ចូរមកស្តាប់សំឡេងព្យាការី
នៅពេលយើងបង្កើតការអនុត្តនូវការស្តាប់ និងប្រុងស្តាប់តាមសំឡេងនៃពួកព្យាការីនៅរស់នៅក្នុងជីវិត នោះយើងនឹងច្រូតកាត់នូវពរជ័យអស់កល្បជានិច្ច ។
និយាយអំពីប្រធានសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ព្រះអម្ចាស់បានប្រកាសថា ៖
« ហើយជាថ្មីទៀត ភារកិច្ចរបស់ប្រធាននៃតំណែងរបស់បព្វជិតភាពជាន់ខ្ពស់ គឺត្រូវត្រួតត្រាលើសាសនាចក្រទាំងមូល ហើយត្រូវធ្វើដូចជាលោកម៉ូសេ—
…មែនហើយ គឺត្រូវធ្វើជាអ្នកមើលឆុត ជាអ្នកបើកសម្ដែង ជាអ្នកបកប្រែ ហើយជាព្យាការី ដោយមានគ្រប់អំណោយទានទាំងអស់នៃព្រះ ដែលទ្រង់ប្រទានមកលើមេដឹកនាំសាសនាចក្រ » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ១០៧:៩១–៩២ ការគូសបញ្ជាក់បានបន្ថែម ) ។
ខ្ញុំមានពរដើម្បីធ្វើជាសាក្សីអំពីអំណោយទានមួយចំនួនរបស់ព្រះទៅលើពួកព្យាការីរបស់ទ្រង់ ។ ខ្ញុំសូមចែកចាយបទពិសោធន៍មួយជាមួយបងប្អូនបានទេ ? ពីមុនការហៅបម្រើបច្ចុប្បន្នរបស់ខ្ញុំ ខ្ញុំបានជួយស្វែងរក និងផ្តល់អនុសាសន៍អំពីទីតាំងនានាសម្រាប់សង់ព្រះវិហារបរិសុទ្ធ នាពេលអនាគត ។ បន្ទាប់ពីថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០០១ មក ការឆ្លងកាត់ព្រំដែនសហរដ្ឋអាមេរិកមានការត្រួតពិនិត្យតឹងរឹងណាស់ ។ ជាលទ្ធផល សមាជិកសាសនាចក្រជាច្រើនចំណាយពេលពីរទៅបីម៉ោង ដើម្បីធ្វើដំណើរពីវ៉ាន់ខូវើរ ប្រទេសកាណាដា ទៅព្រះវិហារបរិសុទ្ធ ស៊ីអាថល វ៉ាស៊ីនតោន ។ ប្រធានហ្គរដុន ប៊ី ហ៊ិងគ្លី ប្រធានសាសនាចក្រនៅគ្រានោះបានផ្តល់យោបល់ថា ព្រះវិហារបរិសុទ្ធនៅក្នុងទីក្រុងវ៉ាន់ខូវើរនឹងផ្តល់ពរដល់សមាជិកសាសនាចក្រ ។ ការស្វែងរកទីតាំងត្រូវបានអនុញ្ញាត ហើយបន្ទាប់ពីយើងបានត្រួតពិនិត្យមើលដីមួយចំនួនដែលជាកម្មសិទ្ធិរបស់ព្រះវិហារ នោះទីតាំងផ្សេងៗទៀតដែលពុំមែនជាកម្មសិទ្ធិរបស់ព្រះវិហារក៏ត្រូវបានពិនិត្យពិច័យដែរ ។
ទីតាំងដ៏ស្រស់ស្អាតមួយនៅតំបន់ដែលសម្បូរដោយអគារសាសនានៅជាប់នឹងមហាវិថី ត្រេន ខាណាឌៀន ត្រូវបានរកឃើញ ។ ដីនោះនៅនឹងមាត់ច្រក វាមានដើមស្រល់ដ៏ស្រស់ស្អាត ហើយវាជាទីតាំងដែលគេងាយនឹងមើលឃើញ ពេលមនុស្សរាប់ពាន់នាក់បើកឡានកាត់ទីនោះ ។
យើងបានបង្ហាញទីតាំងនោះជាមួយរូបភាព និងផែនទីនៅក្នុងការប្រជុំគណៈកម្មាការទីតាំងព្រះវិហារបរិសុទ្ធប្រចាំខែ ។ ប្រធានហ៊ីងគ្លីបានអនុមតិឲ្យយើងចុះកិច្ចសន្យា ហើយចុះសិក្សាកិច្ចការចាំបាច់នានា ។ នៅក្នុងខែធ្នូនាឆ្នាំនោះ យើងបានរាយការណ៍ប្រាប់ទៅគណៈកម្មការវិញថា ការសិក្សានានាត្រូវបានបញ្ចប់ ហើយយើងសូមការអនុមិតដើម្បីទិញដីនោះ ។ បន្ទាប់ពីឮរបាយការណ៍របស់យើង ប្រធានហ៊ីងគ្លីបានមានប្រសាសន៍ថា « ខ្ញុំមានអារម្មណ៍ថា ខ្ញុំគួរទៅមើលទីតាំងនោះ » ។
ក្រោយមកទៀតនៅក្នុងខែនោះ គឺពីរថ្ងៃបន្ទាប់ពីបុណ្យគ្រីស្ទម៉ាស់រួច យើងបានចេញដំណើរទៅវ៉ាន់ខូវើរជាមួយប្រធានហ៊ិងគ្លី, ប្រធាន ថូម៉ាស អេស ម៉នសុន និង ប៊ី វីល្លាម ស្ថាបនិកព្រះវិហារបរិសុទ្ធ ។ យើងបានជួប ប៉ុល គ្រីស្ទីនសិន ប្រធានស្តេកក្នុងមូលដ្ឋានដែលបានដឹកយើងទៅកាន់ទីតាំងនោះ ។ ពេលនោះអាកាសធាតុរាងសើម និងចុះអ័ព្ទបន្តិចនៅថ្ងៃនោះ ប៉ុន្តែប្រធានហ៊ិងគ្លីបានចុះពីលើឡាន ហើយចាប់ផ្តើមដើរសព្វលើទីតាំងនោះ ។
បន្ទាប់ពីចំណាយពេលខ្លះមើលទីតាំងនោះមក ខ្ញុំបានសួរប្រធានហ៊ិងគ្លី ប្រសិនបើលោកចង់មើលទីតាំងមួយចំនួនផ្សេងទៀតដែលយើងបានពិចារណា ។ លោកបានមានប្រសាសន៍ថា លោកចង់ទៅ ។ បងប្អូនដឹងទេ តាមយៈការមើលទីតាំងផ្សេងទៀត នោះយើងអាចប្រៀបធៀបអំពីគុណតម្លៃនៃទីតាំងទាំងនោះ ។
យើងបានធ្វើដំណើរជារង្វង់ដ៏ធំមួយតាមទិសនាឡិកាជុំវិញទីក្រុងវ៉ាន់ខូវើរ ដោយមើលទីតាំងផ្សេងៗ ទីបំផុតបានត្រឡប់មកដល់ទីតាំងចាស់វិញ ។ ប្រធានហ៊ីងគ្លីបានមានប្រសាសន៍ថា « ដីនេះគឺជាទីតាំងដ៏ស្រស់ស្អាតមួយ » ។ បន្ទាប់មកលោកបានសួរថា « តើយើងអាចទៅសាលាប្រជុំដែលជាកម្មសិទ្ធិរបស់សាសនាចក្រដែលមានចម្ងាយប្រហែលជាកន្លះគីឡូម៉ែត្រពីនេះបានទេ ? »
យើងបានតបថា « ពិតជាបានលោកប្រធាន » ។
យើងបានឡើងជិះឡានវិញ ហើយបើកទៅសាលាប្រជុំដែលនៅក្បែរនោះ ។ ពេលយើងទៅដល់សាលាជំនុំ ប្រធានហ៊ីងគ្លីបានមានប្រសាសន៍ថា « សូមបត់ឆ្វេងនៅទីនេះ » ។ យើងបានបត់ ហើយបើកតាមផ្លូវដូចបានបង្គាប់ប្រាប់ ។ ផ្លូវនោះបានចាប់ផ្តើមឡើងទួលបន្តិចម្តងៗ ។
ពេលឡានបានឡើងទៅដល់កំពូលភ្លាម ប្រធានហ៊ីងគ្លីបានមានប្រសាសន៍ថា « សូមឈប់ឡាន ឈប់ឡាន » ។ បន្ទាប់មក លោកបានចង្អុលទៅខាងស្តាំដៃទៅដីមួយកន្លែង ហើយមានប្រសាសន៍ថា « ចុះដីនេះវិញ ? នេះគឺជាទីតាំងសម្រាប់ព្រះវិហារបរិសុទ្ធហើយ ។ នេះគឺជាកន្លែងដែលព្រះអម្ចាស់សព្វព្រះទ័យឲ្យព្រះវិហារបរិសុទ្ធសង់នៅទីនេះ ។ តើលោកអាចទិញដីនេះបានទេ ? តើលោកអាចទិញដីនេះបានទេ ? »
យើងពុំបានមើលដីនេះពីមុនឡើយ ។ វានៅក្រោយ ហើយឆ្ងាយពីមហាវិថី ហើយវាពុំនៅក្នុងបញ្ជីលក់ឡើយ ។ នៅពេលយើងបានឆ្លើយថា យើងពុំដឹងទេ នោះប្រធានហ៊ិងគ្លីបានចង្អុលទៅដីនោះ ហើយមានប្រសាសន៍ម្តងទៀតថា « នេះគឺជាទីតាំងសម្រាប់ព្រះវិហារបរិសុទ្ធហើយ » ។ យើងបាននៅទីនោះមួយសន្ទុះ បន្ទាប់មកបានចេញទៅប្រលានយន្តហោះដើម្បីធ្វើដំណើរត្រឡប់ទៅផ្ទះវិញ ។
នៅថ្ងៃបន្ទាប់ គេបានទូរសព្ទហៅបងប្រុសវិល្លាម និងខ្ញុំឲ្យទៅការិយាល័យប្រធានហ៊ិងគ្លី ។ លោកបានគូសប្លង់នៃអ្វីៗទាំងអស់នៅលើក្រដាសមួយសន្លឹក ៖ ដែលមានផ្លូវនានា សាលាជំនុំ បត់ឆ្វេងនៅទីនេះ សញ្ញា x ដែលជាទីតាំងនៃព្រះវិហារបរិសុទ្ធ ។ លោកបានសួរថា តើយើងបានដឹងអ្វីខ្លះហើយ ។ យើងបានជម្រាបលោកថា លោកពុំគួរសម្រេចទិញដីដែលពិបាកនោះទេ ។ ដីនេះមានម្ចាស់បីនាក់ ៖ ម្នាក់មកពីប្រទេសកាណាដា ម្នាក់មកពីប្រទេសឥណ្ឌា និងម្នាក់ទៀតមកពីប្រទេសចិន ! ហើយវាពុំមែនជាទីប្រជុំជនរបស់សាសនានោះទេ ។
លោកបានមានប្រសាសន៍ថា « មែនហើយ ចូរធ្វើឲ្យអស់ពីសមត្ថភាពរបស់លោកទៅ » ។
បន្ទាប់មក អព្ភូតហេតុបានកើតឡើង ។ នៅអំឡុងបីបួនខែ យើងបានធ្វើជាម្ចាស់លើដីនោះ ហើយក្រោយមកសាលាក្រុងឡែនហ្គ្លី ប្រ៊ីធីស កូឡុំប៊ី បានផ្តល់ការអនុញ្ញាតឲ្យសាងសង់ព្រះវិហារបរិសុទ្ធ ។
ពេលគិតអំពីបទពិសោធន៍នេះ ខ្ញុំមានចិត្តរាបសាតាមរយៈការដឹងថា ទោះបីជាបងប្រុសវិល្លាម និងខ្ញុំមានការអប់រំត្រឹមត្រូវ និងមានបទពិសោធន៍ជាច្រើនឆ្នាំនៅក្នុងផ្នែកអចលនទ្រព្យ និងការរចនាប្លង់ព្រះវិហារបរិសុទ្ធ ហើយប្រធានហ៊ីងគ្លីដែលពុំបានទទួលការបំពាក់បំប៉នផ្នែកនេះក្តី ក៏លោកមានអ្វីមួយដែលអស្ចារ្យជាង—គឺអំណោយទាននៃការព្យាកររបស់អ្នកមើលឆុត ។ លោកអាចប្រមើលមើលឃើញពីទីតាំងដែលព្រះវិហារបរិសុទ្ធរបស់ព្រះគួរនៅត្រង់ណា ។
ពេលព្រះអម្ចាស់បានត្រាស់បង្គាប់ដល់ពួកបរិសុទ្ធជំនាន់ដើម នៅសម័យកាន់កាប់ត្រួតត្រានេះឲ្យសាងសង់ព្រះវិហារបរិសុទ្ធ នោះទ្រង់បានប្រកាសថា ៖
« ប៉ុន្តែចូរឲ្យមានដំណាក់មួយសង់ឡើងថ្វាយដល់ព្រះនាមរបស់យើង តាមគំរូដែលយើងនឹងបង្ហាញដល់ពួកគេ ។
ហើយបើសិនជារាស្ត្ររបស់យើងមិនសង់ដំណាក់នោះ តាមគំរូដែលយើងនឹងបង្ហាញ…ទេ នោះយើងនឹងមិនទទួលដំណាក់នោះពីដៃរបស់ពួកគេឡើយ » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ១១៥:១៤–១៥ ) ។
ដូចជាពួកបរិសុទ្ធជំនាន់ដើមដែរ ការណ៍នេះគឺដូចគ្នាចំពោះពួកយើងនាសព្វថ្ងៃនេះ ៖ ព្រះអម្ចាស់បានបើកសម្តែង និងបន្តបើកសម្តែងដល់ប្រធានសាសនាចក្រនូវលំនាំដែលនគរព្រះត្រូវបានដឹកនាំនៅក្នុងជំនាន់របស់យើងនេះ ។ ហើយនៅក្នុងកម្រិតផ្ទាល់ខ្លួនមួយ លោកផ្តល់ការណែនាំទាក់ទងនឹងរបៀបដែលយើងម្នាក់ៗគួរដឹកនាំជីវិតយើង ដើម្បីឲ្យឥរិយាបថរបស់យើងត្រូវបានព្រះអម្ចាស់ទ្រង់សព្វព្រះហឫទ័យ ។
នៅខែមេសាឆ្នាំ ២០១៣ ខ្ញុំបានថ្លែងអំពីកិច្ចខិតខំដែលទាក់ទងនឹងការរៀបចំគ្រប់គ្រឹះនៃព្រះវិហារបរិសុទ្ធ ដើម្បីធានាបានថា វាអាចឈររឹងមាំនៅកណ្តាលព្យុះ និងគ្រោះធម្មជាតិនានាដែលព្រះវិហារបរិសុទ្ធនឹងជួប ។ ប៉ុន្តែគ្រឹះនោះគឺគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ ។ ព្រះវិហារបរិសុទ្ធសង់ឡើងចេញពីសម្ភារជាច្រើនដែលត្រូវស្របតាមគំរូដែលបានរចនាប្លង់ជាមុន ។ ប្រសិនបើជីវិតរបស់យើងក្លាយជាព្រះវិហារបរិសុទ្ធ នោះពួកយើងម្នាក់ៗកំពុងព្យាយាមសាងសង់ខ្លួនតាមការបង្រៀនពីព្រះអម្ចាស់ ( សូមមើល កូរិនថូសទី ១ ៣:១៦–១៧ ) យើងអាចសួរខ្លួនយើងដោយហេតុផលថា « តើសម្ភារសាងសង់អ្វីខ្លះ ដែលយើងគួរសាងសង់ឡើង ដើម្បីធ្វើឲ្យជីវិតយើងស្រស់ស្អាត ខ្ពង់ខ្ពស់ ហើយទប់ទល់នឹងព្យុះនៃលោកិយនេះបាន ? »
យើងរកឃើញចម្លើយចំពោះសំណួរនេះបាននៅក្នុងព្រះគម្ពីរមរមន ។ ស្ដីពីព្រះគម្ពីរមរមនព្យាការី យ៉ូសែប ស្ម៊ីធ បានមានប្រសាសន៍ថា « ខ្ញុំបានប្រាប់បងប្អូនទាំងឡាយថា ព្រះគម្ពីរមរមន គឺជាគម្ពីរដ៏ត្រឹមត្រូវបំផុតជាងគម្ពីរនានាទាំងអស់នៅលើផែនដីនេះ ហើយជាមូលដ្ឋាននៃសាសនាចក្ររបស់យើង ហើយបុគ្គលម្នាក់ៗអាចចូលទៅជិតព្រះបាន ដោយសារការធ្វើតាមសិក្ខាបទទាំងឡាយនៃគម្ពីរដទៃទាំងអស់ » ( បុព្វកថាព្រះគម្ពីរមរមន ) ។ នៅក្នុងបុព្វកថានៃព្រះគម្ពីរមរមន យើងត្រូវបានបង្រៀនថា អស់អ្នកណាដែលបានទទួលទីបន្ទាល់ [ ដ៏ ប្រសើរពីព្រះវិញ្ញាណបរិសុទ្ធថា ព្រះគម្ពីរមរមនគឺជាព្រះបន្ទូលនៃព្រះ ] ក៏នឹងបានដឹងដោយសារព្រះចេស្ដាដដែលថា ព្រះយេស៊ូវគ្រីស្ទគឺជាព្រះអង្គសង្គ្រោះនៃពិភពលោក ថា យ៉ូសែប ស៊្មីធ គឺជាអ្នកទទួលវិវរណៈ និងជា [ ព្យាការីនៃការស្តារឡើងវិញ ] ហើយថាសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ គឺជានគរនៃព្រះអម្ចាស់ ដែលបានសាងឡើងវិញម្ដងទៀតនៅលើផែនដី » ។
ដូច្នេះនេះគឺជាសម្ភារសាងសង់ចាំបាច់មួយចំនួននៃសេចក្តីជំនឿ និងទីបន្ទាល់របស់យើងម្នាក់ៗ ៖
-
ព្រះយេស៊ូវគ្រីស្ទគឺជាព្រះអង្គសង្គ្រោះនៃពិភពលោក ។
-
ព្រះគម្ពីរមរមនគឺជាព្រះបន្ទូលនៃព្រះ ។
-
សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយជានគរព្រះនៅលើផែនដីនេះ ។
-
យ៉ូសែប ស៊្មីធ គឺជាព្យាការី ហើយយើងមានព្យាការីនៅរស់នៅលើផែនដីសព្វថ្ងៃនេះ ។
ប៉ុន្មានខែនេះ ខ្ញុំបានស្តាប់សុន្ទរកថាសន្និសីទមួយដែលប្រធានណិលសុនបានថ្លែង ចាប់តាំងពីលោកត្រូវបានហៅដំបូងឲ្យធ្វើជាសាវក ។ សុន្ទរកថានេះបានផ្លាស់ប្ដូរជីវិតខ្ញុំ ។ ពេលខ្ញុំបានសិក្សា និងពិចារណាអំពីរយៈពេល ៣៤ ឆ្នាំនៃការប្រមូលផ្តុំប្រាជ្ញារបស់ប្រធានណិលសុន នោះប្រធានបទនានាដ៏ច្បាស់លាស់ និងខ្ជាប់ខ្ជួនមកពីការបង្រៀនរបស់លោកបានជ្រាបចូលក្នុងចិត្តខ្ញុំ ។ ប្រធានបទនីមួយៗទាក់ទងនឹងសម្ភារសាងសង់ទាំងនោះដែលទើបតែបានលើកឡើង ឬក៏ជាគន្លឹះផ្សេងទៀតនៃសម្ភារសាងសង់សម្រាប់ព្រះវិហារបរិសុទ្ធផ្ទាល់ខ្លួនរបស់យើង ។ សម្ភារសាងសង់ទាំងនោះរួមមាន សេចក្តីជំនឿលើព្រះអម្ចាស់យេស៊ូវគ្រីស្ទ ការប្រែចិត្ត បុណ្យជ្រមុជទឹកសម្រាប់ការផ្តាច់បាប អំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ការប្រោសលោះមរណជន និងកិច្ចការព្រះវិហារបរិសុទ្ធ ការរក្សាថ្ងៃឈប់សម្រាកឲ្យបានបរិសុទ្ធ ដោយចាប់ផ្តើមជាមួយនឹងទស្សនៈវិស័យដ៏ច្បាស់លាស់ ដោយបន្តនៅលើផ្លូវនៃសេចក្តីសញ្ញា ។ ប្រធានណិលសុនបានថ្លែងអំពីអ្វីៗទាំងនេះដោយសេចក្តីស្រឡាញ់ និងភក្តីភាព ។
ថ្មជ្រុងយ៉ាងឯក និងសម្ភារសាងសង់នៃសាសនាចក្រ និងជីវិតរបស់យើងគឺព្រះយេស៊ូវគ្រីស្ទ ។ នេះគឺជាសាសនាចក្ររបស់ទ្រង់ ។ ប្រធានណិលសុនគឺជាព្យាការីរបស់ទ្រង់ ។ ការបង្រៀនរបស់ប្រធានណិលសុនធ្វើជាសាក្សី និងបើកសម្តែងនូវព្រះជន្ម និងបុគ្គលិកលក្ខណៈនៃព្រះយេស៊ូវគ្រីស្ទសម្រាប់ជាប្រយោជន៍ដល់យើង ។ លោកបានថ្លែងដោយក្តីស្រឡាញ់ និងដឹងច្បាស់អំពីលក្ខណៈរបស់ព្រះអង្គសង្គ្រោះ និងបេសកកម្មរបស់ទ្រង់ ។ លោកក៏បានថ្លែងទីបន្ទាល់ជារឿយៗ និងស្មោះសរអំពីការហៅមកពីព្រះនៃពួកព្យាការីនៅរស់—គឺប្រធានសាសនាចក្រ—ដែលលោកបានបម្រើទ្រង់ ។
ឥឡូវថ្ងៃនេះ វាជាឯកសិទ្ធិរបស់យើងដើម្បីគាំទ្រលោក ជាព្យាការីនៅរស់របស់ព្រះអម្ចាស់នៅផែនដីនេះ ។ យើងស្គាល់អំពីការគាំទ្រថ្នាក់ដឹកនាំសាសនាចក្រតាមរយៈលំនាំរបស់ព្រះដោយការលើកដៃរបស់យើងជាកែង ដើម្បីបង្ហាញពីការទទួលយក និងការគាំទ្ររបស់យើង ។ យើងបានធ្វើវាទើបតែប៉ុន្មាននាទីមុនប៉ុណ្ណោះ ។ ប៉ុន្តែការគាំទ្រពិតប្រាកដគឺត្រូវលើសពីការគ្រាន់តែលើកដៃជាសញ្ញានេះទៅទៀត ។ ដូចបានកត់ត្រានៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ១០៧:២២ គណៈប្រធានទីមួយត្រូវបាន « គាំទ្រដោយសេចក្ដីទុកចិត្ត សេចក្ដីជំនឿ និង សេចក្តីអធិស្ឋាននៃសាសនាចក្រ » ។ យើងគាំទ្រព្យាការីនៅរស់ទាំងស្រុង និងពិតប្រាកដនៅពេលយើងអភិវឌ្ឍលំនាំនៃទំនុកចិត្តលើប្រសាសន៍របស់លោក មានសេចក្តីជំនឿដើម្បីអនុវត្តតាមពាក្យពេចន៍ទាំងនោះ បន្ទាប់មកអធិស្ឋានទូលសូមពរជ័យជាបន្តបន្ទាប់របស់ព្រះអម្ចាស់ឲ្យមានដល់លោក ។
ពេលខ្ញុំគិតអំពីប្រធាន រ័សុល អិម ណិលសុន ខ្ញុំបានទទួលអារម្មណ៍មួយនៃការលួងលោមនៅក្នុងបន្ទូលរបស់ព្រះអង្គសង្គ្រោះ ពេលទ្រង់មានបន្ទូលថា « ហើយបើសិនរាស្ត្រយើងនឹងប្រុងស្តាប់តាមសំឡេងរបស់យើង និងតាមសំឡេងនៃពួកអ្នកបម្រើរបស់យើង ដែលយើងបានតែងតាំងឡើង ឲ្យដឹកនាំរាស្ត្រយើង មើលចុះយើងប្រាប់អ្នកជាប្រាកដថា ពួកគេនឹងមិនត្រូវបានរើចេញពីកន្លែងគេឡើយ » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ១២៤:៤៥ ) ។
ការស្តាប់ និងប្រុងស្តាប់តាមពួកព្យាការីនៅរស់នឹងមានឥទ្ធិពលយ៉ាងខ្លាំង ថែមទាំងមានឥទ្ធិពលផ្លាស់ប្តូរជីវិតរបស់យើងផងដែរ ។ យើងត្រូវបានពង្រឹង ។ យើងមានការធានាអះអាង និងមានទំនុកចិត្តលើព្រះអម្ចាស់កាន់តែខ្លាំងឡើង ។ យើងឮបន្ទូលនៃព្រះអម្ចាស់ ។ យើងទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ព្រះ ។ យើងនឹងដឹងអំពីរបៀបដឹកនាំជីវិតរបស់យើងជាមួយនឹងគោលបំណង ។
ខ្ញុំស្រឡាញ់ ហើយគាំទ្រប្រធាន រ័សុល អិម ណិលសុន និងប្រធានដទៃផ្សេងទៀតដែលត្រូវបានហៅជាព្យាការី អ្នកមើលឆុត និងអ្នកទទួលវិវរណៈ ។ ខ្ញុំសូមថ្លែងទីបន្ទាល់ថា លោកមានអំណោយទានដែលព្រះអម្ចាស់បានប្រទានដល់លោក ហើយខ្ញុំធ្វើជាសាក្សីថា នៅពេលយើងបង្កើតការអនុត្តនូវការស្តាប់ និងប្រុងស្តាប់តាមសំឡេងនៃពួកព្យាការីនៅរស់នៅក្នុងជីវិត នោះជីវិតយើងនឹងសាងសង់ឡើងស្របតាមលំនាំដ៏ប្រសើររបស់ព្រះអម្ចាស់សម្រាប់យើង ហើយយើងនឹងច្រូតកាត់នូវពរជ័យអស់កល្បជានិច្ច ។ ការអញ្ជើញនេះគឺសម្រាប់មនុស្សទាំងអស់ ។ ចូរមកស្តាប់សំឡេងព្យាការី មែនហើយ ចូរមករកព្រះគ្រីស្ទ ហើយរស់នៅចុះ ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។