រឹងប៉ឹង ហើយខ្ជាប់ខ្ជួននៅក្នុងសេចក្ដីជំនឿចំពោះព្រះគ្រីស្ទ
ដើម្បីបន្តរឹងប៉ឹង ហើយខ្ជាប់ខ្ជួននៅក្នុងសេចក្ដីជំនឿចំពោះព្រះគ្រីស្ទ វាតម្រូវឲ្យដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទជ្រាបចូលទៅក្នុងដួងចិត្ត និងព្រលឹងរបស់មនុស្សម្នាក់ ។
នៅក្នុងប្រវត្តិសាស្ត្រនៃគម្ពីរសញ្ញាចាស់ យើងអានពីគ្រាបន្តបន្ទាប់គ្នា កាលដែលកូនចៅអ៊ីស្រាអែលបានគោរពដល់សេចក្ដីសញ្ញារបស់ពួកគេជាមួយនឹងព្រះយេហូវ៉ា ហើយបានថ្វាយបង្គំទ្រង់ និងនៅគ្រាផ្សេងទៀត ពួកគេបានបដិសេធសេចក្ដីសញ្ញានោះ ហើយបានថ្វាយបង្គំរូបព្រះ ឬព្រះបាល ។
រជ្ជកាលស្ដេចអ័ហាប់គឺជាគ្រាមួយនៃការក្បត់សាសនានៅភាគខាងជើងនគរអ៊ីស្រាអែល ។ មានគ្រាមួយ ព្យាការីអេលីយ៉ាបានទូលទៅស្ដេចអ័ហាប់ឲ្យប្រមូលប្រជាជនអ៊ីស្រាអែល ក៏ដូចជាពួកហោរា ឬពួកសង្ឃរបស់ព្រះបាលនៅភ្នំកើមែល ។ នៅពេលមនុស្សម្នាបានមកជុំគ្នាហើយ អេលីយ៉ាបានពោលទៅកាន់ពួកគេថា « តើអ្នករាល់គ្នានៅតែស្ទាក់ស្ទើរនាកណ្តាលផ្លូវទាំង២នេះ ដល់កាលណាទៀត ? [ ឬនិយាយម្យ៉ាងទៀតថា « តើអ្នករាល់គ្នានឹងសម្រេចចិត្តទាំងស្រុងនៅពេលណា ? » ] បើព្រះយេហូវ៉ាទ្រង់ជាព្រះ នោះចូរដើរតាមទ្រង់ទៅ តែបើព្រះបាលជាព្រះវិញ នោះចូរប្រតិបត្តិតាមចុះ ។ តែពួកបណ្តាជនមិនបានឆ្លើយ សូម្បី១ម៉ាត់ឡើយ » ។ ដូច្នេះ អេលីយ៉ាបានណែនាំថា ទាំងលោក និងពួកហោរារបស់ព្រះបាលសម្លាប់កូនគោឈ្មោលមួយក្បាល ហើយដាក់វានៅលើពំនូកឧសនៅលើអាសនារៀងៗខ្លួន ប៉ុន្តែ « កុំឲ្យដាក់ភ្លើងឡើយ » ។ បន្ទាប់មក « ចូរឲ្យអ្នករាល់គ្នាអំពាវនាវដល់ព្រះនាមព្រះរបស់អ្នករាល់គ្នាចុះ ឯក៏ខ្ញុំនឹងអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ាវិញ បើព្រះណាឆ្លើយមកដោយសារភ្លើងនោះ ចូរឲ្យរាប់ព្រះនោះទុកជាព្រះពិតចុះ ។ ពួកបណ្តាជនទាំងឡាយក៏ឆ្លើយឡើងថា ស្រួលហើយ » ។
បងប្អូននឹងចាំថា ពួកសង្ឃនៃព្រះបាលបានស្រែកខ្លាំងៗទៅកាន់ព្រះក្លែងក្លាយរបស់ពួកគេអស់ជាច្រើនម៉ោងឲ្យបញ្ជូនភ្លើងចុះមក ប៉ុន្តែ« គ្មានឮសំឡេង ឬចំឡើយណាឆ្លើយសោះ ក៏គ្មានអ្នកណាស្តាប់ផង » ។ លុះដល់វេនរបស់អេលីយ៉ា នោះលោកបានជួសជុលអាសនានៃព្រះអម្ចាស់ដែលបានរលំ ហើយបានដាក់ឧស និងដង្វាយនៅលើនោះ រួចហើយបានបង្គាប់ថា ឲ្យដងទឹកមកចាក់លើវាចំនួនបីដងមិនមែនម្តងទេ ។ ការណ៍នោះបញ្ជាក់យ៉ាងច្បាស់ថា គ្មានអំណាចណាមួយរបស់មនុស្សអាចដុតភ្លើងឲ្យឆេះបានឡើយ ។
« លុះដល់ពេលថ្វាយដង្វាយល្ងាចនោះ ហោរាអេលីយ៉ាក៏ចូលមកជិតទូលថា ឱ ព្រះយេហូវ៉ា ជាព្រះនៃអ័ប្រាហាំនៃអ៊ីសាក ហើយនៃអ៊ីស្រាអែល សូមឲ្យមនុស្សបានដឹងនៅថ្ងៃនេះថា ទ្រង់ជាព្រះនៃពួកអ៊ីស្រាអែល ហើយថា ទូលបង្គំជាអ្នកបម្រើទ្រង់ ព្រមទាំងថា ទូលបង្គំបានធ្វើការទាំងនេះដោយស្តាប់តាមព្រះបន្ទូលទ្រង់ផង ។ …
ខណៈនោះភ្លើងនៃព្រះយេហូវ៉ាក៏ធ្លាក់ចុះមកបញ្ឆេះដង្វាយ ព្រមទាំងឧស ថ្ម និង ធូលីដី ហើយក៏លិឍទឹកដែលនៅក្នុងប្រឡាយអស់ទៅដែរ ។
កាលពួកជនទាំងឡាយបានឃើញ នោះគេក៏ក្រាបផ្កាប់មុខពោលថា ព្រះយេហូវ៉ាទ្រង់ជាព្រះ ព្រះយេហូវ៉ាទ្រង់ជាព្រះពិតហើយ » ។
នៅសព្វថ្ងៃនេះអេលីយ៉ាអាចនឹងពោលថា ៖
-
ទោះជាព្រះជាព្រះវរបិតាសួគ៌នៃយើងមានពិត ឬក៏ក្លែងក្លាយក្ដី ប៉ុន្តែប្រសិនបើទ្រង់មានពិត សូមថ្វាយបង្គំទ្រង់ ។
-
ទោះជាព្រះយេស៊ូវគ្រីស្ទគឺជាព្រះរាជបុត្រានៃព្រះ ជាព្រះដ៏ប្រោសលោះដែលមានព្រះជន្មរស់ឡើងវិញរបស់មនុស្សលោក ឬក៏ពុំមែនក្ដី ប៉ុន្តែប្រសិនបើពិតជាទ្រង់មែន សូមធ្វើតាមទ្រង់ ។
-
ទោះជាព្រះគម្ពីរមរមនគឺជាបន្ទូលនៃព្រះ ឬក៏ពុំមែនក្ដី ប៉ុន្តែប្រសិនបើវាពិត នោះសូម « ចូលទៅជិតព្រះ [ ដោយសិក្សា ហើយ ] ធ្វើតាមសិក្ខាបទទាំងឡាយនៃគម្ពីរនេះ » ។
-
ទោះជាយ៉ូសែប ស្ម៊ីធបានឃើញ ហើយបានសន្ទនានឹងព្រះវរបិតា និងព្រះរាជបុត្រានៅនិទាឃរដូវនៃឆ្នាំ ១៨២០ នោះ ឬក៏អត់ក្ដី ប៉ុន្តែប្រសិនបើលោកបានឃើញមែន នោះសូមធ្វើតាមក្រមាព្យាការីនោះ រួមទាំងកូនសោនៃការផ្សារភ្ជាប់ដែលខ្ញុំជាអេលីយ៉ាបានប្រគល់ដល់លោកផង ។
នៅក្នុងសន្និសីទកាលពីលើកមុន ប្រធាន រ័សុល អិម ណិលសុន បានប្រកាសថា « បងប្អូនពុំចាំបាច់ឆ្ងល់ថា តើអ្វីគឺពិតនោះទេ [ សូមមើល មរ៉ូណៃ ១០:៥ ] ។ បងប្អូនពុំចាំបាច់ឆ្ងល់ថា បងប្អូនគួរទុកចិត្តនរណាទើបអាចមានសុវត្ថិភាពនោះទេ ។ តាមរយៈវិវរណៈផ្ទាល់ខ្លួន បងប្អូនអាចទទួលសាក្សីដោយផ្ទាល់ថា ព្រះគម្ពីរមរមនគឺជាបន្ទូលរបស់ព្រះ ថាយ៉ូសែប ស៊្មីធគឺជាព្យាការី ហើយថា នេះគឺជាសាសនាចក្ររបស់ព្រះអម្ចាស់ ។ មិនថាមនុស្សដទៃនិយាយ ឬធ្វើអ្វីនោះទេ គ្មាននរណាម្នាក់ដកយកសាក្សីមួយដែលកើតមាននៅក្នុងដួងចិត្ត និងគំនិតរបស់បងប្អូនអំពីការពិតបានឡើយ » ។
នៅពេលយ៉ាកុបបានសន្យាថា ព្រះ « ប្រទានដល់មនុស្សទាំងអស់ដោយសទ្ធា » ដល់អ្នកដែលស្វែងរកព្រះបញ្ញាញាណរបស់ទ្រង់ នោះលោកក៏បានព្រមានផងដែរថា ៖
« តែត្រូវឲ្យអ្នកនោះ សូមដោយចិត្តជឿ ឥតសង្ស័យអ្វីសោះ ។ ដ្បិតអ្នកណាដែលសង្ស័យ នោះប្រៀបដូចជារលកសមុទ្រដែលត្រូវផាត់ដោយខ្យល់ ទាំងរំពើកចុះឡើង ។
« កុំឲ្យមនុស្សយ៉ាងនោះនឹកស្មានថា ខ្លួននឹងបានអ្វីពីព្រះអម្ចាស់ឡើយ ។
ដ្បិតអ្នកនោះជាមនុស្សមានចិត្ត ២ ចេះតែសាវាក្នុងគ្រប់ទាំងផ្លូវ » ។
ម្យ៉ាងវិញទៀត ព្រះអង្គសង្គ្រោះគឺជាគំរូដ៏ឥតខ្ចោះនៃស្ថេរភាព ។ ទ្រង់បានមានបន្ទូលថា « ទ្រង់មិនទុកឲ្យខ្ញុំនៅតែឯងទេ ពីព្រោះខ្ញុំចេះតែ ធ្វើការ ដែលគាប់ដល់ព្រះហឫទ័យទ្រង់ជាដរាប » ។ សូមពិចារណាពីការពិពណ៌នាទាំងនេះមកពីបទគម្ពីរស្ដីពីបុរស និងស្ត្រីដែលរឹងប៉ឹង ហើយខ្ជាប់ខ្ជួនដូចជាព្រះអង្គសង្គ្រោះ ៖
ពួកគេ « បានប្រែចិត្តជឿចំពោះសេចក្ដីជំនឿពិតប៉ុណ្ណោះ ហើយពួកគេពុំចាកចេញពីសេចក្ដីជំនឿពិតឡើយ ព្រោះពួកគេរឹងប៉ឹង និងខ្ជាប់ខ្ជួន និងមុតមាំ ដោយសុខចិត្តធ្វើការព្យាយាមគ្រប់យ៉ាង ដើម្បីកាន់តាមព្រះបញ្ញត្តិទាំងឡាយនៃព្រះអម្ចាស់ » ។
« គំនិតគេរឹងប៉ឹង ហើយពួកគេដាក់ទីទុកចិត្តរបស់គេទៅលើព្រះរហូត » ។
« ហើយមើលចុះ អ្នករាល់គ្នាក៏ដឹងដោយខ្លួនឯងយ៉ាងនេះដែរ ដ្បិតអ្នករាល់គ្នាបានឃើញការណ៍នេះយ៉ាងច្បាស់ថា ពួកគេជាច្រើនត្រូវបាននាំឲ្យស្គាល់សេចក្ដីពិត …រឹងប៉ឹង និងខ្ជាប់ខ្ជួននៅក្នុងសេចក្ដីជំនឿ និងនៅក្នុងការដែលនាំមកឲ្យគេនូវសេរីភាព » ។
« អ្នកទាំងនោះក៏នៅតែព្យាយាមក្នុងសេចក្តីបង្រៀនរបស់ពួកសាវក ហើយក្នុងសេចក្តីប្រកបគ្នា ព្រមទាំងការកាច់នំបុ័ង និង សេចក្តីអធិស្ឋានផង » ។
ដើម្បីបន្តរឹងប៉ឹង ហើយខ្ជាប់ខ្ជួននៅក្នុងសេចក្ដីជំនឿចំពោះព្រះគ្រីស្ទ វាតម្រូវឲ្យដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទជ្រាបចូលទៅក្នុងដួងចិត្ត និងព្រលឹងរបស់មនុស្សម្នាក់ វាមានន័យថា ដំណឹងល្អពុំមែនគ្រាន់តែក្លាយជាឥទ្ធិពលមួយនៅក្នុងជីវិតរបស់បុគ្គលម្នាក់នោះទេ ប៉ុន្តែក្លាយជាអាទិភាពដ៏សំខាន់បំផុតក្នុងជីវិត និងបុគ្គលិកលក្ខណៈរបស់គាត់ ។ ព្រះអម្ចាស់បានមានបន្ទូលថា ៖
« យើងនឹងឲ្យឯងមានចិត្តថ្មី ហើយនឹងដាក់វិញ្ញាណថ្មីនៅក្នុងឯងដែរ យើងនឹងដកចិត្តដែលរឹងដូចថ្មពីរូបសាច់ឯងចេញ រួចនឹងឲ្យមានចិត្តជាសាច់វិញ ។
យើងនឹងដាក់វិញ្ញាណរបស់យើងនៅក្នុងឯងរាល់គ្នា ហើយបណ្តាលឲ្យឯងរាល់គ្នាដើរតាមក្រឹត្យក្រម ហើយរក្សាបញ្ញត្តច្បាប់របស់យើង ព្រមទាំងប្រព្រឹត្តតាមផង ។
« នោះ…ឯងរាល់គ្នានឹងធ្វើជារាស្ត្ររបស់យើង ហើយយើងនឹងបានជាព្រះដល់ឯង » ។
នេះគឺជាសេចក្ដីសញ្ញាដែលយើងធ្វើតាមរយៈពិធីបុណ្យជ្រមុជទឹករបស់យើង និងនៅក្នុងពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធ ។ ប៉ុន្តែមានមនុស្សមួយចំនួនពុំទាន់ទទួលយកដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទចូលទៅក្នុងជីវិតរបស់ពួកគេពេញលេញនៅឡើយទេ ។ ដូចជាប៉ុលបានពោលថា ទោះជាពួកគេត្រូវ « កប់ជាមួយនឹង [ ព្រះគ្រីស្ទ ] ហើយ ដោយទទួលជ្រមុជ » ក្ដី ក៏ពួកគេនៅតែខ្វះផ្នែកដែល « ដូចជាព្រះគ្រីស្ទបានរស់ពីស្លាប់ឡើងវិញ … ដើម្បីឲ្យយើងបានដើរក្នុងជីវិតបែបថ្មី [ មួយ ] » ដែរ ។ ដំណឹងល្អពុំទាន់មានន័យចំពោះពួកគេនៅឡើយ ។ ពួកគេពុំទាន់ផ្ដោតសំខាន់លើព្រះគ្រីស្ទនៅឡើយ ។ ពួកគេជ្រើសយកគោលលទ្ធិ និងបទបញ្ញត្តិដែលពួកគេនឹងធ្វើតាម ព្រមទាំងទីកន្លែង និងពេលវេលាដែលពួកគេនឹងបម្រើក្នុងសាសនាចក្រ ។ ផ្ទុយទៅវិញ ការរក្សាសេចក្ដីសញ្ញារបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួនបានធ្វើឲ្យអស់អ្នកដែលជា « ពួករើសតាំង ស្របតាមសេចក្ដីសញ្ញា » ចៀសផុតពីការឆបោក ហើយបន្តរឹងប៉ឹងនៅក្នុងសេចក្ដីជំនឿចំពោះព្រះគ្រីស្ទ ។
យើងភាគច្រើនដឹងថា ខ្លួនឯងស្ថិតនៅក្នុងចន្លោះនៃការធ្វើតាមច្បាប់ដំណឹងល្អដោយសារតែការលើកទឹកចិត្តរបស់សង្គម និងការអភិវឌ្ឍការតាំងចិត្តឲ្យបានពេញលេញដូចជាព្រះគ្រីស្ទ ដើម្បីធ្វើតាមព្រះទ័យរបស់ព្រះ ។ នៅត្រង់ចំណុចណាមួយនៃចន្លោះនោះ សេចក្ដីល្អនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទចូលទៅក្នុងដួងចិត្តរបស់យើង ហើយគ្រប់គ្រងព្រលឹងរបស់យើង ។ វាប្រហែលជាពុំកើតឡើងភ្លាមៗនោះទេ ប៉ុន្តែយើងគ្រប់គ្នាគួរតែដើរឆ្ពោះទៅរកស្ថានភាពដ៏មានពរនោះ ។
វាមានការលំបាក ប៉ុន្តែវាសំខាន់ដើម្បីបន្តរឹងប៉ឹង ហើយខ្ជាប់ខ្ជួន នៅពេលយើងដឹងថា ខ្លួនឯងត្រូវបានសម្រាំង « នៅក្នុងឡនៃសេចក្ដីវេទនា » នូវអ្វីមួយដែលមិនយូរមិនឆាប់នឹងកើតមានចំពោះយើងគ្រប់គ្នានៅក្នុងជីវិតរមែងស្លាប់ ។ ប្រសិនបើគ្មានព្រះទេ បទពិសោធន៍ដ៏ខ្មៅងងឹតទាំងនេះមុខជាមាននូវការខូចចិត្ត ភាពអស់សង្ឃឹម និងភាពជូរចត់ ។ ប្រសិនបើមានព្រះ នោះមានការលួងលោមចិត្តជំនួសឲ្យការឈឺចាប់ ភាពសុខសាន្តជំនួសឲ្យភាពចលាចល និងសេចក្ដីសង្ឃឹមជំនួសឲ្យភាពសោកសៅ ។ ការបន្តរឹងប៉ឹង ហើយខ្ជាប់ខ្ជួននៅក្នុងសេចក្ដីជំនឿចំពោះព្រះគ្រីស្ទនឹងនាំមកនូវព្រះគុណ និងការគាំទ្ររបស់ទ្រង់ឥតដាច់ ។ ទ្រង់នឹងបម្លែងការសាកល្បងទៅជាពរជ័យ ហើយនៅក្នុងពាក្យរបស់អេសាយគឺ « ចែកឲ្យ…បានភួងលំអជំនួសផេះ » ។
ខ្ញុំសូមលើកឡើងនូវឧទាហរណ៍ចំនួនបីដែលខ្ញុំបានដឹងដោយខ្លួនឯង ៖
មានស្ត្រីម្នាក់មានជំងឺដ៏រ៉ាំរៃមួយ ទោះជាមានការព្យាបាលផ្នែកវេជ្ជសាស្ត្រ ការប្រសិទ្ធពរបព្វជិតភាព ព្រមទាំងការតមអាហារ និងការអធិស្ឋានក្ដី ។ ប៉ុន្តែសេចក្ដីជំនឿរបស់នាងលើអនុភាពនៃការអធិស្ឋាន និងភាពពិតនៃសេចក្ដីស្រឡាញ់របស់ព្រះចំពោះនាងពុំចុះថយឡើយ ។ នាងបន្តបម្រើរៀងរាល់ថ្ងៃ ( ហើយពេលខ្លះរាល់ម៉ោង ) នៅក្នុងសាសនាចក្រ ហើយមើលថែគ្រួសារក្មេងខ្ចីជាមួយនឹងស្វាមីរបស់នាង ដោយស្នាមញញឹមតាមដែលនាងអាចធ្វើបាន ។ សេចក្ដីមេត្តារបស់នាងចំពោះមនុស្សដទៃមានភាពជ្រាលជ្រៅ វាសម្រាំងដោយការរងទុក្ខរបស់នាងផ្ទាល់ ហើយជារឿយៗ នាងបំភ្លេចបញ្ហារបស់នាងនៅក្នុងការងារបម្រើដល់មនុស្សដទៃ ។ នាងបន្តខ្ជាប់ខ្ជួន ហើយមនុស្សទូទៅមានចិត្តរីករាយ ពេលនៅជិតនាង ។
មានបុរសម្នាក់ធំដឹងក្ដីឡើងនៅក្នុងសាសនាចក្រ គាត់បានបម្រើជាអ្នកផ្សព្វផ្សាយសាសនាពេញម៉ោង ហើយបានរៀបការនឹងស្ត្រីដ៏ស្រស់ស្អាតម្នាក់ ហើយគាត់មានការភ្ញាក់ផ្អើលនៅពេលបងប្អូនរបស់គាត់មួយចំនួនបានចាប់ផ្ដើមនិយាយរិះគន់អំពីសាសនាចក្រ និងព្យាការី យ៉ូសែប ស្ម៊ីធ ។ មួយរយៈក្រោយមក ពួកគេបានចាកចេញពីសាសនាចក្រ ហើយខិតខំបញ្ចុះបញ្ចូលគាត់ឲ្យចេញតាមដែរ ។ ជារឿយៗអ្វីដែលកើតឡើងក្នុងករណីបែបនេះ គឺពួកគេបានវាយប្រហារគាត់ដោយប្រើសំណេរ ផតខាស និងវីដេអូដែលផលិតឡើងដោយពួកអ្នករិះគន់ ដែលភាគច្រើនពួកគេគឺជាអតីតសមាជិកដែលមានការខឹងសម្បារនឹងសាសនាចក្រ ។ បងប្អូនរបស់គាត់បានសើចចំអកសេចក្ដីជំនឿរបស់គាត់ ដោយប្រាប់គាត់ថា គាត់ជាមនុស្សដែលងាយជឿ ហើយត្រូវគេបោកបញ្ឆោត ។ គាត់ពុំមានចម្លើយសម្រាប់រាល់ការអះអាងរបស់ពួកគេទេ ហើយសេចក្ដីជំនឿរបស់គាត់បានចាប់ផ្ដើមងាករេ ដោយស្ថិតនៅក្រោមការជំទាស់ឥតឈប់ឈរ ។ គាត់បានងឿងឆ្ងល់ថា តើគាត់គួរឈប់ទៅព្រះវិហារឬយ៉ាងណា ។ គាត់បាននិយាយនឹងភរិយារបស់គាត់ ។ គាត់បាននិយាយនឹងមនុស្សដែលគាត់ទុកចិត្ត ។ គាត់បានអធិស្ឋាន ។ នៅពេលគាត់ស្មឹងស្មាធនៅក្នុងគំនិតដ៏ច្របូកច្របល់នេះ នោះគាត់បាននឹកចាំពីគ្រាដែលគាត់បានទទួលអារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធ ហើយបានទទួលសាក្សីមួយអំពីសេចក្ដីពិតតាមរយៈព្រះវិញ្ញាណ ។ គាត់បានសន្និដ្ឋានថា « ប្រសិនបើខ្ញុំស្មោះត្រង់ចំពោះខ្លួនឯង ខ្ញុំត្រូវតែសារភាពថា ព្រះវិញ្ញាណបានរំជួលដួងចិត្តខ្ញុំជាច្រើនលើក ហើយទីបន្ទាល់អំពីព្រះវិញ្ញាណគឺមានពិត » ។ គាត់បានមានអារម្មណ៍ថ្មីមួយនៃសុភមង្គល និងសេចក្ដីសុខសាន្ត ដែលវាក៏កើតមានដល់ភរិយា និងកូនៗរបស់គាត់ផងដែរ ។
មានស្វាមីភរិយាមួយគូដែលបានធ្វើតាមការប្រឹក្សារបស់បងប្អូនប្រុសនៅក្នុងជីវិតរបស់ពួកគេយ៉ាងទៀងទាត់ ហើយដោយរីករាយ ប៉ុន្តែពួកគេមានភាពសោកសៅដោយសារតែពួកគេពិបាកនឹងមានកូន ។ ពួកគេបានចំណាយប្រាក់ជាច្រើនជាមួយពួកអ្នកជំនាញផ្នែកវេជ្ជសាស្ត្រដ៏មានសមត្ថភាព ហើយក្រោយមក ពួកគេមានពរដោយមានកូនប្រុសម្នាក់ ។ ប៉ុន្តែជាអកុសល បានតែមួយឆ្នាំប៉ុណ្ណោះ ទារកនោះបានជួបនឹងគ្រោះថ្នាក់មួយ ដែលវាពុំមែនជាកំហុសរបស់នរណាម្នាក់ឡើយ ហើយវាបានធ្វើឲ្យគាត់លែងដឹងខ្លួន ដោយសារមានការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរដល់ខួរក្បាល ។ គាត់បានទទួលការមើលថែយ៉ាងល្អ ប៉ុន្តែក្រុមវេជ្ជបណ្ឌិតពុំអាចទាយទុកថាស្ថានភាពរបស់គាត់នឹងទៅជាយ៉ាងណានាពេលអនាគតឡើយ ។ កូនដែលស្វាមីភរិយាមួយគូនេះបានខិតខំ ហើយបានអធិស្ឋានយ៉ាងខ្លាំងដើម្បីនាំមកកាន់ពិភពលោកនេះហាក់ដូចជាត្រូវបានគេនាំយកទៅវិញ ទាំងពួកគេពុំបានដឹងថា គាត់នឹងវិលត្រឡប់មករកពួកគេវិញ ឬក៏អត់នោះទេ ។ ឥឡូវនេះ ពួកគេជួបភាពស្មុគស្មាញដើម្បីមើលថែដល់សេចក្ដីត្រូវការដ៏ចាំបាច់របស់កូនពួកគេ ខណៈដែលពួកគេត្រូវបំពេញការទទួលខុសត្រូវរបស់ពួកគេផ្សេងទៀត ។ នៅក្នុងគ្រាដ៏លំបាកបំផុតនេះ ពួកគេបានងាកទៅរកព្រះអម្ចាស់ ។ ពួកគេបានពឹងផ្អែកទៅលើ « នំប៉័ងប្រចាំថ្ងៃ » ដែលពួកគេបានទទួលមកពីទ្រង់ ។ ពួកគេបានទទួលជំនួយមកពីមិត្តភក្ដិ និងគ្រួសារដែលមានចិត្តមេត្តា ហើយបានពង្រឹងតាមរយៈការប្រសិទ្ធពរបព្វជិតភាព ។ ពួកគេកាន់តែជិតស្និទ្ធនឹងគ្នា ឥឡូវនេះសាមគ្គីភាពរបស់ពួកគេប្រហែលជាមានភាពស៊ីជម្រៅ ហើយមានភាពពេញលេញជាងពេលណាៗទាំងអស់ ។
នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ១៨៣៧ ព្រះអម្ចាស់បានប្រទានវិវរណៈមួយដល់ ថូម៉ាស ប៊ី ម៉ាស ដែលកាលនោះ លោកគឺជាប្រធានកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ វារួមមានដូចខាងក្រោមនេះ ៖
« ហើយចូរអធិស្ឋានឲ្យពួកបងប្អូនរបស់អ្នកក្នុងពួក ១២ នាក់។ ចូរព្រមានដាស់តឿនដល់ពួកគេដោយតឹងរឹង ដោយយល់ដល់ព្រះនាមរបស់យើង ហើយចូរឲ្យពួកគេទទួលការព្រមានដាស់តឿនចំពោះអំពើបាបទាំងអស់របស់ពួកគេ ហើយចូរអ្នករាល់គ្នាមានចិត្តស្មោះត្រង់ ចំពោះព្រះនាមរបស់យើង នៅចំពោះយើងចុះ។
« ហើយបន្ទាប់ពីសេចក្ដីល្បួង និងសេចក្ដីវេទនាជាច្រើនរបស់ពួកគេ មើលចុះ យើងជាព្រះអម្ចាស់នឹងរាវរកពួកគេ ហើយបើសិនជាពួកគេមិនពង្រឹងចិត្តរបស់ពួកគេ ហើយធ្វើក្បាលរឹងរូសទាស់នឹងយើងទេ នោះពួកគេនឹងត្រូវបានប្រែចិត្តជឿ ហើយយើងនឹងប្រោសពួកគេឲ្យបានជា » ។
ខ្ញុំជឿថា គោលការណ៍ដែលបានបង្ហាញនៅក្នុងខគម្ពីរទាំងនេះអនុវត្តចំពោះយើងគ្រប់គ្នា ។ ការល្បួង និងទុក្ខវេទនាដែលយើងមាន រួមទាំងការសាកល្បងនានាដែលព្រះអម្ចាស់ទតឃើញថា វាចំបាច់ចំពោះយើង អាចដឹកនាំទៅរកការប្រែចិត្តជឿពេញលេញរបស់យើង និងការព្យាបាល ។ ប៉ុន្តែការណ៍នេះកើតឡើង ដរាបណាយើងពុំមានចិត្តរឹងរូស ឬពង្រឹងករបស់យើងទាស់នឹងទ្រង់ ។ ប្រសិនបើយើងបន្តរឹងប៉ឹង ហើយខ្ជាប់ខ្ជួន ទោះជាមានអ្វីកើតឡើងក៏ដោយ នោះយើងសម្រេចបាននូវការប្រែចិត្តជឿដែលព្រះអង្គសង្គ្រោះសព្វព្រះទ័យ នៅពេលទ្រង់បានមានបន្ទូលទៅពេត្រុសថា « កាលណាអ្នកបានប្រែចិត្តវិលមកវិញ នោះចូរចម្រើនឲ្យបងប្អូនអ្នកបានខ្ជាប់ខ្ជួនឡើង » ជាការប្រែចិត្តជឿមួយដ៏ពេញលេញ ដែលត្រូវតែសម្រេចឲ្យបាន ។ ការព្យាបាលដែលបានសន្យាគឺជាការលាងសម្អាត និងការធ្វើឲ្យបរិសុទ្ធដល់ព្រលឹងរបស់យើងដែលបានរងរបួសដោយអំពើបាប ដោយធ្វើឲ្យយើងបរិសុទ្ធ ។
ខ្ញុំនៅចាំពីពាក្យទូន្មានរបស់អ្នកម្ដាយយើងប្រាប់ថា « ញ៉ាំបន្លែឲ្យច្រើន ទើបកូនមានសុខភាពល្អ » ។ ពួកគាត់និយាយត្រូវ ហើយនៅក្នុងបរិបទនៃភាពខ្ជាប់ខ្ជួននៅក្នុងសេចក្ដីជំនឿ នោះការ « ញ៉ាំបន្លែឲ្យច្រើន » គឺជាការអធិស្ឋានជាទៀងទាត់ ការទទួលទានបទគម្ពីរប្រចាំថ្ងៃ ការបម្រើ និងការថ្វាយបង្គំនៅក្នុងសាសនាចក្រ ការទទួលទានសាក្រាម៉ង់ដោយស័ក្ដិសមរាល់សប្ដាហ៍ ការស្រឡាញ់អ្នកជិតខាង និងការផ្ទុកឈើឆ្កាងរបស់បងប្អូនក្នុងការគោរពប្រតិបត្តិចំពោះព្រះរៀងរាល់ថ្ងៃ ។
សូមចងចាំការសន្យានេះជានិច្ចថា រឿងល្អៗនឹងកើតមានឡើង ទាំងនៅពេលនេះ និងបន្ទាប់ពីជីវិតនេះ ចំពោះអស់អ្នកដែលរឹងប៉ឹង ហើយខ្ជាប់ខ្ជួននៅក្នុងសេចក្ដីជំនឿចំពោះព្រះគ្រីស្ទ ។ សូមចងចាំពី « ជីវិតដ៏នៅអស់កល្បជានិច្ច និងសេចក្ដីអំណរនៃពួកបរិសុទ្ធ » ។ « ឱអ្នកដែលមានចិត្តបរិសុទ្ធទាំងអស់គ្នាអើយ ចូរងើបក្បាលឡើង ហើយទទួលព្រះបន្ទូលដ៏ផ្អែមល្ហែមនៃព្រះ ហើយទទួលទាននូវសេចក្ដីស្រឡាញ់របស់ទ្រង់ចុះ ព្រោះបើសិនជាអ្នកមានគំនិតរឹងប៉ឹង នោះអ្នកនឹងបានទទួលការណ៍ទាំងនេះដរាបតទៅ » ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។