ការឃ្វាលព្រលឹងទាំងឡាយ
យើងឈោងទៅជួយមនុស្សដទៃដោយក្តីស្រឡាញ់ ដោយសារវាគឺជាអ្វីដែលព្រះអង្គសង្គ្រោះបានបង្គាប់ឲ្យយើងធ្វើ ។
នៅក្នុងការសន្ទនាថ្មីៗនេះជាមួយមិត្តភក្តិរបស់ខ្ញុំ គាត់បានប្រាប់ខ្ញុំថា កាលគាត់នៅក្មេង ទើបតែបានទទួលបុណ្យជ្រមុជទឹកក្លាយជាសមាជិកសាសនាចក្រ ភ្លាមនោះគាត់មានអារម្មណ៍ថា ហាក់ដូចជាគ្មានការស្វាគមន៍គាត់នៅក្នុងវួដឡើយ ។ ពួកអ្នកផ្សព្វផ្សាយសាសនាចក្រដែលបានបង្រៀនគាត់បានប្តូរទៅឆ្ងាយ ហើយគាត់មានអារម្មណ៍ថាឯកោ ។ ដោយគ្មានមិត្តភក្តិនៅក្នុងវួដ នោះគាត់បានជួបមិត្តចាស់របស់គាត់ ហើយជាមួយមិត្តភក្តិទាំងនោះគាត់បានពាក់ព័ន្ធនឹងសកម្មភាពដែលនាំគាត់ឲ្យចេញឆ្ងាយពីការចូលរួមព្រះវិហារ—គឺច្រើនពេករហូតដល់គាត់បានចាប់ផ្តើមវង្វេងចេញពីហ្វូង ។ គាត់បានពិពណ៌នាទាំងទឹកភ្នែកអំពីអំណរគុណដ៏ធំដែលគាត់មាន ពេលសមាជិកវួដបានផ្តល់ការងារបម្រើដល់គាត់ ហើយបានអញ្ជើញគាត់ឲ្យត្រឡប់មកវិញ ក្នុងរបៀបដ៏កក់ក្តៅ និងប្រកបដោយការរាប់អាន ។ ក្នុងរយៈពេលប៉ុន្មានខែប៉ុណ្ណោះ គាត់បានត្រឡប់មកក្នុងហ្វូងវិញដោយសុវត្ថិភាព ដោយពង្រឹងដល់មនុស្សដទៃ ព្រមទាំងខ្លួនគាត់ផងដែរ ។ តើយើងមិនមានអំណរគុណសម្រាប់អ្នកគង្វាលនៅក្នុងប្រទេសប្រេស៊ីល ដែលបានមើលថែយុវជនម្នាក់នេះគឺអែលឌើរ ខាឡូស អេ ហ្គូដយ ដែលឥឡូវនេះអង្គុយក្រោយខ្ញុំ ជាសមាជិកនៃគណៈប្រធានពួកចិតនាក់ទេឬអី ?
តើវាមិនមែនជារឿងអស្ចារ្យទេឬអី ដែលកិច្ចខិតខំតូចតាចមួយដូចនេះអាចមានលទ្ធផលអស់កល្បជានិច្ចនោះ ? សេចក្តីពិតនេះគឺជាចំណុចសំខាន់នៃការងារបម្រើរបស់សាសនាចក្រ ។ ព្រះវរបិតាសួគ៌អាចយកកិច្ចខិតខំសាមញ្ញ ប្រចាំថ្ងៃរបស់យើង ហើយធ្វើវាឲ្យទៅជាអ្វីមួយដែលអស្ចារ្យ ។ អស់រយៈពេលតែប្រាំមួយខែប៉ុណ្ណោះចាប់តាំងពីប្រធាន រ័សុល អិម ណិលសុន បានប្រកាសថា ៖ « ព្រះអម្ចាស់បានធ្វើការកែតម្រូវដ៏សំខាន់តាមរបៀបដែលយើងអាចមើលថែគ្នាទៅវិញទៅមក » ដោយពន្យល់ថា « យើងនឹងអនុវត្តមធ្យោបាយមួយកាន់តែថ្មី កាន់តែបរិសុទ្ធដើម្បីមើលថែ និងផ្តល់ការងារបម្រើដល់មនុស្សដទៃ ។ ពួកយើងនឹងហៅកិច្ចខិតខំទាំងនេះដោយសាមញ្ញថា ‹ ការងារបម្រើ › » ។
ប្រធានណិលសុនក៏បានពន្យល់ថា ៖ « សញ្ញាសម្គាល់នៃសាសនាចក្រពិត និងសកម្មរបស់ព្រះអម្ចាស់ ជានិច្ចកាល គឺជាការខិតខំដែលបានរៀបចំ បានដឹកនាំទៅរកការបម្រើដល់បុត្រាបុត្រីរបស់ព្រះ និងក្រុមគ្រួសាររបស់ពួកគេម្នាក់ៗ ។ ដោយសារនេះគឺជាសាសនាចក្ររបស់ទ្រង់ នោះពួកយើងក្នុងនាមជាអ្នកបម្រើរបស់ទ្រង់នឹងផ្តល់ការងារបម្រើដល់មនុស្សម្នាក់ៗដូចជាទ្រង់បានធ្វើ ។ ពួកយើងនឹងផ្តល់ការងារបម្រើនៅក្នុងព្រះនាមរបស់ទ្រង់ ដោយព្រះចេស្ដា និងសិទ្ធិអំណាចរបស់ទ្រង់ ហើយដោយសណ្ដានចិត្តល្អដែលពោរពេញដោយក្ដីស្រឡាញ់របស់ទ្រង់ » ។
ចាប់តាំងពីការប្រកាសនោះមក ការឆ្លើយតបរបស់បងប្អូនមានភាពអស្ចារ្យណាស់ ! យើងបានទទួលរបាយការណ៍នៃជោគជ័យដ៏អស្ចារ្យក្នុងការអនុវត្តការផ្លាស់ប្តូរទាំងនេះស្ទើរតែគ្រប់ស្តេកនៅក្នុងពិភពលោក ដូចបានណែនាំដោយព្យាការីនៅរស់របស់យើង ។ ឧទាហរណ៍ បងប្អូនប្រុសស្រីដែលផ្តល់ការងារបម្រើត្រូវបានចាត់តាំងទៅក្រុមគ្រួសារ ដៃគូ—រួមទាំងយុវជន និងយុវនារី—ត្រូវបានរៀបចំឡើង ហើយការសម្ភាសស្តីពីការងារបម្រើបានធ្វើឡើង ។
ខ្ញុំគិតថា ការប្រកាសប្រកបដោយវិវរណៈស្តីពីការងារបម្រើដែលបានធ្វើឡើងកាល ប្រាំមួយខែមុន ពីមុនការប្រកាសប្រកបដោយវិវរណៈ កាលពីម្សិលមិញនេះអំពី—« តុល្យភាព និងទំនាក់ទំនងថ្មីមួយរវាងការណែនាំដំណឹងល្អនៅក្នុងគេហដ្ឋាន និងនៅក្នុងសាសនាចក្រ » —វាពុំមែនជារឿងចៃដន្យទេ ។ ចាប់ពីខែមករាតទៅ ពេលយើងថ្វាយបង្គំនៅព្រះវិហារតែពីរម៉ោង នោះអ្វីៗទាំងអស់ដែលយើងបានរៀននៅក្នុងការងារបម្រើនឹងជួយយើង ឲ្យថ្លឹងថ្លែងឡើងវិញនៅម៉ោងទំនេរនោះ ក្នុងរបៀបមួយកាន់តែខ្ពង់ខ្ពស់ និងកាន់តែបរិសុទ្ធ ដើម្បីមានថ្ងៃឈប់សម្រាកដែលផ្តោតទៅលើគេហដ្ឋានជាមួយគ្រួសារ និងមនុស្សជាទីស្រឡាញ់ ។
ជាមួយនឹងរចនាសម្ព័ន្ធទាំងនេះ យើងអាចសួរថា តើយើងដឹងថា យើងកំពុងផ្តល់ការងារបម្រើតាមរបៀបព្រះអម្ចាស់ដោយរបៀបណា ? តើយើងជួយអ្នកគង្វាលល្អនៅក្នុងរបៀបដែលទ្រង់ប៉ងដែរឬទេ ? »
ក្នុងការពិភាក្សាថ្មីៗនេះ ប្រធាន ហិនរី ប៊ី អាវរិង បានលើកសរសើរដល់ពួកបរិសុទ្ធនៅក្នុងការកែតម្រូវចំពោះការផ្លាស់ប្តូរដ៏គួរឲ្យកត់សម្គាល់ទាំងនេះ ប៉ុន្តែក៏បានបង្ហាញសេចក្តីសង្ឃឹមដ៏ស្មោះសររបស់លោកថា សមាជិកទទួលស្គាល់ថា ការងារបម្រើគឺវាលើសពី « ការគ្រាន់តែមានសន្តានចិត្តល្អទៅទៀត » ។ នោះពុំមែនមានន័យថា ការមានសន្តានចិត្តល្អគឺមិនសំខាន់នោះទេ ប៉ុន្តែអស់អ្នកដែលយល់អំពីស្មារតីពិតនៃការងារបម្រើដឹងថា វាត្រូវធ្វើលើសពីការគ្រាន់តែមានសន្តានចិត្តល្អទៅទៀត ។ ដោយបានធ្វើតាមរបៀបរបស់ព្រះអម្ចាស់ ការងារបម្រើអាចមានឥទ្ធិពលយូរអង្វែងសម្រាប់សេចក្តីល្អ ដែលបន្តមានលុះដល់អស់កល្បតរៀងទៅ ដូចវាបានកើតឡើងដល់អែលឌើរហ្គូដយ ។
« ព្រះអង្គសង្គ្រោះបានបង្ហាញជាគំរូអំពីអត្ថន័យនៃការងារបម្រើ នៅពេលទ្រង់បម្រើដោយសារតែសេចក្ដីស្រឡាញ់ ។… ទ្រង់…បានបង្រៀន អធិស្ឋានសម្រាប់មនុស្សដទៃ លួងលោមចិត្ត ហើយប្រទានពរដល់មនុស្សជុំវិញទ្រង់ ដោយអញ្ជើញមនុស្សទាំងអស់ឲ្យដើរតាមទ្រង់ ។… នៅពេលសមាជិកសាសនាចក្រផ្ដល់ការងារបម្រើ [ នៅក្នុងមធ្យោបាយមួយកាន់តែខ្ពង់ខ្ពស់ និងកាន់តែបរិសុទ្ធ ] នោះពួកគេព្យាយាមបម្រើប្រកបដោយការអធិស្ឋានដូចទ្រង់បានធ្វើ—ដើម្បី…‹ មើលការខុសត្រូវលើសាសនាចក្រជានិច្ច ហើយនៅជាមួយ និងចម្រើនកម្លាំងពួកគេ › ដើម្បី ‹ ទៅផ្ទះនៃសមាជិកម្នាក់ៗ › និងជួយមនុស្សម្នាក់ៗឲ្យក្លាយជាសិស្សពិតរបស់ព្រះយេស៊ូវគ្រីស្ទ » ។
យើងយល់ថា អ្នកគង្វាលពិតស្រឡាញ់ចៀមគាត់ ស្គាល់ឈ្មោះចៀមនីមួយៗ ហើយ « មានចំណាប់អារម្មណ៍ផ្ទាល់ខ្លួនលើ » ចៀមទាំងនោះ ។
ជាច្រើនឆ្នាំមកហើយមិត្តម្នាក់របស់ខ្ញុំបានចំណាយពេលក្នុងជីវិតគាត់ធ្វើជាម្ចាស់កសិដ្ឋាន ខិតខំចិញ្ចឹមសត្វគោ និងចៀមនៅភ្នំរ៉កគីដ៏មាំមួន ។ មានគ្រាមួយ គាត់បានចែកចាយជាមួយខ្ញុំអំពីឧបសគ្គ និងគ្រោះថ្នាក់ដែលទាក់ទងនឹងការចិញ្ចឹមចៀម ។ គាត់បានរៀបរាប់ថា នៅដើមរដូវផ្ការីក ពេលព្រិលនៅលើជួរភ្នំជាច្រើនបានរលាយស្ទើរតែអស់ នោះគាត់បានដាក់ហ្វូងចៀមរបស់គ្រួសារគាត់ដែលមានចៀមប្រហែលជា ២០០០ ក្បាលនៅលើភ្នំនោះសម្រាប់រដូវក្តៅ ។ នៅទីនោះ គាត់បានមើលថែចៀមរហូតដល់ជិតផុតរដូវស្លឹកឈើជ្រុះ ពេលពួកគេត្រូវប្តូរពីទីវាលចិញ្ចឹមចៀមរដូវក្តៅទៅទីវាលចិញ្ចឹមចៀមរដូវរងានៅក្នុងវាលរហោស្ថាន ។ គាត់បានពិពណ៌នាអំពីសេចក្តីលំបាកដ៏ខ្លាំងក្នុងការមើលថែហ្វូងចៀមដ៏ធំ ទាំងតម្រូវការតាំងពីព្រលឹម រហូតដល់យប់ជ្រៅ—ក្រោកពីព្រលឹមអុលពីមុនព្រះអាទិត្យរះ ហើយចប់កិច្ចការរហូតដល់យប់ងងឹត ។ គាត់ពុំអាចធ្វើវាតែម្នាក់ឯងបានទេ ។
មនុស្សផ្សេងទៀតបានជួយមើលថែហ្វូងចៀមនោះ រួមមានកម្មករមានបទពិសោធន៍បានជួយកម្មករថ្មីៗដែលទទួលបានប្រយោជន៍មកពីដៃគូរបស់ពួកគេដែលមានប្រាជ្ញា ។ គាត់ក៏ពឹងទៅលើសេះចាស់ពីរក្បាល កូនសេះពីរក្បាលដែលកំពុងហ្វឹកហ្វាត់ សុនកចាស់យាមចៀមពីរក្បាល និងកូនសុនកយាមចៀមពីរបីក្បាលទៀត ។ អំឡុងពេលរដូវក្តៅ មិត្តរបស់ខ្ញុំ និងចៀមគាត់បានជួបនឹងខ្យល់ ព្រមទាំងព្យុះភ្លៀង ជំងឺ គ្រោះថ្នាក់ គ្រោះរាំងស្ងួត និងការលំបាកផ្សេងៗទៀតដែលយើងអាចស្រមៃឃើញ ។ មានឆ្នាំខ្លះ ពួកគេត្រូវដឹកជញ្ជូនទឹកពេញមួយឆ្នាំដើម្បីទុកឲ្យចៀមទាំងនោះផឹក ។ បន្ទាប់មក រៀងរាល់ឆ្នាំនៅចុងរដូវស្លឹកឈើជ្រុះ ពេលអាកាសធាតុរដូវរងាបានចាប់ផ្តើមចូលមកដល់ ហើយត្រូវយកចៀមចេញពីភ្នំ និងរាប់ចៀម ជាទូទៅមានចៀមជាង ២០០ ក្បាលបានបាត់ ។
ហ្វូងចៀម ២០០០ ក្បាលដែលបានដាក់នៅលើភ្នំនៅដើមរដូវផ្ការីកនោះបានកាត់បន្ថយនៅតិចជាង ១៨០០ ក្បាលប៉ុណ្ណោះ ។ ចៀមភាគច្រើនដែលបាត់ខ្លួន ពុំ បាត់បង់ដោយសារជំងឺ ឬស្លាប់ដោយធម្មជាតិនោះទេ ប៉ុន្តែដោយសារសត្វសាហាវដូចជាតោ ឬកញ្ជ្រោងភ្នំស៊ីជាអាហារ ។ សត្វសាហាវទាំងនេះតែងតែឃើញចៀមដែលបានវង្វេងចេញពីហ្វូងដ៏មានសុវត្ថិភាព ដោយដកខ្លួនពួកគេចេញពីការការពាររបស់អ្នកគង្វាលពួកវា ។ តើបងប្អូនអាចពិចារណាមួយសន្ទុះអំពីអ្វីដែលខ្ញុំទើបតែពិពណ៌នានេះក្នុងបរិបទខាងវិញ្ញាណដែរឬទេ ? តើនរណាជាអ្នកគង្វាល ? តើនរណាជាហ្វូងចៀម ? តើនរណាជាអ្នកជួយអ្នកគង្វាលនោះ ?
ព្រះអម្ចាស់យេស៊ូវគ្រីស្ទផ្ទាល់មានព្រះបន្ទូលថា ៖ « ខ្ញុំជាអ្នកគង្វាលល្អ ខ្ញុំស្គាល់ចៀមរបស់ខ្ញុំ ហើយចៀមក៏ស្គាល់ខ្ញុំ…ខ្ញុំស៊ូប្តូរជីវិតខ្ញុំនឹងចៀម » ។
ព្យាការីនីហ្វៃក៏បានបង្រៀនដូចនេះដែរថា ព្រះយេស៊ូវ « នឹងចិញ្ចឹមចៀមរបស់ទ្រង់ ហើយនៅក្នុងព្រះអង្គ នោះពួកវានឹងរកឃើញវាលស្មៅ » ។ ខ្ញុំមានភាពសុខសាន្តនៅក្នុងការដឹងថា « ព្រះអម្ចាស់គឺជាអ្នកគង្វាល ខ្ញុំ » ហើយទ្រង់ស្គាល់ និងមើលថែយើងម្នាក់ៗ ។ ពេលយើងជួបនឹងខ្យល់ និងព្យុះភ្លៀងនៃជីវិត ជំងឺ គ្រោះថ្នាក់ និងភាពរាំងស្ងួត នោះព្រះអម្ចាស់—អ្នកគង្វាលយើង—នឹងប្រទានការងារបម្រើដល់យើង ។ ទ្រង់នឹងស្តារព្រលឹងរបស់យើងឡើងវិញ ។
នៅក្នុងរបៀបដូចមិត្តរបស់ខ្ញុំមើលថែចៀមរបស់គាត់ដោយមានជំនួយរបស់កម្មករ សេះ សុនកយាមចៀមទាំងចាស់ ទាំងក្មេងដែរ នោះព្រះអម្ចាស់ក៏ត្រូវការជំនួយនៅក្នុងឧបសគ្គការងារនៃការមើលថែដល់ចៀមនៅក្នុងហ្វូងចៀម របស់ទ្រង់ ផងដែរ ។
ក្នុងនាមជាបុត្រាបុត្រីរបស់ព្រះវរបិតាសួគ៌ពោរពេញដោយក្តីស្រឡាញ់ ហើយក្នុងនាមជាចៀមក្នុងហ្វូងចៀមទ្រង់ នោះយើងរីករាយនឹងពរជ័យដែលព្រះយេស៊ូវគ្រីស្ទបានប្រទានការងារបម្រើដល់យើងម្នាក់ៗ ។ ទន្ទឹមនឹងនេះដែរ យើងមានការទទួលខុសត្រូវមួយ ដើម្បីផ្តល់ជំនួយដែលជាការងារបម្រើដល់មនុស្សដទៃនៅជុំវិញយើងក្នុងនាមយើងផ្ទាល់ជាអ្នកគង្វាល ។ យើងស្តាប់តាមបន្ទូលរបស់ព្រះអម្ចាស់ឲ្យ « បម្រើយើង ហើយចេញទៅក្នុងនាមយើង ហើយ…ប្រមូលចៀមរបស់យើង » ។
តើនរណាជាអ្នកគង្វាល ? បុរសស្ត្រី និងកុមារគ្រប់រូបនៅក្នុងនគរព្រះគឺជាអ្នកគង្វាល ។ ពុំតម្រូវឲ្យមានការហៅជាផ្លូវការនោះទេ ។ ចាប់តាំងពីពេលដែលយើងងើបចេញពីទឹកនៃពិធីបុណ្យជ្រមុជទឹកមក យើងត្រូវចាត់ឲ្យធ្វើកិច្ចការនេះ ។ យើងឈោងទៅជួយមនុស្សដទៃដោយក្តីស្រឡាញ់ ដោយសារវាគឺជាអ្វីដែលព្រះអង្គសង្គ្រោះបានបង្គាប់ឲ្យយើងធ្វើ ។ អាលម៉ាបានគូសបញ្ជាក់ថា ៖ « តើមានអ្នកគង្វាលណាមួយ…ដែលមានចៀមច្រើន ហើយពុំបានមើលចៀមទាំងនោះ ដើម្បីកុំឲ្យចចកចូលមកស៊ីចៀមរបស់ខ្លួន ?… តើអ្នកគង្វាលពុំដេញវាចេញទេឬអី ? » មិនថានៅពេលណាដែលអ្នកជិតខាងយើងមានទុក្ខព្រួយខាងសាច់ឈាម ឬខាងវិញ្ញាណទេ ចូរយើងប្រញាប់ទៅជួយពួកគេ ។ យើងរែកបន្ទុកគ្នាទៅវិញទៅមក ដើម្បីឲ្យបន្ទុកនោះបានស្រាល ។ យើងទួញយំជាមួយអស់អ្នកណាដែលទួញយំ ។ យើងកម្សាន្ដទុក្ខដល់អស់អ្នកណាដែលកំពុងត្រូវការកម្សាន្ដទុក្ខ ។ ព្រះអម្ចាស់រំពឹងចង់បានការណ៍នេះពីពួកយើងដោយក្តីស្រឡាញ់ ។ ហើយថ្ងៃនោះនឹងមកដល់ ពេលយើងនឹងត្រូវបានឲ្យទទួលខុសត្រូវសម្រាប់ការមើលថែ ដែលយើងធ្វើនៅក្នុងការងារបម្រើដល់ហ្វូងចៀមរបស់ទ្រង់ ។
មិត្តខ្ញុំដែលជាអ្នកគង្វាលបានចែកចាយធាតុសំខាន់មួយផ្សេងទៀតនៅក្នុងការមើលថែចៀមនៅឯទីវាល ។ គាត់បានពិពណ៌នាថា ចៀមដែលបាត់គឺជាចៀមដែលងាយរងគ្រោះជាពិសេសដោយសារគ្រោះថ្នាក់ពីសត្វសាហាវ ។ ប្រាកដណាស់ គាត់ និងក្រុមគាត់បានចំណាយពេល ១៥ ភាគរយនៃពេលវេលារបស់ពួកគាត់ដើម្បីស្វែងរកចៀមដែលវង្វេងនោះ ។ កាលណាពួកគេរកឃើញចៀមដែលវង្វេងនោះកាន់តែឆាប់ ពីមុនចៀមនោះចេញកាន់តែឆ្ងាយពីហ្វូង ដរាបនោះចៀមដែលបាត់ទំនងជាពុំសូវមានគ្រោះថ្នាក់ឡើយ ។ តម្រូវឲ្យមានការអត់ធ្មត់ និងការលុតដំខ្លួនយ៉ាងខ្លាំង ដើម្បីរកចៀមដែលបាត់ឃើញវិញ ។
« ប៉ុន្មានឆ្នាំមុន ខ្ញុំបានឃើញអត្ថបទមួយនៅក្នុងសារព័ត៌មានក្នុងមូលដ្ឋានមួយដែលគួរឲ្យចាប់អារម្មណ៍ដែលធ្វើឲ្យខ្ញុំបានទុកវា ។ នៅទំព័រមុខមានអត្ថបទដែលមានចំណងជើងថា « សុនកដែលមានការប្តេជ្ញាចិត្ត មិនបោះបង់ចោលចៀមដែលវង្វេងឡើយ » ។ អត្ថបទនេះពិពណ៌នាអំពីចៀមមួយក្រុមតូចដែលជាកម្មសិទ្ធិរបស់ម្ចាស់កសិដ្ឋានម្នាក់ ដែលនៅមិនឆ្ងាយពីកសិដ្ឋានមិត្តរបស់ខ្ញុំដែលត្រូវបានទុកចោលឲ្យនៅក្នុងទីវាលរបស់ពួកគេនារដូវក្តៅមួយ ។ ពីរបីខែក្រោយមក ចៀមទាំងនោះបានផ្អើល ហើយជាប់នៅក្នុងព្រិលនៅលើភ្នំនោះ ។ នៅពេលគេទុកចៀមចោលដូច្នោះ សុនកយាមចៀមបន្តនៅជាមួយចៀមទាំងនោះ ដ្បិតនោះគឺជាកាតព្វកិច្ចរបស់វាដើម្បីមើលថែ និងការពារចៀមនោះ ។ សុនកនោះមិនឈប់មើលថែចៀមទាំងនោះទេ ! នៅទីនោះសុនកបានបន្ត—ដើរជុំវិញចៀមដែលវង្វេងអស់ជាច្រើនខែនៅក្នុងអាកាសធាតុត្រជាក់ និងមានព្រិលធ្លាក់ ដោយធ្វើជារបាំងការពារប្រឆាំងនឹងកញ្ជ្រោង តោភ្នំ ឬសត្វសាហាវផ្សេងទៀតដែលចង់ធ្វើបាបចៀមនោះ ។ សុនកនោះបន្តនៅទីនោះរហូតដល់វាអាចដឹកនាំ ឬគៀងចៀមនោះត្រឡប់ទៅកន្លែងសុវត្ថិភាពរបស់អ្នកគង្វាល និងហ្វូងចៀមវិញ ។ រូបភាពដែលបានថតពីលើទំព័រមុខនៃអត្ថបទនេះអាចឲ្យបុគ្គលម្នាក់ឃើញពីបុគ្គលិកលក្ខណៈនៅក្នុងក្រសែភ្នែក និងឥរិយាបថរបស់សុនកយាមចៀមមួយក្បាល ។
នៅក្នុងព្រះគម្ពីរសញ្ញាថ្មី យើងឃើញពីរឿងប្រដូច និងការណែនាំមួយមកពីព្រះអង្គសង្គ្រោះ ដែលផ្តល់ការយល់ដឹងបន្ថែមទាក់ទងនឹងការទទួលខុសត្រូវរបស់យើងក្នុងនាមជាអ្នកគង្វាល ជាបងប្អូនប្រុសស្រីដែលផ្តល់ការងារបម្រើដល់ចៀមដែលបាត់ ៖
« ក្នុងពួកអ្នករាល់គ្នា បើអ្នកណាមានចៀមមួយរយ តែបាត់មួយ តើមិនទុកចៀមកៅសិបប្រាំបួនឲ្យនៅទីរហោស្ថាន ដើម្បីនឹងទៅតាមរកចៀមមួយដែលបាត់ទាល់តែឃើញទេឬអី ?
កាលណារកឃើញហើយ នោះក៏លើកព្រនរមកដោយអំណរ ។
លុះមកដល់ផ្ទះវិញ អ្នកនោះនឹងហៅពួកសំឡាញ់ និងពួកអ្នកជិតខាងមកប្រាប់ថា សូមអរសប្បាយជាមួយនឹងខ្ញុំ ដ្បិតចៀមខ្ញុំដែលបាត់ នោះឃើញវិញហើយ » ។
ពេលយើងសង្ខេបមេរៀនដែលបានបង្រៀននៅក្នុងរឿងប្រដូចនេះ យើងឃើញពីការទូន្មានដ៏មានតម្លៃ ៖
-
យើងត្រូវស្វែងរកចៀមដែលបាត់ ។
-
យើងស្វែងរកពួកគេរហូតដល់រកពួកគេឃើញ ។
-
ពេលយើងរកឃើញពួកគេ នោះយើងអាចដាក់ពួកគេនៅលើស្មាយើងនាំពួកគេមកផ្ទះវិញ ។
-
យើងធ្វើជាមិត្តភក្តិនឹងពួកគេពេលពួកគេត្រឡប់មកវិញ ។
បងប្អូនប្រុសស្រីអើយ ឧបសគ្គដ៏ធំបំផុតរបស់យើង និងរង្វាន់ដ៏មហិមារបស់យើងអាចកើតមានឡើង ពេលយើងផ្តល់ការងារបម្រើដល់ចៀមដែលបាត់ ។ សមាជិកសាសនាចក្រនៅក្នុងព្រះគម្ពីរមរមន « [ បាន ] ថែទាំប្រជាជន ហើយបានផ្ដល់ដល់គេនូវអ្វីៗដែលទាក់ទងទៅនឹងសេចក្ដីសុចរិត » ។ យើងអាចធ្វើតាមគំរូរបស់ពួកគេ ហើយចាំថា ការងារបម្រើត្រូវបាន « ដឹកនាំដោយព្រះវិញ្ញាណ…អាចបត់បែន ហើយ…កែសម្រួលឲ្យស្របទៅនឹងសេចក្ដីត្រូវការរបស់សមាជិកម្នាក់ៗ » ។ វាគឺជារឿងសំខាន់ថា យើង « ព្យាយាមជួយបុគ្គល និងគ្រួសារទាំងឡាយឲ្យរៀបចំខ្លួនដើម្បីទទួលពិធីបរិសុទ្ធបន្ទាប់ៗទៀតរបស់ពួកគេ ឲ្យគោរពតាមសេចក្ដីសញ្ញា [ របស់ពួកគេ ]…ហើយក្លាយជាមនុស្សមានភាពខ្លួនទីពឹងខ្លួន » ។
គ្រប់ព្រលឹងទាំងអស់មានតម្លៃចំពោះព្រះវរបិតាសួគ៌យើង ។ ការអញ្ជើញដោយផ្ទាល់របស់ទ្រង់ដើម្បីផ្តល់ការងារបម្រើគឺមានគុណតម្លៃខ្លាំងបំផុត ព្រមទាំងសំខាន់ចំពោះទ្រង់ ដ្បិតនេះជាកិច្ចការ និងសិរីល្អរបស់ទ្រង់ ។ ប្រាកដណាស់ វាគឺជាកិច្ចការនៃភាពអស់កល្បជានិច្ច ។ បុត្រាបុត្រីគ្រប់រូបរបស់ទ្រង់មានសក្តានុពលដែលពុំអាចកាត់ថ្លៃបាននៅក្នុងព្រះនេត្ររបស់ព្រះ ។ ទ្រង់ស្រឡាញ់ បងប្អូន ដោយសេចក្តីស្រឡាញ់ដែលបងប្អូនពុំអាចចាប់ផ្តើមយល់បានឡើយ ។ ដូចរឿងសុនកយាមចៀមដ៏ស្មោះត្រង់ដែរ នោះព្រះអម្ចាស់នឹងបន្តនៅលើភ្នំដើម្បីការពារ បងប្អូន ឆ្លងកាត់ខ្យល់ ព្យុះភ្លៀង ព្រិល និង អ្វីៗជាច្រើនទៀត ។
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនយើងកាលពីសន្និសីទមុនថា ៖ « សារលិខិតរបស់យើងទៅកាន់ពិភពលោក [ ហើយខ្ញុំអាចបន្ថែមថា ‹ ដល់ក្រុមអ្នកផ្តល់ការងារបម្រើរបស់យើង › ] គឺសាមញ្ញ ហើយដោយស្មោះ ៖ ពួកយើងសូមអញ្ជើញបុត្រាបុត្រីរបស់ព្រះទាំងអស់ទាំង នៅសង្ខាងនៃវាំងនន ឲ្យមករកព្រះអង្គសង្គ្រោះ ទទួលយកពរជ័យនៃព្រះវិហារបរិសុទ្ធដ៏បរិសុទ្ធ ទទួលបានអំណរយូរអង្វែង និងស័ក្ដិសមសម្រាប់ជីវិតអស់កល្បជានិច្ច ។
សូមឲ្យយើងលើកកម្ពស់ការយល់ដឹងយើងឆ្ពោះទៅកាន់ទស្សនវិស័យរបស់ព្យាការី ដើម្បីយើងអាចឃ្វាលព្រលឹងទាំងឡាយឆ្ពោះទៅកាន់ព្រះវិហារបរិសុទ្ធ ហើយទីបំផុតឆ្ពោះទៅកាន់ព្រះអង្គសង្គ្រោះគឺព្រះយេស៊ូវគ្រីស្ទ ។ ទ្រង់ពុំរំពឹងឲ្យយើងធ្វើអព្ភូតហេតុអ្វីឡើយ ។ ទ្រង់គ្រាន់តែស្នើសុំថា យើងត្រូវនាំបងប្អូនប្រុសស្រីយើងមកកាន់ទ្រង់ ដ្បិត ទ្រង់ មានព្រះចេស្តាដើម្បីសង្គ្រោះព្រលឹងទាំងឡាយ ។ នៅពេលយើងធ្វើដូច្នោះ យើងអាច ហើយនឹងទទួលបានការសន្យានេះ ៖ « រួចកាលណាមេពួកអ្នកគង្វាលបានលេចមកនោះនឹងទទួលភួងជ័យ ដែលមិនចេះស្រពោនឡើយ » ។ ខ្ញុំសូមថ្លែងទីបន្ទាល់អំពីការណ៍នេះ—និងអំពីព្រះយេស៊ូវគ្រីស្ទជាព្រះអង្គសង្គ្រោះ និងព្រះប្រោសលោះយើង—នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។