កំពុងតែដាក់គ្រឹះនៃកិច្ចការដ៏ធំ
មេរៀនទាំងឡាយដែលយើងបានបង្រៀនតាមរយៈទម្លាប់ដែលយើងបង្កើតក្នុងគេហដ្ឋានយើង ទោះជាតូចតាច ឬសាមញ្ញក្ដី មានសារៈសំខាន់ណាស់ក្នុងពិភពលោកសព្វថ្ងៃ ។
ក្នុងនាមជាឪពុកម្ដាយនៅក្រុងស៊ីយ៉ូន យើងមានកាតព្វកិច្ចដ៏ពិសិដ្ឋមួយដើម្បីជួយកូនចៅរបស់យើងឲ្យមានបំណងប្រាថ្នា និងការតាំងចិត្តទទួលបានអំណរ ពន្លឺ និងសេចក្ដីពិតដទៃទៀតនៃដំណឹងល្អព្រះយេស៊ូវគ្រីស្ទ ។ កាលយើងចិញ្ចឹមកូនៗយើង យើងបង្កើតទម្លាប់ផ្សេងៗក្នុងគេហដ្ឋានយើង ហើយយើងបង្កើតលំនាំទំនាក់ទំនង និងឥរិយាបថក្នុងទំនាក់ទំនងគ្រួសារយើង ។ នៅពេលធ្វើដូចនោះ ទម្លាប់ផ្សេងៗដែលយើងបង្កើត ឡើងគួរតែធ្វើឲ្យមានភាពរឹងមាំ មានលក្ខណៈសម្បត្តិមុតមាំនៃភាពល្អក្នុងកូនៗយើង ដែលនឹងផ្ដល់ឲ្យពួកគេនូវភាពរឹងមាំដើម្បីប្រឈមនឹងឧបសគ្គនានានៃជីវិត ។
អស់រយៈពេលជាច្រើនឆ្នាំ គ្រួសារយើងបានរីករាយនឹងទម្លាប់នៃការបោះតង់លើភ្នំខ្ពស់ៗនៅតំបន់ភ្នំអ៊ិនថា ភាគឦសានរដ្ឋយូថាហ៍ ។ យើងធ្វើដំណើរចម្ងាយ ៣២គីឡូម៉ែត្រតាមផ្លូវដីគ្រួសដើម្បីទៅដល់ជ្រលងភ្នំបៃតងដ៏ស្រស់បំព្រង ដែលមានជ្រលងជ្រោះខ្ពស់ៗ ដែលនៅចន្លោះជ្រលងទាំងនោះមានទឹកទន្លេដ៏ត្រជាក់ និងថ្លាឈ្វេង ។ រាល់ឆ្នាំ ដោយសង្ឃឹមថានឹងរំឭកអំពីតម្លៃនៃគោលលទ្ធិដំណឹងល្អ និងការអនុវត្តនានាទៅដល់ដួងចិត្តនៃកូនៗ និងចៅៗរបស់យើង នោះស៊ូសាន និងខ្ញុំសូមឲ្យកូនប្រុសទាំងប្រាំមួយនាក់យើង ព្រមទាំងគ្រួសារពួកគេផងឲ្យរៀបចំសារលិខិតខ្លីមួយអំពីប្រធានបទដែលពួកគេដឹងថាជាធាតុដ៏សំខាន់ក្នុងមូលដ្ឋានគ្រឹះនៃគេហដ្ឋានដែលផ្ដោតលើព្រះយេស៊ូវគ្រីស្ទ ។ បន្ទាប់មក យើងជួបជុំគ្នាក្នុងការប្រជុំធម្មនិដ្ឋានគ្រួសារមួយនៅទីតាំងដែលបានកំណត់ ហើយគ្រួសារនីមួយៗធ្វើបទបង្ហាញសារលិខិតរបស់ខ្លួន ។
ឆ្នាំនេះ ចៅៗរបស់យើងបានសរសេរប្រធានបទអំពីសារលិខិតរបស់ពួកគេនៅលើដុំថ្ម រួចពួកគេកប់ដុំថ្មទាំងនោះម្នាក់ម្ដងៗនៅក្បែរៗគ្នា តំណាងឲ្យគ្រឹះដ៏រឹងមាំដែលជីវិតដ៏រីករាយត្រូវបានស្ថាបនាឡើង ។ ក្នុងចំណោមសារលិខិតទាំងប្រាំមួយ មានមួយបង្ហាញអំពីសេចក្ដីពិតមិនប្រែប្រួល និងអស់កល្ប ដែលថាព្រះយេស៊ូគ្រីស្ទគឺជាថ្មជ្រុងនៃមូលដ្ឋានគ្រឹះនោះ ។
អេសាយបានចែងថា « ហេតុនោះបានជា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលថា មើល យើងដាក់ថ្ម១នៅក្រុងស៊ីយ៉ូន ទុកជាជើងជញ្ជាំង ជាថ្មដែលបានល្បងហើយ ជាថ្មជ្រុងទីដ៏មានតម្លៃដែលបាន ដាក់យ៉ាងមាំមួន » ។ ព្រះយេស៊ូវគ្រីស្ទគឺជាថ្មជ្រុងទីដ៏មានតម្លៃនៃមូលដ្ឋានគ្រឹះរបស់ស៊ីយ៉ូន ។ គឺទ្រង់ហើយដែលបានត្រាស់សម្ដែងដល់ព្យាការី យ៉ូសែប ស៊្មីធថា « ហេតុដូច្នោះហើយ ចូរកុំណាយចិត្តនឹងធ្វើការល្អឡើយ ដ្បិតអ្នករាល់គ្នាកំពុងតែដាក់គ្រឹះនៃកិច្ចការដ៏ធំ ។ ហើយចេញពីការណ៍ដ៏តូចតាច នោះបណ្តាលឲ្យមានការណ៏ដ៏ធំធេងឡើង » ។
មេរៀនទាំងឡាយដែលយើងបានបង្រៀនតាមរយៈទម្លាប់ដែលយើងបង្កើតក្នុងគេហដ្ឋានយើង ទោះជាតូចតាច ឬសាមញ្ញក្ដី មានសារៈសំខាន់ណាស់ក្នុងពិភពលោកសព្វថ្ងៃ ។ តើកិច្ចការតូចតាច និងសាមញ្ញណាខ្លះដែលនៅពេលត្រូវបានបង្កើតឡើង នឹងធ្វើឲ្យមានកិច្ចការអស្ចារ្យមួយក្នុងជីវិតកូនចៅរបស់យើង ?
ប្រធាន រ័សុល អិម ណិលសុន ទើបតែបានមានប្រសាសន៍ទៅកាន់សមាជិកនៅក្បែរទីក្រុងតូរ៉ុនតូ ប្រទេសកាណាដា ហើយបានរំឭកឪពុកម្ដាយទាំងឡាយយ៉ាងមោះមុត អំពីករណីយកិច្ចដ៏ពិសិដ្ឋដែលយើងមានដើម្បីបង្រៀនកូនចៅរបស់យើង ។ ក្នុងចំណោមករណីយកិច្ចចាំបាច់ដែលបានលើកឡើង ប្រធានណិលសុនបានសង្កត់ធ្ងន់លើកាតព្វកិច្ចដែលយើងមានក្នុងនាមជាឪពុកម្តាយដើម្បីបង្រៀនកូនចៅរបស់ខ្លួនឲ្យយល់អំពីមូលហេតុដែលយើងទទួលទានសាក្រាម៉ង់ ភាពចាំបាច់នៃការកើតក្នុងសេចក្ដីសញ្ញា និងសារៈសំខាន់នៃការរៀបចំខ្លួនទទួលពររបស់លោកអយ្យកោ ហើយលោកបានលើកទឹកចិត្តឪពុកម្ដាយឲ្យដឹកនាំការអានព្រះគម្ពីរជាក្រុមគ្រួសារ ។ តាមរយៈកិច្ចខិតខំនេះ ព្យាការីជាទីស្រឡាញ់របស់យើងលើកទឹកចិត្តយើងឲ្យធ្វើគេហដ្ឋានយើងក្លាយជា « ទីបរិសុទ្ធនៃសេចក្ដីជំនឿ » ។
ក្នុងព្រះគម្ពីរមរមន អេណុសកត់ត្រាអំពីការដឹងគុណដ៏ជ្រាលជ្រៅដែលលោកមានសម្រាប់គំរូរបស់ឪពុកលោកដែល « បានបង្រៀន [ លោក ] តាមភាសារបស់លោក និងតាមដំបូន្មាន និងសេចក្ដីដាស់តឿនរបស់ព្រះអម្ចាស់ » ។ អេណុសបានប្រកាសដោយមុតមាំថា « ហើយសូមឲ្យព្រះនាមនៃព្រះរបស់ខ្ញុំបានប្រកបដោយព្រះពរចំពោះរឿងនេះចុះ » ។
ខ្ញុំរក្សាទម្លាប់តូចតាច និងសាមញ្ញដែលយើងមានក្នុងគេហដ្ឋានយើងជាង ៣៥ ឆ្នាំហើយក្នុងអាពាហ៍ពិពាហ៍របស់យើង ។ ទម្លាប់របស់យើងភាគច្រើនតូចតាច ប៉ុន្តែមានខ្លឹមសារ ។ ឧទាហរណ៍ ៖
-
អំឡុងពេលល្ងាចដែលខ្ញុំមិននៅផ្ទះ ខ្ញុំតែងតែងដឹងថា ក្រោមការដឹកនាំរបស់ស៊ូសាន នោះកូនប្រុសច្បងរបស់ខ្ញុំនឹងស្ម័គ្រចិត្តដោយមិនចាំបាច់ស្នើសុំ ដើម្បីដឹកនាំការសិក្សាព្រះគម្ពីរ និងការអធិស្ឋានជាគ្រួសារ ។
-
ទម្លាប់មួយទៀត—យើងមិនដែលចេញពីផ្ទះ ឬបញ្ចប់ការសន្ទនាតាមទូរសព្ទដោយមិនបានពោលពាក្យថា « យើងស្រឡាញ់គ្នា » នោះទេ ។
-
ជីវិតយើងមានពរដោយការញែកពេលជាទៀងទាត់មួយ ដើម្បីរីករាយនឹងការសម្ភាសផ្ទាល់ខ្លួនជាមួយកូនប្រុសៗរបស់យើង ។ អំឡុងពេលសម្ភាស ខ្ញុំបានសួរកូនប្រុសយើងម្នាក់អំពីបំណងប្រាថ្នារបស់គាត់ និងការរៀបចំខ្លួនបម្រើបេសកកម្ម ។ បន្ទាប់ពីបានពិភាក្សាបន្តិច គាត់គិតយ៉ាងហ្មត់ចត់ដោយមិននិយាយអ្វី រួចគាត់ទ្រោបទៅមុខ ហើយបានពោលថា « តើប៉ាចាំបានអំពីកាលខ្ញុំនៅតូច ហើយយើងបានចាប់ផ្ដើមមានការសម្ភាសជាមួយគ្នាទេ ? » ខ្ញុំតបថា « ចាំបាន » ។ គាត់ពោលថា « ខ្ញុំបានសន្យានឹងប៉ាថា ខ្ញុំនឹងបម្រើបេសកកម្ម ហើយប៉ា និងម៉ាក់បានសន្យាថានឹងបម្រើបេសកកម្មពេលអ្នកទាំងពីរចាស់ទៅ » ។ បន្ទាប់មក ដល់វេនខ្ញុំមិននិយាយអ្វីម្ដង ។ « តើប៉ាម៉ាក់មានបញ្ហាមួយចំនួន ដែលរារាំងមិនឲ្យបម្រើបេសកកម្ម—ដែលប្រហែលជាខ្ញុំអាចជួយបានឬទេ ? »
ទម្លាប់ល្អៗដ៏ជាប់លាប់ក្នុងគ្រួសារដែលរួមមានការអធិស្ឋាន ការអានព្រះគម្ពីរ រាត្រីជួបជុំក្រុមគ្រួសារ និងការចូលរួមការប្រជុំក្នុងព្រះវិហារ ទោះជាមើលទៅតូចតាច និងសាមញ្ញក្ដី ក៏វាបង្កើតជាវប្បធម៌នៃក្ដីស្រឡាញ់ ការគោរព សាមគ្គីភាព និងសុវត្ថិភាពដែរ ។ ក្នុងស្មារតីដែលមានមកជាមួយកិច្ចខិតខំទាំងនេះ កូនៗយើងត្រូវបានការពារពីអណ្តាតភ្លើងដ៏ខ្លាំងក្លារបស់អារក្ស ដែលបង្កប់យ៉ាងច្រើនក្នុងវប្បធម៌ខាងលោកិយនៅជំនាន់យើងនេះ ។
យើងត្រូវបានរំឭកអំពីដំបូន្មានដ៏ឆ្លាតវៃរបស់ហេលេមិនដល់ពួកកូនប្រុសលោកថា « ចូរចងចាំចុះថា គឺនៅលើសិលានៃព្រះដ៏ប្រោសលោះនៃយើង គឺព្រះគ្រីស្ទជាព្រះរាជបុត្រានៃព្រះ ដែលកូនត្រូវសង់គ្រឹះរបស់កូន ដើម្បីកាលណាអារក្សបញ្ចេញខ្យល់ដ៏ខ្លាំងក្លារបស់វាមក មែនហើយ ព្រួញរបស់វានៅក្នុងខ្យល់កួច មែនហើយ កាលណាព្រិល និងខ្យល់ព្យុះកំណាចទាំងអស់របស់វាបោកបក់មកលើកូន នោះវានឹងគ្មានអំណាចមកលើកូនឡើយ ដើម្បីទាញកូនចុះទៅក្នុងជង្ហុកនៃសេចក្ដីវេទនា និងទុក្ខលំបាកដ៏មិនចេះចប់មិនចេះហើយ ពីព្រោះមកពីសិលាដែលកូនបានសង់នៅលើនោះ ដែលជាគ្រឹះដ៏ខ្ជាប់ខ្ជួនមួយ ជាគ្រឹះមួយបើសិនណាមនុស្សសង់នៅលើនោះ នោះពួកគេមិនអាចរលំបានឡើយ » ។
ច្រើនឆ្នាំកន្លងទៅ អំឡុងពេលខ្ញុំបម្រើជាប៊ីស្សពថ្មីថ្មោង សុភាពបុរសចំណាស់ម្នាក់បានសូមខ្ញុំជួប ។ គាត់បានប្រាប់អំពីការដើរចេញពីសាសនាចក្រ និងពីទម្លាប់សុចរិតរបស់ឪពុកម្ដាយគាត់កាលគាត់នៅក្មេង ។ គាត់ពិពណ៌នាយ៉ាងពិស្ដារអំពីភាពក្រៀមក្រំដែលគាត់បានមានក្នុងជីវិតគាត់ស្វែងរកអំណរគ្មានទីបញ្ចប់របស់គាត់យ៉ាងឥតប្រយោជន៍ ក្នុងចំណោមសុភមង្គលតែមួយភ្លែតដែលលោកិយផ្ដល់ឲ្យ ។ ឥឡូវនេះ ក្នុងជីវិតគាត់ក្រោយពីនោះមក គាត់ទទួលបានអ្វីមួយដ៏ទន់ភ្លន់ ពេលខ្លះជាការបំផុសខ្សឹបប្រាប់ដដែលៗមកពីព្រះវិញ្ញាណនៃព្រះដឹកនាំគាត់ឲ្យត្រឡប់ទៅរកមេរៀន ការអនុវត្ត អារម្មណ៍ និងសុវត្ថិភាពខាងវិញ្ញាណដែលគាត់មានកាលពីយុវវ័យវិញ ។ គាត់បានសម្ដែងការដឹងគុណសម្រាប់ទម្លាប់ផ្សេងរបស់ឪពុកម្ដាយគាត់ ហើយក្នុងភាសាបច្ចុប្បន្នគាត់ពោលពាក្យរបស់អេណុសដែលប្រកាសថា « សូមឲ្យព្រះនាមនៃព្រះរបស់ខ្ញុំបានប្រកបដោយព្រះពរចំពោះរឿងនេះចុះ » ។
ក្នុងបទពិសោធន៍របស់ខ្ញុំ ការវិលត្រឡប់របស់បុរសជាទីស្រឡាញ់នេះទៅរកដំណឹងល្អវិញ ស្រដៀងទៅនឹងមនុស្សជាច្រើនដែរ ហើយកើតឡើងម្ដងហើយម្ដងទៀតជាញឹកញាប់ក្នុងចំណោមបុត្រាបុត្រីព្រះដែលចាកចេញពីសាសនាចក្រមួយរយៈ ហើយត្រឡប់មករកការបង្រៀន និងការអនុវត្តដែលធ្លាប់ធ្វើកាលពីក្មេង ។ នៅគ្រានោះ យើងបង្ហាញប្រាជ្ញានៃអ្នកនិពន្ធគម្ពីរសុភាសិតដែលដាក់តឿនឪពុកម្ដាយទាំងឡាយថា « ចូរបង្ហាត់កូនក្មេង ឲ្យប្រព្រឹត្តតាមផ្លូវដែលគួរប្រព្រឹត្ត ៖នោះវានឹងមិនលះបង់ពីផ្លូវនោះដរាបដល់ចាស់ » ។
ឪពុកម្ដាយគ្រប់រូបជួបនឹងគ្រានៃការខូចចិត្ត និងមានកម្រិតនៃការប្ដេជ្ញាចិត្ត និងភាពរឹងមាំច្រើនប្រភេទនៅពេលចិញ្ចឹមកូនៗ ។ យ៉ាងណាក៏ដោយ នៅពេលឪពុកម្ដាយអនុវត្តសេចក្ដីជំនឿដោយការបង្រៀនកូនៗយ៉ាងឥតលាក់លៀម ដោយមានក្ដីស្រឡាញ់ និងធ្វើរាល់កិច្ចការដែលពួកគាត់អាចធ្វើដើម្បីជួយពួកគេនៅតាមផ្លូវ នោះពួកគេទទួលបានក្ដីសង្ឃឹមកាន់តែច្រើនថា គ្រាប់ពូជដែលព្រួសនោះនឹងចាក់ឫសនៅក្នុងចិត្ត និងគំនិតរបស់កូនៗ ។
ម៉ូសេបានយល់ច្បាស់អំពីតម្រូវការគ្រឹះឲ្យមានការបង្រៀនជាប់លាប់នេះ ។ លោកបានទូន្មានថា « ត្រូវឲ្យប្រិតប្រៀន [ បន្ទូលទាំងនេះ ] ដល់កូនចៅឯង ព្រមទាំងនិយាយដំណាល ក្នុងកាលដែលអង្គុយនៅក្នុងផ្ទះហើយដើរតាមផ្លូវ ក្នុងកាលដែលដេក ហើយក្រោកឡើងផង » ។
យើងលុតជង្គង់ក្បែរកូនៗយើងពេលអធិស្ឋានជាគ្រួសារ យើងមើលថែពួកគេដោយខិតខំរក្សាការអានព្រះគម្ពីរជាគ្រួសារដ៏មានខ្លឹមសារ យើងមើលថែពួកគេដោយការអត់ធ្មត់ ដោយក្ដីស្រឡាញ់ពេលយើងចូលរួមរាត្រីជួបជុំក្រុមគ្រួសារជាមួយគ្នា ហើយយើងខ្វាយខ្វល់ពីពួកគេពេលយើងអធិស្ឋាន ។ ឱយើងពិតជាចង់ឲ្យគ្រាប់ពូជដែលយើងសាបព្រួសនេះ ចាក់ឫសទៅក្នុងចិត្ត និងគំនិតរបស់កូនៗយើងណាស់ ។
ខ្ញុំជឿថា វាមិនសូវសំខាន់ទេទោះជាកូនៗយើង « យល់ » នៅពេលយើងបង្រៀននោះដូចជាពេលកំពុងតស៊ូក្នុងការអានព្រះគម្ពីរ ឬធ្វើរាត្រីជួបជុំក្រុមគ្រួសារ ឬចូលរួមក្នុងកម្មវិធីម៉្ញូតឆល និងការប្រជុំផ្សេងៗទៀតក្នុងសាសនាចក្រ ។ វាមិនសូវសំខាន់ទេទោះជាក្នុងគ្រានោះពួកគេយល់អំពីសារៈសំខាន់នៃសកម្មភាពទាំងនោះ ហើយដែលសំខាន់នោះគឺថា ក្នុងនាមយើងជាឪពុកម្ដាយ យើងអនុវត្តក្ដីជំនឿដើម្បីធ្វើតាមព្រះឱវាទរបស់ព្រះអម្ចាស់ដើម្បីរស់នៅ បង្រៀន ដាស់តឿនយ៉ាងឧស្សាហ៍ និងបង្កើតការរំពឹងទុកដែលត្រូវបានបំផុសគំនិតតាមរយៈដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។ វាជាកិច្ចខិតខំធ្វើឡើងដោយក្ដីជំនឿ—យើងជឿថា ថ្ងៃណាមួយគ្រាប់ពូជដែលបានព្រួសក្នុងភាពយុវវ័យរបស់ពួកគេនឹងចាក់ឫស ហើយចាប់ផ្ដើមដុះពន្លក និងលូតលាស់ ។
អ្វីដែលយើងនិយាយ អ្វីដែលយើងប្រកាស និងអ្វីដែលយើងបង្រៀន កំណត់ពីហេតុការណ៍ដែលនឹងកើតឡើងក្នុងចំណោមពួកយើង ។ នៅពេលយើងបង្កើតទម្លាប់ល្អៗដែលបង្រៀនគោលលទ្ធិនៃព្រះគ្រីស្ទ នោះព្រះវិញ្ញាណបរិសុទ្ធថ្លែងសាក្សីអំពីភាពពេញលេញនៃសេចក្ដីពិតក្នុងសារលិខិតរបស់យើង ហើយចិញ្ចឹមបីបាច់គ្រាប់ពូជនៃដំណឹងល្អដែលបានដាក់ដាំជ្រៅទៅក្នុងចិត្តនៃកូនៗយើងដោយមានការខិតខំយើងនៅតាមផ្លូវ ។ ខ្ញុំថ្លែងទីបន្ទាល់ដូច្នោះ ក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។