ដំណឹងល្អដ៏ពិត បរិសុទ្ធ ហើយសាមញ្ញរបស់ព្រះយេស៊ូវគ្រីស្ទ
ការស្រឡាញ់ព្រះ និងការស្រឡាញ់អ្នកជិតខាងរបស់យើងគឺជាគ្រឹះខាងគោលលទ្ធិនៃការងារបម្រើ ការរៀនសូត្រនៅឯគេហដ្ឋានដែលមានការគាំទ្រពីសាសនាចក្រ ការថ្វាយបង្គំខាងវិញ្ញាណនៅថ្ងៃឈប់សម្រាក និងកិច្ចការនៃសេចក្ដីសង្គ្រោះ ។
បងប្អូនប្រុសស្រីជាទីស្រឡាញ់ ខ្ញុំស្ទើរតែពុំចង់ជឿថា ពេលវេលាកន្លងទៅអស់ ៧១ ឆ្នាំហើយ កាលខ្ញុំបានបម្រើជាអ្នកផ្សព្វផ្សាយសាសនានៅប្រទេសអង់គ្លេសក្នុងឆ្នាំ ១៩៤៨ ហើយកាលពី ៤៤ ឆ្នាំមុន ភរិយាខ្ញុំបាបារ៉ា និងខ្ញុំ បាននាំគ្រួសាររបស់យើងទៅប្រទេសកាណាដា កាលខ្ញុំធ្វើជាប្រធាននៅបេសកកម្មតូរ៉ន់តូកាណាដា ។ កាលខ្ញុំបម្រើនៅទីនោះក្នុងឆ្នាំ ១៩៧៦ ខ្ញុំត្រូវបានហៅមកក្នុងកូរ៉ុមទីមួយនៃពួកចិតសិបនាក់ ហើយដោយពុំបានរំពឹងទុកជាមុន នៅឆ្នាំ១៩៨៥ ខ្ញុំត្រូវបានហៅមកក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ ពុំដូចជាការហៅមុនៗរបស់ខ្ញុំដែលមាននូវការដោះលែងនាពេលខាងមុខឡើយ ការដោះលែងរបស់ខ្ញុំពីការហៅរបស់ខ្ញុំពីពួកដប់ពីរនាក់ពុំមែនជាជម្រើសល្អបំផុតនៅពេលនេះនោះទេ ប៉ុន្តែខ្ញុំអធិស្ឋានថា ថ្ងៃនោះនឹងមកដល់ដរាបណាខ្ញុំបានបញ្ចប់អ្វីៗដែលព្រះអម្ចាស់បានហៅឲ្យខ្ញុំធ្វើ ។
ដោយគិតពីការបម្រើរបស់ខ្ញុំរយៈពេល ៤៣ ឆ្នាំក្នុងនាមជាពួកអ្នកមានសិទ្ធិអំណាចទូទៅ និងអភ័យឯកសិទ្ធិដែលខ្ញុំមានដើម្បីធ្វើការងារបម្រើដល់បុត្រាបុត្រីរបស់ព្រះវរបិតាសួគ៌ នោះខ្ញុំដឹងយ៉ាងពេញលេញថា ទ្រង់សព្វព្រះទ័យឲ្យបុត្រាបុត្រីរបស់ទ្រង់គ្រប់រូបរកឃើញនូវភាពសុខសាន្ត អំណរ និងសុភមង្គលនៅក្នុងជីវិត ។
ព្យាការីលីហៃបានបង្រៀនថា « មានមនុស្សលោក [ ប្រុស និងស្រី ] ដើម្បីឲ្យគេអាចមានសេចក្ដីអំណរ » ។ មានហេតុផលជាច្រើនដែលភាពសុខសាន្ត អំណរ និងសុភមង្គលអាចកើតមានដល់យើងក្នុងជីវិតនេះ វារួមមាន ភាពក្រីក្រ សង្គ្រាម គ្រោះធម្មជាតិ និងបញ្ហាដែលពុំរំពឹងទុកក្នុងការងារ សុខភាព និងទំនាក់ទំនងគ្រួសារ ។
ប៉ុន្តែទោះជាយើងពុំអាចគ្រប់គ្រងកម្លាំងខាងក្រៅទាំងនោះ ដែលជះឥទ្ធិពលដល់ជីវិតរបស់យើងនៅលើផែនដីនេះក្ដី ប៉ុន្តែនៅពេលយើងខិតខំក្លាយជាពួកសិស្សដ៏ស្មោះត្រង់របស់ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ នោះយើងអាចរកឃើញនូវភាពសុខសាន្ត អំណរ និងសុភមង្គលបាន ទោះជាយើងជួបនឹងបញ្ហាខាងលោកិយក៏ដោយ ។
មានម្ដងនោះ កូនរបស់ខ្ញុំម្នាក់បានពោលថា « ប៉ា កូនឆ្ងល់ថា តើយើងនឹងមានលទ្ធភាពទៅដល់នគរសេឡេស្ទាលដែរឬទេ » ។ ខ្ញុំបានតបថា « អ្វីដែលព្រះវរបិតាសួគ៌សុំពីយើងគឺយើងត្រូវធ្វើឲ្យអស់ពីលទ្ធភាពជារៀងរាល់ថ្ងៃ » ។ បងប្អូនប្រុសស្រី សូមធ្វើឲ្យអស់ពីលទ្ធភាពដែលបងប្អូនអាចធ្វើបានរៀងរាល់ថ្ងៃ ហើយភ្លាមៗនោះ បងប្អូននឹងដឹងថា ព្រះវរបិតាសួគ៌ស្គាល់បងប្អូន ហើយថាទ្រង់ស្រឡាញ់បងប្អូន ។ ហើយពេលបងប្អូនដឹងពីការណ៍នោះ—គឺដឹងដោយពិតប្រាកដ—នោះជីវិតរបស់បងប្អូននឹងមានគោលបំណង និងអត្ថន័យដ៏ពិត ហើយបងប្អូននឹងពោរពេញដោយអំណរ និងភាពសុខសាន្ត ។
ដូចព្រះអង្គសង្គ្រោះដែលជាពន្លឺនៃលោកិយបានមានបន្ទូលថា « កុំឲ្យអ្នកណាដែលជឿដល់ខ្ញុំ ត្រូវនៅក្នុងសេចក្តីងងឹតឡើយ » ។
« ព្រះយេស៊ូវគ្រីស្ទ គឺជានាម ដែលបានប្រទានមកពីព្រះវរបិតា ហើយគ្មាននាមណាទៀត ដែល [ យើង ] អាចបានសង្គ្រោះនោះឡើយ ។
« ហេតុដូច្នោះហើយ មនុស្សទាំងអស់ [ ទាំងប្រុសទាំងស្រី ] ត្រូវ យកព្រះនាម ដែលបានប្រទានមកពីព្រះវរបិតាមកដាក់លើខ្លួន » ។
បទគម្ពីរបង្រៀនយើងថា សាតាំងមានបំណងដឹកនាំមនុស្សចូលទៅក្នុងភាពងងឹត ។ រាល់ការខិតខំរបស់វាគឺដើម្បីបិទបាំងពន្លឺ និងសេចក្ដីពិតពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ ។ ដូចដែលលីហៃបានបង្រៀនកូនចៅរបស់លោកថា នោះអារក្ស « ព្យាយាមធ្វើឲ្យមនុស្សលោកទាំងអស់មានទុក្ខវេទនាដូចវាដែរ » ។ ប្រសិនបើ« កិច្ចការ… និងសិរីល្អ »របស់ព្រះវរបិតាសួគ៌គឺដើម្បី« នាំឲ្យមានអមតភាព និងជីវិតដ៏នៅអស់កល្បជានិច្ចដល់មនុស្ស [ ទាំងប្រុសទាំងស្រី ] »នោះ « កិច្ចការ »របស់លូស៊ីហ្វើរគឺ ដើម្បីនាំឲ្យបុត្រាបុត្រីរបស់ព្រះមានសេចក្តីវេទនា និងទុក្ខលំបាក ដ៏មិនចេះចប់មិនចេះហើយ ។ អំពើបាប និងអំពើរំលងកាត់បន្ថយពន្លឺនៃព្រះគ្រីស្ទនៅក្នុងជីវិតរបស់យើង ។ នោះគឺជាហេតុផលដែលគោលដៅរបស់យើងគឺដើម្បីរីករាយឲ្យច្រើននៅក្នុងពន្លឺនៃព្រះគ្រីស្ទ ដែលនាំមកនូវភាពសុខសាន្ត អំណរ និងសុភមង្គល ។
កាលពី ១៨ ខែមុន ព្រះអម្ចាស់បានបំផុសគំនិតដល់ព្យាការី និងពួកសាវករបស់ទ្រង់ឲ្យអនុវត្តការកែប្រែដ៏អស្ចារ្យជាច្រើន ។ ប៉ុន្តែ ខ្ញុំព្រួយបារម្ភថា គោលបំណងខាងវិញ្ញាណនៃការកែប្រែទាំងនេះអាចនឹងបាត់បង់នៅក្នុងភាពរំភើបរីករាយចំពោះការផ្លាស់ប្ដូរនោះ ។
យ៉ូសែប អេហ្វ ស្ម៊ីធ បានមានប្រសាសន៍ថា « ដំណឹងល្អដ៏ពិត បរិសុទ្ធ ហើយសាមញ្ញរបស់ព្រះយេស៊ូវគ្រីស្ទត្រូវបានស្ដារឡើងវិញ ។ យើងមានការទទួលខុសត្រូវសម្រាប់ការថែរក្សាវានៅលើផែនដីនេះ » ។ លោកបានបន្ថែមថា ដំណឹងល្អដ៏ពិត បរិសុទ្ធ ហើយសាមញ្ញគឺជា« គោលលទ្ធិនៃការសង្គ្រោះរបស់ព្រះគ្រីស្ទ » ។
នៅក្នុងមាត្រានៃសេចក្ដីជំនឿព្យាការី យ៉ូសែប ស្ម៊ីធ បានបង្រៀនថា « តាមរយៈដង្វាយធួននៃព្រះគ្រីស្ទ នោះមនុស្សលោកទាំងអស់អាចបានសង្គ្រោះ ដោយសារការគោរពតាមក្រឹត្យវិន័យ និងពិធីបរិសុទ្ធទាំងឡាយនៃដំណឹងល្អ » ។
គោលការណ៍ទីមួយនៃដំណឹងល្អគឺសេចក្ដីជំនឿទៅលើព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ ការប្រែចិត្ត ពិធីបុណ្យជ្រមុជទឹក អំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ និងការកាន់ខ្ជាប់ដរាបដល់ចុងបំផុត ។ បងប្រុសលោក ហៃរុម បានបង្រៀនថា ៖ « សូមប្រកាសវា[ម្ដងហើយម្ដង]ទៀតថា ៖ អ្នកនឹងឃើញថា ពីមួយថ្ងៃទៅមួយថ្ងៃគំនិតថ្មី និងពន្លឺបន្ថែមទៀតទាក់ទងនឹងគោលការណ៍ទាំងនេះនឹងត្រូវបានបើកសម្ដែងទៅកាន់អ្នក ។ អ្នកអាចតោងចាប់គោលការណ៍ទាំងនោះ …ដើម្បីយល់វាឲ្យកាន់តែច្បាស់ ។ បន្ទាប់មក អ្នកនឹងអាចធ្វើឲ្យមនុស្សដែល [ អ្នក ] បង្រៀនយល់វាកាន់តែច្បាស់ » ។
វិធីដ៏ល្អបំផុតសម្រាប់យើង ដើម្បីមើលឃើញពីគោលបំណងខាងវិញ្ញាណរបស់សាសនាចក្រនេះ គឺការរស់នៅតាមការបង្រៀនដ៏ពិត បរិសុទ្ធ ហើយសាមញ្ញរបស់ព្រះគ្រីស្ទ ហើយអនុវត្តបទបញ្ញត្តិធំពីររបស់ព្រះអង្គសង្គ្រោះ ៖ « ត្រូវឲ្យស្រឡាញ់ព្រះអម្ចាស់ ជាព្រះនៃអ្នកឲ្យអស់អំពីចិត្ត ។… ចូរឲ្យអ្នកស្រឡាញ់អ្នកជិតខាង ដូចជាខ្លួនឯង » ។
ការគោរពប្រតិបត្តិចំពោះបទបញ្ញត្តិទាំងពីរនោះផ្ដល់ជាមធ្យោបាយដើម្បីដកពិសោធន៍ភាពសុខសាន្ត និងអំណរកាន់តែច្រើន ។ នៅពេលយើងស្រឡាញ់ ហើយបម្រើព្រះអម្ចាស់ ព្រមទាំងស្រឡាញ់ ហើយបម្រើដល់អ្នកជិតខាង យើងនឹងទទួលអារម្មណ៍សុភមង្គលដ៏ច្រើនកើតមានចំពោះយើងដោយឯកឯង ។
ការស្រឡាញ់ព្រះ និងការស្រឡាញ់អ្នកជិតខាងរបស់យើងគឺជាគ្រឹះខាងគោលលទ្ធិនៃការងារបម្រើ ការរៀនសូត្រនៅឯគេហដ្ឋានដែលមានការគាំទ្រពីសាសនាចក្រ ការថ្វាយបង្គំខាងវិញ្ញាណនៅថ្ងៃឈប់សម្រាក និងកិច្ចការនៃសេចក្ដីសង្គ្រោះនៅទាំងសង្ខាងនៃវាំងនន ដែលបានគាំទ្រនៅក្នុងសមាគមសង្គ្រោះ និងកូរ៉ុមអែលឌើរ ។ អ្វីៗទាំងនេះផ្អែកទៅលើបទបញ្ញត្តិរបស់ព្រះដើម្បីស្រឡាញ់ព្រះ និងស្រឡាញ់អ្នកជិតខាងយើង ។ តើអាចមានអ្វីមួយដែលធម្មតា សំខាន់ ហើយសាមញ្ញជាងការណ៍នោះដែរឬទេ ?
ការរស់នៅតាមផែនការនៃដំណឹងល្អដ៏ពិត បរិសុទ្ធ ហើយសាមញ្ញនឹងអនុញ្ញតឲ្យយើងមានពេលច្រើនដើម្បីទៅសួរសុខទុក្ខស្ត្រីមេម៉ាយ បុរសពោះម៉ាយ កូនកំព្រា ជនឯកោ អ្នកជំងឺ និងជនក្រីក្រ ។ យើងនឹងរកឃើញភាពសុខសាន្ត អំណរ និងសុភមង្គលក្នុងជីវិតយើង នៅពេលយើងបម្រើព្រះអម្ចាស់ និងអ្នកជិតខាងរបស់យើង ។
ការកែប្រែថ្ងៃឈប់សម្រាកដែលផ្ដោតសំខាន់ទៅលើការរៀនសូត្រ និងការសិក្សាដំណឹងល្អនៅគេហដ្ឋានដែលមានការគាំទ្រពីសាសនាចក្រ គឺជាឱកាសមួយដើម្បីរំឭកពីស្មារតី និងពលិកម្មរបស់យើងចំពោះព្រះនៅក្នុងគេហដ្ឋានរបស់យើង ។ តើអាចមានអ្វីខ្លះដែលសាមញ្ញ ធម្មតា ហើយសំខាន់ជាងនេះដែរឬទេ ? បងប្អូនប្រុសស្រី តើបងប្អូនអាចមើលឃើញថា ការរៀនសូត្រ និងការបង្រៀនដំណឹងល្អនៅក្នុងក្រុមគ្រួសាររបស់យើងគឺជាវិធីមួយដ៏សំខាន់ដើម្បីរកឃើញអំណរ និងសុភមង្គលក្នុងជីវិតរបស់យើងដែរឬទេ ?
ព្រះអង្គសង្គ្រោះបានមានបន្ទូលពីថ្ងៃឈប់សម្រាកថា « ដ្បិតប្រាកដមែន ថ្ងៃនេះត្រូវបានចាត់ទុកដល់អ្នក ដើម្បីឲ្យសម្រាកពីការងារទាំងឡាយរបស់អ្នក ហើយដើម្បីថ្វាយភក្ដីភាពរបស់អ្នកដល់ព្រះដ៏ខ្ពស់បំផុត ។ ទ្រង់បានបន្ថែមទៀតថា « ប្រយោជន៍ឲ្យសេចក្ដីអំណររបស់អ្នកអាចបានពេញ… [ តាមរយៈ ] ការត្រេកអរ និងការអធិស្ឋាន…អ្នករាល់គ្នា [ គួរ ] ប្រព្រឹត្តការណ៍ទាំងនេះ ដោយអំណរគុណ ដោយទឹកចិត្ត និងទឹកមុខរីករាយ… [ ហើយ ] ដោយចិត្តអរសប្បាយ និងមុខរីករាយ » ។
សូមកត់សម្គាល់ពីពាក្យគន្លឹះមួយចំនួននៅក្នុងវិវរណៈនេះ ៖អំណរ,ការត្រេកអរ, អំណរគុណ, ចិត្តរីករាយ, ចិត្តអរសប្បាយ និងទឹកមុខរីករាយ ។ ចំពោះខ្ញុំ វាហាក់ដូចជា ការរក្សាថ្ងៃឈប់សម្រាកគួរតែធ្វើឲ្យយើងមានស្នាមញញឹម ។
នៅពេលយើងធ្វើការងារបម្រើតាមរបៀបខ្ពស់ជាង ហើយបរិសុទ្ធជាង សូមពិចារណាថា ការដែលយើងរាក់ទាក់ដល់មនុស្សគ្រប់គ្នាដែលមកការប្រជុំសាសនាចក្ររបស់យើងគឺជារឿងដ៏សំខាន់ណាស់ ជាពិសេសសមាជិកថ្មី និងភ្ញៀវ ។ យើងទាំងអស់គ្នាគួរតែរីករាយច្រៀងទំនុកតម្កើង ហើយស្ដាប់ដោយយកចិត្តទុកដាក់ចំពោះពាក្យនៃការអធិស្ឋានសាក្រាម៉ង់ ទាំងបើកដួងចិត្ត និងគំនិតរបស់យើង ។
ទីបន្ទាល់ស្តីពីសេចក្ដីជំនឿនៅក្នុងការប្រជុំប្រជុំតមអាហារ និងថ្លែងទីបន្ទាល់របស់យើងត្រូវបាននាំមុខដោយសមាជិកម្នាក់ក្នុងគណៈប៊ីស្សព ដែលចែកចាយទីបន្ទាល់ខ្លីៗដោយផ្ដោតលើផែនការនៃសុភមង្គល និងដំណឹងល្អដ៏ពិត បរិសុទ្ធ ហើយសាមញ្ញរបស់ព្រះគ្រីស្ទ ។ មនុស្សផ្សេងទៀតគួរតែធ្វើតាមគំរូនោះ ។ យើងត្រូវចងចាំថា មានទីកន្លែងសមរម្យផ្សេងទៀតដើម្បីប្រាប់ពីដំណើររឿង ឬចែកចាយពីដំណើរផ្សងព្រេងនានា ។ នៅពេលយើងរក្សាទីបន្ទាល់របស់យើងឲ្យសាមញ្ញ ហើយផ្ដោតលើដំណឹងល្អរបស់ព្រះគ្រីស្ទ ទ្រង់នឹងប្រទាននូវការរំឭកចាំខាងវិញ្ញាណ នៅពេលយើងចែកចាយទីបន្ទាល់របស់យើងជាមួយគ្នា ។
ការងារបម្រើដ៏មានប្រសិទ្ធភាពគឺត្រូវបានមើលឃើញយ៉ាងល្អបំផុត តាមរយៈការផ្ដោតទៅលើការស្រឡាញ់ព្រះ និងការស្រឡាញ់អ្នកជិតខាងរបស់យើង ។ យើងអាចថ្លែងដោយសាមញ្ញថា យើងធ្វើការងារបម្រើ ដោយសារយើងស្រឡាញ់ព្រះវរបិតាសួគ៌របស់យើង និងបុត្រាបុត្រីរបស់ទ្រង់ ។ កិច្ចខិតខំក្នុងការងារបម្រើរបស់យើងនឹងមានជោគជ័យច្រើន ប្រសិនបើយើងធ្វើឲ្យការងារបម្រើរបស់យើងមានលក្ខណៈសាមញ្ញ ។ ភាគច្រើន អំណរកើតចេញពីរឿងសាមញ្ញៗក្នុងជីវិត ដូច្នេះយើងត្រូវយកចិត្តទុកដាក់ កុំគិតថាត្រូវ មានសេចក្ដីត្រូវការបន្ថែមទៅនឹងការកែប្រែនានាដែលយើងបានទទួលរួចហើយ ដើម្បីស្ថាបនាសេចក្ដីជំនឿ និងទីបន្ទាល់រឹងមាំនៅក្នុងដួងចិត្តនៃបុត្រាបុត្រីរបស់ព្រះនោះឡើយ ។
ចូរយើងកុំធ្វើរឿងឲ្យកាន់តែស្មុគស្មាញ ដោយមានការប្រជុំ ការរំពឹងទុក ឬតម្រូវការបន្ថែមទៀតនោះ ។ សូមធ្វើឲ្យសាមញ្ញ ។ នៅក្នុងភាពសាមញ្ញនោះហើយ ដែលបងប្អូននឹងរកឃើញនូវភាពសុខសាន្ត អំណរ និងសុភមង្គលដែលខ្ញុំកំពុងតែលើកឡើងនេះ ។
អស់រយៈពេលជាច្រើនឆ្នាំ គោលបំណងនៃភាពជាអ្នកដឹកនាំរបស់សាសនាចក្រ ដូចដែលបានចែងនៅក្នុង ក្បូនខ្នាតភាគ ២គឺជាលទ្ធផលដែលមានច្បាស់លាស់ ហើយសាមញ្ញ ខ្ញុំសូមដកស្រង់ថា ៖
« ថ្នាក់ដឹកនាំលើកទឹកចិត្តដល់សមាជិកគ្រប់រូប ឲ្យទទួលពិធីបរិសុទ្ធចាំបាច់ទាំងឡាយនៃបព្វជិតភាព គោរពសេចក្តីសញ្ញាទាំងឡាយ ដែលជាប់ទាក់ទង និងមានភាពស័ក្តិសមសម្រាប់ភាពតម្កើងឡើង និងជីវិតដ៏នៅអស់កល្បជានិច្ច ។ …
« មនុស្សពេញវ័យ ៖ លើកទឹកចិត្តដល់មនុស្សពេញវ័យម្នាក់ៗ ឲ្យមានភាពស័ក្តិសមក្នុងការទទួលពិធីបរិសុទ្ធទាំងឡាយក្នុងព្រះវិហារបរិសុទ្ធ ។ បង្រៀនដល់មនុស្សពេញវ័យទាំងអស់ ឲ្យស្គាល់ជីដូនជីតារបស់ពួកគាត់ ហើយធ្វើពិធីបរិសុទ្ធទាំងឡាយក្នុងព្រះវិហារបរិសុទ្ធ ជំនួយឲ្យពួកគាត់ ។
« យុវវ័យ ៖ ជួយរៀបចំយុវជនម្នាក់ៗឲ្យទទួលបព្វជិតភាពមិលគិស្សាដែក ដើម្បីទទួលពិធីបរិសុទ្ធទាំងឡាយក្នុងព្រះវិហារបរិសុទ្ធ និងមានភាពស័ក្តិសមដើម្បីបម្រើបេសកកម្មពេញម៉ោង ។ ជួយដល់យុវនារីម្នាក់ៗឲ្យមានភាពស័ក្តិសម ដើម្បីចុះនិង គោរពសេចក្តីសញ្ញាពិសិដ្ឋ ហើយទទួលពិធីបរិសុទ្ធទាំងឡាយក្នុងព្រះវិហារបរិសុទ្ធ ។ ពង្រឹងដល់យុវវ័យតាមរយៈការចូលរួមក្នុងសកម្មភាពដ៏មានអត្ថន័យ ។
« សមាជិកទាំងអស់ ៖ ជួយដល់ថ្នាក់ដឹកនាំបព្វជិតភាព និងថ្នាក់ដឹកនាំអង្គការជំនួយ ក្រុមប្រឹក្សាវួដ អ្នកផ្សព្វផ្សាយសាសនាពេញម៉ោង និងអ្នកផ្សព្វផ្សាយសាសនាក្នុងវួដ ព្រមទាំងសមាជិក ឲ្យធ្វើការសហប្រតិបត្តិការនៅក្នុងកិច្ចខិតខំស្មើគ្នាមួយ ដើម្បីជួយសង្រ្គោះដល់បុគ្គលម្នាក់ៗ ពង្រឹងដល់ក្រុមគ្រួសារ និងអង្គភាពសាសនាចក្រ បង្កើនសកម្មភាពបព្វជិតភាព ហើយប្រមូលពួកសាសន៍អ៊ីស្រាអែលឲ្យប្រែចិត្តជឿ ថែរក្សា និងធ្វើឲ្យសកម្មឡើងវិញ ។ បង្រៀនដល់សមាជិកទាំងឡាយឲ្យផ្គត់ផ្គង់ដល់ខ្លួនឯង និងក្រុមគ្រួសាររបស់ពួកគេ ហើយជួយដល់ជនទ័លក្រ និងជនទុរគត៌ តាមរបៀបរបស់ព្រះអម្ចាស់ » ។
ការបម្រើរបស់ខ្ញុំនៅក្នុងសាសនាចក្របានផ្ដល់ពរជ័យដល់ខ្ញុំនូវបទពិសោធន៍ខាងវិញ្ញាណដ៏ពិសេសអស្ចារ្យជាច្រើន ។ ខ្ញុំគឺជាសាក្សីមួយរូបថា ព្រះអម្ចាស់ដឹកនាំសាសនាចក្ររបស់ទ្រង់ដើម្បីសម្រេចបានព្រះរាជបំណងរបស់ទ្រង់ ។ ខ្ញុំបានទទួលការដឹកនាំពីព្រះលើសពីសមត្ថភាពរបស់ខ្ញុំទៅទៀត ។ ចំពោះខ្ញុំ អំណរក្នុងការរស់នៅតាមដំណឹងល្អបានផ្ដោតទៅលើគោលលទ្ធិ និងដំណឹងល្អដែលពិត បរិសុទ្ធ ហើយសាមញ្ញរបស់ព្រះយេស៊ូវគ្រីស្ទ ។
ខ្ញុំបានបម្រើនៅក្រោមកូនសោ និងការដឹកនាំរបស់ព្យាការី និងប្រធានសាសនាចក្រចំនួន ៦ រូប តាំងពីស្ពែនស៊ើរ ដបុលយូ ឃឹមបឹល រហូតដល់ រ័សុល អិម ណិលសុន ។ ខ្ញុំសូមថ្លែងទីបន្ទាល់ថា ពួកលោកមួយរូបៗគឺជាព្យាការីជម្រើសរបស់ព្រះ ។ ពួកលោកបានបង្រៀនយើងពីគោលការណ៍សំខាន់ៗអំពីសាសនាចក្រ ព្រមទាំងដំណឹងល្អ និងគោលលទ្ធិរបស់ព្រះ ។ ប្រធានណិលសុនកំពុងបន្តធ្វើកិច្ចការរបស់ព្រះអម្ចាស់ឲ្យដំណើរការទៅមុខយ៉ាងលឿន ។ ខ្ញុំនិយាយថា « យ៉ាងលឿន »ដោយសារលោកគឺជាបុគ្គលមួយរូបក្នុងចំណោមពួកសាវកដែលមានអាយុច្រើនជាងខ្ញុំ ហើយខ្ញុំកំពុងមានការលំបាកនឹងតាមលោកឲ្យទាន់ណាស់ ។ ខ្ញុំសូមធ្វើជាសាក្សីថា កូនសោបព្វជិតភាព និងការហៅនៃព្យាការីរបស់ព្រះត្រូវបានប្រទានដល់លោក ។ ប្រធានណិលសុនបង្រៀនពីដំណឹងល្អដ៏ពិត បរិសុទ្ធ ហើយសាមញ្ញរបស់ព្រះយេស៊ូវគ្រីស្ទ ។ ព្រះយេសូវគឺជាព្រះគ្រីស្ទ ហើយនេះគឺជាសាសនាចក្ររបស់ទ្រង់—ហើយខ្ញុំសូមថ្លែងទីបន្ទាល់អំពីកិច្ចការនេះ ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។