ការប្រែចិត្តជឿដ៏រឹងប៉ឹង និងយូរអង្វែងទៅលើព្រះវរបិតាសួគ៌ និងព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ
គោលបំណងរបស់យើងគឺធ្វើឲ្យមានតុល្យភាពលើបទពិសោធន៍ទាំងនៅព្រះវិហារ និងនៅគេហដ្ឋាន ក្នុងរបៀបមួយដែលនឹងបង្កើនសេចក្តីជំនឿ និងជីវភាពខាងវិញ្ញាណកាន់តែប្រសើរឡើង ព្រមទាំងប្រែចិត្តជឿកាន់តែខ្លាំង ។
ដូចប្រធាន រ័សុល អិម ណិលសុន ទើបតែបានថ្លែងយ៉ាងប្រពៃ និងដោយឥទ្ធិពល នោះថ្នាក់ដឹកនាំសាសនាចក្រកំពុងធ្វើការអស់ពេលជាយូរទៅលើ « ផែនការដែល ផ្តោតទៅលើគេហដ្ឋាន និង ការគាំទ្រពីសាសនាចក្រ ដើម្បីរៀនគោលលទ្ធិ ពង្រឹងសេចក្តីជំនឿ ហើយជំរុញឲ្យមានការថ្វាយបង្គំផ្ទាល់ខ្លួនកាន់តែប្រសើរឡើង ។ បន្ទាប់មក ប្រធានណិលសុនបានប្រកាសអំពីការកែតម្រូវមួយដើម្បីសម្រេចបាននូវ « តុល្យភាព និងទំនាក់ទំនងថ្មីមួយរវាងការណែនាំដំណឹងល្អនៅក្នុងគេហដ្ឋាន និងព្រះវិហារ » ។
ដើម្បីសម្រេចបាននូវគោលបំណងទាំងនេះ—ដែលបានពិពណ៌នា និងនៅក្រោមការដឹកនាំរបស់ប្រធាន រ័សុល អិម ណិលសុន ព្រមទាំងការធ្វើតាមការសម្រេចិត្តរបស់ក្រុមប្រឹក្សានៃគណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់—នោះកាលវិភាគប្រជុំនៅថ្ងៃអាទិត្យនឹងត្រូវបានកែតម្រូវតាមរបៀបដូចតទៅនេះ ដោយចាប់ផ្តើមពីខែមករាឆ្នាំ ២០១៩ តទៅ ។
កាលវិភាគការប្រជុំថ្ងៃអាទិត្យ
ការប្រជុំទាំងឡាយនៃសាសនាចក្រនៅថ្ងៃអាទិត្យនឹងរួមមាន ការប្រជុំសាក្រាម៉ង់រយៈពេល ៦០ នាទី រៀងរាល់សប្តាហ៍ ដោយផ្តោតទៅលើព្រះអង្គសង្គ្រោះ ពិធីបរិសុទ្ធនៃពិធីសាក្រាម៉ង់ និងសារលិខិតខាងវិញ្ញាណ ។ បន្ទាប់មក ពេលម៉ោងទៅថ្នាក់រៀននានា សមាជិកសាសនាចក្រនឹងចូលរួមថ្នាក់មួយមានរយៈពេល ៥០ នាទី ដែលនឹងឆ្លាស់គ្នារៀងរាល់សប្តាហ៍ ។
-
ថ្នាក់សាលាថ្ងៃអាទិត្យនឹងត្រូវបង្រៀននៅសប្តាហ៍ទីមួយ និងសប្តាហ៍ទីបីរៀងរាល់ខែ ។
-
ការប្រជុំកូរ៉ុមបព្វជិតភាព សមាគមសង្គ្រោះ និងយុវនារី នឹងធ្វើឡើងនូវសប្តាហ៍ទីពីរ និងសប្តាហ៍ទីបួន ។
-
ការប្រជុំនានានៅសប្តាហ៍ទីប្រាំគឺនៅក្រោមការដឹកនាំរបស់ប៊ីស្សព ។
ថ្នាក់អង្គការបឋមសិក្សានឹងធ្វើឡើងរៀងរាល់សប្តាហ៍ អំឡុងពេលដូចគ្នានេះគឺ ៥០ នាទី ដោយបញ្ចូលម៉ោងច្រៀង និងថ្នាក់រៀនជាមួយគ្នា ។
ទាក់ទងនឹងកាលវិភាគប្រជុំនៅថ្ងៃអាទិត្យ នោះថ្នាក់ដឹកនាំសាសនាចក្ររៀមច្បង បានដឹងអស់ជាច្រើនឆ្នាំមកហើយថា កាលវិភាគនៅថ្ងៃអាទិត្យនាម៉ោងទីបីនៅព្រះវិហារអាចជាការពិបាកដល់សមាជិកជាទីស្រឡាញ់មួយចំនួនរបស់យើង ។ រឿងនេះវាពិតជាកើតឡើងចំពោះឪពុកម្តាយដែលមានកូនតូចៗ ថ្នាក់អង្គការបឋមសិក្សា សមាជិកចាស់ជរា អ្នកប្រែចិត្តជឿថ្មី និងមនុស្សដទៃទៀត ។
ប៉ុន្តែមានចំណុចជាច្រើនទៀតលើការកែតម្រូវនេះ ជាជាងការគ្រាន់តែកាត់បន្ថយកាលវិភាគនៅថ្ងៃអាទិត្យនៅសាលាប្រជុំ ។ ប្រធានណិលសុនបានទទួលស្គាល់ដោយអំណរគុណ ចំពោះការសម្រេចបានដ៏ធំធេងនូវការអញ្ជើញពីមុនៗ ដែលកើតមកពីភាពស្មោះត្រង់របស់បងប្អូន ។ លោក និងថ្នាក់ដឹកនាំទូទាំងសាសនាចក្រ មានបំណងនាំយកអំណរនៃដំណឹងល្អដ៏ប្រសើរទៅកាន់—ឪពុកម្ដាយ កុមារ យុវវ័យ អ្នកនៅលីវ ចាស់ជរា អ្នកប្រែចិត្តជឿថ្មី និងមនុស្សផ្សេងទៀត ដែលពួកអ្នកផ្សព្វផ្សាយសាសនាកំពុងបង្រៀន—តាមរយៈកិច្ចខិតខំមួយដែលធ្វើឲ្យមានតុល្យភាពលើ ការផ្តោតទៅលើគេហដ្ឋាន និងការគាំទ្រពីសាសនាចក្រ ។ គោលបំណង និងពរជ័យនានាដែលទាក់ទងជាមួយការកែតម្រូវនេះ និងការផ្លាស់ប្តូរថ្មីៗផ្សេងទៀតរួមមានដូចតទៅនេះ ៖
-
ការប្រែចិត្តជឿដ៏រឹងប៉ឹងលើព្រះវរបិតាសួគ៌ និងព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ហើយពង្រឹងសេចក្តីជំនឿលើពួកទ្រង់ ។
-
ការពង្រឹងដល់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារតាមរយៈការផ្តោតទៅលើគេហដ្ឋាន កម្មវិធីសិក្សាដែលគាំទ្រពីសាសនាចក្រ ដែលរួមចំណែកក្នុងការរស់នៅតាមដំណឹងល្អដែលពោរពេញដោយអំណរ ។
-
ការគោរពថ្ងៃឈប់សម្រាកដោយផ្តោតទៅលើពិធីបរិសុទ្ធនៃសាក្រាម៉ង់ ។
-
ការជួយបុត្រាបុត្រីទាំងអស់របស់ព្រះវរបិតាសួគ៌ ទាំងនៅសង្ខាងវាំងនន តាមរយៈកិច្ចការព្រះវិហារបរិសុទ្ធ ព្រមទាំងការទទួលពិធីបរិសុទ្ធ និងសេចក្តីសញ្ញា និងពរជ័យនៃព្រះវិហារបរិសុទ្ធ ។
ការរៀនសូត្រដំណឹងល្អដែលផ្តោតលើគេហដ្ឋាន និងការគាំទ្រពីសាសនាចក្រ
កាលវិភាគថ្ងៃអាទិត្យនេះអនុញ្ញាតឲ្យមានពេលច្រើនសម្រាប់រាត្រីគ្រួសារ និងសិក្សាដំណឹងល្អនៅគេហដ្ឋាននៅថ្ងៃអាទិត្យ ឬនៅគ្រាផ្សេងទៀតតាមបុគ្គលម្នាក់ៗ និងគ្រួសារអាចជ្រើសរើស ។ សកម្មភាពរាត្រីគ្រួសារអាចធ្វើបាននៅថ្ងៃចន្ទ ឬនៅពេលផ្សេងទៀត ។ ដោយគោលបំណងនេះហើយ ទើបថ្នាក់ដឹកនាំគួរតែបន្តរក្សាល្ងាចថ្ងៃចន្ទឲ្យទំនេរពីការប្រជុំសាសនាចក្រ និងសកម្មភាពនានា ។ ប៉ុន្តែ ម៉ោងដែលបានចំណាយនៅក្នុងរាត្រីគ្រួសារ ការសិក្សាដំណឹងល្អ និងសកម្មភាពនានាសម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ អាចដាក់កាលវិភាគស្របទៅតាមស្ថានភាពនីមួយៗរបស់ពួកគេ ។
ការសិក្សាដំណឹងល្អជាគ្រួសារ និងបុគ្គលម្នាក់ៗនៅគេហដ្ឋាននឹងត្រូវបានលើកកម្ពស់យ៉ាងខ្លាំង តាមរយៈកម្មវិធីសិក្សាដែលស្របគ្នា និងថ្មីមួយគឺ ធនធាន ចូរមកតាមខ្ញុំ សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារដែលត្រូវគ្នានឹងអ្វីដែលបានបង្រៀននៅថ្នាក់សាលាថ្ងៃអាទិត្យ និងថ្នាក់អង្គការបឋមសិក្សា ។ នៅខែមករា ថ្នាក់សាលាថ្ងៃអាទិត្យសម្រាប់យុវវ័យ និងមនុស្សពេញវ័យ ព្រមទាំងថ្នាក់អង្គការបឋមសិក្សារបស់សាសនាចក្រនឹងសិក្សាព្រះគម្ពីរសញ្ញាថ្មី ។ ធនធានថ្មី ចូរមកតាមខ្ញុំ សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារសម្រាប់សិក្សានៅគេហដ្ឋាននេះ—ក៏មានជាព្រះគម្ពីរសញ្ញាថ្មី—ត្រូវបានរៀបចំឡើងដើម្បីជួយសមាជិកឲ្យរៀនដំណឹងល្អនៅក្នុងគេហដ្ឋាន ។ វាពន្យល់ថា ៖ « ធនធាននេះគឺសម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារទាំងអស់នៅក្នុងសាសនាចក្រ ។ វាត្រូវបានរៀបចំឡើងដើម្បីជួយ [ យើង ] រៀនដំណឹងល្អឲ្យបានកាន់តែប្រសើរឡើង—ទោះដោយខ្លួន [ យើង ] ឬជាមួយក្រុមគ្រួសារ [ យើង ] ក្ដី ។ គម្រោងមេរៀននៅក្នុងធនធាន [ ថ្មី ] នេះត្រូវបានរៀបចំឡើងស្របតាមកាលវិភាគ…ប្រចាំសប្ដាហ៍ » ។
មេរៀននានានៅក្នុង ចូរមកតាមខ្ញុំ សម្រាប់ថ្នាក់អង្គការបឋមសិក្សាថ្មី ដែលបង្រៀននៅព្រះវិហារនឹងធ្វើតាមកាលវិភាគប្រចាំសប្តាហ៍ដូចគ្នានេះផងដែរ ។ ថ្នាក់សាលាថ្ងៃអាទិត្យសម្រាប់មនុស្សពេញវ័យ និងយុវវ័យនៅសប្តាហ៍ទីមួយ និងទីបីនឹងមានភាពត្រូវគ្នា ដើម្បីឲ្យវាគាំទ្រដល់ធនធានថ្មី ចូរមកតាមខ្ញុំ នៅគេហដ្ឋាន ។ នៅសប្តាហ៍ទីពីរ និងទីបួន មនុស្សពេញវ័យនៅក្នុងបព្វជិតភាព និងសមាគមសង្គ្រោះ នឹងបន្តសិក្សាការបង្រៀនរបស់ថ្នាក់ដឹកនាំសាសនាចក្រ ជាមួយនឹងការសង្កត់ធ្ងន់លើសារលិខិតថ្មីៗពីពួកព្យាការីសម័យទំនើប ។ យុវនារី និងយុវជនក្នុងបព្វជិតភាពអើរ៉ុននឹងសិក្សាប្រធានបទដំណឹងល្អនៅក្នុងសប្តាហ៍ទាំងនោះ ។
ធនធានថ្មីសម្រាប់សិក្សានៅគេហដ្ឋាននេះផ្តល់ « គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្រុមគ្រួសារ » ។ គម្រោងមេរៀនសម្រាប់សប្តាហ៍នីមួយៗមាន គំនិតយោបល់ និងសកម្មភាពនានាសម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ។ ធនធាន ចូរមកតាមខ្ញុំ សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារក៏មានរូបភាពនានាដែលនឹងជួយលើកកម្ពស់ការរៀនសូត្ររបស់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ជាពិសេសសម្រាប់កុមារ ។ ធនធានថ្មីនេះនឹងត្រូវបានផ្តល់ជូនដល់គ្រួសារនីមួយៗត្រឹមខែធ្នូឆ្នាំនេះ ។
ដកស្រង់ពីសុន្ទរកថាដំបូងរបស់លោកទៅកាន់សមាជិកសាសនាចក្រកាលពីខែមករា ប្រធានណិលសុនបានដាស់តឿនយើងឲ្យរៀបចំខ្លួន សម្រាប់ការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ ដោយដើរលើផ្លូវនៃសេចក្តីសញ្ញា ។
ស្ថានភាពនានានៃពិភពលោក តម្រូវឲ្យមានការបង្កើននូវការប្រែចិត្តជឿដ៏រឹងប៉ឹងរបស់បុគ្គលម្នាក់ៗ ហើយពង្រឹងសេចក្ដីជំនឿលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ព្រមទាំងដង្វាយធួនរបស់ទ្រង់ ។ ព្រះអម្ចាស់បានរៀបចំយើង មួយបន្ទាត់ម្តងៗ សម្រាប់គ្រាលំបាកៗដែលយើងប្រឈមមុខក្នុងពេលនេះ ។ រយៈពេលប៉ុន្មានឆ្នាំមកនេះ ព្រះអម្ចាស់បានដឹកនាំយើងឲ្យដោះស្រាយកង្វល់ធំៗដែលទាក់ទង រួមមាន ៖
-
ការគោរពថ្ងៃឈប់សម្រាក និងពិធីបរិសុទ្ធពិសិដ្ឋនៃសាក្រាម៉ង់ដែលត្រូវបានគូសបញ្ជាក់ឡើងវិញនៅរយៈពេលបីឆ្នាំចុងក្រោយនេះ ។
-
ក្រោមការដឹកនាំរបស់ប៊ីស្សព កូរ៉ុមអែលឌើរ និងសមាគមសង្គ្រោះដែលបានពង្រឹង បានផ្តោតចិត្តទុកដាក់ទៅលើគោលបំណង និងការទទួលខុសត្រូវដែលបានចាត់មកពីព្រះនៃសាសនាចក្រ និងការជួយសមាជិកឲ្យចុះ និងរក្សាសេចក្តីសញ្ញាពិសិដ្ឋ ។
-
ការងារបម្រើនៅក្នុងមធ្យោបាយមួយកាន់តែប្រសើរឡើង និងកាន់តែបរិសុទ្ធត្រូវបានអនុវត្តដោយអំណរ ។
-
ដោយចាប់ផ្តើមជាមួយនឹងទស្សនៈវិស័យដ៏ច្បាស់លាស់ នោះសេចក្តីសញ្ញានៃព្រះវិហារបរិសុទ្ធ និងកិច្ចការពង្សប្រវត្តិកំពុងក្លាយជាផ្នែកមួយដ៏រឹងមាំលើផ្លូវនៃសេចក្តីសញ្ញា ។
ប៉ុន្តែ ការកែតម្រូវដែលបានប្រកាសនាព្រឹកនេះគឺជាឧទាហរណ៍មួយផ្សេងទៀតនៃការណែនាំសម្រាប់ឧបសគ្គនានានៃជំនាន់យើងនេះ ។
កម្មវិធីសិក្សាជាទម្លាប់របស់សាសនាចក្របានគូសបញ្ជាក់អំពីបទពិសោធន៍នៅព្រះវិហារនាថ្ងៃអាទិត្យ ។ យើងដឹងថា ពេលយើងមានការបង្រៀនកាន់តែប្រសើរ ហើយសមាជិកថ្នាក់បានរៀបចំខ្លួនខាងវិញ្ញាណកាន់តែច្រើន នោះយើងមានបទពិសោធន៍នៅព្រះវិហារនាថ្ងៃអាទិត្យកាន់តែប្រសើរឡើង ។ យើងមានពរដែលជារឿយៗ ព្រះវិញ្ញាណបង្កើន និងពង្រឹងការប្រែចិត្តជឿនៅក្នុងមជ្ឈដ្ឋានសាសនាចក្រ ។
កម្មវិធីសិក្សាថ្មីនេះដែលផ្តោតទៅលើគេហដ្ឋាន និងការគាំទ្រពីសាសនាចក្រ ត្រូវតែមានឥទ្ធិពលកាន់តែខ្លាំងលើការគោរពប្រតិបត្តិ និងឥរិយាបថខាងសាសនាលើគ្រួសារ និងផ្ទាល់ខ្លួន ។ យើងដឹងថា ឥទ្ធិពលខាងវិញ្ញាណ និងការប្រែចិត្តជឿដ៏រឹងប៉ឹង និងយូរអង្វែងនោះ អាចសម្រេចបាននៅក្នុងមជ្ឈដ្ឋានគ្រួសារ ។ ជាច្រើនឆ្នាំកន្លងទៅ ការសិក្សាមួយបានរកឃើញថា សម្រាប់យុវជន និងយុវនារី ភាគច្រើនឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធកើតមកជារឿយៗជាមួយការសិក្សាផ្ទាល់ខ្លួន និងការអធិស្ឋាននៅគេហដ្ឋាន ។ គោលបំណងរបស់យើងគឺធ្វើឲ្យមានតុល្យភាពលើបទពិសោធន៍ទាំងនៅព្រះវិហារ និងនៅគេហដ្ឋាន ក្នុងរបៀបមួយដែលនឹងបង្កើនសេចក្តីជំនឿ និងជីវភាពខាងវិញ្ញាណកាន់តែប្រសើរឡើង ព្រមទាំងប្រែចិត្តជឿកាន់តែខ្លាំងលើព្រះវរបិតាសួគ៌ និងព្រះអម្ចាស់យេស៊ូវគ្រីស្ទ ។
នៅក្នុងផ្នែកនៃការកែតម្រូវនេះ ដែលផ្តោតទៅលើគេហដ្ឋាន និងការគាំទ្រពីសាសនាចក្រ នោះមានភាពបត់បែនសម្រាប់បុគ្គល និងគ្រួសារនីមួយៗ ដើម្បីកំណត់អំពីរបៀប និងពេលវេលាដែលត្រូវអនុវត្តកម្មវិធីនេះប្រកបដោយការអធិស្ឋាន ។ ឧទាហរណ៍ ដោយសារកម្មវិធីនេះនឹងផ្តល់ពរកាន់តែច្រើនដល់គ្រួសារទាំងអស់ ដោយផ្អែកលើតម្រូវការក្នុងមូលដ្ឋាន នោះវានឹងមានអំណរគុណទាំងស្រុងសម្រាប់យុវវ័យនៅលីវ មនុស្សពេញវ័យនៅលីវ សមាជិកគ្រួសារដែលមិនមែនជាសមាជិកសាសនាចក្រ សមាជិកថ្មី និងមនុស្សដទៃទៀតជួបជុំគ្នាជាក្រុមៗក្រៅពីកម្មវិធីថ្វាយបង្គំធម្មតានៅថ្ងៃអាទិត្យ ដើម្បីរីករាយនឹងទំនាក់ទំនងក្នុងដំណឹងល្អ ហើយត្រូវបានពង្រឹងតាមរយៈការសិក្សាជាមួយគ្នានូវធនធានដែលផ្តោតទៅលើគេហដ្ឋាន និងការគាំទ្រពីសាសនាចក្រ ។ ការណ៍នេះអាចសម្រេចបានដោយក្រៅផ្លូវការពីអស់អ្នកដែលមានបំណងធ្វើដូច្នោះ ។
នៅក្នុងផ្នែកជាច្រើននៃពិភពលោក សមាជិកជ្រើសរើសបន្តនៅសាលាប្រជុំ បន្ទាប់ពីកាលវិភាគធម្មតានៅថ្ងៃអាទិត្យចប់ ដើម្បីរីករាយនឹងទំនាក់ទំនងជាមួយគ្នា ។ គ្មានអ្វីមួយនៅក្នុងការប្រកាសកែតម្រូវនេះ ដែលនឹងរំខានដល់ទម្លាប់ដ៏អស្ចារ្យ និងល្អនេះក្នុងហេតុផលណាមួយឡើយ ។
ដើម្បីជួយសមាជិកឲ្យរៀបចំខ្លួនសម្រាប់ថ្ងៃឈប់សម្រាក វួដមួយចំនួនរួចទៅហើយបានផ្ញើព័ត៌មានតាមអ៊ីម៉ែល ផ្ញើសារតាមទូរសព្ទ ឬប្រព័ន្ធផ្សព្វផ្សាយសង្គមនៅថ្ងៃពាក់កណ្តាលសប្តាហ៍ ។ ដោយសារការកែតម្រូវនេះ យើងលើកទឹកចិត្តយ៉ាងខ្លាំងឲ្យប្រើទំនាក់ទំនងបែបនេះ ។ ការអញ្ជើញទាំងនេះនឹងរំឭកសមាជិកអំពីកាលវិភាគប្រជុំនៅថ្ងៃអាទិត្យសម្រាប់សប្តាហ៍នោះ រួមមានប្រធានបទមេរៀនបន្ទាប់ និងគាំទ្រការបន្តការសន្ទនាអំពីដំណឹងល្អនៅគេហដ្ឋាន ។ ក្រៅពីនេះ ការប្រជុំសម្រាប់មនុស្សពេញវ័យនៅថ្ងៃអាទិត្យក៏នឹងផ្តល់ព័ត៌មានដើម្បីទាក់ទងការសិក្សានៅព្រះវិហារ និងគេហដ្ឋានរៀងរាល់សប្តាហ៍ផងដែរ ។
ការប្រជុំសាក្រាម៉ង់ និងអំឡុងពេលរៀននឹងតម្រូវឲ្យមានការពិចារណាប្រកបដោយការអធិស្ឋាន ដើម្បីប្រាកដថា អាទិភាពខាងវិញ្ញាណត្រូវបានសង្កត់ធ្ងន់ជាងទៅលើដំណើរការផ្នែករដ្ឋបាល ។ ឧទាហរណ៍ ការប្រកាសនានាអាចធ្វើឡើងជាផ្នែកមួយនៅក្នុងការអញ្ជើញនៅថ្ងៃពាក់កណ្តាលសប្តាហ៍ ឬបោះពុម្ពនៅលើក្រដាសកម្មវិធី ។ ខណៈដែលការប្រជុំសាក្រាម៉ង់គួរតែមានការអធិស្ឋានបើក និងបិទ នោះការប្រជុំលើកទីពីរគ្រាន់តែមានការអធិស្ឋានបិទទៅបានហើយ ។
ដូចបានលើកឡើងពីខាងដើម កាលវិភាគថ្មីនៅថ្ងៃអាទិត្យនេះនឹងពុំទាន់ចាប់ផ្តើមឡើង រហូតដល់ខែមករាឆ្នាំ ២០១៩ ។ មានហេតុផលមួយចំនួនសម្រាប់រឿងនេះ ។ ហេតុផលពីរសំខាន់បំផុតនោះគឺ ទីមួយ ដើម្បីមានពេលចែកចាយធនធាន ចូរមកតាមខ្ញុំ សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារហើយហេតុផលទីពីរគឺ ដើម្បីទុកពេលឲ្យប្រធានស្តេក និងប៊ីស្សពរៀបចំកាលវិភាគប្រជុំជាមួយនឹងគោលដៅឲ្យវួដកាន់តែច្រើនជួបប្រជុំពេលព្រឹកៗនៅថ្ងៃប្រជុំនោះ ។
ពេលថ្នាក់ដឹកនាំបានស្វែងរកវិវរណៈ នោះការណែនាំបានទទួលកាលពីពីរបីឆ្នាំកន្លងទៅនេះគឺ ដើម្បីពង្រឹងការប្រជុំសាក្រាម៉ង់ គោរពថ្ងៃឈប់សម្រាក ហើយលើកទឹកចិត្ត និងជួយឪពុកម្តាយព្រមទាំងបុគ្គលម្នាក់ៗ ធ្វើឲ្យគេហដ្ឋានរបស់ពួកគេជាប្រភពមួយនៃកម្លាំងខាងវិញ្ញាណ និងបង្កើនសេចក្តីជំនឿ—ជាកន្លែងមួយនៃអំណរ និងសុភមង្គល ។
ពរជ័យដ៏អស្ចារ្យ
តើការកែតម្រូវទាំងនេះមានន័យយ៉ាងណាចំពោះ សមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ? យើងមានទំនុកចិត្តថា សមាជិកនឹងមានពរក្នុងរបៀបនានាដ៏អស្ចារ្យ ។ ថ្ងៃអាទិត្យអាចក្លាយជាថ្ងៃមួយនៃការរៀនសូត្រ និងការបង្រៀនដំណឹងល្អនៅព្រះវិហារ និងនៅគេហដ្ឋាន ។ នៅពេលបុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ចូលរួមក្នុងក្រុមប្រឹក្សាគ្រួសារ ពង្សប្រវត្តិ ការងារបម្រើ ការបម្រើ ការថ្វាយបង្គំផ្ទាល់ខ្លួន និងពេលវេលារីករាយជាមួយគ្រួសារ នោះថ្ងៃឈប់សម្រាកនឹងក្លាយជាថ្ងៃដ៏រីករាយចិត្តពិតប្រាកដ ។
គ្រួសារមួយមកពីប្រទេសប្រេស៊ីលគឺជាសមាជិកមួយក្នុងស្តេក ដែលធនធានថ្មី ចូរមកតាមខ្ញុំ នេះត្រូវបានដាក់ឲ្យសាកល្បង ។ ហ្វើណាន់ដូអ្នកត្រឡប់ពីបេសកកម្ម និងភរិយាគាត់ឈ្មោះណាន់ស៊ី គឺជាឪពុកម្តាយមានកូនបួននាក់បានរាយការណ៍ថា ៖ « នៅពេលកម្មវិធី ចូរមកតាមខ្ញុំ ត្រូវបានណែនាំមកក្នុងស្តេកយើង នោះខ្ញុំមានចិត្តរំភើបណាស់ ហើយខ្ញុំបានគិតថា ‹ របៀបដែលយើងសិក្សាព្រះគម្ពីរនៅផ្ទះនឹងមានការផ្លាស់ប្តូរ › ។ វាពិតជាបានកើតឡើងនៅក្នុងផ្ទះខ្ញុំមែន ហើយក្នុងនាមជាថ្នាក់ដឹកនាំសាសនាចក្រ ខ្ញុំបានឃើញថា វាបានកើតឡើងនៅផ្ទះផ្សេងទៀតដែរ ។… វាបានជួយយើងឲ្យពិភាក្សាអំពីព្រះគម្ពីរនៅក្នុងផ្ទះរបស់យើងពិតមែន ។ ភរិយាខ្ញុំ និងខ្ញុំមានការយល់ដឹងកាន់តែស៊ីជម្រៅអំពីប្រធានបទដែលបានសិក្សា ។… វាបានជួយយើង…បង្កើនចំណេះដឹងខាងដំណឹងល្អរបស់យើង ហើយលើកកម្ពស់ដល់សេចក្តីជំនឿ និងទីបន្ទាល់របស់យើង ។… ខ្ញុំសូមថ្លែងទីបន្ទាល់របស់ខ្ញុំ…ថា ខ្ញុំដឹងថា ព្រះអម្ចាស់បានបំផុសគំនិតឲ្យមានកម្មវិធីនេះ ដូច្នោះភាពខ្ជាប់ខ្ជួន និងការសិក្សាគោលការណ៍ និងគោលលទ្ធិដែលមាននៅក្នុងព្រះគម្ពីរប្រកបដោយប្រសិទ្ធភាព នាំមកនូវសេចក្តីជំនឿ ទីបន្ទាល់ និងពន្លឺកាន់តែខ្លាំងឡើងដល់គ្រួសារ…នៅក្នុងពិភពលោកដែលកើននូវអំពើទុច្ចរិតនេះ » ។
នៅក្នុងស្តេកនានាទូទាំងពិភពលោកដែលបានសាកល្បងកម្មវិធីនេះ មានការឆ្លើយតបយ៉ាងពេញចិត្តខ្លាំងមួយចំពោះធនធានថ្មី ចូរមកតាមខ្ញុំ សម្រាប់គេហដ្ឋាននេះ ។ សមាជិកជាច្រើនបានរាយការណ៍ថា ពួកគេបានរីកចម្រើនពីការអានព្រះគម្ពីរ ទៅរកការសិក្សាព្រះគម្ពីរយ៉ាងពិតប្រាកដ ។ ពួកគេក៏ទទួលអារម្មណ៍ដូចគ្នានូវបទពិសោធន៍ដែលជំរុញឲ្យមានសេចក្តីជំនឿ និងមានឥទ្ធិពលដ៏អស្ចារ្យលើវួដ ។
ការប្រែចិត្តជឿដ៏រឹងប៉ឹង និងយូរអង្វែង
គោលដៅនៃការកែតម្រូវទាំងនេះគឺដើម្បីទទួលបានការប្រែចិត្តជឿដ៏រឹងប៉ឹង និងយូរអង្វែងរបស់សមាជិកពេញវ័យ និងជំនាន់ដែលកំពុងពេញវ័យ ។ ទំព័រទីមួយនៃធនធានសម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារបានគូសបញ្ជាក់ថា ៖ « គោលបំណងនៃការរៀនសូត្រ និងការបង្រៀនដំណឹងល្អទាំងអស់ គឺដើម្បីធ្វើឲ្យការប្រែចិត្តជឿរបស់យើងមានកាន់តែខ្លាំងឡើង ហើយជួយយើងឲ្យប្រែកាន់តែដូចព្រះយេស៊ូវគ្រីស្ទ ។… នេះមានន័យថា ជាការពឹងផ្អែកទៅលើព្រះគ្រីស្ទដើម្បីផ្លាស់ប្ដូរដួងចិត្តរបស់យើង » ។ ការណ៍នេះត្រូវបានជួយ តាមរយៈការឈោងទៅជួយ « លើសពីនៅក្នុងថ្នាក់រៀនទៅទៀត គឺជួយដល់ដួងចិត្ត និងក្នុងគេហដ្ឋានរបស់បុគ្គលម្នាក់ៗ ។ វាតម្រូវឲ្យមានការខិតខំដ៏ខ្ជាប់ខ្ជួន និងជាប្រចាំថ្ងៃ ដើម្បីយល់ ហើយរស់នៅតាមដំណឹងល្អ ។ ការប្រែចិត្តជឿពិតប្រាកដតម្រូវឲ្យមានឥទ្ធិពលពីព្រះវិញ្ញាណបរិសុទ្ធ » ។
គោលដៅសំខាន់បំផុត និងពរជ័យដ៏ធំធេងនៃការប្រែចិត្តជឿដ៏រឹងប៉ឹង និងយូរអង្វែង គឺការទទួលសេចក្តីសញ្ញា និងពិធិបរិសុទ្ធលើផ្លូវនៃសេចក្តីសញ្ញាដោយស័ក្តិសម ។
យើងទុកចិត្តបងប្អូនឲ្យប្រឹក្សារួមគ្នា ហើយស្វែងរកវិវរណៈដើម្បីអនុវត្តការកែតម្រូវទាំងនេះ—ដោយពុំមើលហួសទីដៅ ឬព្យាយាមដាក់វិន័យតឹងរឹងឲ្យបុគ្គលម្នាក់ ឬក្រុមគ្រួសារឡើយ ។ ព័ត៌មានបន្ថែមនឹងត្រូវបានចែកចាយនៅក្នុងទំនាក់ទំនងបន្ទាប់ទៀត រួមមានលិខិតគណៈប្រធានទីមួយ និងឯកសារដែលភ្ជាប់មកជាមួយ ។
ខ្ញុំសូមថ្លែងទីបន្ទាល់ដល់បងប្អូនថា នៅក្នុងការពិភាក្សានៃក្រុមប្រឹក្សាគណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់នៅក្នុងព្រះវិហារបរិសុទ្ធ និងបន្ទាប់ពីព្យាការីជាទីស្រឡាញ់របស់យើង បានទូលអង្វរសូមវិវរណៈពីព្រះអម្ចាស់ ដើម្បីចាប់ផ្តើមដំណើរការការកែតម្រូវទាំងនេះ នោះពួកលោកគ្រប់រូបបានទទួលការបញ្ជាក់ដ៏មានឥទ្ធិពលមួយ ។ រ័សុល អិម ណិលសុន គឺជាប្រធាន និងព្យាការីនៅរស់របស់យើង ។ ការប្រកាសដែលធ្វើឡើងនៅថ្ងៃនេះ នឹងនាំឲ្យមានពរជ័យដ៏ធំធេង ដល់អស់អ្នកដែលទទួលយកការកែតម្រូវនានាដោយចិត្តរំភើប ហើយស្វែងរកការណែនាំពីព្រះវិញ្ញាណបរិសុទ្ធ ។ យើងនឹងខិតកាន់តែជិតព្រះវរបិតាសួគ៌ និងព្រះអង្គសង្គ្រោះយើងគឺព្រះយេស៊ូវគ្រីស្ទ ជាព្រះដែលខ្ញុំធ្វើជាសាក្សីយ៉ាងរឹងមាំ ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។