ឆ្នាំ ២០១០-២០១៩
ចូរ​អ្នក​ងើប​មុខ​ឡើង ហើយ​អរ​រីករាយ​ចុះ
ខែ តុលា ឆ្នាំ ២០១៨


2:3

ចូរ​អ្នក​ងើប​មុខ​ឡើង ហើយ​អរ​រីករាយ​ចុះ

ពេល​យើង​ប្រឈមមុខ​នឹង​ទុក្ខលំបាក​តាម​របៀប​ព្រះអម្ចាស់ សូម​ឲ្យ​យើង​ងើបមុខ​ឡើង ហើយ​អរ​រីករាយ​ចុះ ។

ក្នុង​ឆ្នាំ ១៩៨១ ឪពុក​ខ្ញុំ មិត្ត​ជិតស្និទ្ធ​ពីរ​នាក់ និង​ខ្ញុំ​បាន​ធ្វើ​ដំណើរ​ផ្សងព្រេង​មួយ​នៅ​រដ្ឋ​អាឡាស្កា ។ យើង​បាន​ចុះចត​យន្តហោះ​លើ​បឹង​ដាច់ស្រយាល​មួយ ហើយ​បាន​ធ្វើ​ដំណើរ​ឡើង​តំបន់​ខ្ពង់រាប​ដ៏​ស្រស់ត្រកាល​មួយ​ចំនួន ។ ដើម្បី​បន្ថយ​ទម្ងន់​យើង​ត្រូវ​ស្ពាយ​ឥវ៉ាន់​រៀងៗ​ខ្លួន នោះ​យើង​បាន​ដាក់​ឥវ៉ាន់​របស់​យើង​នៅ​ក្នុង​ប្រអប់​ជា​ច្រើន​រុំ​ដោយ​ស្នោ ចង​ភ្ជាប់​នឹង​ក្រណាត់​រយ៉ៃៗ​ចម្រុះ​ពណ៌ ហើយ​បាន​បោះ​ឥវ៉ាន់​ទាំងនោះ​តាម​បង្អួច​យន្តហោះ​ទៅ​ទីតាំង​ដែល​យើង​ចង់​ឲ្យ​វា​ធ្លាក់ ។

ក្រោយ​ពេល​ទៅ​ដល់ យើង​បាន​ស្វែងរក​ហើយ​រក​ទៀត ប៉ុន្តែ​ដោយ​ការខកចិត្ត យើង​រក​មិន​ឃើញ​ប្រអប់​ទាំងនោះ​ទេ ។ ទីបំផុត យើង​រក​ឃើញ​មួយ​ប្រអប់ ។ វា​មាន​ចង្ក្រាន​ហ្គាស​តូច​មួយ ក្រណាត់​កៅស៊ូ​មួយ ស្ករគ្រាប់​ខ្លះៗ និង​គ្រឿង​ផ្សំ​ម៉ាក Hamurger Helper—ប៉ុន្តែ​គ្មាន​សាច់គោ​ចិញ្ច្រាំ​ទេ ។ យើង​គ្មាន​មធ្យោបាយ​អាច​ទាក់ទង​ឲ្យ​គេ​ជួយ​បាន​ឡើយ ហើយ​កាលវិភាគ​ដែល​គេ​មក​យក​ពួក​យើង​វិញ​គឺ​មួយ​សប្ដាហ៍​ក្រោយ​ទៀត ។

ខ្ញុំ​បាន​រៀន​មេរៀន​ដ៏​មាន​តម្លៃ​ចំនួន​ពីរ​ចេញ​ពី​បទពិសោធន៍​នេះ ៖ ទី​មួយ កុំ​បោះ​អាហារ​របស់​អ្នក​ចេញ​តាម​បង្អួច​ឲ្យ​សោះ ។ ទី​ពីរ ពេល​ខ្លះ​យើង​ត្រូវ​ប្រឈមមុខ​នឹង​រឿង​លំបាក ។

ជា​ញឹកញាប់ ប្រតិកម្ម​ដំបូង​របស់​យើង​ចំពោះ​រឿង​លំបាកៗ​គឺ​សួរ​ថា « ហេតុអ្វី​រឿង​នេះ​កើត​ឡើង​ចំពោះ​ខ្ញុំ ? » យ៉ាង​ណា​ក្ដី សំណួរ​ថា​ហេតុអ្វី ពុំ​អាច​ដក​យក​រឿង​លំបាក​ចេញ​ឡើយ ។ ព្រះអម្ចាស់​មាន​ព្រះទ័យ​រំពឹង​ឲ្យ​យើង​យក​ឈ្នះ​លើ​ឧបសគ្គ ហើយ​ទ្រង់​បាន​មាន​បន្ទូល​ថា « គ្រប់​ការណ៍​ទាំង​នេះ នឹង​ផ្ដល់​ការ​ពិសោធន៍​ដល់ [ យើង ] ហើយ​នឹង​ទៅ​ជា​ការ​ល្អ​ដល់ [ យើង ] ទៅ​វិញ » ។

ពេលខ្លះ ព្រះអម្ចាស់​សុំ​ឲ្យ​យើង​ធ្វើ​កិច្ចការ​លំបាក​មួយ ហើយ​ពេល​ខ្លះ​ឧបសគ្គ​កើត​ឡើង​ដោយសារ​ខ្លួន​យើង ឬ​ដោយសារ​មនុស្ស​ដទៃ​ប្រើ​សិទ្ធជ្រើសរើស​របស់​ពួកគេ ។ នីហ្វៃ​បាន​ពន្យល់​អំពី​ស្ថានភាព​ទាំង​ពីរ​នេះ ។ នៅ​ពេល​លីហៃ​បាន​អញ្ជើញ​កូន​ប្រុស​ទាំង​ពីរ​នាក់​របស់​លោក​ឲ្យ​ត្រឡប់​ទៅ​យក​ផ្ទាំងចំណារ​ពី​ឡាបាន់ លោក​បាន​មាន​ប្រសាសន៍​ថា « មើល​ចុះ បងៗ​របស់​កូន​រអ៊ូរទាំ​ថា ឪពុក​បាន​តម្រូវ​ឲ្យ​គេ​ធ្វើការ​ដ៏​លំបាក ប៉ុន្តែ​មើល​ចុះ ឪពុក​មិន​បាន​តម្រូវ​គេ​ទេ ប៉ុន្តែ​នេះ​ជា​ព្រះ​បញ្ញត្តិ​នៃ​ព្រះ​អម្ចាស់​ទេ​តើ » ។ ម៉្យាង​ទៀត បងៗ​របស់​នីហ្វៃ​បាន​ប្រើ​សិទ្ធិជ្រើសរើស​របស់​ខ្លួន​ដើម្បី​កំណត់​សិទ្ធិជ្រើសរើស​របស់​គាត់ ៖ « ពួក​គេ​បាន​ដាក់​ដៃ​មក​លើ​ខ្ញុំ ដ្បិត​មើល​ចុះ ពួក​គេ​ខឹង​ជា​ខ្លាំង ហើយ​ពួក​គេ​បាន​ចង​ខ្ញុំ​ដោយ​ខ្សែពួរ ព្រោះ​ពួក​គេ​បាន​ព្យាយាម​រក​ផ្ដាច់​ជីវិត​ខ្ញុំ » ។

យ៉ូសែប ស៊្មីធ បាន​ជួប​នឹង​ទុក្ខលំបាក​នៅ​ក្នុង​គុក​លីប៊ើធី ។ ដោយ​មិន​រំពឹង​ថា​មាន​ភាពធូរស្បើយ និង​ស្ថិត​ក្នុង​ការអស់សង្ឃឹម យ៉ូសែប​បាន​ស្រែក​ថា « ឱ​ព្រះ​អង្គ​អើយ តើ​ព្រះ​អង្គ​គង់នៅ​ទីណា ? » គ្មាន​ការសង្ស័យ​ទេ យើង​មួយ​ចំនួន​ធ្លាប់​មាន​អារម្មណ៍​ដូច​យ៉ូសែប ។

មនុស្ស​គ្រប់​គ្នា​ជួប​នឹង​ទុក្ខលំបាក ៖ ដូចជា​មរណភាព​នៃ​មនុស្ស​ជាទីស្រឡាញ់ ការលែងលះ កូន​មិន​ស្ដាប់​បង្គាប់ ជំងឺ ការសាកល្បង​នៃ​សេចក្ដីជំនឿ ការបាត់បង់​ការងារ ឬ​ការលំបាក​ដទៃទៀត ។

ខ្ញុំ​បាន​ផ្លាស់ប្ដូរ​ជា​រៀង​រហូត​នៅ​ពេល​ឮ​ប្រសាសន៍​របស់​អែលឌើរ នែល អេ ម៉ាក់ស្វែល ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ថ្លែង​អំឡុង​ពេល​លោក​មាន​ជំងឺ​មហារីក​គ្រាប់​ឈាម ។ លោក​បាន​មាន​ប្រសាសន៍​ថា « កាល​ខ្ញុំ​កំពុង​សញ្ជប់សញ្ជឹង​យ៉ាង​ខ្លាំង នោះ​មាន​បន្ទូល​ណែនាំ និង​អះអាង​បាន​ចូល​ក្នុង​គំនិត​ខ្ញុំ​ដូចនេះ ៖ ‹ យើង​បាន​ធ្វើ​ឲ្យ​អ្នក​មាន​ជំងឺ​មហារីក​គ្រាប់​ឈាម​ស ដើម្បី​ឲ្យ​អ្នក​បង្រៀន​រាស្ត្រ​របស់​យើង​ដោយ​ភាពជាក់ស្ដែង › » ។ បន្ទាប់​មក លោក​បាន​បង្ហាញ​អំពី​របៀប​ដែល​បទពិសោធន៍​នេះ​បាន​ផ្ដល់​ពរ​ឲ្យ​លោក​មាន « ទស្សនវិស័យ​អំពី​ភាពជាក់ស្ដែង​ដ៏​អស្ចារ្យ​នៃ​ភាពអស់កល្ប ។ … ការយល់​ដឹង​អំពី​ភាពអស់កល្ប​អាច​ជួយ​យើង​ធ្វើ​ដំណើរ​បាន​កាន់តែ​ឆ្ងាយ ទោះជា​មាន​ទុក្ខលំបាក​យ៉ាង​ណា​ក្ដី » ។

ដើម្បី​ជួយ​យើង​រីកចម្រើន ហើយ​យកឈ្នះ​លើ​គ្រា​ដ៏​លំបាក​ដោយ​មាន​ការយល់ដឹង​អំពី​ភាពអស់កល្ប​នេះ ខ្ញុំ​សូម​ណែនាំ​កិច្ចការ​ចំនួន​ពីរ ។ យើង​ត្រូវតែ​ប្រឈមមុខ​នឹង​ទុក្ខលំបាក ទី​មួយ ដោយ​ការអភ័យទោស​មនុស្សដទៃ និង​ទី​ពីរ ដោយ​ធ្វើតាម​ព្រះហឫទ័យ​របស់​ព្រះវរបិតាសួគ៌ ។

ការអភ័យទោស​ដល់​អ្នក​ដែល​ធ្វើ​ឲ្យ​យើង​មាន​ទុក្ខលំបាក និង​ការសម្រុះសម្រួល « ខ្លួន [ យើង ] ទៅ​តាម​បំណង​នៃ​ព្រះ »  អាច​ជា​កិច្ចការ​លំបាក​ណាស់ ។ វា​អាច​ធ្វើ​ឲ្យ​ឈឺចាប់​បំផុត​នៅ​ពេល​ទុក្ខលំបាក​របស់​យើង បណ្ដាល​មក​ពី​សមាជិក​គ្រួសារ មិត្ត​ស្និទ្ធស្នាល ឬ​សូម្បី​តែ​ខ្លួន​យើង​ផ្ទាល់ ។

កាល​ខ្ញុំ​បម្រើ​ជា​ប៊ីស្សព​ថ្មីៗ ខ្ញុំ​បាន​រៀន​អំពី​ការអភ័យទោស​នៅ​ពេល​ប្រធាន​ស្តេក​របស់​ខ្ញុំ ប៊្រូស អិម ឃុក បាន​តំណាលរឿង​ខាង​ក្រោម ។ គាត់​បាន​ពន្យល់​ថា ៖

« នៅ​ចុង​ទសវត្ស​ឆ្នាំ ១៩៧០ ដៃគូ​មួយ​ចំនួន និង​ខ្ញុំ​បាន​ចាប់ផ្ដើម​អាជីវកម្ម​មួយ ។ ទោះជា​យើង​ពុំ​បាន​ធ្វើ​ខុសច្បាប់​ក្ដី ក៏​ការសម្រេចចិត្ត​មិន​ល្អ​មួយ​ចំនួន បូក​ផ្សំ​នឹង​គ្រា​មាន​វិបត្តិ​សេដ្ឋកិច្ច​បាន​ធ្វើ​ឲ្យ​យើង​បរាជ័យ ។

« អ្នក​វិនិយោគ​ខ្លះ​បាន​ដាក់​ពាក្យ​បណ្ដឹង​ទាមទារ​ការខាតបង់​របស់​ខ្លួន​មក​វិញ ។ ចៃដន្យ​អី មេធាវី​របស់​ពួកគេ​គឺ​ជា​ទីប្រឹក្សា​ក្នុង​គណៈប៊ីស្សព​របស់​គ្រួសារ​ខ្ញុំ ។ វា​ជា​រឿង​ដ៏​ពិបាក​ដើម្បី​គាំទ្រ​បុរស​ម្នាក់​ដែល​ហាក់ដូចជា​កំពុង​ព្យាយាម​បំផ្លាញ​ជីវិត​ខ្ញុំ ។ ខ្ញុំ​បាន​មាន​គំនុំ​ជាក់លាក់​មួយ​ចំនួន​ជាមួយ​គាត់ ហើយ​បាន​ចាត់ទុក​គាត់​ជា​សត្រូវ​របស់​ខ្ញុំ ។ ប្រាំ​ឆ្នាំ​ក្រោយ​បន្ទាប់​ពី​ការប្ដឹងផ្ដល់​គ្នា យើង​បាន​បាត់បង់​អ្វី​គ្រប់​យ៉ាង​ដែល​យើង​មាន រួម​ទាំង​ផ្ទះ​របស់​យើង​ផងដែរ ។

« ក្នុង​ឆ្នាំ ២០០២ ភរិយា​ខ្ញុំ និង​ខ្ញុំ​បាន​ដឹង​ថា គណៈប្រធាន​ស្តេក​ដែល​ខ្ញុំ​បាន​បម្រើ​ជា​ទីប្រឹក្សា​ត្រូវបាន​រៀបចំ​ឡើង​ជា​ថ្មី ។ ពេល​យើង​បាន​ធ្វើ​ដំណើរ​វិស្សមកាល​ខ្លី​ពី​មុន​ការដោះលែង នាង​បាន​សួរ​ខ្ញុំ​ថា តើ​ខ្ញុំ​នឹង​ជ្រើសរើស​នរណា​ឲ្យ​ធ្វើ​ជា​ទីប្រឹក្សា ប្រសិនបើ​ខ្ញុំ​ត្រូវបាន​ហៅ​ឲ្យ​ធ្វើ​ជា​ប្រធាន​ស្តេក​ថ្មី ។ ខ្ញុំ​ពុំ​ចង់​និយាយ​អំពី​រឿង​នេះ​ទេ ប៉ុន្តែ​នាង​ទទួច​សួរ ។ ទីបំផុត ឈ្មោះ​មួយ​បាន​លេច​ឡើង​ក្នុង​គំនិត​ខ្ញុំ ។ ភ្លាម​នោះ នាង​បាន​លើកឡើង​ពី​ឈ្មោះ​មេធាវី​ដែល​យើង​បាន​ចាត់ទុក​ថា ជា​បុគ្គល​ដែល​ធ្វើ​ឲ្យ​យើង​មាន​ទុក្ខ​លំបាក​កាល​ពី ២០​ឆ្នាំ​មុន ។ កាល​នាង​បាន​លើក​ឡើង​ឈ្មោះ​នោះ ព្រះវិញ្ញាណ​បាន​បញ្ជាក់​ថា គាត់​គួរតែ​ធ្វើ​ជា​ទីប្រឹក្សា​ម្នាក់​ទៀត​របស់​ខ្ញុំ ។ តើ​ខ្ញុំ​អាច​អភ័យទោស​ឲ្យ​បុរស​នោះ បាន​ឬ​ទេ ?

« នៅ​ពេល​អែលឌើរ ដាវីឌ អ៊ិ សូរិនសិន បាន​ហៅ​ខ្ញុំ​ឲ្យ​ធ្វើ​ជា​ប្រធាន​ស្តេក លោក​បាន​ទុក​ពេល​ឲ្យ​ខ្ញុំ​មួយ​ម៉ោង​ដើម្បី​ជ្រើសរើស​ទីប្រឹក្សា ។ ខ្ញុំ​បាន​ជម្រាប​ទាំង​ស្រក់​ទឹក​ភ្នែក​ថា ព្រះអម្ចាស់​បាន​ប្រទាន​វិវរណៈ​នោះ​រួច​ហើយ ។ កាល​ខ្ញុំ​បាន​ជម្រាប​ឈ្មោះ​បុរស​ដែល​ខ្ញុំ​បាន​ចាត់ទុក​ជា​សត្រូវ នោះ​កំហឹង គំនុំ និង​សម្អប់​ដែល​ខ្ញុំ​បាន​មាន​ក៏​រសាយ​អស់​ទៅ ។ នៅ​គ្រា​នោះ ខ្ញុំ​បាន​ស្គាល់​ភាពសុខសាន្ត​ដែល​កើត​ជាមួយ​ការអភ័យទោស តាមរយៈ​ដង្វាយធួន​របស់​ព្រះគ្រីស្ទ » ។

និយាយ​ម៉្យាង​ទៀត ប្រធាន​ស្តេក​របស់​ខ្ញុំ « បាន​អភ័យទោស​ដោយ​ស្មោះ​អស់​ពី​ចិត្ត » ដូច​នីហ្វៃ​កាល​ពី​បុរាណ ។ ខ្ញុំ​បាន​ដឹង​ថា ប្រធាន​ឃុក និង​ទីប្រឹក្សា​របស់​លោក​គឺ​ជា​ថ្នាក់ដឹកនាំ​បព្វជិតភាព​ដែល​ស្រឡាញ់​គ្នា​ទៅវិញទៅមក ។ ខ្ញុំ​បាន​ប្ដេជ្ញា​ធ្វើ​ឲ្យ​ដូច​ពួកគាត់ ។

ប៉ុន្មាន​ឆ្នាំ​មុន​នេះ កាល​យើង​មាន​ទុក្ខ​លំបាក​នៅ​រដ្ឋ​អាឡាស្កា ខ្ញុំ​បាន​ដឹង​យ៉ាង​រហ័ស​ថា ការបន្ទោស​កាលៈទេសៈ​លើ​មនុស្សដទៃ—ដែល​ពីឡុត​របស់​យើង​បាន​ប្រាប់​ឲ្យ​យើង​បោះ​អាហារ​ចេញ​ពី​យន្តហោះ​នោះ—មិន​មែន​ជា​ដំណោះស្រាយ​ឡើយ ។ យ៉ាង​ណា​ក៏​ដោយ ពេល​យើង​ភ្លក់​នូវ​ការនឿយហត់​ផ្នែក​រាងកាយ ខ្វះ​អាហារ ជំងឺ និង​ដេក​នៅ​លើ​ដី​ពេល​មាន​ព្យុះ​បក់បោក​ដោយ​មាន​តែ​ក្រណាត់​កៅស៊ូ​មួយ​បន្ទះ​គ្រប​ពី​លើ នោះ​ខ្ញុំ​បាន​រៀន​ថា « ការអ្វី​ដែល​ព្រះ​ទ្រង់​ធ្វើ​ពុំ​បាន នោះ​គ្មាន​សោះ​ឡើយ » ។

យុវវ័យ​អើយ ព្រះ​តម្រូវ​ឲ្យ​អ្នក​ធ្វើ​កិច្ចការ​លំបាក ។ យុវនារី​អាយុ ១៤​ឆ្នាំ​ម្នាក់​បាន​ចូលរួម​ប្រកួត​កីឡា​បាល់បោះ​មួយ ។ នាង​មាន​ក្ដីសុបិន​ចង់​លេង​បាល់បោះ​សម្រាប់​សាលា​ដូចជា​បងស្រី​របស់​នាង ។ ក្រោយ​មក នាង​បាន​ដឹង​ថា ឪពុក​ម្ដាយ​នាង​ត្រូវបាន​ហៅ​ឲ្យ​ធ្វើ​ជា​អធិបតី​លើ​បេសកកម្ម​នៅ​ប្រទេស​ក្វាតេម៉ាឡា ។

ពេល​ទៅ​ដល់ នាង​បាន​ដឹង​ថា នាង​នឹង​ត្រូវ​រៀន​ថ្នាក់​មួយ​ចំនួន​ជា​ភាសា​អេស្ប៉ាញ​ដែល​នាង​មិន​ទាន់​ចេះ​និយាយ​នៅ​ឡើយ ។ គ្មាន​ក្រុម​កីឡា​ណា​មួយ​សោះ​នៅ​សាលា​របស់​នាង ។ នាង​បាន​រស់នៅ​ជាន់​ទី ១៤ ក្នុង​អគារ​ដែល​មាន​ការយាមកាម​យ៉ាង​ដិតដល់ ។ បន្ថែម​ពី​នោះទៀត នាង​ពុំ​អាច​ចេញ​ទៅ​ក្រៅ​តែ​ម្នាក់​ឯង​ទេ​ដោយ​ព្រោះ​សុវត្ថិភាព ។

ឪពុក​ម្ដាយ​នាង​បាន​ឮ​នាង​យំ​ពេល​ចូល​គេង​រៀងរាល់​រាត្រី​ជា​ច្រើន​ខែ ។ ការណ៍​នេះ​ធ្វើ​ឲ្យ​ពួកគាត់​ពិបាក​ចិត្ត​យ៉ាង​ខ្លាំង ! ទីបំផុត​ពួកគាត់​បាន​សម្រេចចិត្ត​បញ្ជូន​នាង​ត្រឡប់​ទៅ​រស់នៅ​ជាមួយ​លោកយាយ​របស់​នាង​វិញ​ដើម្បី​ចូលរៀន​វិទ្យាល័យ ។

ពេល​ភរិយា​ខ្ញុំ​ដើរ​ចូល​បន្ទប់​កូន​ស្រី​យើង​ដើម្បី​ប្រាប់​អំពី​ការសម្រេចិត្ត​របស់​យើង គាត់​បាន​ឃើញ​កូន​ស្រី​យើង​លុតជង្គង់​អធិស្ឋាន​ដោយ​មាន​ព្រះគម្ពីរ​មរមន​បើក​នៅ​លើ​គ្រែ ។ ព្រះវិញ្ញាណ​បាន​ខ្សឹប​ប្រាប់​ភរិយា​ខ្ញុំ​ថា « នាង​មិន​អី​ទេ » ហើយ​ក៏​បាន​ដើរ​ចេញ​ពី​បន្ទប់​ថ្នមៗ ។

យើង​លែង​ឮ​គាត់​យំ​ម្នាក់​ឯង​ពេល​ចូល​គេង​ទៀត​ហើយ ។ ដោយ​មាន​ការតាំងចិត្ត និង​ជំនួយ​ពី​ព្រះអម្ចាស់ នាង​បាន​ប្រឈមមុខ​រយៈពេល​បី​ឆ្នាំ​ដោយ​ក្លាហាន ។

ពេល​យើង​បញ្ចប់​បេសកកម្ម ខ្ញុំ​បាន​សួរ​កូនស្រី​យើង​ថា​តើ​គាត់​នឹង​បម្រើ​បេសកម្ម​ពេញ​ម៉ោង​ឬ​ទេ ។ នាង​ឆ្លើយ​ថា « ទេ ប៉ា ខ្ញុំ​បាន​បម្រើ​រួច​ហើយ » ។

ខ្ញុំ​ពេញចិត្ត​នឹង​ការសម្រេចចិត្ត​នេះ ! ប៉ុន្តែ​ប្រហែល​ជា​ប្រាំមួយ​ខែ​ក្រោយ​មក ព្រះវិញ្ញាណ​បាន​ដាស់​ខ្ញុំ​កណ្ដាល​យប់​ទាំង​មាន​គំនិត​ថា « យើង​បាន​ហៅ​កូនស្រី​របស់​អ្នក​ឲ្យ​បម្រើ​បេសកកម្ម » ។

ប្រតិកម្ម​របស់​ខ្ញុំ​គឺ​ថា « ព្រះវរបិតា​អើយ នាង​បាន​លះបង់​ច្រើន​ហើយ » ។ ព្រះវិញ្ញាណ​បាន​កែតម្រូវ​ខ្ញុំ​មួយ​រំពេច ហើយ​ខ្ញុំ​បាន​យល់​ថា ការបម្រើ​ជា​អ្នក​ផ្សព្វផ្សាយសាសនា​របស់​នាង​ត្រូវបាន​តម្រូវ​ពី​ព្រះអម្ចាស់ ។

មិន​យូរ​ប៉ុន្មាន ខ្ញុំ​បាន​នាំ​កូនស្រី​ខ្ញុំ​ទៅ​ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់ ។ ខ្ញុំ​បាន​និយាយ​ទល់មុខ​នឹង​នាង​ថា « ហ្គាន់ហ្ស៊ី តើ​កូន​ដឹង​ថា ហេតុអ្វី​បាន​ជា​យើង​មក​ញ៉ាំ​អាហារ​ទីនេះ​ទេ ? »

នាង​ឆ្លើយ​ថា « ចា៎ស ប៉ា ។ ប៉ា​ដឹង​ហើយ​ថា​ខ្ញុំ​ត្រូវ​ចេញ​បម្រើ​បេសកកម្ម ។ កូន​មិន​ចង់​ចេញ​ទៅ​ទេ ប៉ុន្តែ​កូន​នឹង​ទៅ » ។

ដោយសារតែ​នាង​បាន​ធ្វើតាម​ព្រះហឬទ័យ​ព្រះវរបិតាសួគ៌ ទើប​នាង​បាន​បម្រើ​ដោយ​អស់​ពី​ចិត្ត ពលំ គំនិត និង​កម្លាំង ។ នាង​បាន​បង្រៀន​ឪពុក​នាង​អំពី​របៀប​ធ្វើ​កិច្ចការ​លំបាកៗ ។

នៅ​ក្នុង​ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក​សម្រាប់​យុវវ័យ​ដោយ​ប្រធាន រ័សុល អិម ណិលសុន លោក​បាន​ស្នើ​ឲ្យ​យុវវ័យ​ធ្វើ​កិច្ចការ​ពិបាក​មួយ​ចំនួន ។ ប្រធាន ណិលសុន បាន​មាន​ប្រសាសន៍​ថា « ការអញ្ជើញ​ទីប្រាំ​របស់​ខ្ញុំ គឺ​សូម​ឲ្យ​ប្អូនៗ​លេចធ្លោ​ឡើង ហើយ​ខុសប្លែក​ពី​លោកិយ ។ … ព្រះអម្ចាស់​ត្រូវការ​ប្អូនៗ​ឲ្យ​មើល និយាយ ធ្វើ​សកម្មភាព និង​ស្លៀកពាក់​ក្នុង​នាម​ជា​ពួកសិស្ស​ពិត​នៃ​ព្រះយេស៊ូវគ្រីស្ទ » ។ ការណ៍​នោះ​អាច​ជា​កិច្ចការ​លំបាក​មួយ ប៉ុន្តែ​ខ្ញុំ​ដឹង​ថា អ្នក​អាច​ធ្វើ​បាន—ដោយ​អំណរ ។

សូម​ចងចាំ​ថា « មាន​មនុស្ស​លោក ដើម្បី​ឲ្យ​គេ​អាច​មាន​សេចក្ដី​អំណរ » ។ លីហៃ​បាន​ជួប​រឿង​គ្រប់​យ៉ាង លោក​នៅតែ​មាន​អំណរ ។ តើ​អ្នក​ចាំ​ថា អាលម៉ា​បាន « ពោរពេញ​ទៅ​ដោយ​ក្ដី​សោកសៅ » ដោយសារ​ប្រជាជន​អាំម៉ូណៃហា​ឬ​ទេ ? ទេវតា​មាន​បន្ទូល​ប្រាប់​លោក​ថា « អាលម៉ា​អើយ អ្នក​មាន​ពរ​ហើយ ហេតុ​ដូច្នេះ​ហើយ ចូរ​អ្នក​ងើបមុខ​ឡើង ហើយ​អរ​រីករាយ​ចុះ…ព្រោះ​អ្នក​មាន​ចិត្ត​ស្មោះ​ក្នុង​ការ​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ » ។ អាលម៉ា​បាន​រៀន​សេចក្ដីពិត​អស្ចារ្យ​នេះ ៖ យើង​អាច​រីករាយ​ជានិច្ច​នៅ​ពេល​យើង​គោរព​ព្រះបញ្ញត្តិ​ទាំងឡាយ ។ សូម​ចាំ​ថា ពេល​មាន​សង្គ្រាម និង​ឧបសគ្គ​នៅ​ជំនាន់​មេទ័ព​មរ៉ូណៃ « ពុំ​ដែល​មាន​ពេល​ណា​នៅ​ក្នុង​ចំណោម​ប្រជាជន​នីហ្វៃ ដែល​សប្បាយ​ជាង​សម័យ​មរ៉ូណៃ​ឡើយ » ។ យើង​អាច និង​គួរតែ​រកឃើញ​អំណរ​នៅ​ពេល​យើង​ជួប​នឹង​ទុក្ខលំបាក ។

ព្រះអង្គសង្គ្រោះ​បាន​ជួប​ទុក្ខលំបាក​ចំនួន​ពីរ ៖ « មនុស្ស​លោក … នឹង​ចាត់​ទ្រង់​ទុក​ជា​គ្មាន​តម្លៃ​ទៅ​វិញ ហេតុ​ដូច្នោះ​ហើយ ពួក​គេ​វាយ​ទ្រង់ ក៏​ទ្រង់​អត់ធ្មត់ ពួក​គេ​ទះ​ទ្រង់ ក៏​ទ្រង់​អត់ធ្មត់ ។ មែន​ហើយ ពួក​គេ​ស្ដោះ​ដាក់​ទ្រង់ ក៏​ទ្រង់​អត់ធ្មត់ ពី​ព្រោះ​មក​ពី​សេចក្ដី​មេត្តាករុណា និង​ការ​អត់ធ្មត់ ដែល​ទ្រង់​មាន​ចំពោះ​កូន​ចៅ​មនុស្ស » ។

ដោយសារ​ទឹកចិត្ត​ពេញ​ដោយ​ក្ដីស្រឡាញ់​នោះ​ហើយ ទើប​ព្រះយេស៊ូវគ្រីស្ទ​រងទុក្ខ​នឹង​ដង្វាយធួន ។ ជា​លទ្ធផល ទ្រង់​មាន​បន្ទូល​មក​យើង​ម្នាក់ៗ​ថា « នៅ​លោកិយ​នេះ​នោះ​អ្នក​រាល់​គ្នា​មាន​សេចក្តី​វេទនា ៖ មែន ប៉ុន្តែ​ត្រូវ​សង្ឃឹម​ឡើង ដ្បិត​ខ្ញុំ​បាន​ឈ្នះ​លោកិយ​ហើយ » ។ ដោយសារ​ព្រះគ្រីស្ទ យើង​ក៏​អាច​យក​ឈ្នះ​លើ​លោកិយ​ដែរ ។

ពេល​យើង​ប្រឈមមុខ​នឹង​ទុក្ខលំបាក​តាម​របៀប​ព្រះអម្ចាស់ សូម​ឲ្យ​យើង​ងើបមុខ​ឡើង ហើយ​អរ​រីករាយ​ចុះ ។ ក្នុង​ឱកាស​ដ៏​ពិសិដ្ឋ​នេះ​ដើម្បី​ថ្លែងទីបន្ទាល់​ដល់​ពិភពលោក ខ្ញុំ​សូម​ប្រកាស​ថា ព្រះអង្គ​សង្គ្រោះ​មាន​ព្រះជន្ម​រស់ ហើយ​ដឹកនាំ​សាសនាចក្រ​ទ្រង់ ។ នៅ​ក្នុង​ព្រះ​នាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។