ឆ្នាំ ២០១០-២០១៩
ជឿ ស្រឡាញ់ ធ្វើ
ខែ តុលា ឆ្នាំ ២០១៨


2:3

ជឿ ស្រឡាញ់ ធ្វើ

យើង​សម្រេច​បាន​ជីវិត​បរិបូរណ៍​នោះ តាមរយៈ​ការប្រែក្លាយ​ជា​សិស្ស​ពិត​របស់​ព្រះយេស៊ូវគ្រីស្ទ—តាមរយៈ​ការធ្វើ​តាម​របៀប​ទ្រង់ ហើយ​ចូល​ប្រឡូក​ក្នុង​កិច្ចការ​របស់​ទ្រង់ ។

បងប្អូន​ប្រុសស្រី​ជា​ទីស្រឡាញ់​របស់​ខ្ញុំ វា​ជា​ឱកាស​ដ៏​ពិសេស​មួយ​ដើម្បី​នៅ​ជាមួយ​បងប្អូន​នា​សម័យ​ប្រជុំ​សន្និសីទ​ទូទៅ​ដ៏​អស្ចារ្យ​នេះ​នា​ថ្ងៃ​នេះ ៖ ដើម្បី​ស្តាប់​សារលិខិត​ដ៏​បំផុស​គំនិត ដើម្បី​ស្តាប់​ក្រុមចម្រៀង​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ដ៏​អស្ចារ្យ ដែល​តំណាង​ឲ្យ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​រាប់ពាន់​នាក់​នៅទូទាំង​ពិភពលោក—ដែល​ជា​កូន​ប្រុសស្រី​របស់​យើង—ហើយ​ជាពិសេស​ដើម្បី​រួបរួម​នៅក្នុង​ជំនឿ​របស់​យើង​សព្វថ្ងៃ ជាថ្មី​ម្តង​ទៀត​ដើម្បី​គាំទ្រ​ដល់​ប្រធាន និង​ព្យាការី​ជា​ទីស្រឡាញ់​របស់​យើង​គឺ​ប្រធាន រ័សុល អិម ណិលសុន គណៈប្រធាន​ទី​មួយ និង​អ្នក​កាន់​តំណែង​ទូទៅ​នៃ​សាសនាចក្រ ។ ឱ​វា​ជា​ដ៏​ល្អ​ណាស់​ដែល​បាន​នៅ​ជាមួយ​បងប្អូន​នា​ថ្ងៃ​នេះ ។

ស្តេច​សាឡូម៉ូន​ពី​បុរាណ​គឺ​ជា​ស្តេច​មួយ​អង្គ​ដែល​មាន​ជោគជ័យ​ខ្លាំង​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ ។ ទ្រង់​ហាក់​ដូចជា​មាន​អ្វីៗ​គ្រប់​យ៉ាង—មាសប្រាក់ អំណាច ការស្រឡាញ់​ចូលចិត្ត និង​កិត្តិយស ។ ប៉ុន្តែ​បន្ទាប់​ពី​ផ្គាប់ចិត្ត​ខ្លួន​ឯង និង​សម្ភារ​ប្រណិតៗ​អស់​ជា​ច្រើន​ទសវត្សរ៍​មក តើ​ស្តេច​សាឡូម៉ូន​ពិពណ៌នា​អំពី​ជីវិត​ទាំងស្រុង​របស់​ទ្រង់​យ៉ាង​ដូចម្តេច ?

ទ្រង់​មាន​បន្ទូល​ថា « គ្រប់​ទាំង​អស់​សុទ្ធ​តែ​អត់​ប្រយោជន៍​ទទេៗ » ។

ទ្រង់​មាន​អ្វីៗទាំងអស់ បាន​ខកចិត្ត មាន​ភាព​ទុទ្ទិដ្ឋិនិយម និង​ពុំ​រីករាយ​សោះ ទោះបី​ជា​អ្វីៗ​ទាំងអស់​ដែល​ទ្រង់​មាន​ផ្តល់​ប្រយោជន៍​ដល់​ទ្រង់​ក្តី ។

មាន​ពាក្យ​មួយ​ជា​ភាសា​អាល្លឺម៉ង់​ថា Weltschmerz ( វែលឆ្មើស ) ។ វា​មាន​ន័យ​យ៉ាង​សាមញ្ញ​ថា ជា​ទុក្ខ​មួយ​ដែល​កើត​មក​ពី​ការគិត​ច្រើន​ថា ពិភពលោក​នេះ​មាន​លក្ខណៈ​ទាប​ជាង របៀប​ដែល​យើង​គិត​ពី​វា ។

ប្រហែល​ជា​មាន Weltschmerz បន្តិចបន្តួច​នៅក្នុង​ចិត្ត​ពួកយើង​ទាំងអស់​គ្នា ។

ពេល​ទុក្ខព្រួយ​ដ៏​ស្ងៀមស្ងាត់​លបលួច​ចូល​មក​ក្នុង​ផ្នែក​មួយ​នៃ​ជីវិត​យើង ។ ពេល​យើងកើត​ទុក្ខ​ជា​ខ្លាំង​ទាំង​ថ្ងៃ​ទាំង​យប់ ។ ពេល​សោកនាដ្ឋកម្ម និង​ភាពអយុត្តិធម៌​កើត​ឡើង​ជុំ​វិញ​យើង រួមទាំង​កើត​ក្នុង​ជីវិត​របស់​មនុស្ស​ដែល​យើង​ស្រឡាញ់ ។ ពេល​យើង​ធ្វើ​ដំណើរ​លើ​ផ្លូវ​ផ្ទាល់​ខ្លួន​ដ៏​អភ័ព្វ និង​ឯកោ​របស់​យើង ហើយ​វា​ធ្វើ​ឲ្យ​យើង​មាន​ការឈឺចាប់ ខណៈ​ដែល​យើង​គួរតែ​មាន​ភាពសុខសាន្ត—នោះ​យើង​អាច​ត្រូវបាន​ល្បួង​ឲ្យ​យល់​ស្រប​ជាមួយ​សាឡូម៉ូន​ថា ជីវិត​នេះ​គឺ​គ្មាន​តម្លៃ ហើយ​គ្មាន​ន័យ​ខ្លឹម​សារ​អ្វី​ឡើយ ។

សេចក្តីសង្ឃឹម​ដ៏​អស្ចារ្យ

ដំណឹង​ល្អ​នោះ​គឺ​ថា វា​មាន​សេចក្តីសង្ឃឹម ។ មាន​ដំណោះស្រាយ​មួយ​ទៅ​នឹង​ភាព​ទទេ​ស្អាត ភាពឥត​ប្រយោជន៍ និង Weltschmerz ដែល​កើត​ក្នុង​ជីវិត ។ មាន​ដំណោះស្រាយ​មួយ ទោះបី​អ្នក​អាច​មាន​អារម្មណ៍​ថា អស់សង្ឃឹម និង​បាក់​ទឹកចិត្ត​យ៉ាង​ខ្លាំង​ក្តី ។

សេចក្តីសង្ឃឹម​នេះ​រក​ឃើញ​ក្នុង​អំណាច​ដែល​អាច​ផ្លាស់ប្តូរ​ជីវិត​យើង​បាន​គឺ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ និង​ក្នុង​អំណាច​នៃ​ការប្រោសលោះ​របស់​ព្រះអង្គសង្គ្រោះ ដើម្បី​ព្យាបាល​យើង​ពី​រោគា​នៃ​ព្រលឹង​យើង ។

ព្រះយេស៊ូវ​បាន​ប្រកាស​ថា « ខ្ញុំ​បាន​មក​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​ជីវិត ហើយ​ឲ្យ​មាន​ជីវិត​នោះ​ពេញ​បរិបូរណ៍​ផង » ។

យើង​សម្រេច​បាន​ជីវិត​បរិបូរណ៍​នោះ ពុំមែន​តាមរយៈ​ការផ្តោត​ទៅលើ​តម្រូវការ ឬ​លើ​សមិទ្ធផល​ផ្ទាល់​ខ្លួន​របស់​យើង​នោះ​ទេ ប៉ុន្តែ​តាមរយៈ​ការប្រែក្លាយ​ជា​សិស្ស​ពិត​របស់​ព្រះយេស៊ូវគ្រីស្ទ—តាមរយៈ​ការធ្វើ​តាម​របៀប​ទ្រង់ ហើយ​ចូល​ប្រឡូក​ក្នុង​កិច្ចការ​របស់​ទ្រង់ ។ យើង​រកឃើញ​ជីវិត​បរិបូរណ៍​តាមរយៈ​ការបំភ្លេច​ខ្លួន​យើង ហើយ​ចូល​ប្រឡូក​នៅក្នុង​បុព្វហេតុ​ដ៏​អស្ចារ្យ​នៃ​ព្រះគ្រីស្ទ ។

ហើយ​តើ​អ្វី​ទៅ​ជា​បុព្វហេតុ​នៃ​ព្រះគ្រីស្ទ ? វា​គឺជា​ការជឿ​លើ​ទ្រង់ ស្រឡាញ់​ដូច​ទ្រង់​បាន​ស្រឡាញ់ និង​ធ្វើដូច​ទ្រង់​បាន​ធ្វើ ។

ព្រះយេស៊ូវ « បាន​យាង​ចុះ​ឡើង​ធ្វើ​ការល្អ » ។ ទ្រង់​បាន​យាង​ក្នុង​ចំណោម​មនុស្ស​ទ័លក្រ មនុស្ស​ដែល​គេ​បណ្តេញ​ចេញ មនុស្ស​ឈឺ និង​មនុស្ស​ដែល​រង​ក្តីអាម៉ាស់ ។ ទ្រង់​បាន​ប្រទាន​ការងារ​បម្រើ​ដល់​មនុស្ស​គ្មាន​អំណាច មនុស្ស​ទន់ខ្សោយ និង​មនុស្ស​គ្មាន​អ្នក​រាប់​អាន ។ ទ្រង់​បាន​ចំណាយ​ពេល​នៅ​ជាមួយ​ពួកគេ ទ្រង់​បាន​មាន​បន្ទូល​ជាមួយ​ពួកគេ ។ « ទ្រង់​ក៏​ប្រោស​គេ​ឲ្យ​ជា​គ្រប់​គ្នា​ដែរ » ។

គ្រប់​ទីកន្លែង​ដែល​ទ្រង់​បាន​យាង​ទៅ ព្រះអង្គសង្គ្រោះ​បាន​បង្រៀន « ដំណឹងល្អ » ។ ទ្រង់​បាន​ចែកចាយ​សេចក្តីពិត​អស់កល្ប​ដែល​ធ្វើ​ឲ្យ​មនុស្ស​មាន​សេរីភាព​ទាំង​ខាង​វិញ្ញាណ និង​ខាង​សាច់​ឈាម ។

អស់​អ្នក​ដែល​បូជា​ជីវិត​ពួកគេ​ចំពោះ​បុព្វហេតុ​នៃ​ព្រះគ្រីស្ទ រកឃើញ​សេចក្តីពិត​នៃ​ការសន្យា​របស់​ព្រះអង្គសង្គ្រោះ​ថា ៖ « អ្នក​ណា​ដែល​បាត់​ជីវិត ដោយ​ព្រោះ​ខ្ញុំ នោះ​នឹង​បាន​វិញ » ។

បង​ប្អូន​ប្រុស​ស្រី​ជា​ទី​ស្រឡាញ់ សាឡូម៉ូន​ថ្លែង​ខុស​ហើយ—ជីវិត​នេះគឺ​មិន « អត់​ប្រយោជន៍​ទទេ » នោះ​ទេ ។ ផ្ទុយ​ទៅវិញ ជីវិត​នេះ​អាច​ពោរពេញ​ដោយ​គោលបំណង មាន​ខ្លឹមសារ និង​ភាពសុខសាន្ត ។

ព្រះហស្ត​នៃ​ការព្យាបាល​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ឈោង​ទៅកាន់​មនុស្ស​ទាំងអស់​ដែល​ស្វែងរក​ទ្រង់ ។ ខ្ញុំ​បាន​ដឹង​ច្បាស់​ដោយ​ឥតសង្ស័យ​ថា ការជឿ និង​ការស្រឡាញ់​ព្រះ ព្រមទាំង​ការព្យាយាម​ធ្វើ​តាម​ព្រះគ្រីស្ទ អាច​ផ្លាស់ប្តូរ​ដួងចិត្ត​យើង  បន្ធូរ​ការឈឺចាប់​យើង និង​បំពេញ​ព្រលឹង​យើង​នូវ « សេចក្ដី​អំណរ​ជា​អតិបរមា » ។

ជឿ ស្រឡាញ់ ធ្វើ

ប្រាកដ​ណាស់ យើង​ត្រូវតែ​ធ្វើ​ច្រើន​ជាង​ការគ្រាន់តែ​មាន​ប្រាជ្ញា​យល់​ដឹង​អំពី​ដំណឹងល្អ​សម្រាប់​រឿង​នេះ ដើម្បី​មាន​អំណាច​នៃ​ការព្យាបាល​នេះ​នៅក្នុង​ជីវិត​យើង ។ យើង​ត្រូវ​ដាក់​បញ្ចូល​វា​ទៅក្នុង​ជីវិត​យើង—ធ្វើ​វា​ជា​ផ្នែក​មួយ​នៃ​ជីវិត​យើង និង​អ្វី​ដែល​យើង​ធ្វើ ។

ខ្ញុំ​សូម​ផ្តល់​យោបល់​ថា ភាព​ជាសិស្ស​ចាប់ផ្តើម​ជាមួយ​នឹង​ពាក្យ​សាមញ្ញ​បី ៖

ជឿ ស្រឡាញ់ និង ធ្វើ ។

ការជឿ​លើ​ព្រះ​ដឹកនាំ​ទៅរក​សេចក្តី​ជំនឿ​លើ​ទ្រង់ និង​បង្កើត​ឲ្យ​មាន​ទំនុកចិត្ត​លើ​ព្រះបន្ទូល​ទ្រង់ ។ សេចក្តីជំនឿ​បណ្តាល​ឲ្យ​ចិត្ត​យើង​មាន​សេចក្តី​ស្រឡាញ់​ចំពោះ​ព្រះ និង​មនុស្ស​ដទៃ​ទៀត​កើន​ឡើង ។ នៅពេល​សេចក្តីស្រឡាញ់​នោះ​កើន​ឡើង នោះ​យើង​ត្រូវបាន​បំផុសគំនិត​ឲ្យ​ធ្វើត្រាប់​តាម​ព្រះអង្គសង្គ្រោះ ពេល​យើង​បន្ត​ដំណើរ​ដ៏​អស្ចារ្យ​ផ្ទាល់​ខ្លួន​យើង​លើ​មាគ៌ា​នៃ​ភាព​ជា​សិស្ស ។

អ្នក​អាច​និយាយ​ថា « ប៉ុន្តែ រឿង​នោះ​ហាក់​ដូចជា​ស្រួល​ពេក​ហើយ ។ ប្រាកដ​ណាស់​បញ្ហា​ក្នុង​ជីវិត ដូច​ជា​បញ្ហា​របស់​ខ្ញុំ​គឺ វា​មាន​ភាព​ស្មុគស្មាញ​ខ្លាំង​សម្រាប់​សេចក្តីបង្គាប់​ដ៏​សាមញ្ញ​នេះ ។ អ្នក​ពុំ​អាច​ព្យាបាល Weltschmerz ជាមួយ​នឹង​ពាក្យ​សាមញ្ញ​បី ៖ ជឿ ស្រឡាញ់ ធ្វើ » នេះ​ទេ » ។

វា​ពុំ​មែន​ជា​ពាក្យ​ពេចន៍​សម្រាប់​ព្យាបាល​ទេ ។ វា​គឺជា​សេចក្តីស្រឡាញ់​នៃ​ព្រះ​ដែល​សង្គ្រោះ ស្តារ​ឡើង​វិញ និង​ធ្វើ​ឲ្យ​រស់ឡើង​វិញ ។

ព្រះ​ស្គាល់​បងប្អូន ។ បងប្អូន​ជា​បុត្រ​របស់​ទ្រង់ ។ ទ្រង់​ស្រឡាញ់​បងប្អូន ។

ទោះបី​ពេល​បងប្អូន​គិត​ថា បងប្អូន​ពុំ​អាច​មាន​គេ​ស្រឡាញ់​ក្តី ក៏​ទ្រង់​ឈោង​ទៅរក​បងប្អូន​ដែរ ។

ថ្ងៃ​នេះ—រៀងរាល់​ថ្ងៃ—ទ្រង់​ឈោង​ទៅជួយ​បងប្អូន ដោយ​មាន​ព្រះទ័យ​ព្យាបាល​បងប្អូន លើក​ស្ទួយ​បងប្អូន​ឡើង ហើយ​ជំនួស​នូវ​ភាព​ទទេ​ស្អាត​នៅក្នុង​ចិត្ត​បងប្អូន​ដោយ​អំណរ​ដ៏​ខ្ជាប់ខ្ជួន ។ ទ្រង់​មាន​ព្រះទ័យ​ដក​យក​នូវ​ភាព​ងងឹត​ណា​មួយ​ដែល​បាំង​ជីវិត​បងប្អូន ហើយ​បំពេញ​ជីវិត​បងប្អូន​ជាមួយ​នឹង​ពន្លឺ​ដ៏​ពិសិដ្ឋ និង​ភ្លឺ​ចិញ្ចែងចិញ្ចាច​នៃ​សិរី​ល្អ​ដ៏​គ្មាន​ទីបញ្ចប់​របស់​ទ្រង់ ។

ខ្ញុំ​បាន​ទទួល​បទពិសោធន៍​នេះ​ដោយ​ផ្ទាល់ ។

ហើយ​វា​ជា​សាក្សី​របស់​ខ្ញុំ​ក្នុង​នាម​ជា​សាវក​របស់​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ​ថា អស់​អ្នក​ដែល​មក​រក​ព្រះ—អស់​អ្នកដែល​ពិតជា ជឿ ស្រឡាញ់ និង ធ្វើ—អាច​ទទួល​បទពិសោធន៍​ដូចគ្នា​ផងដែរ ។

យើង​ជឿ

ព្រះគម្ពីរ​បង្រៀន​យើង​ថា « បើ​ឥត​មាន​សេចក្តី​ជំនឿ​ទេ នោះ​មិន​អាច​នឹង​គាប់​ដល់​ព្រះហឫទ័យ [ ព្រះ ] បាន​ឡើយ ៖ ដ្បិត​អ្នក​ណា​ដែល​ចូល​ទៅ​ឯ​ព្រះ នោះ​ត្រូវ​តែ​ជឿ​ថា មាន​ព្រះ​មែន » ។

សម្រាប់​មនុស្ស​មួយ​ចំនួន ទង្វើ​នៃ​សេចក្តីជំនឿ​គឺ​ជារឿង​ពិបាក ។ ជួនកាល អំនួត​របស់​យើង​បាន​បោះ​ជំហាន​ចូល​មក ។ ប្រហែល​យើង​គិត​ថា ដោយសារ​យើង​មាន​ប្រាជ្ញា មាន​ការអប់រំ ឬ​មាន​បទពិសោធន៍ នោះ​យើង​ពុំ​អាច​ជឿលើ​ព្រះ​ឡើយ ។ ហើយ​យើង​ចាប់ផ្តើម​ចាត់ទុក​សាសនា​ថា​ជា​ប្រពៃណី​ដ៏​ឆ្កួត​លីលា ។

នៅក្នុង​បទពិសោធន៍​ខ្ញុំ ជំនឿ​ពុំ​ដូច​ជា​គំនូរ​មួយ​ដែល​យើង​សម្លឹង​មើល ហើយ​កោត​សរសើរ ព្រមទាំង​ពិភាក្សា​គ្នា តែ​វា​មិន​ពិត​ចំពោះ​យើង​នោះ​ទេ ។ វា​ដូច​ជា​នង្គ័ល​ដែល​យើង​យក​ទៅ​ភ្ជួរស្រែ ហើយ​ដោយ​ការបែកញើស បង្កើត​ជា​ដី​អាចម៍​បំណះ​ដែល​អាច​ដាំ​គ្រាប់ពូជ ហើយ​ផ្តល់​ផលផ្លែ​ដែល​នឹង​បន្ត​នៅ​សល់​ច្រើន​ជាង ។

ចូល​ទៅ​ជិត​ព្រះ នោះ​ទ្រង់​នឹង​ចូល​មក​ជិត​អ្នក​រាល់​គ្នា​ដែរ ។ នេះ​គឺជា​ការសន្យា​ដល់​អស់​អ្នក​ដែល​ព្យាយាម​ជឿ ។

យើង​ស្រឡាញ់

ព្រះគម្ពីរ​បើក​សម្តែង​ថា កាលណា​យើង​ស្រឡាញ់​ព្រះ និង​បុត្រាបុត្រី​ទ្រង់​កាន់តែ​ខ្លាំង នោះ​យើង​រីករាយ​កាន់តែ​ខ្លាំង​ដែរ ។ ប៉ុន្តែ សេចក្ដី​ស្រឡាញ់​ដែល​ព្រះយេស៊ូវ​មាន​បន្ទូល​នោះ ពុំមែន​ជា​ក្តីស្រឡាញ់​តាម​ទំនើង​ចិត្ត ពុំមែន​ស្រឡាញ់​ហើយ​ណាយ​ចិត្ត ពុំ​មែន​ស្រឡាញ់​ហើយ​ទៅ​ស្រឡាញ់​អ្វី​ផ្សេង​ទៀត​នោះ​ទេ ។ វា​ពុំមែន​ជា​ក្តីស្រឡាញ់​ដែល​ថ្លែង​ហើយ​ក្រោយ​មក​បំភ្លេច​វា​នោះ​ទេ ។ វា​ពុំមែន​ជា​ក្តី​ស្រឡាញ់​ដែល​គ្រាន់តែ​និយាយ​ថា « សូម​ប្រាប់​ខ្ញុំ ប្រសិនបើ​មាន​អ្វី​ដែល​ខ្ញុំ​អាច​ជួយ​បាន » នោះ​ទេ ។

សេចក្ដី​ស្រឡាញ់​ដែល​ព្រះ​បាន​ថ្លែង​នោះ គឺជា​សេចក្តីស្រឡាញ់​ដែល​ចូល​ក្នុង​ចិត្ត​យើង តាំងពី​ពេល​យើង​ភ្ញាក់​ពី​ដេក​ពេល​ព្រឹក​នៅជាប់​ពេញ​មួយ​ថ្ងៃ ហើយ​រីកឡើង​នៅក្នុង​ចិត្ត​យើង ពេល​យើង​ថ្លែង​ការអធិស្ឋាន​នៃ​ការដឹងគុណ​នៅពេល​យប់ ។

នេះ​ជា​ក្ដី​ស្រឡាញ់​ដែល ពុំ​អាច​ថ្លែង​បាន​ដែល​ព្រះវរបិតា​សួគ៌​មាន​សម្រាប់​យើង ។

ក្តីអាណិតអាសូរ​គ្មាន​ទីបញ្ចប់​នេះ អនុញ្ញាត​ឲ្យ​យើង​មើល​មនុស្ស​ដទៃ​ថា ពួកគេ​ជា​មនុស្ស​បែប​ណា​បាន​ច្បាស់​ជាង ។ តាមរយៈ​កែវ​ភ្នែក​នៃ​សេចក្តីស្រឡាញ់​ដ៏​សុទ្ធសាធ នោះ​យើង​មើល​ឃើញ​មនុស្ស​ថា គឺ​ជា​បុត្រាបុត្រី​អមតៈដែល​មាន​សក្តានុពល​ឥតដែន​កំណត់ និង​មាន​តម្លៃ ព្រមទាំង​ជា​ទី​សំណព្វ​របស់​ព្រះ​ដ៏​មាន​មហិទ្ធិ​ឫទ្ធិ ។

ពេល​យើង​មើល​មនុស្ស​នៅក្នុង​របៀប​នេះ នោះ​យើង​មិន​អាច​បន្ថាបបន្ថោក ឥត​គោរព ឬ​ប្រកាន់​ពូជសាសន៍​ទាស់​នឹង​នរណា​ម្នាក់​ឡើយ ។

យើង​ធ្វើ

នៅក្នុង​កិច្ចការ​របស់​ព្រះអង្គសង្គ្រោះ ជារឿយៗ​វា​ជា​កិច្ចការ​តូចតាច និង​ងាយ​ដែល « [ ទើប ] នាំ​ឲ្យ​កើត​កិច្ចការ​ដ៏​ធំៗ​បាន » ។

យើង​ដឹង​ថា វា​តម្រូវ​ឲ្យ​មាន​ការអនុវត្ត​ច្រំដែលៗ ដើម្បី​ធ្វើ​ឲ្យ​យើង​ពូកែ​ខាង​ផ្នែក​អ្វី​មួយ ។ ទោះជា​ការផ្លុំ​ប៉ី ទាត់​បាល់​ឲ្យ​ចូល​ហ្គោល ជួសជុល​ឡាន ឬ​សូម្បីតែ​ការ​បើក​យន្តហោះ​ក្តី មាន​តែ​តាមរយៈ​ការអនុវត្ត​ប៉ុណ្ណោះ ទើប​យើង​អាច​បាន​ពូកែ​ឡើង ។

អង្គការ​ដែល​ព្រះអង្គសង្គ្រោះ​របស់​យើង​បាន​បង្កើត​នៅលើ​ផែនដី—គឺ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ—ជួយ​យើង​ឲ្យ​ធ្វើ​កិច្ចការ​នោះ ។ សាសនាចក្រ​នេះ​ផ្តល់​កន្លែង​មួយ​ឲ្យ​យើង​អនុវត្ត​ការរស់នៅ ក្នុង​របៀប​មួយ​ដែល​ទ្រង់​បាន​បង្រៀន និង​ផ្តល់​ពរ​ដល់​មនុស្ស​ដទៃ​តាម​របៀប​ដែល​ទ្រង់​បាន​ប្រទាន​ពរ ។

ក្នុងនាម​ជា​សមាជិក​សាសនាចក្រ យើង​ត្រូវបាន​ផ្តល់​ឲ្យ​នូវ​ការហៅ​បម្រើ ការទទួលខុសត្រូវ និង​ឱកាស​ឲ្យ​យើង​ឈោង​ទៅ​ជួយ​មនុស្ស​ដទៃ​ដោយ​ក្តីអាណិតអាសូរ និង​ផ្តល់​ការងារ​បម្រើ ។

ថ្មីៗ​នេះ សាសនាចក្រ​បាន​គូសបញ្ជាក់​ជា​ថ្មី​ឡើង​វិញ​ទៅលើ​ការផ្តល់​ការងារ​បម្រើ ឬ​ការបម្រើ ឬ​ការស្រឡាញ់​មនុស្ស​ដទៃ ។ មាន​ការគិត​យ៉ាង​ច្រើន​ដើម្បី​កំណត់​ពី​អ្វី​ដែល​យើង​គួរតែ​ហៅ​ការគូស​បញ្ជាក់​ពិសេស​នេះ ។

ឈ្មោះ​មួយ​ដែល​ត្រូវបាន​ពិចារណា​នោះ​គឺ ការឃ្វាល ជា​ពាក្យ​ដែល​ស័ក្តិសម​ទៅ​នឹង​ការអញ្ជើញ​របស់​ព្រះគ្រីស្ទ ៖ « ចូរ​ឲ្យ​ចំណី​ដល់​កូន​ចៀម​ខ្ញុំ​ស៊ី​ផង » ។ ប៉ុន្តែ យ៉ាង​ហោច​ណាស់​វា​មាន​គុណវិបត្តិ​មួយ ៖ ដោយ​ប្រើ​ពាក្យ​នោះ វា​ធ្វើ​ឲ្យ​ខ្ញុំ​ក្លាយ​ទៅ​ជា សុនក​ជនជាតិ​អាល្លឺម៉ង់​ហើយ ។ ហេតុដូច្នេះ​ហើយ ខ្ញុំ​ពេញ​ចិត្ត​ពេញ​ថ្លើម​នឹង​ពាក្យ ការងារ​បម្រើ​វិញ ។

កិច្ចការ​នេះ​គឺ​សម្រាប់​មនុស្ស​គ្រប់​គ្នា

ប្រាកដ​ណាស់ ការគូស​បញ្ជាក់​នេះ​ពុំមែន​ថ្មី​ទេ ។ វា​ផ្តល់​នូវ​ឱកាស​មួយ​ដល់​យើង​សម្រាប់​រំឭក និង​កែលម្អ​ខ្លួន ដើម្បី​អនុវត្ត​បទបញ្ញត្តិ​របស់​ព្រះអង្គសង្គ្រោះ​ដើម្បី « ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក »  ជា​របៀប​ដែល​បាន​បន្សុទ្ធ​មួយ​ដើម្បី​អនុវត្ត និង​ហាត់សម​គោលបំណង​នៃ​សាសនាចក្រ ។

សូម​គិត​អំពី​កិច្ចការ​ផ្សព្វផ្សាយ​សាសនា ភាពក្លាហាន ការបន្ទាប​ខ្លួន និង​ការមាន​ទំនុក​ចិត្ត​ចែកចាយ​ដំណឹង​ល្អ គឺជា​គំរូ​ដ៏​អស្ចារ្យ​នៃ​ការងារ​បម្រើ​ដល់​តម្រូវការ​ខាង​វិញ្ញាណ​របស់​មនុស្ស​ដទៃ ទោះពួកគេ​ជា​នរណា​ក្តី ។

ឬ​ការធ្វើ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ—ស្វែងរក​ឈ្មោះ​ជីដូនជីតា​យើង ហើយ​ផ្តល់​ពរជ័យ​អស់កល្ប​ជានិច្ច​ដល់​ពួកគាត់ ។ ឱ​នោះ​គឺ​ជា​ការផ្តល់​ការងារ​បម្រើ​ដ៏​ទេវភាព​មួយ ។

សូម​ពិចារណា​អំពី​ទង្វើ​នៃ​ការស្វែងរក​ជន​ទ័លក្រ និង​ជន​ខ្វះខាត លើក​ដៃ​ដែល​ស្រពន់​ឡើង ឬ​ប្រសិទ្ធពរ​ដល់​អ្នក​ឈឺ និង​អ្នក​រងទុក្ខ ។ តើ​ទង្វើ​ទាំង​នេះ​ពុំមែន​ជា​ទង្វើ​នៃ​ការងារ​បម្រើ​ដ៏​សុទ្ធសាធ ដែល​ព្រះអម្ចាស់​បាន​ធ្វើ កាល​ទ្រង់​យាង​នៅលើ​ផែនដី​ទេ​ឬ​អី ?

ប្រសិនបើ​អ្នក​ពុំ​មែន​ជា​សមាជិក​សាសនាចក្រ ខ្ញុំ​សូម​អញ្ជើញ​អ្នក​ឲ្យ​តាម​ខ្ញុំ « ទៅ​មើល » ។ ចូរមក ហើយ​ចូលរួម​ជាមួយ​យើង ។ ប្រសិនបើ​អ្នក​ជា​សមាជិក​សាសនាចក្រ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ពុំ​បាន​ចូលរួម​យ៉ាង​សកម្ម នោះ​ខ្ញុំ​សូម​អញ្ជើញ​អ្នក​ថា ៖​សូម​ត្រឡប់​មក​វិញ ។ ពួក​យើង​ត្រូវការ​បងប្អូន !

ចូរ​មក​បន្ថែម​កម្លាំង​ដល់​កម្លាំង​ពួកយើង ។

ដោយសារ​តែ​ទេពកោសល្យ សមត្ថភាព និង​បុគ្គលិក​លក្ខណៈ​ពិសេស​របស់​បងប្អូន នោះ​បងប្អូន​នឹង​ជួយ​យើងឲ្យ​កាន់តែ​ប្រសើរ និង​រីករាយ​ឡើង ។ ប្រសិនបើ​បងប្អូន​ធ្វើដូច្នេះ នោះ​យើង​នឹង​ជួយ​បងប្អូន​ឲ្យ​កាន់តែ​ប្រសើរ និង​រីករាយ​ឡើង​ផងដែរ ។

ចូរ​មក​ជួយ​យើង​ស្ថាបនា និង​ពង្រឹង​វប្បធម៌​មួយ​នៃ​ការព្យាបាល សន្តានចិត្ត​ល្អ និង​មាន​សេចក្តីមេត្តា​ករុណា​ចំពោះ​បុត្រាបុត្រី​ទាំងអស់​របស់​ព្រះ ។ ដ្បិត​យើង​ទាំងអស់​គ្នា​ព្យាយាម​ក្លាយ​ជា​សត្វ​លោក​ថ្មី ដែល « អស់​ទាំង​សេចក្តី​ចាស់​បាន​កន្លង​បាត់​ទៅ » ហើយ « គ្រប់​ទាំង​អស់…​ត្រឡប់​ជា​ថ្មី​វិញ » ។ ព្រះអង្គសង្គ្រោះ​បង្ហាញ​ទិសដៅ​ដល់​យើង​ឲ្យបន្ត​ទៅមុខ—ឆ្ពោះ​ទៅមុខ និង​រីកចម្រើន​ឡើង ។ ទ្រង់​មាន​បន្ទូល​ថា « បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ ចូរ​កាន់តាម​បញ្ញត្តិ​របស់​ខ្ញុំ​ចុះ » ។ ចូរ​យើង​ទាំងអស់​គ្នា​ធ្វើ​ការ​រួម​គ្នា​ដើម្បី​ក្លាយ​ជា​មនុស្ស​ដែល​ព្រះ​សព្វ​ព្រះទ័យ​ឲ្យ​យើង​ប្រែក្លាយ ។

នេះ​គឺជា​វប្បធម៌​ដំណឹងល្អ​មួយ​បែប​ដែល​យើង​ប្រាថ្នា​បណ្តុះ​ឲ្យ​មាន​នៅ​ទូទាំង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ យើង​ព្យាយាម​ពង្រឹង​សាសនាចក្រ​ទុក​ដូចជា​កន្លែង​មួយ​ដែល​យើង​អភ័យទោស​ឲ្យ​គ្នា​ទៅវិញ​ទៅមក ។ ជា​កន្លែង​ដែល​យើង​បដិសេធ ការល្បួង​ឲ្យ​មើល​តែ​កំហុស និយាយ​ដើម និង​ទាញ​ទម្លាក់​មនុស្ស​ដទៃ​ចុះ ។ ជា​កន្លែង​ដែល​យើង លើកស្ទួយ​គ្នា ហើយ​ជួយ​គ្នា​ទៅវិញ​ទៅមក​ដើម្បី​ក្លាយ​ជា​មនុស្ស​ល្អ​បំផុត​ដែល​យើង​អាច​ធ្វើ​បាន ជំនួស​ឲ្យ​ការផ្តោតតែ​ទៅលើ​គុណវិបត្តិ ។

ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ម្ដង​ទៀត ។ ចូរ​តាម​ខ្ញុំ​ទៅ​មើល ។ សូម​ចូលរួម​ជាមួយ​យើង ។ ពួក​យើង​ត្រូវការ​បងប្អូន ។

មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ

បងប្អូននឹង​ឃើញ​ថា សាសនាចក្រ​នេះ​ពោរពេញ​ដោយ​មនុស្ស​ល្អៗ​បំផុត ដែល​ពិភពលោក​នេះ​បាន​ផ្តល់​ឲ្យ ។ ពួកគេ​ស្វាគមន៍ ស្រឡាញ់ មាន​សន្តាន​ចិត្ត​ល្អ និង​មាន​ចិត្ត​ស្មោះសរ ។ ពួកគេ​ខិតខំ​ធ្វើការ មាន​ឆន្ទៈ​លះបង់ ហើយ​ថែម​ទាំង​ជា​វីរជន​នៅ​ក្នុង​គ្រា​នានា ។

ហើយ​ពួកគេ​ក៏​ជា​មនុស្ស​មិន​ល្អ​ឥតខ្ចោះ​ដែរ ។

ពួកគេ​ធ្វើ​ខុស ។

យូរៗ​ម្តង ពួកគេ​និយាយ​ពាក្យ​ដែល​ពុំ​គួរ​និយាយ ។ ពួកគេ​ធ្វើ​រឿង​ដែល​ពួកគេ​ពុំ​ចង់​ធ្វើ ។

ប៉ុន្តែ​ពួកគេ​មាន​ចំណុច​នេះ​ដូចគ្នា—គឺ​ពួកគេ​ចង់​កែលម្អ​ខ្លួន ហើយ​ខិត​កាន់តែ​ជិត​ព្រះអម្ចាស់​ដែល​ជា​ព្រះអង្គសង្គ្រោះ​របស់​យើង​គឺ​ព្រះយេស៊ូវគ្រីស្ទ ។

ពួកគេ​កំពុង​ព្យាយាម​ធ្វើ​រឿង​ត្រឹមត្រូវ ។

ពួកគេ ជឿ ។ ពួកគេ ស្រឡាញ់ ។ ពួកគេ ធ្វើ ។

ពួកគេ​ពុំ​ចង់​មាន​ភាព​អាត្មានិយម ពួកគេ​ចង់​មាន​ចិត្ត​អាណិតអាសូរ​កាន់តែ​ច្រើន កែលម្អ​ខ្លួន ប្រែក្លាយ​ដូច​ព្រះយេស៊ូវ​កាន់តែ​ខ្លាំង​ឡើង ។

ប្លង់​នៃ​សុភមង្គល

ប្រាកដ​ណាស់ មាន​គ្រា​ខ្លះ​ជីវិត​នេះ​អាច​មាន​ទុក្ខលំបាក ។ ប្រាកដ​ណាស់ យើង​ទាំងអស់​គ្នា​មាន​គ្រា​ដែល​អស់​សង្ឃឹម និង​ខក​ចិត្ត ។

ប៉ុន្តែ​ដំណឹងល្អ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​ផ្ដល់​នូវ​សេចក្តីសង្ឃឹម ។ ហើយ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ យើង​ចូលរួម​ជាមួយ​មនុស្ស​ដទៃ​ដែល​ស្វែងរក​កន្លែង​មួយ ដែល​យើង​អាច​មាន​អារម្មណ៍​ថា​ដូច​នៅ​ផ្ទះ—ជា​កន្លែង​នៃ​ការរីក​ចម្រើន​ជាមួយ​គ្នា ជា​កន្លែង​ដែល​យើង​អាច ជឿ ស្រឡាញ់ និង ធ្វើ ។

ទោះជា​យើង​មាន​ភាពខុស​ពី​គ្នា​ក្តី យើង​ព្យាយាម​ទទួល​យក​គ្នា​ទៅវិញ​ទៅមក​ជា​បុត្រាបុត្រី​នៃ​ព្រះវរបិតាសួគ៌​ជាទីស្រឡាញ់​របស់​យើង ។

ខ្ញុំ​មាន​អំណរគុណ​ដ៏​លើសលុប​ដើម្បី​ធ្វើ​ជា​សមាជិក​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ហើយ​ដឹង​ថា ព្រះ​ស្រឡាញ់​បុត្រាបុត្រី​របស់​ទ្រង់​គ្រប់គ្រាន់​ល្មម ដើម្បី​ប្រទាន​ប្លង់​នៃ​សុភមង្គល និង​ខ្លឹមសារ​នៅក្នុង​ជីវិត​នេះ ព្រមទាំង​របៀប​មួយ​ដើម្បី​ដក​ពិសោធន៍​នូវ​អំណរ​អស់កល្ប​ជានិច្ច នៅក្នុង​សាល​នៃ​សិរីរុងរឿង​ក្នុង​ជីវិត​បន្ទាប់ ។

ខ្ញុំ​មាន​អំណរគុណ​ដែល​ព្រះ​បាន​ប្រទាន​ដល់​យើង​នូវ​របៀប​មួយ​ដើម្បី​ព្យាបាល​ជំងឺ​ខាង​ព្រលឹង និង Weltschmerz ដែល​កើត​ឡើង​ក្នុង​ជីវិត​នេះ ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់ និង​បន្សល់​ទុក​ពរជ័យ​របស់​ខ្ញុំ​ថា នៅពេល​យើង​ជឿ លើ​ព្រះ ពេល​យើង ស្រឡាញ់ ទ្រង់ និង ស្រឡាញ់ បុត្រាបុត្រី​របស់​ទ្រង់​ដោយ​អស់​ពី​ដួងចិត្ត​យើង ហើយ​ព្យាយាម ធ្វើ ដូច​ព្រះ​បាន​ត្រាស់​បង្គាប់​យើង នោះ​យើង​នឹង​រកឃើញ​ការព្យាបាល និង​ភាពសុខសាន្ត សុភមង្គល និង​ខ្លឹមសារ​ក្នុង​ជីវិត ។ នៅក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់ចំណាំ

  1. គេហទំព័រ msn.com ស្ទង់​មតិថា សាឡូម៉ូន​គឺជា​អ្នក​មាន​បំផុត​ជាប់​ចំណាត់ថ្នាក់​លេខ​ប្រាំ​ក្នុង​ចំណោម​មនុស្ស​ដែល​ធ្លាប់​រស់នៅ ។ « យោង​តាម​ព្រះគម្ពីរ​ប៊ីប ស្តេច​សាឡូម៉ុន​បាន​គ្រងរាជ្យ​ពី​ឆ្នាំ ៩៧០ មុន គ.ស. រហូត​ដល់​ឆ្នាំ ៩៣១ មុន គ.ស. ហើយ​អំឡុងពេល​នៃ​គ្រា​នោះ គេ​និយាយ​ថា ទ្រង់​បាន​ទទួល​មាស ២៥ តោន រៀងរាល់​ឆ្នាំ​នៃ​ការគ្រងរាជ្យ​ទាំង ៣៩ ឆ្នាំ​របស់​ទ្រង់​ដែល​មាន​តម្លៃ​ស្មើ​នឹង​ទឹកប្រាក់​រាប់ពាន់លាន​ដុល្លារ​នៅក្នុង​ឆ្នាំ ២០១៦ ។ ជាមួយ​នឹង​ទ្រព្យសម្បត្តិ​ដ៏​ច្រើនដែល​បាន​ប្រមូល​មក​ពី​ពន្ធអាករ និង​ពាណិជ្ជកម្ម នោះ​ទ្រព្យ​សម្បត្តិ​ផ្ទាល់​ខ្លួន​ដ៏​ច្រើន​របស់​អ្នកគ្រប់គ្រង​នៅក្នុង​ព្រះគម្ពីរ​ប៊ីប​នេះ អាច​មាន​លើស​ពី ២ លាន​លាន​ដុល្លារ​ជា​លុយ​បច្ចុប្បន្ន​នេះ » ( « The 20 Richest People of All Time » ថ្ងៃ​ទី ២៥ ខែ មេសា ឆ្នាំ ២០១៧ គេហទំព័រ msn.com ) ។

  2. សូមមើល សាស្តា ១:១–២ ។

  3. សូម​មើល សាស្តា ២:១៧ ។

  4. យ៉ូហាន ១០:១០ ។

  5. កិច្ចការ ១០:៣៨ ។

  6. ម៉ាថាយ ១២:១៥ សូមមើល​ផងដែរ ម៉ាថាយ ១៥:៣០ ។

  7. ពាក្យ ដំណឹងល្អ មាន​ឬស​នៃ​ពាក្យ​នេះ​ជា​ភាសា​ក្រិក​ដែល​មាន​ន័យ​ត្រង់​ថា « ដំណឹងល្អ » ( សូមមើល Bible Dictionary « Gospels » ) ។

  8. ម៉ាថាយ ១៦:២៥ ។

  9. សូមមើល អេសេគាល ៣៦:២៦; យេរេមា ២៤:៧ ។

  10. នីហ្វៃទី ១ ៨:១២ ។

  11. ហេព្រើរ ១១:៦ ។

  12. សូមមើល នីហ្វៃទី ២ ៩:២៨ ។

  13. សូមមើល យ៉ូហាន ១៥:១៦ ។

  14. សូមមើល យ៉ាកុប ៤:៨ ។

  15. សូមមើល នីហ្វៃ​ទី ៤ ១:១៥–១៦ ។

  16. អាលម៉ា ៣៧:៦ ។

  17. អារីស្តូត​ជឿ​ថា « តាមរយៈ​ការធ្វើ​ទង្វើសុចរិត នោះ​នឹង​បង្កើត​មនុស្ស​សុចរិត » ( The Nicomachean Ethics trans. David Ross, rev. Lesley Brown [ ឆ្នាំ ២០០៩ ] ទំព័រ ២៨ ) ។

  18. សូមមើល យ៉ូហាន ២១:១៥–១៧ ។

  19. យ៉ូហាន ១៥:១២ ។

  20. យ៉ូហាន ១:៣៩ ។

  21. កូរិនថូសទី ២ ៥:១៧ ។

  22. យ៉ូហាន ១៤:១៥ ។