ឆ្នាំ ២០១០-២០១៩
ចម្លើយ​ចំពោះ​ការអធិស្ឋាន
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០១៩


2:3

ចម្លើយ​ចំពោះ​ការអធិស្ឋាន

ព្រះវរបិតា​ស្គាល់​យើង ដឹង​ពី​សេចក្ដី​ត្រូវការ​យើង ហើយ​មាន​ព្រះរាជបំណង​ជួយ​យើង​ជា​ប្រាកដ ។

​គោលលទ្ធិ​ដ៏​សំខាន់ និង​លួងលោម​មួយ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ គឺ​ថា​ព្រះវរបិតា​សួគ៌​យើង​មាន​នូវ​ក្ដី​ស្រឡាញ់​ដ៏​ឥត​ខ្ចោះ​ចំពោះ​បុត្រ​ទ្រង់ ។ ដោយសារ​តែ​ក្ដី​ស្រឡាញ់​ដ៏​ឥត​ខ្ចោះ​នោះ ទ្រង់​ប្រទាន​ពរ​យើង មិន​ត្រឹម​តែ​តាម​បំណង​ប្រាថ្នា និង​ក្ដី​ត្រូវការ​របស់​យើង​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​តាម​ព្រះប្រាជ្ញា​ដ៏​ឥត​ព្រំដែន​របស់​ទ្រង់​ផងដែរ ។ ដូច​ដែល​បាន​ថ្លែង​យ៉ាង​សាមញ្ញ​ដោយ​ព្យាការី​នីហ្វៃ​ថា « ខ្ញុំ​ដឹង​ថា [ ព្រះ ] ស្រឡាញ់​កូន​ចៅ​របស់​ទ្រង់ » ។

ទិដ្ឋភាព​មួយ​នៃ​ក្ដី​ស្រឡាញ់​ដ៏​ឥត​ខ្ចោះ​នោះ គឺ​ការចូលរួម​របស់​ព្រះវរបិតា​សួគ៌​នៅក្នុង​កិច្ចការតូចតាច​នៃ​ជីវិត​យើង ទាំង​ពេល​ដែល​យើង​មិន​ដឹង ឬ​មិន​យល់​អំពី​ការចូលរួម​នោះ​ផង ។ យើង​ស្វែងរក​ការណែនាំ និង​ជំនួយ​ដ៏​ទេវភាព​របស់​ព្រះវរបិតា តាម​រយៈ​ការអធិស្ឋាន​ដ៏​អស់ពីចិត្ត និង​ស្មោះសរ ។ ពេល​យើង​គោរព​ដល់​សេចក្ដី​សញ្ញា​របស់​យើង ហើយ​ពុះពារ​កាន់តែ​ខ្លាំង​ដើម្បី​ក្លាយ​ដូច​ជា​ព្រះអង្គ​សង្គ្រោះ នោះ​យើង​ទទួល​បាន​សិទ្ធិ​ដើម្បី​មាន​ការណែនាំ​ដ៏​ទេវភាព​ជា​បន្ត​បន្ទាប់​ឥត​ឈប់ឈរតាមរយៈ​ឥទ្ធិពល និង​ការបំផុស​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

ព្រះគម្ពីរ​បង្រៀន​យើង​ថា « ដ្បិត​ព្រះវរបិតា​នៃ​អ្នក ទ្រង់​ជ្រាប​នូវ​របស់​អ្វី​ដែល​អ្នក​ត្រូវ​ការ មុន​ដែល​អ្នក​សូម​ផង »ហើយ​ទ្រង់ « ជ្រាប​គ្រប់​ការណ៍​ទាំង​អស់ ដ្បិត​គ្រប់​ការណ៍​ទាំង​អស់​មាន​វត្តមាន​នៅ​ចំពោះ​ព្រះ​នេត្រ [ ទ្រង់ ] » ។

ព្យាការី​មរមន​ជា​គំរូ​មួយ​អំពី​ចំណុច​នេះ ។ លោក​ពុំ​បាន​រស់នៅ​ឃើញ​លទ្ធផល​នៃ​កិច្ចការ​របស់​លោក​នោះ​ទេ ។ ប៉ុន្តែ​លោក​បាន​យល់​ថា ព្រះអម្ចាស់​បាន​ដឹកនាំ​លោក​ដោយ​ប្រុង​ប្រយ័ត្ន​ជា​រហូត​មក ។ ពេល​លោក​បាន​ទទួល​អារម្មណ៍​បំផុស​ឲ្យ​បញ្ចូល​ផ្ទាំង​តូច​នៃ​នីហ្វៃ​ជាមួយ​នឹង​បញ្ជី​របស់​លោក មរមន​បាន​សរសេរ​ថា « ហើយ​ខ្ញុំ​ធ្វើ​យ៉ាង​នេះ ដើម្បី​ប្រយោជន៍​មួយ​ដ៏​សំខាន់ ព្រោះ​ព្រះ​វិញ្ញាណ​បាន​ខ្សឹប​ប្រាប់​ខ្ញុំ ស្រប​តាម​ការងារ​នៃ​ព្រះ​វិញ្ញាណ​នៃ​ព្រះ​អម្ចាស់​ដែល​នៅ​ក្នុង​ខ្ញុំ ។ ហើយ​ឥឡូវ​នេះ ខ្ញុំ​ពុំដឹង​នូវ​គ្រប់​ការណ៍​ទាំង​អស់​ទេ តែ​ព្រះ​អម្ចាស់​ទ្រង់​ជ្រាប​នូវ​គ្រប់​ការណ៍​ទាំង​អស់ ដែល​នឹង​កើត​ឡើង ហេតុ​ដូច្នោះ​ហើយ ទ្រង់​បាន​ធ្វើការ​ក្នុង​ខ្ញុំ ដើម្បី​ធ្វើ​អ្វីៗ​ស្រប​តាម​ព្រះ​ហឫទ័យ​ទ្រង់ » ។ ថ្វីបើ​មរមន​ពុំ​បាន​ដឹង​ពី​ការបាត់​សំណេរ ១១៦ ទំព័រ​នៅក្នុង​ពេល​អនាគត​ក្ដី តែ​ព្រះអម្ចាស់​បាន​ត្រាស់​ដឹង ហើយ​បាន​រៀបចំ​របៀប​មួយ​ដើម្បី​យក​ឈ្នះ​ឧបសគ្គ​នោះតាំង​ពី​យូរមក មុន​វា​បាន​កើត​ឡើង​ម្ល៉េះ ។

ព្រះវរបិតា​ស្គាល់​យើង ដឹង​ពី​សេចក្ដី​ត្រូវការ​យើង ហើយ​មាន​ព្រះរាជបំណង​ជួយ​យើង​ជា​ប្រាកដ ។ ជួនកាល​ជំនួយ​នោះ​ត្រូវបាន​ផ្ដល់​នៅ​គ្រា​នោះ​តែម្ដង ឬ​យ៉ាងហោច​ណាស់ ឆាប់ៗ​បន្ទាប់​ពី​យើង​ទូល​សូម​ជំនួយ​ដ៏​ទេវភាព​នោះ ។ ជួនកាល​បំណង​ដ៏​ស្មោះត្រង់ និង​សក្ដិសម​របស់​យើង​ភាគច្រើន​បំផុត មិន​ត្រូវបាន​ឆ្លើយ​តប​តាម​ដែល​យើង​សង្ឃឹម​ចង់​បាន​នោះ​ទេ តែ​យើង​ឃើញ​ថា​ព្រះ​មាន​ពរជ័យ​ធំ​ជាង​នោះ​សម្រាប់​យើង ។ ហើយ​ជួនកាល បំណង​ដ៏​សុចរិត​របស់​យើង​មិន​ត្រូវបាន​ប្រទាន​ឲ្យ​ក្នុង​ជីវិត​នេះ​ទេ ។ ខ្ញុំ​នឹង​បង្ហាញ​នូវ​ដំណើរ​រឿង​បី​ខុសៗ​គ្នា​ពី​របៀប​ដែល​ព្រះវរបិតា​នៅ​ស្ថានសួគ៌​របស់​យើង​អាច​ឆ្លើយ​តប​ដល់​សំណើរ​ដ៏​ស្មោះ​សរ​របស់​យើង​ចំពោះ​ទ្រង់ ។

កូនប្រុស​ពៅ​របស់​យើង​ត្រូវបាន​ហៅ​ឲ្យ​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​នៅក្នុង​បេសកកម្ម​ប៉ារីស ប្រទេស បារាំង ។ នៅក្នុង​ការរៀបចំ​ដើម្បី​បម្រើ យើង​បាន​ទៅ​ជាមួយ​គាត់​ដើម្បី​ទិញ​អាវ អាវធំ ក្រវ៉ាត់ក និង​ស្រោមជើង និង​អាវ​រងា ។ ជាអកុសល អាវ​រងា​ដែល​គាត់​ចង់បាន​ដែល​ត្រូវ​ទំហំ​គាត់​ពុំមាន​នៅក្នុង​ហាង​ភ្លាមៗ​នោះ​ទេ ។ ទោះ​យ៉ាងណា អ្នកធ្វើការ​នៅ​ហាង​នោះ​បាន​ប្រាប់​ថា អាវរងា​នោះ​នឹង​មក​ដល់​នៅ​ពីរបី​សប្ដាហ៍​ទៀត ហើយ​នឹង​បញ្ជូន​ទៅ​មជ្ឈមណ្ឌល​បំពាក់បំប៉ន​អ្នក​ផ្សព្វផ្សាយ​សាសនា​នៅ​ទីក្រុង​ប៉្រូវ៉ូ​មុន​កូនប្រុស​យើង​ចេញ​ទៅ​ប្រទេស​បារាំង ។ យើង​បាន​បង់លុយ​សម្រាប់​អាវ​រងា​នោះ ហើយ​ពុំ​បាន​គិត​អ្វី​ទៀត​ទេ ។

កូន​ប្រុស​យើង​បាន​ចូល​ទៅមជ្ឈមណ្ឌល​បំពាក់បំប៉ន​អ្នក​ផ្សព្វផ្សាយ​សាសនា​នៅ​ខែ មិថុនា ហើយ​អាវ​រងា​នោះ​បាន​បញ្ជូន​ទៅ​ដល់​គាត់​នៅ​ខែ សីហា តែ​ប៉ុន្មាន​ថ្ងៃ​ពី​មុន​គាត់​ចេញ​ដំណើរ ប៉ុណ្ណោះ ។ គាត់​មិន​បាន​ល​អាវ​រងា​នោះ​ទេ តែ​បាន​ប្រញាប់​ច្រក​វា​ចូល​ទៅក្នុង​វ៉ាលី​គាត់​ជាមួយ​នឹង​សំលៀកបំពាក់ និង​របស់​របរ​ផ្សេង​ទៀត ។

ពេល​រដូវ​រងា​មក​ដល់ នៅ​ទីក្រុង​ប៉ារីស ជា​កន្លែង​ដែល​កូន​ប្រុស​យើង​បម្រើ គាត់​បាន​សរសេរ​មក​យើង​ថា គាត់​បាន​ទាញ​អាវ​រងា​នោះ​មក ពាក់ ឃើញ​ថា​វា​ចង្អៀតណាស់ ។ ហេតុ​ដូច្នោះ យើង​ត្រូវតែ​បញ្ចូល​ប្រាក់​ទៅក្នុង​ធនាគារ​បន្ថែម​ទៀត ដើម្បី​គាត់​អាច​ទិញ​អាវ​រងា​មួយ​ទៀត​នៅ​ប៉ារីស ហើយ​គាត់​ក៏​បាន​ទិញ​មែន ។ ដោយ​មួរម៉ៅ​ចិត្ត​បន្ដិច​ផង ខ្ញុំ​បាន​សរសេរ​ប្រាប់​គាត់​ថា​កូន​ឲ្យ​អាវ​រងា​មុន​នោះ​ទៅ​អ្នក​ផ្សេង​ទៅ​ព្រោះ​គាត់​មិន​អាច​ប្រើ​វា​បាន ។

ក្រោយ​មក​យើង​បាន​ទទួល​អ៊ីម៉ែល​នេះ​មក​ពី​គាត់​ថា ៖ « វា​ត្រជាក់​ខ្លាំង​ណាស់​នៅ​ទីនេះ ។… ខ្យល់​ហាក់​ដូច​ជា​បក់​ទំលុះ​យើង ទោះបី​ជា​អាវ​រងា​ថ្មី​របស់​ខ្ញុំ​ល្អ ហើយ​ធ្ងន់​ក្ដី ។ … គាត់​បាន​ប្រាប់​ថា ខ្ញុំ​បាន​ឲ្យ​អាវ​រងា​ចាស់​របស់​ខ្ញុំ​ទៅ [ អ្នក​ផ្សព្វផ្សាយ​សាសនា​ម្នាក់​ទៀត​នៅក្នុង​ផ្ទះ​យើង ] ដែល​គាត់​បាន​អធិស្ឋាន​ទូលសូម​ឲ្យ​ទទួល​បាន​អាវ​រងា​ល្អ​មួយ ។ គាត់​ជា​អ្នក​ប្រែ​ចិត្ត​ជឿ​ម្នាក់​កាលពី​ពីរបី​ឆ្នាំ​មុន គាត់​មាន​តែ​ម្ដាយ … និង​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​បាន​ជ្រមុជ​ទឹក​គាត់​ប៉ុណ្ណោះ​ដែល​គាំទ្រ​គាត់​ក្នុង​បេសកកម្ម​គាត់ ដូច្នេះ​អាវ​រងា​នោះ​គឺ​ជា​ចម្លើយ​ដល់​ការអធិស្ឋាន​គាត់ ខ្ញុំ​មាន​អារម្មណ៍​រីករាយ​ណាស់​អំពី​រឿង​នេះ » ។

ព្រះវរបិតា​សួគ៌​បាន​ដឹង​ថា អ្នក​ផ្សព្វផ្សាយ​សាសនា​នេះ​ដែល​កំពុង​បម្រើ​នៅ​ប្រទេស​បារាំង ៦២០០ ម៉ែល ( ១០០០០ គ.ម ) ពី​ផ្ទះ​នឹង​ត្រូវការ​អាវរងា​ថ្មី​មួយ​ភ្លាមៗ​សម្រាប់​រដូវ​រងា​ដ៏​ត្រជាក់​នៅក្នុង​ក្រុង​ប៉ារីស ដែល​អ្នក​ផ្សព្វផ្សាយ​សាសនា​នេះ​ពុំ​មាន​មធ្យោបាយ​ដើម្បី​ទិញ​វា​ទេ ។ ព្រះវរបិតា​សួគ៌​ក៏​បាន​ដឹង​ដែរ​ថា កូន​ប្រុស​យើង​នឹង​ទទួល​បាន​អាវ​រងា​ពី​ហាង​សំលៀកបំពាក់​នៅ​ទីក្រុង​ប៉្រូវ៉ូ រដ្ឋ​យូថា ដែល​មាន​ទំហំ​តូច ។ ទ្រង់​បាន​ដឹង​ថា អ្នក​ផ្សព្វផ្សាយ​សាសនា​ទាំងពីរ​នាក់​នេះ​នឹង​បម្រើ​ជាមួយ​គ្នា​នៅក្រុង​ប៉ារីស ហើយ​ថា​អាវ​រងា​នេះ​នឹង​ជា​ចម្លើយ​ចំពោះ​ការអធិស្ឋាន​ដ៏​រាបសារ និង​ស្មោះសរ​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា​ម្នាក់​ដែល​មាន​តម្រូវការ​ភ្លាមៗ​នោះ ។

ព្រះអង្គសង្គ្រោះបានបង្រៀនថា ៖

« តើ​គេ​មិន​លក់​ចាប​២​ថ្លៃ​១​លុយ​ទេ​ឬ​អី តែ​គ្មាន​ចាប​ណា​មួយ​ធ្លាក់​ទៅ​ដី ឥត​ព្រះវរបិតា​នៃ​អ្នក​រាល់​គ្នា​ជ្រាប​ឡើយ ។

« សូម្បី​តែ​សក់​ក្បាល​របស់​អ្នក​រាល់​គ្នា ក៏​បាន​រាប់​ទាំង​អស់​ដែរ

« យ៉ាង​នោះ​មិន​ត្រូវ​ឲ្យ​ខ្លាច​ឡើយ អ្នក​រាល់​គ្នា​មាន​ដំឡៃ លើស​ជាង​ចាប​ជា​ច្រើន » ។

នៅក្នុង​ស្ថានភាព​ផ្សេងៗ​ទៀត ពេល​បំណង​ដ៏​សក្ដិសម​របស់​យើង​មិន​ត្រូវបាន​ប្រទាន​ឲ្យ​តាម​ដែល​យើង​សង្ឃឹម​ចង់​បាន នោះ​តាម​ពិត​ទៅ​វា​អាច​សម្រាប់​ជាប្រយោជន៍​ខ្ពស់​បំផុត​របស់​យើងទៅវិញ ។ ឧទាហរណ៍ យ៉ូសែប​ជា​កូន​យ៉ាកុប​ត្រូវបាន​បងៗ​គាត់​ច្រណែន​ស្អប់​ដល់​ថ្នាក់​ពួកគេ​ដាក់​ផែនការ​ធ្វើ​ឃាត​លោក ។ ផ្ទុយទៅ​វិញ ពួកគេ​បាន​លក់​លោក​ជា​ទាសករ​ទៅកាន់​ស្រុក​អេស៊ីព្ទ​វិញ ។ ប្រសិន​បើ​មនុស្ស​ម្នាក់​ដែល​អាច​មាន​អារម្មណ៍​ថា​ការអធិស្ឋាន​របស់​គាត់​ពុំ​ត្រូវបាន​ឆ្លើយ​តប​តាម​ដែល​គាត់​បាន​សង្ឃឹម​ទុក នោះ​វា​អាច​ជា​យ៉ូសែប ។ តាម​ពិត​ទៅ សំណាង​អាក្រក់​របស់​លោក​បាន​ក្លាយ​ជា​ពរជ័យ​យ៉ាង​ធំធេង​ដល់​លោក ហើយ​បាន​សង្គ្រោះ​គ្រួសារ​លោក​ពី​ការអត់​ឃ្លាន ។ ក្រោយ​មក បន្ទាប់​ពី​បាន​ក្លាយ​ជា​អ្នក​ដឹកនាំ​ដ៏​គួរ​ឲ្យ​ទុកចិត្ត​របស់​ស្រុក​អេស៊ីព្ទ ដោយ​មាន​ជំនឿ និង​ប្រាជ្ញា​ដ៏​អស្ចារ្យ នោះ​លោក​បាន​និយាយ​ទៅកាន់​ពួក​បងប្រុស​លោក​ថា

« ឥឡូវ​នេះ​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ព្រួយ ឬ​តូច​ចិត្ត​ដោយ​បាន​លក់​ខ្ញុំ​មក​ទី​នេះ​ឡើយ ពី​ព្រោះ​គឺ​ព្រះ​ទេ​តើ ដែល​ទ្រង់​ចាត់​ខ្ញុំ​មក​ជា​មុន ដើម្បី​នឹង​រក្សា​ជីវិត​អ្នក​រាល់​គ្នា​ទុក ។

« ដ្បិត​មើល មាន​អំណត់​នៅ​លើ​ផែនដី​២​ឆ្នាំ​នេះ​ហើយ ក៏​ត្រូវ​មាន​៥​ឆ្នាំ​ទៀត ដែល​នឹង​គ្មាន​អ្នក​ណា​ភ្ជួររាស់ ឬ​ច្រូត​កាត់​អ្វី​ឡើយ ។

« ព្រះ​ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​មុន​អ្នក​រាល់​គ្នា ដើម្បី​នឹង​រក្សា​អ្នក​រាល់​គ្នា​ឲ្យ​មាន​សំណល់​សល់​នៅ​ផែនដី ហើយ​នឹង​ជួយ​សង្គ្រោះ​ជីវិត​នៃ​អ្នក​រាល់​គ្នា ដោយ​សេចក្តី​ប្រោសប្រាណ​យ៉ាង​ធំ ។

« ដូច្នេះ​មិន​មែន​អ្នក​រាល់​គ្នា​ដែល​ឲ្យ​ខ្ញុំ​មក​ទី​នេះ​ទេ គឺ​ជា​ព្រះ​វិញ​ទេ​តើ » ។

ពេល​កូន​ប្រុស​ច្បង​របស់​យើង​រៀន​នៅ​មហាវិទ្យាល័យ គាត់​បាន​ទទួល​ការងារ​ក្រៅម៉ោង​ដ៏​ពេញ​ចិត្ត​មួយ​សម្រាប់​ពួកសិស្ស ដែល​វា​មាន​សក្ដានុពល​នឹង​នាំ​ទៅរក​ការងារ​អចិន្ត្រៃយ៍​ដ៏​ល្អ​មួយ​បន្ទាប់​ពី​រៀន​ចប់ ។ គាត់​បាន​ខិតខំ​ធ្វើការ​យ៉ាង​ខ្លាំង​ក្នុង​ការងារ​នេះ​អស់​រយៈពេល​បួន​ឆ្នាំ មាន​គុណសម្បត្តិ​ល្អ​ប្រសើរ និង​ទទួល​បាន​ការគោរព​ពី​មិត្តរួម​ការងារ និង​អ្នក​គ្រប់គ្រង​របស់​គាត់ ។ នៅ​ចុង​បញ្ចប់​ឆ្នាំ​នៅ​មហាវិទ្យាល័យ ស្ទើរតែ​ដូច​ជា​បាន​រៀបចំ​ដោយ​ស្ថានសួគ៌ ( យ៉ាងហោច​ណាស់ចំពោះ​ការគិត​របស់​កូនប្រុស​យើង ) នោះ​មាន​មុខ​តំណែង​អចិន្ត្រៃយ៍​មួយ​ប្រកាសឡើង គាត់​ជា​បេក្ខជន​នាំមុខ​គេ ដោយ​មាន​គ្រប់​ទាំង​ការបញ្ជាក់ និង​ការរំពឹង​ទុក​ថា គាត់​ពិតជា​នឹង​ទទួល​បាន​ការងារ​នោះ ។

តែ​គាត់​ពុំ​ត្រូវបាន​គេ​រើស​យក​នោះ​ទេ ។ គ្មាន​យើង​ណា​ម្នាក់​អាច​យល់​ពី​ការណ៍​​នោះ​ទេ ។ គាត់​បាន​រៀបចំ​យ៉ាង​ល្អ ការសម្ភាស​ដំណើរការ​ល្អ ជា​បេក្ខជន​ដែល​មាន​គុណសម្បត្តិ​ខ្ពស់​ជាង​គេ ហើយ​បាន​អធិស្ឋាន​ជាមួយ​នឹង​ក្ដី​សង្ឃឹម និង​ការរំពឹង​ទុក​យ៉ាង​ខ្ពស់ ! គាត់​តក់ស្លុត ឈឺចិត្ត ហើយ​រឿង​នោះ​ធ្វើ​ឲ្យ​យើង​ទាំងអស់​គ្នា​ពុំ​យល់ ។ ហេតុអ្វី​ព្រះអម្ចាស់​បាន​បោះបង់​គាត់​នៅក្នុង​បំណង​ដ៏​សុចរិត​របស់​គាត់ ។

រហូត​ដល់​បួនប្រាំ​ឆ្នាំ​ក្រោយមក យើង​បាន​ឃើញ​ចម្លើយ​កាន់តែ​ច្បាស់ ។ បើ​គាត់​បាន​ទទួល​ការងារ​ក្នុង​ក្ដី​សុបិន្ត​បន្ទាប់​ពី​រៀន​ចប់ នោះ​គាត់​នឹង​ខកខាន​ឱកាស​ផ្លាស់ប្ដូរ​ជីវិត​ដ៏​សំខាន់​ក្រៃលែង ដែល​ឥឡូវ​នេះ​បាន​បញ្ចាក់​ថា​ជា​ប្រយោជន៍ និង​ជា​ពរជ័យ​ដ៏​អស់កល្ប​របស់​គាត់ ។ ព្រះ​បាន​ដឹង​តាំង​ពី​ដំបូង ( ដូច​ដែល​ទ្រង់​តែង​តែ​ដឹង ) ហើយ​ក្នុង​ករណី​នេះ ចម្លើយ​ចំពោះ​ការអធិស្ឋាន​ដ៏​សុចរិតនោះ​គឺ ទេ ដើម្បី​ជា​ប្រយោជន៍​នៃ​លទ្ធផល​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពេល​ជា​ច្រើន​ឆ្នាំ​ក្រោយ​មក​ទៀត ។

ពេលខ្លះ ចម្លើយ​ចំពោះ​ការអធិស្ឋាន​ដែល​យើង​ស្វែងរក​ដោយ​សុចរិត ដោយ​ចង់​បាន​យ៉ាង​ខ្លាំង និង​ដោយ​ស្មោះសរ​នោះ​ពុំ​ត្រូវបាន​ប្រទាន​ឲ្យ​ក្នុង​ជីវិត​នេះ​ទេ ។

ប្អូនស្រី ប៉ាទ្រីយ៉ា ផាគិនសុន បាន​កើតមក​មើល​ឃើញ​ធម្មតា តែ​នៅ​អាយុ​ប្រាំពីរ​ឆ្នាំ នាង​បាន​ចាប់ផ្ដើម​ងងឹត ។ នៅ​អាយុ​ប្រាំបួន​ឆ្នាំ ប៉ាត បាន​ចាប់​ផ្ដើម​ទៅ​រៀន​នៅ​សាលា​រដ្ឋ​សម្រាប់​ជន​ពិការ​ភ្នែក និង​ថ្លង់ នៅ​ទីក្រុង អូហ្គឌិន រដ្ឋ យូថាហ៍ ចម្ងាយ​ប្រហែលជា ១៤៥​គីឡូម៉ែត្រ​ពី​ផ្ទះ​នាង ដែល​វា​ចាំបាច់​ត្រូវ​ឲ្យ​នាង​ទៅ​រស់នៅ​ឯ​សាលា—ទាំង​នឹកផ្ទះ​ជា​ការ​ដក​ពិសោធន៍​របស់​ក្មេង​អាយុ​ប្រាំបួន​ឆ្នាំ ។

មកដល់​អាយុ ១១ ឆ្នាំ នាង​ពុំ​អាច​មើលឃើញ​ទាំងស្រុង​តែ​ម្ដង ។ ប៉ាត បាន​ត្រឡប់​មក​នៅ​ផ្ទះ​វិញ​នៅ​អាយុ ១៥ ឆ្នាំ ដើម្បី​ចូលរៀន​នៅ​វិទ្យាល័យ​ក្នុង​ស្រុក​នាង ។ នាង​បាន​បន្ត​ទៅ​រៀន​នៅ​មហាវិទ្យាល័យ រួច​បាន​បញ្ចប់​ការសិក្សា​ទទួល​សញ្ញាបត្រ​ថ្នាក់បរិញ្ញាបត្រ​ផ្នែក​ភាព​ខុស​ប្រក្រតី​ក្នុង​ការ​ទំនាក់ទំនង និង​ចិត្តវិទ្យា ហើយ​បន្ទាប់​ពី​តស៊ូ​យ៉ាង​ក្លាហាន​ចំពោះ​ការសង្ស័យ​របស់​មន្ត្រីអប់រំ​ទទួល​បន្ទុក​អញ្ញាត​ឲ្យ​ចូល​រៀន​មក នាង​បាន​ចូល​រៀន ហើយ​បាន​បញ្ចប់​សញ្ញាបត្រ​អនុបណ្ឌិត​ផ្នែក​រោគសាស្ត្រ​និយាយ​ភាសា ។ ឥឡូវ​នេះ ប៉ាត ធ្វើការ​ជាមួយ​សិស្សសាលា​បឋម​សិក្សា​ចំនួន ៥៣​នាក់ ហើយ​គ្រប់គ្រង​អ្នកបច្ចេកទេស​និយាយ​ភាសា​នៅក្នុង​មណ្ឌល​សាលា​របស់​នាង ។ នាង​មាន​ផ្ទះ និង​រថយន្ត​ផ្ទាល់​ខ្លួន ដោយ​មាន​មិត្តភក្ដិ និង​សមាជិក​គ្រួសារ​បើក​ជូន​ពេល ប៉ាត ត្រូវការ​ធ្វើ​ដំណើរ ។

បងស្រី ប៉ាទ្រីយ៉ា ផាគិនសុន

នៅ​អាយុ ១០ ឆ្នាំ ប៉ាត ត្រូវបាន​កំណត់ពេល​ទទួល​ការ​ព្យាបាលខាង​វេជ្ជសាស្ត្រ​មួយ​ទៀត​ដើម្បី​ជួយ​ដល់​ការចុះ​ថយ​ខាង​គំឃើញ​របស់​នាង ។ ឪពុក​ម្ដាយ​នាង​តែងតែ​ប្រាប់​នាង​យ៉ាង​ច្បាស់​ពី​អ្វី​ដែល​នឹង​កើតឡើង​ទាក់ទង​នឹង​ការថែ​ទាំសុខភាព​របស់​នាង តែ​ដោយ​មូលហេតុ​ណា​មួយ​នោះ​ពួកគាត់​ពុំ​បាន​ប្រាប់​ពី​និតីវិធីព្យាបាល​នោះ​ទេ ។ ពេល​ឪពុក​ម្ដាយ​នាង​ប្រាប់​ថា និតីវិធីព្យាបាល​ត្រូវបាន​កំណត់​ថ្ងៃ​ហើយ នោះ​ម្ដាយ​នាង​បាន​ប្រាប់​ថា ប៉ាត « ខឹង​សម្បារ​ណាស់ » ។ ប៉ាត បាន​រត់​ទៅ​បន្ទប់​មួយ​ទៀត ប៉ុន្តែ​ក្រោយមក​បាន​ត្រឡប់​មក​វិញ ហើយ​និយាយ​ទៅ​ឪពុក​ម្ដាយ​គាត់​ដោយ​កំហឹង​ថា « ខ្ញុំ​ប្រាប់​ប៉ាម៉ាក់​ចុះ ។ ខ្ញុំ​ដឹង ព្រះដឹង ហើយ​ប៉ាម៉ាក់​ប្រហែល​ជា​ដឹង​ដែរ ។ ខ្ញុំ​នឹង​ខ្វាក់​អស់​មួយ​ជីវិត​ខ្ញុំ ! »

កាល​ពី​បួន​ប្រាំ​ឆ្នាំ​មុន ប៉ាត បាន​ធ្វើ​ដំណើរ​ទៅ​រដ្ឋ​កាលីហ្វញ៉ា​ទៅ​លេង​សមាជិក​គ្រួសារ​ដែល​រស់នៅ​ទីនោះ ។ ពេល​នាង​នៅ​ខាង​ក្រៅ​ជាមួយ​ក្មួយ​ប្រុស​អាយុ​បី​ឆ្នាំ​របស់​នាង វា​បាន​និយាយ​ទៅ​នាង​ថា « មីង ប៉ាត ហេតុអ្វី​មីង​មិន​សូម​ដល់​ព្រះវរបិតា​ឲ្យ​ប្រទាន​ភ្នែក​ថ្មី​ដល់​មីង​ទៅ ? ព្រោះ​បើ​មីង​សូម​ដល់​ព្រះវរបិតាសួគ៌ ទ្រង់​នឹង​ប្រទាន​ដល់​មីង​នូវ​អ្វី​ដែល​មីង​ចង់​បាន ។ មីង​គ្រាន់តែ​សូម​ទ្រង់​ប៉ុណ្ណោះ » ។

ប៉ាត បាន​និយាយ​ថា នាង​ភ្ញាក់ផ្អើល​នឹង​សំណួរ​នោះ តែ​បាន​ឆ្លើយ​ថា « ជួនកាល​ព្រះវរបិតា​ពុំ​ធ្វើ​កិច្ចការ​ដូច​នោះ​ទេ ។ ជួនកាល​ទ្រង់​ត្រូវការ​ឲ្យ​ក្មួយ​រៀន​អ្វី​មួយ ដូច្នេះ​ទ្រង់​មិន​ប្រទាន​ដល់​ក្មួយ​នូវ​អ្វី​គ្រប់​យ៉ាង​ដែល​ក្មួយ​ចង់​បាន​នោះ​ទេ ។ ជួនកាល​ក្មួយ​ត្រូវតែ​រង់ចាំ ។ ព្រះវរបិតា​សួគ៌ និង​ព្រះអង្គ​សង្គ្រោះ​ដឹង​ច្បាស់​បំផុត អ្វី​ដែល​ល្អ​សម្រាប់​យើង និង​អ្វី​ដែល​យើង​ត្រូវការ ។ ដូច្នេះ ពួក​ទ្រង់​នឹង​មិន​ប្រទាន​ដល់​ក្មួយ​នូវ​អ្វីៗ​គ្រប់​យ៉ាង​ដែល​ក្មួយ​ចង់បាន​នៅ​គ្រា​ដែល​ក្មួយ​ចង់​បាន​វា​ឡើយ » ។

ខ្ញុំ​បាន​ស្គាល់ ប៉ាត ជា​ច្រើន​ឆ្នាំ ហើយ​ថ្មីៗ​នេះ​បាន​ប្រាប់​នាង​ថា ខ្ញុំ​កោតសរសើរ​ចំពោះ​ភាពពិត​ដែល​នាង​តែងតែ​វិជ្ជមាន និង​រីករាយ ។ នាង​បាន​តប​ថា « មែនហើយ លោក​មិន​បាន​នៅ​ផ្ទះ​ជាមួយ​ខ្ញុំ​ទេ មែនទេ ។ ខ្ញុំ​មាន​ពេល​របស់​ខ្ញុំ ។ ខ្ញុំ​តស៊ូ​យ៉ាង​ខ្លាំង​ជាមួយ​នឹង​ជំងឺ​ធ្លាក់​ទឹកចិត្ត ហើយ​ខ្ញុំ​យំ​ច្រើន​ណាស់ » ។ ទោះយ៉ាង​ណា នាង​បាន​បន្ថែម​ថា « តាំង​ពី​ពេល​ដែល​ខ្ញុំ​ចាប់​ផ្ដើម​មើល​មិន​ឃើញ វា​ចម្លែក តែ​ខ្ញុំ​បាន​ដឹង​ថា​ព្រះវរបិតា និង​ព្រះអង្គ​សង្គ្រោះ​បាន​គង់​នៅ​ជាមួយ​គ្រួសារ​ខ្ញុំ និង​ខ្ញុំ ។ យើង​បានដោះស្រាយ​វា​តាម​របៀប​ដែល​ល្អ​បំផុត​ដែល​យើង​អាច​ធ្វើ​បាន ហើយ​នៅក្នុង​គំនិត​ខ្ញុំ គឺ​យើង​បាន​ដោះស្រាយ​វា​តាម​របៀប​ត្រឹមត្រូវ ។ ខ្ញុំ​បាន​ក្លាយ​ជា​មនុស្ស​ជោគជ័យ​ម្នាក់ ហើយ​ជា​ទូទៅ​ខ្ញុំ​ជា​មនុស្ស​រីករាយ​ម្នាក់ ។ ខ្ញុំ​ចងចាំ​ពី​ព្រះហស្ដ​ទ្រង់​នៅក្នុង​គ្រប់​អ្វីៗ​ទាំងអស់ ។ ចំពោះ​អ្នក​ទាំងឡាយ​ដែល​សួរ​ខ្ញុំ​ថា​តើ​ខ្ញុំ​ខឹង​ដោយសារ​តែ​ខ្ញុំ​ពិការ​ភ្នែក​ឬទេ ខ្ញុំ​ឆ្លើយ​ថា ‹ តើ​ឲ្យ​ខឹង​នឹង​អ្នក​ណា ? ព្រះវរបិតា​សួគ៌​គង់​នឹង​ខ្ញុំ ខ្ញុំ​ពុំ​នៅ​ឯកោ​ទេ ។ ទ្រង់​គង់​នឹង​ខ្ញុំ​គ្រប់​ពេល​ទាំងអស់ › » ។

ក្នុង​ករណី​នេះ បំណង​ប្រាថ្នា​របស់ ប៉ាត ដើម្បី​មើល​ឃើញ​ឡើង​វិញ​នឹង​មិនត្រូវបាន​ប្រទាន​ឲ្យ​ក្នុង​ជីវិត​នេះ​នោះ​ទេ ។ តែ​ដោយ​បាន​រៀន​ពី​ប៉ា​របស់​នាង នោះ​បាវចនា​របស់​នាង​គឺថា « ការណ៍​នេះ​ក៏​នឹង​កន្លង​ហួស​ទៅ​ដែរ » ។

ប្រធាន ហិនរី ប៊ី អាវរិង បាន​ថ្លែង​ថា « ព្រះវរបិតា​ស្គាល់​បងប្អូន​ក្នុង​គ្រានេះ ដឹង​អារម្មណ៍​បងប្អូន ព្រមទាំង​សេចក្ដី​ត្រូវការ​ខាង​វិញ្ញាណ និង​ខាង​សាច់​ឈាម​របស់​មនុស្ស​នៅ​ជុំវិញ​ខ្លួន​បងប្អូន​នា​ពេល​នេះ » ។ សេចក្ដី​ពិត​ដ៏​អស្ចារ្យ និង​លួងលោម​នេះ​អាច​រកឃើញ​នៅក្នុង​បទពិសោធន៍​ទាំង​បី​ដែល​ខ្ញុំ​បាន​ជួប​នេះ ។

បងប្អូន​ប្រុស​ស្រី ជួនកាល​យើង​ទទួល​បាន​ចម្លើយ​ចំពោះ​ការអធិស្ឋាន​របស់​យើង​ភ្លាមៗ​ជាមួយ​នឹង​លទ្ធផល​ដែល​យើង​សង្ឃឹម​ចង់​បាន ។ ជួនកាល ការអធិស្ឋាន​របស់​យើង​ពុំ​បាន​ទទួល​ចម្លើយ​តាម​ដែល​យើង​សង្ឃឹម​ចង់​បាន​ទេ តែ​ពេល​វេលា​នឹង​ឲ្យ​យើង​រៀន​ថា ព្រះ​មាន​ពរជ័យ​ដ៏​ធំ​ដែល​បាន​រៀបចំ​សម្រាប់​យើង​ជាង​ដែល​យើង​បានរំពឹង​ទុក ។ ជួនកាល​សំណើរ​ដ៏​សុចរិត​របស់​យើង​ចំពោះ​ព្រះ​នឹង​មិន​ត្រូវបាន​ប្រទាន​ឲ្យ​ក្នុង​ជីវិត​នេះ​ទេ ។ ដូច​ដែល​អែលឌើរ នែល អេ ម៉ាក់ស្វែល មាន​ប្រសាសន៍​ថា « សេចក្ដី​ជំនឿ​គឺ​រួម​បញ្ចូល​ទាំង​ការទុក​ចិត្ត​ទៅលើ​ពេលវេលា​របស់​ព្រះ » ។

យើង​មាន​ការអះអាង​ថា នៅក្នុង​របៀប និង​ពេលវេលា​របស់​ទ្រង់​ផ្ទាល់ ព្រះវរបិតា​នឹង​ប្រទាន​ពរ​ដល់​យើង ហើយ​ដោះស្រាយ​កង្វល់ ភាពអយុត្តិធម៌ និង​ការខកចិត្ត​ទាំងអស់​របស់​យើង ។

សូម​ដកស្រង់​ពាក្យ​សម្ដី​របស់​ស្ដេច​បេនយ៉ាមីន​ថា ៖​« ហើយ​ថែម​ទៀត ខ្ញុំ​ចង់​ឲ្យ​អ្នករាល់គ្នា​គិត​ពិចារណា​អំពី​ស្ថានភាព​ដ៏​មាន​ពរ និង​រីករាយ​នៃ​អស់​អ្នក​ណា​ដែល​កាន់​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​នៃ​ព្រះ ។ ដ្បិត​មើលចុះ ពួកគេ​បាន​ពរ​គ្រប់​យ៉ាង ទាំង​ខាង​សាច់​ឈាម និង ខាង​វិញ្ញាណ​ផង ហើយ​បើ​សិន​ជា​ពួកគេ​រក្សា​ការ​ស្មោះត្រង់​ដរាប​ដល់​ចុង​បំផុត នោះ​ពួកគេ​នឹង​ត្រូវ​បាន​ទទួល​នៅ​ស្ថានសួគ៌ ដើម្បី​ឲ្យ​ពួកគេ​អាច​រស់​នៅ​ជាមួយ​នឹង​ព្រះ​ក្នុង​ស្ថានភាព​សុភមង្គល​ដ៏​មិន​ចេះ​ចប់​មិន​ចេះ​ហើយ ។ ឱ សូម​ចាំ សូម​ចាំ​ថា រឿង​ទាំង​នេះ​ពិត ព្រោះ​ព្រះអម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​មាន​ព្រះបន្ទូល​ថា​ដូច្នោះ » ។

ខ្ញុំ​ដឹង​ថា ព្រះ​ឮ​ការអធិស្ឋាន​របស់​យើង ។ ខ្ញុំ​ដឹង​ថា ព្រះវរបិតា​ដែល​ពេញ​ដោយ​ក្ដី​ស្រឡាញ់ ដែល​ដឹង​ការណ៍​គ្រប់យ៉ាង ទ្រង់​ឆ្លើយ​តប​ការអធិស្ឋាន​របស់​យើង​ដោយ​ឥតខ្ចោះ តាម​ប្រាជ្ញា​ដ៏​ឥត​ព្រំដែន​របស់​ទ្រង់ និង​តាម​របៀប​ដែល​នឹង​ជា​ប្រយោជន៍ និង​ជា​ពរជ័យ​ធំធេង​បំផុត​ដល់​យើង ។ ខ្ញុំ​ថ្លែង​ទីបន្ទាល់​ដូច្នោះ ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។