បំព្រួមគ្រប់ទាំងអស់ក្នុងព្រះគ្រីស្ទ
អំណាចនៃដំណឹងល្អរបស់ព្រះអង្គសង្គ្រោះដើម្បីកែប្រែ ហើយប្រទានពរយើង កើតចេញពីការញាណដឹង និងការអនុវត្តតាមភាពប្រទាក់ក្រឡាគ្នានៃគោលលទ្ធិ គោលការណ៍ និងការអនុវត្ត ។
ខ្សែពួរគឺជាឧបករណ៍ចាំបាច់មួយដែលយើងទាំងអស់គ្នាស្គាល់ ។ ខ្សែពួរត្រូវបានផលិតពីរបុំអំបោះ រុក្ខជាតិ ខ្សែកាប ឬសម្ភារផ្សេងៗទៀតដែលសម្ភារនីមួយៗត្រូវបានវេញ ឬក្រងបញ្ចូលគ្នា ។ គួរឲ្យចាប់អារម្មណ៍ រូបធាតុនានាដែលពិសេសអាចត្រូវបានត្បាញបញ្ចូលគ្នា ហើយក្លាយជាវត្ថុមួយដ៏រឹងមាំ ។ ដូច្នេះ ការភ្ជាប់ ឬការដាក់បញ្ចូលសម្ភារធម្មតាៗជាមួយគ្នា អាចបង្កើតបានជាឧបករណ៍វិសាមញ្ញមួយ ។
គឺដូចខ្សែពួរដែលមានភាពរឹងមាំមកពីរបុំអំបោះជាច្រើនវ័ណ្ដបញ្ចូលគ្នាដែរ នោះដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទផ្ដល់នូវទស្សនវិស័យដ៏អស្ចារ្យនៃសេចក្ដីពិត ថែមទាំងផ្ដល់ពរជ័យធំធេងនៅពេលយើងស្ដាប់តាមការក្រើនរំឭករបស់ប៉ុលដើម្បី « បំព្រួមគ្រប់ទាំងអស់ក្នុងព្រះគ្រីស្ទ ទាំងរបស់នៅស្ថានសួគ៌ និងរបស់នៅផែនដីផង » ។ អ្វីដែលសំខាន់នោះ ការបំព្រួមដ៏ចាំបាច់នៃសេចក្ដីពិតនេះត្រូវបានផ្ដោតសំខាន់ និងយកចិត្តទុកដាក់ទៅលើព្រះអម្ចាស់យេស៊ូវគ្រីស្ទដោយសារតែទ្រង់ « ជាផ្លូវ ជាសេចក្តីពិត ហើយជាជីវិត » ។
ខ្ញុំអធិស្ឋានសូមឲ្យព្រះវិញ្ញាណបរិសុទ្ធនឹងបំភ្លឺគំនិតយើងម្នាក់ៗ នៅពេលយើងពិចារណាអំពីរបៀបដែលគោលការណ៍នៃ ការបំព្រួមគ្រប់ទាំងអស់ក្នុងព្រះគ្រីស្ទ អនុវត្តតាមរបៀបដ៏មានប្រសិទ្ធភាពចំពោះការរៀនសូត្រ និងការរស់នៅតាមដំណឹងល្អរបស់ទ្រង់ដែលបានស្ដារឡើងវិញក្នុងជីវិតប្រចាំថ្ងៃយើង ។
ជំនាន់ដែលមានវិវរណៈ
យើងរស់នៅក្នុងជំនាន់ដ៏អស្ចារ្យ និងដែលមានវិវរណៈក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទដែលបានស្ដារឡើងវិញ ។ ការផ្លាស់ប្ដូរជាប្រវត្តិសាស្ត្រដែលបានប្រកាសនៅថ្ងៃនេះ មានគោលបំណងសំខាន់តែមួយគត់គឺ ៖ ដើម្បីពង្រឹងសេចក្ដីជំនឿលើព្រះវរបិតាសួគ៌ និងផែនការរបស់ទ្រង់ និងលើព្រះរាជបុត្រាទ្រង់គឺព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ ។ កាលវិភាគសម្រាប់ការប្រជុំនៅថ្ងៃអាទិត្យពុំមែនគ្រាន់តែបង្រួមឲ្យខ្លីប៉ុណ្ណោះទេ ។ ផ្ទុយទៅវិញ ឥឡូវនេះ យើងបានបង្កើនឱកាស និងការទទួលខុសត្រូវសម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ដើម្បីប្រើប្រាប់ពេលវេលារបស់យើង ដើម្បីកែលម្អថ្ងៃឈប់សម្រាកជាថ្ងៃដ៏រីករាយមួយនៅឯគេហដ្ឋាន និងព្រះវិហារ ។
កាលពីខែមេសា រចនាសម្ព័ន្ធនៃអង្គការកូរ៉ុមបព្វជិតភាពមានការផ្លាស់ប្ដូរយ៉ាងធំ ។ ការផ្ដោតសំខាន់ និងភាពរឹងមាំត្រូវបានផ្ដល់ឲ្យដល់របៀបកាន់តែខ្ពស់ និងកាន់តែបរិសុទ្ធនៃការងារបម្រើទៅដល់បងប្អូនប្រុសស្រីយើង ។
ប្រាកដដូចរបុំអំបោះនៃខ្សែពួរដែលត្រូវបានក្រងបង្កើតបានជាឧបករណ៍វិសាមញ្ញមួយដែលមានកម្លាំង និងស្ថិតស្ថេរបានយូរ នោះរាល់សកម្មភាពដែលប្រទាក់ក្រឡាគ្នាទាំងនេះគឺជាចំណែកនៃកិច្ចខិតខំដ៏សាមគ្គីមួយឆ្ពោះទៅរកការផ្ដោតអារម្មណ៍ ធនធាន និងកិច្ចការក្នុងសាសនាចក្រព្រះអង្គសង្គ្រោះដែលបានស្ដារឡើងវិញដែលមានបេសកកម្មគោលមួយគឺ ៖ ជួយព្រះក្នុងកិច្ចការរបស់ទ្រង់ដើម្បីនាំឲ្យមានសេចក្ដីសង្គ្រោះ និងភាពតម្កើងឡើងដល់បុត្រាបុត្រីទ្រង់ ។ សូមកុំផ្ដោតជាចម្បងទៅលើទិដ្ឋភាពសមហេតុផលនៃអ្វីដែលបានកើតឡើងឲ្យសោះ ។ យើងមិនត្រូវអនុញ្ញាតឲ្យភាពពិស្ដារនៃនីតិក្រមមកគ្របបាំងលើហេតុផលខាងវិញ្ញាណដ៏សំខាន់ ដែលយើងកំពុងធ្វើការផ្លាស់ប្ដូរទាំងនេះនៅពេលនេះឡើយ ។
បំណងប្រាថ្នារបស់យើងគឺថា សេចក្តីជំនឿលើផែនការរបស់ព្រះវរបិតា និងលើបេសកកម្មប្រោសលោះរបស់ព្រះអង្គសង្គ្រោះអាចកើនឡើងលើផែនដី និងថាសេចក្ដីសញ្ញាអស់កល្បអស់កាលរបស់ព្រះអាចត្រូវបានបង្កើតឡើង ។ គោលបំណងតែមួយគត់របស់យើងគឺដើម្បីសម្របសម្រួលការសន្ទនាឥតឈប់ឈរទៅកាន់ព្រះអម្ចាស់ និងដើម្បីស្រឡាញ់កាន់តែពេញលេញ ព្រមទាំងបម្រើដល់បងប្អូនប្រុសស្រីយើងកាន់តែមានប្រសិទ្ធភាព ។
ការដាក់បញ្ចូលគ្នា និងការបំបែកគ្នា
ពេលខ្លះ ក្នុងនាមជាសមាជិកសាសនាចក្រយើងដាក់បញ្ចូលគ្នា បំបែកគ្នា ហើយអនុវត្តតាមដំណឹងល្អនៅក្នុងជីវិតយើងតាមរយៈការបង្កើតបញ្ជីកិច្ចការត្រូវធ្វើដ៏វែងមួយអំពីប្រធានបទនីមួយៗដែលត្រូវសិក្សា និងកិច្ចការដែលត្រូវសម្រេចឲ្យបាន ។ ប៉ុន្តែវិធីបែបនេះអាចរារាំងយើងពីការយល់ដឹង និងទស្សនវិស័យ ។ យើងត្រូវតែប្រុងប្រយ័ត្នព្រោះការផ្ដោតតែទៅលើបញ្ជីដែលត្រូវធ្វើនោះ អាចរារាំងយើងពីការខិតទៅកាន់តែជិតព្រះអម្ចាស់ ។
គោលបំណង និងការបន្សុទ្ធ សុភមង្គល និងអំណរ និងការសន្ទនាឥតឈប់ឈរ និងការការពារដែលបានមកពី « ការប្រគល់ចិត្ត [ របស់យើង ] ដល់ព្រះ » និង « [ ការទទួល ] ព្រះភក្ត្ររបស់ទ្រង់នៅក្នុងទឹកមុខ [ របស់យើង ] » ពុំអាចទទួលបានតាមតែរយៈការធ្វើ ហើយគូសសញ្ញាកែងលើកិច្ចការខាងវិញ្ញាណដែលយើងកំណត់ថានឹងធ្វើប៉ុណ្ណោះនោះទេ ។ ផ្ទុយទៅវិញ អំណាចនៃដំណឹងល្អរបស់ព្រះអង្គសង្គ្រោះដើម្បីកែប្រែ ហើយប្រទានពរយើង កើតចេញពីការញាណដឹង និងការអនុវត្តតាមភាពប្រទាក់ក្រឡាគ្នានៃគោលលទ្ធិ គោលការណ៍ និងការអនុវត្ត ។ មានតែនៅពេលដែលយើង បំព្រួមគ្រប់ទាំងអស់ក្នុងព្រះគ្រីស្ទ ដោយមានការផ្ដោតដ៏ខ្លាំងទៅលើទ្រង់ប៉ុណ្ណោះ ទើបសេចក្ដីពិតនៃដំណឹងល្អអាចធ្វើឲ្យយើងក្លាយជាមនុស្សដែលព្រះសព្វព្រះទ័យឲ្យយើងប្រែក្លាយបានយ៉ាងមានប្រសិទ្ធភាព ថែមទាំងកាន់ខ្ជាប់ដល់ចុងបញ្ចប់យ៉ាងក្លាហាន ។
ការរៀនសូត្រ និង ការភ្ជាប់ទំនាក់ទំនងជាមួយសេចក្ដីពិតនៃដំណឹងល្អ
ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទគឺជាវាំងននប៉ាក់ដ៏វិចិត្រមួយនៃសេចក្ដីពិត « បានផ្គុំភ្ជាប់គ្នា » និងវេញត្បាញបញ្ចូលគ្នា ។ ពេលយើងរៀន ហើយភ្ជាប់ទំនាក់ទំនងសេចក្ដីពិតនៃដំណឹងល្អដែលបានស្ដារឡើងវិញជាមួយគ្នា នោះយើងមានពរដើម្បីទទួលបានទស្សនវិស័យដ៏អស្ចារ្យ ហើយបង្កើនសមត្ថភាពខាងវិញ្ញាណតាមរយៈភ្នែកដែលអាចមើលឃើញព្រះចេស្ដាព្រះអម្ចាស់ក្នុងជីវិត និងត្រចៀកដែលអាចឮព្រះសូរសៀងទ្រង់ ។ ហើយគោលការណ៍នៃ ការបំព្រួមគ្រប់ទាំងអស់—ក្នុងទ្រង់—អាចជួយយើងផ្លាស់ប្ដូរបញ្ជីដែលយើងធ្លាប់ប្រើទៅជាអ្វីមួយដែលបានរួបរួម ដាក់បញ្ចូលគ្នា និងពេញលេញ ។ ខ្ញុំសូមផ្ដល់នូវទាំងឧទាហរណ៍មួយខាងគោលលទ្ធិ និងសាសនាចក្រអំពីអ្វីដែលខ្ញុំកំពុងណែនាំ ។
ឧទាហរណ៍ទី ១ ។ មាត្រាទីបួននៃសេចក្ដីជំនឿគឺជាការបង្ហាញដ៏អស្ចារ្យមួយអំពីការបំព្រួមគ្រប់ទាំងអស់ក្នុងព្រះគ្រីស្ទ ៖ « យើងខ្ញុំជឿថា គោលការណ៍ទីមួយ និងពិធីបរិសុទ្ធទាំងឡាយនៃដំណឹងល្អគឺ ៖ ទីមួយ សេចក្ដីជំនឿជឿដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ទីពីរ ការប្រែចិត្ត ទីបី បុណ្យជ្រមុជទឹក ដោយការពន្លិចសម្រាប់ការផ្ដាច់បាប ទីបួន ការដាក់ដៃលើសម្រាប់អំណោយទានជាព្រះវិញ្ញាណបរិសុទ្ធ » ។
សេចក្តីជំនឿពិតផ្ដោតទៅលើព្រះអម្ចាស់យេស៊ូវគ្រីស្ទ—ជឿថាទ្រង់គឺជាព្រះអាទិទេព និងជាព្រះរាជបុត្រាបង្កើតតែមួយរបស់ព្រះវរបិតា និងលើទ្រង់ និងលើបេសកកម្មប្រោសលោះដែលទ្រង់បានបំពេញ ។ « ដ្បិតទ្រង់បានឆ្លើយតបចុងបំផុតនៃក្រឹត្យវិន័យ ហើយទ្រង់បានទទួលយកអស់អ្នកណាដែលមានសេចក្ដីជំនឿជឿដល់ទ្រង់ ហើយពួកអ្នកណាដែលមានសេចក្ដីជំនឿជឿដល់ទ្រង់ នោះតោងទៅនឹងអ្វីដែលល្អគ្រប់យ៉ាង ហេតុដូច្នោះហើយ ទ្រង់ជួយតវ៉ា ដើម្បីឧត្ដមគតិរបស់កូនចៅមនុស្ស » ។ ការអនុវត្តសេចក្ដីជំនឿលើព្រះគ្រីស្ទគឺ ការទុកចិត្ត និងការដាក់ទំនុកចិត្តរបស់យើងលើទ្រង់ជាព្រះអង្គសង្គ្រោះ លើព្រះនាមទ្រង់ និងលើបន្ទូលសន្យារបស់ទ្រង់ ។
លទ្ធផលទីមួយ និងដោយស្វ័យប្រវត្តិនៃការទុកចិត្តលើព្រះអង្គសង្គ្រោះគឺជាការប្រែចិត្ត និងការបែរចេញពីសេចក្ដីអាក្រក់ ។ ពេលយើងអនុវត្តសេចក្ដីជំនឿលើព្រះអម្ចាស់ យើងបែរមករក យើងចូលមក ហើយពឹងផ្អែកលើទ្រង់ ។ ដូច្នេះ ការប្រែចិត្តគឺជា ការទុកចិត្ត និង ការពឹងផ្អែក ទៅលើព្រះអង្គប្រោសលោះឲ្យធ្វើកិច្ចការដែលយើងមិនអាចធ្វើដោយខ្លួនយើងបាន ។ យើងម្នាក់ៗត្រូវតែ « [ ពឹងផ្អែក ] ទាំងស្រុង ទៅលើបុណ្យគុណរបស់ទ្រង់ ដែលមានឥទ្ធិឫទ្ធិដើម្បីសង្គ្រោះ » ព្រោះមានតែ « ដោយបុណ្យគុណ និងសេចក្ដីមេត្តាករុណា និងព្រះគុណនៃព្រះមែស៊ីដ៏បរិសុទ្ធ » ប៉ុណ្ណោះ ទើបយើងអាចកើតជាថ្មីក្នុងព្រះគ្រីស្ទ ហើយទីបំផុតត្រឡប់ទៅរស់នៅក្នុងវត្តមានរបស់ព្រះវិញ ។
ពិធីបរិសុទ្ធនៃបុណ្យជ្រមុជទឹកដោយការពន្លិចសម្រាប់ការផ្ដាច់បាប តម្រូវឲ្យយើង ទុកចិត្ត លើទ្រង់ ពឹងផ្អែក លើទ្រង់ និង ធ្វើតាម ទ្រង់ ។ នីហ្វៃបានប្រកាសថា « ហេតុដូច្នោះហើយ ឱបងប្អូនជាទីស្រឡាញ់របស់ខ្ញុំអើយ ខ្ញុំដឹងថា បើអ្នករាល់គ្នានឹងដើរតាមព្រះរាជបុត្រា ដោយពេញចិត្តប្រាថ្នា គឺពុំមានការលាក់ពុត ឬការបោកបញ្ឆោតនៅចំពោះព្រះឡើយ ប៉ុន្តែដោយស្មោះអស់ពីចិត្ត គឺប្រែចិត្តពីអំពើបាបទាំងឡាយរបស់ខ្លួន ធ្វើបន្ទាល់ចំពោះព្រះវរបិតាថា អ្នករាល់គ្នាយល់ព្រមទទួលយកព្រះនាមនៃព្រះគ្រីស្ទមកលើខ្លួន ដោយទទួលបុណ្យជ្រមុជទឹក—មែនហើយ ដោយដើរតាមព្រះអម្ចាស់របស់អ្នក និងព្រះអង្គសង្គ្រោះរបស់អ្នកចុះទៅក្នុងទឹក ស្របតាមព្រះបន្ទូលរបស់ទ្រង់ មើលចុះ ពេលនោះ អ្នកនឹងទទួលព្រះវិញ្ញាណបរិសុទ្ធ មែនហើយ បន្ទាប់មក ក៏មានបុណ្យជ្រមុជដោយភ្លើង និងដោយព្រះវិញ្ញាណបរិសុទ្ធ » ។
ពិធីបរិសុទ្ធនៃការដាក់ដៃលើក្បាលសម្រាប់អំណោយទានជាព្រះវិញ្ញាណបរិសុទ្ធ តម្រូវឲ្យយើង ទុកចិត្ត លើទ្រង់ ពឹងផ្អែក លើទ្រង់ ដើរតាម ទ្រង់ និង ឆ្ពោះទៅមុខ ជាមួយទ្រង់ដោយមានជំនួយពីព្រះវិញ្ញាណដ៏បរិសុទ្ធរបស់ទ្រង់ ។ ដូចនីហ្វៃបានប្រកាសថា « ហើយឥឡូវនេះ…ខ្ញុំដឹងថា អ្នកនោះនឹងពុំអាចបានសង្គ្រោះឡើយ លើកលែងតែអ្នកណាដែលកាន់ខ្ជាប់ដរាបដល់ចុងបំផុត ដោយធ្វើតាមគំរូនៃព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់នៅនោះ » ។
មាត្រាទីបួននៃសេចក្ដីជំនឿពុំគ្រាន់តែប្រាប់អំពីគោលការណ៍គ្រឹះ និងពិធីបរិសុទ្ធនៃដំណឹងល្អដែលបានស្ដារឡើងវិញប៉ុណ្ណោះទេ ។ ផ្ទុយទៅវិញ សេចក្ដីថ្លែងការណ៍ដ៏បំផុសគំនិតអំពីជំនឿនៃការបំព្រួមគ្រប់ទាំងអស់ក្នុងព្រះគ្រីស្ទនេះគឺ ៖ ការទុកចិត្ត លើទ្រង់ ការពឹងផ្អែក លើទ្រង់ ការដើរតាម ទ្រង់ និង ការឆ្ពោះទៅមុខ ជាមួយទ្រង់—និងក្នុងទ្រង់ផងដែរ ។
ឧទាហរណ៍ទី ២ ។ ឥឡូវនេះ ខ្ញុំចង់ពិពណ៌នាអំពីរបៀបដែលកម្មវិធី និងការផ្ដួចផ្ដើមគំនិតទាំងអស់របស់សាសនាចក្រ ត្រូវបានបំព្រួមគ្រប់ទាំងអស់ក្នុងព្រះគ្រីស្ទ ។ ការបង្ហាញជាច្រើនបន្ថែមទៀតអាចត្រូវបានបង្ហាញ ប៉ុន្តែខ្ញុំនឹងប្រើតែពីរបីចំណុចប៉ុណ្ណោះ ។
ក្នុងឆ្នាំ ១៩៧៨ ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បានណែនាំសមាជិកសាសនាចក្រឲ្យស្ថាបនាភាពរឹងមាំនៃក្រុងស៊ីយ៉ូនពាសពេញពិភពលោក ។ លោកបានទូន្មានឲ្យពួកបរិសុទ្ធបន្តរស់នៅក្នុងដែនដីកំណើតខ្លួន ហើយស្ថាបនាស្តេកដ៏រឹងមាំតាមរយៈការប្រមូលផ្ដុំក្រុមគ្រួសារនៃព្រះ និងការបង្រៀនពួកគេអំពីមាគ៌ារបស់ព្រះអម្ចាស់ ។ លោកបានបង្ហាញបន្ថែមថា ព្រះវិហារបរិសុទ្ធកាន់តែច្រើននឹងត្រូវបានកសាង និងពរជ័យដែលបានសន្យាសម្រាប់ពួកបរិសុទ្ធនៅគ្រប់ទីកន្លែងដែលពួកគេរស់នៅលើពិពភលោក ។
នៅពេលចំនួនស្តេកកើនឡើង មានតម្រូវការឲ្យពង្រឹងដល់ផ្ទះរបស់សមាជិកដើម្បីឲ្យ « ក្លាយជា [ ទីកន្លែង ] សមាជិកក្រុមគ្រួសារ [ ចូលចិត្ត ] រស់នៅ ជាទីដែលពួកគេ [ អាច ] បន្ថែមរសជាតិជីវិត ហើយរកឃើញក្ដីស្រឡាញ់រួម គាំទ្រ ថ្លែងអំណរគុណ និងលើកទឹកចិត្ត » ។ ជាលទ្ធផលក្នុងឆ្នាំ ១៩៨០ ការប្រជុំនៅថ្ងៃអាទិត្យត្រូវបានដាក់បញ្ចូលគ្នាទៅជាបីម៉ោងដើម្បី « ផ្ដោតសំខាន់ឡើងវិញអំពីករណីយកិច្ចផ្ទាល់ខ្លួន និងជាគ្រួសារសម្រាប់ការរៀនសូត្រ ការរស់នៅ និងការបង្រៀនដំណឹងល្អ » ។ ការផ្ដោតសំខាន់ទៅលើក្រុមគ្រួសារ និងគេហដ្ឋានឡើងវិញត្រូវបានបញ្ជាក់នៅក្នុង « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » ដែលត្រូវបានប្រកាសដោយប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ក្នុងឆ្នាំ ១៩៩៥ ។
ក្នុងខែមេសា ឆ្នាំ ១៩៩៨ ប្រធានហ៊ិងគ្លីបានប្រកាសអំពីការដ្ឋានសាងសង់ព្រះវិហារបរិសុទ្ធតូចៗជាច្រើនទៀត តាមរបៀបនោះយើងអាចនាំពិធីបរិសុទ្ធដ៏ពិសិដ្ឋៗក្នុងដំណាក់របស់ព្រះអម្ចាស់ទៅកាន់តែជិតពួកបរិសុទ្ធដែលជាបុគ្គលម្នាក់ៗ និងក្រុមគ្រួសារពាសពេញពិភពលោក ។ ឱកាសដែលបានធ្វើឲ្យប្រសើរឡើងទាំងនេះដើម្បីឲ្យមានភាពរីកចម្រើន និងការវិវឌ្ឍខាងវិញ្ញាណ ត្រូវបានអនុវត្តដោយការបង្កើននៃភាពខ្លួនទីពឹងខ្លួនខាងសាច់ឈាមដែលជាប់ទាក់ទង តាមរយៈការណែនាំឲ្យស្គាល់មូលនិធិដែលមានជាបន្តបន្ទាប់ក្នុងឆ្នាំ ២០០១ ។
អំឡុងពេលការគ្រប់គ្រងរបស់លោក ប្រធាន ថូម៉ាស អេស ម៉នសុន បានទូន្មានពួកបរិសុទ្ធម្ដងហើយម្ដងទៀតឲ្យចេញទៅ « សង្គ្រោះ » ហើយផ្ដោតសំខាន់ទៅលើការមើលថែជនក្រីក្រ និងទុរគតជនទុកជាករណីយកិច្ចមួយដែលព្រះចាត់តាំងក្នុងសាសនាចក្រ ។ នៅពេលបន្តផ្ដោតសំខាន់ទៅលើការរៀបចំខ្លួនខាងសាច់ឈាម នោះកម្មវិធីសេវាភាពខ្លួនទីពឹងខ្លួនត្រូវបានអនុវត្តក្នុងឆ្នាំ ២០១២ ។
ប៉ុន្មានឆ្នាំមុននេះ គោលការណ៍ដ៏ចាំបាច់អំពីការធ្វើឲ្យថ្ងៃឈប់សម្រាកក្លាយជាទីរីករាយនៅក្នុងគេហដ្ឋាន និងនៅឯព្រះវិហារ ត្រូវបានផ្ដោតសំខាន់ និងពង្រឹងឡើងវិញ ដូច្នេះការណ៍នោះរៀបចំយើងសម្រាប់ការកែតម្រូវកាលវិភាគប្រជុំថ្ងៃអាទិត្យដែលត្រូវបានប្រកាសនៅក្នុងសម័យប្រជុំសន្និសីទទូទៅនេះ ។
កាលពីប្រាំមួយខែមុន កូរ៉ុមបព្វជិតភាពមិលគីស្សាដែកត្រូវបានពង្រឹង និងមានទំនាក់ទំនងកាន់តែមានប្រសិទ្ធភាពជាមួយអង្គការជំនួយផ្សេងៗ ដើម្បីសម្រេចបានវិធីសាស្រ្តនៃការងារបម្រើកាន់តែខ្ពស់ និងបរិសុទ្ធ ។
ខ្ញុំជឿថា លំដាប់លំដោយ និងពេលវេលានៃសកម្មភាពទាំងនេះជាច្រើនទសវត្សរ៍អាចជួយយើងឃើញកិច្ចការដ៏មានសាមគ្គីភាព និងទូលំទូលាយមួយ និងមិនគ្រាន់តែជាកម្មវិធីដ៏ឯករាជ្យ និងដាច់ដោយឡែកឡើយ ។ « ព្រះបានបើកសម្តែងនូវលំនាំនៃការរីកចម្រើនខាងវិញ្ញាណមួយសម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ តាមរយៈពិធីបរិសុទ្ធ ការបង្រៀន កម្មវិធី និងសកម្មភាពនានា ដែលត្រូវបានផ្តោតទៅលើគេហដ្ឋាន និងគាំទ្រពីសាសនាចក្រ ។ អង្គការ និងកម្មវិធីនៃសាសនាចក្រ បានបង្កើតឡើងដើម្បីផ្តល់ពរដល់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ហើយមិនបញ្ចប់នៅត្រឹមប៉ុណ្ណោះនោះទេ » ។
ខ្ញុំអធិស្ឋានសូមឲ្យយើងទទួលស្គាល់កិច្ចការរបស់ព្រះអម្ចាស់ថាជាកិច្ចការដ៏អស្ចារ្យមួយទូទាំងពិភពលោក ដែលនឹងក្លាយជាការផ្ដោតទៅលើគេហដ្ឋាន និងគាំទ្រដោយសាសនាចក្រ ។ ខ្ញុំដឹង ហើយថ្លែងទីបន្ទាល់ថា ព្រះអម្ចាស់កំពុងបើកសម្ដែង ព្រមទាំងនឹងបើកសម្ដែងរឿងដ៏ធំ និងសំខាន់ៗជាច្រើនដែលទាក់ទងទៅនឹងនគរនៃព្រះ » ។
ការសន្យា និង ទីបន្ទាល់
ខ្ញុំបានចាប់ផ្ដើមសារលិខិតរបស់ខ្ញុំដោយការលើកយកភាពរឹងមាំដែលត្រូវបានបង្កើតឡើងដោយរបុំនៃសម្ភារនីមួយៗដែលត្រូវបានវេញ ឬក្រងបញ្ចូលគ្នាបង្កើតជាខ្សែពួរ ។ តាមរបៀបស្រដៀងគ្នានេះដែរ ខ្ញុំសន្យាថា ទស្សនវិស័យ គោលបំណង និងអំណាចកាន់តែច្រើននឹងជាភស្ដុតាងក្នុងការរៀនសូត្រ និងការរស់នៅរបស់យើងក្នុងដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទដែលបានស្ដារឡើងវិញនៅពេលយើងខិតខំបំព្រួមគ្រប់ទាំងអស់ក្នុងព្រះគ្រីស្ទ—ថែមទាំងនៅលើទ្រង់ផងដែរ ។
រាល់ឱកាស និងពរជ័យនៃលទ្ធផលដ៏អស់កល្បមានប្រភពមកពីព្រះយេស៊ូវគ្រីស្ទ ហើយអាចធ្វើទៅបាន និងមានគោលបំណងដោយសារតែព្រះយេស៊ូវគ្រីស្ទ និងនៅស្ថិតស្ថេរតាមរយៈព្រះអម្ចាស់យេស៊ូវគ្រីស្ទ ។ ដូចអាលម៉ាបានថ្លែងទីបន្ទាល់ថា « គ្មានផ្លូវ ឬមធ្យោបាយឯណាផ្សេងទៀតទេ ដែលនាំឲ្យមនុស្សបានសង្គ្រោះ មានតែដោយ និងតាមរយៈព្រះគ្រីស្ទមួយប៉ុណ្ណោះ ។ ទ្រង់គឺជាជីវិត ហើយជាពន្លឺនៃពិភពលោក » ។
ខ្ញុំសូមធ្វើជាសាក្សីដោយអំណរអំពីទេវភាព និងសេចក្ដីពិតដ៏សកម្មរបស់ព្រះវរបិតាសួគ៌ និងបុត្រាដ៏ជាទីស្រឡាញ់ទ្រង់គឺព្រះយេស៊ូវគ្រីស្ទ ។ យើងរកឃើញអំណរក្នុងព្រះអង្គសង្គ្រោះយើង ។ ហើយក្នុងទ្រង់ យើងរកឃើញការអះអាងនៃ « សេចក្ដីសុខសាន្តនៅនាលោកិយនេះ និងជីវិតដ៏នៅអស់កល្បជានិច្ចនៅបរលោក » ។ ខ្ញុំថ្លែងទីបន្ទាល់ដូច្នោះ នៅក្នុងព្រះនាមដ៏ពិសិដ្ឋនៃព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។