិន​ចង់​ធ្វើ​តាម​បទដ្ឋាន និង​ដែនកំណត់​ទៅលើ​សកម្មភាព​ខាង​ផ្លូវភេទ ។ យើង​មើល​ឃើញ​ភាព​ភាន់ច្រឡំ​ទៅលើ​ភេទ ។ យើង​អាច​មើលឃើញ​អ្វីទាំងអស់នេះ​កំពុង​កើត​មានឡើង › ។

    « ការពិភាក្សា​យ៉ាង​ច្រើននេះ ព្រមទាំង​រឿង​ដទៃទៀត​អស់មួយរយៈកាល​នោះ នាំ​ឲ្យ​ទទួល​បាន​ការបញ្ចប់​ដែលពួកសាវក​គួរ​តែ​រៀបចំ​ឯកសារ​មួយ ជា​សេចក្ដីប្រកាស ដែល​ចែង​អំពី​ជំហរ​របស់​សាសនាចក្រ​អំពី​គ្រួសារ ដើម្បី​បង្ហាញ​ទៅ​កាន់​គណៈប្រធានទីមួយ​សុំ​ការ​ពិចារណា » ។

  12. « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក» Liahonaខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ១៤៥ ។

  13. ប្រធាន ដាល្លិន អេច អូក បាន​មាន​ប្រសាសន៍ ៖ « មនុស្ស​រមែង​ស្លាប់​ទាំងអស់​ដែល​បាន​កើត​មក​លើ​ផែនដី​នេះ បាន​ជ្រើសរើស​ផែនការ​របស់​ព្រះវរបិតា ហើយ​បាន​ប្រយុទ្ធ​ដើម្បី​វា ។ ពួកយើង​ជាច្រើន​ក៏​បាន​ចុះ​សេចក្ដីសញ្ញា​ជាមួយ​នឹង​ព្រះវរបិតា​ទាក់ទង​នឹង​អ្វី​ដែល​យើង​នឹង​ធ្វើ​នៅក្នុង​ជីវិត​រមែង​ស្លាប់​ផងដែរ ។ តាម​របៀប​ដែល​មិន​ទាន់​បាន​បើក​សម្ដែង​នៅឡើយ សកម្មភាព​ក្នុង​ពិភព​វិញ្ញាណ​របស់​យើង​មាន​ឥទ្ធិពល​លើ​យើង​នៅក្នុង​ជីវិត​រមែង​ស្លាប់ » ( « The Great Plan of Happiness, » Ensignខែ វិច្ឆិកា ឆ្នាំ ១៩៩៣, ៧២ ) ។

  14. សូមមើល ដាល្លិន អេក អូក « Truth and the Plan» Liahonaខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ២៥–២៨ ។

  15. អ័ប្រាហាំ ៣:២៦ ។

  16. ប្រធាន ដាល្លិន អេក អូក បាន​មាន​ប្រសាសន៍​ថា ៖

    ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ដែល​បាន​ប្រែ​ចិត្ត​ជឿ​ថា ការ​ប្រកាស​ស្ដីពី​ក្រុម​គ្រួសារ ដែល​បាន​ចេញ​ផ្សាយ​ជិត​ម្ភៃ​ប្រាំ​ឆ្នាំ​មុន ហើយ​ឥឡូវ​នេះ​ត្រូវ​បាន​បកប្រែ​ជា​ច្រើន​ភាសា គឺជា​ការ​គូស​បញ្ជាក់​ជា​ថ្មី​របស់​ព្រះអម្ចាស់​អំពី​សេចក្ដី​ពិត​នៃ​ដំណឹងល្អ​ដែល​យើង​ត្រូវការ​ដើម្បី​គាំទ្រ​យើង​ឆ្លង​កាត់​ឧបសគ្គ​បច្ចុប្បន្នក្នុង​គ្រួសារ ។…

    « ខ្ញុំ​សូម​ថ្លែងទីបន្ទាល់​ថា ការ​ប្រកាស​ស្ដីពី​ក្រុម​គ្រួសារ​គឺជា​សេចក្ដី​ថ្លែង​ការណ៍​នៃ​សេចក្ដី​ពិត​អស់​កល្ប ជា​ព្រះឆន្ទៈរបស់​ព្រះអម្ចាស់​សម្រាប់​កូនចៅ​ទ្រង់ ដែល​ស្វែងរក​ជីវិត​អស់កល្ប​ជានិច្ច ។ វា​បាន​ក្លាយ​គ្រឹះ​នៃ​ការ​បង្រៀន និង​ការ​អនុវត្ត​ក្នុង​សាសនាចក្រ​រយៈពេល ២២ ឆ្នាំ​ហើយ ហើយ​នឹង​បន្ត​ដូច្នេះ​ទៀត​សម្រាប់​អនាគត ។ សូម​ពិចារណា​បង្រៀន​វា រស់​នៅ​តាម​វា ហើយ​នឹង​មាន​ពរ នៅពេល​អ្នក​អ្នក​បន្ត​ឈាន​ទៅរក​ជីវិត​អស់កល្ប​ជានិច្ច ។…

    « …ខ្ញុំ​ជឿថា ​ការ​ប្រើ និង​អាកប្បកិរិយា​យើង​ចំពោះ​ការ​ប្រកាស​ស្ដីពី​គ្រួសារ​គឺជា​ការ​សាកល្បង​មួយ​សម្រាប់​ជំនាន់​នេះ ។ ខ្ញុំ​អធិស្ឋាន​ឲ្យ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ទាំងអស់​ឲ្យ​ឈរ​រឹងមាំ​នៅ​ក្នុង​ការ​សាកល្បងនោះ » ( « The Plan and the Proclamation » Liahonaខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៣០-៣១ ) ។

  17. ប្រធាន រ័សុល អិម ណិលសុន បាន​មានប្រសាសន៍​ថា ៖ « មាន​អ្នក​ដែល​ដាក់​ស្លាក​ឈ្មោះ​ឲ្យ​យើង​ថា​ជាមនុស្ស​ងប់ងុល ប៉ុន្តែ​មនុស្ស​ងប់ងុល​គឺ​ជា​អ្នកទាំងឡាយ​ដែល​មិន​អនុញ្ញាត​ឲ្យយើង​ទទួល​អារម្មណ៍​ដូច​អ្វី​ដែល​យើង​មានអារម្មណ៍ ប៉ុន្តែ​ចង់​ឲ្យ​យើង​ឲ្យ​ពួកគេ​ទទួល​អារម្មណ៍​ដូច​ដែល​ពួកគេ​មានអារម្មណ៍ ។ ជំហរ​របស់​យើង​នៅ​ទីបំផុត​សង្ខេប​មក​នៅ​ត្រឹម​ក្រឹត្យវិន័យ​នៃ​ព្រហ្មចារិយភាព ។ ក្រឹត្យវិន័យ​ដប់​ប្រការ គឺ​នៅ​តែ​មាន​សុពលភាព ។ ក្រឹត្យវិន័យ​ទាំងនោះ​ពុំ​ត្រូវ​ដកហូត​ទេ ។… វា​ពុំ​មែនជា​បុព្វសិទ្ធិ​យើង​ដើម្បីផ្លាស់ប្ដូរ​ក្រឹត្យវិន័យ​ដែល​ព្រះ​បានចែងឡើង​នោះទេ » ( នៅក្នុង ឌូ ​Insights from a Prophet’s Lifeទំព័រ ២០៨ ) ។

  18. « គ្រួសារ​ស្ថិត​នៅ​ក្រោម​ការវាយប្រហារ​នៅ​ជុំវិញ​ពិភពលោក ប៉ុន្តែ​សេចក្ដីពិត​នៃ​ការប្រកាស​ពី​គ្រួសារ​នឹង​ការពារដល់​អ្នក ។

    « អ្នកជា​យុវវ័យ​នៃ​សិទ្ធិ​ពីកំណើត​ដ៏​ថ្លៃថ្នូរ ដែលចាំបាច់ត្រូវ​យល់ដឹង​ពី​ផលវិបាក​ដ៏ខ្លាំង​នៃ​ចម្បាំង​បច្ចុប្បន្ន​របស់​សង្គម​ទៅ​លើ​និយមន័យ​អាពាហ៍ពិពាហ៍​ផ្សេងៗគ្នា ។ ការជជែក​វែកញែក​សព្វថ្ងៃ​នេះ ជាប់​ទាក់ទង​នឹង​សំណួរ​ថា​តើ​មនុស្ស​ពីរ​នាក់​មាន​ភេទ​ដូច​គ្នា​អាច​រៀបការ​បាន​ដែរ​ឬ​ទេ ។ ប្រសិនបើ អ្នក​មាន​សំណួរ​ពី​គោលជំហររបស់​សាសនាចក្រ​ចំពោះ​បញ្ហា​នេះ ឬ បញ្ហា​ដ៏​សំខាន់​ណា​មួយ​ផ្សេង​ទៀត សូម​សញ្ជឹង​គិត​វា​ប្រកប​ដោយ​ការអធិស្ឋាន ហើយបន្ទាប់មក សូម​ស្ដាប់​តាម​សារលិខិត​របស់​ព្យាការីថ្លែង​ក្នុង​សន្និសីទ​ទូទៅ​របស់​សាសនាចក្រ​​ខែ​តុលា​ខាង​មុខ​នេះ ។ សុន្ទរកថា​ដ៏​បំផុសគំនិត​ទាំងនោះ បូករួម​ទាំង​ការ​បំផុសគំនិត​មកពី​ព្រះវិញ្ញាណបរិសុទ្ធ នឹង​នាំ​គំនិតអ្នក​​មាន​ការ​យល់ដឹង​កាន់តែ​ពេញលេញ​ ហើយដឹង​កាន់តែពិត » ( រ័សុល អិម ណិលសុន​ « Youth of the Noble Birthright: What Will You Choose? » [ ការប្រជុំ​ធម្មនិដ្ឋាន​សម្រាប់​យុវមជ្ឈិមវ័យ​អំពី​ប្រព័ន្ធ​អប់រំ​សាសនាចក្រ នៅ​ថ្ងៃ​ទី ៦ ខែ កញ្ញា ឆ្នាំ ២០១៣ ] គេហទំព័រ broadcasts.ChurchofJesusChrist.org ) ។

  19. រ័សុល អិម ណិលសុន « Stand as True Millennials» Liahonaខែ តុលា ឆ្នាំ ២០១៦ ទំព័រ ៥៣ ។

  20. ប្រធាន ណិលសុន បាន​មានប្រសាសន៍​៖ « រដ្ឋាភិបាលស៊ីវិល ត្រូវរងឥទ្ធិពលដ៏ធ្ងន់ធ្ងរពីទំនោរសង្គម និងទស្សនៈវិជ្ជាខាងលោកិយ នៅពេលពួកគេតាក់តែង សរសេរឡើងវិញ ឬដាក់បង្គាប់ច្បាប់ ។ មិនថាច្បាប់ស៊ីវិលត្រូវបានបង្កើតឡើងយ៉ាងណាទេ គោលលទ្ធិនៃព្រះ ស្ដីអំពីអាពាហ៍ពិពាហ៍ និងសីលធម៌ ពុំអាចផ្លាស់ប្ដូរបានឡើយ ។ ចូរចាំថា ៖ អំពើបាប ទោះជាស្របច្បាប់មនុស្សក្ដី គឺនៅតែជាអំពើបាបក្នុងព្រះនេត្ររបស់ព្រះដដែលហ្នឹង !( « Decisions for Eternity » Liahona,ខែ​វិច្ឆិកា ឆ្នាំ ២០១៣ , ១០៨ ) ។

  21. យ៉ូហាន ៦:៦៦–៦៩ ។

  22. សូមមើលអាលម៉ា ៣២:៤១–៤៣ ខ្ញុំ​តែង​តែ​មាន​ចំណាប់​អារម្មណ៍​ជានិច្ច​ថា នៅ​ក្នុង​ជំពូក​ដ៏​អស្ចារ្យ​នេះស្ដីពី​ការ​រីកចម្រើន​​សេចក្ដីជំនឿ​របស់​យើង គុណធម៌​នៃ​សេចក្ដីជំនឿ ភាព​អត់ធ្មត់ និង​ភាព​ឧស្សាហ៍​ព្យាយាម​ត្រូវ​បាន​លើក​ឡើង​រួម​គ្នា​ក្នុង​ខគម្ពីរ​បី​ចុង​ក្រោយ ។

  23. សូមមើល អាលម៉ា ៧:១២ ព្រះ​យេស៊ូវ គ្រីស្ទ​រងទុក្ខ​ពុំ​គ្រាន់តែ​សម្រាប់​អំពើបាប​របស់​យើង​ប៉ុណ្ណោះទេ ប៉ុន្តែ​សម្រាប់​​ជំងឺ​របស់​យើង​ផងដែរ ៖ « ទ្រង់​នឹងមកដាក់លើរូបអង្គទ្រង់ នូវ​សេចក្តីស្លាប់ ដើម្បីទ្រង់អាចស្រាយ​ចំណង ទាំង​ឡាយ​នៃ​សេចក្តី​ស្លា ប់​ដែល​ចង​រាស្ត្រ​ទ្រង់ ហើយទ្រង់នឹងដាក់រូបអង្គទ្រង់នូវជំងឺ ឈឺចាប់​របស់​ពួកគេ ដើម្បី​ឲ្យព្រះហឫទ័យ ទ្រង់​​បាន​ពោរពេញ​ទៅ​ដោយ​សេចក្តី​មេត្តា​ករុណា ស្របតាមសាច់ឈាម ដើម្បីទ្រង់​អាច​ដឹង ស្រប​តាម​សាច់ឈាមថា តើ​ត្រូវ​ជួយ​រាស្ត្រ​ទ្រង់បែបណាតាមជំងឺរបស់គេ » ។ ( ពាក្យ​ន័យ​ដូច​សម្រាប់​ពាក្យជំងឺ​គឺជាការ​ឈឺ ភាព​ទន់​ខ្សោយ ការ​រងទុក្ខ ភាព​ខ្វះ​ចន្លោះ ) ។ សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:៦ ៖ « ទ្រង់​ដែល​បាន​យាង​ឡើង​ទៅ​ស្ថាន​ខ្ពស់ ក៏​ដូច​ជា​ទ្រង់​បាន​យាង​ចុះ​ក្រោម​គ្រប់​ទាំង​អស់ ដោយ​ហេតុ​នោះ ទើប​ទ្រង់​យល់​គ្រប់​ទាំង​អស់ ប្រយោជន៍​ឲ្យ​ទ្រង់​អាច​បាន​ទៅ​ជា​ពន្លឺ​នៃ​សេចក្ដី​ពិត​នៅ​ក្នុង​ទាំង​អស់ និង​តាម​រយៈ​គ្រប់​ទាំង​អស់ » ។