ការហ្វឹកហាត់សាច់ដុំខាងវិញ្ញាណរបស់អ្នក
ការគ្រាន់តែអាន និងរៀនអំពីសាច់ដុំ គឺវាពុំគ្រប់គ្រាន់ដើម្បីបង្កើតសាច់ដុំនោះទេ ហើយការអាន និងការរៀនអំពីសេចក្ដីជំនឿដោយគ្មានបន្ថែមសកម្មភាព គឺជាពុំគ្រប់គ្រាន់ដើម្បីបង្កើតជំនឿនោះទេ ។
ខ្ញុំមានអំណរគុណចំពោះពរជ័យនៃការមានរូបកាយសាច់ឈាម ដែលជាអំណោយទានដ៏អស្ចារ្យមួយមកពីព្រះវរបិតាសួគ៌យើង ។ រូបកាយរបស់យើងមានសាច់ដុំជាង ៦០០ ។ សាច់ដុំទាំងនេះតម្រូវឲ្យធ្វើលំហាត់ប្រាណដើម្បីវាអាចធ្វើកិច្ចការក្នុងសកម្មភាពប្រចាំថ្ងៃរបស់យើង ។ យើងអាចពង្រីកការខិតខំយ៉ាងច្រើនខាងសតិអារម្មណ៍ដើម្បីអាន និងរៀនអំពីសាច់ដុំរបស់យើង ប៉ុន្តែបើយើងគិតថា គ្រាន់តែធ្វើដូចនេះនឹងធ្វើឲ្យវាកាន់តែរឹងមាំ នោះយើងច្បាស់ជាខកចិត្តហើយ ។ សាច់ដុំរបស់យើងរីកចម្រើនតែនៅពេលយើងប្រើប្រាស់វាប៉ុណ្ណោះ ។
ខ្ញុំបានដឹងថា អំណោយខាងវិញ្ញាណមានឥរិយាបថដូចគ្នា ។ វាក៏ត្រូវការការអនុវត្តដើម្បីរីកចម្រើនផងដែរ ។ ឧទាហរណ៍ អំណោយទានខាងវិញ្ញាណនៃសេចក្ដីជំនឿ ពុំគ្រាន់តែជាអារម្មណ៍ ឬចិត្តនោះទេ វាគឺជាគោលការណ៍សកម្មភាពមួយ ដែលជាញឹកញាប់បង្ហាញឡើងនៅក្នុងបទគម្ពីរដែលភ្ជាប់ទៅនឹងពាក្យកិរិយាសព្ទ អនុវត្ត ។ ការគ្រាន់តែអាន និងរៀនអំពីសាច់ដុំ គឺវាពុំគ្រប់គ្រាន់ដើម្បីបង្កើតសាច់ដុំនោះទេ ហើយការអាន និងការរៀនអំពីសេចក្ដីជំនឿដោយគ្មានបន្ថែមសកម្មភាព គឺជាពុំគ្រប់គ្រាន់ដើម្បីបង្កើតជំនឿនោះទេ ។
កាលនោះខ្ញុំអាយុ ១៦ ឆ្នាំ បងប្រុសច្បងរបស់ខ្ញុំ ឈ្មោះអាយវ៉ាន មានអាយុ ២២ ឆ្នាំ បានត្រឡប់មកផ្ទះវិញនៅថ្ងៃមួយ ហើយបានប្រាប់ដំណឹងខ្លះៗជាមួយនឹងគ្រួសារយើង ។ គាត់បានសម្រេចចិត្តទទួលបុណ្យជ្រមុជទឹកនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ ឪពុកម្ដាយរបស់យើងមើលទៅគាត់ដោយការសង្ស័យ ហើយខ្ញុំចាំថា ខ្ញុំពុំយល់ទាំងស្រុងពីអ្វីកំពុងកើតឡើងទេ ។ មួយឆ្នាំក្រោយមក គាត់បានប្រាប់យើងពីដំណឹងដ៏គួរភ្ញាក់ផ្អើលថា ៖ គាត់បានសម្រេចចិត្តបម្រើជាអ្នកផ្សព្វផ្សាយសាសនារបស់សាសនាចក្រ មានន័យថា យើងនឹងពុំបានឃើញគាត់រយៈពេលពីរឆ្នាំ ។ ឪពុកម្ដាយរបស់ខ្ញុំពុំសប្បាយចិត្តនឹងដំណឹងនេះទេ ទោះជាយ៉ាងណាក្ដី ខ្ញុំបានឃើញគាត់តាំងចិត្តយ៉ាងច្បាស់ ដែលបានធ្វើឲ្យខ្ញុំកាន់តែស្ងើចសរសើរដល់គាត់ និងការសម្រេចចិត្តរបស់គាត់ ។
ជាច្រើនខែក្រោយមក ខណៈដែលអាយវ៉ានកំពុងបម្រើបេសកកម្ម ខ្ញុំមានឱកាសដើម្បីដាក់ផែនការដើរលេងជាមួយមិត្តរួមថ្នាក់មួយចំនួន ។ យើងចង់ប្រារព្ធពិធីបញ្ចប់វិទ្យាល័យរបស់យើង ហើយបានចំណាយពេលពីរបីថ្ងៃនៅឆ្នេរសមុទ្រ ។
ខ្ញុំបានសរសេរសំបុត្រប្រាប់បងប្រុសរបស់ខ្ញុំដែលជាអ្នកផ្សព្វផ្សាយសាសនាអំពីផែនការដើរលេងរដូវក្ដៅរបស់ខ្ញុំ ។ គាត់បានសរសេរតបមកវិញថា ទីក្រុងដែលគាត់កំពុងបម្រើគឺនៅតាមផ្លូវទៅទិសដៅរបស់ខ្ញុំ ។ ខ្ញុំបានសម្រេចចិត្តថា វានឹងជាការល្អដើម្បីឈប់ជួបសួរសុខទុក្ខគាត់ ។ លុះក្រោយមកទើបខ្ញុំដឹងថា អ្នកផ្សព្វផ្សាយសាសនាពុំអនុញ្ញាតឲ្យគ្រួសារទៅជួបនោះទេ ។
ខ្ញុំបានធ្វើការរៀបចំទាំងអស់ ។ ខ្ញុំចាំថា ខ្ញុំអង្គុយនៅលើឡានក្រុងគិតអំពីរឿងសប្បាយៗដែល អាយវិន និងខ្ញុំនឹងធ្វើជាមួយគ្នានៅថ្ងៃរដូវក្ដៅដ៏ស្រស់ស្អាតនេះ ។ យើងនឹងញ៉ាំអាហារពេលព្រឹក និយាយគ្នាលេង លេងនៅដីខ្សាច់ ដេកហាលថ្ងៃ—ឱនោះជាពេលដ៏ល្អណាស់ដែលយើងទាំងពីរនាក់នឹងមាន !
នៅពេលឡានក្រុងទៅដល់ចំណត ខ្ញុំបានឃើញអាយវិន នៅឈរជិតនឹងយុវជនម្នាក់ទៀត ដែលអ្នកទាំងពីរពាក់អាវពណ៌ស និងក្រវ៉ាត់ក ។ ខ្ញុំចុះពីលើឡាន យើងឱបគ្នា ហើយគាត់បានណែនាំដៃគូរបស់គាត់ឲ្យខ្ញុំស្គាល់ ។ ដោយពុំចង់ខាតពេល ខ្ញុំបានប្រាប់បងប្រុសខ្ញុំអំពីផែនការរបស់ខ្ញុំសម្រាប់ថ្ងៃនោះ ប៉ុន្តែខ្ញុំដឹងបន្ដិចបន្ដួចអំពីកាលវិភាគរបស់អាយវិន ។ គាត់បានមើលមកខ្ញុំ ញញឹម ហើយនិយាយថា « ប្រាកដណាស់ ! ទោះជាយ៉ាងណា យើងចាំបាច់ត្រូវធ្វើកិច្ចការមួយចំនួនជាមុនសិន ។ តើប្អូនចង់ទៅជាមួយពួកយើងឬទេ? » ខ្ញុំយល់ព្រម ដោយគិតថា យើងនឹងមានពេលគ្រប់គ្រាន់ដើម្បីលេងនៅលើឆ្នេរខ្សាច់បន្ទាប់ពីនោះ ។
នៅថ្ងៃនោះ ខ្ញុំបានដើរជាមួយនឹងបងប្រុសខ្ញុំ និងដៃគូគាត់អស់រយៈពេលជាងដប់ម៉ោងនៅតាមផ្លូវជាច្រើនក្នុងទីក្រុងនោះ ។ ខ្ញុំបានញញឹមដាក់មនុស្សពេញមួយថ្ងៃ ។ ខ្ញុំបានជម្រាបសួរអ្នកដែលខ្ញុំពុំធ្លាប់ជួបសោះក្នុងជីវិតខ្ញុំ ។ យើងបាននិយាយនឹងមនុស្សគ្រប់រូប គោះទ្វាររបស់អ្នកដទៃ ហើយជួបនឹងមនុស្សដែលបងប្រុសខ្ញុំ និងដៃគូគាត់បង្រៀន ។
អំឡុងពេលការទៅជួបមួយនោះ បងប្រុសខ្ញុំ និងដៃគូគាត់បង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ និងផែនការនៃសេចក្ដីសង្គ្រោះ ។ រំពេចនោះ អាយវិនបានឈប់ ហើយមើលមកខ្ញុំ ។ ខ្ញុំភ្ញាក់ផ្អើល ពេលគាត់សុំខ្ញុំដោយគួរសមឲ្យចែកចាយអំពីគំនិតខ្ញុំចំពោះអ្វីដែលបានបង្រៀននោះ ។ បន្ទប់ទាំងមូលមានភាពស្ងប់ស្ងាត់ ហើយភ្នែកគ្រប់គូបានមើលមកខ្ញុំ ។ ដោយមានការពិបាកខ្លះៗ ទីបំផុតខ្ញុំបាននឹកឃើញពាក្យសម្ដីជាច្រើន ហើយបានចែកចាយអារម្មណ៍ខ្ញុំអំពីព្រះអង្គសង្គ្រោះ ។ ខ្ញុំពុំដឹងនូវអ្វីខ្ញុំបានចែកចាយនោះថាត្រូវ ឬខុសទេ ។ បងប្រុសខ្ញុំ ពុំដែលកែតម្រូវខ្ញុំឡើយ ផ្ទុយទៅវិញ គាត់បានអរគុណខ្ញុំដែលចែកចាយគំនិត និងអារម្មណ៍របស់ខ្ញុំ ។
អំឡុងពេលប៉ុន្មានម៉ោងនៅជាមួយគ្នានោះ បងប្រុសខ្ញុំ និងដៃគូគាត់ពុំបានចំណាយពេលមួយនាទីណាបង្រៀនមេរៀនដោយពុំខ្វល់ពីខ្ញុំនោះឡើយ ព្រោះខ្ញុំទទួលបានចំណេះដឹងកាន់តែច្រើននៅក្នុងការសន្ទនាពីមុនៗជាមួយគាត់ ។ ខ្ញុំបានធ្វើជាសាក្សីថា ទឹកមុខរបស់មនុស្សមានការផ្លាស់ប្ដូរ នៅពេលពួកគេទទួលបានពន្លឺខាងវិញ្ញាណនៅក្នុងជីវិតពួកគេ ។ ខ្ញុំបានមើលឃើញពួកគាត់មួយចំនួនបានរកឃើញក្ដីសង្ឃឹមនៅក្នុងសារលិខិត ហើយខ្ញុំបានដឹងអំពីរបៀបបម្រើអ្នកដទៃ ហើយបំភ្លេចពីខ្លួនខ្ញុំ និងបំណងប្រាថ្នារបស់ខ្ញុំ ។ ខ្ញុំកំពុងធ្វើអ្វីដែលព្រះអង្គសង្គ្រោះបានបង្រៀនថា ៖ « បើអ្នកណាចង់មកតាមខ្ញុំ នោះត្រូវឲ្យលះកាត់ចិត្តខ្លួនឯងចោលចេញ » ។
ពេលនឹកគិតទៅក្រោយវិញ ខ្ញុំបានដឹងថា សេចក្ដីជំនឿរបស់ខ្ញុំបានរីកចម្រើននៅថ្ងៃនោះ ដោយសារតែបងប្រុសខ្ញុំបានផ្ដល់ឱកាសឲ្យខ្ញុំអនុវត្តវា ។ ខ្ញុំបានអនុវត្តវានៅពេលយើងអានបទគម្ពីរ ស្វែងរកមនុស្សបង្រៀន ថ្លែងទីបន្ទាល់ បម្រើអ្នកដទៃ ជាដើម ។ យើងពុំបានចេញទៅដេកហាលថ្ងៃនៅថ្ងៃនោះទេ ប៉ុន្តែដួងចិត្តខ្ញុំបានហាលនៅក្នុងពន្លឺពីស្ថានសួគ៌ ។ ខ្ញុំពុំបានឃើញខ្សាច់នៅលើឆ្នេរសមុទ្រសូម្បីតែមួយគ្រាប់ ប៉ុន្តែខ្ញុំមានអារម្មណ៍ថា ជំនឿរបស់ខ្ញុំបានរីកចម្រើនដូចជាគ្រាប់ពូជមួយគ្រាប់ ។ ខ្ញុំពុំបានចំណាយពេលថ្ងៃនោះដូចជាអ្នកទេសចរណ៍នោះទេ ប៉ុន្តែខ្ញុំបានទទួលបទពិសោធន៍យ៉ាងល្អ ដោយពុំបានដឹងខ្លួនថា ខ្ញុំគឺជាអ្នកផ្សព្វផ្សាយសាសនាម្នាក់—ដែលពុំមែនជាសមាជិកសាសនាចក្រផងនោះ !
ឱកាសដើម្បីពង្រឹងសាច់ដុំខាងវិញ្ញាណ
អរគុណចំពោះការស្ដារឡើងវិញនៃដំណឹងល្អ យើងអាចយល់អំពីរបៀបដែលព្រះវរបិតាសួគ៌យើងជួយដល់យើងឲ្យអភិវឌ្ឍអំណោយទានខាងវិញ្ញាណ ។ វាទំនងថា ទ្រង់នឹងប្រទានឱកាសដល់យើងដើម្បីអភិវឌ្ឍអំណោយទានទាំងឡាយ ជាជាងគ្រាន់តែប្រគល់វាមកដល់យើងដោយគ្មានការខិតខំខាងវិញ្ញាណ ឬសាច់ឈាមនោះ ។ បើយើងប្រកបដោយព្រះវិញ្ញាណទ្រង់ នោះយើងនឹងរៀនស្គាល់ឱកាសទាំងនោះ ហើយបន្ទាប់មកធ្វើតាម ។
បើយើងព្យាយាមឲ្យកាន់តែមានការអត់ធ្មត់ នោះយើងអាចឃើញថា ខ្លួនយើងត្រូវហាត់រៀនអត់ធ្មត់ពេលកំពុងរង់ចាំនោះ ។ បើយើងចង់មានក្ដីស្រឡាញ់ដល់អ្នកជិតខាងកាន់តែច្រើន យើងអាចបីបាច់វាដោយការអង្គុយនៅជិតមនុស្សថ្មីដែលទើបតែមកព្រះវិហារ ។ វាស្រដៀងគ្នានឹងសេចក្ដីជំនឿ ៖ នៅពេលមានការសង្ស័យកើតមានឡើងក្នុងគំនិតយើង នោះវាតម្រូវឲ្យមានការទុកចិត្តទៅលើការសន្យារបស់ព្រះអម្ចាស់ ដើម្បីដើរឆ្ពោះទៅមុខ ។ តាមរបៀបនេះ យើងកំពុងហាត់ប្រើសាច់ដុំខាងវិញ្ញាណ ហើយអភិវឌ្ឍវានៅក្នុងប្រភពនៃកម្លាំងក្នុងជីវិតរស់នៅរបស់យើង ។
វាប្រហែលជាពុំងាយស្រួលទេនៅពីដំបូង ហើយវាអាចនឹងជាឧបសគ្គធំមួយផងដែរ ។ ព្រះបន្ទូលរបស់ព្រះអម្ចាស់ តាមរយៈព្យាការីមរ៉ូណៃ អនុវត្តចំពោះយើងសព្វថ្ងៃនេះ ៖ « ហើយបើសិនជាមនុស្សលោកមករកយើង នោះយើងនឹងបង្ហាញដល់ពួកគេនូវភាពទន់ខ្សោយរបស់ពួកគេ ។ យើងឲ្យភាពទន់ខ្សោយទៅមនុស្ស ដើម្បីឲ្យពួកគេអាចបានរាបសា ហើយគុណរបស់យើង មានគ្រប់គ្រាន់សម្រាប់មនុស្សទាំងអស់ដែលបន្ទាបខ្លួននៅចំពោះយើង ដ្បិតបើសិនជាពួកគេបន្ទាបខ្លួននៅចំពោះយើង ហើយមាន [ អនុវត្ត ] សេចក្ដីជំនឿជឿដល់យើង លំដាប់នោះ យើងនឹងធ្វើឲ្យអ្វីដែលទន់ខ្សោយក្លាយទៅជាខ្លាំងពូកែចំពោះពួកគេវិញ » ។
ខ្ញុំមានអំណរគុណចំពោះបង អាយវ៉ានដែលពុំគ្រាន់តែចែកចាយដំណឹងល្អជាមួយខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែក៏បានអញ្ជើញខ្ញុំឲ្យរស់នៅតាម ហើយទទួលស្គាល់ភាពទន់ខ្សោយរបស់ខ្ញុំដោយប្រយោលផងដែរ ។ គាត់បានជួយខ្ញុំឲ្យទទួលយកការអញ្ជើញរបស់លោកចៅហ្វាយ ៖ « ចូរមកតាមខ្ញុំ »—ដើម្បីដើរដូចជាព្រះអង្គសង្គ្រោះយាង ស្វែងរកដូចជាព្រះអង្គសង្គ្រោះស្វែងរក ហើយស្រឡាញ់ដូចជាព្រះអង្គសង្គ្រោះស្រឡាញ់យើង ។ ជាច្រើនខែក្រោយមក បន្ទាប់ពីបទពិសោធន៍ផ្សព្វផ្សាយសាសនារបស់ខ្ញុំ ខ្ញុំបានសម្រេចចិត្តទទួលបុណ្យជ្រមុជទឹក ហើយបម្រើបេសកកម្មរបស់ខ្ញុំដោយផ្ទាល់ ។
សូមទទួលយកការអញ្ជើញរបស់ប្រធាន រ័សុល អិម ណិលសុន ហើយមករកព្រះអង្គសង្គ្រោះដោយចេតនា ដោយការដឹងថា សាច់ដុំទាំងនោះ ត្រូវការសកម្មភាពខាងវិញ្ញាណកាន់តែច្រើន ហើយចាប់ផ្ដើមហាត់ប្រើវា ។ នេះគឺជាការរត់ប្រណាំងម៉ារ៉ាតុងផ្លូវឆ្ងាយ មិនមែនជាការរត់បង្ខំឲ្យដល់ទីទេ ដូច្នេះសូមកុំភ្លេចសកម្មភាពខាងវិញ្ញាណ តូចតាច ប៉ុន្តែខ្ជាប់ខ្ជួនទាំងឡាយ ដែលនឹងពង្រឹងដល់សាច់ដុំខាងវិញ្ញាណដ៏សំខាន់ទាំងនោះ ។ បើយើងចង់បង្កើនជំនឿរបស់យើង សូមធ្វើអ្វីៗដែលតម្រូវឲ្យមានសេចក្ដីជំនឿ ។
ខ្ញុំថ្លែងទីបន្ទាល់ខ្ញុំថា យើងគឺជាកូនចៅរបស់ព្រះវរបិតាសួគ៌ ។ ព្រះរាជបុត្រាទ្រង់គឺព្រះយេស៊ូវគ្រីស្ទស្រឡាញ់យើង ។ ទ្រង់បានយាងមកពិភពលោកនេះដើម្បីបង្ហាញផ្លូវដល់យើង ហើយបានប្រទានជីវិតទ្រង់ដោយស្ម័គ្រព្រះទ័យដើម្បីផ្ដល់ក្ដីសង្ឃឹមដល់យើង ។ ព្រះអង្គសង្គ្រោះបានអញ្ជើញយើងឲ្យធ្វើតាមគំរូដ៏ឥតខ្ចោះរបស់ទ្រង់ ដើម្បីអនុវត្តសេចក្ដីជំនឿរបស់យើងទៅលើទ្រង់ និងដង្វាយធួនទ្រង់ ហើយពង្រីកគ្រប់អំណោយទានខាងវិញ្ញាណដើម្បីយើងត្រូវបានប្រទានពរ ។ ទ្រង់គឺជាផ្លូវ ។ នេះជាទីបន្ទាល់របស់ខ្ញុំ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។