ការលើកដាក់មកលើខ្លួនយើងនូវព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ
សូមឲ្យយើងយកព្រះនាមនៃព្រះយេស៊ូវគ្រីស្ទដាក់លើខ្លួនយើងដោយស្មោះត្រង់—តាមរយៈការមើលមនុស្សដូចទ្រង់ទតមើលពួកគេ តាមរយៈការបម្រើដូចទ្រង់បានបម្រើ និងតាមរយៈការទុកចិត្តថា ព្រះគុណរបស់ទ្រង់គឺមានល្មមគ្រប់គ្រាន់ ។
បងប្អូនប្រុសស្រី ថ្មីៗនេះ ពេលខ្ញុំកំពុងពិចារណាអំពីភារកិច្ចរបស់ប្រធាន រ័សុល អិម ណិលសុន អំពីការហៅសាសនាចក្រតាមឈ្មោះដែលបានបើកសម្តែង នោះខ្ញុំបានមើលគម្ពីរត្រង់កន្លែងដែលព្រះអង្គសង្គ្រោះត្រាស់បង្គាប់ពួកសាសន៍នីហ្វៃអំពីឈ្មោះរបស់សាសនាចក្រ ។ ពេលខ្ញុំអានបន្ទូលរបស់ព្រះអង្គសង្គ្រោះ នោះខ្ញុំចាប់អារម្មណ៍អំពីរបៀបដែលទ្រង់ក៏បានប្រាប់ប្រជាជនថា « អ្នករាល់គ្នាត្រូវយកព្រះនាមព្រះគ្រីស្ទដាក់លើខ្លួន » ។ ការណ៍នេះធ្វើឲ្យខ្ញុំមើលខ្លួនឯង ហើយសួរថា « តើខ្ញុំកំពុងយកព្រះនាមព្រះអង្គសង្គ្រោះដាក់លើខ្លួនខ្ញុំ ដូចទ្រង់សព្វព្រះទ័យឲ្យខ្ញុំធ្វើដែរឬទេ ? » ថ្ងៃនេះ ខ្ញុំចង់ចែកចាយការបំផុសគំនិតមួយចំនួន ដែលខ្ញុំបានទទួលនៅក្នុងចម្លើយចំពោះសំណួរខ្ញុំ ។
ទីមួយ ដើម្បីលើកដាក់លើខ្លួនយើងនូវព្រះនាមព្រះគ្រីស្ទ វាមានន័យថា យើងព្យាយាមដោយស្មោះត្រង់ដើម្បីមើលមនុស្សដូចទ្រង់ទតមើលពួកគេ ។ តើទ្រង់ព្រះតម្រិះពីមនុស្សដោយរបៀបណា ? យ៉ូសែប ស៊្មីធ មានប្រសាសន៍ថា « ខណៈដែលមនុស្សមួយចំនួនកំពុងវិនិច្ឆ័យ និងថ្កោលទោសមនុស្សដទៃដោយគ្មានក្តីមេត្តា នោះព្រះវរបិតាដ៏អស្ចារ្យនៃសាកលលោកទតមើលគ្រួសារមនុស្សជាតិទាំងអស់ដោយការមើលថែ និងក្តីរាប់អានប្រកបដោយភាពជាឪពុក ដ្បិត « ក្តីស្រឡាញ់របស់ទ្រង់ [ គឺ ] ធំធេងណាស់ » ។
ពីរបីឆ្នាំកន្លងទៅ បងស្រីខ្ញុំបានស្លាប់ ។ គាត់មានការលំបាកក្នុងជីវិតគាត់ ។ គាត់មានភាពស្មុគស្មាញអំពីដំណឹងល្អ ហើយពុំសូវសកម្មទេ ។ ស្វាមីគាត់បានបោះបង់អាពាហ៍ពិពាហ៍ពួកគេ ហើយចេញពីគាត់ដោយទុកឲ្យគាត់ចិញ្ចឹមកូនបួននាក់ ។ នាល្ងាចថ្ងៃដែលគាត់ទទួលមរណភាព នៅក្នុងបន្ទប់មួយដែលមានវត្តមានកូនៗរបស់គាត់ ខ្ញុំបានផ្តល់ការប្រសិទ្ធពរឲ្យគាត់ដើម្បីត្រឡប់ទៅផ្ទះស្ថានសួគ៌វិញប្រកបដោយភាពសុខសាន្ត ។ នៅគ្រានោះ ខ្ញុំបានដឹងថា ខ្ញុំបានថ្លែងយ៉ាងច្រើនជាញឹកញាប់អំពីជីវិតបងស្រីខ្ញុំដោយគិតតែអំពីការសាកល្បង និងភាពអសកម្មរបស់គាត់ ។ ពេលខ្ញុំដាក់ដៃលើក្បាលគាត់នាល្ងាចនោះ ខ្ញុំបានទទួលការស្តីបន្ទោសយ៉ាងខ្លាំងពីព្រះវិញ្ញាណ ។ ខ្ញុំត្រូវបានប្រាប់ឲ្យដឹងជាប្រាកដអំពីសេចក្តីល្អរបស់គាត់ ហើយធ្វើខ្ញុំឲ្យឃើញគាត់ដូចព្រះទ្រង់ទតឃើញគាត់—គឺគាត់ពុំមែនជាបុគ្គលម្នាក់ដែលមានភាពស្មុគស្មាញអំពីដំណឹងល្អ និងលំបាកក្នុងជីវិតទេ ប៉ុន្តែគាត់ជាបុគ្គលដែលត្រូវតែជម្នះលើឧបសគ្គលំបាកៗដែលខ្ញុំពុំធ្លាប់មាន ។ ខ្ញុំបានឃើញថា គាត់គឺជាម្តាយដ៏អស្ចារ្យមួយរូបដែលបានចិញ្ចឹមកូនដ៏ស្រស់ស្អាតបួននាក់គឺជាកូនដ៏ប្រពៃ ទោះបីមានឧបសគ្គយ៉ាងណាក្តី ។ ខ្ញុំបានឃើញថា គាត់គឺជាមិត្តម្នាក់របស់ម្តាយយើងដែលបានឆ្លៀតពេលមើលថែ និងធ្វើជាដៃគូនឹងម្តាយយើង បន្ទាប់ពីឪពុកយើងបានចែកឋានទៅ ។
អំឡុងពេលល្ងាចចុងក្រោយនៃជីវិតរបស់បងស្រីខ្ញុំ ខ្ញុំជឿថា ព្រះបានសួរខ្ញុំថា « តើអ្នកពុំអាចមើលឃើញថា មនុស្សគ្រប់គ្នានៅជុំវិញអ្នកគឺជាមនុស្សពិសិដ្ឋទេឬអី ? »
ព្រិកហាំ យ៉ង់ បានបង្រៀន ៖
« ខ្ញុំចង់បង្រៀនពួកបរិសុទ្ធ…ឲ្យយល់អំពីបុរស និងស្ត្រីថា តើពួកគេគឺជាមនុស្សបែបណា ហើយពុំមែនយល់ពីពួកគេតាមការយល់ឃើញរបស់អ្នកនោះទេ » ។
ជារឿយៗគេបាននិយាយថា—‹ បុគ្គលនេះបានធ្វើខុស ហើយគាត់ពុំអាចក្លាយជាពួកបរិសុទ្ធឡើយ › ។… យើងឮមនុស្សមួយចំនូននិយាយពាក្យប្រមាថ និងកុហក…[ ឬ ] រំលងថ្ងៃឈប់សម្រាក ។… សូមកុំវិនិច្ឆ័យបុគ្គលបែបនេះ ដ្បិតអ្នកពុំដឹងពីការរៀបចំរបស់ព្រះអម្ចាស់ទាក់ទងនឹងពួកគេឡើយ ។… [ ផ្ទុយទៅវិញ ] ចូរអត់ធ្មត់នឹងពួកគេ » ។
តើបងប្អូនណាម្នាក់អាចស្រមៃឃើញព្រះអង្គសង្គ្រោះទុកឲ្យបងប្អូន និងបន្ទុករបស់បងប្អូនកើតឡើងដោយទ្រង់ពុំដឹងដែរឬទេ ? ព្រះអង្គសង្គ្រោះបានទតមើលពួកសាសន៍សាម៉ារី មនុស្សកំផិត អ្នកយកពន្ធ មនុស្សឃ្លង់ មនុស្សឆ្កួត និងមនុស្សមានបាបដោយការយល់ឃើញដូចគ្នា ។ ពួកគេទាំងអស់គ្នាគឺជាបុត្ររបស់ព្រះវរបិតាសួគ៌ ។ ហើយពួកគេទាំងអស់អាចត្រូវបានប្រោសលោះ ។
តើបងប្អូនអាចស្រមៃឃើញថា ទ្រង់ងាកចេញពីបុគ្គលដែលមានចម្ងល់អំពីកន្លែងរបស់ពួកគនៅក្នុងនគរព្រះ ឬទ្រង់ងាកចេញឆ្ងាយពីបុគ្គលដែលត្រូវរងទុក្ខដោយហេតុណាផ្សេងទៀតដែរឬទេ ? ខ្ញុំពុំអាចស្រមៃឃើញទេ ។ នៅក្នុងព្រះនេត្រនៃព្រះគ្រីស្ទ ព្រលឹងគ្រប់រូបគឺមានតម្លៃពុំអាចកាត់ថ្លៃបានឡើយ ។ គ្មាននរណាម្នាក់ត្រូវបានតាក់តែងពីមុនកើតមកឲ្យបរាជ័យនោះទេ ។ ជីវិតដ៏នៅអស់កល្បជានិច្ចគឺអាចមានដល់មនុស្សទាំងអស់ ។
តាមរយៈការស្តីបន្ទោសរបស់ព្រះវិញ្ញាណនៅក្បែរគ្រែដេករបស់បងស្រីខ្ញុំ នោះខ្ញុំបានរៀនមេរៀនដ៏អស្ចារ្យមួយថា ៖ ពេលយើងមើល ដូចទ្រង់ទតមើល នោះយើងនឹងសម្រេចបាននូវគោលដៅពីរ—គឺការប្រោសលោះនៃអស់អ្នកដែលយើងទាក់ទង និងការប្រោសលោះខ្លួនយើង ។
ទីពីរ ដើម្បីលើកដាក់លើខ្លួនយើងនូវព្រះនាមព្រះគ្រីស្ទ យើងពុំគ្រាន់តែមើលមនុស្សដូចទ្រង់ទតមើលពួកគេនោះទេ យើងថែមទាំងត្រូវធ្វើកិច្ចការទ្រង់ ហើយបម្រើដូចទ្រង់បានបម្រើផងដែរ ។ យើងរស់នៅតាមក្រឹត្យវិន័យធំពីរ ចុះចូលនឹងព្រះទ័យព្រះ ប្រមូលសាសន៍អ៊ីស្រាអែល ហើយឲ្យពន្លឺយើង « ភ្លឺនៅមុខមនុស្សលោក » ។ យើងទទួល ហើយរស់នៅតាមសេចក្តីសញ្ញា និងពិធីបរិសុទ្ធទាំងឡាយនៃសាសនាចក្រទ្រង់ដែលបានស្តារឡើងវិញ ។ ពេលយើងធ្វើបែបនេះ ព្រះប្រទានអំណាចដល់យើងដើម្បីផ្តល់ពរដល់ខ្លួនយើង គ្រួសារ និងជីវិតមនុស្សដទៃទៀត ។ សូមសួរខ្លួនឯងថា « តើខ្ញុំស្គាល់នរណាម្នាក់ដែលពុំត្រូវការអំណាចនៃស្ថានសួគ៌ក្នុងជីវិតរបស់ពួកគេដែរឬទេ ? »
ព្រះនឹងធ្វើការអស្ចារ្យក្នុងចំណោមពួកយើង ពេលយើងញែកខ្លួនចេញជាបរិសុទ្ធ ។ យើងញែកខ្លួនចេញជាបរិសុទ្ធតាមរយៈការបន្សុទ្ធចិត្តយើង ។ យើងបន្សុទ្ធចិត្តយើង នៅពេលយើងស្តាប់ទ្រង់ ប្រែចិត្តពីអំពើបាបរបស់យើង បានប្រែចិត្តជឿ ហើយស្រឡាញ់ ដូចទ្រង់ស្រឡាញ់ ។ ព្រះអង្គសង្គ្រោះបានសួរយើងថា « ដ្បិតបើអ្នករាល់គ្នាស្រឡាញ់តែអស់អ្នកណាដែលស្រឡាញ់ដល់ខ្លួន នោះតើបានបំណាច់អ្វី? »
ថ្មីៗនេះ ខ្ញុំបានរៀនអំពីបទពិសោធន៍នៅក្នុងជីវិតអែលឌើរ ជេម អ៊ី ថាល់មេហ្គ ដែលធ្វើឲ្យខ្ញុំឈប់មួយសន្ទុះ ហើយពិចារណាអំពីរបៀបដែលខ្ញុំស្រឡាញ់ និងបម្រើអស់អ្នកនៅជុំវិញខ្ញុំ ។ កាលជាសាស្ត្រាចារ្យវ័យក្មេង ពីមុនគាត់ក្លាយជាសាវក នៅក្នុងអំឡុងពេលមនុស្សជាច្រើនបានស្លាប់ដោយសារការផ្ទុះនូវជំងឺខាន់ស្លាក់ក្នុងឆ្នាំ ១៨៩២ អែលឌើរ ថាល់មេហ្គ បានជួបគ្រួសារមួយដែលលោកពុំស្គាល់ ដែលពុំមែនជាសមាជិកសាសនាចក្រ បានរស់នៅក្បែរលោក ហើយកំពុងកើតជំងឺនោះ ។ គ្មាននរណាម្នាក់ចង់ប្រថុយខ្លួនទៅក្នុងផ្ទះអ្នកជំងឺទាំងនោះឡើយ ។ ប៉ុន្តែ អែលឌើរថាល់មេហ្គេបានទៅផ្ទះគ្រួសារនោះភ្លាម ។ លោកបានឃើញក្មេងបួននាក់ ៖ ក្មេងប្រុសម្នាក់អាយុពីរឆ្នាំកន្លះបានស្លាប់នៅលើគ្រែ ក្មេងស្រីអាយុប្រាំឆ្នាំ និងក្មេងប្រុសអាយុដប់ឆ្នាំកំពុងឈឺចាប់យ៉ាងខ្លាំង ព្រមទាំងក្មេងស្រីអាយុដប់បីឆ្នាំម្នាក់ទៀតដែលទន់ខ្សោយ ។ ឪពុកម្ដាយកំពុងឈឺចាប់ជាមួយនឹងក្តីសោកសៅ ហើយនឿយហត់ ។
អែលឌើរថាល់មេហ្គបានរៀបចំក្មេងដែលស្លាប់ ហើយមើលថែអ្នកនៅរស់ បោសសម្អាតផ្ទះ បោកសម្លៀកបំពាក់ប្រឡាក់ ហើយដុតកម្រាលជួតជើងកខ្វក់ដែលមានមេរោគនោះចោល ។ លោកបានធ្វើការពេញមួយថ្ងៃ ហើយក្រោយមកបានត្រឡប់ទៅវិញនៅព្រឹកបន្ទាប់ទៀត ។ ក្មេងប្រុសអាយុដប់ឆ្នាំបានស្លាប់នៅអំឡុងយប់នោះ ។ លោកបានលើក ហើយបីក្មេងស្រីអាយុប្រាំឆ្នាំនោះ ។ នាងបានក្អកចេញមកមានស្លេសលាយឈាមប្រឡាក់ពេញមុខ និងសម្លៀកបំពាក់លោក ។ លោកកត់ត្រាថា « ខ្ញុំពុំអាចដាក់នាងចុះពីដៃខ្ញុំឡើយ » ហើយលោកបានបីនាងរហូតដល់នាងបានស្លាប់នៅក្នុងរង្វង់ដៃលោក ។ លោកបានជួយកប់សពក្មេងទាំងបី ហើយរៀបចំអាហារ និងបោកសម្លៀកបំពាក់ឲ្យគ្រួសារដ៏សោកសង្រែងនេះ ។ ពេលត្រឡប់ទៅផ្ទះវិញ បងប្រុសថាល់មេហ្គបានបោះសម្លៀកបំពាក់គាត់ចោល ងូតទឹកដោយប្រើសូលុយស្យុងស័ង្កសី ញែកខ្លួនគាត់នៅដោយឡែកពីគ្រួសារគាត់ ហើយបានកើតជំងឺនោះកម្រិតស្រាល ។
មនុស្សជាច្រើននៅជុំវិញយើងប្រឈមមុខនឹងបញ្ហា ។ ពួកបរិសុទ្ធយកព្រះនាមព្រះអង្គសង្គ្រោះដាក់លើខ្លួនពួកគេ តាមរយៈការប្រែជាបរិសុទ្ធ និងផ្តល់ការងារបម្រើដល់មនុស្សទាំងអស់ដោយមិនគិតពីទីកន្លែង ឬថាពួកគេជានរណាឡើយ—នៅពេលយើងធ្វើដូច្នេះយើងនឹងសង្គ្រោះជីវិតជាច្រើន ។
ចុងក្រោយ ខ្ញុំជឿថា ដើម្បីលើកដាក់មកលើខ្លួនយើងនូវព្រះនាមរបស់ទ្រង់គឺយើងត្រូវទុកចិត្តទ្រង់ ។ នៅក្នុងការប្រជុំមួយដែលខ្ញុំបានចូលរួមនៅថ្ងៃអាទិត្យ យុវនារីម្នាក់បានសួរសំណួរមួយដូចនេះ ៖ « ថ្មីៗនេះ មិត្តប្រុសរបស់ខ្ញុំ និងខ្ញុំបានចែកផ្លូវគ្នា ហើយគាត់បានជ្រើសរើសចាកចេញពីសាសនាចក្រ ។ គាត់ប្រាប់ខ្ញុំថា គាត់ពុំធ្លាប់សប្បាយជាងនេះទេ ។ តើរឿងនេះវាកើតឡើងដូចម្តេចទៅ ? »
ព្រះអង្គសង្គ្រោះបានឆ្លើយសំណួរនេះ នៅពេលទ្រង់មានបន្ទូលទៅពួកសាសាសន៍នីហ្វៃថា « ប៉ុន្តែ ប្រសិនបើ [ ជីវិតរបស់អ្នក ] ពុំបានសង់លើដំណឹងល្អរបស់យើងទេ ហើយបានសង់លើកិច្ចការទាំងឡាយរបស់មនុស្ស ឬក៏លើកិច្ចការទាំងឡាយរបស់អារក្សវិញ នោះយើងប្រាប់អ្នករាល់គ្នាជាប្រាកដថា [ អ្នកនឹង ] បានសេចក្ដីអំណរនៅក្នុងកិច្ចការទាំងឡាយ [ របស់អ្នក ] មួយរដូវតែប៉ុណ្ណោះ ហើយមិនយូរមិនឆាប់ ទីបញ្ចប់នឹងមកដល់ » ។ គ្មានអំណរយូរអង្វែងនៅក្រៅដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទឡើយ ។
ប៉ុន្តែ នៅឯការប្រជុំនោះ ខ្ញុំបានគិតអំពីមនុស្សល្អជាច្រើន ខ្ញុំស្គាល់បុគ្គលដែលមានការលំបាកជាមួយបន្ទុកដ៏ធំ និងបទបញ្ញត្តិនានាដែលធ្វើឲ្យពួកគេស្មុគស្មាញយ៉ាងខ្លាំង ។ ខ្ញុំបានសួរខ្លួនឯងថា « តើព្រះអង្គសង្គ្រោះអាចថ្លែងអ្វីទៀតទៅកាន់ពួកគេ ? » ខ្ញុំជឿថា ទ្រង់នឹងសួរថា « តើអ្នកទុកចិត្តយើងដែរឬទេ ? » ចំពោះស្ត្រីដែលមានបញ្ហាធ្លាក់ឈាម ទ្រង់បានមានបន្ទូលថា « សេចក្តីជំនឿនាងបានសង្គ្រោះនាងហើយ ចូរទៅដោយសុខសាន្តចុះ » ។
ខគម្ពីរមួយដែលខ្ញុំពេញចិត្តគឺ យ៉ូហាន ៤:៤ ដែលចែងថា « ហើយទ្រង់ត្រូវតែយាងកាត់ស្រុកសាម៉ារី » ។
ហេតុអ្វីខ្ញុំចូលចិត្តខគម្ពីរនេះ ? ដោយសារព្រះយេស៊ូវពុំ ត្រូវ យាងកាត់ស្រុកសាម៉ារីឡើយ ។ ពួកសាសន៍យូដានៅជំនាន់ទ្រង់ស្អប់សាសន៍សាម៉ារីណាស់ ហើយបានធ្វើដំណើរវាងចេញពីស្រុកសាម៉ារី ។ ប៉ុន្តែព្រះយេស៊ូវបានរើសទៅទីនោះវិញដើម្បីប្រកាសដល់ពិភពលោកទាំងមូលជាលើកដំបូងថា ទ្រង់គឺជាព្រះមែស៊ីដែលបានសន្យាថានឹងយាងមក ។ សម្រាប់សារលិខិតនេះ ទ្រង់ពុំគ្រាន់តែរើសយកក្រុមមនុស្សដែលគេបោះបង់ចោលប៉ុណ្ណោះទេ តែសូម្បីតែស្ត្រីម្នាក់ផងដែរ—ហើយពុំមែនគ្រាន់តែជាស្ត្រីទេ តែជាស្ត្រីដែលរស់ក្នុងអំពើបាបផង—នៅគ្រានោះមនុស្សបានចាត់ទុកស្ត្រីថា តូចទាបបំផុត ។ ខ្ញុំជឿថា ព្រះយេស៊ូវបានធ្វើបែបនេះ ដើម្បីឲ្យពួកយើងម្នាក់ៗអាចយល់ជានិច្ចថា សេចក្ដីស្រឡាញ់របស់ទ្រង់គឺធំជាងសេចក្តីខ្លាច របួស ការញៀន មន្ទិលសង្ស័យ ការល្បួង អំពើបាប គ្រួសារបែកបាក់ ការបាក់ទឹកចិត្ត និងការថប់បារម្ភរបស់យើង ជំងឺរាំរ៉ៃ ភាពក្រីក្រ ការរំលោភបំពាន អស់សង្ឃឹម និងភាពឯកោរបស់យើង ។ ទ្រង់សព្វព្រះទ័យឲ្យមនុស្សទាំងអស់ដឹងថា គ្មានអ្វី ហើយគ្មាននរណាម្នាក់ដែលទ្រង់ពុំអាចព្យាបាល និងរំដោះឲ្យទៅកាន់អំណរអស់កល្បឡើយ ។
ព្រះគុណរបស់ទ្រង់គឺមានល្មមគ្រប់គ្រាន់ ។ ទ្រង់តែអង្គឯងបានយាងចុះមកក្រោមអ្វីៗទាំងអស់ ។ អំណាចនៃដង្វាយធួនរបស់ទ្រង់គឺជាអំណាចដើម្បីយកឈ្នះលើបន្ទុកនានានៅក្នុងជីវិតយើង ។ សារលិខិតអំពីស្ត្រីនៅឯអណ្តូងទឹកគឺថា ទ្រង់ជ្រាបពីស្ថានភាពនៃជីវិតយើង ហើយថា យើងអាចដើរជាមួយទ្រង់ជានិច្ច មិនថាយើងជានរណានោះទេ ។ ទៅកាន់ស្ត្រីនោះ និងពួកយើងម្នាក់ៗ ទ្រង់មានបន្ទូលថា « អ្នកណាដែលផឹកទឹកខ្ញុំឲ្យ នោះនឹងមិនស្រេកទៀតឡើយ ទឹកដែលខ្ញុំឲ្យ [ នឹងត្រឡប់ ] ជារន្ធទឹកនៅក្នុងអ្នកនោះដែលផុសឡើងដល់ទៅបានជីវិតអស់កល្បជានិច្ច » ។
នៅក្នុងការធ្វើដំណើរនៃជីវិតនេះ ហេតុអ្វីអ្នកបែរចេញពីព្រះអង្គសង្គ្រោះតែមួយអង្គដែលមានគ្រប់ព្រះចេស្តាទាំងអស់ដើម្បីព្យាបាល និងរំដោះអ្នកដូច្នេះ ? ការបង់ថ្លៃអ្វីក៏ដោយដែលអ្នកត្រូវធ្វើដើម្បីទុកចិត្តទ្រង់គឺស័ក្តិសមណាស់ ។ បងប្អូនប្រុសស្រីអើយ ចូរយើងជ្រើសរើសដើម្បីបង្កើនសេចក្តីជំនឿយើងលើព្រះវរបិតា និង ព្រះអង្គសង្គ្រោះយើងគឺព្រះយេស៊ូវគ្រីស្ទ ។
ដោយស្មោះអស់ពីព្រលឹងខ្ញុំ ខ្ញុំសូមថ្លែងទីបន្ទាល់ថា សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ជាសាសនាចក្ររបស់ព្រះអង្គសង្គ្រោះ ដែលបានដឹកនាំដោយព្រះគ្រីស្ទដ៏មានព្រះជនរស់ តាមរយៈព្យាការីពិត ។ ខ្ញុំអធិស្ឋានសូមឲ្យយើងនឹងយកព្រះនាមនៃព្រះយេស៊ូវគ្រីស្ទដាក់លើខ្លួនយើងដោយស្មោះត្រង់—តាមរយៈការមើលមនុស្សដូចទ្រង់ទតមើលពួកគេ តាមរយៈការបម្រើដូចទ្រង់បានបម្រើ និងតាមរយៈការទុកចិត្តថា ព្រះគុណរបស់ទ្រង់គឺមានល្មមគ្រប់គ្រាន់ដើម្បីរំដោះយើងឲ្យទៅផ្ទះវិញ និងទៅរកអំណរអស់កល្ប ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។