អំណរនៃការបម្រើប្រកបដោយភាពមិនអាត្មានិយម
យើងបានសន្យាជាមួយព្រះវរបិតាគង់នៅស្ថានសួគ៌យើងថា យើងនឹងបម្រើទ្រង់ និងមនុស្សដទៃដោយសេចក្តីស្រឡាញ់ ហើយធ្វើតាមព្រះទ័យទ្រង់នៅក្នុងរឿងគ្រប់យ៉ាង ។
បន្ទាប់ពីសន្និសីទទូទៅកន្លងមកនេះ មនុស្សជាច្រើនបានមកជួបខ្ញុំដោយមានសំណួរដូចគ្នាថា ៖ « តើកៅអីអង្គុយទាំងនោះមានផាសុកភាពដែរឬទេ ? » ចម្លើយរបស់ខ្ញុំគឺដូចគ្នាគ្រប់ពេលទាំងអស់ថា ៖ « កៅអីទាំងនោះមានផាសុកភាពណាស់ ប្រសិនបើអ្នកមិនត្រូវឡើងនិយាយនោះ » ។ វាត្រូវ មែនទេ ? កៅអីរបស់ខ្ញុំគ្មានផាសុកភាពទេនៅក្នុងសន្និសីទលើកនេះ ប៉ុន្តែខ្ញុំពិតជាមានអំណរគុណចំពោះពរជ័យ និងមានកិត្តិយសក្នុងការនិយាយទៅកាន់បងប្អូននាល្ងាចនេះ ។
ជួនកាលនៅពេលយើងបម្រើ យើងត្រូវអង្គុយលើកៅអីផ្សេងៗជាច្រើន ។ កៅអីខ្លះមានផាសុកភាពណាស់ ហើយកៅអីមួយចំនួនទៀតគ្មានផាសុកភាពទេ ប៉ុន្តែយើងបានសន្យាជាមួយព្រះវរបិតាគង់នៅស្ថានសួគ៌យើងថា យើងនឹងបម្រើទ្រង់ និងមនុស្សដទៃដោយសេចក្តីស្រឡាញ់ ហើយធ្វើតាមព្រះទ័យទ្រង់នៅក្នុងរឿងគ្រប់យ៉ាង ។
ពីរបីឆ្នាំមុន យុវវ័យនៅក្នុងសាសនាចក្របានរៀនថា « នៅពេលអ្នក ‹ ចាប់ផ្ដើមធ្វើការបម្រើព្រះ › [ គោលលទ្ធិ និង សេចក្ដីសញ្ញា ៤:២ ] អ្នកកំពុងចូលរួមក្នុងដំណើរដ៏អស្ចារ្យមួយដែលពុំធ្លាប់មានពីមុនមក ។ អ្នកកំពុងជួយព្រះឲ្យពន្លឿនកិច្ចការរបស់ទ្រង់ ហើយវាគឺជាបទពិសោធន៍មួយដ៏ល្អរីករាយ ហើយអស្ចារ្យ » ។ វាជាដំណើរមួយដែលមានសម្រាប់មនុស្សទាំងអស់—គ្រប់អាយុ—ហើយវាក៏ជាដំណើរមួយដែលនាំយើងដើរលើផ្លូវដែលព្យាការីជាទីស្រឡាញ់របស់យើងបានថ្លែងពីវាគឺ « ផ្លូវនៃសេចក្តីសញ្ញា » ។
ប៉ុន្តែជាអកុសល យើងរស់នៅក្នុងពិភពលោកដ៏អាត្មានិយមមួយដែលមនុស្សសួរជានិច្ចថា « តើវាមានប្រយោជន៍អ្វីសម្រាប់ខ្ញុំ ? » ជាជាងសួរថា « តើខ្ញុំអាចជួយនរណាបាននៅថ្ងៃនេះ ? »
ឧទាហរណ៍ដ៏អស្ចារ្យមួយនៅក្នុងជីវិតខ្ញុំអំពីការបម្រើប្រកបដោយភាពមិនអាត្មានិយមគឺបងស្រី វិចតូរីយ៉ា អែនតូនី ។ វិចតូរីយ៉ាគឺជាគ្រូបង្រៀនថ្នាក់អង្គការបឋមសិក្សាម្នាក់នៅក្នុងសាខារបស់ខ្ញុំ កាលខ្ញុំបានធំដឹងក្ដីឡើងនៅប្រទេសអាហ្សង់ទីន ។ រៀងរាល់រសៀលថ្ងៃអង្គារ ពេលយើងមកជួបជុំគ្នាសម្រាប់ថ្នាក់អង្គការបឋមសិក្សា គាត់យកនំសូកូឡាមកឲ្យពួកយើង ។ មនុស្សគ្រប់គ្នាចូលចិត្តនំនោះ—មែនហើយ គឺគ្រប់គ្នា លើកលែងតែខ្ញុំម្នាក់ប៉ុណ្ណោះ ។ ខ្ញុំស្អប់នំសូកូឡាណាស់ ។ ហើយទោះបីគាត់បានព្យាយាមចែករំលែកនំនោះជាមួយខ្ញុំក្តី ខ្ញុំប្រកែកមិនយកវាជានិច្ច ។
ថ្ងៃមួយ បន្ទាប់ពីគាត់បានចែកនំសូកូឡាជាមួយក្មេងៗទាំងអស់រួច ខ្ញុំបានសួរគាត់ថា « ហេតុអ្វីបងមិនយកនំដែលមានរសជាតិផ្សេងមក—ដូចជារសជាតិក្រូច ឬវ៉ាន់នីឡាជាដើម ? »
បន្ទាប់ពីសើចបន្តិចមក គាត់បានសួរខ្ញុំថា « ហេតុអ្វី ប្អូន មិនភ្លក់នំនោះបន្តិចទៅ ? នំនេះធ្វើឡើងដោយគ្រឿងផ្សំពិសេស ហើយខ្ញុំសន្យាថា ប្រសិនបើប្អូនភ្លក់វា នោះប្អូននឹងចូលចិត្តវា ! »
ខ្ញុំបានមើលជុំវិញខ្លួន ហើយដោយក្តីភ្ញាក់ផ្អើល មនុស្សគ្រប់គ្នាហាក់ដូចជាចូលចិត្តនំនោះណាស់ ។ ខ្ញុំបានយល់ព្រមភ្លក់នំនោះ ។ អ្នកអាចទាយទៅមើលថា តើមានអ្វីកើតឡើង ? ខ្ញុំចូលចិត្តវា ! នោះជាលើកដំបូងហើយ ដែលខ្ញុំចូលចិត្តនំសូកូឡា ។
ខ្ញុំពុំបានដឹងឡើយ រហូតដល់អស់ពេលជាច្រើនឆ្នាំក្រោយមកអំពីគ្រឿងផ្សំសម្ងាត់ដែលមាននៅក្នុងនំសូកូឡារបស់បងស្រីអែនតូនីទី ។ កូនៗរបស់ខ្ញុំ និងខ្ញុំបានសួរសុខទុក្ខម្តាយខ្ញុំរៀងរាល់សប្តាហ៍ ។ ការទៅសួរសុខទុក្ខមួយនៃការសួរសុខទុក្ខទាំងនេះ ម្តាយខ្ញុំ និងខ្ញុំបានហូបនំសូកូឡាមួយដុំ ហើយខ្ញុំបានប្រាប់គាត់អំពីរបៀបដែលខ្ញុំបានប្រែជាចូលចិត្តនំនោះជាលើកដំបូង ។ បន្ទាប់មក គាត់បានបំភ្លឺគំនិតខ្ញុំជាមួយរឿងផ្សេងទៀតដែលខ្ញុំពុំដឹង ។
ម្តាយខ្ញុំថ្លែងថា « គ្រីស្ទកូនដឹងទេ វិចតូរីយ៉ា និងគ្រួសារគាត់គ្មានធនធានច្រើនទេ ហើយរៀងរាល់សប្តាហ៍គាត់ត្រូវជ្រើសរើសយកការបង់ប្រាក់សម្រាប់ឡានក្រុងដឹកគាត់ និងកូនបួននាក់របស់គាត់មកថ្នាក់អង្គការបឋមសិក្សា ឬក៏ទិញគ្រឿងផ្សំដើម្បីធ្វើនំសូកូឡាសម្រាប់ថ្នាក់អង្គការបឋមសិក្សារបស់គាត់ ។ គាត់បានជ្រើសធ្វើនំសូកូឡាជាជាងទុកប្រាក់ជិះឡានក្រុង ហើយគាត់ និងកូនៗគាត់បានដើរអស់ចម្ងាយជាងប្រាំមួយគីឡូម៉ែត្រទាំងទៅទាំងមក ទោះមានអាកាសធាតុបែបណាក្តី » ។
នៅថ្ងៃនោះ ខ្ញុំមានអំណរគុណកាន់តែខ្លាំងឡើងចំពោះនំសូកូឡារបស់គាត់ ។ កាន់តែសំខាន់នោះ ខ្ញុំបានរៀនថា គ្រឿងផ្សំសម្ងាត់នៅក្នុងនំសូកូឡារបស់វិចតូរីយ៉ានោះគឺសេចក្តីស្រឡាញ់ ដែលគាត់មានដល់អស់អ្នកដែលគាត់បានបម្រើ និងការលះបង់ប្រកបដោយភាពមិនអាត្មានិយមរបស់គាត់ដល់ពួកយើង ។
ពេលត្រឡប់ទៅគិតអំពីនំរបស់វិចតូរីយ៉ា វាបានជួយខ្ញុំឲ្យចាំអំពីការលះបង់ប្រកបដោយភាពមិនអាត្មានិយមដែលបង្ហាញដោយមេរៀនអស់កល្ប ដែលបង្រៀនដោយព្រះអម្ចាស់ដល់ពួកសិស្សរបស់ទ្រង់ ពេលទ្រង់យាងទៅកាន់ឃ្លាំងរតនសម្បត្តិនៃព្រះវិហារបរិសុទ្ធ ។ បងប្អូនដឹងរឿងនោះហើយ ។ អែលឌើរ ជេម អ៊ី ថាល់មេហ្គ បានបង្រៀនថា មានហិបចំនួន ១៣ « ហើយមនុស្សបានទម្លាក់ការបរិច្ចាគចូលទៅក្នុងហិបទាំងនោះ ក្នុងគោលបំណង [ ផ្សេងៗ ] ដែលបង្ហាញដោយអក្សរចារឹក [ នៅ ] លើប្រអប់ទាំងនោះ » ។ ព្រះយេស៊ូវបានទតមើលអ្នកបរិច្ចាគឈរតម្រង់ជួរ ដែលមានមនុស្សគ្រប់ប្រភេទទាំងអស់ ។ មនុស្សខ្លះបានឲ្យអំណោយដោយ « គោលបំណងដ៏ស្មោះសរ » ឯអ្នកខ្លះទៀតបានដាក់ « មាស និងប្រាក់យ៉ាងច្រើនសន្ធឹក » ទៅក្នុងប្រអប់ទាំងនោះ ដោយរំពឹងថា មានគេមើលឃើញ មានគេកត់សម្គាល់ ហើយកោតសរសើរដល់ការបរិច្ចាគរបស់ពួកគេ ។
« នៅក្នុងចំណោមមនុស្សទាំងនោះ មានស្ត្រីមេម៉ាយក្រីក្រម្នាក់ ដែល…ទម្លាក់កាក់ស្ពាន់តូចពីរដែលយើងស្គាល់ថាជាស្លឹង ចូលទៅក្នុងហិបរតនសម្បត្តិមួយនៃហិបទាំងនោះ ការបរិច្ចាគរបស់គាត់មានតម្លៃតិចជាងពាក់កណ្តាលនៃប្រាក់កាក់មួយសេនរបស់អាមេរិកទៅទៀត ។ ព្រះអម្ចាស់បានហៅពួកសិស្សទ្រង់ឲ្យមកឯទ្រង់ ឲ្យចាប់អារម្មណ៍លើស្ត្រីមេម៉ាយក្រីក្រ និងទង្វើរបស់គាត់ ហើយទ្រង់មានបន្ទូលថា ៖ ‹ ខ្ញុំបា្រប់អ្នករាល់គ្នាជាបា្រកដថា ស្ត្រីមេម៉ាយក្រនេះបានថ្វាយលើសជាងអ្នកទាំងអស់ ដែលដាក់ក្នុងឃ្លាំង ៖ ដ្បិតគេសុទ្ធតែយកពីរបស់ជាសំណល់ខ្លួនមកថ្វាយ តែស្រ្តីនេះបានយកពីសេចក្តីកម្សត់ខ្លួនមកថ្វាយវិញ គឺជារបស់ដែលនាងមានទាំងប៉ុន្មានសម្រាប់ចិញ្ចឹមជីវិតខ្លួនផង › [ ម៉ាកុស ១២:៤៣–៤៤ ] » ។
ស្ត្រីមេម៉ាយនោះហាក់ដូចជាគ្មានមុខងារធំដុំនៅក្នុងសង្គមនាគ្រានោះទេ ។ គាត់ពិតជាមានអ្វីមួយដែលសំខាន់ជាង ៖ គោលបំណងរបស់គាត់គឺបរិសុទ្ធ ហើយគាត់បានថ្វាយនូវអ្វីៗទាំងអស់ដែលគាត់ត្រូវថ្វាយ ។ ប្រហែលជាគាត់បានថ្វាយតិចជាងមនុស្សដទៃ ដោយស្ងាត់ស្ងៀមជាងមនុស្សដទៃ ហើយផ្សេងពីមនុស្សដទៃ ។ នៅក្នុងក្រសែភ្នែកមនុស្សមួយចំនួន អ្វីដែលគាត់បានថ្វាយគឺពុំសំខាន់ទេ ប៉ុន្តែនៅក្នុងព្រះនេត្រនៃព្រះអង្គសង្គ្រោះ « ពិចារណាអស់ទាំងគំនិតដែលចិត្តគិត ហើយដែលសម្រេចដែរ » នោះគាត់បានថ្វាយនូវអ្វីៗទាំងអស់ ។
បងប្អូនស្រី តើយើងកំពុងថ្វាយអ្វីៗទាំងអស់ដល់ព្រះអម្ចាស់ដោយគ្មានចិត្តស្ទាក់ស្ទើរដែរឬទេ ? តើយើងកំពុងលះបង់ពេលវេលា និងទេពកោសល្យរបស់យើង ដើម្បីឲ្យជំនាន់ដែលកំពុងពេញវ័យអាចរៀនស្រឡាញ់ព្រះអម្ចាស់ ហើយគោរពបទបញ្ញត្តិរបស់ទ្រង់ដែរឬទេ ? តើយើងកំពុងផ្តល់ការងារបម្រើដល់អ្នកដែលនៅជុំវិញយើង និងអ្នកដែលយើងត្រូវបានចាត់ដោយយកចិត្តទុកដាក់ និងឧស្សាហ៍ព្យាយាម—ដោយការលះបង់ពេលវេលា និងកម្លាំងដែលអាចត្រូវប្រើក្នុងរបៀបផ្សេងទៀតដែរឬទេ ? តើយើងកំពុងរស់នៅតាមក្រឹត្យវិន័យធំពីរ—ត្រូវឲ្យស្រឡាញ់ព្រះ និងស្រឡាញ់បុត្រាបុត្រីរបស់ទ្រង់ដែរឬទេ ? ជារឿយៗ សេចក្ដីស្រឡាញ់នោះគឺបង្ហាញឡើងតាមរយៈការបម្រើ ។
ប្រធាន ដាល្លិន អេក អូក បានបង្រៀនថា ៖ « ព្រះអង្គសង្គ្រោះរបស់យើងបានលះបង់ព្រះអង្គទ្រង់ផ្ទាល់ក្នុងការបម្រើដែលប្រកបដោយភាពមិនអាត្មានិយម ។ ទ្រង់បានបង្រៀនថា យើងម្នាក់ៗគួរធ្វើតាមទ្រង់ ដោយបដិសេធចោលនូវភាពអាត្មានិយមរបស់យើង ដោយចាប់អារម្មណ៍ក្នុងការបម្រើមនុស្សដទៃ » ។
លោកបានបន្តថា ៖
« ឧទាហរណ៍មួយដែលយើងស្គាល់អំពីការលះបង់ខ្លួនយើងនៅក្នុងការបម្រើមនុស្សដទៃ…គឺការលះបង់ដែលឪពុកម្តាយបានធ្វើដល់កូនៗរបស់ពួកគាត់ ។ ម្តាយបានរងការឈឺចាប់ និងបាត់បង់នូវអាទិភាព និងភាពស្រណុកផ្ទាល់ខ្លួន ដើម្បីបង្កើត និងចិញ្ចឹមកូនម្នាក់ៗ ។ ឪពុកកែតម្រូវជីវិត និងអាទិភាពនានារបស់ពួកគាត់ដើម្បីផ្គត់ផ្គង់គ្រួសារ ។…
…យើងក៏មានអំណរដល់អ្នកដែលមើលថែសមាជិកគ្រួសារដែលពិការ និងឪពុកម្តាយចាស់ជារា ។ គ្មាននរណាម្នាក់ដែលធ្វើការបម្រើនេះសួរថា តើវាមានប្រយោជន៍អ្វីសម្រាប់ខ្ញុំនោះទេ ? ការបម្រើទាំងនេះតម្រូវឲ្យទុកភាពស្រណុកផ្ទាល់ខ្លួនមួយអន្លើសិនសម្រាប់ការបម្រើដែលប្រកបដោយភាពមិនអត្មានិយម ។…
[ ហើយ ] ការណ៍ទាំងអស់នេះបង្ហាញពីគោលការណ៍ដ៏អស់កល្បមួយថា យើងកាន់តែមានភាពរីករាយ និងកាន់តែបានបំពេញ ពេលយើងប្រព្រឹត្ត និងបម្រើសម្រាប់អ្វីដែលយើងផ្ដល់ឲ្យ ពុំមែនអ្វីដែលយើងទទួលបាននោះទេ ។
ព្រះអង្គសង្គ្រោះរបស់យើងបង្រៀនយើងឲ្យធ្វើតាមទ្រង់ ដោយធ្វើការលះបង់ដ៏ចាំបាច់ ដើម្បីលះបង់ខ្លួនយើងនៅក្នុងការបម្រើដែលប្រកបដោយភាពមិនអាត្មានិយមដល់មនុស្សដទៃ » ។
ប្រធាន ថូម៉ាស អេស ម៉នសុន ក៏បានបង្រៀនដូចនេះផងដែរថា « ប្រហែលនៅពេលយើងជួបនឹងអង្គបង្កបង្កើតយើងផ្ទាល់ នោះយើងនឹងពុំត្រូវបានសួរថា ‹ តើអ្នកកាន់មុខតំណែងប៉ុន្មាន ? › នោះទេ ប៉ុន្តែយើងប្រហែលជាត្រូវបានសួរថា ‹ តើអ្នកបានជួយមនុស្សប៉ុន្មាននាក់វិញ ? › ប្រាកដណាស់ បងប្អូនពុំអាចស្រឡាញ់ព្រះអម្ចាស់បានឡើយ លុះត្រាតែបងប្អូនបម្រើទ្រង់ តាមរយៈការបម្រើដល់រាស្ត្រទ្រង់សិន » ។
ម្យ៉ាងទៀត ឱបងប្អូនស្រីអើយ វាមិនជាអ្វីទេ បើយើងអង្គុយនៅលើកៅអីមានផាសុកភាព ឬបើយើងអង្គុយគ្មានផាសុកភាពពេញមួយការប្រជុំនេះលើកៅអីច្រេះចាប់នៅជួរខាងក្រោយនោះ ។ បើសិនចាំបាច់ វាក៏មិនជាអ្វីដែរដែលបងប្អូនត្រូវចេញពីការប្រជុំមួយរយៈដើម្បីលួងកូនតូចដែលយំនោះ ។ អ្វីដែលសំខាន់នោះគឺថា យើងមកដោយមានបំណងមួយដើម្បីបម្រើ ថាយើងកត់សម្គាល់ឃើញអស់អ្នកដែលយើងផ្តល់ការងារបម្រើ ហើយបានស្វាគមន៍ពួកគេដោយអំណរ ហើយថាយើងណែនាំខ្លួនយើងឲ្យអ្នកដែលអង្គុយក្បែរយើងបានស្គាល់យើង—ឈោងទៅរកពួកគេដោយការរាប់អាន ទោះបីយើង ពុំត្រូវបាន ចាត់ឲ្យផ្តល់ការងារបម្រើដល់ពួកគេក្តី ។ ហើយវាពិតជាសំខាន់ណាស់ដែលយើងធ្វើកិច្ចការទាំងនោះជាមួយនឹងគ្រឿងផ្សំពិសេសនៃការបម្រើ រួមជាមួយសេចក្តីស្រឡាញ់ និងការលះបង់ ។
ខ្ញុំបានដឹងច្បាស់ថា យើងពុំត្រូវធ្វើនំសូកូឡាដើម្បីក្លាយជាគ្រូបង្រៀនថ្នាក់បឋមសិក្សាដ៏មានជោគជ័យ ឬមានការលះបង់ឡើយ ដោយសារវាពុំមែនអំពីរឿងនំនោះទេ ។ វាគឺជាសេចក្តីស្រឡាញ់ដែលបង្កប់នៅក្នុងទង្វើនោះវិញទេតើ ។
ខ្ញុំសូមថ្លែងទីបន្ទាល់ថា សេចក្ដីស្រឡាញ់នោះបានធ្វើឲ្យពិសិដ្ឋតាមរយៈការលះបង់—គឺការលះបង់របស់គ្រូបង្រៀនម្នាក់ ហើយកាន់តែអស្ចារ្យនោះគឺតាមរយៈការបូជាដ៏ខ្ពង់ខ្ពស់ និងអស់កល្បជានិច្ចនៃព្រះរាជបុត្រារបស់ព្រះ ។ ខ្ញុំសូមធ្វើជាសាក្សីថា ទ្រង់មានព្រះជន្មរស់ ! ខ្ញុំស្រឡាញ់ទ្រង់ ហើយមានបំណងទម្លាក់ចោលនូវបំណងប្រាថ្នាដ៏អាត្មានិយមរបស់ខ្ញុំ ដើម្បីស្រឡាញ់ និងផ្តល់ការងារបម្រើដូចទ្រង់ធ្វើ ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។