ឆ្នាំ ២០១០-២០១៩
បាន​ពរ​ជា​បរិបូរ
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០១៩


2:3

បាន​ពរ​ជា​បរិបូរ

ភាគច្រើន​ពរជ័យ​ដែល​ព្រះ​មាន​ព្រះទ័យ​ប្រទាន​ដល់​យើង​តម្រូវ​ឲ្យ​មាន​សកម្មភាព​ពី​យើង—សកម្មភាព​នោះ​ផ្តោត​​លើ​សេចក្តីជំនឿ​យើង​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។

បងប្អូន​ប្រុសស្រី​ជាទីស្រឡាញ់ ព្រះវរបិតាសួគ៌​យើង និង​ព្រះយេស៊ូវគ្រីស្ទ​មាន​ព្រះទ័យ​ប្រទាន​ពរ​ដល់​ពួកយើង​ម្នាក់ៗ ។ សំណួរ​អំពី​របៀប​​មាន និង​ទទួល​បាន​ពរ​ទាំង​នោះ​គឺ​ជា​ប្រធាន​បទ​នៃ​កិច្ចពិភាក្សា​ខាង​ទេវវិទ្យា និង​ការពិភាក្សា​អស់រយៈពេល​ជាច្រើន​ទសវត្សរ៍​មក​ហើយ ។​ អ្នក​ខ្លះប្រកែក​ថា ពរជ័យ​កើត​ឡើង​ពី​ការស្វះស្វែង​រក​វា​ទាំងស្រុង ហើយ​យើង​ទទួល​ពរជ័យ​តាម​រយៈ​កិច្ចខិតខំ​របស់យើង​តែ​ប៉ុណ្ណោះ ។ អ្នក​ផ្សេង​ទៀត​ប្រកែក​ថា ព្រះ​បាន​ជ្រើសរើសរួច​ទៅហើយ​ថា បុគ្គល​ណា​ដែល​ទ្រង់​នឹង​ប្រទាន​ពរ និង​របៀប​ដែល​ទ្រង់​ប្រទាន​ពរ—ហើយ​ថា​ការសម្រេច​ទាំង​នោះ​ពុំ​អាច​ប្តូរ​បាន​ទេ ។ តាមពិតទៅ គំនិត​ទាំង​ពីរ​នេះ​គឺ​ខុស ។ ពរជ័យ​ពី​ស្ថាន​សួគ៌​ពុំ​កើត​មានមក​ពី​ការខំ​រក​ដោយ​ការប្រមូល « ខិតប័ណ្ណ​ការធ្វើ​ល្អ » បាន​ច្រើន ឬ​ដោយ​ការរង់ចាំមើល​ថា តើ​យើង​នឹង​ឈ្នះ​ឆ្នោត​ពរជ័យ​ដែរ​ឬ​អត់នោះ​ទេ ។ មិនមែន​ទេ សេចក្តី​ពិត​នោះ​គឺ​វា​មានន័យ​ផ្សេង ប៉ុន្តែ​ត្រឹមត្រូវ​ច្រើន​ជាង​សម្រាប់​ទំនាក់ទំនង​រវាង​ព្រះវរបិតាសួគ៌​ដ៏​ពេញ​ដោយ​សេចក្តីស្រឡាញ់ និង​អ្នក​ដែល​អាច​គ្រង​មរតក​របស់​ទ្រង់—គឺ​ពួកយើង ។ សេចក្តីពិត​ដែល​បានស្តារ​ឡើង​វិញ​បើក​សម្តែង​ថា ពរជ័យ​ពុំ​អាច​រកបាន​ទេ ប៉ុន្តែ​ទង្វើរបស់​យើង​ដែល​បំផុស​ឲ្យ​មាន​សេចក្តីជំនឿ​ទាំងនៅ​គ្រា​ដំបូង និង​បន្ត​បន្ទាប់​​ទេ ដែល​វា​ចាំបាច់​នោះ ។

គំនរឈើ

ពេល​យើង​ពិចារណា​ពី​របៀប​ដែល​យើង​ទទួល​ពរជ័យ​ពី​ព្រះ ចូរ​យើង​ប្រដូច​ពរជ័យ​សួគ៌ា​ទៅ​នឹង​ឧស​មួយ​គំនរ​ធំ ។ សូម​ស្រមៃ​ថា នៅ​ចំ​កណ្តាល​គំនរ​ឧសនោះ​មាន​កម្ទេច​ឈើ​មួយ​ជាន់​គរលើ​កម្ទេចឧស​មួយ​ដុំ ។ ហើយ​មាន​អង្កត់​ឈើ​មួយ​ជាន់​ទៀត រួច​មាន​កំណាត់​ឈើ​​តូចៗ ហើយ​ជាន់​លើ​បង្អស់​នោះ​គឺ​កំណាត់​ឈើ​ធំៗ ។ គំនរ​ឧស​នេះ​មាន​​ថាមពល​ច្រើន​ដែល​អាច​បង្កើត​ជា​ភ្លើង និង​កម្តៅ​បាន​រយៈពេល​ច្រើន​ថ្ងៃ ។ សូម​ស្រមៃ​ថា នៅក្បែរ​គំនរ​ឈើ​នោះ មាន​ឈើគូស​មួយ ជា​ឈើគូស​ដែល​មាន​សារធាតុ​ផូស្វ័រ​នៅ​​ចុង​ដង​របស់​វា ។

គំនរឈើ​ជាមួយ​នឹង​ឈើគូស

ដើម្បី​ឲ្យ​ភាយ​ថាមពល​កម្តៅ​ពី​គំនរ​ឧស​នោះ គេ​ត្រូវ​គូស​ឈើគូស ហើយ​ដុត​កម្ទេចឧស​នោះ​ឲ្យ​ឆេះ​សិន ។​ កម្ទេច​ឧស​នឹង​ឆេះ​ភ្លាម ហើយ​ធ្វើ​ឲ្យកំណាត់​ឈើ​ធំៗ​ឆេះ​ដែរ ។ នៅពេល​​ប្រតិកម្ម​ចំហេះ​នេះ​ចាប់ផ្តើម វា​បន្ត​​ឆេះ​រហូត​ដល់​ឈើ​ទាំងអស់​ឆេះ​អស់ ឬ​ភ្លើងរលត់​ពេល​គ្មាន​អុកស៊ីហ្សែន ។

គំនរឈើ​កំពុង​ឆេះ

ការគូស​ឈើគូស ហើយ​ដុត​កម្ទេច​ឧស​នោះ​គឺជា​ទង្វើ​តូច​តាច ដែល​​អាច​បង្កើត​ថាមពល​ប៉ូតង់ស្យែល​ឲ្យ​ឧស​នោះ​ឆេះ​ភាយ​ចេញ​មក​បាន ។ មិន​ថា​គំនរ​ឧស​នោះ​ធំ​ប៉ុណ្ណា​ឡើយ ប្រសិនបើ​ពុំ​មាន​គូស​ឈើ​គូស​ទេ នោះ​ភ្លើង​ពុំ​ឆេះ​ឡើយ ។ ប្រសិនបើ​គូស​ឈើ​គូស​រួច តែ​មិន​យក​ទៅដុត​កម្ទេច​ឧស​នោះ នោះ​កម្រិត​ភ្លើង និង​កម្តៅ​ដែល​ចេញ​ពី​ឈើគូស​តែ​ឯង​គឺ​តិចតួច​ណាស់ ហើយ​ថាមពល​ចំហេះ​នៅក្នុង​ឧស​នោះ​នឹង​ពុំ​ឆេះ​ភាយ​ចេញ​មក​ឡើយ ។ ប្រសិនបើ​គ្មាន​អុកស៊ីហ្សែន​នៅ​គ្រា​ណា​មួយ​នោះ នោះ​ប្រតិកម្ម​ចំហេះ​នឹង​ឈប់ ។

ស្រដៀង​គ្នា​នេះ​ដែរ ភាគច្រើន​ពរជ័យ​ដែល​ព្រះ​មាន​ព្រះទ័យ​ប្រទាន​ដល់​យើង​តម្រូវ​ឲ្យ​មាន​សកម្មភាព​ពី​យើង—សកម្មភាព​នោះ​ផ្តោត​ទៅលើ​សេចក្តីជំនឿ​យើង​លើ​ព្រះយេស៊ូវគ្រីស្ទ ។ សេចក្តីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​​គឺ​ជា​គោលការណ៍​នៃ​សកម្មភាព និង​អំណាច ។ ដំបូង​យើង​ត្រូវ​ធ្វើ​សកម្មភាព​ដោយ​សេចក្តីជំនឿ បន្ទាប់​មក​អំណាច​នឹងកើត​មាន​—​ស្រប​តាម​ព្រះទ័យ និងពេលវេលារបស់ព្រះ ។ លំដាប់លំដោយ​នេះ​គឺ​សំខាន់​ណាស់ ។ ជារឿយៗ សកម្មភាព​ដែល​តម្រូវ​ឲ្យ​មាន​គឺ​តូចតាច ពេល​ប្រៀបធៀប​ទៅនឹង​ពរជ័យ​ដែល​យើង​ទទួល​បាន​នៅទីបំផុត ។

សូម​ពិចារណា​ពី​អ្វី​ដែល​បាន​កើត​ឡើង ពេល​ពស់​ភ្លើង​ហោះ​​បាន​មក​ក្នុង​ចំណោម​ពួកសាសន៍​អ៊ីស្រាអែល​កាលពី​បុរាណ នៅតាម​ផ្លូវ​របស់​ពួកគេ​ទៅ​កាន់​ដែនដី​សន្យា ។ ការចឹក​របស់​ពស់​ពិស​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់ ។ ប៉ុន្តែ​បុគ្គល​ដែល​ពស់​នោះ​ចឹក​អាច​បាន​ជា​សះស្បើយ ដោយ​គ្រាន់តែ​មើល​ទៅ​ពស់​លង្ហិន​ដែល​ម៉ូសេ​​បាន​ធ្វើ ហើយ​ដាក់ព្យួរ​វា​នៅលើ​បង្គោល​មួយ ។ តើ​ត្រូវ​ចំណាយ​ថាមពល​ប៉ុណ្ណា​ដើម្បី​ក្រឡេក​មើល​អ្វី​មួយ​នោះ ? មនុស្ស​ទាំងអស់​ដែល​បាន​មើល​ទៅ​ពស់លង្ហិន​នោះ បាន​ទទួល​អំណាច​ពី​ស្ថានសួគ៌ ហើយ​បាន​ជា​សះស្បើយ ។ ពួកសាសន៍​អ៊ីស្រាអែល​ផ្សេង​ទៀត​ដែល​ត្រូវ​ពស់​ចឹក ហើយ​មិន​ព្រម​មើល​ទៅ​ពស់​លង្ហិន​នោះ​បាន​ស្លាប់ ។ ប្រហែល​ពួកគេ​ខ្វះ​សេចក្តីជំនឿ​ដើម្បី​ក្រឡេក​មើល ។ ប្រហែល​ពួកគេ​ពុំ​ជឿ​ថា ទង្វើ​ដ៏​សាមញ្ញ​​មួយបែប​នេះ​អាច​បណ្តាល​ឲ្យ​មាន​ការព្យាបាល​ដែល​បាន​សន្យា​នោះ​ទេ ។ ឬ​ប្រហែល​ជា​ពួកគេ​មាន​ឆន្ទៈ​ពង្រឹង​ចិត្ត​របស់​ពួកគេ ហើយ​បដិសេធ​ការទូន្មាន​ពី​ព្យាការី​របស់​ព្រះ ។

គោលការណ៍​នៃ​ការធ្វើ​ឲ្យ​ពរជ័យ​កើត​មាន​ដែល​ហូរ​ចេញ​មក​ពី​ព្រះ​គឺ​ជា​គោលការណ៍​អស់កល្ប ។ ដូច​ពួក​សាសន៍​អ៊ីស្រាអែល​ពី​បុរាណ​ទាំង​នោះ​ដែរ យើង​ត្រូវ​តែ​ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ​របស់​យើង​លើ​ព្រះយេស៊ូវ​គ្រីស្ទ ដើម្បី​ទទួល​ពរ ។ ព្រះ​បាន​បើក​សម្តែង​ថា « មាន​ក្រឹត្យវិន័យ​មួយ​ដ៏​ពុំ​អាច​ដក​ចេញ​បាន ដែល​បាន​ធ្វើ​នៅ​ស្ថាន​សួគ៌ មុន​កំណើត​លោកិយ​មក​ម៉្លេះ ដែល​គ្រប់​ព្រះពរ​ទាំងអស់​ផ្អែក​ទៅ​លើ—ហើយ​កាលណា​យើង​បាន​ព្រះ​ពរ​ណាមួយ​ពី​ព្រះ នោះ​គឺ​ដោយសារ​ការគោរព​ដល់​ក្រឹត្យវិន័យ​នោះ ដែល​ព្រះពរ​នោះ​ផ្អែក​ទៅ​លើ » ។ អ្នក​ដែល​ថា អ្នក​ពុំ​ទទួល​បាន​ពរជ័យ​មួយ​ទេ— សញ្ញាណ​នោះ​គឺ​ខុសឆ្គង— ប៉ុន្តែ​អ្នក​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ស័ក្ដិសម​នឹង​ទទួល​បាន​វា ។ សេចក្ដី​សង្គ្រោះ​របស់​យើង​អាច​កើតឡើង​បាន​តែ​តាមរយៈ​បុណ្យគុណ សេចក្ដីមេត្តា​ករុណា និង​ព្រះគុណ​របស់​ព្រះយេស៊ូវគ្រីស្ទ​​ប៉ុណ្ណោះ ។ វិសាលភាព​នៃ​ពលិកម្មធួន​របស់​ទ្រង់​មាន​ន័យ​ថា ពរជ័យ​សម្រាប់​យើង​នោះ​គឺ​គ្មាន​ដែន​កំណត់​ទេ ទង្វើ​តូចតាច​របស់យើង​ពុំ​អាច​ប្រៀប​ផ្ទឹម​ទៅនឹង​ពលិកម្ម​ដ៏ធំធេង​របស់​ទ្រង់​បាន​ឡើយ ។ ប៉ុន្តែ​ពួកគេ​ពុំ​ស្ថិត​នៅ​លេខ​សូន្យទេ ហើយ​ពួកគេ​សំខាន់ ព្រោះ​នៅក្នុង​ភាពងងឹត ឈើគូស​ឆេះមួយ​​អាច​មើល​ឃើញ​ពី​ចម្ងាយ ។ តាមពិត វា​អាច​មើល​ឃើញ​នៅ​ស្ថានសួគ៌ ដោយសារ​ទង្វើ​នៃ​ជំនឿ​តូចៗ​គឺ​តម្រូវ​ឲ្យ​មាន ដើម្បី​ទទួល​បាន​ការ​សន្យា​ទាំងឡាយ​របស់​ព្រះ ។

ដើម្បី​ទទួល​បាន​ពរជ័យ​ដែល​ប៉ង​ប្រាថ្នា​ពី​ព្រះ នោះ​ត្រូវ​ធ្វើ​សកម្មភាព​ដោយ​សេចក្តីជំនឿ ធ្វើ​ឲ្យ​ត្រូវ​នឹង​ពរជ័យ​សួគ៌​ដែល​កើត​ឡើង​តាម​សកម្មភាព​នោះ ។ ឧទាហរណ៍ គោលបំណង​មួយ​នៃ​ការអធិស្ឋាន​គឺ ដើម្បី​ទទួល​ពរជ័យ​ដែល​ព្រះ​ទ្រង់​សព្វ​ព្រះទ័យ​ប្រទាន​ឲ្យ​យើង ប៉ុន្តែ​យើង​ត្រូវតែ​សុំ​ដើម្បី​ឲ្យ​បាន​ទទួល​ពរជ័យ​នោះ ។ អាលម៉ា​បាន​អំពាវនាវ​សូម​សេចក្តីមេត្តាករុណា ហើយ​ការឈឺចាប់​របស់​លោក​បាន​រសាយ​បាត់ លោក​ក៏លែង​កើតទុក្ខ​នឹង​​ការ​នឹក​ឃើញ​អំពើ​បាប​របស់​លោក​ត​ទៀត​ទៅ ។ សេចក្ដី​អំណរ​របស់​លោក លើស​ជាង​ការ​ឈឺ​ចាប់​របស់​លោក​ទៅ​ទៀត—ទាំងអស់នេះ​គឺ​ដោយសារ​លោក​បាន​អំពាវនាវ​​ដោយ​សេចក្តីជំនឿ​ដល់​​ព្រះយេស៊ូវគ្រីស្ទ ។ យើង​ត្រូវ​ការធ្វើ​ឲ្យ​ថាមពល​នោះ​សកម្ម​ឡើង ដើម្បី​មាន​សេចក្តីជំនឿ​គ្រប់គ្រាន់​លើ​ព្រះគ្រីស្ទ ដើម្បី​ទូលសូម​ព្រះ​ដោយ​ស្មោះសរ​ក្នុង​ការអធិស្ឋាន ហើយ​ទទួល​ព្រះទ័យ​ទ្រង់ និង​ពេលវេលា​របស់​ទ្រង់សម្រាប់​ចម្លើយ​នោះស ។

ជារឿយៗ ​ថាមពល​ធ្វើឲ្យ​សកម្ម​ឡើងវិញ​ដែល​ចាំបាច់​សម្រាប់​ពរជ័យ តម្រូវឲ្យ​​មានច្រើនជាង​ការ​គ្រាន់តែ​មើល ឬ​ទូលសូម​ទៅ​ទៀត វា​តម្រូវ​ឲ្យ​មាន​សកម្មភាព​​ជាបន្តបន្ទាប់ ដដែលៗ និង​​ពោរពេញ​ដោយ​សេចក្តីជំនឿ ។ នៅ​ពាក់​កណ្តាល​ទសវត្សរ៍​ទី ១៩ ព្រិកហាំ យ៉ង់ បាន​ដឹកនាំ​ពួកបរិសុទ្ធ​ថ្ងៃចុង​ក្រោយ​មួយ​ក្រុម​ទៅ​រុករក និង​តាំងទីលំនៅ​នៅ​រដ្ឋ​អារីហ្សូណា ជា​តំបន់ស្ងួត​ហែង​មួយ​នៅ​អាមេរិក​ខាង​ជើង ។ បន្ទាប់ពី​ទៅដល់​រដ្ឋ​អារីហ្សូណា ក្រុមនោះ​បាន​អស់​ទឹក​ប្រើ ហើយ​ពួកគេ​ព្រួយបារម្ភ​ថា ពួកគេ​នឹង​ស្លាប់ ។ ពួកគេ​បាន​ទូល​អង្វរ​ព្រះ​សូម​ជំនួយ ។ មិន​យូរ​ប៉ុន្មាន​ក្រោយ​មក ភ្លៀង និង​ព្រិល​បាន​ធ្លាក់ ដែល​ធ្វើ​ឲ្យ​ពួកគេ​អាច​ដាក់ទឹក​ពេញធុង​របស់​ពួកគេ និង​ឲ្យ​សត្វ​ពួកគេ​ផឹក ។ ដោយ​មាន​អំណរ​គុណ និង​មានភាព​ស្រស់បស់​ឡើង​វិញ នោះ​ពួកគេ​បាន​ត្រឡប់​ទៅ​ទីក្រុង សលត៍ លេក វិញ ដោយ​រីករាយ​នៅក្នុង​សេចក្តីល្អ​នៃ​ព្រះ ។ ពេល​ពួកគេ​ត្រឡប់​ទៅវិញ ពួកគេ​បានពិពណ៌នា​រឿង​លម្អិត​​អំពី​ដំណើរ​របស់​ខ្លួន​ឲ្យ ព្រិកហាំ យ៉ង់ ស្តាប់ ហើយ​​អះអាង​ដោយ​ការសន្និដ្ឋាន​របស់​ពួកគេ​ថា រដ្ឋ​អារីហ្សូណាពុំអាច​រស់នៅ​បានទេ ។

ព្រិកហាំ យ៉ង់

បន្ទាប់​ពី​ស្តាប់​ការពិពណ៌នា​នោះ​មក ព្រិកហាំ យ៉ង់ បាន​សួរ​បុរស​ម្នាក់​នៅក្នុង​បន្ទប់ អំពី​គំនិត​របស់​លោក​ទាក់ទង​នឹង​ការធ្វើ​ដំណើរ និង​អព្ភូតហេតុ​នោះ ។ បុរស​នោះ​គឺ ដានីយ៉ែល ដ័បុលយូ ចូនស៍ បាន​តប​វិញ​ភ្លាម​ថា « ខ្ញុំ​សូម​ពេល​គិត បន្ត​គិត និង​អធិស្ឋាន​ម្តង​ទៀត​សិន » ។ បងប្រុស​ព្រិកហាំ​បាន​ដាក់​ដៃ​លោក​លើ​បងប្រុស​ចូនស៍ រួចថ្លែងថា « នេះ​គឺ​ជា​បុរស​ម្នាក់​ដែល​នឹង​ទទួល​ខុសត្រូវ ​សម្រាប់​ដំណើរ​បន្ទាប់​ទៀត​ទៅ​រដ្ឋ​អារីហ្សូណា​ហើយ » ។

ដានីញ៉ែល ដបុលយូ ចូនស៍

យើង​អាច​នឹក​ឃើញ​ពី​គ្រា​នានា ពេល​យើង​ត្រូវ​បន្ត​ឆ្ពោះ​ទៅមុខ ហើយ​អធិស្ឋាន​ម្តង​ទៀត—ហើយ​ពរជ័យ​បាន​កើត​ឡើង ។ បទពិសោធន៍​របស់ ម៉ៃឃល និង ម៉ារៀន ហូលម៉េស បង្ហាញ​ពី​គោលការណ៍​ទាំង​នេះ ។ ម៉ៃឃល និង​ខ្ញុំ​បាន​បម្រើ​ជាមួយ​គ្នា​ជា​ពួកចិត​សិប​នាក់​ប្រចាំ​តំបន់ ។ ខ្ញុំ​រំភើប​ចិត្ត​ជានិច្ច ពេល​ណា​គេហៅ​គាត់​ឲ្យ​អធិស្ឋាន​នៅក្នុង​ការប្រជុំ​របស់យើង ដោយសារ​ជម្រៅ​ខាង​វិញ្ញាណ​របស់​គាត់​គឺ​មើល​ឃើញ​ជាក់​ស្តែង​ណាស់ គាត់​បានដឹង​ពី​របៀប​ទូល​ទៅកាន់​ព្រះ ។ ខ្ញុំ​ចូលចិត្ត​ស្តាប់​គាត់​អធិស្ឋាន ។ ប៉ុន្តែ កាល​គ្រា​ដំបូង​នៃ​អាពាហ៍ពិពាហ៍​របស់​ពួកគេ ម៉ៃឃល និង ម៉ារៀន​ពុំ​បាន​អធិស្ឋាន ឬ​ចូលរួម​ព្រះវិហារ​ទេ ។ ពួកគេ​មាន​ភាព​មមាញឹក​នឹង​កូន​តូច​បី​នាក់ ព្រមទាំង​ក្រុមហ៊ុន​សាងសង់​​ដ៏​ជោគជ័យ​មួយ​របស់​ពួកគេ ។ ម៉ៃឃល​គ្មាន​អារម្មណ៍​ថា គាត់​នឹង​ជឿ​លើ​សាសនា​ឡើយ ។ នៅ​ល្ងាច​មួយ ប៊ីស្សព​របស់​ពួកគេ​បាន​​ទៅ​ផ្ទះ​ពួកគេ ហើយ​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ចាប់ផ្តើម​អធិស្ឋាន ។

បន្ទាប់​ពី​ប៊ីស្សព​បាន​ចេញ​​បាន​ទៅ ម៉ៃឃល និង ម៉ារៀន បានសម្រេច​ចិត្ត​ថា ពួកគេ​នឹង​សាកល្បង​អធិស្ឋាន ។ ពីមុន​ចូល​ដេក ពួកគេ​បាន​លុត​ជង្គុង​នៅ​ក្បែរ​គ្រែ ហើយ​ម៉ៃឃល​បាន​ចាប់ផ្តើម​អធិស្ឋាន​ទាំង​រអាក់រអួល ។ បន្ទាប់​ពី​និយាយ​ពាក្យ​អធិស្ឋាន​ចម្លែក​​មួយ​ចំនួន​មក ម៉ៃឃល​​បាន​ឈប់​អធិស្ឋាន ដោយ​និយាយ​ថា « ម៉ារៀន បង​មិន​អាច​អធិស្ឋាន​បាន​ទេ » ។ ពេល​គាត់​ឈប់​អធិស្ឋាន ហើយ​​ចាប់ផ្តើម​ដើរ​ចេញ​ទៅ​ នោះម៉ារៀន​បាន​ចាប់​ដៃ​គាត់ ទាញ​គាត់​ត្រឡប់​មក​លុត​ជង្គង់​វិញ ហើយ​និយាយ​ថា « ម៉ៃ បង​អាច​អធិស្ឋាន​បាន ។ សូម​សាកល្បង​ម្ដង​ទៀត ! » ដោយ​មាន​ការលើក​ទឹកចិត្ត​នេះ នោះ​ម៉ៃឃល​បាន​អធិស្ឋានខ្លី​​មួយ ។

គ្រួសារ​ហូលម៉េស​​បានចាប់ផ្តើម​អធិស្ឋាន​ជា​ទៀងទាត់ ។ ពួកគាត់​បាន​ទទួល​ការអញ្ជើញ​ពី​អ្នក​ជិតខាង​​ឲ្យ​ចូលរួម​ព្រះវិហារ ។ ពេល​ពួកគេ​ដើរ​ចូល​ទៅ​ក្នុង​សាលា​ជំនុំ ហើយ​ឮ​ទំនុកតម្កើង​បើក នោះ​ព្រះវិញ្ញាណ​បាន​ខ្សឹប​ប្រាប់​ពួកគេ​ថា « នេះ​គឺ​ជា​ការពិត » ។ ក្រោយ​មក ម៉ៃឃល​បាន​ជួយ​យក​ធុង​សំរាម​ចេញ​ពី​សាលាប្រជុំ​ដោយ​ពុំ​មាន​អ្នក​ណា​ស្នើសុំ​ឲ្យ​ធ្វើ​ឡើយ ។ ពេល​គាត់​ធ្វើ​ដូច្នោះ គាត់​​ទទួល​អារម្មណ៍​បំផុស​គំនិត​​ដ៏​ខ្លាំង​មួយ​ថា « នេះ​គឺ​ជា​ដំណាក់​របស់​យើង » ។

ម៉ៃឃល និង​ម៉ារៀន​ពី​ក្មេង

ម៉ៃឃល និង ម៉ារៀន បាន​ទទួល​ការហៅ​បម្រើ​ក្នុង​សាសនាចក្រ ហើយ​បាន​បម្រើ​ក្នុង​វួដ និង​ស្តេក​របស់​ពួកគេ ។ ពួកគេ​បាន​ផ្សារភ្ជាប់​ជាមួយ​គ្នា និង​ជាមួយ​កូន​៣​នាក់​របស់​ពួកគេ ។ ពួកគេ​មាន​កូន​បន្តបន្ទាប់​ទៀត សរុប​ទាំង​អស់​១២​នាក់ ។ គ្រួសារ​ហូលម៉េស​បាន​បម្រើ​ជា​ប្រធាន​បេសកកម្ម និង​ជា​ដៃគូ—ចំនួន​ពីរ​ដង ។

ម៉ៃឃល និង​ម៉ារៀន​បច្ចុប្បន្ន

ការអធិស្ឋាន​រអាក់រអួល​លើក​ដំបូង​គឺ​ជា​រឿង​តូចតាច​ទេ ប៉ុន្តែ​គឺ​​ទង្វើ​ដែល​ពោរពេញ​ដោយ​សេចក្តីជំនឿ ដែល​បណ្តាល​ឲ្យមាន​ពរជ័យ​ពី​ស្ថានសួគ៌ ។ គ្រួសារ​ហូលម៉េស​បាន​ចម្អែត​ភ្លើង​នៃ​សេចក្តីជំនឿ​របស់​ពួកគេ តាមរយៈ​ការចូលរួម​ព្រះ​វិហារ និង​ការបម្រើ ។ ភាព​ជាសិស្ស​ដ៏​មាន​ភក្តីភាព​របស់​ពួកគេ​អស់​រយៈពេល​ជា​ច្រើន​នេះ បាន​នាំ​ឲ្យ​មាន​​ជំនឿ​រឹងមាំ ដែល​បំផុសគំនិត​មក​ដល់​សព្វ​ថ្ងៃ​នេះ ។

សាច់ញាតិ​គ្រួសារ​ហូលម៉េស

ប៉ុន្តែ​ភ្លើង​ត្រូវ​ទទួល​ការផ្គត់ផ្គង់​អុកស៊ីហ្សែន​ជាប់​ជានិច្ច ដើម្បី​ឲ្យ​ឧសនោះ​បញ្ចេញ​ថាមពល​ប៉ូតង់ស្យែល​ទាំងស្រុង​របស់​វា ។ ដូច​ការបង្ហាញ​ដោយ ម៉ៃឃល និង ម៉ារៀន ហូលម៉េស ដែរ នោះ​សេចក្តីជំនឿ​លើ​ព្រះគ្រីស្ទ​តម្រូវ​ឲ្យ​មាន​សកម្មភាព​បន្ត​បន្ទាប់ ដើម្បីឲ្យ​សេចក្តីជំនឿ​នោះ​បន្ត​មាន ។ ទង្វើ​តូចតាច​នានា​ផ្តល់​ថាមពល​ដល់​សមត្ថភាព​យើង ឲ្យ​ដើរ​លើ​ផ្លូវ​​នៃ​សេចក្ដី​សញ្ញា ហើយ​នាំ​ទៅរក​ពរជ័យ​ដ៏​មហិមា​ដែល​ព្រះ​អាច​ប្រទាន​ឲ្យ ។ ប៉ុន្តែ​សេចក្តីជំនឿ​បន្ត​ហូរចូលមក ប្រសិនបើ​យើង​ព្យាយាម​បន្ត​រីកចម្រើន ។​ ជួនកាល យើង​ត្រូវ​ធ្វើ​ធ្នូ និង​ព្រួញ ពីមុន​វិវរណៈ​កើត​មាន​ដល់​យើង​អំពី​ទីកន្លែង​ដែល​យើង​គួរ​ទៅ​ដើម្បី​ស្វែងរក​អាហារ ។ ជួនកាល យើង​ត្រូវ​ធ្វើ​ឧបករណ៍​នានា ពីមុន​វិវរណៈ​កើត​មាន​ដល់​យើង​អំពី​របៀប​សង់​សំពៅ ។ ជួនកាល តាមរយៈ​ការណែនាំ​ពី​ព្យាការី​របស់​ព្រះ ទោះ​យើង​មានប្រេង និង​ម្សៅ​តិចតួច​ក្តី យើង​ត្រូវ​ដុត​នំ​​តូច​មួយ ដើម្បី​ទទួល​បាន​ប្រេង​ក្នុង​ដប​ដែល​មិន​ចេះ​រលោះ និង​ម្សៅ​ក្នុង​ខាប់​ដែល​មិន​ចេះ​អស់ ។ ហើយ​ជួនកាល​យើង​ត្រូវតែ « បង្អង់​សិន ឲ្យ​បាន​ដឹង​ថា [ ព្រះ ] ជា​ព្រះ » ហើយ​ទុកចិត្ត​លើ​ពេលវេលា​របស់​ទ្រង់ ។

ពេល​អ្នកទទួល​ពរជ័យ​ណា​មួយ​ពី​ព្រះ អ្នក​អាច​សន្និដ្ឋាន​ថា អ្នក​បាន​ប្រព្រឹត្តទៅ​តាម​ក្រឹត្យវិន័យ​អស់កល្ប ក្នុងការ​គ្រប់គ្រង​ការទទួល​បាន​ពរជ័យ​នោះ ។​ ប៉ុន្តែ​សូម​ចាំ​ថា « ក្រឹត្យវិន័យ​ដែល​ពុំ​អាច​ប្តូរ​បាន » នោះ​គឺ​ពុំមែន​ជាពេលវេលា​របស់​យើង​ទេ មាន​ន័យ​ថា ពរជ័យ​កើត​មាន​ទៅតាម​ពេលវេលារបស់​ព្រះ ។ សូម្បី​តែ​ពួក​ព្យាការី​ពីបុរាណ​​ ក្នុងការ​ស្វែងរក​ផ្ទះ​សួគ៌ា​របស់​ពួកលោក « បាន​ស្លាប់​ក្នុង​សេចក្តី​ជំនឿ ឥត​ទទួល​សេចក្តី​ដែល​បាន​សន្យា​ទាំង​ប៉ុន្មាន​ទេ តែ​គេ​បាន​ឃើញ​ពី​ចម្ងាយ…ក៏​ទទួល​គំនាប់​ដែរ…» ។ ប្រសិនបើ​ពរជ័យ​ដែល​ប៉ង​ប្រាថ្នា​មក​ពី​ព្រះ​ពុំ​បាន​ទទួល​ទេ—នោះ—អ្នក​ពុំ​ចាំបាច់​ត្រូវ​កើត​ទុក្ខ ដោយ​ឆ្ងល់​ថា តើ​អ្នក​ត្រូវ​ធ្វើ​អ្វី​ទៀត​នោះ​ទេ ។ ផ្ទុយទៅវិញ សូម​ត្រងត្រាប់​ស្តាប់​ការ​ប្រឹក្សា​របស់ យ៉ូសែប ស៊្មីធ ឲ្យ « ប្រព្រឹត្ត​ការណ៍​ទាំង​នេះដែល​នៅ​ក្នុង​អំណាច [ របស់​អ្នក ] ដោយ​មាន​ចិត្ត​រីករាយ​ចុះ ហើយ…ឈរ​នៅ​ស្ងៀម​ដោយ​ជឿ​ជាក់​ថា នឹង​បាន​ឃើញ…ព្រះពាហុ [ របស់​ព្រះ ] បើក​សម្ដែង​មក​ឲ្យ​ឃើញ… » ។ ពរជ័យ​ខ្លះ​ត្រូវបាន​បម្រុង​ទុក​សម្រាប់​ពេល​ក្រោយ គឺ​ទុក​សម្រាប់​បុត្រាបុត្រី​ដ៏​ក្លាហាន​បំផុត​របស់​ព្រះ ។

ប្រាំ​មួយ​ខែ​កន្លង​ទៅ​ហើយ ដែលផែនការ​​​ការផ្តោត​លើ​គេហដ្ឋាន ការគាំទ្រ​ពី​សាសនាចក្រ​​ដើម្បី​រៀន​​គោលលទ្ធិ ដើម្បី​ពង្រឹង​សេចក្តីជំនឿ និង​​ពង្រឹង​ដល់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ​ត្រូវបាន​ណែនាំ ។ ប្រធាន រ័សុល អិម ណិលសុន បានសន្យា​ថា ការផ្លាស់ប្តូរ​នេះ​អាច​ជួយ​យើង​ឲ្យ​រស់រាន​ខាង​វិញ្ញាណ បង្កើន​អំណរ​ក្នុង​ដំណឹង​ល្អ​យើង ហើយ​ធ្វើ​ឲ្យ​ការប្រែចិត្តជឿ​របស់​យើង​កាន់តែ​ស៊ីជម្រៅ​ឡើង​​លើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។ ប៉ុន្តែ​វា​ស្ថិត​នៅលើ​រូបយើង​ទេ ដែល​ជា​អ្នក​ត្រូវ​ទទួល​យក​ពរជ័យ​ទាំង​នោះ​ឬ​អត់ ។ យើង​ម្នាក់ៗ​មាន​ការទទួលខុសត្រូវ​ដើម្បី​បើក និង​សិក្សា​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ រួម​ទាំង​ព្រះគម្ពីរ និង​ឯកសារ​ដទៃ​ផ្សេង​ទៀត​នៃសៀវភៅ ចូរ​មក​តាម​ខ្ញុំ យើង​ត្រូវ​តែ​ពិភាក្សា​វា​ជាមួយ​គ្រួសារ និង​មិត្តភក្តិ​យើង ហើយ​រៀបចំ​ថ្ងៃ​ឈប់​សម្រាក​យើង ដើម្បី​ទទួល​បាន​ពរជ័យ​ទាំង​នោះ ។ ឬ​យើង​អាច​ទុក​ធនធាន​ទាំងនេះ​ឲ្យ​គរ​ចោល​នៅក្នុង​ផ្ទះ​យើង ដែល​វា​មាន​នូវ​ថាមពល​ដ៏​មាន​សក្តានុពល​ជាប់​នៅក្នុង​ធនធាន​ទាំង​នេះ ។

ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​ភ្ញោចអំណាច​សួគ៌ា​ដោយ​ស្មោះត្រង់ ដើម្បី​ទទួល​ពរជ័យ​ពិសេស​មក​ពី​ព្រះ ។ សូម​អនុវត្តសេចក្តីជំនឿ​ដើម្បី​​ខិតខំ ហើយ​ធ្វើ​សកម្មភាព​ចាំបាច់​នានា ។ សូម​បន្ត​សេចក្តីជំនឿ អំឡុងពេល​បងប្អូន​រង់ចាំ​ព្រះអម្ចាស់​ដោយ​អត់ធ្មត់ ។ ជាមួយ​នឹង​ការអញ្ជើញ​​ទាំង​នេះ ខ្ញុំ​អធិស្ឋាន​ទូល​សូម​ឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ដឹកនាំ និង​នាំ​ផ្លូវ​បងប្អូន ដើម្បី​បងប្អូន​នឹង « បាន​ពរ​ជា​បរិបូរ » ដូច « មនុស្ស​ស្មោះត្រង់ » ដែល​បាន​ពិពណ៌នា​នៅក្នុង​គម្ពីរ​សុភាសិត​ផងដែរ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះវរបិតាសួគ៌​បងប្អូន និង​ព្រះរាជបុត្រា​សំណព្វ​ទ្រង់​គឺ​ព្រះយេស៊ូវគ្រីស្ទ មាន​ព្រះជន្មរស់ ពួក​ទ្រង់​ខ្វល់ខ្វាយ​ពី​សុខុមាលភាព​បងប្អូន ហើយ​សព្វព្រះទ័យ​នឹង​ប្រទាន​ពរ​បងប្អូន នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។

កំណត់​ចំណាំ

  1. សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ៤១:១, ៧៨:១៧, ១០៤:៣៣ ។

  2. ឧទាហរណ៍ សូមមើល Craig Harline A World Ablaze: The Rise of Martin Luther and the Birth of the Reformation ( ឆ្នាំ ២០១៧ ) ទំព័រ ២០ ។ កិច្ចពិភាក្សាពី​ប្រធាន​បទ​​​នេះ​គឺ​រវាង​ Augustine ( ស្លាប់​ឆ្នាំ ៣៥៤–៤៣០ ) និង Pelagius ( ស្លាប់​ឆ្នាំ ៣៥៤–៤២០ ) ដែល​​មាន​អាយុ​ស្របាល​គ្នា ។ Pelagius បាន​ថ្លែង​ថា « ប្រាកដ​ណាស់ មនុស្ស [ មាន ] ចិត្ត​ចង់​ធ្វើ​ល្អ​នៅក្នុង​ចិត្ត​ពួកគេ ហើយ​ពួកគេ​រកបាន​ព្រះគុណ​របស់​ព្រះ តាមរយៈ​ការអនុវត្ត​តាម​សេចក្តីល្អ​នោះ ហើយ​រក្សា​បទបញ្ញត្តិ​ទាំងអស់​របស់​ព្រះ » ។ Augustine បដិសេធ​រឿង​នោះដោយ​ដាច់​អហង្ការ ។ សូមមើល​ផងដែរ Eric Metaxas Martin Luther: The Man Who Rediscovered God and Changed the World ( ឆ្នាំ ២០១៧ ) ទំព័រ ២៩៦ ។ Luther បាន​បង្រៀន​ថា កិច្ចការ​នានា​នឹង​ពុំ​ដឹកនាំ​ទៅ​រក​ព្រះគុណ​នៃព្រះ​ទេ តែ​សេចក្ដី​ជំនឿ​ដឹកនាំ​ទៅ​រក​ព្រះគុណ ហើយ​កិច្ចការ​ល្អ​នឹង​កើត​តាម​ក្រោយ « គេ​ពុំ​អាច​បំបែក​​កិច្ចការ​ពី​សេចក្តីជំនឿ​បាន​ទេ គឺ​ដូច​គេ​ពុំអាច​បំបែក​កម្តៅ និង​ពន្លឺ​ចេញ​ពី​ភ្លើង​អញ្ចឹងដែរ » ។

  3. សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ៨២:១០ ។

  4. នេះ​គឺជា​ឈើគូស​សម្រាប់​ប្រើពេល​បោះជំរំ ជា​ឈើគូស « ដែល​មាន​ចុង​ទាំងពីរ​អាច​គូស​ឆេះ​បាន » ។ ឈើគូស​សុវត្ថិភាព​សម័យ​ទំនើប ដូចជា​ឈើគូស​នៅ​ផ្ទះ​បាយ មាន​ជាតិ​ផូស្វ័រ​នៅ​ចុង​ខាង​គូស តែ​គ្មាន​នៅចុង​ម្ខាង​ទៀត​ទេ ។

  5. សកម្មភាព​ទាំង​នេះ​បង្កើត​ជា « ថាមពល​សកម្ម » ដើម្បី​បង្កើត​ភ្លើង ។ ពាក្យ « ថាមពល​សកម្ម » ត្រូវបាន​ណែនាំ​ឲ្យ​ស្គាល់​ក្នុង​ឆ្នាំ ១៨៨៩ ដោយ​អ្ន​ក​វិទ្យាសាស្ត្រ​ឈ្មោះ Svante Arrhenius ជនជាតិស៊ុយអែត ។

  6. សូមមើល Lectures on Faith ( ឆ្នាំ ១៩៨៥ ) ទំព័រ ៣ ។

  7. សូមមើល ដេវីឌ អេ បែដណា « Ask in Faith » Liahona ខែ​ ឧសភា ឆ្នាំ ២០០៨, ៩៤ ។

  8. សូមមើល ម៉ូសាយ ២:២៤–២៥ ។

  9. សូម​មើល ជនគណនា ២១:៦–៩ ។

  10. សូម​មើល នីហ្វៃទី​១ ១៧:៤១ ។

  11. សូម​មើល នីហ្វៃទី​១ ១៧:៤២ ។

  12. គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣០:២០–២១ ។

  13. សូមមើល នីហ្វៃ​ទី២ ១០:២៤២៥:២៣ ។

  14. សូមមើល អាលម៉ា ៦០:១១,២១, ដាល្លិន អេក អូក « Small and Simple Things » Liahona ខែ​ ឧសភា ឆ្នាំ ២០១៨, ទំព័រ ៨៩–៩២; អិម រ័សុល បាឡឺត « Be Anxiously Engaged » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១២ ទំព័រ ២៩–៣១ ។

  15. សូមមើល​សេចក្តីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ការអធិស្ឋាន » សូមមើល​ផងដែរ មរ៉ូណៃ ៧:៤៨ ។

  16. សូមមើល អាលម៉ា ៣៦:១៨–២១ សូមមើល​ផងដែរ អេណុស ១:៥–៨ ។

  17. ដានីយ៉ែល ដបុលយូ ចូនស៍ 40 Years Among the Indians ( ឆ្នាំ ១៩៦៩ ) ទំព័រ ២២២ ។

  18. សូម​មើល នីហ្វៃទី​១ ១៦:២៣ ។

  19. សូម​មើល នីហ្វៃទី​២ ១៧:៩ ។

  20. សូមមើល ពង្សាវតារក្ស​ត្រ​ទី​១ ១៧:១០–១៦ ។

  21. គោលលទ្ធិ និង សេចក្ដីសញ្ញា ១០១:១៦ ។

  22. សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១៣០:២០–២១ ។

  23. សូមមើល ហេព្រើរ ១១:១៦ ។

  24. ហេព្រើរ ១១:១៣ ។

  25. គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៣:១៧ ។

  26. សូមមើល ជែហ្វ្រី អ័រ ហូឡិន « An High Priest of Good Things to Come » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៩ ទំព័រ ៤២–៤៥ ។ អែលឌើរ​ ហូឡិន​បាន​ថ្លែង​ថា « ពរជ័យ​ខ្លះ​កើត​ឡើង​លឿន ខ្លះ​មក​យឺត ហើយ​ខ្លះ​មិន​កើត​មាន​ឡើយ រហូត​ដល់​​ពេល​រស់​នៅ​ឯ​ស្ថានសួគ៌ ប៉ុន្ដែ​សម្រាប់​អស់​អ្នក​ដែល​ឱប​ក្រសោប​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ វា​នឹង​កើត​មាន » ។

  27. រ័សុល អិម ណិលសុន « Opening Remarks » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៦–៨ ។

  28. សូមមើល ឃ្វីនថិន អិល ឃុក « Deep and Lasting Conversion to Heavenly Father and the Lord Jesus Christ » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៨–១២ ។

  29. សុភាសិត ២៨:២០ ។