ឆ្នាំ ២០១០-២០១៩
កូរ៉ុម ៖ ទីកន្លែង​ដែល​ជា​កម្មសិទ្ធិ
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០១៩


2:3

កូរ៉ុម ៖ ទីកន្លែង​ដែល​ជា​កម្មសិទ្ធិ

ព្រះអម្ចាស់​នឹង​ជួយ​បងប្អូន​បង្កើត​កូរ៉ុម​មួយ​ដ៏​រឹងមាំ ។ នៅពេល​ទ្រង់​​ប្រមូល​ផ្ដុំ​បុត្រាបុត្រី​របស់​ទ្រង់ ពួកគេ​​​ត្រូវ​ការ​ទីកន្លែង​មួយ​ដែល​ជា​កម្មសិទ្ធិ ហើយ​​រីកចម្រើន ។

នៅ​ឆ្នាំ ២០១០ អន់ឌ្រេ សេបាកូ គឺជា​យុវជន​ម្នាក់​ដែល​ខិតខំ​រក​សេចក្ដីពិត ។ ទោះ​ជា​គាត់ពុំ​ធ្លាប់​ធ្វើ​ការ​អធិស្ឋាន​មួយ​ចេញ​ពី​ចិត្ត​ពីមុន​ក្ដី ក៏​គាត់​បាន​សម្រេច​ចិត្ត​ធ្វើ​វា​ដែរ ។ ក្រោយ​មក​មិនយូរ​ប៉ុន្មាន គាត់​បាន​ជួប​នឹង​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា ។ ពួកគេ​បាន​ឲ្យ​ប័ណ្ណ​មួយ​ដែល​មាន​រូប​ព្រះគម្ពីរ​មរមន​ដល់​គាត់ ។ អន់ឌ្រេ​បាន​ទទួល​អារម្មណ៍​មួយ ហើយ​បាន​សួរ​ថា តើពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​នោះ​​អាច​លក់​សៀវភៅ​នោះ​ឲ្យ​គាត់បាន​ទេ ។ ពួកគេ​និយាយ​ថា គាត់​អាច​បាន​សៀវភៅ​នោះ​ដោយ​ឥត​គិត​ថ្លៃ ប្រសិន​បើ​គាត់​នឹង​ទៅ​ព្រះវិហារ ។

អន់ឌ្រេ​បាន​ចូល​រួម​តែ​ម្នាក់​ឯង​ក្នុង​សាខា​ម៉ូជូឌី​ដែល​ទើប​បង្កើត​ថ្មី​នៅ​ពេលនោះ ក្នុង​ប្រទេស​បូស្វាណា ទ្វីប​អាហ្វ្រិក ។ ប៉ុន្តែ​សាខា​នោះ​គឺជា​ក្រុមមួយ​ដែលគួរ​ឲ្យ​ស្រឡាញ់ ពេញ​ដោយ​ភាព​ស្និទ្ធស្នាល ហើយ​មាន​សមាជិក​ប្រមាណ​ជា ៤០ នាក់ ។ ពួកគេ​បាន​ស្វាគមន៍​អន់ឌ្រេ​យ៉ាង​រាក់​ទាក់ ។ គាត់​រៀន​មេរៀន​ជាមួយ​​អ្នក​ផ្សព្វផ្សាយ​សាសនា ហើយ​បាន​ជ្រមុជទឹក ។ វាគឺជា​រឿង​ដ៏​អស្ចារ្យ !

ប៉ុន្តែ​ក្រោយ​មក​ទៀត​រឿង​នោះទៅ​ជា​យ៉ាង​ណា​វិញ ? តើ​អន់ឌ្រេ​នឹង​បន្ត​នៅ​សកម្ម​យ៉ាង​ដូចម្ដេច ? តើ​នរណា​នឹង​ជួយ​គាត់​ឲ្យ​រីក​ចម្រើ​ន​នៅ​លើ​ផ្លូវ​នៃ​សេចក្ដី​សញ្ញា​នេះ ? ចម្លើយ​មួយ​ចំពោះ​សំណួរ​នោះ​គឺ​កូរ៉ុម​បព្វជិតភាព​​របស់​គាត់ !

អ្នក​កាន់​បព្វជិតភាព​គ្រប់​រូប ទោះ​ជា​មាន​ស្ថានភាព​បែប​ណា​ក្ដី ទទួល​បាន​អត្ថប្រយោជន៍​មក​ពី​កូរ៉ុម​ដ៏​រឹង​មាំ​មួយ ។ បងប្អូនប្រុសវ័យក្មេង​ដែល​កាន់​បព្វជិតភាព​អើរ៉ុន​របស់​ខ្ញុំ​អើយ ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ចង់​ឲ្យ​បងប្អូន​ស្ថាបនា​កូរ៉ុម​ដ៏​រឹង​មាំ​មួយ ជា​ទីកន្លែង​ដែល​ជា​កម្មសិទ្ធិ​មួយ​សម្រាប់​យុវជន​ម្នាក់ៗ ជាទី​ដែល​ព្រះវិញ្ញាណ​របស់​ព្រះអម្ចាស់​គង់​នៅ ជា​ទី​ដែល​សមាជិក​កូរ៉ុម​គ្រប់​រូប​ទទួល​ស្វាមគន៍ ហើយ​ឲ្យ​តម្លៃ​គ្នា ។ នៅពេល​ព្រះអម្ចាស់​ប្រមូល​ផ្ដុំ​បុត្រាបុត្រី​របស់​ទ្រង់ ពួកគេ​​​ត្រូវ​ការ​ទីកន្លែង​មួយ​ដែល​ជា​កម្មសិទ្ធិ ហើយ​​រីកចម្រើន ។

បងប្អូន​ម្នាក់ៗ​ដែល​ជា​សមាជិក​នៃ​គណៈប្រធាន​កូរ៉ុម​ដឹកនាំ​ផ្លូវ​ នៅពេល​បងប្អូន​ស្វែង​រក​ការ​បំផុស​គំនិត ហើយ​អភិវឌ្ឍ​សេចក្ដីស្រឡាញ់ និង​ភាព​ជា​បងប្អូន​ប្រុស​ក្នុង​ចំណោម​សមាជិក​កូរ៉ុម​គ្រប់​រូប ។ បងប្អូន​ផ្ដោត​យក​ចិត្ត​ទុក​ដាក់​ជា​ពិសេស​លើ​​អ្នក​ដែល​ជា​សមាជិក​ថ្មី អ្នក​ដែល​ពុំ​សូវ​សកម្ម ឬ​អ្នក​ដែល​មាន​សេចក្ដី​ត្រូវការ​ពិសេស ។ បងប្អូន​​បង្កើត​កូរ៉ុម​ដ៏​រឹងមាំ​មួយដោយ​អំណាច​បព្វជិតភាព ។ ហើយ​កូរ៉ុម​មួយ​ដែលមាន​សាមគ្គីភាព​រឹង​មាំ​​ផ្លាស់​ប្ដូរ​ជីវិត​របស់​យុវជន​ម្នាក់ ។

នៅពេល​សាសនាចក្រ​បាន​ប្រកាស​ពី​ការ​ផ្ដោត​អារម្មណ៍​ថ្មី​ស្ដីពី​ការ​រៀនសូត្រ​ដំណឹងល្អ​នៅ​ឯ​គេហដ្ឋាន នោះ​មនុស្ស​មួយ​ចំនួន​បាន​គិត​ពី​សមាជិក​ដូចជា អន់ឌ្រេ ហើយ​សួរ​ថា « ចុះ​យុវវ័យ​ដែល​មកពី​គ្រួសារ​ដែល​ពុំ​បាន​សិក្សា​ដំណឹងល្អ ហើយ​គ្មាន​បរិយាកាស​នៃ​ការ​រៀនសូត្រ និង​ការ​រស់​នៅ​តាម​ដំណឹងល្អនៅ​ឯ​គេហដ្ឋានវិញ ? តើ​ពួកគេ​នឹង​ត្រូវ​ទុក​ចោល​ឬ ? »

ទេ ! គ្មាន​នរណា​ម្នាក់​ត្រូវ​បាន​ទុក​ចោល​ទេ ! ព្រះអម្ចាស់​ស្រឡាញ់​យុវជន​យុវនារី​គ្រប់​រូប ។ ក្នុង​នាម​ជា​ពួក​អ្នក​កាន់​បព្វជិតភាព យើង​គឺជា​ព្រះហស្ដ​របស់​ព្រះអម្ចាស់ ។ យើង​គឺជា​សាសនាចក្រ​គាំទ្រ​ដល់​កិច្ចខិតខំ​នៅ​ឯ​គេហដ្ឋាន ។ នៅពេល​មាន​ការ​គាំទ្រ​មាន​កំណត់​នៅ​ឯ​គេហដ្ឋាន នោះ​កូរ៉ុម​បព្វជិតភាព និង​ថ្នាក់​ដឹកនាំ​ផ្សេង​ទៀត ព្រមទាំង​មិត្ត​ភក្ដិ​​ត្រូវមើល​ថែ ហើយ​គាំទ្រ​បុគ្គល​មា្នក់ៗ និងគ្រួសារ​នីមួយៗ​តាម​ការ​ចាំបាច់ ។

ខ្ញុំ​ធ្លាប់​ឃើញ​ការណ៍​នេះ​ដំណើរ​ការ ។ ខ្ញុំ​ធ្លាប់​ដក​ពិសោធន៍​ការណ៍​នេះ ។ នៅពេល​ខ្ញុំ​មាន​អាយុប្រាំមួយ​ឆ្នាំ ឪពុកម្ដាយ​ខ្ញុំ​បាន​លែង​លះ​គ្នា ហើយ​ឪពុក​របស់​ខ្ញុំ​បាន​ទុ​ក​កូន​តូច​ទាំង​ប្រាំ​នាក់​នឹង​ម្ដាយ​របស់​ខ្ញុំ ។ ម្ដាយ​របស់​ខ្ញុំ​បាន​ចាប់ផ្ដើម​ធ្វើ​ការ​ដើម្បី​ផ្គត់​ផ្គង់​យើង ។ គាត់​ត្រូវការ​ការងារ​មួយ​ទៀត​សម្រាប់​រយៈពេល​ខ្លី​មួយ រួម​ទាំង​ការ​អប់រំ​បន្ថែម​ផង​ដែរ ។ គាត់​មាន​ពេល​តិច​ណាស់​ដើម្បី​​ចិញ្ចឹម​បីបាច់​ពួកយើង ។ ប៉ុន្តែ​ជីដូន​ជីតា ពូមីង ប៊ីស្សព និង​គ្រូបង្រៀន​តាម​ផ្ទះ​បាន​មក​ជួយ​ម្ដាយ​ដ៏​អស្ចារ្យ​របស់​ខ្ញុំ ។

ហើយ​ខ្ញុំ​មាន​កូរ៉ុម​មួយ ។ ខ្ញុំ​មាន​អំណរ​គុណ​ជាខ្លាំង​ចំពោះ​មិត្តរបស់​ខ្ញុំ—ជា​បងប្អូន​ប្រុស​របស់​ខ្ញុំ—ដែល​ស្រឡាញ់ ហើយ​គាំទ្រ​ដល់​ខ្ញុំ ។ កូរ៉ុម​របស់​ខ្ញុំ​គឺជា​ទីកន្លែង​ដែល​ជា​កម្មសិទ្ធិ ។ មនុស្ស​ខ្លះ​ប្រហែល​ជា​គិត​ថា ខ្ញុំ​មាន​ឱកាស​តិច​ណាស់​ដើម្បី​ទទួល​បាន​ជីវិត​ដ៏​ជោគជ័យ​មួយ ដោយសារ​តែ​ស្ថានភាព​គ្រួសារ​របស់​ខ្ញុំ ។ នៅពេល​នោះ ខ្ញុំ​ប្រហែល​ជា​ដូច្នោះ​មែន ។ ប៉ុន្តែ​កូរ៉ុម​បព្វជិតភាព​​បាន​ផ្លាស់​ប្ដូរ​ឱកាស​របស់​ខ្ញុំ​សម្រាប់​ភាព​ជោគជ័យ ។ កូរ៉ុម​របស់​ខ្ញុំ​បាន​គាំទ្រ​ខ្ញុំ ហើយ​ផ្ដល់​ពរជ័យ​រាប់​ពុំ​អស់​ដល់ជីវិត​របស់​ខ្ញុំ ។

មាន​មនុស្ស​ដែល​មាន​ឱកាស​តិច​តួច​នៅ​ជុំវិញ​ខ្លួន​យើង ។ ក្នុង​ករណី​ខ្លះ យើង​ប្រហែល​ជា​មាន​ស្ថានភាព​ដូចគ្នា​នេះ​ដែរ ។ ប៉ុន្តែ​យើង​ម្នាក់ៗ​មាន​កូរ៉ុម​មួយ ជា​ទីកន្លែង​ដែល​យើងអាច​ទទួល​កម្លាំង ហើយ​ផ្ដល់​នូវ​កម្លាំង ។ កូរ៉ុម​​មាន ​« សាមគ្គីភាព​ជា​ធ្លុង​មួយ » ។ វា​គឺជា​កន្លែង​ដែល​យើង​បង្រៀន​គ្នា​ទៅវិញ​ទៅ​មក បម្រើ​មនុស្ស​ដទៃ ហើយ​ស្ថាបនា​សាមគ្គីភាព និង​ភាព​ជា​បងប្អូន​ប្រុស នៅពេល​យើង​បម្រើ​ព្រះ ។ វាគឺជាកន្លែង​ដែល​អព្ភូតហេតុ​កើត​ឡើង ។

ខ្ញុំ​ចង់​ប្រាប់​បងប្អូន​អំពី​អព្ភូតហេតុ​មួ​យចំនួន​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​កូរ៉ុម​របស់​អន់ឌ្រេ​នៅម៉ូជូឌី ។ នៅពេល​ខ្ញុំ​ចែកចាយ​គំរូ​នេះ សូម​រក​មើល​គោលការណ៍​ដែល​ពង្រឹងគ្រប់​​កូរ៉ុម​បព្វជិតភាព​ដែល​អនុវត្ត​តាម​គោលការណ៍​ទាំងនោះ ។

បន្ទាប់ពី អន់ឌ្រេ​បាន​ជ្រមុជទឹក គាត់​បាន​ជួយ​​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ នៅពេល​ពួកគេ​បាន​បង្រៀន​ដល់​យុវជន​បួន​នាក់​ផ្សេង​ទៀតឲ្យ​បាន​ជ្រមុជទឹក​ផង​ដែរ ។ ឥឡូវ​នេះ មាន​យុវជន​ប្រាំនាក់ ។ ពួកគេ​បាន​ចាប់ផ្ដើម​ពង្រឹង​គ្នា​ទៅ​វិញ​ទៅ​មក និង​សាខា ។

យុវជន​ទីប្រាំមួយឈ្មោះ​ធូសូ​បាន​ជ្រមុជទឹក ។ ធូសូ​បាន​ចែកចាយ​ដំណឹងល្អ​ជាមួយ​នឹង​មិត្ត​របស់​គាត់​បី​នាក់ ហើយ​មិនយូរ​ប៉ុន្មាន​ពួកគេ​មាន​គ្នា​ប្រាំ​បួន​នាក់ ។

ជារឿយៗ ពួក​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ​ត្រូវ​បាន​ប្រមូល​ផ្ដុំ​តាម​របៀប​នេះ—ម្ដង​ពីរ​បី​នាក់ នៅពេល​អញ្ជើញ​ដោយ​មិត្ត​របស់​ពួកគេ ។ កាល​ពី​បុរាណ នៅពេល​អនទ្រេ​បាន​ជួប​ព្រះអង្គ​សង្គ្រោះ លោក​បាន​ទៅ​រក​បង​ប្រុស​របស់​លោកឈ្មោះ ស៊ីម៉ូន ភ្លាម ហើយ « នាំ​បង​ទៅ​ឯ​ព្រះយេស៊ូវ » ។ ស្រដៀង​គ្នា​នេះ​ដែរ ក្រោយ​ពី​ភីលីព​បាន​ក្លាយ​ជា​អ្នក​ដើរ​តាម​ព្រះគ្រីស្ទ​មិន​យូរ​ប៉ុន្មាន លោក​បាន​អញ្ជើញ​មិត្ត​របស់លោក​ឈ្មោះ ណាថាណែល ឲ្យ « ​​មក​មើល » ។

មិន​យូរ​ប៉ុន្មាន​នៅ​ក្នុង​ម៉ូជូឌី យុវជន​ទី​​១០ បាន​ចូល​រួមនឹង​សាសនាចក្រ​ ។ ពួក​អ្នក​ផ្សព្វផ្សាយសាសនា​បាន​រក​ឃើញ​យុវជន​ទី​១១ ។ ហើយ​យុវជន​ទី​១២ បាន​ជ្រមុជទឹក​បន្ទាប់​ពី​ឃើញ​ឥទ្ធិពល​នៃ​ដំណឹងល្អ​កើត​មាន​ចំពោះ​មិត្ត​របស់​គាត់ ។

សមាជិក​សាខា​ម៉ូជូឌី​មាន​ចិត្ត​រំភើប ។ យុវជន​ទាំង​នេះ​បាន « ប្រែ​ចិត្ត​ជឿ​ដល់​ព្រះអម្ចាស់ ហើយចូល​រួម​នៅ​ក្នុង​សាសនាចក្រ » ។

ព្រះគម្ពីរ​មរមន​បាន​ដើរ​តួ​យ៉ាង​សំខាន់​​នៅ​ក្នុង​ការ​ផ្លាស់​ប្ដូរ​របស់​ពួកគេ ។ ធូសូ​ចងចាំ​ថា « ខ្ញុំ​បាន​ចាប់ផ្ដើម​អាន​ព្រះគម្ពីរ​មរមន​…​គ្រប់​ពេល​ខ្ញុំ​មាន​ពេល​ទំនេរ​នៅ​ផ្ទះ នៅ​សាលា នៅ​គ្រប់ទីកន្លែង » ។

អួរ៉ាថាល​បាន​ចាប់ផ្ដើម​ចាប់អារម្មណ៍​នឹង​ដំណឹងល្អ​ដោយសារ​តែ​គំរូ​របស់​មិត្ត​គាត់ ។ គាត់​ពន្យល់​ថា « [ ពួកគេ ] ទំនង​ជា​ផ្លាស់​ប្ដូរ​ក្នុង​រយៈពេល​ដ៏​ខ្លី​មួយ ។… ខ្ញុំ​បាន​គិត​ថា ​គឺ​ដោយសារ​…កូន​សៀវភៅ…ដែល​ពួកគេ​បាន​ដាក់​តាម​ខ្លួន…ទៅ​សាលា​រៀន ។ ខ្ញុំ​អាច​ឃើញ​ថា​ ពួកគេ​បាន​ប្រែ​ក្លាយ​ជា​មនុស្ស​ល្អ ។… [ ខ្ញុំ ] ចង់​ផ្លាស់​ប្ដូរ​ដែរ » ។

សាខា​ម៉ូជូឌី

យុវជន​ទាំង​​១២ នាក់​បាន​ប្រមូល​ផ្ដុំ​គ្នា ហើយ​ជ្រមុជទឹក​បន្ត​បន្ទាប់​គ្នា​ក្នុង​រយៈពេល​ពីរ​ឆ្នាំ ។ ពួកគេ​ម្នាក់ៗ​គឺ​ជា​សមាជិក​នៃ​សាសនាចក្រ​តែ​ម្នាក់​ឯង​នៅ​ក្នុង​គ្រួសារ​របស់ខ្លួន ។ ប៉ុន្តែ​ពួកគេ​ត្រូវ​បាន​គាំទ្រ​ដោយ​គ្រួសារ​របស់​ពួកគេ​ក្នុង​សាសនាចក្រ រួម​មាន​ប្រធាន រ៉ាឃ្វេឡា ជាប្រធាន​សាខា​របស់​ពួកគេ អែលឌើរ និងស៊ិស្ទើរ ថៃលើរ​ ជា​ពួក​អ្នក​ផ្សព្វផ្សាយសាសនា​រៀមច្បង និង​សមាជិក​ផ្សេង​ទៀត​ក្នុង​សាខា​ផង​ដែរ ។

បងប្រុស​ជុញ្ញ័រ ដែល​ជា​ថ្នាក់​ដឹកនាំ​កូរ៉ុម​ម្នាក់​ បាន​អញ្ជើញ​យុវជន​ទាំង​នោះ​ឲ្យ​មក​ផ្ទះ​របស់​គាត់​នៅ​រសៀល​ថ្ងៃ​អាទិត្យ ហើយ​បង្រៀន​ដល់​ពួកគេ ។ យុវជន​ទាំង​នោះ​បាន​សិក្សា​បទគម្ពីរ​រួម​គ្នា ហើយ​បាន​ធ្វើ​រាត្រី​ជួប​ជុំ​គ្នា​ជា​ទៀង​ទាត់ ។

សួរសុខទុក្ខ​សមាជិក

បងប្រុស​ជុញ្ញ័រ​បាន​នាំ​ពួកគេ​ទៅ​សួរ​សុខ​ទុក្ខ​សមាជិក មនុស្ស​ដែល​បាន​បង្រៀន​ដោយ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា និង​មនុស្ស​ផ្សេង​ទៀត​ដែល​ត្រូវការ​ការ​សួរ​សុខ​ទុក្ខ​មួយ ។ យុវជន​ទាំង​១២​នាក់​នេះ​បាន​ឡើង​ជិះបាំង​ខាង​ក្រោយ​នៃ​រថយន្ត​របស់​បងប្រុស​ជុញ្ញ័រ ។ គាត់​បាន​ដាក់​ពួកគេ​តាម​ផ្ទះ​​ដោយ​មាន​ដៃគូ​ពីរ ឬ​បី​នាក់ ហើយ​បើក​រថយន្ត​មក​យក​ពួកគេ​នៅ​ពេល​ក្រោយ​វិញ ។

ទោះ​ជា​យុវជន​ទាំងនោះ​ទើប​តែ​រៀន​ពី​ដំណឹងល្អ ហើយ​ពុំទទួល​អារម្មណ៍​ថា ពួកគេ​ពុំ​បាន​ដឹង​ច្រើន​ក្ដី ក៏​បងប្រុស​ជុញ្ញ័រ​បាន​ប្រាប់​ពួកគេ​ឲ្យ​ចែកចាយ​រឿង​មួយ​ ឬ​ពីរ​យ៉ាង​ដែល​ពួកគេ​បាន​ដឹង​ជាមួយ​នឹង​មនុស្ស​ដែល​ពួកគេ​បាន​ទៅ​សួរ​សុខ​ទុក្ខ​នោះ ។ ពួក​អ្នក​កាន់​បព្វជិតភាព​វ័យ​ក្មេង​ទាំង​នេះ​បាន​បង្រៀន បាន​អធិស្ឋាន ហើយ​បាន​ជួយ​មើល​ថែ​សាសនាចក្រ ។ ពួកគេ​បាន​បំពេញ​ការ​ទទួល​ខុស​ត្រូវ​បព្វជិតភាព​​របស់​ពួកគេ ហើយ​ដក​ពិសោធន៍​នូវ​អំណរ​នៃ​ការ​បម្រើ ។

ក្រុម​របស់​បងប្អូន​ប្រុស

អន់ឌ្រេ​បាន​និយាយ​ថា « យើង​បាន​លេង​ បាន​សើច បាន​យំ​ជាមួយ​គ្នា ហើយ​ក្លាយ​ជា​បងប្អូន​ប្រុស » ។ ពួកគេ​បាន​ហៅ​ខ្លួន​ឯង​ថា « ក្រុម​បងប្អូន​ប្រុស » ។

ពួកគេ​បាន​ដាក់​គោលដៅ​មួយ​រួម​គ្នា​ថា ពួកគេ​នឹង​បម្រើ​បេសកកម្ម​ទាំងអស់​គ្នា ។ ដោយសារ​ពួកគេ​ជា​សមាជិក​សាសនាចក្រ​​តែ​ម្នាក់​ឯង​នៅ​ក្នុង​ក្រុម​គ្រួសារ​រ​បស់​ពួកគេ នោះ​ពួកគេ​មាន​ឧបសគ្គ​ជាច្រើន​ដើម្បី​យក​ឈ្នះ ប៉ុន្តែ​ពួកគេ​បាន​ជួយ​គ្នា​យក​ឈ្នះ​ឧបសគ្គ​ទាំង​នោះ ។

ម្ដង​ម្នាក់ៗ យុវជន​ទាំង​នោះ​បាន​ទទួល​ការ​ហៅ​ឲ្យ​បម្រើ​បេសកកម្ម ។ អ្នក​ដែល​ចេញ​ទៅ​មុន​បាន​សរសេរ​សំបុត្រ​មក​អ្នក​ដែល​កំពុង​រៀបចំខ្លួន ដោយ​ចែកចាយ​បទពិសោធន៍ ហើយ​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​បម្រើ ។ យុវជន​ដប់​មួយ​នាក់​ក្នុង​ចំណោម​ពួកគេ​បាន​បម្រើ​បេសកកម្ម ។

យុវជន​ទាំង​នេះ​បាន​ចែកចាយ​ដំណឹងល្អ​ជាមួយ​ក្រុម​គ្រួសារ​របស់​ពួកគេ ។ ម្ដាយ បងប្អូន​ប្រុស​ស្រី មិត្ត​ភក្ដិ ក៏ដូចជា​មនុស្ស​ដែល​ពួកគេ​បាន​បង្រៀន​​ក្នុង​បេសកកម្ម​របស់​ពួកគេ បាន​ប្រែចិត្ត​ជឿ ហើយ​បាន​ជ្រមុជទឹក ។ អព្ភូតហេតុ​បាន​កើត​ឡើង ហើយ​ជីវិត​រាប់​ពុំ​អស់​ត្រូវ​បាន​ទទួល​ពរជ័យ ។

ខ្ញុំ​អាច​ស្ដាប់​ឮ​បងប្អូន​មួយ​ចំនួន​កំពុង​គិត​ថា ប្រហែល​ជា​អព្ភូតហេតុ​មួយ​បែប​នេះ​អាច​កើតឡើង​តែ​កន្លែង​មួយ​ដូចជា​ទ្វីប​អាហ្វ្រិក​ប៉ុណ្ណោះ ជា​ទីវាល​ដ៏​មាន​ជីជាតិ​ដែល​ការ​ប្រមូល​ផ្ដុំ​នៃ​អ៊ីស្រាអែល​កំពុង​តែ​ពន្លឿន ។ ប៉ុន្តែ​ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា គោលការណ៍​ដែល​បានអនុវត្ត​នៅ​ក្នុង​សាខា​ម៉ូជូឌី​គឺ​អាចកើត​ឡើង​ដូចគ្នា​នៅ​គ្រប់​ទីកន្លែង ។ មិន​ថា​បងប្អូន​នៅ​ទីណា​ទេ កូរ៉ុម​របស់​បងប្អូន​អាច​រីកចម្រើន​តាមរយៈ​ការ​ធ្វើ​ឲ្យ​សកម្ម និងការ​ចែក​ចាយ​ដំណឹងល្អ ។ សូម្បី​តែ​នៅពេល​សិស្ស​ម្នាក់​ឈោ​ងទៅ​ជួយ​មិត្ត​ម្នាក់ វា​អាច​កើន​ឡើង​ពី​ម្នាក់​ទៅ​ពីរ​នាក់ ។ ពីរ​នាក់​អាច​ក្លាយ​ទៅ​ជា​បួន​នាក់ ។ បួន​នាក់​អាច​ក្លាយ​ទៅ​ជា​ប្រាំបី​នាក់ ។ ហើយ​ប្រាំបី​នាក់​អាច​ក្លាយ​ទៅ​ជា​ដប់​ពីរ​នាក់ ។ សាខា​អាច​ក្លាយ​ទៅ​ជា​វួដ ។

វួដ​ម៉ូជូឌី

ព្រះ​អង្គសង្រ្គោះ​បាន​បង្រៀន​ថា « ដ្បិត​កន្លែង​ណា​ដែល​មាន​ពីរ ឬ​បី [ ឬ​ច្រើន ] ​នាក់ ប្រជុំជា​មួយ​គ្នា​ដោយ​នូវ​ឈ្មោះ​ខ្ញុំ នោះ​ខ្ញុំ​ក៏​នៅ​កណ្តាល​ចំណោម​អ្នក​ទាំង​នោះ​ដែរ » ។​ ព្រះ​វរ​បិតា​សួគ៌​កំពុង​រៀបចំខ្លួន​គំនិត និង​ដួង​ចិត្ត​មនុស្ស​ជុំវិញ​យើង ។ យើង​អាចធ្វើ​តាម​ការ​បំផុស​គំនិត ពង្រីក​ការ​រាប់​អាន ចែកចាយ​សេចក្ដីពិត អញ្ជើញ​មនុស្ស​ដទៃ​ឲ្យ​អាន​ព្រះគម្ពីរ​មរមន ព្រមទាំង​ស្រឡាញ់ ហើយ​គាំទ្រ​ពួកគេ នៅពេល​ពួកគេ​មក​ស្គាល់​ព្រះអង្គ​សង្គ្រោះ​របស់​យើង ។

វា​មាន​រយៈពេល​ជិត​១០ ឆ្នាំ​ហើយ​ ចាប់​តាំង​ពីក្រុ​ម​បងប្អូន​ប្រុស​នៅ​ម៉ូជូឌី​បាន​ចាប់ផ្ដើម​ដំណើរ​របស់​ពួកគេ​រួម​គ្នា ហើយ​ពួកគេ​នៅ​តែ​ជា​ក្រុម​បងប្អូន​ប្រុស​ដដែល ។

ខាតឡេហ្គូ បាន​និយាយ​ថា « យើង​ប្រហែល​ជា​រស់​នៅ​ឆ្ងាយ​ពី​គ្នា ប៉ុន្តែ​យើង​នៅ​តែ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក » ។

ខ្ញុំ​សូម​អធិស្ឋាន​ថា យើង​នឹង​ទទួល​យក​ការ​អញ្ជើញ​​របស់​ព្រះអម្ចាស់​ឲ្យ​​រួប​រួម​នឹង​ទ្រង់​នៅ​ក្នុង​កូរ៉ុម​បព្វជិតភាព​របស់​យើង ដើម្បី​កូរ៉ុម​នីមួយៗ​អាច​ក្លាយ​ជា​ទីកន្លែង​ដែល​ជា​កម្មសិទ្ធិ ជា​កន្លែង​នៃ​ការ​ប្រមូល​ផ្ដុំ ជា​កន្លែង​ដែល​រីកចម្រើន ។

ព្រះយេស៊ូវគ្រីស្ទ​គឺជា​ព្រះអង្គ​ស​ង្គ្រោះ​រ​បស់​យើង ហើយ​នេះ​គឺជា​កិច្ចការ​របស់​ទ្រង់ ។ ខ្ញុំ​ថ្លែង​ទីបន្ទាល់​ដូច្នោះ ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។

កំណត់​ចំណាំ

  1. សូមមើល Mark និង Shirley Taylor The Band of Brothers ( Mochudi Branch conversion stories and testimonies ឆ្នាំ​២០១២–២០១៣ ) ទំព័រ ៤ បណ្ណាល័យ​ប្រវត្តិសាស្ត្រ​សាសនាចក្រ ទីក្រុង​សលត៍ លេក ។

  2. ការ​ឆ្លើយ​តប​ផ្ទាល់​ខ្លួន Letanang Andre Sebako, Band of Brothers resource files ឆ្នាំ ២០១១–២០១៩ Church History Library, Salt Lake City.

  3. ប្រធាន ប៊យដ៏ ឃេ ផាកកឺ បាន​ថ្លែង​ថា « នៅពេល​បុរស​ម្នាក់​​​កាន់​បព្វជិតភាព គាត់​ជា​កម្មសិទ្ធិ​ទៅ​នឹង​អ្វី​មួយ​ដែល​ធំ​ជាង​ខ្លួន​គាត់​ទៅ​ទៀត ។ វា​គឺជា​អ្វី​មួយ​ដែល​នៅ​ខាង​ក្រៅ​ខ្លួន​គាត់ ដែល​គាត់​អាច​ធ្វើ​ការ​តាំង​ចិត្ត​ដ៏​ពេញ​លេញ​មួយ » ( « The Circle of Sisters » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៨០ ទំព័រ ១០៩–១១០ ) ។

  4. ប្រធាន រ័សុល អិម ណិលសុន បាន​ពន្យល់​ពី​របៀប​ស្វែង​រក​វិវរណៈ រួចហើយ​លោក​បាន​ថ្លែង​ថា « កាល​បងប្អូន​ធ្វើ​ដំណើរ​ការ​នេះ​ម្ដង​ហើយ​ម្ដង​ទៀត​រៀង​រាល់​ថ្ងៃ រាល់​ខែ រាល់​ឆ្នាំ បងប្អូន​នឹង ‹ រីកចម្រើន​នៅ​ក្នុង​គោលការណ៍​នៃ​វិវរណៈ › » ( « Revelation for the Church, Revelation for Our Lives » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៩៥ សូម​មើល​ផង​ដែរ Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ​២០០៧ ] ទំព័រ ១៣២ ) ។

  5. សូមមើល ក្បួន​ខ្នាតភាគ ២ ៖ ការគ្រប់គ្រង​សាសនាចក្រ ( ឆ្នាំ ២០១០ ) ៨.៣.២ ។

  6. មនុស្ស​ផ្សេង​ទៀត​ក៏​ជួយ​ផង​ដែរ​ដូចជា សមាជិក​​នៃ​គណៈប៊ីស្សព និង​ពួក​អ្នក​ណែនាំ ។ អែលឌើរ រ៉ូណល អេ រ៉ាសបាន បាន​កត់​សម្គាល់​ឃើញ​ថា អត្ថប្រយោជន៍​មួយ​នៃ​ការរៀបចំ​រចនា​សម្ព័ន្ធ​នៃ​កូរ៉ុ​មបព្វជិតភាព​មិលគីស្សាដែក​ជា​ថ្មី ដែល​បាន​ប្រកាស​នៅ​ថ្ងៃ​ទី ៣១ ខែ មីនា ឆ្នាំ ២០១៨ គឺ​ដើម្បី​« អនុញ្ញាត​ឲ្យ​ប៊ីស្សព​បែង​ចែក​ការ​ទទួល​ខុស​ត្រូវ​ច្រើន​ទៅ​ឲ្យ​កូរ៉ុម​អែលឌើរ និង​ប្រធាន​សមាគម​សង្គ្រោះ ដើម្បី​ប៊ីស្សព និង​ទីប្រឹក្សា​របស់​គាត់​អាច​ផ្ដោត​លើ​កាតព្វកិច្ច​ដ៏​ចម្បង​របស់​ពួកគាត់​—​ជាពិសេស គឺ​ការ​ធ្វើ​ជា​អធិបតី​លើ​ក្រុម​យុវជនដែល​កាន់​បព្វជិតភាព​អើរ៉ុន និង​ក្រុម​​យុវនារី​ » ( « Behold! A Royal Army » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៥៩ ) ។ ពួកទេវតា​ក៏​នឹង​ជួយ​ផង​ដែរ ។ ពួក​អ្នក​កាន់​បព្វជិតភាព​អើរ៉ុន​កាន់​កូនសោ​ការ​ងារ​បម្រើ​នៃ​ពួក​ទេវតា ( សូម​មើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣:១ សូម​មើល​ផង​ដែរ ឌែល ជី រ៉ង់ឡាន់ និង រស់ លីប៊ឺដ រ៉ង់ឡាន់ The Melchizedek Priesthood [ ឆ្នាំ ២០១៨ ] ទំព័រ ២៦ ) ។ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បាន​មាន​ប្រសាសន៍​ថា ៖ « ជាទូទៅ [ ការងារ​បម្រើ​នៃ​ពួក​ទេវតា ] មើល ពុំ ឃើញ​ទេ ។ ពេលខ្លះ​មើល​ឃើញ ។ ប៉ុន្តែ​ទោះបី​ឃើញ ឬ​មិន​ឃើញ​ក្តី​ ក៏​ពួកគេ​ តែង នៅក្បែរ​ជានិច្ច ។ ពេលខ្លះ​ការចាត់តាំង​របស់​ពួកគេ​គឺ​ធំអស្ចារ្យ ហើយ​មាន​សារៈសំខាន់​ចំពោះ​ពិភពលោក​ទាំង​មូល ។ ពេល​ខ្លះ សារលិខិត​នោះ​គឺ​សម្ងាត់​ណាស់ ។ ម្ដង​ម្កាល​គោលបំណង​នៃ​ទេវតា​គឺ​មក​ដើម្បី​ព្រមាន ។ ប៉ុន្តែ​ជា​ទូទៅ​វា​គឺជា​ការ​លួង​លោម​ចិត្ត ការ​ផ្ដល់​ជា​ទម្រង់​នៃ​ការ​យក​ចិត្ត​ទុកដាក់​មួយ​ចំនួន ការ​ដឹកនាំ​នៅ​ក្នុង​គ្រា​ដ៏​លំបាក » ( « The Ministry of Angels » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ២៩ ) ។ ប្រសិន​បើ​បងប្អូន​ចង់​បាន​ជំនួយ​បែប​នោះ បងប្អូន​អាច​ « សូម​ចុះ នោះ​អ្នក​រាល់​គ្នា​នឹង​បាន »​( យ៉ូហាន ១៦:២៤ ) ។

  7. រ័សុល អិម ណិលសុន « Opening Remarks » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៧–៨ ។

  8. សូមមើល Alexandre Dumas The Three Musketeers ( ឆ្នាំ ១៨៤៤ ) ។

  9. សូមមើល ក្បួន​ខ្នាត​​ភាគ ២ ៨.១.២ ។

  10. សូមមើល យ៉ូហាន ១:៤០–៤២ ។

  11. សូមមើល យ៉ូហាន ១:៤៣–៤៦ ។

  12. នីហ្វៃ​ទី​៣ ២៨:២៣ ។

  13. សូម​មើល ឌី ថត គ្រីស្តូហ្វឺសិន « The Power of the Book of Mormon » ( សុន្ទរកថា​ធ្វើ​ឡើងនៅឯ​សិក្ខាសាលា​សម្រាប់​ប្រធាន​បេសកកម្ម​ថ្មី ថ្ងៃ​ទី ២៧ ខែ មិថុនា ឆ្នាំ ២០១៧ ) ។

  14. Thuso Molefe នៅ​ក្នុង Taylor The Band of Brothers ទំព័រ ២២ ។

  15. Oratile Molosankwa នៅក្នុង Taylor The Band of Brothers ទំព័រ ៣១–៣២ ។

  16. Lucas Rakwela, Mochudi, Botswana ។

  17. Mark and Shirley Taylor, Idaho, USA ។

  18. Cilvester Junior Kgosiemang, Mochudi, Botswana ។

  19. សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ២០:៤៦–៤៧, ៥៣–៥៤ ។

  20. ការឆ្លើយឆ្លង​ផ្ទាល់​ខ្លួន Letanang Andre Sebako, Band of Brothers resource files ។

  21. គោលលទ្ធិ និង សេចក្តីសញ្ញា ៦:៣២ ។

  22. Katlego Mongole ក្នុង « Band of Brothers 2nd Generation » ( ការ​ចង​ក្រង​ដែល​មិន​បាន​បោះ​ពុម្ពផ្សាយ ) ទំព័រ ២១ ។