ឪពុកម្តាយ និងកូនចៅ
ផែនការនៃសុភមង្គលដ៏មហិមារបស់ព្រះវរបិតាសួគ៌យើងប្រាប់អ្នកថា អ្នកជានរណា ហើយថាអ្វីទៅជាគោលបំណងនៃជីវិតនេះ ។
បងប្អូនស្រីជាទីស្រឡាញ់ ឱ វាជាឱកាសដ៏អស្ចារ្យអ្វីម៉្លេះដែលមានសម័យប្រជុំសន្និសីទថ្មីនេះសម្រាប់ស្ត្រីក្នុងសាសនាចក្រអាយុចាប់ពីប្រាំបីឆ្នាំឡើងទៅ ។ យើងបានស្ដាប់ឮសារលិខិតដ៏បំផុសគំនិតពីស៊ីស្ទើរជាថ្នាក់ដឹកនាំ និងពីប្រធាន ហិនរី ប៊ី អាវរីង ។ ប្រធាន អាវរីង និងខ្ញុំចូលចិត្តធ្វើការក្រោមការដឹកនាំរបស់ប្រធានរ័សុល អិម ណិលសុន ហើយយើងទន្ទឹងរង់ចាំស្តាប់សុន្ទរកថាដ៏ប្រកបដោយការព្យាកររបស់លោក ។
I.
កូនចៅគឺជាអំណោយទានដ៏មានតម្លៃបំផុតមកពីព្រះ—គឺជាការរីកចម្រើនអស់កល្បជានិច្ចរបស់យើង ។ ប៉ុន្តែយើងរស់នៅក្នុងគ្រាដែលស្ត្រីជាច្រើនពុំចង់បង្កើតកូន និងចិញ្ចឹមកូនឡើយ ។ យុវមជ្ឈិមវ័យជាច្រើនពន្យារពេលរៀបការរហូតដល់តម្រូវការខាងសាច់ឈាមបានរឹងប៉ឹងសិន ។ អាយុមធ្យមនៃអាពាហ៍ពិពាហ៍របស់សមាជិកសាសនាចក្រយើងបានកើនឡើងជាងពីរឆ្នាំ ហើយចំនួនកំណើតនៃកូនសមាជិកកំពុងធ្លាក់ចុះ ។ សហរដ្ឋអាមេរិក និងប្រទេសផ្សេងៗមួយចំនួនទៀតប្រឈមមុខនឹងអនាគតមួយដែលមានកូនធំពេញវ័យតិចពេក រហូតស្ទើរមិនអាចផ្គត់ផ្គង់មជ្ឈិមវ័យដែលចូលនិវត្តន៍ជាច្រើនបាន ។ កំណើតជាង ៤០ ភាគរយនៅក្នុងសហរដ្ឋអាមេរិកគឺកើតពីម្តាយដែលពុំបានរៀបការ ។ ក្មេងៗទាំងនោះត្រូវការការយកចិត្តទុកដាក់ជាខ្លាំង ។ និន្នាការនីមួយៗទាំងនេះប្រឆាំងនឹងផែនការនៃសេចក្តីសង្រ្គោះដ៏ទេវភាពរបស់ព្រះវរបិតាយើង ។
II.
ស្ត្រីបរិសុទ្ធថ្ងៃចុងក្រោយយល់ថា ការក្លាយជាម្តាយគឺជាអាទិភាពខ្ពស់បំផុតរបស់ពួកគេ ជាអំណរដ៏ធំធេងរបស់ពួកគេ ។ ប្រធាន ហ្គរដុន ប៊ី ហ៊ីងគ្លី បានមានប្រសាសន៍ថា ៖ « នៅស្ទើរគ្រប់ផ្នែកទាំងអស់ ស្ដ្រីពេញចិត្ត និងមានសុភមង្គលខ្លាំងបំផុតនៅក្នុងរង្វង់គ្រួសារ និងគេហដ្ឋាន ។ ព្រះបានបណ្តុះអ្វីមួយដ៏ទេវភាពនៅក្នុងស្ត្រីដែលបង្ហាញចេញជាកម្លាំងដ៏ស្ងប់ស្ងាត់ ភាពសមសួន ភាពសុខសាន្ត សេចក្តីល្អ គុណធម៌ សេចក្តីពិត និងសេចក្តីស្រឡាញ់ ។ ហើយគុណសម្បត្តិដ៏អស្ចារ្យទាំងអស់នេះកើតមានពិតប្រាកដ និងពេញចិត្តបំផុតនៅក្នុងភាពជាម្តាយ » ។
លោកបានបន្តទៀតថា ៖ « កិច្ចការដ៏មហិមាបំផុតដែលស្ត្រីនឹងធ្វើនោះគឺការចិញ្ចឹមបីបាច់ ការបង្រៀន ការរស់នៅការលើកទឹកចិត្ត និងការចិញ្ចឹមកូនៗរបស់ពួកគេក្នុងសេចក្តីសុចរិត និងសេចក្ដីពិត ។ គ្មានកិច្ចការណាផ្សេងទៀតដែលអាចប្រៀបផ្ទឹមនឹងកិច្ចការនេះបានឡើយ មិនថាគាត់ធ្វើអ្វីឡើយ » ។
បងប្អូនស្រី និងអ្នកម្តាយជាទីស្រឡាញ់អើយ យើងស្រឡាញ់បងប្អូនទោះបងប្អូនជានរណា ហើយយើងស្រឡាញ់អ្វីៗដែលបងប្អូនធ្វើសម្រាប់ពួកយើងទាំងអស់គ្នា ។
នៅក្នុងសុន្ទរកថាដ៏សំខាន់នាឆ្នាំ ២០១៥ ដែលមានចំណងជើងថា « ការអង្វរដល់បងប្អូនស្រីរបស់ខ្ញុំ » ប្រធាន រ័សុល អិម ណិលសុន បានថ្លែងថា ៖
« នគរនៃព្រះគឺពុំមាន និងពុំអាចមានពេញលេញដោយគ្មានស្ត្រី ដែលធ្វើសេចក្ដីសញ្ញាពិសិដ្ឋ រួចហើយរក្សាសេចក្ដីសញ្ញា ជាស្ត្រីដែលអាចនិយាយដោយអានុភាព និងសិទ្ធិអំណាចនៃព្រះបានទេ !
សព្វថ្ងៃនេះ…យើងត្រូវការស្ត្រីដែលចេះធ្វើឲ្យរឿងសំខាន់ឲ្យកើតឡើងតាមរយៈសេចក្ដីជំនឿ និងដែលការពារសីលធម៌ និងក្រុមគ្រួសារនៅលើពិភពលោកដែលពេញដោយអំពើបាបនេះដោយភាពក្លាហាន ។ យើងត្រូវការស្ត្រីដែលលះបង់ក្នុងការការពារដល់កូនចៅរបស់ព្រះនៅតាមផ្លូវនៃសេចក្ដីសញ្ញាឆ្ពោះទៅការលើកតម្កើង ជាស្ត្រីដែលចេះទទួលវិវរណៈផ្ទាល់ខ្លួន ដែលយល់អំពីព្រះចេស្ដា និងភាពសុខសាន្ដនៃអំណោយទានពិសិដ្ឋក្នុងព្រះវិហារបរិសុទ្ធ ស្ត្រីដែលចេះអំពាវនាវរកព្រះចេស្ដាពីស្ថានសួគ៌ដើម្បីការពារ និងពង្រឹងដល់កូនចៅ និងក្រុមគ្រួសារ ជាស្រ្ដីដែលបង្រៀនដោយមិនចេះភ័យខ្លាច » ។
ការបង្រៀនដ៏បំផុសគំនិតទាំងនេះផ្អែកទៅលើ « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » ដែលសាសនាចក្រដែលបានស្តារឡើងវិញនេះអះអាងជាថ្មីអំពីគោលលទ្ធិ និងការអនុវត្តនានាដោយផ្តោតលើផែនការនៃអង្គបង្កបង្កើត ពីមុនទ្រង់បានបង្កើតផែនដីនេះ ។
III.
ឥឡូវនេះ ខ្ញុំសូមថ្លែងទៅកាន់យុវនារី ។ ក្មួយៗជាយុវនារីជាទីស្រឡាញ់ ដោយសារចំណេះដឹងរបស់ក្មួយអំពីដំណឹងល្អដែលបានស្ដារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ក្មួយៗពិសេសណាស់ ។ ចំណេះដឹងរបស់ក្មួយនឹងអាចឲ្យក្មួយស៊ូទ្រាំ និងយកឈ្នះលើការលំបាកក្នុងភាពពេញវ័យបាន ។ ចាប់តាំងពីក្មេងមក ក្មួយៗបានចូលរួមនៅក្នុងគម្រោង និងកម្មវិធីនានាដែលបានអភិវឌ្ឍទេពកោសល្យរបស់ក្មួយដូចជា ការសរសេរ ការនិយាយ ការដាក់ផែនការ ។ ក្មួយៗបានរៀនពីឥរិយាបថនៃការទទួលខុសត្រូវ និងរបៀបដើម្បីទប់ទល់នឹងការល្បួងឲ្យកុហក បោកប្រាស់ លួច ឬប្រើប្រាស់គ្រឿងស្រវឹង ឬថ្នាំញៀន ។
លក្ខណៈពិសេសរបស់ក្មួយត្រូវបានទទួលស្គាល់នៅក្នុងការសិក្សារបស់សាកលវិទ្យាល័យមួយនៅរដ្ឋខារ៉ូឡាយណាខាងជើងអំពីយុវវ័យ និងសាសនានៅអាមេរិក ។ អត្ថបទ Charlotte Observer មួយបានដាក់ចំណងជើងថា « Mormon Teens Cope Best: Study Finds They Top Peers at Handling Adolescence » ( ពួកយុវវ័យមរមនដោះស្រាយបញ្ហាបានល្អបំផុត ៖ ការសិក្សារកឃើញថា ពួកគេទប់ទល់នឹងភាពពេញវ័យបានល្អប្រសើរជាងក្មេងវ័យស្រករគ្នា ) ។ អត្ថបទនេះបានថ្លែងដូច្នេះថា « ពួកមរមនបានធ្វើយ៉ាងល្អបំផុតក្នុងការចៀសវាងពីឥរិយាបថប្រថុយប្រថាននានា រៀនពូកែនៅសាលា ហើយមានឥរិយាបថវិជ្ជមានអំពីអនាគត » ។ អ្នកស្រាវជ្រាវម្នាក់នៅក្នុងការសិក្សានោះ ដែលបានសម្ភាសពួកយុវវ័យយើងជាច្រើនដែលបាននិយាយថា « ស្ទើរតែគ្រប់ផ្នែកដែលយើងបានវិភាគនោះមានលំនាំដ៏ច្បាស់មួយ ៖ ពួកមរមនគឺមានលេខរៀងទីមួយ » ។
ហេតុអ្វីក្មួយៗអាចដោះស្រាយបញ្ហាលំបាកនានាក្នុងភាពពេញវ័យបានយ៉ាងល្អបំផុត ? យុវនារីអើយ ដោយសារក្មួយយល់ពីផែនការនៃសុភមង្គលដ៏មហិមារបស់ព្រះវរបិតាសួគ៌យើង ។ ផែនការនេះប្រាប់ក្មួយថា ក្មួយជានរណា ហើយថាគោលបំណងនៃជីវិតនេះជាអ្វី ។ យុវវ័យដែលមានការយល់ដឹងនោះដោះស្រាយបញ្ហាបានប្រសើរជាងគេ និងជ្រើសរើសត្រូវមុនគេ ។ ក្មួយដឹងថា ក្មួយអាចមានជំនួយរបស់ព្រះអម្ចាស់ ដើម្បីយកឈ្នះលើការលំបាកទាំងអស់នៃភាពពេញវ័យ ។
ហេតុផលមួយទៀតនៃមូលហេតុដែលក្មួយមានប្រសិទ្ធភាពខ្លាំងបំផុតនោះគឺថា ក្មួយយល់ថា ក្មួយគឺជាបុត្រីរបស់ព្រះវរបិតាសួគ៌ដែលស្រឡាញ់ក្មួយ ។ ខ្ញុំដឹងច្បាស់ថា ក្មួយស្គាល់ទំនុកតម្កើងដ៏អស្ចារ្យរបស់យើងដែលមានចំណងជើងថា « កូនចៅព្រះអើយទ្រង់គង់ក្បែរអ្នក » ។ នេះគឺជាវគ្គទីមួយដែលយើងទាំងអស់គ្នាបានច្រៀង និងជឿ ៖
មានការបង្រៀនពីរនៅក្នុងខគម្ពីរនោះ ៖ ទីមួយ ព្រះវរបិតាសួគ៌យើងគង់នៅក្បែរយើង ហើយឃុំគ្រងយើងទាំងយប់ទាំងថ្ងៃ ។ ចូរគិតពីចំណុចនេះ ! ព្រះស្រឡាញ់យើង ទ្រង់គង់នៅក្បែរយើង ហើយទ្រង់ឃុំគ្រងយើង ។ ទីពីរ ទ្រង់សព្វព្រះទ័យប្រទានពរយើង ពេលយើង « ឃ្មាតខ្មីធ្វើរឿងត្រូវ » ។ ឱនេះជាការលួងលោមមួយនៅក្នុងចំណោមនៃការថប់បារម្ភ និងទុក្ខលំបាកនានា !
មែនហើយ យុវនារីអើយ ក្មួយៗមានពរ ហើយក្មួយអស្ចារ្យណាស់ ប៉ុន្តែក្មួយៗក៏ដូចជាបុត្រាបុត្រីទាំងអស់របស់ព្រះវរបិតាសួគ៌ដែរគឺក្មួយត្រូវ « ឃ្មាតខ្មីធ្វើរឿងត្រូវ » ។
ខ្ញុំអាចទូន្មានក្មួយៗនូវរឿងជាច្រើនត្រង់ចំណុចនេះ ប៉ុន្តែខ្ញុំជ្រើសរើសនិយាយតែពីរចំណុចប៉ុណ្ណោះ ។
កាទូន្មានទីមួយរបស់ខ្ញុំទាក់ទងនឹងទូរសព្ទដៃ ។ ការស្ទង់មតិទូទាំងប្រទេសថ្មីៗនេះបានរកឃើញថា យុវវ័យជាងពាក់កណ្តាលនៅក្នុងសហរដ្ឋអាមេរិកបាននិយាយថា ពួកគេចំណាយពេលច្រើនពេកជាមួយទូរសព្ទដៃ ។ ពួកគេជាង ៤០ ភាគរយបាននិយាយថា ពួកគេមានអារម្មណ៍អន្ទះសា ពេលពួកគេនៅបែកពីទូរសព្ទដៃ ។ រឿងនេះកើតឡើងច្រើនចំពោះក្មេងស្រីជាងក្មេងប្រុស ។ ឱ ក្មួយស្រីៗ—និងស្ត្រីពេញវ័យផងដែរ—ជីវិតរបស់អ្នកនឹងមានពរ ប្រសិនបើអ្នកកំណត់ការប្រើប្រាស់ និងការពឹងផ្អែកទៅលើទូរសព្ទដៃរបស់អ្នក ។
ការទូន្មានទីពីររបស់ខ្ញុំគឺកាន់តែសំខាន់ ។ ចូរមានចិត្តល្អចំពោះមនុស្សដទៃ ។ សន្តានចិត្តល្អគឺជាអ្វីមួយដែលយុវវ័យយើងជាច្រើនកំពុងធ្វើរួចទៅហើយ ។ ក្រុមយុវវ័យមួយចំនួននៅក្នុងសហគមន៍ខ្លះបានបង្ហាញផ្លូវនោះដល់ពួកយើងទាំងអស់គ្នាហើយ ។ យើងមានការស្ងើចសរសើរចំពោះទង្វើរបស់យុវវ័យយើងស្តីពីការមានចិត្តល្អចំពោះអស់អ្នកដែលត្រូវការសេចក្តីស្រឡាញ់ និងជំនួយ ។ ក្មួយៗផ្តល់ជំនួយ ហើយបង្ហាញសេចក្តីស្រឡាញ់នោះចំពោះគ្នាទៅវិញទៅមកក្នុងរបៀបជាច្រើន ។ យើងប្រាថ្នាឲ្យមនុស្សគ្រប់រូបធ្វើតាមគំរូរបស់ក្មួយៗ ។
នៅពេលដំណាលគ្នានោះ យើងដឹងថា បច្ចាមិត្តល្បួងយើងទាំងអស់គ្នាឲ្យមានចិត្តអាក្រក់ ហើយវានៅតែមានគំរូជាច្រើនអំពីការណ៍នេះ សូម្បីតែនៅក្នុងចំណោមកុមារ និងយុវវ័យ ។ ការមានចិត្តអាក្រក់ជាប់ជានិច្ចមានតាមរបៀបជាច្រើន ដូចជាការសម្លុតធ្វើបាបគេ បង្កើតក្រុមជំទាស់នរណាម្នាក់ ឬចូលរួមជាមួយគ្នាជំទាស់មនុស្សដទៃ ។ គំរូទាំងនេះធ្វើឲ្យមិត្តរួមថ្នាក់ ឬមិត្តភក្តិឈឺចាប់ដោយចេតនា ។ យុវនារីអើយ ព្រះអម្ចាស់ពុំសព្វព្រះទ័យឡើយ ប្រសិនបើយើងមានចិត្តឃោរឃៅ ឬចិត្តកំណាញ់ចំពោះមនុស្សដទៃនោះ ។
នេះគឺជាឧទាហរណ៍មួយ ។ ខ្ញុំស្គាល់យុវជនម្នាក់ដែលជាជនភៀសខ្លួនមកនៅរដ្ឋយូថាហ៍នេះ ដែលត្រូវបានគេចំអន់ឲ្យដោយសារតែការខុសប្លែកពីគេ ជួនកាលរួមទាំងការនិយាយភាសាកំណើតរបស់គាត់ផងដែរ ។ គាត់ត្រូវពួកយុវវ័យមួយក្រុមដែលមានឯកសិទ្ធិបានបៀតបៀន រហូតដល់គាត់បានសងសឹកវិញក្នុងវិធីមួយដែលបណ្តាលឲ្យគាត់ត្រូវជាប់គុកអស់ជាង ៧០ ថ្ងៃ ខណៈដែលត្រូវគេពិចារណាពីការនិរទ្ទេសគាត់ចេញពីប្រទេស ។ ខ្ញុំពុំដឹងថា មានអ្វីបានជំរុញឲ្យក្រុមយុវវ័យនេះធ្វើបែបនេះ ហើយពួកគេភាគច្រើនគឺជាពួកបរិសុទ្ធថ្ងៃចុងក្រោយដូចជាក្មួយៗដែរ ប៉ុន្តែខ្ញុំអាចឃើញពីឥទ្ធិពលនៃភាពកំណាញ់របស់ពួកគេ វាគឺជាបទពិសោធន៍ដ៏ឈឺចាប់មួយ និងធ្វើឲ្យបុត្រម្នាក់របស់ព្រះរងទុក្ខខ្លោចផ្សា ។ ទង្វើតូចតាចនានានៃការមានចិត្តអាក្រក់អាចមានលទ្ធផលដ៏ធំមហិមា ។
ពេលខ្ញុំឮរឿងនោះ ខ្ញុំបានប្រៀបធៀបវាជាមួយនឹងអ្វីដែលព្យាការីយើងគឺប្រធានណិលសុនបានមានប្រសាសន៍នៅក្នុងការប្រជុំធម្មនិដ្ឋានទូទាំងពិភពលោកសម្រាប់យុវវ័យនាពេលថ្មីៗនេះ ។ នៅក្នុងការស្នើសុំឲ្យក្មួយៗ និងយុវវ័យផ្សេងទៀតជួយប្រមូលសាសន៍អ៊ីស្រាអែល នោះលោកបានមានប្រសាសន៍ថា ៖ « ចូរក្រោកឈរឡើង ហើយធ្វើផ្សេងពីពិភពលោក ។ ក្មួយៗ និងខ្ញុំដឹងថា ក្មួយៗគឺជាពន្លឺសម្រាប់លោកិយ ។ ហេតុដូច្នោះហើយ ព្រះអម្ចាស់ត្រូវការក្មួយៗឲ្យមើល និយាយ ធ្វើសកម្មភាព និងស្លៀកពាក់ដូចជាពួកសិស្សពិតនៃព្រះយេស៊ូវគ្រីស្ទ » ។
កងទ័ពយុវវ័យដែលប្រធានណិលសុនបានអញ្ជើញក្មួយៗឲ្យចូលរួមនឹងពុំ មានចិត្តកំណាញ់ ចំពោះគ្នាឡើយ ។ ពួកគេនឹងធ្វើតាមការបង្រៀនរបស់ព្រះអង្គសង្គ្រោះដើម្បីឈោងទៅជួយ និងស្រឡាញ់ ព្រមទាំងចេះគិតដល់មនុស្សដទៃ ទោះជាត្រូវបែរកំផ្លៀងម្ខាងទៀត ពេលយើងមានអារម្មណ៍ថា បុគ្គលម្នាក់នោះធ្វើខុសនឹងយើងក្តី ។
នៅក្នុងសុន្ទរកថាមួយនៃសន្និសីទទូទៅប្រហែលជាពេលក្មួយៗជាច្រើនបានកើត នោះប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បានសរសើរអំពី « យុវនារីដ៏ស្រស់ស្អាតដែលកំពុងព្យាយាមរស់នៅតាមដំណឹងល្អ » ។ លោកបានពិពណ៌នាពួកគេ ដូចខ្ញុំចង់ពិពណ៌នាអំពីក្មួយៗដែរថា ៖
« ពួកគេមានចិត្តល្អចំពោះគ្នា ។ ពួកគេព្យាយាមពង្រឹងគ្នាទៅវិញទៅមក ។ ពួកគេគឺជាកិត្តិយសមួយរបស់ឪពុកម្តាយ និងគេហដ្ឋានដែលពួកគេបានកើតមក ។ ពួកគេនឹងឈានដល់វ័យជាស្ត្រី ហើយនឹងពាំនាំនូវឧត្តមគតិពេញមួយជីវិតពួកគេ ដែលវាជំរុញពួកគេក្នុងពេលបច្ចុប្បន្ននេះ » ។
ក្នុងនាមជាអ្នកបម្រើព្រះអម្ចាស់ ខ្ញុំសូមថ្លែងទៅកាន់ក្មួយៗយុវនារីថា ពិភពលោកយើងត្រូវការសេចក្តីល្អ និងសេចក្តីស្រឡាញ់របស់ក្មួយៗ ។ ចូរមានសន្តានចិត្តល្អចំពោះគ្នា ។ ព្រះយេស៊ូវបង្រៀនយើងឲ្យស្រឡាញ់គ្នាទៅវិញទៅមក ហើយប្រព្រឹត្តចំពោះមនុស្សដទៃដូចយើងចង់ឲ្យគេប្រព្រឹត្តចំពោះយើងដែរ ។ នៅពេលយើងព្យាយាមមានសន្តានចិត្តល្អ នោះ យើងខិតកាន់តែជិតទ្រង់ និងឥទ្ធិពលនៃសេចក្តីស្រឡាញ់របស់ទ្រង់ ។
បងប្អូនស្រីជាទីស្រឡាញ់អើយ ប្រសិនបើបងប្អូនចូលរួមក្នុងការមានចិត្តកំណាញ់ ឬម៉ៅស្វិត—ទោះម្នាក់ឯង ឬជាក្រុមក្តី—សូមសម្រេចចិត្តឥឡូវនេះដើម្បីផ្លាស់ប្តូរ ហើយលើកទឹកចិត្តមនុស្សដទៃឲ្យផ្លាស់ប្តូរផងដែរ ។ នោះគឺជាការទូន្មានរបស់ខ្ញុំ ហើយខ្ញុំសូមផ្តល់វាដល់បងប្អូន ក្នុងនាមជាអ្នកបម្រើរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ដោយសារព្រះវិញ្ញាណទ្រង់បានបំផុសគំនិតខ្ញុំឲ្យនិយាយទៅកាន់បងប្អូនអំពីប្រធានបទដ៏សំខាន់នេះ ។ ខ្ញុំសូមថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រី ព្រះអង្គសង្គ្រោះយើងដែលបានបង្គាប់ឲ្យយើងស្រឡាញ់គ្នា ដូចជាទ្រង់ស្រឡាញ់យើង ។ ខ្ញុំអធិស្ឋានថា យើងនឹងធ្វើដូច្នោះ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។