ឆ្នាំ ២០១០-២០១៩
ក្បួន​បព្វជិតភាព​របស់​អ្នក
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០១៩


2:3

ក្បួន​បព្វជិតភាព​របស់​អ្នក

សូម​បង្កើត​ក្បួនលេងផ្ទាល់ខ្លួន​របស់អ្នក​អំពី​របៀប​ដែល​អ្នក​នឹង​បង្ហាញ​ខ្លួន​អ្នក​ថា​ជា​សិស្ស​របស់ព្រះគ្រីស្ទ ។

កាល​ពី​ខែ​ធ្នូឆ្នាំ​មុន គណៈប្រធាន​ទីមួយ​បាន​ចេញ​សេចក្ដីថ្លែងការណ៍​ប្រកាស​ថា កុមារា​អាយុ ១១ ឆ្នាំ នឹង « ចាប់​ផ្ដើម​ចូលរួម…កូរ៉ុម​បព្វជិតភាព​អើរ៉ុន … នៅ​ដើម​ខែ​មករា ក្នុង​ឆ្នាំ​ដែល​ពួកគេ​នឹង​ឈាន​ចូល​ដល់​អាយុ ១២ ឆ្នាំ » ។

ជាលទ្ធផល អំឡុង​ដើម​ឆ្នាំ​នេះ មាន​ការ​ភ្ញាក់​ផ្អើល​បន្ដិច​ដែល​កុមារា​អាយុ ១១ ឆ្នាំ ដែល​ស្មាន​ថា​នឹង​នៅ​ក្នុង​ថ្នាក់​កុមារ រហូត​ដល់​ខួប​កំណើត​របស់​ពួកគេ​លើក​ក្រោយ តែ​ឥឡូវ​នេះបាន​មក​ចែក​នំប៉័ង​នឹង​ទឹក​នៅ​ថ្ងៃ​អាទិត្យ ក្នុង​នាម​ជា​ឌីកុន​ដែល​បាន​តែងតាំង​ថ្មី​បំផុត​ក្នុង​សាសនាចក្រ ។

ខ្ញុំ​ងឿង​ឆ្ងល់​ថា តើនរណា​នឹង​ភ្ញាក់​ផ្អើល​ខ្លាំង​បំផុត​ដោយសារ​ការ​ផ្លាស់ប្ដូរ​នេះ— តើជា​ឌីកុន​ ឬ​ឪពុក​ម្ដាយ​របស់ពួកគេ ។ ក្នុងចំណោម​ឌីកុន​ថ្មីទាំង ៨០ ០០០ នាក់​—នោះ​មាន​ពួកគេ​ជា​ច្រើន​មាន​វត្តមាន​ជាមួយ​យើង​នា​ល្ងាចនេះ​ក្នុង​សន្និសីទ​ទូទៅ​ដ៏​អស្ចារ្យ​នេះ ឬ​កំពុង​ចូលរួម​តាម​រយៈ​បច្ចេក​វិទ្យា ។ សូម​ស្វាគមន៍​ដល់​បងប្អូន​ប្រុស​ក្នុង​បព្វជិតភាព​ដ៏​អស្ចារ្យ !

ការផ្លាស់ប្ដូរ​នេះ​ធ្វើ​ឲ្យ​ការ​ប្រជុំ​នេះ ក្លាយ​​ជា​ប្រវត្តិសាស្ត្រ​មួយ— វា​ហាក់​ដូចជា​មាន​ក្រុម​អ្នក​កាន់បព្វជិតភាព​អើរ៉ុន​ដ៏​ធំ​ជាង គេ​បំផុត ចូលរួម​ក្នុង​សម័យ​ប្រជុំ​បព្វជិតភាព​ទូទៅ​ក្នុង​សន្និសីទ​ទូទៅ ។ ជាលទ្ធផល​ក្នុង​ឱកាស​ពិសេស​នេះ ខ្ញុំ​ផ្ដោត​ការ​និយាយ​របស់​ខ្ញុំ ជាពិសេស​ចំពោះ​យុវជន​នៃ​បព្វជិតភាព​អើរ៉ុន ។

មេរៀន​ដែល​រៀន​ពី​កីឡា

ក្នុង​នាម​ជាសិស្ស បងប្អូន​ជាច្រើន​ក៏​អភិវឌ្ឍ​ជំនាញ ចំណាប់អារម្មណ៍ និង​ល្បែង​កម្សាន្ដ​ផ្ទាល់​ខ្លួន​ផងដែរ តាមរយៈ​សកម្មភាព​ក្រៅ​កម្មវិធីសិក្សា​នៅសាលារៀន ឬ​រៀនជាឯកជន ក្រុម​នៅ​ក្រៅ​សាលា រួមទាំង​កីឡា​នានា​ផងដែរ ។

ខ្ញុំ​ចូលចិត្ត​កីឡាពេញ​មួយ​ជីវិត​ខ្ញុំ នោះខ្ញុំ​តែងតែ​សរសើរ​ដល់​អ្នក​ដែល​អភិវឌ្ឍ​សមត្ថភាព​ខាង​កីឡា​របស់ពួកគេ​ដល់​កម្រិត​មួយដែល​ពួកគេ​ធ្វើបាន​យ៉ាង​ល្អ ។ ដើម្បី​ឲ្យ​មនុស្សម្នាក់ ស្ទាត់​ជំនាញ នូវ​អ្វីមួយ បន្ថែម​ពីលើ​ទេពកោសល្យ​ពី​ធម្មជាតិ វា​តម្រូវ​ឲ្យ​ការ​លុតដំ ការ​លះបង់ដ៏ច្រើន ព្រមទាំង​ការ​បំពាក់​បំប៉ន និង​ការ​អនុវត្ត​ជាច្រើន​ម៉ោង ។ កីឡា​ករ​បែបនេះ ជាញឹកញាប់​បាន​ឮ​ពាក្យ​រិះគន់​ធ្ងន់ៗ​ពី​គ្រូបង្វឹកនៅ​ពេលខ្លះ ហើយ​ស្ម័គ្រចិត្ត​ទុក​ចោល​នូវអ្វី​ដែល​ពួកគេ​ចង់​បាន​ឥឡូវនេះមួយ​អន្លើរ ដើម្បី​ទទួល​បាន​អ្វី​កាន់តែ​ប្រសើរ​ក្នុង​ពេល​អនាគត ។

យើង​ស្គាល់​សមាជិក​សាសនាចក្រ និង​ថ្នាក់​ដឹកនាំ​បព្វជិតភាព​ដែល​មាន​បទពិសោធន៍​ជោគជ័យ​កម្រិត​ខ្ពស់​បំផុត​ក្នុង​វិជ្ជាជីវៈកីឡាករ ។ មាន​គំរូ​ល្អៗ​ជា​ច្រើន ប៉ុន្តែ​ខ្ញុំ​អាច​រៀបរាប់​តែ​មួយចំនួន​តូច​នៅ​ទីនេះ​ដោយ​ព្រោះ​ពេលវេលា​តិច ។ អ្នក​​អាច​នឹង​ស្គាល់​កីឡាករទាំង​នេះ​មួយ​ចំនួន ៖ ក្នុង​កីឡា​វាយ​កូនបាល់ យេរេមី ហ្គាត់ធ្រី និង​ប្រាយ ហាបពើរ ក្នុង​កីឡា​បាល់​បោះ ចាបារី ផាកឺ និង ជីមមើរ ហ្វ្រេឌេត ក្នុង​កីឡា​បាល់​ទាត់ រីកាដូ រ៉ូចាស និង ការ​ប្រកួត​ពាន​រង្វាន់​ផ្នែក​បាល់​បោះ វិល្លាម ហូប៉ោតេ, ថាយសិម ហីល និង ដានីយ៉ែល សូរេនសុន ។ កីឡាករ​ម្នាក់ៗ​បាន​ធ្វើ​ការ​បរិច្ចាគ​យ៉ាង​សំខាន់​នៅ​ខាង​កីឡា ។

ខណៈ​ដែល​ពួកគេ​មានជោគជ័យ​ខ្លាំង​ខាង​កីឡា ​នោះអត្តពលិក​ទាំងនេះ​នឹង​​ធ្វើជា​មនុស្ស​ដំបូង​គេ​ដើម្បី​សារភាព​ថា ពួកគាត់​ពុំ​ពូកែ​ខាង​កីឡាទេ ឬ​ជា​មនុស្ស​ដ៏​ល្អ​ឥតខ្ចោះនោះឡើយ ។ ពួកគេ​ធ្វើ​ការ​ខិតខំ​ខ្លាំង​ដើម្បី​បាន​ល្អ​បំផុត​នៅ​ក្នុង​កីឡា​របស់ពួកគេ—ហើយ​រស់នៅ​តាម​ដំណឹងល្អ ។ ពួកគេ​ក្រោកឡើង បើពួក​គេ​ដួលចុះ ហើយ​ខិតខំ​កាន់​ខ្ជាប់​ដរាប​ដល់​ចុង​បំផុត ។

សិក្សា​ក្បួនលេង

នៅក្នុង​ក្រុម​កីឡា យុទ្ធសាស្ត្រ​ត្រូវ​បង្កើត​ឡើង​សម្រាប់​ស្ថានភាព​កីឡា​ជាក់លាក់ ហើយ​ប្រមូល​ផ្ដុំ​ទៅ​ជា​ក្បួនលេង ។ កីឡាករ​រៀន​ការចាត់តាំង​ជាក់លាក់​អំពី​យុទ្ធសាស្ត្រ​នីមួយៗ ។ កីឡាករ​ជោគជ័យ​សិក្សា​ក្បួនលេង​យ៉ាង​ហ្មត់ចត់ នៅពេល​មាន​ការ​ប្រកួត​ម្តងៗ ពួកគេ​ស្គាល់​យ៉ាងច្បាស់​បំផុត​ថា​ត្រូវ​ទៅ​ត្រង់ណា ហើយ​ធ្វើ​អ្វី ។

គ្រូបង្វឹក​ជាមួយ​ក្បួន​លេង

ថតរូប​ដោយ Dave Kaup/REUTERS/stock.adobe.com

ក្បួន

ស្រដៀងគ្នា​នេះ​ដែរ យើង​ជា​អ្នក​កាន់បព្វជិតភាព ក៏​មាន​ក្រុម​មួយ ( កូរ៉ុម​មួយ ) ផងដែរ និង​ក្បួនលេង ( ព្រះគម្ពីរ​ដ៏បរិសុទ្ធ និង​ពាក្យ​សម្ដី​របស់​ពួកព្យាការី​សម័យ​បច្ចុប្បន្ន ) ។

តើ​អ្នក​បាន​ពង្រឹង​សមាជិក​ក្រុម​ឬទេ ?

តើ​អ្នក​បានសិក្សា​ក្បួនលេងអ្នក​បាន​ល្អ​ប៉ុណ្ណា ?

តើ​អ្នក​យល់​ពី​ការចាត់តាំង​របស់​អ្នក​ពេញលេញ​ឬទេ ?

កូរ៉ុម​​​នៃ​បព្វជិតភាព

ការ​ទប់ទល់​នឹង​គូប្រកួត

បើ​មើល​បន្ថែម​ទៀត​ទៅលើ​រឿង​ប្រៀបធៀប​នេះ គ្រូបង្វឹក​ដ៏​អស្ចារ្យ​ស្គាល់​ភាពខ្លាំង និងភាព​ខ្សោយ​របស់​ក្រុម​ពួកគេ​ក៏​ដូចជា​ក្រុម​គូប្រគួត​ផងដែរ ។ ពួកគេ​បង្កើត​ជា​យុទ្ធសាស្ត្រ​មួយ​ដែល​នឹង​ផ្ដល់​ឱកាស​ល្អបំផុត​ដើម្បី​បាន​ជោគជ័យ ។ ចុះ​អ្នក​វិញ​នោះ ?

អ្នក​ដឹង​ថា​ការល្បួង​ណា ដែល​អ្នក​ងាយ​ធ្លាក់​ចុះ​បំផុត ហើយ​អ្នក​អាច​ទស្សនទាយ​ថា មារសត្រូវ​នឹង​ព្យាយាម​ដើម្បី​បញ្ឈប់ និង​បំបាក់ទឹក​ចិត្ត​អ្នក​របៀប​ណា ។ តើ​អ្នក​បាន​បង្កើត​យុទ្ធសាស្ត្រផ្ទាល់ខ្លួន និង​ក្បួនលេងដើម្បី​អ្នកនឹង​ដឹង​របៀប​ទប់ទល់ នៅពេល​ជួបនឹង​ការ​ផ្ទុយ​នោះដែរឬទេ ?

នៅពេល​ជួប​នឹង​ការល្បួង​ផ្នែកសីលធម៌​ផ្សេងៗ—ទោះ​ជា​នៅ​ក្នុង​ចំណោម​អ្នកដទៃ ឬ​នៅពេល​អ្នក​នៅ​តែឯង​មើល​អេក្រង់​ក្ដី—អ្នកដឹង​យុទ្ធសាស្ត្រ​របស់អ្នក ។ បើ​មិត្ត​ម្នាក់​ឲ្យ​យោបល់​អ្នក​ឲ្យផឹក​គ្រឿង​ស្រវឹង ឬ​សាក​គ្រឿង​ញៀន អ្នក​ដឹង​អំពី​យុទ្ធសាស្ត្រ​អ្នក ។ អ្នក​ហាត់​រៀន ហើយ​ដឹង​របៀប​ដើម្បី​ប្រតិកម្ម​ទៅ​វិញ​ទុក​ជាមុន ។

ដោយ​មាន​យុទ្ធសាស្ត្រ ក្បួនលេង និង​ការ​តាំង​ចិត្ត​មុតមាំ​ដើម្បី​ធ្វើ​តាម​តួនាទី​អ្នក នោះ​អ្នក​នឹង​រកឃើញថា ការ​ល្បួង​នោះ ពុំ​សូវ​មាន​ឥទ្ធិពល​គ្រប់គ្រង​អ្នក​ទេ ។ អ្នក​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ជាស្រេច​ថា ត្រូវ​ប្រតិកម្ម​បែប​ណា ហើយ​អ្នក​ត្រូវ​ធ្វើ​អ្វី​ខ្លះ ។ អ្នក​នឹង​មិន​ចាំបាច់​ត្រូវ​សម្រេច​ចិត្ត​គ្រប់ពេល​ដែល​អ្នក​ប្រឈម​នឹង​ការ​ល្បួង​នោះទេ ។

ថ្មីៗ​នេះ ពួក​ដប់​ពីរ​នាក់​ម្នាក់​បាន​ចែកចាយ​រឿងមួយ​ដែល​បង្ហាញ​អំពី​គោលការណ៍​នេះ ។ ក្នុង​នាមជា​សង្ឃ​ម្នាក់​នៅ​វិទ្យាល័យ គាត់​ដើរ​លេង​នឹង​មិត្តភក្ដិ​របស់គាត់ ។ បន្ទាប់ពី​ពួកគេ​ទទួល​ទាន​ហើយ ពួកគេ​បាន​បើក​ឡាន​ក្រឡឹង​ជុំ​វិញ​នៅពេល​មានគេ​ឲ្យ​យោបល់​ថា​ពួកគេ​គួរតែទៅ​មើល​ខ្សែ​ភាព​យន្ដ​ណា​មួយនោះ ។ បញ្ហា​នោះ​គឺ​ថា គាត់​បាន​ដឹង​ថា​វា​គឺ​ជា​ខ្សែភាព​យន្ដ​មួយ​ដែល​គាត់​មិន​គួរ​ទៅ​មើលឡើយ ។ ទោះជា​រំពេច​នោះ​គាត់​មានអារម្មណ៍​ដាក់​សម្ពាធ និង​រន្ធត់​អំពី​ស្ថានភាព​នោះក្ដី ក៏​គាត់​បាន​ដាក់​ផែនការ​រឿង​នេះ​រួច​ហើយ ។ វា​មាន​ប្រវែង​មួយ​ទំព័រ​នៅ​ក្នុង​ក្បួន​បព្វជិតភាព​របស់គាត់ ។

គាត់បាន​ស្រូប​ខ្យល់​ដង្ហើម​វែងៗ ហើយ​ប្រមូល​ភាព​ក្លាហាន​របស់​គាត់ ប្រកាស​ថា « ខ្ញុំ​មិន​មើល​ខ្សែ​ភាព​យន្ដនោះទេ ។ សូម​ដាក់​ខ្ញុំ​ចុះ​នៅ​ផ្ទះ​របស់​ខ្ញុំ » ពួកគេ​បាន​ធ្វើ​ដូច​នោះមែន ។ យុទ្ធសាស្ត្រ​សាមញ្ញ​នាំ​ទៅរក​ជោគជ័យ ! ជាច្រើន​ឆ្នាំ​ក្រោយមក មិត្ត​ម្នាក់​របស់​គាត់​នៅ​យប់​នោះ បាន​ពិពណ៌នា​អំពី​របៀប​ដែល​គំរូ​របស់គាត់​នេះ​បាន​ក្លាយ​ជា​កម្លាំង​ដ៏​ខ្លាំង​មួយ​សម្រាប់​ខ្លួន ដើម្បី​ប្រឈម​មុខ​យ៉ាង​ក្លាហាន​នឹង​ស្ថានភាព​ស្រដៀង​គ្នា​នេះ​នៅ​ក្នុង​ជីវិត​របស់គាត់ ។

ទំព័រ​ជាច្រើន​មក​ពីក្នុង​ក្បួនលេង

ខ្ញុំ​បាន​សួរ​បងប្អូន​ប្រុស​ពីរបីនាក់​ឲ្យ​ផ្ដល់​អនុសាសន៍​អំពី​យុទ្ធសាស្ត្រ​ដែល​អ្នក​អាច​នឹង​ដាក់​នៅ​ក្នុង​ក្បួនលេងរបស់​អ្នក ។ នេះ​គឺ​ជាយោបល់​ដ៏​បំផុស​គំនិត​មួយចំនួន​របស់​ពួកលោក ៖

  • អធិស្ឋាន​ជា​រៀង​រាល់​ថ្ងៃ​សុំ​ពន្លឺ និង​ទីបន្ទាល់​កាន់​តែ​ខ្លាំង​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។

  • ស្ដាប់​ដោយ​យកចិត្តទុកដាក់​ចំពោះ​ការ​បង្រៀន​មកពី​ឪពុក​ម្ដាយ ប៊ីស្សព​របស់អ្នក និង​ថ្នាក់ដឹកនាំ​យុវជន និង​កូរ៉ុម​របស់អ្នក ។

  • ចៀសវាង​ពី​រូបអាគ្រាម និង​មាតិកា​អសីលធម៌​ក្នុង​ប្រព័ន្ធផ្សព្វផ្សាយ​សង្គម ។

  • ចងចាំ​ការ​សន្យា​ទាំងឡាយ​ដែល​អ្នក​បាន​ធ្វើ​ចំពោះ​ព្រះ ហើយ​ខិតខំ​រក្សា​តាម ។

  • សិក្សា​រឿង​បទគម្ពីរ​អំពី​ពួក​ព្យាការី​ដ៏អស្ចារ្យ ហើយ​ត្រាប់​តាម​គុណសម្បត្តិ​ល្អៗ​របស់​ពួកគាត់ ។

  • ប្រទានពរ​ដល់​កូនចៅ​របស់​ព្រះវរបិតាសួគ៌​តាមរយៈ​ការ​បម្រើ ។

  • ស្វែង​រកមិត្ត​ល្អៗ​ឲ្យ​​​ជួយ​អ្នក​ប្រែក្លាយជា​មនុស្ស​ដែល​អ្នក​ចង់​ប្រែក្លាយ ។

  • ធ្វើជា​អ្នក​ជំនាញ​ខាង​កម្មវិធី​ស្រាវជ្រាវ​ពង្សប្រវត្តិ FamilySearch ហើយ​ស្វែងរក​ពង្សប្រវត្តិ​ផ្ទាល់ខ្លួន​អ្នក ។

  • ដាក់​ផែនការ​កន្លែង​សុវត្ថិភាព ដែល​អ្នក​អាច​គេច​ចេញ​ពី​ឥទ្ធិពល​អាក្រក់ ។

  • ស្រឡាញ់ ហើយ​ជួយ​ពង្រឹង​សមាជិក​ដទៃទៀត​ក្នុង​កូរ៉ុម​បព្វជិតភាព​របស់​អ្នក ។​

ខ្ញុំ​បាន​ទំនាក់ទំនង​នឹង​កីឡាករ​ដែល​យើង​​មើល​ឃើញ​រូបភាព​ពី​មុន​នេះ​ផង​ដែរ​ ។ ខ្ញុំ​ចាប់​អារម្មណ៍​ត្រង់​ថា ពួកគេ​ពុំគ្រាន់តែ​​បង្ហាញ​អត្តសញ្ញាណ​ខ្លួន​តាម អ្វី​ដែល​ពួកគេ ធ្វើ ក្នុងនាមជា​កីឡាករ​ជំនាញ​ប៉ុណ្ណោះ​នោះ​ទេ តែ​តាមរយៈ ខ្លួន​ពួកគេ​ផ្ទាល់ គឺ​ជា​បុត្រា​នៃ​ព្រះវរបិតាសួគ៌​ជាទីស្រឡាញ់ និង​អ្នក​កាន់បព្វជិតភាព​នៃ​ព្រះ​​ផងដែរ ។

ឥឡូវ​នេះ ចូរ​យើង​ស្ដាប់គំនិត​របស់​ពួកគាត់ ៖

  • ជីមមើរ ហ្វ្រេឌេត ក្នុង​នាមជា​ឌីកុន​ម្នាក់​កំពុង​រៀន​ចង់​ក្រវ៉ាត់ក​របស់​គាត់ បាន​និយាយ​ថា « ខ្ញុំ​បាន​រៀន​ចេះ​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​ទៅលើ​ចំណេះដឹង និង​ជំនឿ​របស់​ខ្ញុំ​អំពី​សេចក្ដីពិត​ពេញលេញ​នៃ​ដំណឹងល្អ ។ ការណ៍​នេះ​បាន​ដឹកនាំ​ខ្ញុំ​ឲ្យ​ក្លាយ​ជា…អ្នក​កាន់​បព្វជិតភាព​ម្នាក់​ដ៏​ស័ក្ដិសម ហើយ​លើស​អ្វី​ទាំងអស់—គឺជា​គំរូ​វិជ្ជមាន​មួយ » ។

    ជីមមើរ ហ្វ្រេឌេត ជា​ឌីកុន
  • ប្រាយ ហាបពើរ នៅពេល​នេះ​ជាស្វាមី​ម្នាក់ បាន​សរសេរ​ថា « ខ្ញុំ​បាន​គិត​ថា កេរ្តិ៍​ឈ្មោះ ទ្រព្យ​សម្បត្តិ និងពាន​រង្វាន់ MVP ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ​ចិត្ត ។ ប៉ុន្តែ​វា​នៅ​ខ្វះ​អ្វីមួយ ។ ដូច្នេះ ខ្ញុំ…បាន​ត្រៀម​ខ្លួន ហើយ [ បាន​ចូល​ក្នុង ] ព្រះវិហារ​បរិសុទ្ធ ។ ឥឡូវ​នេះ ខ្ញុំ​ស្ថិត​នៅ​លើ​ផ្លូវ [ ត្រឡប់ ] ទៅ​រក​ព្រះវរបិតា​សួគ៌​របស់​ខ្ញុំ​វិញ ហើយ​មាន​គ្រួសារ​ដ៏​នៅ​អស់កល្ប​ជានិច្ច​មួយ—ដែល​ជា​អំណរ​ដ៏​ធំ​បំផុត​នៅ​ក្នុង​ពិភពលោក​នេះ ! »

    ប្រាយ ហាបពើរ ជាមួយ​ភរិយា​របស់​គាត់
  • ដានីយ៉ែល សូរេនសុន បាន​និយាយ​ក្នុង​នាម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ម្នាក់​ថា « ក្បួន​លេង​ដ៏​ល្អ​មួយ​គឺជា​ផែនការ​ដែល​ប្រើ​ទេពកោសល្យ និង​កម្លាំង​របស់​សមាជិក​ក្រុម​ម្នាក់ ។… នៅពេល​ខ្ញុំ​សិក្សា ហើយ​អនុវត្ត​ការ​បង្រៀន​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ខ្ញុំ​អាច​ដឹង​ពី​របៀប​ប្រើ​កម្លាំង​របស់​ខ្ញុំ​ដើម្បី​បម្រើ​ក្នុង​បព្វជិតភាព » ។

    ដានីយ៉ែល សូរេនសុន ជា​អ្នក​ផ្សព្វផ្សាយ​សាសនា
  • យេរេមី ហ្គាត់ធ្រី ឥឡូវនេះ​កំពុង​​បម្រើ​ជា​ប្រធាន​បេសកកម្ម បាន​ចែកចាយ​ថា « ក្នុង​នាម​ជា​ឌីកុន​អាយុ ១២ ឆ្នាំ … [ ខ្ញុំ​បាន​ទទួល​អារម្មណ៍​ថា ] ព្រះវិញ្ញាណ​បាន​ថ្លែង​ទីបន្ទាល់​មក​ខ្ញុំ [ ថា ] ‹ ជីវិត​នេះ​ជា​ពេល​ដើម្បី​ត្រៀម​ខ្លួន​ទៅ​ជួប​ព្រះ … › ។ ផែនការ​ប្រកួត​គឺជា​សេចក្ដីជំនឿ​លើ​ព្រះដោយ​ធ្វើ​សកម្មភាព [ និង ] ការ​ប្រែចិត្ត​តាមរយៈ​ព្រះអង្គ​សង្គ្រោះ ។… ក្បួន​លេង​មាន​នៅ​ក្នុង​បទគម្ពីឬ​ដ៏​បរិសុទ្ធ និង​តាមរយៈ​ព្យាការី​បច្ចុប្បន្ន » ។

    យេរេមី ហ្គាត់ធ្រី ល​ជា​ប្រធាន​បេសកកម្ម
  • ចាបារី ផាកឺ នៅ​​ឯ​ការ​តែង​តាំងបព្វជិតភាព​ថ្នាក់​អែលឌើរ​របស់​គាត់ គាត់បាន​និយាយ​ថា « ខ្ញុំ​នឹក​មិន​ឃើញ​ថា ខ្ញុំ​នឹង​ទៅ​ជា​យ៉ាងណា​ទេ បើ​ខ្ញុំ​មិន​បាន​សម្រេច​ចិត្ត​ទទួល​បុណ្យជ្រមុជទឹក​ ។ … ខ្ញុំ​មាន​អំណរគុណ​ជាខ្លាំង​ ដែល​ខ្ញុំ​មាន​ព្រះ​នៅ​ក្នុង​ជីវិត​របស់​ខ្ញុំ ដើម្បី​ដឹកនាំ​ខ្ញុំ​រៀង​រាល់​ថ្ងៃ » ។

    ចាបារី ផាកឺ នៅ​ពេល​ធ្វើ​ពិធី​តែងតាំង​បព្វជិតភាព
  • រីកាដូ រ៉ូចាស បច្ចុប្បន្ន​នេះ​កំពុង​បម្រើ​ជា​ប្រធាន​សាខា បាន​ថ្លែង​ថា « តាមរយៈ​បព្វជិតភាព​របស់ [ ព្រះ ] នោះ​[ យើង ] អាច​ជួយ​ក្នុង​កិច្ចការ​របស់​ទ្រង់ ។ យើង​ត្រូវ​បាន​ហៅ​ឲ្យ ‹ រឹងមាំ ហើយ​ក្លាហាន › នៅ​ក្នុង​ការការពារ​សេចក្ដីពិត » ។ ការ​ណ៍​នេះ​បាន​ជួយ​គាត់​ឲ្យ​មាន​ជោគជ័យ​ទាំង​ខាង​អាជីព និងក្នុង​នាម​​ជា​អ្នក​កាន់​បព្វជិតភាព ។

    រីកាដូ រ៉ូចាស ជា​ប្រធាន​សាខា
  • ថាយសិម ហីល ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ម្នាក់ ទទួល​អារម្មណ៍​ថា ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​បាន​ដើរ​តួ​ជា​ក្បួន​លេង​សម្រាប់​គាត់​នៅ​ក្នុង​ជីវិត​របស់​គាត់ ។ គាត់​បាន​ចែកចាយ​ថា « ការ​ជឿ​លើ​ផែនការ [ របស់ព្រះ ] និង​ការ​ធ្វើ​ឲ្យ​អស់​ពី​លទ្ធភាព​ដើម្បី​បំពេញ​តួនាទី​របស់​ខ្ញុំ​ក្នុង​ផែនការ​នោះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​ភាព​សុខសាន្ត និង​សុភមង្គល​ក្នុង​ជីវិត​ ដោយ​ដឹង​ថា ព្រះ​សព្វព្រះទ័យ​នឹង​ការ​ខិតខំ​រ​បស់​ខ្ញុំ » ។

    ថាយសិម ហីល កាល​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា
  • វិល្លាម ហូប៉ោតេ នៅឯ​ការ​ប្រសិទ្ធពរចៅ​របស់​គាត់ ជាជំនាន់​ទីបួន​របស់​គ្រួសារ នោះ​គាត់បាន​និយាយ​ថា ដំណឹងល្អ​ជួយ​គាត់ « ឲ្យ​ស្គាល់ពី​យុទ្ធសាស្ត្រ​របស់​គូ​ប្រកួត ហើយ​ផ្ដល់​ប្រសិទ្ធភាព​ខាង​វិញ្ញាណ​ដើម្បី​ទប់ទល់​នឹង​ព្រួញភ្លើង​ទាំងឡាយ ហើយ​បម្រើ​មនុស្ស​ដទៃ​ឲ្យ​បាន​ប្រសើរ » ។

    វិល្លាម ហូប៉ោតេ នៅ​ពេល​ប្រសិទ្ធពរ​កូន

ចុះ​អ្នក​វិញ​នោះ ? តើ​អ្នក​ស្គាល់​អត្តសញ្ញាណ​ដែល ខ្ពស់​ជាង និង បរិសុទ្ធជាង របស់​អ្នក ក្នុង​នាម​ជា​បុត្រា​របស់​ព្រះ អ្នកកាន់បព្វជិតភាព​ដ៏​បរិសុទ្ធ​របស់ទ្រង់​ឬទេ ? ដោយ​ចាំ​អត្តសញ្ញាណ​ដ៏​អស់កល្បនេះ​នៅ​ក្នុង​ចិត្ត សូម​បង្កើត​យុទ្ធសាស្ត្រ និង​ក្បួន​បព្វជិតភាព​របស់អ្នក ដែល​នឹង​ដឹកនាំ​អ្នក​អំឡុង​ពេល​មាន​ការ​ល្បួង និង​មារសត្រូវ ។ សូមពិចារណា​អំពី​យុទ្ធសាស្ត្រ​វាយ​លុក និង​​ការការពារ ។

យុទ្ធសាស្ត្រ​វាយលុក ជួយ​ពង្រឹង​ទីបន្ទាល់ និង​បង្កើត​ដំណោះ​ស្រាយ​ដើម្បី​បន្ដ​ដើរ​នៅលើ​ផ្លូវ​តូច​នឹង​ត្រង់​ចង្អៀត ។ ឧទាហរណ៍ រួមមាន ការ​អធិស្ឋាន​ជា​ទៀងទាត់ ការ​សិក្សា​គម្ពីរ ការ​ចូលរួម​ក្នុង​ព្រះវិហារ និង​ព្រះវិហារ​បរិសុទ្ធ ការ​ថ្វាយ​ដង្វាយ​មួយភាគ​ក្នុង​ដប់ និង​ការ​ធ្វើ​តាម​ការ​ប្រឹក្សា​ដែល​មាន​នៅក្នុង​កូនសៀវភៅ ដើម្បី​កម្លាំង​នៃ​យុវជន

យុទ្ធសាស្ត្រ​ការពារ រួមមានទាំង ការ​រៀបចំ​ទុកជាមុន​អំពី​របៀប​ដែល​អ្នក​នឹង​ប្រឈម​មុខ​នឹង​ការ​ល្បួង ។ នៅពេល​មាន​ការ​ល្បួង​ឲ្យ​បន្ទាប​បទដ្ឋានផ្ទាល់​ខ្លួន​របស់​អ្នក នោះ​អ្នកដឹកនាំ​ជា​មុន​ថា អ្នក​នឹង​ធ្វើ​អ្វី​ខ្លះ ។

អ្នក​ត្រូវការ​ក្បួន​​​​លេងមួយ​សម្រាប់​រឿង​នោះ ។

ចុះ​បើ​អ្នក​គ្មាន​អារម្មណ៍​អធិស្ឋាន​នៅ​ថ្ងៃនេះ​វិញ ? ដល់​ពេល​ត្រូវ​ប្រកួត​ក្នុង​ល្បែង​ដែល​អ្នក​បាន​រៀបចំ​នោះ​ហើយ ។

តើ​អ្នក​មានអារម្មណ៍​ថា ទីបន្ទាល់​របស់​អ្នក​ចុះ​ទន់ខ្សោយ​ឬទេ ? អ្នក​មាន​យុទ្ធសាស្ត្រ​សម្រាប់​រឿង​នោះ ។ អ្នក​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាងណា​ហើយ ។

កីឡាករ​ល្បីៗ​ទាំងអស់​នៅ​ក្នុង​ព្រះនេត្រ​របស់ព្រះ

អ្នក​គឺជា​អ្នក​កាន់បព្វជិតភាព​ដ៏​បរិសុទ្ធ​របស់​ព្រះ ។ ការ​តាំងចិត្ត​របស់​អ្នក​ដើម្បី​កាន់​ដំបង​ដែក​ឲ្យ​មាំ​នឹង​ផ្លាស់ប្រែ​អ្នក​ទៅ​ជា​តួអង្គ​អស់កល្ប​ដែលអ្នក​ត្រូវ​បាន​បង្កើត​មក​ឲ្យ​ប្រែក្លាយ​នោះ ។

ព្រះ​ស្គាល់ ហើយ​ស្រឡាញ់​អ្នក ។ ទ្រង់​នឹង​ប្រទានពរ ហើយ​ដឹកនាំ​ជំហាន​របស់​អ្នក ។

អ្នក​អាច​នឹង​គិត​ថា ខ្លួន​អ្នក​មិន​ពិសេស​អ្វីទេ ហើយ​អ្នក​ពុំ​លេច​ធ្លោ​នោះដែរ ។ នោះ​ពុំ​ពិត​ឡើយ ។ តើ​អ្នក​មិន​ដឹង​ទេ​ឬ​អី​ថា ព្រះ​បាន​ប្រកាស​ថា « ពួក​កម្សោយ​នៅ​ពិភពលោក​នឹង​ចេញ​មក ហើយ​ទម្លាក់​ពួក​ខ្លាំង​ពូកែ​ចុះ ដើម្បី​កុំ​ឲ្យ​មនុស្ស​គួរ​ទូន្មាន​មនុស្ស​ទូទៅ ឬ​ក៏​ទុកចិត្ត​ទៅលើ​ដៃ​នៃ​មនុស្ស​ឡើយ » ?

ដូច្នេះ​តើ​អ្នក​មានអារម្មណ៍​ទន់​ខ្សោយឬ ? មិន​សំខាន់​ឬ ? អបអរសាទរ អ្នក​ត្រូវ​ចូលលេង​ហើយ !

តើ​អ្នក​មានអារម្មណ៍​ថា មិន​សំខាន់​ឬ ? វា​តូច​ទាប​ឬ ? អ្នក​អាច​ជាមនុស្ស​ដែលព្រះ​ត្រូវការ ។

ដាវីដ និងកូលីយ៉ាត

តើគំរូ​អ្វីខ្លះ​ដែល​អស្ចារ្យ​ជាង ដេវីឌ​បោះ​ជើង​ចូល​ទៅ​ទីលាន​ប្រយុទ្ធ​ច្បាំង​ទាស់​នឹងបច្ចាមិត្រ​កូលីយ៉ាត ដែល​គួរ​ឲ្យ​ខ្លាចនោះ ? ដោយ​ពឹង​ផ្អែក​ទៅលើព្រះ ដោយ​មាន​ផែនការ​មួយ ដេវីឌ​ពុំ​គ្រាន់តែ​សង្គ្រោះ​ខ្លួន​ឯង​ប៉ុណ្ណោះទេ ប៉ុន្តែ​សង្គ្រោះ​ទ័ព​អ៊ីស្រាអែល ! ចូរ​ដឹង​ថា ព្រះអម្ចាស់​​នឹង​គង់នៅ​ជាមួយ​អ្នក នៅពេល​អ្នក​ប្រមូល​ផ្ដុំ​ភាព​ក្លាហាន​របស់​អ្នក​ដើម្បី​ស្ថិត​នៅ​ខាង​ទ្រង់ ។ « ប្រសិន​បើ​ជា​ព្រះ​កាន់​ខាង​យើង តើ​អ្នក​ណា​អាច​ទាស់​នឹង​យើង​បាន ? »

ទ្រង់​អាច​បើក​ទ្វារ ហើយ​ជួយ​យើង​រក​បាន​កម្លាំង និង​សមត្ថភាព ដែល​យើង​មិន​ដឹង​ថា​យើង​មាន ។

ចូរស្ដាប់​គ្រូបង្វឹកដ៏​គួរ​ឲ្យ​ទុក​ចិត្ត​​របស់អ្នក —ដូចជា ឪពុក​ម្ដាយ ប៊ីស្សព និង​ថ្នាក់ដឹកនាំ​យុវជន​របស់អ្នក ។ រៀន​ក្បួនលេង ។ អាន​គម្ពីរ ។ សិក្សា​ប្រសាសន៍​របស់ពួក​ព្យាការី​បច្ចុប្បន្ន ។ បង្កើតផែនការ​លេងផ្ទាល់ខ្លួន​របស់អ្នក​អំពី​របៀប​ដែល​អ្នក​នឹង​បង្ហាញ​ខ្លួន​អ្នក​ថា ជា​សិស្ស​របស់ព្រះគ្រីស្ទ ។

ដឹង​ជា​មុន​នូវ​យុទ្ធសាស្ត្រ​ដែលអ្នក​នឹង​ប្រើ​ដើម្បី​ពង្រឹង​វិញ្ញាណអ្នក ហើយ​ចៀសចេញ​ពី​អន្ទាក់​មារសត្រូវ ។

ចូរ​ធ្វើ​រឿងនេះ នោះ​ព្រះ​នឹង​ប្រើ​អ្នក ។

ឥឡូវនេះ ប្រហែល​ជា​មាន​មនុស្ស​មួយចំនួន​បាន​ដក​ខ្លួន​ចេញ​ពី​ដំណឹងល្អ ហើយ​ដើរ​វង្វេង ។ មនុស្ស​ខ្លះទៀត​អាច​នឹង​​អង្គុយ​ចុះ ហើយ​មើល​ការ​លេង​ពី​ចម្ងាយ ។ មនុស្ស​ខ្លះអាច​នឹង​ជ្រើសរើស​នៅ​អង្គុយ​នឹង​កៅអី ទោះ​ជា​គ្រូបង្វឹក​បាន​ព្យាយាម​បញ្ជូន​ពួកគេ​ឲ្យ​ទៅ​ក្នុង​ទីលាន​ក្ដី ។ ខ្ញុំ​សូម​អញ្ជើញ​អ្នក​ឲ្យ​ជួយ​សង្គ្រោះ គាំទ្រ ហើយ​ស្រឡាញ់​ពួកគេ ក្នុង​នាម​ជា​សមាជិក​ក្រុម !

អ្នកដទៃទៀត​ចង់​ចូល​លេង— ហើយ លេង ។​ អ្វី​ដែល​សំខាន់​បំផុត​គឺមិន​មែន​ត្រង់​ថា ពួកគេ​មាន​ទេពកោសល្យ​ប៉ុណ្ណា​នោះទេ គឺ​ត្រង់​ថា​ពួកគេ​មាន​ឆន្ទៈ​ដើម្បី​រត់​ចូល​ទៅ​ក្នុង​ទីលាន ។ ពួកគេ​ពុំ​រង់​ចាំ​ដើម្បី​ឲ្យ​លេខ​របស់​ពួកគេ​ត្រូវ​បាន​ហៅ​ឡើយ ដោយសារ​ពួកគេ​ស្គាល់​បទគម្ពីរ​ដែល​ចែង​ថា « បើសិន​ជាអ្នករាល់គ្នា​មាន​បំណង​ចង់បម្រើ​ព្រះ នោះ​អ្នករាល់គ្នា​បាន​ហៅ​ឲ្យ​ធ្វើ​កិច្ចការ​នោះ​ហើយ » ។

អ្នកអាច​ដាក់​ខ្លួន​ចូលលេង ។

អ្នក​ធ្វើ​កិច្ចការ​នេះ នៅពេល​អ្នក​សិក្សា ហើយ​អនុវត្តបព្វជិតភាព​របស់​អ្នក ។

នៅ​តាម​ផ្លូវ​អ្នកនឹង​ទំនង​ជាជំពប់​ដួល— ប្រហែលជា​ជាច្រើនដង ។ អ្នក​មិន​ល្អ​ឥតខ្ចោះទេ ការដួល​គឺជា​ចំណែក​នៃ​ដំណើរការ​កែលម្អ​ដើម្បី​ឲ្យ​អ្នក​ដុសខាត់​អាកប្បកិរិយា ហើយ​បម្រើ​កាន់តែ​ល្អ​ប្រសើរ និង​ប្រកប​ដោយ​ក្ដីមេត្តាករុណា ។ ព្រះអង្គ​សង្គ្រោះ និង​ដង្វាយធួន​ជា​និរន្តរ​របស់​ទ្រង់​ប្រទាន​ផ្លូវ​មួយ​ឲ្យ​យក​ឈ្នះ​លើ​កំហុស​ឆ្គង​របស់យើង​តាមរយៈ​ការ​ប្រែចិត្ត​ដោយ​ស្មោះ ។

កីឡាករ​អស្ចារ្យ​ចំណាយ​ពេល​រាប់ពាន់​ម៉ោង​ដើម្បី​ធ្វើ​ចំណុច​តូច​មួយឲ្យ​បាន​ល្អ​ឥតខ្ចោះ​នៅ​ក្នុង​ល្បែង​របស់ពួកគេ ។ ក្នុង​នាម​ជា​អ្នក​កាន់​បព្វជិតភាព អ្នក​ត្រូវការ​ឥរិយាបថ​ដូច​គ្នា​នេះដែរ ។ ប្រសិន​បើ​អ្នកបរាជ័យ សូម​ប្រែ​ចិត្ត​ ហើយ​រៀន​ពី​វា ។ សូម​ហ្វឹកហាត់​ដើម្បី​អ្នក​នឹង​លេង​កាន់​តែ​ប្រសើ​រ​ឡើង​នៅ​លើកក្រោយ ។ ទីបំផុត វា​ស្រេច​តែលើ​អ្នក​ទេ ។ តើ​នឹង​រៀន​ពី​ក្បួន​លេង​នោះ​ដែរឬទេ ?

ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​អ្នកថា ចូរ​ទុក​ចិត្ត​លើ​ព្រះអម្ចាស់ ។ ពាក់​អាវ​គ្រោះ​នៃ​ព្រះអម្ចាស់ ហើយ​ចូល​លេង ។

ពុំ​មាន​មនុស្ស​ច្រើន​ដែល​លេង​កីឡា​វិជ្ជាជីវៈ​នៅ​កម្រិត​ខ្ពស់បំផុត​នោះទេ ប៉ុន្តែ​នៅពេល​ងាក​មក​ឯ​ភាព​ជាសិស្ស​វិញ នោះ​មានមនុស្ស​ជាច្រើន​ដែល​ជ្រើ​ស​រើស​ធ្វើ​តាម​ព្រះគ្រីស្ទ ។

តាមពិត នោះ​គឺ​ជា​បេសកកម្ម​របស់​អ្នក​ក្នុង​ជីវិត​នេះ— ដើម្បី​រៀន​អំពីផ្លូវ​របស់​ព្រះអម្ចាស់ ចូល​ទៅក្នុង​ផ្លូវ​នៃ​ភាព​ជា​សិស្ស ហើយ​ព្យាយាម​រស់នៅ​ស្របតាម​ផែនការ​របស់ព្រះ ។ ព្រះ​នឹង​លើក​អ្នក​ឡើង ហើយ​ប្រទាន​ពរ​អ្នក នៅពេល​អ្នក​ងាក​ទៅ​រក​ទ្រង់ ។ អ្នក​អាច​ធ្វើ​កិច្ចការ​នេះ​បាន ដោយសារ​អ្នក​គឺជា​កីឡា​ករ​ដ៏​ល្បី​ម្នាក់​នៅ​ក្នុង​ព្រះនេត្រ​របស់​ទ្រង់ ។

ខ្ញុំ​អធិស្ឋានសូម​ឲ្យ​អ្នក​នឹង​ធ្វើ​ការ​តាំងចិត្ត​ដើម្បី​រស់នៅ​ដោយ​ស័ក្ដិសម​នឹង​បព្វជិតភាព​ដ៏​បរិសុទ្ធ ដែល​អ្នក​កាន់ ហើយ​ព្យាយាម​ដើម្បី​ប្រតិបត្តិ​តួនាទី​ដ៏ពិសិដ្ឋ​របស់​អ្នក​ជា​រៀងរាល់​ថ្ងៃ ។ ខ្ញុំ​ប្រទានពរ​ដល់​អ្នក​ឲ្យ​មាន​សមត្ថភាព និង​បំណង​ប្រាថ្នា​ទៅ​ធ្វើ​ដូច្នោះ ។ ខ្ញុំ​សូម​បន្ថែម​ទីបន្ទាល់​ខ្ញុំ​អំពី​អំណាច​នៃ​បព្វជិតភាព ដែល​អ្នក​កាន់ អំពី​ព្យាការី​នៅរស់ និង​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​តួនាទី​របស់​ទ្រង់​ក្នុង​នាម​ជា​ព្រះអង្គសង្គ្រោះ និង​ព្រះប្រោសលោះ​របស់​យើង ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។